ហេតុអ្វី​បានជា​និស្សិតខ្មែរ មិន​ចូល​ចិត្ត​​រៀន​មុខ​ជំនាញ​កសិកម្ម?


សំណួរ​នេះ ខ្ញុំ​ឆ្ងល់​យូរហើយ… ព្រោះថា កម្ពុជា​ជាប្រទេស​កសិកម្ម តែ​ធនធាន​មនុស្ស​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ គឺមិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​តំរូវ​ការ​​​នៃ​វិស័យ​កសិកម្ម​នេះ​បាន​ទេ។

កន្លងមក​ មាន​និស្សិត​របស់​យើង​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​កសិកម្ម​​ច្រើន​ដែរ តែ​ម្នាក់ៗ​ទង្គិច​ក្បាល​គ្នា​​​ចង់​រៀន​តែ​ខាង​​ជំនាញ​មេព្រៃ(ឈើ) និង​ជំនាញ​ជលផល​(ត្រី)..??..!!… ដល់​មុខ​ជំនាញទូទៅ​ផ្សេងៗ​ទៀត​ ដូចជា​ខាង​ដំណាំ​ស្រូវ កៅស៊ូ ពោត សណ្តែក ដំឡូង ក្រូច…​។ល។​និង។ល។ គឺ​និស្សិត​ខ្មែរ​យើង​មិន​មាន​ចំណូល​ចិត្តទេ។

តាម​ខ្ញុំ​យល់ បើនាំគ្នា​បន្ទោស​ទៅ​លើ​និស្សិត​​ខ្មែរ​យើង​ក៍​មិន​ត្រូវ​ដែរ ព្រោះ​ការ​សិក្សា​មុខ​ជំនាញ​ បច្ចេកទេស វិជ្ជាជីវៈ​​នាពេល​បច្ចុប្បន្ន គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ទីផ្សារ​ការ​ងារ​តែ​ប៉ុណ្ណោះ​។ ក៍ប៉ុន្តែ ការងារខ្លះ ​គឺ​មិន​ទាក់​ទង​ទៅ​នឹង​មុខ​ជំនាញ​ទេ តែ​អោយ​តែ​​រក​ចំណូល​​ក្រៅ​បាន​ គឺ​ប្រាកដ​ជា​នឹង​ទាក់​ទាញ​ទឹក​ចិត្ត​និស្សិត​ខ្មែរ​យើង​​អោយ​ប្រជែង​ដណ្តើម​ការងារ​​គ្នា​ធ្វើ​ហើយ​។ ឧទាហរណ៍​ជាក់​ស្តែង​មួយ គឺ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ  បាន​ប្រឡង​ជ្រើស​រើស​ក្របខ័ណ្ឌ​បុគ្គលិក​ពន្ធដារ​ចំនួន ៣០០នាក់​។​ តែ​បេក្ខជន​ដែល​ចូល​មក​ដាក់​ពាក្យ​ប្រឡង​​មាន​ចំនួន​ជាង​មួយម៉ឺន​នាក់ ដែល​ក្នុង​នោះ​​មាន​ទាំង​និស្សិត​​បញ្ចប់​ថ្នាក់​​វេជ្ជបណ្ឌិត​​​​ ខាង​វិស័យ​សុខាភិបាល​ផង​ដែរ។ តើ​នេះ​មាន​ន័យ​ថា​យ៉ាង​ម៉េច បើសូម្បី​តែ​ដុកទ័រ ក៍​ចង់​មក​ធ្វើ​ការ​​ជា​បុគ្កលិក​ពន្ធដារ​ដែរ​នោះ?

ហេតុនេះ ប្រសិន​បើ​ចង់​អោយ​និស្សិត​ខ្មែរ​យើង​មាន​ចំណាប់​អារម្មណ៍ ​ងាក​មក​រៀន​សូត្រ​ខាង​មុខ​ជំនាញ​កសិកម្ម​ទូទៅ​វិញ​នោះ គឺ​ជា​ការ​លំបាក​ណាស់។ ក៍ប៉ុន្តែ​ ប្រសិន​បើ​​រដ្ឋ​យើង​ធ្វើ​ទំនើបកម្ម​​លើ​វិស័យ​កសិកម្ម ពីដំណាំ​​កសិកម្ម​ធម្មតា ​អោយ​ទៅ​ជា​ដំណាំ​កសិឧស្សាហកម្មវិញ នោះ​ទើប​អាច​ឈាន​ទៅ​រក​​​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​និស្សិត​ខ្មែរ​យើង​បាន។ ពេល​នោះ​តំរូវ​ការ​ធនធាន​មនុស្សលើ​វិស័យ​កសិកម្ម​​​ នឹង​ផ្តល់​នូវ​តំលៃ​ខ្ពស់​ ចំពោះ​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​​ជាមិន​ខាន។

ក៍ប៉ុន្តែ​ បញ្ហា​នៅ​តែធ្ងន់​ពាប់​នៅឡើយ ព្រោះថា​ ការ​ធ្វើ​ទំនើបកម្ម​លើ​​វិស័យ​​កសិកម្ម​នេះ ​គឺ​ពឹងផ្អែក​ទៅ​លើ​​គោល​នយោបាយ​ដី​ធ្លី… ចុះ​បើ​​វិបត្តិ​ដីធ្លី​​កំពុង​តែ​ចោទ​ឡើង​ស្ទើរ​តែ​គ្រប់​កន្លែង​​​ទៅហើយ​នោះ​ តើ​អោយ​និស្សិត​របស់​យើង​មាន​ទឹកចិត្ត​អី​ នឹង​ទៅ​រៀន​មុខជំនាញ​ខាង​កសិកម្ម​​ធ្វើ​ស្រែ​ចំការ​នោះ?

ស្រុកស្រែ

Advertisements

12 responses to “ហេតុអ្វី​បានជា​និស្សិតខ្មែរ មិន​ចូល​ចិត្ត​​រៀន​មុខ​ជំនាញ​កសិកម្ម?

  1. អាកិច្ចការទាំងអស់ហ្នឹង ខ្លាចស្រេចលើ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទេឬអី ? ឬក៏សម្តេចតេជោទេ ជាអ្នកសម្រេចនោះ ? ម៉េចបានបន្ទោសទៅលើសិស្សនោះ ? បើចឹងមែន ច្បាស់ជា ម្តងរត់ទៅខាងនេះ ម្តងរត់ទៅខាងនោះ រត់ចុះរត់ឡើង ធ្លាក់ទឹកប្រូងហើយ ទឹកកំពុងតែឡើងផង ! មិនថាអញ្ចឹង ?

    • ​តាម​ខ្ញុំ​យល់ ការ​និយម​ជ្រើស​រើស​ការ​ងារ​កន្លែង​ខ្លាញ់​ គឺមិនមែន​អាស្រ័យ​ទាំងស្រុង​ទៅលើ​រដ្ឋមន្រ្តី​ក្រសួង​ណាមួយ ឬ​ក៍​សម្តេច​តេជោ​ទេ លោក Lovepeehs05 ។ តែ​នេះ​ហាក់​ដូចជា​ផ្នត់​គំនិត​​ខ្មែរ​យើង​ទូទៅ ទៅ​ហើយ ព្រោះ​ថា នៅ​ពេល​ដែល​មិត្តភក្តិ​ជួបគ្នា​ម្តងៗ ពួក​គេ​តែង​សួរ​គ្នា​ថា តើ​នៅ​កន្លែង​ហ្នុង​រក​ក្រៅ​បាន​អត់? គឺ​ហាក់​ដូច​ជា​រំលឹក​ដាស់​តឿន​គ្នា អោយ​ពុក​រលួយ និង​លួចជាតិ​តែ​ម្តង។ ហេតុនេះ​ហើយ​បាន​ជា​ពួក​និស្សិត​យើង​ តែង​តែ​ស្វះ​ស្វែង​រក​ការងារ​កន្លែង​ខ្លាញ់ ដូចជា​គយ ពន្ធដារ កាំកុងត្រូល នាយកដ្ឋាន​ប៉ាស្ព័រ​ជាដើម…​គឺ​ក្នុង​ន័យ​កុំអោយ​បាក់​មុខ​ ខ្មាស់គេ​ដោយ​សារ​ខ្លួន​រក​ក្រៅ​អត់​បាន​…។​

      • និយាយចុះនិយាយឡើង លោកស្រុកស្រែនៅតែកាន់ជើង រដ្ឋមន្ត្រីនិងសម្តេចតេជោឬរដ្ឋាភិបាលអាដែល ! រឿងទាំងអស់ហ្នឹង ខ្លាចមកពីរដ្ឋាភិបាលអ្នករៀបចំ អោយវាទៅជាអញ្ចឹង ? ទើបបានអ្នករកការងារ ទាំងអស់គិតយ៉ាងដូច្នោះ ! ហើយបន្ទោសផ្នត់សង្គមទៅវិញ ខ្ញុំដូចជាមិនយល់ស្របទេ ! រឿងអីគេចផុត ពីអ្នកដឹកនាំ ទាំងនោះ ?

    • ខ្ញុំអត់​បាន​កាន់ជើងរដ្ឋមន្ត្រី និងសម្តេចតេជោ ឬរដ្ឋាភិបាលអីទេ… តែខ្ញុំ​គិត​លេងៗ​​មើល​ទៅ​ ឃើញ​ហាក់ដូចជាបុគ្គល​គ្រប់ៗ​រូប ​​តែង​តែ​ស្រម័យ​ចង់​ធ្វើ​តែ​ការ​ងារ​ណា​​​ដែល​នៅ​ចំ​​កន្លែង​ខ្លាញ់ កន្លែង​រកបាន… ដែលសឹង​តែ​ក្លាយ​ទៅ​ជា​ផ្នត់​គំនិត​​ក្នុង​សង្គម​យើង​ទៅ​ហើយ។ ម្យ៉ាង​ទៀត បើ​បុគ្គល​ណា​ធ្វើ​ការងារ​ចំ​កន្លែង​រក​ក្រៅ​បាន​ហើយ តែ​ “មិនឆ្លាត” មិន​ចេះ​រក​លុយ នោះ​នឹង​ត្រូវ​បាន​មិត្តភក្តិ​ សាច់​ញាតិ​បង្អាប់​រិះគន់​ថា “​អានេះ​ឡេនីន​ចំ​ហើយ..!!..”​ លោក Lovepeehs05 ដែលឮសូរ​អត់​ពាក្យ​នេះ?

      • អ្នកណាមិនចង់បានលុយ ? តែលុយត្រូវបានមកដោយស្របច្បាប់ មិនមែនកេញប្រវ័ញ បោកប្រាស សំណូកសូកប៉ាន់នោះទេ ! តើច្បាប់អី នៅក្នុងពិភពលោកនេះ ? ប្រទេសសេរី គេមិនសេរីចឹងទេ ! ប្រទេសកម្មុយនិស ក៏មិនមែនចឹងដែរ ! ចឹងរបបហ្នឹងត្រូវតែមានការផ្លាស់ប្តូរ ទើបបាន ! បើទុកនៅច្បាស់ជាអស់ព្រទ្យសម្បត្តិជាតិខ្មែរហើយ ! មិនថាអញ្ចឹង ?

    • ហេហេ… លោក​ Lovepeehs05 ពេល​នេះ​ខ្ញុំ​ស្អក ក ណាស់ និយាយ​អត់​ចេញ​ទេ… ហិហិហិៗៗៗ…

  2. តាម​ខ្ញុំ​យល់​ មក​ពី​កសិដ្ឋាន​នៅ​ស្រុក​យើង​ ពុំ​ដែល​ជ្រើស​រើស​បុគ្គលិកអី​ច្រើន​ទេ​ គឺ​ច្រើន​តែ​យក​បង​ប្អូន​ទៅ​ធ្វើ​ចំការ​ដាំ​ដុះ​អី​ចឹង​។ ដូច​នេះ​បើ​និស្សិត​រៀន​ខាង​នឹង​ ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ​ ទាល់​តែ​ដើម​ខ្លួន​ឯង​។

    • តែ​ខ្ញុំ​គិត​អញ្ចេះវិញ​ណា​ ឡាវ័ន… គឺ​ប្រសិន​បើ​និស្សិត​យើង​មាន​ជំនាញ​កសិកម្ម​ខាង​ដំណាំគ្រប់​ប្រភេទ (ក្សេត្រសាស្រ្ត) ច្បាស់​លាស់នោះ​ គឺ​មិន​ខ្វះ​ការងារ​ធ្វើ​ទេ។ ជាក់ស្តែង​ឥឡូវ​នេះ​ កសិករ​យើង​កំពុង​ពេញ​និយម​ដាំដំឡូង​មី… ចង់​សួរ​ថា តើ​ធនធាន​មនុស្ស​ដែល​ចេញ​ពី​វិទ្យាល័យ​កសិកម្ម​ និង​មាន​ជំនាញ​ខាង​ដំណាំ​ដំឡូង​មី មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ? ការពិត​ជាក់​ស្តែង​យ៉ាង​ណា​នោះ​ គឺ​គ្មាន​នរណា​ដឹង​ច្បាស់​នោះ​ទេ។ តែបច្ចេកទេស​នៃ​ការ​ដាំដំណាំ​ដំឡូង​មី​បច្ចុប្បន្ន គឺ​ដឹង​តាម​រយៈ​ការ​ប្រាប់​តៗ​គ្នា ឬ​តាម​រយៈ​អង្គការ​ផលិត​ជីសេរីរាង្គ (EM)​ ដែល​បាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​តែ​ប៉ុណ្ណោះ​។

  3. ព្រោះ​តែ​នៅ​តែ​ធ្វើ​ស្រែពឹង​មេឃ ណឹង​បាន​អ៊ីចឹង !​ ម្នាក់ៗ មក​រៀន ដេក​បើក​កង្ហារ​ ម៉ាស៊ីនត្រជាក់ ដល់​ឲ្យ​ទៅ​ធ្វើ​ស្រែ​ហាល​ថ្ងៃ ដូច​មិនចង់​ទេ

    • ហេហេ…​ ហេតុនេះ​ហើយ​បាន​ជាយុវវ័យ​យើង​​ចូល​ចិត្ត​ក្លាយ​ទៅ​ជា តារា… តារាមាន​ច្រើនធឺ ដូចជា តារាចំរៀង តារាពិធីករ តារាសំដែង តារាទូរស័ព្ទ តារាហ្វេសប៊ុក…។ល។និង។ល។…

  4. តាមខ្ញុំ ប្រហែល​ជាបណ្តាល​មកពី​មូល​ហេតុដូចជា ៖
    ១. កសិកម្មទាមទារដើមទន់ខ្ពស់ដូចជា​ដី​ធ្លី​ និងមន្ទីរពិសោធន៍ជា​ដើម ។
    ២. និស្សិតភាគច្រើន​មិន​យល់​អំពី​ផ្នែក​កសិកម្ម ដែល​មិន​មែន​គ្រាន់តែរៀន​ដាំ​ដំណាំទេ ។
    ៣. គំលាតនៃ​ការ​អភិវឌ្ឍន៍​រវាង​ទីជន​បទ និងទីក្រុង​មាន​ភាព​ខុស​គ្នា​ខ្លាំង ដែល​ជា​ហេតុ​នាំ​អោយ​មនុស្ស​មិន​ចង់​រស់​នៅ​ទី​ជន​បទ ។
    ៤. មាន​អ្នក​ខ្លះ​ស្អប់​ខ្ពើម​អ្នក​ស្រែ​ចំការ ។
    ៥. ពន្ធ​អាករថ្លៃ ឬ​មិន​មាន​ការ​សហការណ៍​ពី​ថ្នាក់​ដឹង​នាំ​ដើម្បី​សំរួ​លដំណើរការ​ការ​ងារ ។

  5. អរគុណ សខ្មៅ ។ ខ្ញុំក៍​ឯកភាព​តាម​ការ​រៀបរាប់​របស់​លោក​(លោកស្រី?) ​ដែរ។ ​សុំទោស​ផង ដោយ​សារ​ខ្ញុំមិន​មែន​មាន​ជំនាញ​អី​ខាង​កសិកម្ម​ ឬ​ខាង​សេដ្ឋកិច្ច​អី​ទេ។ តែ​តាម​ខ្ញុំ​យល់ បើ​ចង់​អោយ​កសិកម្ម​ខ្មែរ​ងើប​ចេញ​ផុត​ពី​កសិកម្ម​អន់ថយ​ ទៅ​ជា​កសិកម្ម​ជឿន​លឿន​ទៅ​បាន​ គឺទាល់​តែ​មាន​កែ​ទំរង់​​ប្រព័ន្ធ​គោល​នយោបាយ​​ជាតិ ​ជា​អាទិភាព​ច្បាស់​លាស់​​មួយ ទាំងធនធាន​មនុស្ស ទាំងច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រើប្រាស់​ដី​ធ្លី​កសិកម្ម ទាំង​គោលនយោបាយ​ស្តីពី​តំលៃ​និង​ទី​ផ្សារ​កសិកផល ជា​ពិសេស​ គឺ​ច្បាប់​វិនិយោគ​លើ​​ផលិតផល​កសិកម្ម​កែច្នៃ​សំរាប់​នាំ​ចេញ​ជា​ដើម…។ ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s