ប្រាសាទអង្គរវត្ត និង​មន្ទីរស-២១…


កាលពីអំឡុងទស្សវត្ស ១៩៩០ និងដើមទស្សវត្ស ២០០០ ប្រជាជននានា​ក្នុង​ពិភពលោក​ កំរនឹងស្គាល់​ស្រុកខ្មែរ​ ដែលមាន​ឈ្មោះថាកម្ពុជា (Cambodia)​យើងណាស់។

ខ្ញុំនៅចាំបានថា កាលខ្ញុំ​ជួបមិត្តភក្តិខ្ញុំដំបូង​ដែលរៀនជាមួយគ្នា​​កាលពីឆ្នាំ១៩៩៩​ និងឆ្នាំ២០០១ ដែលមក​ពី​ទ្វីបអាហ្វ្រិក និង​អាមេរិកឡាទីនជាដើម ពួកគេ​បានរោម​សួរខ្ញុំថាៈ

  • តើអ្នកឯងមកពីប្រទេសណា?
  • Cambodia​ (ខ្ញុំឆ្លើយប្រាប់ពួកគេវិញ)
  • តើ Cambodia ណឹង នៅឯណា? (ពួកគេនាំគ្នាឆ្ងល់ធ្វើក្បាលងីងើ​)

ដោយពិបាកពន្យល់ពេក ខ្ញុំក៍សួរត្រឡប់ទៅពួកគេវិញៈ

  • ស្គាល់ Thailand អត់?
  • ស្គាល់..!! (ពួកគេឆ្លើយព្រមគ្នា)
  • ស្គាល់ Vietnam អត់? (ខ្ញុំសួរទៅពួកគេទៀត)
  • ស្គាល់..!! (ពួកគេឆ្លើយព្រមគ្នាគឹលទៀត)
  • អើ! ប្រទេសខ្ញុំ ស្ថិតនៅ​ចន្លោះ​ប្រទេសពីរនេះ…​(ខ្ញុំឆ្លើយបែបនេះ)
  • ដូចអត់ដែលឮ..!! (ពួកគេនៅតែឆ្ងល់)

បន្ទាប់មក​ ពួក​គេក៍មិនសូវជា​ចាប់អារម្មណ៍​អីប៉ុន្មានដែរ។ តែ​​មួយ​សប្តាហ៍​​ក្រោយមក ខ្ញុំត្រូវឡើងធ្វើបទបង្ហាញ (Presentation) ​មួយ​ ដើម្បី​ណែនាំខ្លួនឯងផង និងណែនាំពី​ប្រទេស​កំណើត​រៀងៗខ្លួនផង។ ក្រោយពេល​ខ្ញុំ​ធ្វើបទបង្ហាញចប់ មិត្តភក្តិខ្ញុំ​ទាំងអស់​ បាននាំគ្នា​ស្ទុះ​មក​អោបខ្ញុំ ព្រមទាំងនិយាយថា៖ ខ្ញុំស្គាល់ហើយ អ្នកឯង​មក​ពីប្រទេស Killing Fields..!! (ចង់សំដៅទីលើកុន​រឿងវាលពិឃាដ)… ខ្លះទៀត​និយាយថា៖​ប្រទេសអ្នកឯង​មាន​អង្គរវត្ត​ស្អាតណាស់… ចំណែកឯមិត្តខ្ញុំម្នាក់ទៀត​មកពី​ទីក្រុង​សៀងហៃ​ ប្រទេសចិន បាននិយាយ​មកខ្ញុំជាភាសាអង់គ្លេសបែបរដាក់រដុបថា៖ ខ្ញុំស្គាល់ស្តេចអ្នកឯងច្បាស់ណាស់..!!..??..

បន្ទាប់ពីនោះមក ខ្ញុំចេះតែគិតថា ហេតុអីបានជា​កិត្តិស័ព្ទរបស់ប្រទេស​កម្ពុជាយើង​ លិចកប់បាត់ រហូតដល់ថ្នាក់​ប្រជាជននានា​ក្នុងលោក​ អត់ស្គាល់ថា​កម្ពុជា​នៅឯណា?​ តែបែរជាមកស្គាល់អង្គរវត្ត និង​វាលពិឃាដទៅវិញ?

អង្គរវត្ត​ គឺជាសំណង់ប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរ​បានកសាងឡើងតាំងពី​សតវត្ស​ទី ១២ ដែលតំណាងអោយ​ភាព​រុងរឿងផុតកំពូល​ ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​យើង​ពីអតីតកាល។ រីឯវាលពិឃាដវិញ គឺបានកើតមានឡើង​នៅ​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ តើអ្វីទៅ​ដែលជាតំណាង​អោយ​សម័យ​វាលពិឃាដ សំរាប់​អោយ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញនាពេលបច្ចុប្បន្ននេះ? នោះគឺមន្ទីរសន្តិសុខ ស-២១ របស់តាឌុចនេះឯង..!! ដូច្នេះ មន្ទីរ ស-២១ ដែល​សម័យ​ក្រុម​តាឌុច ​បានកសាងឡើងនៅ​សតវត្ស​ទី ២០ នេះ គឺតំណាងអោយ​ភាពចុះដុនដាប​ដល់​កំរិតសូន្យ ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​យើង​ពីអតីតកាលដែរ…។

ខ្មែរយើងគ្រប់ៗរូប គួរ​តែត្រូវបាន​ស្វែងយល់​អោយ​ច្បាស់​ពី​ប្រវត្តិសាស្រ្តនេះ និងគួរតែ​ដណ្តឹង​សួរខ្លួនឯងថា តើ​មូលហេតុ​អ្វីខ្លះ​​បានជា​ធ្វើអោយ​ខ្មែរ​យើង​មានភាព​រុង​រឿង? និងមូលហេតុ​អ្វីខ្លះ​​​បានជាធ្វើអោយ​ខ្មែរ​យើងចុះអន់ថយ អាប់អោន រហូតដល់ថ្នាក់​សំលាប់​ខ្មែរគ្នាឯង​បែបនេះ?

ស្រុកស្រែ

Advertisements

6 responses to “ប្រាសាទអង្គរវត្ត និង​មន្ទីរស-២១…

  1. ស្ដេច​ដែល​គេ​ស្គាល់​នោះ គឺ​ស្ដេច​សីហនុ ចិន​គេ​ស្ឡាល់​ព្រះ​អង្គ​ច្បាស់​ណាស់

  2. បាទត្រូវហើយលោកវិចិត្រ គឺសម្តេចឪ សម្តេចតានៃយើង។ ខ្ញុំធ្លាប់បានជួបក្រុមតន្រ្តីករ ដែលបានចូលរួមប្រគុំតន្រ្តីថ្វាយព្រះករុណាសម្តេចឪ សម្តេចតា នៅរាជវាំងក្រុងប៉េកាំង ពួកគេបានអោយដឹងថា ប្រជាជនចិននៅប៉េកាំង មានការគោរពព្រះអង្គប្រៀបដូចនឹងវីរ:បុរសចិន ហើយកាលពីខួបចំរើនព្រះជន្មរបស់ព្រះអង្គយាងចូល ៨៨ព្រះវស្សា រដ្ឋាភិបាលចិនបានរៀបចំពិធីថ្វាយព្រះពរជូនព្រះអង្គ ប្រៀបដូចប្រមុខរដ្ឋចិន ដោយមានទាំងការបាញ់កាំជ្រួចអបអរសាទរថែមទៀតផង។ ម៉្យាងទៀត ជនជាតិចិនយល់ថា លេខ៨៨ គឺជាលេខហុងស៊ុយល្អណាស់។

  3. រឿងអ្នកដែលមិនស្គាល់ប្រទេសខ្មែរ ច្រើនតែពួកអ្នកដែល មិនបានតាមដាន ពត៌មាន ឬនយោបាយជុំវិញពិភពលោក រឿងវាលពិឃាត គេបានដាក់បញ្ខាំង ប្រហែលជាគ្រប់រដ្ឋទំាងអស់នៅសហរដ្ឋ កាលពាក់កណ្តាល ទសវត្ស ៨០ ដែលបញ្ចាំងដំបូងបំផុត ខ្ញុំក៏បានចូលរួមទស្សនាដែរ ។ នៅសាលាមហាវិទ្យាល័យដំបូង ដែលខ្ញុំបានចូលរៀន មានសេចក្តីរំភើបណាស់ ដោយសារបានជួបសន្ទនាជាមួយនិស្សិតបរទេសជាច្រើន មកពីជុំវិញពិភពលោក ជាពិសេសមកពីភូមិភាគអាស៊ីនានា មានចិន កូរេ ថៃ លាវ វៀតណាម ជប៉ុន តៃវ៉ាន់ ឥណ្ឌា អហ្គានិស្ថាន ប៉ាហ្គិស្ថាន ជាដើម។ល។ នៅពេលនោះ (១៩៨២) បានជួបសាស្ត្រាចារ្យពីរនាក់ មកពីប្រទេស អហ្គានិស្ថាន ពួកគាត់ស្គាល់សម្តេច នរោត្តម-សីហនុ ច្បាស់ណាស់ ពួកគាត់ប្រាប់ថា បានឃើញសម្តេច នៅក្រុងនូវយ៉ក (អង្គការសហប្រជាជាតិ) ខ្ញុំមិនបានប្រាប់គាត់ទេ ដោយគ្រាន់តែប្រាប់គាត់ថា មកពីប្រទេសខ្មែរ គាត់ក៏ប្រាប់រឿងជួបស្តេចខ្មែរតែម្តង។ ហើយបន្ទាប់មកមាន នារីម្នាក់ទៀត ដែលខ្ញុំចាប់អារម្មណ៍គឺគាត់ជាសាស្ត្រាចារ្យមកពី សៀងហៃ ប្រទេសចិន គាត់ជាគ្រូបង្ហាត់ របាំបាឡេ ហើយកាលពីដើមឆ្នាំ ២០១១ នេះ ស្រាប់តែ ឃើញគាត់មកបង្ហាញខ្លួននៅប៉ុសទូរទស្សន៍ (ABC) ក្នុងខណៈដែលកូនស្រីគាត់ ជាអ្នកចេញសំដែងរបាំបាឡេ ជូនទស្សនិកជនមើល ក្នុងពិធីគេប្រកួតប្រជែង រាំជាមួយតួរឯក (Dancing With The Stars) ធ្វើឱ្យខ្ញុំរិតតែមានសេចក្តីរំភើប និងមានមោទនភាពចំពោះគាត់ ។ មិនតែប៉ណ្ណឹងទេ បានជួបជាមួយក្រមុំៗ លាវ ពីរ-បីនាក់ផងដែរ សុទ្ធតែកូនចៅអ្នកធំ នៅប្រទេសលាវ ពួកគេរាក់ទាក់ណាស់ គេមិនដែលចេះប្រកាន់ទេ ។ល។ នេះគ្រាន់តែជាអានុស្សាវរីយ៍ ទៅនៅស្រុកគេដំបូង ហើយមិនអាចប្រៀបធៀបជាមួយពួកគេបានទេ ដោយសារខ្លួនខ្ញុំជាជនភៀសខ្លួន និងជាមនុស្សព្រៃផង តែក៏លួចសរសើរខ្កួនឯង ដែរ ដែលមានសំណាងបានទៅរៀនជាមួយពួកគេ ។ល។៚…

  4. អរគុណលោក Lovepeehs05 ដែលបាន​អោយខ្ញុំ និងអស់លោកអ្នក​នៅទីនេះ បានដឹង​ពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកត្រួសៗ​ កាលពីកំឡុងទសវត្សឆ្នាំ១៩៨០។ ខ្ញុំយល់ច្បាស់ណាស់ ពី​ការលំបាករបស់លោក និងក្រុមគ្រួសារលោក​ក្នុងការ​រត់​គេចចេញពី​ប្រទេសកំណើត​ ដើម្បីស្វែងរកសេរីភាព​នៅ​ក្នុង​ប្រទេស​លោកសេរី​ ក្នុងឋានៈ​ជាជនភៀសខ្លួន។ អ្វីដែលលោកបាន​រៀបរាប់នេះ គឺជាអនុស្សាវរីយ៍​ផ្អែមល្ហែមផង ជូរចត់ផង ដែល​បាន​កើតមានឡើង​ចំពោះ​បុគ្គល​ទូទៅ​គ្រប់ៗរូប…។ ជូនពរលោក និងក្រុមគ្រួសារ​ សូមអោយ​​សុខសប្បាយ និងមានសុភមង្គល​រហូត…។​

  5. ក្នុងនាមជាកូនចៅខ្មែរ សញ្ជាតិជាខ្មែរ រស់នៅបរទេស ដូចជាគ្មានសុភមង្គល ដូចនៅលើទឹកដីរបស់ខ្មែរទេ ទឹកដីកេរ្តិ៍អាកររបស់ខ្មែរ ត្រូវបានគេកាន់កាប់ និងគេសម្រេចវាសនាខ្មែរជំនួសយើងជាខ្មែរនោះ ! យើងខ្ញុំជាខ្មែរ ត្រូវមានចំណែកទទួលកេរ្តិ៍មរតកខ្មែរដែរ តែផ្ទុយទៅវិញ បែរជាអត់ទៅវិញ ! តើលោកស្រុកស្រែយល់យ៉ាងណាដែរ ? តើសុភមង្គលនៅត្រង់ណា ?

    • អរគុណលោក Lovepeehs05 ។ ខ្ញុំសូមសរសើរនូវស្មារតីស្រលាញ់ជាតិ មាតុភូមិរបស់លោកណាស់។ ស្រុកខ្មែរ ក៍ជាស្រុករបស់លោក ហើយក៍ជាស្រុករបស់ខ្មែរយើងទូទៅគ្រប់ៗរូបដែរ ។ តែនិយាយតាមត្រង់ចុះ ខ្ញុំមិនហ៊ានបបួលលោកមករស់នៅ និងធ្វើការងារនៅស្រុកខ្មែរទេ ព្រោះខ្ញុំខ្លាចលោកថា ខ្ញុំកំពុង ផា អោយលោក… ខ្ញុំគ្រាន់តែគិតថា គឺដោយសារតែលោក និងអ្នកចេះដឹងខ្មែរដទៃជាច្រើនទៀត មិនព្រមចូលមកកាន់កាប់វាសនាស្រុកទេសដោយខ្លួនអែងបែបនេះហើយ បានជាអ្នកដទៃគេកាន់កាប់វាសនាស្រុកទេសជំនួសបែបនេះទៅ… ណ្ហើយ! ខ្ជិលតូចចិត្តតូចថ្លើមអីបងប្អូនអើយ… បើលោក Lovepeehs05 រស់នៅស្រុកអាគាំងហើយនៅតែគ្មានសុភមង្គលទៀត តើខ្មែរក្នុងស្រុកទៅស្វែងរកសុភមង្គលពីណាមក អោយលើសណឹងទៅ?… សុំកប់យោបល់ហើយខ្ញុំ… នៅថ្ងៃស្អែក ខ្ញុំនឹងមានប្រធានបទមួយ ចង់ពិភាក្សាលេងជាមួយលោក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s