ចិនដេញខ្មែរ…​ខ្មែរដេញខ្មោច..!!


ក្នុងចំណោម​ការអភិវឌ្ឍន៍នានានៅក្នុង​រាជធានី​ភ្នំពេញ​យើង ទោះជា​មិនមាន​ហេតុផល​គ្រប់គ្រាន់​ និង​មាន​​រូបភាព​បែបអាម៉ាស់​ រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​​យ៉ាង​ណា​ក៍ដោយ ក៍ខ្ញុំតែងតែមានជំហរ​គាំទ្រជានិច្ច​​ ដល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ ជារៀងរហូតមក។ ក៍ប៉ុន្តែ ចំពោះគំរោងការ​អភិវឌ្ឍន៍តំបន់​បឹងកក់ និង​ដំណោះ​ស្រាយ​​សំរាប់​អ្នក​ស្រុក​​ដែល​រស់នៅ​លើ​តំបន់​នេះ​ទាំងមូល បាន​ធ្វើ​អោយ​ខ្ញុំ​ស្រងាក​ចិត្ត និង​មាន​អារម្មណ៍​សោកស្តាយ​​មែនទែន។​

ដោយពិតទៅ បឹងកក់នេះមិនគួរ​ត្រូវ​បាន​លប់ចេញ​ពី​ផែនទី​ នៃទីក្រុង​ភ្នំពេញ​យើង​សោះ។ ប្រសិនបើ​គ្រប់​គ្នា​ បានឈរនៅលើ​អាគារ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ហើយ​សំឡឹង​ទៅ​តំបន់​បឹងកក់ ដែលមាន​ផ្ទៃទឹក​យ៉ាងស្រស់​ស្អាត​នោះ មិនដឹង​ជា​គ្រប់​គ្នា​មាន​អារម្មណ៍​ស្រឡះចិត្ត​ប៉ុណ្ណាទេ..!! ប៉ុន្តែ​ ក្តី​ស្រមៃ​ទាំងអស់​នេះ គឺ​មិន​អាច​កើត​មាន​ឡើង​វិញបាន​ទេ។

តាមខ្ញុំយល់ បឹងកក់​នេះ គឺគ្រាន់តែស្តារបឹងអោយស្អាត ដោយ​មិន​អោយ​បង្ហូរ​ទឹក​ក្រខ្វក់​ចូល​ទៅក្នុង​ផ្ទៃ​បឹង ហើយ​ធ្វើច្រាំង​អោយ​ស្អាត រួចដាំដើមឈើ​មាន​តំលៃ​ដូចជា ដើម​ឈើទាល គគី ​បេង នាងនួន គ្រញូង ជាដើម ព្រមទាំង​ធ្វើ​សួនច្បារ​ និង​ទីធ្លា​សំរាប់​ហាត់​ប្រាណទៅ គឺអស្ចារ្យ​ខ្លាំងណាស់។ ទន្ទឹមនឹងនេះ គឺត្រូវទុក​ផ្ទៃដី​មួយ​ចំណែក​​ណានោះ (អាចនៅ​ជ្រុង​ជំហៀង​ខាងជើង) ដើម្បី​អោយ​អ្នក​ស្រុក​បឹងកក់​ទាំងអស់​ ប្រមូល​ផ្តុំ​គ្នា​សាងសង់​គេហដ្ឋាន​​រស់​នៅ​អោយ​បាន​សមរម្យទៅ គឺចប់​រឿង​បាត់។ ហើយ​ខ្ញុំ​ជឿថា អ្នក​ស្រុក​បឹងកក់​ទាំងអស់​ នឹង​មិន​មាន​ប្រតិកម្ម​ទៅនឹង​គំរោង​ការ​​អភិវឌ្ឍន៍​​បែប​ឈ្នះ! ឈ្នះ! របស់​​​​រាជរដ្ឋាភិបាល​បែបនេះ​ទេ គឺមានតែ​រីករាយ​នឹង​ចូលរួម​ថែមទៀតផង…។

តាមព័ត៌មាន​ដែល​ចុះផ្សាយ​ជាហូរហែរ​មក​ ទាក់ទង​នឹង​រឿង​អភិវឌ្ឍន៍​​​មហាលោតផ្លោះ មហាអស្ចារ្យ​ មហាឈឺក្បាល​នេះ​ បាន​អោយ​ដឹង​ថា ទីតាំងបឹងកក់នេះ ស្ថិតក្រោម​ការអភិវឌ្ឍន៍​រួមគ្នា រវាង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែលតំណាង​ដោយ​ឧកញ៉ា​មហាសេដ្ឋី​មួយរូប និងជា​សមាជិក​ព្រឹទ្ធសភាជាតិ​ក្នុង​អណត្តិ​នេះផង ​ជាមួយនឹងក្រុមហ៊ុន​ក្រៅ​ស្រុក​មួយ​មកពី​ប្រទេស​​មហាមិត្តចិន ដើម្បី​ប្រែក្លាយ​តំបន់​បឹងកក់​នេះ ពីទឹកល្ហរល្ហេវ​ អោយ​​ក្លាយ​ទៅ​ជា​ព្រៃផ្ទះថ្ម..!!

ហេតុនេះ ដើម្បីអោយ​ក្រុម​ហ៊ុន​មហាមិត្ត​ចិន ប្រែក្លាយ​តំបន់​នេះ​អោយទៅ​ជា​ព្រៃ​ផ្ទះ​ថ្ម​ទៅ​កើត គឺ​ទាល់​តែដេញអ្នក​ស្រុក​​ដែល​កំពុង​រស់​នៅ​ទី​នោះ​ ចេញ​​អោយ​បាត់​ពី​មុខ​ ពីមាត់​សិន ទើប​បាន​អាច​ធ្វើ​ទៅរួច។ ហើយ​តើ​នរណា​ជាអ្នក​ចាត់ការ​ ក្នុងរឿងនេះ? នោះ​គឺ​អាជ្ញាធរ​​ខ្មែរ​គ្នា​ឯង​ហ្នុងហើយ​​ ដែលជាអ្នក​ដេញ​ខ្មែរ​ជំនួសចិន..!! ហើយ​ខ្មែរ​ដែលត្រូវ​គេ​ដេញ​ចេញ​នោះ គឺ​អាជ្ញាធរ​បាន​រៀបចំ​អោយ​ទៅនៅ​ទី​កន្លែង​មួយ​សមរម្យ​ដែរ គ្រាន់​តែថា ​នៅ​ឆ្ងាយ​​ពី​ផ្សារ​ផ្សោរ ​ទី​ប្រជុំជន និង​ជាពិសេស គឺ​នៅ​ម្តុំៗ​​ម៉ុង​ចិន​ណឹង​ឯង..!!​

គិត​ចុះគិត​ឡើង គឺហាក់ដូចជា ចិនដេញខ្មែរ… ហើយ​ខ្មែរយើង​​អត់អីដេញ ក៍នាំគ្នា​ទៅ​ដេញ​ខ្មោច​ក្បែរ​ៗ​ម៉ុងចិន ដើម្បី​ធ្វើ​ផ្ទះនៅ​​..!! គឺតែប៉ុណ្ណឹងឯង..!!..??..

ខាងក្រោមនេះ គឺជារូបភាពបឹងកក់​នា​ពេល​ថ្ងៃលិច នៅមុនពេល​មិន​ទាន់​មាន​ការ​អភិវឌ្ឍន៍… ហើយរូបភាពបែបនេះ នឹង​មិន​មាន​ជារៀងរហូត…

ស្រុកស្រែ​

Advertisements

6 responses to “ចិនដេញខ្មែរ…​ខ្មែរដេញខ្មោច..!!

  1. បឹងកក់នេះជាបទពិសោធសម្រាប់អាជ្ញាធរ អ្នកវិនិយោគថា ការអភីវឌ្ឍបែបនេះ អភិវឌ្ឍក៏យ៉ាប់ បាបក៏ទទួល

    • អរគុណសិលា។ ខ្ញុំគិតថា នេះមិនមែនជាការដកស្រង់បទពិសោធន៍អីទេ តែវា​ជាទំលាប់ទៅហើយ ដែល​ការ​អភិវឌ្ឍន៍​ក្នុង​ទីក្រុង​ភំ្នពេញ​ហាក់ដូចជា​មិនមាន​​ផែនការ ឬទស្សនៈ​យូរអង្វែងច្បាស់លាស់​ ឬក៍ធ្វើ​ទៅតាមការ​អោយ​យោបល់​ពី​សំណាក់​ពួក​អែបអប​ឡេមឡឺម ​​​ដោយ​សំឡឹង​ឃើញ​តែ​ប្រយោជន៍​បុគ្គល ធំជាង​ប្រយោជន៍ជាតិ។ ខ្ញុំឯកភាព​ទៅលើ​ចំណាត់​ការ​របស់​សាលាក្រុង​ ដែលរៀបចំ​អ្នករស់​នៅ​ក្នុង​តំបន់​អាណាធិបតេយ្យមួយចំនួន អោយ​មានសណ្តាប់ធ្នាប់ និង​មានសោភ័ណភាព​ក្នុង​ទីក្រុង ក៍ប៉ុន្តែ​វា​ត្រូវ​តែ​មាននូវ​ដំណោះ​ស្រាយ​ឈ្នះ ឈ្នះ ទាំងអស់​គ្នាឡើង គឺ​ទាំងរដ្ឋ ទាំងរាស្រ្ត។ ខ្វះអី​កន្លែង​អភិវឌ្ឍន៍​ ម៉េចក៍​ឆ្ងាញ់តែ​បឹងកក់នេះខ្លាំងម៉្លេះ? ខ្ញុំយល់ថា ប្រជាពលរដ្ឋ​ខ្មែរយើង​ស្ទើរតែ​ទាំងអស់​ គឺសុទ្ធ​ជាអ្នក​​មាន​ស្មារតី​គោរពច្បាប់ ស្រឡាញ់ជាតិ​មាតុភូមិ និង​ងាយ​និយាយ​គ្នា​ស្តាប់បាន​ណាស់ ​អោយ​តែ​អាជ្ញាធរ​មាន​ហេតុផល​ច្បាស់លាស់​ត្រឹមត្រូវ ក្នុងការ​អនុវត្តន៍​នូវគោលនយោបាយ​របស់ជាតិ…។

  2. គេ​ខ្ចិល​ហ្នឹង​ណា ចាំ​អោយ​អ្នក​ផ្សេង​មក​ធ្វើ​ទៅ ហើយ​ទទួល​បាន​លុយ​ដាក់ ហោប៉ៅ​ទៀត! ចឹង​វា​មិ​នស្រួល​ទេ​អ្ហី? ពួក​គាត់​មិន​មែន​ជា​អ្នក​ពិបាក​ឯណា គ្រាន់​តែ​ប្រគល់​អោយ​គេ​ទៅ ហើយ​ដេក​ក្នុង​ម៉ាស៊ីន​ត្រជាក់​ចាំ​តែ យក​លុយ​មក​ចែក​គ្នា​បាន​ហើយ​

  3. ហ៊ាន​តា​ធ្វើ​តាម​គំនិត​ល្បង​នោះ ខុស​គោល​ការ​ហើយ​ល្បង! គេ​ប៉ាន់​ប្រម៉ាន​ថា ដប់​ឆ្នាំ​ខាង​មុខ ក្រុង​ភ្នំពេញ​នឹង​ក្លាយ​ជា​ទីក្រុង​ដែល​ពោរពេញ​ដោយ​អាគារ​កប់ពពក ។ អត់​មាន​គោលការ​ណា​ត្រូវ​ទុក​បឹង​រ៉េ ។

    • ហាសហា…​អរគុណលោក​ក្មេង​ស្រែ។​ តាមពិត លោក និងខ្ញុំ​គឺស្រែ​ដូចគ្នា​រ៉េ… តែលោក​ប្រហែល​ជាស្រែ​ក្បែរ​ក្រុង ឯខ្ញុំ​ជាស្រែ​ឆ្ងាយ​ក្រុង…​ សុំទោស​ ខ្ញុំនិយាយលេងទេបាទ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s