ជាតិ​ជា​មនុស្សប្រុស គ្មាន​អី​សប្បាយ​ជាង​បាន​ជូន​ប្រពន្ធ​ឡើង​ឡានក្រុង​ទេ..!!


ហែកកេរ្តិ៍ខ្លួនឯង

និយាយទៅ​និយាយម៉ោ ដូចជា​ហែក​កេរ្តិ៍​ខ្លួនឯង​… ​នោះ​គឺរឿង​ខ្ញុំ​ជូន​ភរិយា​ខ្ញុំ​​ទៅ​បេន​ឡាន​ ភ្នំពេញ-ហូជីមិញ ដើម្បីធ្វើដំណើរ​​ទៅ​ស្រុក​អ៊ុំហូ កាល​ពី​ព្រឹក​មិញ​នេះ​ឯង..!!  រឿងរ៉ាវ ​គឺវាអញ្ចេះ…

ហេហេ… តាំងពីព្រលឹម​ស្រាងៗ​មកម៉្លេះ គ្រាន់តែក្រោកពី​ដំណេក​ភ្លាម​ ខ្ញុំ​ស្ទុះ​ទៅ​ជួយ​រៀបចំ​សំលៀកបំពាក់​ភរិយាខ្ញុំ​ដាក់ទៅ​ក្នុង​កាបូប​​យួររបស់គាត់​​រួចស្រេច​(គាត់​បាន​រៀប​ចំខ្លះ​​ហើយ​កាល​ពី​យប់​មិញ) ។ បន្ទាប់មក​ ខ្ញុំ​ចាប់​កាន់អំបោស… រួច​ធ្វើនេះ ធ្វើនោះ… ដល់​ធ្វើ​អ្វីៗ​ប្លែក​​ខុស​ទំលាប់ ខុស​រឿង​បែបនេះ​ទៅ វា​កើត​ជា​​ការ​ឆ្ងល់​សំរាប់​ភរិយា​ខ្ញុំ​ទៅវិញ។  ខ្ញុំឈរដុសធ្មេញបណ្តើរ​ គាត់​ស្រែកសួរខ្ញុំ​​បណ្តើរ៖

  • បងឯងដូចជាឧស្សាហ៍ប្លែក ង៉ៃនេះ?
  • ដោយសារតែបងរវល់ពេក ​មិនអាចទៅ​ជាមួយអូន​បាន​ណឹង​ណា បានជាបង​​ខំយក​ចិត្តអូន​នោះ..!!
  • ចុះអូនមាន​ទៅ​ថាអី គ្រាន់​តែអូនឆ្ងល់តើ..!! អីចឹងតើ​បានមេឃ​ដូចអ៊ួរៗ…

ខ្ជិលតជាមួយគាត់…(ខ្ញុំគិតក្នុងចិត្ត)។ វាជារឿង​ធម្មតាទៅហើយ​ ដែល​ខ្ញុំ​មិន​សូវ​បារម្ភ​​ពី​ភរិយា​ខ្ញុំ​​​ដែល​គាត់​ធ្លាប់​​ដើរ​ចេញចូល​ស្រុក​​ក្រៅ​ម្នាក់ឯង​បែបនេះ​​ទៅ​ហើយ​នោះ។ ផ្ទុយទៅវិញ គឺមានតែ​គាត់​ទេ​ដែល​ព្រួយ​បារម្ភ​ពី​ខ្ញុំ​ជាប់​រហូត​ នៅ​ពេល​ដែល​គាត់​​ស្ថិត​នៅ​​​ឆ្ងាយ​ពី​ខ្ញុំ​គ្រប់​ពេល។

នៅតាមផ្លូវ​ពី​រង្វង់​មូល​ទួលគោក​ទៅជិត​ដល់​វត្តមហា​មន្រ្តី ភរិយាខ្ញុំ គាត់​ផ្តាំ​ផ្ញើរ​ខ្ញុំ​រហូត…

  • បងឯងមើលក្នុងទូរទឹកកកទៅ…​ សាច់មាន់ក៍មាន ត្រីក៍មាន បន្លែ​ក៍មាន… ចង់ធ្វើអី​ញាំស្រេចតែ​ចិត្តទៅ… បើខ្ជិលទេ រកអី​ញាំ​ខាង​ក្រៅ​ក៍បានដែរ ទៅដល់​ផ្ទះ​គេងទៅ…​ខ្ជិល​លាង​ចាន… ពេលចេញ​ពីផ្ទះ​ ​កុំភ្លេច​បិទ​ទឹក បិទភ្លើង​ បិទម៉ាស៊ីនត្រជាក់​​​ផង… កុំភ្លេច​​ដូរ​ស្រោម​ជើងផង​នៅ​នឹង​ស្នួរ ​អូន​ហាល​អត់​ទាន់​ស្ងួត​ ព្រោះ​មេឃ​អត់​ថ្ងៃ…
  • Yes sir..!! (ខ្ញុំឆ្លើយទៅភរិយាខ្ញុំវិញ​)
  • អូនអត់នៅ សង្ស័យតែ​ណាត់គ្នា​ផឹកទេ?
  • កុំនិយាយអូន… អាណា​នាំគ្នា​ផឹកង៉ៃធើការអូន…​

ខ្ញុំឆ្លើយ​បណ្តើរ លួចសើច​ក្នុងពោះ​​បណ្តើរ ព្រោះ​គិតថា ល្ងាចនេះ​គិត​បបួល​អាក្តំ (អាក្លើខ្ញុំ​​ម្នាក់​ឈ្មោះ ឧត្តម) ទៅ​ដាក់​អី​ត្រង់ណាត្រង់ណី​បន្តិច ព្រោះ​ខ្ជិលធ្វើ​ម្ហូប​នៅ​ផ្ទះ។ តាមពិត​ទៅ​ ខ្ញុំ​រស់នៅ​ពីរនាក់តតួ ​ដោយ​មិន​ទាន់​មាន​កូន​ មាន​ចៅ​អី​នៅឡើយ​ទេ។ ប្តីប្រពន្ធ​ខ្ញុំ​ គឺធ្វើការ​ទាំងអស់​គ្នា​ ដោយ​អ្នកណា​ទៅ​ដល់​ផ្ទះ​មុន​ នឹង​ត្រូវ​​ចូល​ចង្ក្រាន្ត​ដាំ​ស្លរ​មុន​ទៅ។ ហេតុនេះ​​ពួក​យើង បាន​​នៅ​ជុំ​គ្នា​តែ​ថ្ងៃ​សំរាក​ចុង​សប្តាហ៍​ប៉ុណ្ណោះ។ ក្រៅ​ពីនោះ ពីថ្ងៃច័ន្ទ​ដល់​សុក្រ គឺ​ព្រឹកឡើង​​ដឹង​តែ​​បែក​គ្នា ចេញ​​ពី​ផ្ទះ​រៀងៗ​ខ្លួន។ ដល់​​ម៉ោង ៧ ឬ៨​យប់​បាន​ជួប​​​មុខ​គ្នា និង​បាន​​ញាំបាយ​ជុំគ្នា។ នេះគឺ​ជា​អ្វី​ ដែល​ការរស់​នៅ និង​ធ្វើការ​ងារ​របស់​ប្តី​ប្រពន្ធ​ខ្ញុំ បាន​ចាប់ផ្តើម​ឡើង តាំង​ពី​ពេល​ដែល​ពួក​យើង​បាន​ចាប់​ដៃ​គ្នា​មក​ម៉្លេះ​​ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ គឺ​អស់​រយៈ​ពេល​​ជិត​បួន​ឆ្នាំ​ហើយ…

  • បើញាំអី​ខាង​ក្រៅ​ស្រវឹង បង​ឈឺក្បាល​ កុំភ្លេច​ញាំថ្នាំផង…(ភរិយាខ្ញុំប្រាប់​ខ្ញុំ​បន្ថែមទៀត) ប្រអប់​ថ្នាំ អូនដាក់​នៅ​ជិតទូរទស្សន៍… អូ…​អូនភ្លេច…​​យើង​ដូចជាអស់ Tylenol ហើយ…   ​​
  • ល្ងាចនេះ បងអត់ផឹកទេ… (​ខ្ញុំសើច​)
  • បាន​អូនអត់នៅ បងមុខអោយ​រីក​ដូច​គ្រាប់ជីរ…
  • ចេះតែថាអូន.. (ឆ្លើយបណ្តើរ​ ខ្ញុំ​ញញឹម​ងាក​មុខ​ចេញ​បណ្តើរ)​
  • ហ៊ឺស! សប្បាយចិត្តណាស់​ បានជូនប្រពន្ធ​ឡើងឡាន..!! (គាត់ថា​អោយខ្ញុំ)

ខ្ញុំសើចបន្តទៀត ព្រោះគាត់និយាយចំចំណុច​ដែលខ្ញុំ​ចង់និយាយ… គិតទៅ ចាប់​​តាំងពី​ពេល​​ចេញ​​ពីផ្ទះ រហូត​​​មក​​ដល់​បេនឡាន​ក្រុង​ទៅហើយ​ ភរិយាខ្ញុំ គាត់ផ្តាំ​ផ្ញើរ​ខ្ញុំ​ជាប់​រហូត។ ខ្ញុំ​ជួយយួរ​កាបូប​គាត់​ដាក់​លើឡាន​។ មុននឹង​បែរ​ខ្លួន​​ត្រឡប់​មក​វិញ ខ្ញុំ​និយាយទៅ​គាត់៖

  • សុខសប្បាយអូន… ដល់​ម៉ុកបាយ តេប្រាប់បងផង…
  • បាយបាយបង…​ កុំភ្លេចញាំអីផង​ ប្រយ័ត្នឈឺក្រពះ… កុំភ្លេច​ដាក់​ចំណី​អោយ​ត្រី​ស៊ីផង… អូនតេម៉ោ.. ទូរស័ព្ទលើកផង..!!

ខ្ញុំសើច រួចមិចភ្នែក​ដាក់គាត់មួយផាច់..!! ខ្ញុំដើរ​ចេញ​ពី​ឡានក្រុង​ សំដៅ​ទៅ​យានជំនិះ​ខ្ញុំ​ដែល​នៅ​ក្បែរនោះ។ ខ្ញុំបោះ​ជំហាន​ដើរ​​ ជាមួយ​នឹង​ការ​ដកដង្ហើម​ស្រូប​យក​ខ្យល់​សេរីភាព ឡើង​ស្រាល​ខ្លួនស្ងើក…។ មិនមែន​ខ្ញុំ​រស់​នៅ​សព្វថ្ងៃ​នេះ ភរិយា​ខ្ញុំ​គាត់​បំបិទ​សិទ្ធិ​សេរីភាព​ខ្ញុំ​ មិន​អោយ​​ដើរហើរ ផឹកស៊ី​អី​ទេ។ ហើយ​ខ្ញុំ​ក៍​មិន​មាន​គំនិត​ មានស្រីញី​ក្បត់ចិត្ត​ភរិយា​ខ្ញុំ ក៍ទេដែរ។ ពួកយើង​ទាំងពីរនាក់​ បាន​ផ្តល់​នូវ​ការ​គោរព ស្រឡាញ់ និង​ភាព​ស្មោះត្រង់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រហូត​មក។ ប៉ុន្តែ​នៅ​​ពេល​នេះ ក្នុង​​អារម្មណ៍​ខ្ញុំ ហាក់​ទទួល​បាន​នូវ​ចំហាយ​ សេរីភាព​ យ៉ាងម៉េច​មិន​ដឹងទេ…។​

នេះប្រហែល​ជាដូច​ទៅ​នឹង​អ្វី​ ដែលចាស់ៗ​គាត់​ឧស្សាហ៍​​និយាយ​បង្អាប់​គ្នាថា៖ ជាតិជា​មនុស្ស​ប្រុស គ្មានអី​​សប្បាយ​ជាង​បាន​ជូន​ប្រពន្ធ​ឡើង​ឡាន​ក្រុង​ទេ..!! គឺពិត​ជា​ត្រូវ​ផស់​គាត់​មែន។ តែ​សំរាប់​ខ្ញុំ អារម្មណ៍​​មាន​សេរីភាព​បែប​នេះ​ យ៉ាង​យូរណាស់​ បាន​ពីរង៉ៃ… ផុតពីនោះ ក្នុងដង្ហើម​ចេញ​ចូល​របស់​ខ្ញុំ​​ គឺមាន​តែ​ក្លិន​ស្រងេះស្រងោច និង​នឹក​អាល័យ​ភរិយា​ខ្ញុំ​ជាប់​រហូត…។

ចាំមើល… ពេលចូលដល់​ផ្ទះ ស្ងាត់ឈឹង.. អផ្សុកណាស់​ខ្ញុំ ព្រោះ​អត់​មាន​​អ្នក​ស្តី​អោយ..!!​

ស្រុកស្រែ

ក្រុមហ៊ុនដឹកជញ្ជូនរបស់វៀតណាម ភ្នំពេញ-ហូជីមិញ គឺក្រុមហ៊ុន SAPACO និង KUMHO មានទីតាំងនៅ ផ្លូវព្រះសីហនុ (ជិតវត្តមហាមន្រ្តី)

អាមួយចតមុខគេនេះហើយ ដែលភរិយាខ្ញុំជិះទៅស្រុកអ៊ុំហូ ព្រឹកម៉ិញនេះ

Advertisements

39 responses to “ជាតិ​ជា​មនុស្សប្រុស គ្មាន​អី​សប្បាយ​ជាង​បាន​ជូន​ប្រពន្ធ​ឡើង​ឡានក្រុង​ទេ..!!

    • លោក​ Samady ប្រហែល​មិន​ទាន់​មាន​គ្រួសារ​ទេមើលទៅ…។ ខ្ញុំ​និយាយនេះ គឺ​សំរាប់​តែ​បុរស​ដែល​មាន​ភរិយា កូនចៅ​ហើយ​ទេបាទ…។ ហើយអារឿង​ហែក​កេរ្តិ៍​ខ្លួនឯងនេះ ខ្ញុំ​នឹង​តភាគ​ទៀត។ អរគុណ​លោក Samady ម្តងទៀត។

  1. ហែកទៀតទៅ ខ្ញុំចាំស្តាប់​ 🙂

  2. ហើយល្បងឯងរាប់អានខ្ញុំជាមិត្តពីងកាល?

  3. ខ្ញុំចង់ឃើញមុខប្រពន្ធបងដល់ហើយ សុំដាក់រូបថតឲ្យមើលផងបានទេបង?

  4. ខំ​ប្រឹង​ហែក​កេរ្តរ៍​ប្រពន្ធ​ខ្លួន​ឯង​អោយ​បាន​ច្រើន​តិច​ទៀត​ទៅ ប្រយ័ត្ន​​ថ្ងៃ​ណា​មួយ​ប្រពន្ធ​បាន​ចូលមក​អាន​ប្លក់​តិច​គាត់​​ដឹង​ហ្នឹង ប្រយ័ត្ន​គាត់់​ផ្ដាច់​ល្បប

  5. ហេតុ​តែ​ជាតិ​ជាមនុស្ស​ប្រុស បើ​មិនខូចតិច ក៏ខូចច្រើន, បើ​មិន​ខិល​សោះ ប្រពន្ធ​មិន​ខ្នាញ់!

    • បាទលោកក្មេងស្រែនិយាយត្រូវ…។ ដោយសារខ្ញុំខូចបន្តិច(ខាងផឹក) និងខិលបន្តិច(ខាងមាត់) ទើបធ្វើអោយភរិយាខ្ញុំ គាត់ខ្នាញ់ផង គ្រឺតផង…ជន្លរកាំបិតប្រុងតែកាត់ផស់ខ្ញុំចោល…ហាសហាៗៗៗ

  6. ចេញក្បាលម៉ោដំបូងគិតថាជាបងពិសិដ្ឋ តែដូចជាមិនមែន!
    សួស្តីបង!

    • បាទ សួស្តីអេណា ។ ខ្ញុំគឺស្រុកស្រែ… អ្នកខាងតាកែវ និយាយមិនច្បាស់ថា ឆ្រុកឈែ..!! ខ្ញុំបង្កើតប្លុកនេះអត់ទាន់បាន ១ខែស្រួលបួលផងទេ។ អ្វីដែលធ្វើអោយខ្ញុំរំភើបរីករាយនោះ គឺខ្មែរយើងទាំងអស់ដែលនៅទីនេះ បានបណ្តាលអោយចិត្តខ្ញុំ មានការគោរព កោតសរសើរ និងចង់អោយរាប់អានខ្លាំងណាស់។ ខ្ញុំក៍សុំឆ្លើយទៅលោកឧត្តមផងដែរថា ខ្ញុំអត់មានហ្វេសប៊ុកទេ។ ម៉្យាងដោយសារខ្ញុំគ្មានជំនាញខាងអាយធី(អ្នកផឹកស៊ី ប្រែថា តែទឹកកក) ហេតុនេះ ខ្ញុំអត់ចេះរចនាម៉ូតម៉ាយអីទេ ហើយមើលតែប្លុកស្រុកស្រែខ្ញុំនេះទៅ គឺស្រែង៉ោងមែន… ហាសហាៗៗៗ

  7. កូពីប្រកាសនេះទុកសិន!!!

  8. ហេតុតែប្រពន្ធគេ ម៉ាជាតិនេះញ៉ុមមិនមានឈ្មោះជាប្តីសំណាងនឹងគេទេ

  9. សួស្តី ម្ចាស់ផ្ទះ ! ខ្ញុំគិតថាប្រពន្ធលោកក៏សប្បាយចិត្តដែរពេលដែលគាត់បាន អានប្រកាសនេះ តែមិនមែនសប្បាយចិត្តដូចលោកនោះទេ គឺគាត់សប្បាយចិត្ត ដែលដឹងថា លោកនឹកគាត់ និងមានអារម្មណ៍ថាស្រងេះស្រងោចនៅពេល​ដែលគ្មានគាត់ ។

  10. ថ្ងែរសៀលនេះ (16 តុលា) ភរិយាខ្ញុំ គាត់ត្រឡប់មកដល់ផ្ទះវិញហើយ។ សំណួរដែលគាត់សួរខ្ញុំមុនគេគឺ ប្តីកំហូច! យប់មិញផឹកជាមួយពីណាខ្លះ? ខ្ញុំប្រាប់ទៅគាត់វិញ: គ្រប់កូរ៉ុម អត់មានអវត្តមានម្នាក់សោះ..!! គាត់សើច ហើយថា ខំតែអាណិតប្តី មិនដឹងបាយណា ទឹកណា… ដឹងអីវ៉ៃសុទ្ធតែបាយហាង…

  11. ចៅឯងសំណាងហើយ បានឧត្តមភរិយាស្រឡាញ់ ថ្នាក់ថ្នម នឹងបារម្ភ

    ពេលនាងទៅឆ្ងាយ…. ចៅឯងគួរតែស្រឡាញ់ ថ្នាក់ថ្នម នឹងបារម្ភពីនាង

    ដូចដែលនាងបានធ្វើចំពោះចៅ !!!!! សូមជូនពរឲ្យស្រឡាញ់គ្នាដល់

    ចាស់កោងខ្នង !!!!

  12. បាទអរគុណតាស៊ីក្លូ..។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s