Monthly Archives: ខែកញ្ញា 2011

រមណីយដ្ឋាន ព្រែកត្នោត-​ត្រពាំងរពៅ

ក្នុងដំណើរឆ្លងកាត់ពីកំពង់សោមទៅកំពត កាត់តាមវាលរេញ ខ្ញុំបានឆៀងចូល​ទៅលេង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយកន្លែងឈ្មោះថា ព្រែកត្នោត។

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិព្រែកត្នោត ស្ថិតនៅជិតទីប្រជុំជនត្រពាំងរពៅ ដែលជាព្រំប្រទល់រវាងខេត្តកំពត និងខេត្តព្រះសីហនុ ដែល​មាន​ចំងាយ​ជិតពីរ​គីឡូម៉ែត្រ​ ចុះពីផ្លូវកៅស៊ូទៅ​ ឆ្ពោះ​ទៅ​កាន់​ជួរ​ភ្នំ​បូកគោ។ ​រមណីយដ្ឋាននេះ​ បាន​បង្កើត​ឡើងដោយ​ប្រជាសហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​នេះផ្ទាល់តែម្តង​នៅឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភពីអង្គការ SCW (Save Cambodia’s Wildlife)។​

ដោយធ្វើ​ដំណើរ​តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម មុននឹងទៅដល់រមណីយដ្ឋាននេះ អ្វីដែលភ្ញៀវទេសចរណ៍ទូទៅ​បានឃើញមុនគេ គឺបារ៉ាស់​លក់​សំបុត្រ។ ហេហេ… ឡានមួយតំលៃ ៤០០០រៀល ឬស្មើ​នឹង​ ១ដុល្លាអាគាំង។ រីឯម៉ូតូវិញ មួយតំលៃ ១០០០រៀល។ មុន​នឹង​អោយ​លុយថ្លៃសំបុត្រ ខ្ញុំបាន​ចាប់ផ្តើម​និយាយ​ស៊ិះស៊ុះ​ជាមួយ​អ្នក​លក់​សំបុត្រ ​តាមទំលាប់​ដែលខ្ញុំធ្លាប់បាន​ធ្វើ​ជាមួយ​នឹង​​អ្នកលក់​សំបុត្រ​ទូទៅ​​នៅ​តាម​រមណីយដ្ឋាន​​នានា​​ក្នុង​ស្រុក​ខ្មែរដែរ៖

  • មិនបាច់យកកន្ទុយសំបុត្រ… យកតែ ២០០០រៀលបានហើយ..!! ពាក់កណ្តាលតំលៃ..!!
  • អត់បានទេបង…  (អ្នកលក់​សំបុត្រ​ឆ្លើយមក​ខ្ញុំវិញ) ខ្ញុំមិនអាច​ក្បត់​នឹងសហគមន៍ខ្ញុំ​បានទេ…

ខ្ញុំក៍ហុចក្រដាស ៥០០០រៀលទៅ ហើយប្រាប់ថា៖ មិនបាច់អាប់ទេ…។ គ្រាន់បើ..!! (ខ្ញុំបន្ថែមក្នុងចិត្ត​​ដោយលួចសើច​ម្នាក់ឯង)។ ក្នុងអារម្មណ៍​ខ្ញុំ​មានការភ្ញាក់ផ្អើលណាស់​​ ដោយខ្ញុំកំរបានឮ​ចំឡើយ​ដោយ​សុទ្ធចិត្ត ​ពីអ្នក​លក់​សំបុត្រ​យកលុយ​បែបនេះ​ណាស់។ ព្រោះតាម​ទំលាប់​ធម្មតា​សឹងតែទូទៅ ទៅហើយដែលអ្នកលក់​សំបុត្រ​បាន​លួច​យកលុយ​ពីភ្ញៀវ​ដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​ ដោយមិនគិត​ពីហោប៉ៅរួម។

ផុតពីបារ៉ាស់លក់សំបុត្រសំរាប់​ឡាន-ម៉ូតូនេះបន្តិច គឺជាទីធ្លា​ចតយានយន្ត​​​ ដែលមាន​ទំហំមិនជាធំអី​ណាស់ណាទេ។ មុននឹងចូលដល់ក្នុងបរិវេណរមណីយដ្ឋាននេះ ភរិយាខ្ញុំ និងខ្ញុំ​ក៍ដូចជាភ្ញៀវទេសចរណ៍​ទូទៅដែរ គឺត្រូវតែឆ្លងកាត់​បញ្ជរលក់សំបុត្រចូលទស្សនា​ ក្នុងម្នាក់ៗ ៥០០រៀលទៀត។ ខ្ញុំសួរ៖

  • យកថ្លៃអី ៥០០រៀល ពីភ្ញៀវនេះ?
  • ថ្លៃអនាម័យ ការពារបរិដ្ឋានបង…​(ពួកគេឆ្លើយ​មក​ខ្ញុំវិញ)

អត់បញ្ហា..!! ចូលផុតពីបញ្ជរលក់សំបុត្រនេះទៅ ស្រាប់តែ​អ្នកលក់​ម្ហូបម្ហារ​ជាច្រើន​នាក់ បាន​ហុច​​នាមប័ណ្ណ​ផ្ទាល់ខ្លួន​​អោយរញ៉ីទៅ​ភរិយាខ្ញុំ ព្រមទាំង​និយាយ​ទាក់ទាញ​ភរិយាខ្ញុំ​អោយ​​ជួយ​​កុម្មង់ម្ហូបពួកគេ​រៀងៗខ្លួន។ ហេហេ… (ខ្ញុំនឹកក្នុងចិត្ត) ម៉ាឃីតធីង​អស់ស្ទះ..!! អ្នកលក់​​ទាំងអស់​នោះ​​ ខំនិយាយ​ទាក់ទាញពន្យល់ថា៖

  • បើបងចង់ពិសារអី សូមបងតេឡេហ្វូនកុម្មង់ពីតូបមកក៍បានដែរ ចាំពួកខ្ញុំ​យកទៅ​ជូនបង​ពិសារដល់កន្លែង…
  • តើខ្ញុំត្រូវដើរពីនេះទៅដល់តូប​ ចំងាយណារ៉ូវ? (ខ្ញុំសួរ)
  • ជិតទេបង… មិនដល់ ២០០ម៉ែត្រទេ… ជិតនេះឯង..!!
  • កាលពេលភ្ជុំប៉ុន្មានង៉ៃមុននេះ មានភ្ញៀវមកលេងច្រើនទេ? (ខ្ញុំសួរទៀត)
  • ច្រើនគួរសមពូ រកកន្លែង​ចតឡានសឹងអត់បាន…​ ពេញទាំងអស់..!! (អ្នកលក់ម្នាក់ទៀតឆ្លើយ)
  • ពួកអ្នក​មក​លេង​ មានបានកុម្មង់ម្ហូបពីនេះទៅញាំទេ? (ខ្ញុំសួរថែមទៀត)
  • មានកុម្មង់ខ្លះដែរ ដូចជាមាន់ដុត និងគ្រឿងសមុទ្រ… ម្ហូបនិងភេសជ្ជៈ​សុទ្ធ​តែសហគមន៍ជាអ្នកកំណត់តំលៃលក់ទាំងអស់ណឹង… ពួកខ្ញុំ​អត់​ហ៊ាន​លក់លើសតំលៃ​កោរពីភ្ញៀវទេចា៎ស!…

ដោយអ្នកលក់ច្រើនពេក ណាមួយកុំអោយច្រណែនគ្នាផង ខ្ញុំបានញាក់មុខ​ដាក់​ភរិយា​ខ្ញុំ​ អោយលាពួកគេទៅ រួចដើរសំដៅទឹកជ្រោះ ដែលកំពុងឮសូរ​រងំ​ចេញ​ពីក្នុង​ព្រៃក្បែរ​នោះ។

តាមពិតទៅ ទីនេះជា​ដងអូរទឹកជ្រោះ​ធម្មជាតិ ដែលមាន​ប្រភព​មក​ពី​ជួរភ្នំបូកគោ។ ខ្ញុំបានឆ្លៀត​សន្ទនាគ្នាលេង​ ជាមួយនឹង​អ្នក​ធ្វើការ​ក្នុង​តំបន់រមណីយដ្ឋាននេះ​យ៉ាង​ស្និទ្ធស្នាល៖

  • តើទឹកជ្រោះ​សំរាប់​ភ្ញៀវងូតលេង​មានប្រវែង​ប៉ុន្មានដែរ? (ខ្ញុំសួរ)
  • ទឹកជ្រោះធម្មជាតិនៅព្រែកត្នោតនេះ មានប្រវែងប្រហែល ៧០០ម អាចអោយភ្ញៀវ​ទេសចរណ៍​មក​ងូតទឹកលេង​កំសាន្តបាន​ទាំងខួបប្រាំង ខួបវស្សា…
  • មានខ្ចុះ (Kiosk) ប៉ុន្មាន សំរាប់​អោយភ្ញៀវ​ជួល​អង្គុយញាំបាយបង? (ខ្ញុំសួរទៀត)
  • សរុបទាំងអស់មាន​២៣…
  • តើបុគ្គលិក​ប្រជាសហគមន៍​ដែល​ធ្វើការ​នៅទីនេះ​ មានប៉ុន្មាននាក់ដែរ? (ខ្ញុំសួរបន្តទៀត)
  • ទាំងអស់មាន ១៣​នាក់… ក្នុង ១៣នាក់​នេះ មាន ១២នាក់ ត្រូវបានជ្រើស​រើស​យក​មក​ពីភូមិ​ចំនួនបួន​ក្នុង​ឃុំត្រពាំងរពៅនេះ។ អ្នកមក​ធ្វើការ​នៅទីនេះ​ ត្រូវបាន​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ពី​ប្រជាជន​ក្នុង​ភូមិ និង​មាន​អណត្តិ ៥ឆ្នាំទើប​​បោះឆ្នោត​ជ្រើស​រើស​ម្តងទៀត…
  • ហើយបែងចែក​ការងារគ្នាធ្វើយ៉ាងម៉េចទៅ? (ខ្ញុំសួរបន្ថែម)
  • មានក្រុមសន្តិសុខ​យាមឡាន ម៉ូតូ និងការពារសុវត្ថិភាព​ភ្ញៀវមក​លេង, មានក្រុមលក់សំបុត្រ, មានអ្នក​គ្រប់គ្រង​ចំណូល, និងក្រុមសំអាតអនាម័យ…
  • ចុះចំណូលដែលបានមកពីភ្ញៀវទេសចរណ៍ មានការ​គ្រប់គ្រង និងបែងចែក​​យ៉ាងម៉េចទៅ? (ខ្ញុំសួរទៀត)
  • នៅក្នុងសហគមន៍ឃុំត្រពាំងរពៅនេះ ចំណូលមានពីរផ្នែក គឺទី១ បានមក​ពី​ផលិតផល​ផ្តៅ និងទី២ បាន​មក​ពី​រមណីយដ្ឋាន​ព្រែកត្នោត​នេះ។ អ្នកមកធ្វើការ​នៅទីនេះ ម្នាក់ៗ​ក្នុងមួយថ្ងៃ​ មានខ្លះទៅ ៥០០០រៀល, ខ្លះ ៧០០០រៀល, ខ្លះ ៩០០០រៀល… គឺខាងអ្នកសំអាត​អនាម័យ​បាន​ថ្លៃ​ជាង​គេ ព្រោះនៅទីនេះ​មានការ​យកចិត្តទុកដាក់​​ការពារ​បរិដ្ឋាន​ខ្លាំងណាស់។ ហើយ​ចំណូល​នៅសល់ប៉ុន្មាន គឺត្រូវ​ដាក់បញ្ចូល​ទៅសន្សំទុក​ក្នុង​មូលនិធិសហគមន៍…

ខ្ញុំនឹកសរសើរ​ពីការគ្រប់គ្រងនៅទីនេះណាស់។ ដោយរដូវនេះ​ជារដូវវស្សាផង ហើយម៉្យាងទៀត ​ដោយ​ខ្ញុំ​ខ្លាចសត្វទៀកខាំផង ​ខ្ញុំមិនបាននៅញាំបាយ​ថ្ងៃត្រង់ និងងូត​ទឹក​លេង​នៅ​ទីនេះ​ឡើយ ដោយ​ខ្ញុំ​ស្រូតត្រឡប់​ចេញមក​វិញ ឆ្ពោះ​ទៅកាន់​ខេត្តកំពត។

ខ្ញុំលើកដៃលា​អ្នកធ្វើការ​នៅទីនោះ។ នៅក្នុងចិត្តខ្ញុំ បានបួងសួង​អោយ​ទីនោះ​ក្លាយទៅជា​រមណីយដ្ឋាន​ដ៏ពេញនិយម​សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​នា​ពេលអនាគត… ហើយ​នៅពេល​ដែលខ្ញុំ​កំពុង​សរសេរ​នូវ​កំណត់​ត្រា​នេះ​ឡើងវិញ រូបភាពញញឹម​រាក់ទាក់​នៃអ្នក​ភូមិត្រពាំងរពៅ នៅតែ​ដក់ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​នៅឡើយ…៕

ផ្លាកសញ្ញានៅលើចិញ្ចើមផ្លូវជាតិ ដែលបង្ហាញប្រាប់អ្នកដំណើរទូទៅអំពី រមណីយដ្ឋានព្រែកត្នោត

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១

Advertisements

រូបភាពទេសចរណ៍​ធម្មជាតិ​ព្រែកត្នោត

ក្រុងកំពត៖ បែកគ្នាយូរ​ នៅអាដែល..!!

គិតចុះគិតឡើង ខ្ញុំដូចជាខានមកដល់ក្រុងកំពតយូរក្រែលដែរ…។ តែនៅពេល​ខ្ញុំ​បាន​មក​ដល់​នា​ពេល​ថ្ងៃត្រង់​នេះ អ្វីៗហាក់ដូចជានៅដដែល និងមិនមាន​ការ​ផ្លាស់​ប្តូរអ្វីជា​ដុំកំភួនឡើយ។

ថ្ងៃបាក់រសៀលណាស់ទៅហើយ ខ្ញុំបានជិះដើរមើលទីក្រុង​ចំណាស់​នេះ មួយជុំ ព្រមទាំង​បានថតរូបភាពខ្លះ យកមកដាក់ក្នុងកំណត់ត្រានេះ ដើម្បីទុកជាអនុស្សាវរីយ៍​ដល់ការមកដល់របស់ខ្ញុំ នាថ្ងៃនេះ…។

ជ្រុងមួយ នៃទីប្រជុំជនកំពតក្រុង...

ស្ពានចាស់

ស្ពានថ្មី

ទីធ្លាសួនច្បារសំរាប់ហាត់ប្រាណ ដែលស្ថិតនៅតាមបណ្តោយ ដៃសមុទ្រ មើលទៅដូចជាជរាខ្លាំងណាស់..!!

វិថីដែលរត់តាមបណ្តោយដៃសមុទ្រនេះទៀត ក៍មើលទៅជរាមិនចាញ់ ទីធ្លាសួនច្បារប៉ុន្មានដែរ..!!

ដើមពោធិព្រឹក្ស ដែលនាំយកពីស្រុកព្រះ ប្រទេសឥណ្ឌា យកមកដាំនៅក្រុងកំពត ហាក់ដូចជាក្រឹន ខានឃើញយូរនៅតែប៉ុណ្ណឹង..!!

ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១១

មានអ្វីប្លែកនៅកំពង់សោម?

ដូចជាមិនមានឃើញអ្វីប្លែកផង..!! អូ…ទេ!… ដូចជាឃើញមានការរៀបចំ​សណ្តាប់​ធ្នាប់​នៅ​​មាត់​ឆ្នេរ​អូរឈើទាល​ ប្លែកភ្នែក​គ្រាន់​បើជាងមុន​បន្តិច…។​

ផុតរដូវភ្ជុំបិណ្ឌទៅ នៅតាមផ្ទះសំណាក់ និង​សណ្ឋាគារមិនសំបូរភ្ញៀវ​ស្នាក់នៅ​ទៀត​ទេ… តែទោះ​ជា​ខ្សត់​ភ្ញៀវ​យ៉ាងម៉េច​ ក៍តំលៃស្នាក់​នៅ គឺនៅ​តែនឹងថ្លៃ​ដដែល​ អត់​ព្រម​ចុះ​សោះ..!!

បំណាច់នឹងមកដល់ឆ្នេរសមុទ្រកំពង់សោមហើយ ខ្ញុំបាន​ថតយក​រូបភាព​ខ្លះ​នៅ​ក្បែរ​កំពង់ផែ យកមក​ដាក់​ក្នុង​កំណត់ត្រា​របស់ខ្ញុំនេះ គ្រាន់នឹកស្រណោះខ្លះ…

ស្ពានឆ្លងទៅកោះពស់ មើលពីច្រាំងកំពង់ផែ

ទូកនេសាទកំពុងចេញទៅនេសាទនៅ លំហសមុទ្រ ហើយនៅឯនាយ ឆ្ងាយពី ទូកនេសាទនេះ គឺជាកូនកោះមួយ ប្រៀបដូច ជា ឋានសួគ៌ ដែលផុស ចេញពី ផ្ទៃទឹក នៅកណ្តាល សមុទ្រ ពិតៗ... មាន អ្នក ខ្លះ ច្រឡំថា នេះគឺជាវាំងអាលីបាបា..!!

កប៉ាល់ដឹកទំនិញធំមួយកំពុងរំកិលខ្លួនទៅរកកំពង់ផែ...

ថ្ងៃលិចនៅឆ្នេរអូរឈើទាល...

ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១១

ជីវិត និងការងារ..!!

ពេលមួយនោះ… ចាស់ៗមួយក្រុម បានទូន្មានក្មេងៗនៅ​ក្បែរខ្ញុំថា៖ ក្មេងៗត្រូវខំរៀន… មានចំណេះ ពេលធំឡើង​នឹងមាន​ការងារ​ធ្វើដើម្បី​ចិញ្ចឹមជីវិត..!!

ខ្ញុំឮ ក៍បានលូកមាត់​សួរទៅ​ចាស់ៗវិញ៖ ចុះបើអត់ការងារធ្វើ តើជីវិតនឹងត្រូវ​​គាំងស្ងៀម​ដោយសារ​អត់អ្វី​ចិញ្ចឹមឬ?

ចាស់ៗបានឆ្លើយមកខ្ញុំវិញថា៖ មិនអីចឹងទេ… ជីវិត គឺជាការងារ ហើយការងារ គឺជាជីវិត..!! ប្រសិន​បើមនុស្ស​ម្នាក់ៗ រស់នៅដោយមិនមាន​ធ្វើការងារ​ដើម្បី​ចិញ្ចឹម​ជីវិតទេនោះ ជីវិតគឺប្រាកដជាគ្មានន័យហើយ..!!

ខ្ញុំបានសួរបញ្ជាក់ទៅចាស់ៗវិញ៖ តើគ្រប់ការងារទាំងអស់ឬ?

ចាស់ៗបានឆ្លើយមកខ្ញុំវិញយ៉ាងរំភើយថា៖ អ៊ើ!… គ្រប់ការងារទាំងអស់… ទាំងការងារសុច្ចរិច ទាំងការងារ​ទុច្ចរិច គឺសុទ្ធតែការងារ​ចិញ្ចឹម​ជីវិតទាំងអស់..!!

ខ្ញុំក៍បានសួរបញ្ជាក់ម្តងទៀត(បែបតាប៉ែជាមួយចាស់ៗ)៖ តើការងារកេងប្រវ័ញ្ចគ្នា អាចចាត់​ទុកថា​ ជាការងារ​ចិញ្ចឹម​ជីវិត​ដែរឬទេ?

ចាស់ៗបានឆ្លើយមកខ្ញុំវិញរាងខ្សោយជាងមុន៖ អ៊ឺ!…

ដោយពិតទៅ ខ្ញុំ​ចាប់ផ្តើមយល់​ពីភាពទាក់ទងគ្នា​រវាងជីវិត និងការងារ​នេះ​ គឺនៅ​ក្រោយ​​ពេល​​ដែល​ខ្ញុំ​​មានការងារ​ធ្វើ​​ទៅហើយទេ។ ហើយ​នៅក្នុង​ចំណោម​ការងារ​សព្វសារពើ​ទាំងអស់សំរាប់​ចិញ្ចឹម​ជីវិត​នេះ ខ្ញុំ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ជាងគេ​តែ​ការងារ​មួយ​ប្រភេទ​គត់ គឺការងារកេងប្រវ័ញ្ចគ្នា​នេះឯង..!!

ខ្ញុំយល់ថា ការងារកេងប្រវ័ញ្ចគ្នា ដើម្បីចិញ្ចឹមជីវិតនេះ គឺមិនសំដៅ​តែទៅលើ​មនុស្ស​ និងមនុស្ស​ទេ សូម្បីតែរុក្ខជាតិ និងរុក្ខជាតិ ក៍វាចេះ​រកស៊ី​កេងប្រវ័ញ្ច​លើគ្នាវាដែរ។ មានន័យថា​ ជីវិត​រុក្ខជាតិ​ខ្លះ ដូចជា​បញ្ញើរក្អែក ដើមជ្រៃ និង​ប្រភេទ​វល្លិ៍​វារតោងឡើង​តាម​ដើម​ឈើខ្លះ​​ជាដើម… គឺ​វា​រស់​នៅ​ធំ​លូតលាស់​បាន​ ​អាស្រ័យ​ដោយ​ការ​​ពឹងពាក់ ឬ​បឺតជញ្ជក់​ជីវជាតិ​ពី​រុក្ខជាតិ​គ្នា​វា ទើប​វា​អាច​រស់​បាន…​ ។ ​ការ​ដែល​រុក្ខជាតិ វា​ចេះ​បឺត​ជញ្ជក់​យក​​ជីវជាតិ​​ពី​រុក្ខជាតិ​គ្នា​វា​ដើម្បីរស់​នេះ​​ហើយ គឺជា​ការ​រស់នៅ​កេងប្រវ័ញ្ច​របស់​​រុក្ខជាតិ​គ្នាវា​នោះ…។​

មិនខុសពីរុក្ខជាតិដែរ នៅ​ក្នុង​ជីវភាព​រស់នៅ​របស់មនុស្ស​​ប្រ​ចាំ​ថ្ងៃ គឺ​អ្នក​ខ្លះខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ងារ​សុច្ចរិតដោយកំលាំង​កាយ​ កំលាំង​ប្រាជ្ញា​ខ្លួនឯងដើម្បី​ជីវិត​។ រីឯអ្នក​ខ្លះទៀត​ មិន​ចេះប្រើបញ្ញា​ស្មារតី​ដើម្បី​រស់​ដោយ​ខ្លួនឯង​ទេ គឺ​ទាល់​តែ​កេង​ប្រវ័ញ្ចលើ​អ្នក​ដទៃទើប​អាច​រស់​បាន… គឺហាក់ដូចជាបញ្ញា​ស្មារតីរបស់ខ្លួន អាច​យក​ទៅ​ប្រើប្រាស់​​​បាន ​តែទៅលើការ​កេងប្រវ័ញ្ចលើអ្នក​ដទៃ​​តែ​មួយមុខ​គត់..!!​ ក្រៅពីណឹង បើយក​ទៅប្រើធ្វើ​ស្អី​ផ្សេងទៀត គឺអត់​កើតចេញ​ជា​ក្រម៉រស្រែងអី​សោះ..!!..??..

តែ​បើ​គិតអោយ​សព្វៗទៅ ការងារ​របស់​ប្រភេទមនុស្សដែល​រស់​នៅ​ដោយ​សារ​ការ​​កេង​ប្រវ័ញ្ចលើ​​អ្នក​ដទៃ​បែប​នេះ ក៍​អាច​ចាត់​ទុក​ថា ជា​ប្រភេទ​ការងារ​មួយបែប​​ដើម្បី​ជីវិត​ដែរ…​ គ្រាន់​តែ​ថា​ បើទោះជាជីវិត​​រស់នៅ​​ថ្លៃថ្នូរបែបណា​ក៍ដោយ ក៍ជីវិត​ដែល​ប្រកប​ការងារបែប​កេងប្រវ័ញ្ចគ្នា​នេះ អាចត្រូវ​បាន​ជាប់​ជា​ចំណាត់ថ្នាក់ហៅថា មហាថោកទាប មហាអស្ចារ្យ​… ហេហេ…៕

ស្រុកស្រែ

ស្រុកល្វាឯម​ក្នុងរដូវទឹកឡើង​ (តចប់)

ស្មៅយោងជើង..!! ហេហេ… អត់ចេះដេកស្ងៀមនៅផ្ទះ… ទំលាប់ដើរ ចង់តែដើរ…

ព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១១ នេះ ខ្ញុំបានជិះទូកទៅលេងឃុំមួយទៀត​ នៅក្នុង​ស្រុកល្វាឯមដែរ គឺឃុំ ព្រែកក្មេង

ឃុំព្រែកក្មេង ស្ថិតនៅចំពីខាងក្រោយឃុំពាមឧកញ៉ាអុង និងឃុំល្វាស… គឺជាតំបន់បឹង​ដាច់ស្រយ៉ាល ដែលហ៊ុំព័ទ្ធដោយទឹកល្ហរល្ហេវនារដូវវស្សា។ ឃុំនេះមានប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៥០០គ្រួសារ។ សំរាប់អ្នកស្រុកបឹងដែលទំលាប់រស់នៅលើ​ផ្ទៃ​ទឹក​ស្រាប់​ទៅហើយនោះ ហេតុនេះ ពួកគេមិនមានការភ្ញាក់ផ្អើលនឹងទឹកជំនន់​អីប៉ុន្មាន​ទេ។ តែប្រសិន​បើទឹក​ទន្លេ​ឡើង​ខ្លាំង ដូចកាលពីឆ្នាំ ២០០០ និងឆ្នាំនេះ​ជាដើម គឺនឹង​ធ្វើ​អោយ​​គេហដ្ឋាន​គ្រួសារ​ខ្លះ ត្រូវ​លិចលង់​វេទនា​ដែរណឹង។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពឃុំព្រែកក្មេង​ នារដូវ​វស្សា ​(រូបភាពមួយចំនួនធំរបស់ឃុំព្រែកក្មេង ខ្ញុំបានដាក់បញ្ចូលនៅក្នុង កម្រងរូបភាព នៃ​គេហទំព័រ​ស្រុកស្រែ​នេះ)៖

ទិដ្ឋភាពឃុំព្រែកក្មេង នារដូវវស្សា មើលពីចំងាយ

ផ្លូវ Highway តាមបណ្តោយភូមិ ឆ្ពោះទៅកាន់វត្តព្រែកក្មេង...អត់ខ្វល់ពីការជាប់ភ្លើងស្តុប..!!

វត្តព្រែកក្មេង

សាលារៀនឃុំព្រែកក្មេង

សាលាឃុំព្រែកក្មេង

ផ្សារចល័ត... អ្នកស្រុកមិនចាំបាច់ទៅផ្សារទេ តែអាចហៅផ្សារ អោយមកដល់ មាត់ជណ្តើរផ្ទះបាន..!!

ជីវភាពសាមញ្ញរបស់កុមារខ្មែរ នៅជនបទ...

ទិដ្ឋភាពឃុំព្រែកក្មេង ស្រុកល្វាឯម