តើចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើង​មានអ្វីខ្លះ?


ឈរលើទស្សនៈមិនលំអៀង និង​មិនលើកជើងខាងណា…​ ខ្ញុំចង់​ជជែកលេង​ជាមួយ​អស់លោក​អ្នក​នៅទីនេះ ទៅតាម​ការ​យល់ឃើញ​រៀងៗខ្លួនដោយសេរី និងរីករាយ…។ ព្រោះ​ការបញ្ចេញ​ទស្សនៈ​ក្នុង​ការជជែក​វែកញែក នឹងធ្វើអោយ​យើងម្នាក់ៗ បែកបញ្ញា និងមានភាពឈ្លាសវៃ​ក្នុង​ការ​គិតគូរ​ពិចារណា​គ្រប់​រឿង​រ៉ាវ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង…។

តាមការសិក្សា និង​សង្កេត​របស់ខ្ញុំ… ចាប់តាំងពី​ការ​ចាកចោល​ក្រុង​អង្គរមក និង​ជាពិសេស គឺក្រោយ​ពី​ការ​វាយបែក​បន្ទាយ​លង្វែកដោយ​ប្រទេស​ជិត​ខាង​មក ក្រុមអ្នកដឹកនាំ​ខ្មែរគ្រប់ជំនាន់ ​​​ហាក់ដូច​ជាមិន​ហ៊ាន​ប្រឈម​មុខនឹងការពិត​សោះ (ឬដឹងដែរ តែមិនព្រមកែ?) ហើយ​ជានិច្ចកាល តែងតែ​ទំលាក់​កំហុស​ពី​ការ​ចុះ​​អាប់អោន អន់ថយ ​រហូត​សឹង​តែ​បាត់​បង់​ទឹកដី​ខ្មែរ​​ទាំង​មូល​នេះថា​​ គឺដោយសារ​​មក​ពីមាន​ការ​​រំលោភ​​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ជិតខាង​​(សៀម-យួន)​​ ហើយ​ក៍មាន​គំនិត​ ​ញ៉ុះញ៉ុង​ជនជាតិ​ខ្មែរ​យើង​​អោយ​មាន​ការ​រើសអើង និង​សងសឹក​​​ទៅលើ​ជាតិសាសន៍​នៃ​ប្រទេស​ជិតខាង​ដែល​ធ្លាប់​រំលោភ​បំពាន​នេះ​ទៅវិញ។

សំរាប់ខ្ញុំ​ គឺមិនបន្ទោស​​​​ទៅ​លើជនជាតិ​នៃ​​ប្រទេស​ជិតខាងយើង ​ដែល​​ធ្លាប់​តែ​​រំលោភ​បំពានយើង​រហូតមកទេ។ តាមខ្ញុំយល់ គឺមកពី​ដោយសារ​ជនជាតិ​​ជិតខាង​យើង​ គេដឹង គេស្គាល់​ ចំណុចខ្សោយ ​របស់​ជនជាតិ​យើង​ច្បាស់​ណាស់​ ទើបគេអាច​ឈ្នះ​យើង និងធ្វើអោយ​យើង​ចុះអន់​ថយ​​ជាប់​រហូតមក។​ ហេតុនេះខ្ញុំយល់​ថា ក្នុងនាម​យើង​ជា​​ជនជាតិ​ខ្មែរ​​គ្រប់ៗរូប ត្រូវតែ​រក​អោយ​ឃើញ​ចំណុចខ្សោយរបស់ជនជាតិ​យើង ដើម្បី​ធ្វើការ​​កែលំអ និងជៀសវាង​ចាប់ពីជំនាន់​យើង​នេះទៅ។ ការ​មិនដឹង និងមិន​​​ចេះទទួល​ស្គាល់​ចំណុច​ខ្សោយ​​របស់ខ្លួនឯង គឺបរាជ័យភាព​នឹង​មិន​ទៅ​ណាឆ្ងាយ​ពី​ខ្លួន​​យើង​ឡើយ…។

ខ្ញុំចង់​ធ្វើការ​ពិភាក្សាជាមួយអស់លោកអ្នក​នៅទីនេះថា៖ តើចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើងមានអ្វីខ្លះ?

Advertisements

54 responses to “តើចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើង​មានអ្វីខ្លះ?

  1. មួយម៉ៅ​ទេ? ក្ដៅ​ក្រហាយ​ទេ? ពេល​ឃើញ​ស្ថានភាព​ជាក់​ស្ដែង បរទេស​នៅ​ព្រោង​ព្រាត ពេញ​ស្រុក​ខ្មែរ​ទាំង​គ្មាន​ច្បាប់​ទម្លាប់ តែ​យើង​មិន​អាច​ធ្វើ​អី​គេ​បាន ! ព្រោះ​ មេ របស់​យើង​​ជា​អ្នក​អោយ​គេ​មក​នៅ​

    • បើបែបនេះមែន លោក Samady KS ចង់និយាយថា មកពីច្បាប់ទំលាប់យើង​មាន​ភាពធូររលុង​ពេកឬ បានជាបរទេស​ងាយ​ស្រួល​មក​នៅ​ស្រុកយើង​​ព្រោងព្រាត? តែខ្ញុំយល់​ថា​ ច្បាប់​គឺហាក់ដូចជា​មិន​ទាក់ទង​ទៅនឹង​ចំណុចខ្សោយ​របស់​ជនជាតិ​ខ្មែរ​យើង​ទេ…

      • ច្បាប់​គឺ​ជា​មនុស្ស​ជា​អ្នក​បង្កើត​ដូច​នេះ​វា​មិន​សំខាន់​ទេ! តែ​សំខាន់​គឺ​មនុស្ស​ដែល​ជា​អ្នក​អនុវត្តន៍​ច្បាប់​ទៅ​វិញ​ទេ

    • បើអីចឹង​ ចំណុចខ្សោយរបស់ជនជាតិខ្មែរយើង គឺមិនចេះគោរពច្បាប់ឬ? អាចត្រូវម៉្យាងដែរ…

  2. ចំណុចខ្សោយរបស់យើងគឺមកពីពាក្យ “ខន្តី” តែមួយគត់! ខ្ញុំហ៊ាននិយាយដូច្នេះ! សូមវិភាគមើលចុះ

    • ខ្ញុំឯកភាព​តាមលោកឧត្តមដែរ ព្រោះធម៌ ខន្តី ខ្ជាប់ខ្ជួននេះ គឺជាចំណុចខ្សោយ​​របស់​យើង​ហើយ។ តាមពិតទៅ នៅពេលដែល​ខ្មែរយើង​កាន់លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​បែបមហាយាន គឺរុងរឿងណាស់… តែនៅពេល​​យើង​​ចាប់​ផ្តើម​គោរព​​ព្រះពុទ្ធ​សាសនា​​បែប​ហិនយានវិញ គឺស្រុកទេស​យើង​ក៍​រលាយ​​ហិនហោច​រហូត​មក​ដល់​សព្វថ្ងៃទៅ…។ គឺដោយសារ​ទ្រឹស្តី​ ពៀររំងាប់​​ដោយការ​មិន​ចងពៀរ ឬ ខន្តីញោម នេះហើយ​ ទើបបាន​ជា​​គេ​វ៉ៃយកដី​អស់​ហើយ នៅតែ​ ខន្តី​រហូត..!!
      តែសំណួរនៅត្រង់ថា៖ ចុះថៃ គេគោរព​ព្រះពុទ្ធសាសនា​បែបហិនយាន​ដូចយើងដែរ ម៉េច​ក៍គេ​មានការគិតគូរ​​ជឿនលឿន​ជាង​យើង​ខ្លាំងម៉្លេះ? តើគេ(ថៃ) មានប្រកាន់​ធម៌ខន្តី​ ខ្ជាប់ខ្ជួន​ដូចខ្មែរយើងអត់?

  3. គឺខ្មែរយើង​មានចរិក លោភលន់ ណាអាប្រិមប្រីយ។

    • អាត្រងោលកោរបាញ់លាបខ្លាញ់គីងគក់… ង៉ៃនេះ​ស្វាងពីស្រវឹង​ ឆ្លាតគ្រាន់បើ…។ ត្រូវណាស់​ គឺខ្មែរយើង​មានចរិក​លោភលន់។ ឥឡូវអញសួរមួយ៖ តើរាស្រ្ត​ខ្មែរ​សាមញ្ញ​ គាត់​លោភលន់​យ៉ាងម៉េចទៅ ​បើពួកគាត់​គ្មាន​ស្អី​សំរាប់​អោយ​លោភលន់​ផងណឺង?

    • តែនៅក្នុង​ការគិតរបស់​រាស្រ្តខ្មែរទូទៅ គឺខ្វល់ខ្វាយ និងលោភលន់​តែពីរឿងអង្ករច្រកឆ្នាំងទេ។ ឯអ្នកនយោបាយខ្មែរ​ទូទៅវិញ គឺខ្វល់ខ្វាយ និងលោភលន់​​តែពីរឿងអំណាច និងបុណ្យសក្តិតែមួយមុខគត់ កុំសូវពេក។ ហ្អែងគិត​មើលទៅ គឺលោភលន់​​ដូចតែគ្នាទេ គ្រាន់តែថា មួយឃ្លានបាយ មួយទៀតឃ្លានអំណាច។

      • អញឯកភាពតាមអាង៉ោលឯងដែរ… គឺចំណុចខ្សោយរបស់​ជនជាតិ​យើង​ គឺការលោភលន់ នេះឯង។ តែការលោភលន់​របស់រាស្រ្ត មិនមានគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​ ដែលផ្ទុយ​ពីការ​លោភលន់​របស់​អ្នក​នយោបាយ។ ព្រោះថា បើពួកគេ​មិនលោភលន់ទេ ក៍ដីខ្មែរយើង​មិនអាលាយ​សល់ប៉ុន​សព្វង៉ៃ​​នេះដែរ។ អីចឹងហើយ​ បានជាអញថា ហេតុអីបានជាយើង​​ចូលចិត្ត​ខឹង​តែនឹងជនជាតិគេជាប់រហូតមក​ពីរឿង​បាត់បង់​ទឹកដី​នេះ? ហើយហេតុម៉េច​ ក៍ខ្មែរ​យើង​មិនព្រម​កែចំណុចខ្សោយ​ខ្លួនឯង​ គឺអា ចរិតលោភលន់​​​ នេះ​ចោលទៅ? តាមអញគិត គឺ​បើគ្មាន​ការលោភលន់​ទេ នោះក៍គ្មានការ​បាត់បង់ដែរ… តែចំពោះ​រឿងនេះមួយ អញគិតមិនយល់សោះ អាង៉ោលអើយ…

    • កាលដែលប្រទេសក្រតោកយ៉ាក់លំបាកវេទនាមិនមានទាក់ទងដល់ព្រះពុទ្ធសាសនាទេ ព្រោះព្រះពុទ្ធសាសនាមិនបានបង្រៀនឲ្យអ្នកកាន់ព្រះពុទ្ធសាសនាឬ ប្រទេសណាដែលកាន់ព្រះពុទ្ធត្រូវតែក្រវេទនានោះក៏មិនមាន មានតែបង្រៀនឲ្យពុទ្ធបរិស័ទនៅដោយសុខសុវត្ថិភាព អនាគតរុងរឿង ។ ចំពោះពាក្យថា ” ខន្តី ” ព្រពុទ្ធសាសនាមិនបានប្រាប់ឲ្យខន្តីដល់កំរិតគេលួចជាតិក៏ខន្តីឯណា ។​ អ្នកដែលខន្តីគេលួចជាតិម្ចាស់ខ្លួនធ្វើមិនដឹងនោះ គេហៅខន្តី ទាល់ច្រក ។ ចំពោះប្រទេសកម្ពុជាប្រើពាក្យអ្នកកាន់ព្រះពុទ្ធសាសនាមិនទាន់សមទេ គួរហៅថា អ្នករក្សាព្រះពុទ្ធសាសនាទើបសមជាង (​ ព្រោះពាក្យថា អ្នកកាន់និងអ្នករក្សាខុសគ្នា ) អ្នកកាន់ព្រះពុទ្ធសាសនាត្រូវតែធ្វើតាម ឬ ដើរតាមគន្លងព្រះពុទ្ធសាសនា មានប្រទេសសិរីលង្កា និងថៃជាដើម ឯពាក្យថាអ្នករក្សា គឺរក្សាមិនឲ្យបាត់ប៉ុណ្ណោះ។​ ឯពាក្យថា លោភលន់ គឺ ចំពោះតែបុគ្គលទេ ព្រះពុទ្ធសាសនាមិនបានបង្រៀនឲ្យលោភលន់ដែរ មានតែបង្រៀនកុំលោភលន់ នេះមាន ៕

      • សូមអរគុណលោក sonsoctrang (ប្រហែលជាភិក្ខុសង្ឃ ខាងខ្មែរកម្ពុជាក្រោមផងក៍មិនដឹង សុំទោសផង) ។ ចុះតាមយោបល់លោក តើចំណុចខ្សោយរបស់ជនជាតិខ្មែរយើង មានអ្វីខ្លះទៀត ដែលលោកចង់បន្ថែម?

  4. រឿង​គេ​ឈ្លានពាន​យើង​បាន​មិនមែន​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​ទេ តែ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​គេ​ឈ្លានពាន​បាន​ទើប​ជា​គន្លឹះ​ត្រូវ​ដោះស្រាយ ។ ចោរ​លួច​ជា​រឿង​មួយ តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​លួច​បាន​ទៀត​ទើប​ជា​ការ​គាប់​ប្រសើរ ។ ដូច​ជប៉ុន​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​មួយ​រួច ជប៉ុន​បាន​និយាយ​ប្រាប់​កូន​ចៅ​ថា ទង្វើ​​និង​គំនិត​របស់​​ពួក​បច្ចិមប្រទេស ជា​វប្បធម៌​របស់​ជប៉ុន ក្រោយ​មក​ជប៉ុន​បាន​បញ្ជូន​សិស្ស​និស្សិត​ខ្លួន​ទៅ​រៀន​ស្វែងយល់​ពី​ពួក​នោះ​រហូត​អាច​វាយ​បង្ក្រាប​ពួក​នោះ​បាន​នៅ​សង្គ្រាម​លោក​ទី​២ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ថា​ខ្មែរ​គួរ​គិត​និង​ដោះស្រាយ ។

  5. សូមអរគុណលោក ខេមរបក្សី​សាស្រ្តិន។ យោបល់របស់លោក​គួរអោយ​គោរព និងពិចារណាស់។ ខ្ញុំក៍ធ្លាប់បាន​គិត​ពី​​ចំណុចនេះដែរ។ ការ​យល់ដឹង​ពី​ចំណុចខ្លាំង​និង​ចំណុច​ខ្សោយ​​របស់យើង ព្រមទាំងការ​ស្វែងយល់​ពី​ចំណុច​ខ្លាំងនិង​ចំណុច​ខ្សោយ​​របស់​គូ​សត្រូវ​យើង គឺជា​រឿង​អ្នក​ឆ្លាត​វៀងវៃ​​គេ​គិតគូរ​ល្អិត​ល្អន់​ម៉ត់​ចត់ណាស់។ ដូច​ទ្រឹស្តី​សឹកសង្រ្គាម​របស់​អ្នកប្រាជ្ញចិន​ឈ្មោះ ជូកឺលាង (ឬខុងប៉េង) ​ក្នុងរឿង​សាមកុក បានពោលថា៖ ដឹងគេ ដឹងយើង ច្បាំងមួយរយដង​ ​នឹងឈ្នះមួយរយដង..!! បើប្រៀបធៀប​​រឿង​ខ្មែរយើង​និង​ទ្រឹស្តី​នេះ​​វិញ គឺ​ជានិច្ចកាល​យើង​ដឹង​តែ​ពី​ចំណុចខ្លាំង និង​ចំណុច​ខ្សោយ​​របស់​គូ​សត្រូវ​យើង​តែ​ប៉ុណ្ណោះ។ ឯចំណុច​ខ្សោយ​របស់​ខ្លួនឯង​ គឺ​មិន​សូវ​ជា​យកចិត្ត​ទុកដាក់​ដឹង​ទេ ឬក៍ដឹងពី​ចំណុច​ខ្សោយ​របស់​ខ្លួនឯងដែរ​ តែអត់រវល់​កែសោះ។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​រួមគ្នា​រក​អោយ​​ពី​ចំណុចខ្សោយ​របស់​ជនជាតិ​ខ្មែរ​យើង ថាតើ​​មានអ្វីខ្លះ?​​

    • Son Soc Trang ចេញពីប្រទេសថៃ ចំណុចខ្សោយរបស់ជនជាតិខ្មែរមានអ្វីខ្លះ ? សំណួរនេះទុកជូនសម្តេច ហ៊ុន សែន ជាមួយ ឯកឧត្តម សម រង្ស៊ី ជាអ្នកឆ្លើយជំនួសចុះ

  6. ការបែកបាក់ផ្ទៃក្នុង … ដូចជាគេថា បើចោរស្រុកមិនឲ្យដៃ ក៏ចោរព្រៃក៏មិនអាចធ្វើអ្វីកើតដែរ… ទាំងគ្រឿងញៀន ទាំងការដឹកឈើគ្រញ៉ូង!

    ចំនុចខ្សោយរបស់ខ្មែរយើង គឺ ឆាប់ជឿគេ ព្រោះចិរិតជនជាតិខ្មែរ គឺស្លូតត្រង់… ក្រោយពីបែកបាក់អង្គរមក និងក្រោយមកទៀត គឺដោយសារត្រចៀកស្រាល… និងការទំនាស់ផ្ទៃក្នុងរាជវង្ស.. ដែលអាចឲ្យអ្នកដទៃអាចលូកដៃចូលយ៉ាងស្រួល និងអាចឈានដល់ការត្រួតត្រាទៀតផង… ដឹងគេ ដឹងឯងទើបចាត់ទុកជាអ្នកខ្លាំង…។

    • សូមអរគុណលោក Monyrinataro ។ ខ្ញុំក៍ទទួលស្គាល់ថា​ ខ្មែរយើង​មាន​ជំងឺ​ តពូជ​តពង្សមួយ គឺជំងឺ “ឆាប់” នេះឯង..!! ឆាប់ភ័យ ឆាប់ជឿ ឆាប់សប្បាយ ឆាប់ស្លុត ឆាប់ភ្លេច ឆាប់ឈ្លើយ ឆាប់កាច ឆាប់ស្លូត…​គឺឆាប់មួយចប់… ឆាប់មួយស៊េរី…​ឆាប់មួយ​កំប្លេ…!! រីឯលោក​បាន​លើកឡើង​ពីរឿង​ទំនាស់​ផ្ទៃក្នុង​រាជរង្ស​នោះ ខ្ញុំ​គិតថា អាចចាត់​ចូល​ទៅក្នុង​​ចំណុចខ្សោយ​ប្រភេទ​ “លោភលន់” ហើយ ព្រោះ​បើមាន​​ទំនាស់​ផ្ទៃក្នុង​​រវាង​បង​ប្អូនឯង គឺគ្មាន​អ្វីក្រៅ​ពីការ​​លោភលន់​ ចង់​បាន​អំណាច ឬរាជបល្លង្គ​​យកមក​គ្រប់​គ្រង​នោះ​ទេ… អស់អីអស់ចុះ អោយ​តែបាន​អំណាច..!!

      សុំបើក​វង់ក្រចកបន្តិច៖ ខ្ញុំនិយាយនេះ​គឺខ្ញុំ​ចង់​​សំដៅ​​ទៅ​សម័យ​ដែល​ខ្មែរ​​យើង​បាត់បង់​​ខេត្តភាគ​ខាងលិច​ និង​ខេត្តភាគ​ខាងកើត​តែប៉ុណ្ណោះ។​ នៅសម័យ​យើងនេះ​ គឺសូម្បី​​តែ​មួយមីល្លីម៉ែត្រ​ក៍មិនបាត់​​បង់​ផង..!! បើមិនជឿ​ទេ​ សាកវាស់មើល… គឺ ១៨១,០៣៥គីឡូម៉ែត្រក្រឡា ត្រឹមអត់លើស អត់ខ្វះ..!! ហេហេ…

  7. រឿងខ្មែរបាត់បង់ទឹកដីនេះតាមការពិតដោយសារខ្មែរគ្នាឯងទេតើស!
    ហើយរឿងនេះមិនមែនកើតឡើងជាមួយរាស្ត្រនិងស្តេចទេតែវាកើត
    ឡើងរវាងគ្រួសារស្តេចនិងគ្រួសារស្តេច។ចង់ឡើងធ្វើស្តេចរកកលវីធី
    សំលាប់គ្នាទៅវិញទៅមកហើយទៅពឹងប្រទេសជិតខាងដោយមានខសន្យា
    ថាបើឈ្នះកាត់ទឹកដីត្រង់នេះឬត្រង់នោះអោយ.រហូតស្តេចខ្លះហ៊ានយកដីខ្មែរ
    និងប្រជាជនខ្មែរដូរនឹងក្ដិតទៅទៀត(ដោយសារល្មោបកាមគុណ)។
    បើតាមប្រវត្តិសាស្ត្រពួកសៀមឬយួននេះមិនដែលធ្វើសង្គ្រាមឈ្នះខ្មែរទេ
    ហើយខ្មែរក៍មិនបានបាត់ដីដោយសារសង្គ្រាមដែរ.
    និយាយអោយត្រូវទៅគឺស្ដេចឬមេដឹកនាំខ្មែរល្មោបអំណាច,កាមគុណ និងបែកបាក់
    សាមគ្គីរវាងជាតិសាស្ត្រឯង។ចឹងហើយបានពួកជិតខាងបានដៃនឹងណា.
    ប៉ុណ្នឹងបានហើយប្រញាប់ទៅលក់មាសផង.

    • ហេហេ… ទើបតែ Sidachan7 មួយទេ​ដែល​និយាត្រង់ធ្លូរ អត់កេវកុង..។ អរគុណ Sidachan7 (មិនដឹង​លោក​ឬលោកស្រី​ទេ?) តែឈ្មោះ​បែប​នេះ ​បើទៅភ្នាល់គ្នា​ចាក់​ដូចសម័យ​​​ CamboSix វិញ​ ខ្ញុំនឹង​ចាក់ភ្នាល់ថា Sidachan7 គឺជា​ស្រ្តី មិនមែនបុរសទេ… តែចំលែក​ត្រង់ថា ភាសាគាត់​និយាយ​ គឺជាភាសាមនុស្ស​ប្រុសសុទ្ធ..!! អត់បញ្ហា… គ្រាន់តែខ្ញុំ​ពិបាកហៅ​ក្នុងការ​សន្ទនា​គ្នា​បន្តិច..!!

      សរុបសេចក្តីទៅ… អ្វីដែល​ Sidachan7 ជូនយោបល់មកនេះ ​ខ្ញុំ​គិតថា អាចចាត់​ចូល​ទៅក្នុង​​ចំណុចខ្សោយ​ប្រភេទ​ “ លោភលន់” របស់​ជនជាតិ​ខ្មែរ​យើង​ហើយ…​ គឺលោភលន់​នឹងកាមតណ្ហា ទើប​បណ្តាល​អោយ​បាត់បង់​ទឹកដី…។

  8. មាន​ទៀត​គឺ​មន្ត្រី​ចង់​ធ្វើ​ធំ/ធ្វើ​ស្ដេច​ដែរ​ហ្នឹង​ណា៎​បាន​វា​ដូច្នេះ ។ សមុទ្ទ​ខ្មែរ​ជិត​លែង​មាន​ផ្លូវ​ចេញ​ហើយ​មើល​ទៅ ។ ខ្ញុំ​និយាយ​ពី​សម័យ​មុន​ទេ​ណា៎ សម័យ​នេះ​គ្មាន​បាត់​មួយ​មីល្លីម៉ែត្រ​ទេ…

    • អរគុណលោក ខេមរបក្សីសាស្រ្តិន ម្តងទៀត។ អ្វីដែលជាចំណង់​របស់​មន្ត្រីខ្មែរ ចង់ធ្វើធំ/ធ្វើស្តេចនេះ គឺអាច​ចាត់​ចូល​ទៅក្នុង​​ចំណុចខ្សោយ​ប្រភេទ​ “លោភលន់” របស់​ជនជាតិ​ខ្មែរ​យើង​ហើយ…

  9. អរគុណអស់លោកអ្នកទាំងអស់គ្នា ដែលបានបញ្ចេញមតិយោបល់នៅទីនេះ ឬប្លុកស្រុកស្រែ ! អរគុណផងដែរ ម្ចាស់ប្លុកស្រុកស្រែ ដែលមានសន្តានចិត្ត សប្បុរសចំណាយទីកន្លែងសម្រាប់យើងទាំងអស់គ្នាបញ្ចេញមតិយោបល់ ។

    បើតាមមតិយោបល់ខ្ញុំថា គ្មានអ្វីក្រៅពី “ការសិក្សាអបរំទេ” បញ្ហាការសិក្សាអបរំ ជាបញ្ហាចម្បងសម្រាប់ខ្មែរ “ចំណុចខ្សោយឬខ្លាំង” នៅលើ “វិស័យសិក្សាអបរំ” នេះឯង !

  10. អរគុណលោក Lovepeehs05 ។ ខ្ញុំ​ហាក់ដូចជា​ស្វាង​ចែស​ បន្ទាប់​ពី​អាន​យោបល់​របស់លោក​ ។ ខ្ញុំ​ក៍​​យល់​ដូចលោកដែរគឺ ចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើង គឺ​ការសិក្សារ​អប់រំ ឬភាព​អវិជ្ជា​នេះឯង..!! ​

    ឆ្លងកាត់​ការ​ផ្តល់មតិ​រយៈពេល​មួយថ្ងៃនេះ ​ខ្ញុំអាច​ច្បិចយក​ចំណុច​ខ្សោយ​​របស់​ជនជាតិ​ខ្មែរ​យើង​តែ​ពីរគត់​គឺ៖
    ១. ភាពលោភលន់នៃអ្នកដឹកនាំ ​ឬ​អ្នក​នយោបាយ​
    ២. ភាពអវិជ្ជានៃប្រជាពលរដ្ឋខ្មែរ​ទូទៅ

    ឬក៍អស់លោកអ្នក​មានយោបល់​អី​បន្ថែម​ពីលើនេះទៀត?

  11. អ្នកនយោបាយដែលលោភលនោះហើយ ដែលមិនសូវមានការសិក្សាអបរំ បើមានការសិក្សាអបរំត្រឹមត្រូវ មិនលោភលន់ទេ ! ខ្មែរយើងនៅមានការយល់ ច្រឡំច្រើនណាស់ ចំពោះការសិក្សាអបរំនេះ ភាគច្រើនគេយកសញ្ញាប័ត្រ មកតាំង សម្គាល់បង្ហាញគេឯង អំពីការសិក្សាអបរំ ល្អណាស់ !?

  12. តែខ្ញុំយល់ថា ភាពលោភលន់ គឺហាក់ដូចជា​មិនទាក់ទងទៅនឹង​ការអប់រំ​សោះ។ នៅក្នុង​ផ្នត់គំនិត​នៃ​សង្គមខ្មែរ​យើង គឺហាក់​ផ្តល់តំលៃ​ទៅលើ​ភាព​លោភលន់​នេះ​ ប្រកបដោយ​មោទនភាព​បំផុត។ ហើយដោយ​ពិតទៅ អ្នកដែល​មិនចេះ​លោភលន់​ គឺ​ត្រូវ​បាន​ចាត់ទុក​ថា មិន​ទាន់សម័យ ឬមិនចុះសំរុង​ក្នុង​សង្គម​តែម្តង។ លោក​អាច​សំគាល់មើល​អញ្ចេះ៖ ពេល​មិត្តភក្តិ ឬអ្នក​ស្គាល់គ្នា​ ជួប​គ្នាម្តងៗ ​គឺគេតែង​សួរ​គ្នាថា ម៉េច​ហើយ​ការងារសព្វថ្ងៃ​រកបានអត់? ឬក៍ កូនឯង​​ធ្វើការងារ​ដូចគេដែរ​ ម៉េចក៍​រក​មិន​បាន​ដូចគេ​សោះ​អីចឹង?..។ល។ និង។ល។ គឺហាក់​ដូច​ជា​​រំលឹក​ដាស់តឿន​គ្នីគ្នា អោយលោភលន់​ និង​លួច​ជាតិ​តែម្តង..!! មែនទែន​ទៅ បើ​​ស្ទើរ​តែ​ទាំងអស់​គ្នា​ នាំគ្នា​លោភលន់​​អស់​ទៅហើយ ហើយ​បើ​មាន​នរណា​ម្នាក់​មិនលោភលន់​វិញ គឺអ្នកនោះ​ឯង​​ជា​មនុស្សឆ្កួត ដូចតាថេន និង​ចៅសន ក្នុង​រឿង​គតិលោក​អីចឹង។ នេះគ្រាន់​តែ​ជាការ​លោភលន់​ទ្រព្យ​សម្បត្តិ​តែមួយមុខ​ផង ចុះ​ទំរាំ​តែ​នឹង​លោភលន់​អំណាច បុណ្យសក្តិ ឬរាជបល្ល័ង្គ​ទៀត គឺ​និយាយ​លែង​ចេញ​ហើយ។ ហេតុនេះ​ខ្ញុំយល់​ថា​ បើ​អ្នក​ចេះដឹង​ ឬអ្នក​ដែល​បាន​ទទួល​ការ​អប់រំ​​មានចិត្ត​លោភលន់​ហើយ គឺ​គ្រោះថ្នាក់​ជាង​អ្នក​អវិជ្ជា​ឆ្ងាយ​ណាស់។ ​ហើយ​អ្វី​ដែលរលាយមុន​គេ​​នោះ​ គឺ​សង្គម​ជាតិ​យើង​នេះឯង…

  13. ប្រហែលជាការយល់ខុសគ្នាហើយ ! ខ្ញុំចង់បានន័យថា អ្នកចេះគេចេះប៉ាន់ប្រម៉ាណ គេដឹងខុសដឹងត្រូវ អ្នកណាមួយមិនចង់បាន ចង់មាន គឺមានចិត្តប្រហាក់ប្រហែលគ្នា តែអ្នកចេះគេធ្វើមិនអោយគ្រោះថ្នាក់ ដល់ប្រទេសជាតិទេ មិនមែនគេអោយសញ្ញេរ កាត់កោះឱ្យគេ ក៏សញ្ញេរអោយគេទៅនោះទេ អាហ្នឹងថាចេះម៉េចកើត !? អ្នកចេះគេប្រើបច្ចេកទេស ជាជាងប្រើកម្លាំងបាយ កម្លាំងបាយមួយសន្ទុះ ច្បាស់ជាដួលហើយ បើប្រើគំនិតប្រាជ្ញា បច្ចេកទេស មិនចេះអស់ឬអន់់ថយទេ ! មិនថអញ្ចឹង !?

  14. អត្វបទនេះល្អ ព្រោះមិនមែនក្នុងន័យមើលងាយមើលថោកទេ គឺឲ្យខ្មែរយើងចេះកែទម្រង់ឥរិយាបថរបស់ខ្លួនឲ្យបានល្អ

  15. ឆន្ទៈអាងស្លាប់

  16. ចូរក្រឡេកមើល ប្រព័ន្ធនយោបាយពីរធំ សព្វថ្ងៃនេះ ប្រទេសមូលធននិយម ខខាងអាមេរិកាំង គារគ្រប់គ្រងរបស់គេ ខុសពីខ្មែរយើង អត់ឃើញមាន មេក្រុម មេភូមិ មេឃុំទេ តែឃើញដល់មេស្រុកទៅវិញ ចៅហ្វាយក្រុង ហើយប៉ូលិសគេដាក់ ១ នាក់ មើលប្រជាជន ១០០០ នាក់ តើស្រុកខ្មែរយើង យ៉ាងណាដែរ ? តើហេតុអ្វីបានជាគេគ្រប់គ្រង បានគ្រាន់បើជាងយើង ? អានេះមកពីប្រជាពលរដ្ឋគេ ម្នាក់ៗមានការសិក្សាអបរំខ្ពស់ ឬគេកំណត់ចប់ ថ្នាក់មធ្យមសិក្សា ចំណុចការសិក្សានេះហើយ ដែលគេមិនសូវពិបាកមើលការ ខុសត្រូវ ម្នាក់ៗគេមានម្ចាស់ការរៀងៗខ្លួន ដឹងខុសដឹងត្រូវ កូនគេម្នាក់ៗ គេប្រជែងគ្នារៀនសូត្រ ហើយមួយចំនួនគេធ្វើការ ៣-៤ កន្លែង មិនថាប្រុសឬស្រី គេប្រឹងទាំងអស់គ្នា គេប្រឹងមិនចាំបាច់ឪពុកម្តាយបង្ខំទេ អានេះមកពីការសិក្សា អបរំរបស់គេហើយ ! មិនថាអញ្ចឹង ? គេលើកតំកើងប្រជាពលរដ្ឋរបស់គេ បើកក្រុមហ៊ុនគ្រប់បែបយ៉ាង មិនប្រកាន់បក្សពួក ឬពូជសាស៍ឡើយ ! គេលើកតំកើងការសិក្សាអបរំ ប្រាក់ខែគ្រូចូលថ្មី យ៉ាងតិច ក៏ ២,៥០០ ដុល្លាដែរ ហើយស្រុកខ្មែរ ឮថាបាន ១០ ដុល្លា ហើយបើកឱ្យគ្នាមិនទៀងទាត់ផង ជំពាក់គ្នាសិន កេងប្រវ័ញ្គ្នាទៀត ! ខ្ញុំថាហ្នឹងត្រូវទេ ?

    • ខ្ញុំក៍ទទួលស្គាល់ដែរថា ការសិក្សាអប់រំរបស់ពលរដ្ឋអាមេរិក គឺមាន​កំរិត​ខ្ពស់​ជាង​ពលរដ្ឋ​ខ្មែរ​​យើង​មែន។ ហើយ​ខ្ញុំ​ក៍ទទួល​ស្គាល់​ផង​ដែរ​ថា ប្រព័ន្ធ​គ្រប់គ្រង​របស់​អាមេរិក ក៍ល្អ​ជាង​យើង​ដែរ។ ក៍ប៉ុន្តែ យើង​មិន​អាច​ចំលង​យក​របៀប​គ្រប់គ្រង​ទាំង​ដុល​របស់​អាមេរិក យក​មក​ប្រើប្រាស់​នៅ​ស្រុក​ខ្មែរ​យើង​បាន​ទេ។ ព្រោះការ​ធ្វើ​បែបនេះ វាប្រៀប​ដូច​ជាការ ជៀរ​ក្បាល​តំរូវមួក ឬក៍​ជៀរ​ជើង​តំរូវ​ស្បែកជើង​ហើយ។ ខ្ញុំគិតថា របប​ប៉ុលពត បានធ្វើ​អោយ​សង្គម​ខ្មែរ​ខ្ទេចខ្ទាំ​លើ​វិស័យ​ធនធាន​មនុស្ស​នេះ​តែ​ម្តង។ មិនមែន​ខ្ញុំ​ចង់​និយាយ​ថា ការ​កសាង​ស្រុក​ទេស​មិន​សូវ​រីកចំរើន នាំ​គ្នា​ទំលាក់​កំហុស​ដាក់​របប​ប៉ុលពត​នោះ​ទេ។ ក៍ប៉ុន្តែ មួយ​ជំនាន់​មនុស្ស​ដែល​សល់​ពី​របប​នេះ គឺភាគ​ច្រើន​មិន​សូវ​បាន​រៀន​សូត្រ​ចេះដឹង​ខ្ពង់ខ្ពស់ទេ ឬក៍​ក្លាយ​ជាជន​មិន​ចេះ​អក្សរ​(អនក្ខរជន) តែម្តង។ លោក​អាច​សង្កេត​មើល​ចំណុច​នេះ​មួយ​ទៅ​ឃើញ​ហើយគឺ ប្រសិន​បើមាន​អ្នក​ជំនាញ​ខាង​ដំណាំ​កសិកម្ម គេ​ចុះ​មក​ណែនាំ​កសិករ​ខ្មែរ​ដល់​ក្នុង​ភូមិ​ហើយ ក៍កសិករ​ខ្មែរ​យើង​មិន​សូវ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ដែរ។ គឺទាល់​តែទៅ​អង្គុយ​ស្តាប់​ហើយ មាន​ចែក​លុយ​ទៀត ទើប​បាន​ពួក​គាត់​ទ្រាំ​អង្គុយ​ស្តាប់។ តែបើ​ឮសូរថា យប់នេះ​មាន​ក្រុមកំប្លែង អាកុយ អាក្រឹមវិញ ពួកគាត់​នឹង​តស៊ូ​បររទេះ​គោ​កាត់ទឹក​ កាត់ភក់ នាំកូន​​ជញ្ជូន​ចៅ​មក​ក្រាល​កន្ទេល​មុខឆាក​តាំង​ពីភ្លឺ កុំជោរ..!! វាហាក់​ដូចជា​ភាសា​ចំអេស​ចំអាស​របស់​អ្នកកំប្លែង និង​កាយវិការ​វ៉ៃក្បាល​គ្នា​នឹង​ដប​ទឹកសុទ្ធ គឺងាយ​នឹង​ជ្រាប​ចូល​ក្នុងខួរ​ក្បាល​កសិករ​យើង ជាង​ភាសា​បច្ចេកទេស វិទ្យាសាស្រ្ត​កសិកម្ម​ឆ្ងាយ​ណាស់។ ទាំងនេះ​គឺ​ដោយសារ​តែ ប្រជាជន​យើង​ខ្វះការ​សិក្សា​អប់រំ​នេះឯង។

  17. ខ្ញុំក៏មិនចង់អោយខ្មែរហ្នឹង ចម្លងគេមួយរយភាគរយដែរ តែខ្មែរត្រូវធ្វើនូវអ្វីដែល មនុស្សភាគច្រើនលើពិភពលោកគេធ្វើ បើមិនដូចក៏ប្រហាក់ប្រហែល ឬក៏គ្រាន់បើជាងគេដែរ ! មិនថាអញ្ចឹង ?
    អាស្រ័យដោយហេតុហ្នឹងហើយ បានជាខ្ញុំខិតខំប្រឹងប្រែងបង្កើតជា រចនាសម្ព័ន្ធនយោបាយថ្មីមួយសម្រាប់ខ្មែរ ឬក៏សម្រាប់ពិភពលោកក៏ថាបាន ដែលអាចប្រើបានជាមួយរបប ប្រទេសភាគខាងលិច ភាគប្រទេសអឺរុប អាហ្វ្រិក និងអាស៊ីយើងទាំងមូលផងដែរ ។
    ខ្ញុំជឿថាអ្នកប្រាជ្ញខ្មែរយើងសព្វថ្ងៃនេះ មិនទាន់យល់និងស៊ីជម្រៅនូវគំនិតរបស់ខ្ញុំ នៅឡើយទេ ហើយខ្ញុំសង្កេតឃើញមានមនុស្សជាច្រើន បានខិតខំព្យាយាម ចង់ដឹងចង់ឮ ឬចង់យកគំនិតខ្ញុំនេះទៅធ្វើអ្វីមួយ ដែលខ្លួនគិតឃើញថាអាចធ្វើ បានដោយស្រួល ខ្ញុំគិតឃើញថាវា មិនស្រួលដូចអស់លោកនោះបានគិតទេ បើខ្ញូំអោយគំនិតខ្ញូំទៅ ខ្ញំជឿថាក៏ធ្វើមិនបានដូចខ្ញុំដែរ តែជឿថាបរាជ័យ ច្រើនជាង ហើយថាគំនិតខ្ញុំហ្នឹងមិនកើតទេ ។ល។

    ខ្ញុំជឿថាអស់លោកទាំងនោះគួរតែ ជួយឧបត្ថម្ភខ្ញុំទៅល្អជាង ។ នៅពេលនេះ ខ្ញុំជឿថាមានតែខ្ញុំទេ ដែលជាអ្នកអាចរៀបរចនាសម្ព័ន្ធនយោបាយនេះ បានជោកជ័យ ! តើអាចជឿបានទេ ? តើលោកស្រុកស្រែយល់យ៉ាងណាដែរ ? តើលោកអាចស្ទង់ដឹងថាខ្ញុំនេះ មានគំនិតអ្វីសម្រាប់ជួយស្រុកខ្មែរទេ ? តើខ្ញូំអាចមានគំនិត អាចជួយដោះស្រាយវិបត្តិស្រុកខ្មែរបានទេ ? ជាពិសេសរឿង ដែលកំពុងតែចម្រូងចម្រាស់សព្វថ្ងៃនេះ ! ខ្ញុំមើលឃើញថា យើងមិនចាំបាច់ ភ័យព្រួយខ្លាចអ្នកនេះខ្លាចអ្នកនោះ ដូចគេកំពុងធ្វើរាល់ថ្ងៃនេះទេ និយាយដូចអួតបន្តិចហើយ ចំពោះអ្នកដែលមិនយល់ មិនស៊ីជម្រៅ ចំពោះគំនិតខ្ញុំចឹងឯង ខ្ញុំមិនញញើតដេញដោលគ្នាដែរទេ ចង់និយាយថា ស្វាគមន៍អ្នកនយោបាយគ្រប់ជាន់ថ្នាក់ បើខ្ញុំមិនហ៊ានឆ្ងងឆ្លើយ បានន័យថា ខ្ញុំមិនអាចធ្វើកិច្ចការនេះបានឡើយ ! មិនថាអញ្ចឹង ? តែមិនទាន់យឺតពេល សម្រាប់ខ្ញូំស្រាវជ្រាវរៀនសូត្រទៀតដែរ ! មិនថាអញ្ចឹង ?

  18. ហេហេ… កាន់តែជ្រៅទៅៗហើយ។ ខ្ញុំថាមិនចង់និយាយពីរឿងនយោបាយ នយោបោក​អីសោះ។ តែបើ​លោក​បង្ហើប​អីចឹង​ហើយ ខ្ញុំសួរ​លោក​មួយ​មាត់​ចុះ។ បើ​លោក​មាន​បំណង​ចង់​ធ្វើ​នយោបាយ និង​ចង់​ដឹកនាំ​ស្រុក​ទេស​អីចឹង​ទៅ​ហើយ ហេតុអី​បាន​ជា​លោក​មិន​ចូល​មក​រស់នៅ​ក្នុង​ស្រុក​យើង​តែ​ម្តង​ទៅ? ឬមួយ​ក៍​លោក​គិត​ថា ស្រុក​ខ្មែរ​ស្រួល​ដឹក​នាំ​ណាស់ គឺអង្គុយ​ពី​ស្រុក​អាគាំង​មក ក៍អាច​ដឹកនាំ​បាន​ដែរ​តើ​មែន​ទេ? អីឡូវនេះ ជិត​ដល់​ពេល​បោះ​ឆ្នោត​ឃុំ សង្កាត់​ស្រាប់​ផង… សូម​លោក​អញ្ជើញ​ចូល​មក ស្រុក​យើង​កំពុង​ត្រូវការ​អ្នក​ចេះ​ដឹង ដូច​ជា​រូប​លោក​ណាស់។ យ៉ាងម៉េច​យ៉ាងម៉ា ខ្ញុំសង្ឃឹមថា លោក​នឹង​ចងចាំ​ពី​ចំណុច​ខ្សោយ​របស់​ជនជាតិ​យើង ដែល​ខ្ញុំ​បាន​និយាយ​រួច​ហើយ គឺ លោភលន់..!! ហាសហាៗៗៗ

  19. ចំពោះ​ខ្ញុំ​យល់​ថា​ ចំណុច​ខ្សោយ​របស់​ជន​ជាតិ​ខ្មែរ​ គឺ​ សច្ចធម៌ សីលធម៌ ខន្តី​ តែ​អាត្មា​និយម​ និង​អត្ត​ទត្ថបុគ្គល​ ហើយ​គិត​អី​ខ្លី​ៗ សាមញ្ញ​ៗ​។ សច្ចធម៌ និង​ សីលធម៌ គឺ​ការ​មិន​ចង់​ឬ​ការ​មិន​ដែល​ប៉ុន​ប៉ង​ចង់​បាន​របស់​គេ​ ហេតុ​នេះ​ហើយ​ទើប​ទឹក​ដី​យើង​ចេះ​តែ​អស់​ទៅ​ៗ ព្រោះ​តែយើង​មិន​ដែល​មាន​គំនិត​ចង់​បាន​របស់​គេ​ យើង​មិន​ចង់​ដើរ​ជា​តួ​អាក្រក់​ តែ​សច្ចធម៌​ពេក​វា​មិន​ល្អ​នោះ​ទេ​។ ខន្តី​ គឺ​ការ​តែង​តែ​លើក​លែង​ទោស​ឲ្យ​គេ​ ទោះ​ចាប់​កំហុស​គេ​បាន​ក៏​ដោយ​ គ្រាន់​តែ​គេ​និយាយ​ថា​សុំ​ទោស​ ឬ​សុំ​សម្រប​សម្រួល​វិញ​ ក៏​ព្រម​តាម​គេ​។ តួ​យ៉ាង​ដូច​ថៃ​ដែល​ធ្វើ​សង្គ្រាម​ជា​មួយ​យើង​រឿង​ព្រះវិហារ​ឡើង​ឆ្អែត​ឆ្អល់​ ចុង​ក្រោយ​គ្រាន់​តែ​គេ​សុំ​ទោស សុំ​សម្រប​សម្រួល​វិញ​ក៏​ព្រម​តាម​គេ​ មិន​យក​ទោស​ពៃរ៍​អ្វី​ទេ​។
    អាត្មា​និយម​ គឺ​ប្រជាជន​ខ្មែរ​ទាំង​អស់​ ទោះ​ឃើញ​អ្នក​ដឹក​នាំ​លក់​ដី​ ធ្វើ​បាប​​រាស្រ្ត​ក្នុង​ស្រុក​​ ឬ​ប្រទេស​ជិត​ខាង​លុក​លុយ​ប្រទេស​ខ្លួន​យ៉ាង​ណា​ ក៏​ម្នាក់​ៗ​នៅ​តែ​សំងំ​ មិន​ហ៊ាន​ចេញ​មុខ​តតាំង​ប្រឆាំង​ទេ​។
    អត្តទត្ថបុគ្គល​ គឺ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជាជាង​ប្រយោជន៍​រួម​។ សុខ​ចិត្ត​លោភលន់​លុយ​ អំណាច​ តែ​មិន​លោភលន់​ទឹក​ដី​របស់​ប្រទេស​ដទៃ​ទេ​។
    គិត​អី​ខ្លី​ៗ​ សាមញ្ញ​ (អាច​ថា​ល្ងង់​) គឺ​ការ​ធ្វើ​អី​មិន​ចេះ​គិត​វែង​ឆ្ងាយ​ទេ​ តួយ៉ាង​ ការ​កាប់​ឆ្ការ​ឬស្សី​​នៅ​បន្ទាយ​លង្វែក​ ព្រោះ​តែ​ចង់​បាន​ប្រាក់​ឌួង​ ស​បញ្ជាក់​ថា​ខ្មែរ​យើង​គិត​អី​ខ្លី​ៗ​ណាស់​ ឆាប់​ចាញ់​បោក​គេ​ អត់​គិត​សោះ​ថា​ ការ​កាប់​ឆ្ការ​​ឬស្សី​ដូច​ជា​រុះ​ផ្ទះ​ខ្លួន​ឯង​ចោល​ ពិត​ជា​ល្ងង់​ និង​គិត​អី​អត់​បាន​វែង​ឆ្ងាយ​សោះ​។
    កុំ​ថា​អតីតកាល​ បច្ចុប្បន្ន​យើង​ក៏​កំពុង​ធ្វើ​ដូច​សម័យ​បន្ទាយ​លង្វែក​ដែរ​។ ការ​លួច​គាស់​រូប​ចម្លាក់​ខ្លួន​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង​(ថៃ​) ផ្តល់​ដី​សម្បទាន​នៅ​តាម​ព្រំដែន​ឲ្យ​ប្រទេស​ជិត​ខាង​(យួន​) ការ​ព្រម​បូម​ខ្សាច់​លក់​ឲ្យ​ប្រទេស​ម៉ាលេស៊ី​ ។ល។ សុទ្ធ​សឹង​តែ​ទង្វើ​ល្ងង់​ខ្លៅ​ស្រដៀង​នឹង​ទង្វើ​នៅ​សម័យ​លង្វែក​។ លើក​មុន​គេ​ប្រើ​ប្រាក់​ឌួង​ ឥលូវ​គេ​ប្រើ​ក្រដាស​ប្រាក់​!!!!

    • អរគុណណាស់ស្រីពៅ ដែលបាន​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​ប្រកប​ដោយ​អត្ថន័យ​ជ្រាល​ជ្រៅ ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ​យើង តាំងពី​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ខ្ញុំនឹង​ចងចាំ​ទុក​នូវ​យោបល់​ទាំងអស់​នេះ។ ម៉្យាងទៀត បើផ្អែក​តាម​ការ​អះអាង​របស់​ស្រីពៅ គឺយើង​កំពុង​តែ​ដើរ​ជាន់​ដាន​ចាស់​ក្នុង​ការ​បំផ្លាញ​ខ្លួនឯង ដូច​ក្នុង​ព្រឹត្តិការណ៍​ប្រាក់ឌួង​សម័យ​លង្វែក ពី​អតីតកាល​ដែរ​ហើយ។ ហេតុអ្វី​បាន​ជា​ជនជាតិ​ខ្មែរ​យើង​ជំនាន់​ក្រោយៗ​មក មិន​ចងចាំ​ទុក​នូវ​មេរៀន​ចុះចាញ់​មួយ​នេះ​សោះ​អីចឹង? ខ្ញុំរក​គិត​មិន​យល់ទេ..!!

  20. មនុស្សជាតិសាសន៌ណាក៏មានចំណុចខ្សោយនិងខ្លំាងដូចគ្នាដែរ។
    ចំណុចខ្លំាងបំផុតគឺការសាមគ្គីគ្នាជាធ្លុងមួយប្រឈមមុខនឹងសត្រូវ
    ឈ្លានពាន។ប៉ុន្តែការសាមគ្គីនេះត្រូវការកំលំាង ។កំលាំងគឺបានមក
    ពីប្រជាជន។ប្រទេសជប៉ុនក្នុងសម័យសង្រ្គាមលោកលើកទីមួយនិងទីពីរ
    បានបង្កើនកំលាំងរបស់់ខ្លួនដោយការចេញច្បាប់់ពិសេសមួយគឺបង្ខំអោយ
    គ្រប់់ជនជាតិជប៉ុនរៀបការមុននិងមានកូនអាយុ២៥ឆ្នំា។នេះគឺជាគោល
    នយោបាយសំខាន់់មួយក្នុងការបង្កើតកងកំលាំងបង្កើតផល,ការពារនិង
    វាតទីរបស់់ខ្លួនដើម្បីមហិចតាលោភលន់់មួយក្នុងសម័យធ្វើសង្រ្គាម។
    ប្រទេសខ្មែរយើងខ្សោយក៏មកពីធនធានមនុស្សយើងដុនដាបពេកដែរ
    គឺក្នុងឆ្នំា១៩០០ប្រទេសខ្មែរយើងមានប្រជាជនចំនួនតែមួយលាននាក់់ប៉ុណ្ណោះ
    ដែលរស់់លើទឹកដីមួយធំដែលប្រទេសជិខាងមានប្រជាជនលើសលប់់ជាង,
    ចេះតែមកទន្រ្ទានយកដីមិនចេះចប់់។ដូចយើងបានដឹងហើយថាក្នុងពាក់់កណ្ដាល
    សតវត្សទី១៩ មុនបារំាងមកធ្វើមអាណានិគមនោះប្រទេសខ្មែរយើងត្រូវ
    បានប្រទេសជិតខាងទំាងពីរ គ្រោងពុះចែកគ្នារួចទៅហើយ។
    ចំណុចខ្សោយរបស់់ខ្មែរមួយទៀតគឺការមិនដឹងកល្បិចរបស់់សត្រូវឈ្លានពាន
    ដែលយកមកប្រើគ្រប់់ពេលលើខ្មែរគឺការបំបែកបំបាក់់សាមគ្គីខ្មែរនេះហើយដែល
    ធ្វើអោយខ្មែរខ្សោយរហូតព្រោះតែខ្មែរយើងសំលាប់់គ្នា ដែលសត្រូវឈរនៅពី
    ក្រោយ។បើយើងសំលាប់់គ្នាអស់់រលស់់ទៅហើយមានកំលំាងឯណាទុកការពារ
    ទឹកដី?ដីធំត្រូវការកំលំាងធំដែរដើម្បីការពារ ។
    សព្វថ្ងៃនេះ ប្រទេសជិតខាងឈ្លានពានទំាងពីរមានប្រជាជនបូសរុបគ្នា
    ប្រហែល១៥០លាននាក់់ ។ឯខ្មែរយើងមានប្រជាជនមិនដល់់១៥លាននាក់់ផង
    តើអោយយើងខ្លំាងម្ដេចបានជាមួយពួកគេ ប្រសិនជាមានសង្រ្គាមជាមួយគ្នា
    នោះប្រជាជនខ្មែរយើងស្លាប់់អស់់មុនគេមិនខាន។ដូច្នេះខ្មែរយើងពិតជា
    ត្រូវការកំលាំងដោយការមិនសំលាប់់គ្នា ហើយកំណើនប្រជាជន និង
    សេដ្ឋកិច្ច ហើយនិងការរួបរួមគ្នា(សាមគ្គី)ដើម្បីពង្រឹងប្រទេសខ្មែរយើង
    អោយរឹងមំាឡើង។

    • ខ្ញុំគាំទ្រគំនិតបងសម្បត្តិ ហើយខ្ញុំសូមលើកការវិភាគរបស់ខ្ញុំមួយដូច​បាន​ប្រកាស​កន្លងមក។ សូមមើលប្រកាសនេះ https://teamkafe.wordpress.com/2011/09/06/001/

      • អរគុណលោកឧត្តម ។ ខ្ញុំអានរួចហើយ។ ខ្ញុំយល់ថា ផ្អែកតាមចំណូលសេដ្ឋកិច្ចរបស់គ្រួសារខ្មែរយើងនិមួយៗ គឺយកល្អ ប្តីប្រពន្ធមួយគូរ(អ្នកទីក្រុង ឬទីប្រជុំជន) គួរមានកូនពីរនាក់បានហើយ។ តែបើមានលទ្ធភាព មានត្រឹមបួននាក់ គឺល្មម ។ តែតាមចំណាំ ខ្មែរយើងច្រើនតែអ្នកមាន កូនតិច ហើយអ្នកក្រ កូនច្រើន… អ្នកក្រ រកស៊ីអីក៍អត់កបដែរ គឺកបតែកូន… ហេហេ…

    • សូមអរគុណលោក Sambatt ។ អ្វីដែលលោក​បាន​​លើក​​ឡើង​នេះ គឺអាច​​ចាត់​​ទុក​ថា​ ​ជា​អនុសាសន៍​ដ៏​វិសេស​វិសាល​ណាស់​ សំរាប់​ជា​គតិ​​ដល់​​ជន​​ជាតិ​​​ខ្មែរ​​យើង​​ទាំងមូល។ ទាក់ទង​​នឹង​​កំណើន​​ប្រជាពលរដ្ឋ​​នេះ ខ្ញុំធ្លាប់​​​បាន​​គិត​​​លេងៗ​រួច​មក​​ហើយ គឺ​ដង់ស៊ីតេ​​ប្រជាជន​យើង​​បច្ចុប្បន្ន​​មាន​​ប្រមាណ ៧៧នាក់​ប៉ុណ្ណោះ​​ក្នុង ១គីឡូម៉ែត្រ​ក្រឡា គឺ​ទាប​មែន​ទែន ហើយ​កំណើន​​ប្រជាជន​ ក៍យឺត​​មែន​ទែន​​ដែរ។ មិត្តភក្តិ​​ខ្ញុំ​​ដែល​​​​ធ្លាប់​​ជជែក​​​គ្នា​​​លេង​​ពីរឿង​កំណើន​ប្រជាជន​នេះ ​បាន​ផ្តល់​យោបល់​​ដូច​លោក​​អីចឹង​​ដែរ​ គឺ​​​​គ្នា​យើង​តិច ​មិន​អាច​​ឈ្នះ​​គេ​គ្នា​ច្រើន​ទេ​(ទាំង​សេដ្ឋកិច្ច​​និង​​យោធា)… ខ្ញុំក៍​សួរ​ត្រលប់​ទៅ​វិញ៖ ចុះ​ក្រែង​​ពេល​​ប្រជាជន​​កើន​​ឡើង​​ច្រើន ​ធ្វើ​អោយ​​រដ្ឋ​​​​យើង​​ពិបាក​ចិញ្ចឹម​ទេ​ដឹង? តែ​​មិត្តខ្ញុំ​​ដែល​​ជា​អ្នក​​សេដ្ឋកិច្ច​​ស្រាប់​ គេ​បាន​​ពន្យល់​​ខ្ញុំ​ថា ប្រជាជន​គឺ​ជា​កំលាំង​​ចលករ​សំខាន់​​ណាស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ..!! ខ្ញុំក៍​សួរ​ទៀត៖ ចុះម៉េច​ក៍​​ឃើញ​​តែ​ក្រសួង​សុខាភិបាល​ ផ្សាយ​មួយថ្ងៃៗ​​តែពី​​រឿង​​ពន្យា​​កំណើត​? មិត្តខ្ញុំ​ម្នាក់​ទៀត​​បាន​​ឆ្លើយ​ជំនួស៖ បើ​គេ​ចេញ​​គោលការណ៍​​អោយ​​ពន្យា គឺ​ពន្យា​ហើយ…​ ពន្យា​​ទាល់​​តែ​​ចង់​​ផុត​​ពូជ​​ខ្មែរ…។

      មានចំណុចខ្សោយ​មួយទៀត​ ដែល​ជនជាតិ​ខ្មែរ​​យើង​​ច្រើន​តែ​​មិន​សូវ​​យក​ចិត្ត​​ទុកដាក់​​នោះ​​គឺ ខ្ជិល..!! ប្រសិន​បើ​ធ្វើ​ស្រែ​​វិញ​ លៃ​ធ្វើ​​ល្មម​​តែម៉ា​​​​គ្រប់​ស៊ី… បើ​រកត្រី​វិញ គឺ​រក​តែ​គ្រប់​​មួយ​សំឡរ​​​​ហើយ ​ឡើង​មក​ផ្ទះ​ហើយ… បើផុត​រដូវ​​ធ្វើ​ស្រែ​​ហើយ ទំនេរ​មិន​ដាំនេះ​​ដាំ​នោះ​​ទេ ​​​តែ​​ច្រើន​​នាំគ្នា​​​​អង្គុយ​​សំកុក​​រក​ចៃ​​នៅ​នឹង​មាត់​ជណ្តើរ​ផ្ទះ… ហើយ​​អា​​រឿង​​ដាំជីរ ស្លឹកគ្រៃ​​នៅ​តាម​​ផ្ទះ​​នេះ ​ខ្មែរ​​យើង​ភាគច្រើន​នៅ​ជនបទ​ ខ្ជិល​រក​លេខ​ដាក់​គ្មាន​​(សុំទោសផង)។ នេះ​អាច​បណ្តាល​​មក​​ពី​​ស្រុកខ្មែរ​យើង​ ជា​ស្រុក​​សំបូរ​​​សម្បត្តិ​ធនធាន​ធម្មជាតិ​ពេក​ បាន​ជាធ្វើ​អោយ​​អារម្មណ៍​​​ខ្មែរ​​ ប្រែក្លាយ​​ពី​ឧស្សាហ៍​ មក​ជា​​ខ្ជិល​​​ លែង​​ចង់​មាន​​ចង់​បាន​បែប​​នេះ​ទៅ។

  21. ខ្ញុំសូមផ្ដល់់យោបល់់បន្តិចទៀត៖ គ្រប់់ប្រទេសជាតិនីមួយៗលើ
    លោកនេះត្រូវការសេដ្ឋកិច្ចជឿនលឿនដើម្បីកសាងប្រទេសជាតិ
    អោយរីកចំរើនគ្រប់់វិស័យ។ដូច្នេះព្រោះតែសេដ្ឋកិច្ចជាគ្រឹស្តសំខាន់់បំផុត
    ក្នុងការកសាងប្រទេសជាតិ យើងត្រូវការខំធ្វើការទំាងអស់់គ្នា ។ក្នុងប្រទេស
    មួយដែលក្រីក្រដូចប្រទេសខ្មែរ មិនទាន់់មានការងារគ្រប់់គ្រាន់់អោយ
    ប្រជាពលរដ្ឋធ្វើការបានគ្រប់់គ្នាបានទេ ។ប្រទេសដែលសំបូរការងារសុទ្ធតែ
    ជាប្រទេសមហាឧស្សាហកម្ម។ចំណែកប្រទេសខ្មែរដែលជាប្រទេសពឹង
    អាស្រ័យភាគច្រើនតែលើកសិកម្ម ពិតជាពុំមានការងារច្រើនគ្រប់់គ្រាន់់
    សំរាប់់ប្រជាពលរដ្ឋទំាងអស់់បានទេ។ប្រទេសទំាងឡាយដែលកបានក្លាយ
    ជាប្រទេសជឿនលឿនសុទ្ធសឹងមកពីប្រទេសទំាងនោះមានឧស្សាហកម្ម
    លូតលាស់់ខ្ពស់់ គឺមានការងារបរិបូរ ហើយអាចផលិតសំភារៈនិងទំនិញ
    បានលើសសេចក្ដីត្រូវការរបស់់ខ្លួន,នេះហើយដែលធ្វើអោយសេដ្ឋកិចដើរ
    ទៅមុខបាន។ឧទាហរណ៌៖បើយើងមានរោងចក្រផលិតស្រាប៊ៀសំរាប់់
    ប្រជាជនខ្មែរយើងខ្លួនឯងមិនទាន់់គ្រប់់គ្រាន់់ផង,តើយើងអាចនំាលក់់ចេញ
    ទៅក្រៅប្រទេសម្ដេចបាន?កំណើនសេដ្ឋកិច្ចគឺទាល់់តែអាចនំាចេញផលិតផល
    ទៅលក់់ក្រៅប្រទេសបាន​។បើប្រទេសខ្មែរសំបូរការងារផ្ដល់់ប្រាក់់ខែសមរម្យ,
    ជនជាតិខ្មែរនឹងមិនខ្ជិល ។បើធ្វើការគ្រាន់់តែមួយរស់់ នោះសេដ្ឋកិច្ចមិនអាច
    លូតលាស់់បានទេ។ឧ៖សព្វថ្ងៃនៅស្រុកខ្មែរ កម្មកររោងចក្រផលិតសំលៀកបំពាក់់
    គ្រូបង្រៀន ទាហាន ប៉ូលីសអ្នកលក់់ដូរតាមចិញ្ចើមថ្នល់់(លក់់ដូរកំប៉ិចកំប៉ុក)…
    .ខំធ្វើការដើម្បីត្រឹមមួយរស់់ប៉ុណ្ណោះ។អញ្ចឹងហើយបានជាពួកគេបានធ្វើការ
    ទាមទារដំឡើងប្រាក់់ខែតាមរយ់ៈសហជីពរបស់់ខ្លួន។
    ចំពោះការបារម្ភថាបង្កើតកូនច្រើនពិបាកចិញ្ចឹមនោះ គឺមកពីរដ្ឋក្រ គឺរដ្ឋមិន
    ជួយលើកទឹកចិត្តនិងឧបត្ថម្ភគ្រួសារដែលមានកូនច្រើន ទើបបានជាគ្រួសារ
    ជាច្រើនធ្វើការឃុំកំណើត។ការបង្កកំណើនប្រជាជនគឺនយោបាយរបស
    រដ្ឋាភិបាល មិនមែនជាប្រជាជនចេះតែបង្កើតកូនតាមតែចិត្តចង់់បាននោះទេ។
    ប្រទេសជប៉ុនចេញច្បាប់់អោយប្រជាពលរដ្ឋរបស់់គេរៀបការនិងមានកូនមុន
    អាយុ២៥ឆ្នំាក្នុងសម័យសង្រ្គាមលោកនោះមកពីសេដ្ឋកិច្ចរបស់់ប្រទេសគេ
    ជឿនលឿនរួចទៅហើយ។បើសេដ្ឋកិច្ចរបស់់ប្រទេសជប៉ុននាសម័យនោះ
    មិនទាន់់ជឿនលឿនផង តើជប៉ុនអាចចេញច្បាប់់ដូច្នេះបានទេ?នៅប្រទេស
    កាណាដា រដ្ឋជួយឧបត្ថម្ភគ្រប់់គ្រួសារដែលមានកូនហើយមានប្រាក់់ចំណូល
    ទាប(ក្រោម៤០ ០០០ដុល្លារក្នុងមួយឆ្នំា)។មិនតែប៉ុណ្ណោះ ចំពោះគ្រួសារណា
    ដែលមានកូនលើសពីរឡើងទៅនឹងទទួលប្រាក់់ឧបត្ធម្ភបន្ថែម ដូចជាបើមាន
    កូនទីបី នឹងទទួលប្រាក់់់បត្ថម្ភ៧០០០ដុល្លារជាដើម។ចពោះប្រជាជនខ្មែរ
    យើងដែលមានកូនច្រើន គួរតែទទួលប្រាក់់ឧបត្ថម្ភពីរដ្ឋាភិបាលដើម្បីចិញ្ចឹម
    កូនខ្មែរអោយបានរស់់មិនមានការលំបាក។បើរដ្ឋាភិបាលមិនយកចិត្តទុក
    ដាក់់រឿងហ្នឹងទេ គឺមិនលើកទឹកចិត្តដល់់ការបង្កើតកូនច្រើននោះទេ តើ
    ប្រទេសជាតិនឹងមានកំណើនប្រជាជនច្រើនម្ដេចបាន?ផ្ទុយទៅវិញបើចេះ
    តែបង្កអំពើពុករលួយ មិនគិតជួយអ្នកក្រីក្រ នោះប្រទេសជាតិនឹងមិនអាច
    ជឿនលឿនបានទេ។

    • សូមអរគុណលោក Sambatt ម្តងទៀត។ ចង់សើច… ខ្ញុំថា​បើ​​រដ្ឋមាន​គោលការណ៍​ ផលិត​កូនបាន​លុយ​​ដូចស្រុកគេ​បែបនេះ​ បងប្អូន​អ្នក​ស្រែ​ចំការ​យើង​ អស់​ទាស់​​ហើយ…ធានា​ថា​ ១០ឆ្នាំខាងមុខ​ប្រហែល​ប្រជាជន​នឹង​កើន​បានពី ២៥ ទៅ ៣០លាន​នាក់​​ហើយ…​(ហេហេ…​សុំទោស​​ខ្ញុំនិយាយ​លេងទេ)។

      ជាការពិត កំណើនប្រជាជន​គឺជាបន្ទុកដ៏ធ្ងន់​របស់​រដ្ឋ។ ដោយសារ​ខ្ញុំ​មិន​មែន​ជាសេដ្ឋវិទួ ឬអ្នកជំនាញ​ខាង​សេដ្ឋកិច្ច ហេតុនេះ​​ខ្ញុំ​មើល​ឃើញ​តាម​របៀប​រាក់ៗ​ មិន​ស៊ីជំរៅ ឬអាច​ថា​មានភាព​ស្រពិចស្រពិល​ក្នុង​រឿង​សេដ្ឋកិច្ច​ជាតិ​នេះតែ​ម្តង។ ខ្ញុំក៍យល់​ដែរថា​ ប្រទេស​ជឿន​លឿន​សុទ្ធ​សឹង​ជា​ប្រទេស​​ដែល​មាន​ឧស្សាហកម្ម​លូតលាស់់​​ខ្ពស់់ និង​មាន​ការងារ​បរិបូរណ៍…​ចុះ​ប្រទេស​សាំងកាពួរ អត់​មាន​ឧស្សាហកម្ម​ផង​(មានតែកំពង់ផែ​​បែបសេវាកម្ម​សោះ) ម៉េច​ក៍គេ​ជឿនលឿន​​ខ្លាំងម៉្លេះ? ខ្ញុំគិតថា ចាប់​ផ្តើម​ពី​កសិកម្ម​នេះ​ទៅ​ ប្រទេស​យើង​ក៍​នឹង​ក្លាយ​ទៅ​ជា​​ប្រទេស​ជឿនលឿន​មួយ​​នឹងគេ​បាន​ដែរ… សំខាន់​គឺ​ធនធាន​មនុស្ស​ ដែល​ចាប់​ផ្តើម​ចេញ​ដំណើរ​ដោយ​ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​នេះ​សិន ទើប​យើង​នឹង​លែង​​ប្រព្រឹត្តិ​ខុស​ទៀត..!!​ ចំណុច​ពិសេស​មួយទៀត​ នោះ​គឺ​ទីតាំង​ភូមិសាស្រ្ត​របស់​ស្រុកខ្មែរ​យើង ដែល​មិនដែល​​ជួបប្រទះ​​នូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធំៗ​ ដូចជា​រលកយក្ស រញ្ជួយដី និង​បំផ្ទុះភ្នំភ្លើង ដែលនេះ​គឺជា​មោទនភាព​ធំណាស់​សំរាប់​យើង​គ្រប់ៗ​គ្នា បាន​កើត​មក​​ជាជាតិ​ខ្មែរ..!! …គឺជា​ប្រទេស​ដែល​ផ្តល់​អំណោយ​ផល​លើ​វិស័យ​កសិកម្ម ហើយ​ខ្ញុំជឿ​ជាក់​ថា​ តទៅ​ថ្ងៃមុខ ពិភពលោក​នឹង​ទទួល​ស្គាល់​ដំណាំ​ស្រូវ ពោត សណ្តែក… គឺជាមាស..!! ហេតុនេះ ប្រទេស​​មាន​កសិកម្ម​ គឺប្រៀប​ដូច​ជា​ប្រទេសដែល​មាន​ធនធាន​ប្រេង​(មាសខ្មៅ)​​នាពេល​បច្ចុប្បន្ននេះអីចឹង។

      ចំណុចមួយទៀត​ ដែលបច្ចុប្បន្ន​​​ខ្ញុំ​សង្កេត​ឃើញ​ថ្មីៗនេះគឺ ​ប្រទេស​​ជឿន​លឿន​​មួយ​​ចំនួន​​​នៅ​ទ្វីប​អឺរ៉ុប កំពុងតែ​ជួប​ប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​​​ធ្ងន់ធ្ងរ សឹង​តែថា​​ប្រទេស​ក្នុង​ទ្វី​បអឺរុប​ទាំងមូល​នាំគ្នា​ជួយ​លែងបាន​​ទៅ​ហើយ។ ​ប្រទេស​ទាំងនោះ​ បាន​​ពឹងផ្អែក​ទាំង​ស្រុង​លើ​វិស័យ​ឧស្សាហកម្ម​ធន់​ធ្ងន់​និង​ស្រាយ។ ក៍​ប៉ុន្តែ​ បើ​ពិនិត្យ​ថយក្រោយ​ឆ្ងាយ​បន្តិចទៅ​ គឺ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មួយ​ចំនួន​ធំ ដែល​ក្លាយ​ជា​ប្រទេស​មហាអំណាច ឬ​ក្លាយ​ជា​ប្រទេស​អ្នកមាន​​​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​ដោយ​សារតែ​ដើរ​វ៉ៃ​ទន្រ្ទាន​ឈ្លានពាន​ប្រទេសនានា ព្រមទាំង​យក​ប្រទេស​ទាំងនោះ​ មក​ដាក់​ជា​អាណានិគម ព្រមទាំង​ប្រមូល​ទ្រព្យសម្បត្តិ​ និង​ធនធាន​របស់​គេ​ យកមក​កសាង​ប្រទេស​​របស់​ខ្លួន។ ឥឡូវ​អំពើ​បែប​នេះ​ គឺ​លែង​ទៅ​រួចហើយ ហើយវិបត្តិ​ខ្វះស្បៀង​អាហារ​សំរាប់​ប្រទេស​ទាំង​នោះ​​ នឹង​ចោទ​ឡើង​ធ្ងន់ធ្ងរ​ជា​មិនខាន។ ​​

      សុំទោស​ អាចចាកឆ្ងាយ​ពី​ប្រធាន​បទ​នេះ​បន្តិច ក៍​ប៉ុន្តែ​ នេះ​គឺ​ជា​​វិបត្តិ​របស់ពិភពលោក ដែល​វា​នឹងជះឥទ្ធិពល​(តិចឬច្រើន) មកលើ​ប្រទេស​កម្ពុជា​យើង​ហើយ។ ខ្ញុំយល់ថា ភាពឈ្លាសវៃ​នៃ​​ការដឹកនាំ នឹង​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ការ​ឆក់​យក​ឳកាស​នៃ​វិបត្តិ​ និង​ភាពច្របូក​ច្របល់ ដើម្បី​ធ្វើអោយ​ប្រទេស​មានការ​រីកចំរើនជឿនលឿន ព្រមទាំង​បញ្ជៀសបាន​នូវ​គ្រោះ​មហន្តរាយ​សំរាប់​ជាតិ​យើង​ទាំងមូល​តែម្តង..!!​​

      • ចឹងមែនហើយ ប្រទេសមហាអណាច មានសេដ្ឋកិច្ចរីកចំរើនខ្លំាង ក៏ដោយ
        អំពើលួចប្លន់់ ដែលយកសង្រ្គាមជាលេសនោះឯង។ឯចំណែកអ្នកមាន ជួនកាលក៏មិនមែនដោយសារតែខ្លួន រកស៊ីត្រឹមត្រូវនោះដែរ។ឯអ្នកមានខ្លះក៏
        មកពីខ្លួន មានសំណាងដែរ។

    • ហេហេ…​ជាការ​ត្រឹម​ត្រូវ​ណាស់​លោក Sambatt ។ ប្រទេស​ដែល​តាំង​ខ្លួន​ថា​ ជា​មហាអំណាច​របស់​ពិភពលោក បាន​ប្រើ​លេស​សង្រ្គាម​ដើម្បី​រំដោះ​ប្រទេស​ពី​​ជន​​ផ្តាច់ការ​។ ខ្ញុំ​មិន​មែន​កាន់​ជើង​ពួក​មេ​ដឹក​នាំ​​ផ្តាច់ការ​ក្នុង​ពិពភលោក​ទាំងនោះទេ។​ តែនេះ​ខ្ញុំ​យល់ថា គឺជាស្ទីល​វ៉ៃ​ទន្រ្ទាន​ប្រទេស​នានា​ដែល​មាន​ធនធាន​ធម្មជាតិ ដើម្បី​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ពី​ប្រទេស​គេ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ក្នុង​ប្រទេស​របស់​ខ្លួន​ទៀត​​ហើយ។ ព្រោះប្រទេស​មហា​អំណាច​ទាំងនោះ ​​បាន​ស្រក់​ទឹក​មាត់​នឹង​មាស​ខ្មៅ​​ នៅ​ក្នុង​​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ពិភពអារ៉ាប់​(បន្ទាប់​មក​ប្រហែល​ជា​ឆ្លង​ទៅ​ដល់​ទ្វីបអាហ្វ្រិកហើយ) ហើយ​អ្នក​ដែល​ទទួល​រង​គ្រោះ​មុន​គេ​គឺ សាដាម ហ៊ូសេន​ នៃប្រទេស​អ៊ីរ៉ាក់ និងថ្មីៗ​នេះ​​ ហ្គាដាហ្វី នៃប្រទេស​លីប៊ី ព្រម​ទាំង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​មួយ​ចំនួន​ទៀត​។ តើទៅ​អនាគត​ ប្រទេស​ដែល​តាំង​ខ្លួន​ជា​ប្រទេស​​មហា​អំណាច​របស់​ពិភពលោក​​យើង​នេះ នឹង​នាំគ្នា​ទៅ ​”​ព័ទ្ធស៊ី” ប្រទេស​ណាទៀត?

      ខ្ញុំ​គិតថា ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិដូចកម្ពុជា​យើង​នេះ​ គឺងាយ​នឹង​រង​គ្រោះ​ក្នុង​ល្បែង​នេះ​ណាស់។ ឬមួយក៍​លោក Sambatt ជឿលើព្រេង​សំណាង​ដែរ? ហាសហាៗៗៗៗ… អរគុណបាទ។

  22. ដូចជាមានសារច្រើនណាស់ដែរ មិនទាន់មានយោបល់ទេ រវលតិច គ្រាន់តែចង់ប្រាប់ថា នៅប៉ុសខ្ញុំមាន សៀវភៅកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីអំពីបញ្ហាកម្ពុជា នាថ្ងៃទី ២៣ តុលា ១៩៩១ ឥឡូវនេះគម្រប់ ២០ ឆ្នាំហើយ ២៣ តុលា ២០១១ ។ សូមចូលមើលនៅប៉ុស

    http://khm4education.wordpress.com

    សូមអរគុណ !

  23. ខ្ញុំ​បានអាន​ប្រកាស​របស់​​លោក​រួចហើយ និង​សូមអរគុណ​ច្រើន។

  24. មក​ពី​ស្រុក​ខ្មែរ​យើង​រស់​នៅ​ស្រួល​ពេក ទាំង​ធម្មជាតិ នឹង​ច្បាប់​សង្គម។ បណ្ដាល​អោយ​ខ្មែរ​យើង​ខ្ជិល​ទាំង​ធ្វើការ ខ្ជិល​ទាំង​រៀន ខ្ជិល​ទាំង​ធ្វើ​អ្វីៗ​ផ្សេង​ទៀត។ តែ​ថា​មក​ពី​ ខន្តី​ មិន​មែន​ទេ​ ការ​ពិតគឺ​​ខ្ជិល មិន​ក្លាហាន ហើយ​យក​លេះ​ខន្ទីមក​បាំង​ពីមុខ​ធ្វើ​អ្នក​រាល់​គ្នា យល​ច្រឡំ​លើ​ពាក្យ ខន្តី។

  25. ខន្តី? ខ្ញុំ​ថា​ «យករួចខ្លួន» ឬ «មិនម៉ែអញ» ត្រូវជាង!

  26. ហាសហា… ឯកភាព​តាម​លោក ក្មេង​ស្រែ ទៅចុះ…

  27. Pingback: ខ្មែរ​យើង​​បាន​ចុះ​​​អាប់​អោន​​បីដង នៅក្នុង​​ប្រវត្តិសាស្រ្ត​របស់​​ខ្លួន..!! | ស្រុកស្រែ

  28. តាមរយៈការសិក្សា ការអាន ការស្តាប់រឿងប្រវត្តសាស្រ្ត ខ្ញុំអាចនិយាយថាភាពទន់ខ្សោយរបស់យើងគឺ “ភាពមិនអាចរួមគ្នាជាសំលេងតែមួយ” ឫខ្ញុំអាចនិយាយថា “ភាពមិនអាចរួមគ្នាជាសំលេងតែមួយ” មកពីខ្មែរយើងមានជំងឺមួយ គឺអំណាច។ ទោះបីប្រទេសកំពុងធ្លាក់ក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏មេដឹកនាំខ្មែរ មិនអាចរួមគ្នាជាសំលេងតែមួយបានទេ បង សំលាប់ប្អូន ប្អូនសំលាប់បង ក្មួយសំលាប់មា ដើម្បីដណ្តើមរាជ រត់ទៅពឹងអ្នកនេះ អ្នកនោះ អស់អី អស់ទៅអោយតែបានអំណាច។

    • បាទ, ត្រូវ​ហើយ… អរគុណ​ Sothea… «ភាព​មិន​អាច​រួម​គ្នា​​ជា​សំឡេង​តែ​មួយ​បាន» គឺ​កត្តា​សាមគ្គីភាព!… កត្តា​សាមគ្គី​ភាព ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​​ គឺ​មិន​​​អាចកើត​​មាន​​បាន​ទេ ប្រសិន​​បើ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ចិត្ត​លោភលន់!… ចិត្តលោភ​លន់​នេះ មាន​ច្រើ​នម៉ូត ច្រើន​ធឺ ដូចជា លោភនឹង​អំណាច! លោភ​នឹង​យសសក្តិ! លោភ​នឹង​ទ្រព្យ​សម្បត្តិ!… ហើយ​ជនជាតិ​យើង គេច​មិន​ផុត​ពី​លោភ​មួយ ក្នុង​ចំណោម​លោភ​ទាំង​បី​នេះ​… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s