កំណត់ត្រា៖ យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមណ្ឌលគិរី…


នៅវេលាម៉ោង ៥ល្ងាច ខ្ញុំទៅដល់​ខេត្តមណ្ឌលគិរី ទាំង​អារម្មណ៍​រីករាយ និង​ស្រងេះ​ស្រងោច។ គិត​មក​ទល់​នឹង​ពេល​នេះ គឺជិត​ ៣ឆ្នាំហើយ ដែល​ខ្ញុំ​បាន​មក​ដល់​ទីនេះ​ម្តង​ទៀត។ កាលណោះ ខ្ញុំ​បាន​នាំ​ភរិយា​ខ្ញុំ មក​សំរាក​ក្នុង​​រដូវ​បុណ្យ​​ណូអែល នៅ​ចុង​ខែធ្នូ ឆ្នាំ២០០៩។

ដោយសារខ្ញុំ​បាត់​លេខ​ទូរស័ព្ទ​​ផ្ទះសំណាក់​ស៊ុមឌី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់​មុខ​ទីបញ្ជាការ​​កងរាជ​អាវុធហត្ថ​ខេត្ត ហេតុនេះ ខ្ញុំមិន​បាន​កក់​បន្ទប់​សំរាប់​ស្នាក់នៅ​តាម​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​​ក្នុង​យប់​នេះ​ទេ។ អារម្មណ៍​ខ្ញុំចេះ​តែ​នឹក​​បារម្មណ៍​ព្រួចៗ​ថា សង្ស័យ​តែអត់​មាន​បន្ទប់​​ស្នាក់នៅ​ទេ។ មានអី… ក្តី​បារម្មណ៍​នោះ​បាន​​កើត​មាន​ឡើង​ពិតមែន។ ភ្ញៀវ​ទាំងឡាយ​​ដែល​មិន​បាន​កក់​បន្ទប់​ស្នាក់នៅ​​ តាំង​ពី​មួយខែ​មុន គឺ​ទាំងគេ ទាំងខ្ញុំ បាន​ត្រឹម​តែ​មើល​មុខ​គ្នា​​ឡឹងឡង់ៗ នៅ​ជិត​រង្វង់មូល​គោព្រៃ ដោយ​មិន​ដឹង​ថា តើត្រូវ​​ទៅ​រក​​កន្លែង​​ស្នាក់នៅ​ឯណា​​ក្នុង​យប់​នេះ?

ម៉ោងជិត ៨យប់ទៅហើយ ទើបកងកំលាំងរបស់ខ្ញុំ បាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហប​មក​ប្រាប់​ខ្ញុំ​ថា៖

  • រកផ្ទះសំរាប់​ស្នាក់នៅបានហើយបង!
  • នៅដល់ណាទៅ? (ខ្ញុំសួរ)
  • នៅខាងក្រោយផ្ទះសំណាក់ពេជ្រចិន្តា…
  • គេយកថ្លៃប៉ុន្មានទៅ? (ខ្ញុំសួរទៀត)
  • នៅសល់លើក្តារងឿ តែបួនម៉ឺនរៀលទេ..!!  ឯលើពូក គេយក​អស់​ហើយ…
  • អីចឹងផ្ទះនោះ មិនមែនមានតែខ្ញុំទេ? (ខ្ញុំអរ នឹកឃើញ​មាន​គ្នា​កំដរ​ហើយ)
  • បងគឺជាភ្ញៀវទី៤ សំរាប់ផ្ទះនោះ..
  • អរគុណហើយ… នាំខ្ញុំទៅអីចឹង…

ហេហេ… ខ្ញុំហៅថាកងកំលាំងរបស់ខ្ញុំនេះ គឺជាក្រុមអ្នករត់ម៉ូតូឌុប ដែល​ខ្ញុំ​បាន​ពឹង​ពាក់​ចំនួន​បីនាក់ ដើម្បី​រក​កន្លែង​ស្នាក់នៅ​អោយ​ខ្ញុំ​​ក្នុង​​យប់​​ទាល់​ច្រក​បែប​នេះ។ បើ​យើង​មិន​ស្គាល់​កន្លុក​គន្លៀត​ទេ គឺ​មាន​តែ​ពឹង​ក្រុម​ម៉ូតូឌុប​អោយ​ជួយ​រក​អោយ​ ហើយ​អោយ​កំរៃ​គ្នា​ចាយ​ខ្លះ​​ទៅ។ នេះគឺ​ជា​បទពិសោធន៍​ ដែល​ខ្ញុំ​ធ្លាប់​បាន​​ប្រើប្រាស់​ញឹក​ញាប់​ណាស់ នៅ​ក្នុង​ដំណើរ​តាម​ខេត្ត​ដែល​គ្មាន​ការ​ព្រាង​ទុក​បែប​នេះ។

នោះគឺជាផ្ទះឈើខ្ពស់ផុតពីដី សង់ដាច់តែឯង… ទិដ្ឋភាព​មនុស្សម្នា​ក្នុង​ផ្ទះ​ហាក់​ដូច​ជា​មហា​គ្រួសារ​មួយ​យ៉ាងធំ។ ខ្ញុំនិង​ភរិយាខ្ញុំ ត្រូវ​បាន​ម៉ៅ​ផ្តាច់​ក្តារងឿ​ធ្វើពី​ឈើ​បេង​រលោង​ស្រិល​ទទឹង ១,៨ម បណ្តោយ ២,៦ម គឺជា​ក្តារបេង​ពីរ​សន្លឹក​ក្រាស​ឃ្មឹក ដែល​ខ្ញុំ​មិន​ធ្លាប់​​ដែល​បានដេក​សោះ​ពីមុនៗមក…។ គ្រែ​ក្តារងឿ​នេះ​ ស្ថិត​នៅ​កាច់​ជ្រុង​​ម្ខាងនៃ​បន្ទប់​ធំរួម​ក្នុង​ផ្ទះ​ឈើ​នេះ។ គិតៗទៅ ហេងវិញ! អត់បាន​ដេកពូក បែរជា​បាន​ដេក​លើ​ក្តារងឿ!

ដោយឃើញ​​ល្ហរល្ហេវពេក មានភរិយានៃគ្រួសារមួយ​ដែល​មាន​កូនស្រី​ម្នាក់​មក​ពី​ភ្នំពេញ​ដែរ គាត់​បាន​ដេញ​​ប្តីគាត់​​អោយ​​មក​សំរាន្ត​លើ​គ្រែ​ក្តារងឿ​​ជាមួយ​ខ្ញុំ ហើយ​អោយ​​ភរិយាខ្ញុំ យក​អីវ៉ាន់​​និង​សំភារៈ​​របស់​ខ្ញុំ ទៅ​សំរាន្ត​ក្នុង​​បន្ទប់​​ជា​មួយ​គាត់​ ​និង​កូនស្រី​គាត់​វិញ។

ចាប់ពីពាក់កណ្តាលអា​ធ្រាត្រទៅ អាកាសធាតុចាប់ផ្តើម​ត្រជាក់​ទៅៗ ធ្វើអោយ​ប្រុសៗ រួញ​គ្រប់​កន្លែង..!! សំលេង​ចាក់​ធុង​បាស់រាំ​នៅ​ជិត​រង្វង់មូល​គោព្រៃ នៅ​ឮសូរ​ក្ឌុងក្ឌាំង មិន​ទាន់​ចប់​នៅ​ឡើយ… ណាមួយ​ត្រូវ​បាន​រំខាន​ដោយ​សត្វឆ្មា វា​ស្រែក​រំខាន​យ៉ាង​ទៀង​ទាត់ ១ម៉ោងម្តងៗ… ធ្វើអោយ​ខ្ញុំ​ដេក​អត់​លក់​សោះ… ហើយ​នៅ​ម៉ោង​ជិត​ ៥ភ្លឺ ខ្ញុំក៍​ក្រោក​​ឡើង​ហាត់​ប្រាណ ធ្វើ​ចលនា​កំដៅ​​សាច់ដុំ​ ដើម្បី​បំបាត់​ភាព​រងារ​ផង។

នេះជាយប់ទី១ របស់ខ្ញុំក្នុងខេត្តមណ្ឌលគិរី… ព្រឹកនេះ ខ្ញុំមិន​ទៅ​ជ្រោះប៊ូស្រា​ទេ គឺខ្ញុំ​ចង់​ទៅ​បង្ហួស​ដល់​​ស្រុកកោះញែក ដែល​មាន​ចំងាយ​ប្រមាណ ១០០គីឡូម៉ែត្រ​ ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ខេត្តមណ្ឌលគិរី​នេះ…។

រឿងប្លែកត្រចៀកនៅមណ្ឌលគិរី កាលពីយប់មិញ…

  • ដោយភ្ញៀវទៅលេងច្រើន អ្នកលក់បាយ លែង​ដួស​លក់​ដាក់​ប្រអប់​ស្មានៗ​ដូច​មុន​​ទៀត​ហើយ… គឺបាយ​យើង​ញាំ​ធម្មតា​ណឹង ដាក់​លក់​ថ្លឹង​គីឡូ ដោយ ១គីឡូក្រាម​បាយ ថ្លៃ ៥,០០០រៀល… នេះ​ជា​រឿង​ប្លែក​ត្រចៀក​ទី១
  • ព្រឹកឡើង ខ្ញុំឮសូរកំលោះៗ​ភ្នំពេញ​ឈរ​រអ៊ូ​នៅ​មុខ​ហាង​គុយទាវ​ថា៖ ចាក់​ធុង​បាស​រាំ​យប់​មិញ យើង​អ្នក​មក​ពី​អំពេញ រាំ​មិន​ឈ្នះ​ពួក​ជន​ជាតិ​សោះ… ខាង​យើង​ចាញ់​ដាច់​ម៉ង… ​ព្រោះ​​ខាង​ជន​ជាតិ​​ភាគតិច​​​យើង​​វ៉ៃសុទ្ធ​តែ​​ក្បាច់​ On the Floor របស់ Lopez…!! នេះ​ជា​រឿង​ប្លែក​ត្រចៀក​ទី២
  • អ្នកឈរក្បែរខ្ញុំនិយាយប្រាប់គ្នាពីរឿងយប់មិញ៖ បុរស​ម្នាក់​និយាយ​ថា យប់មិញ បង​ប្អូន​ខ្ញុំ​មួយ​ឡាន​ទួរីស ជួល​ការ៉ាស់​សាំង​ដេក… បុរស​ម្នាក់​ទៀត​និយាយ៖ គ្រាន់​បើ​ហើយ ក្រុម​ខ្ញុំ​កាច់​ពូក​លុចសីស​ ៤៧០​ ដេក​ក្នុងឡាន​ វេទនា​រកទឹក រក​បង្គន់​រៀងៗ​ខ្លួន…  នេះ​ជា​រឿង​ប្លែក​ត្រចៀក​ទី៣

ខាងក្រោមនេះគឺជារូបភាពមួយចំនួន នៅខេត្តមណ្ឌលគិរីនាពេលព្រឹកព្រលឹម…

ខេត្តមណ្ឌលគិរី, Mondulkiri Province

នេះជាគ្រែក្តារងឿ ដែលខ្ញុំសំរាកកាលពីយប់មិញ

ខេត្តមណ្ឌលគិរី, Mondulkiri Province

នេះជាផ្ទះអ្នកស្រុកមណ្ឌលគិរី ដែលខ្ញុំបានជួលស្នាក់នៅកាលពីយប់មិញ

ខេត្តមណ្ឌលគិរី, Mondulkiri Province

រង្វង់មូលគោព្រៃ តំណាងអោយខេត្តមណ្ឌលគិរី នាពេលព្រឹកព្រលឹម

ខេត្តមណ្ឌលគិរី, Mondulkiri Province

ហាងគុយទាវនៅជិតរង្វង់មូលគោព្រៃនាពេលព្រឹកព្រលឹម ពេញហៀរដោយភ្ញៀវមកពីភ្នំពេញ

ខេត្តមណ្ឌលគិរី, Mondulkiri Province

នៅជិតនេះ មានហាង Mart តូចមួយកន្តឹមៗ គ្រាន់អួតដាក់ភ្ញៀវដែរ...

ខេត្តមណ្ឌលគិរី, Mondulkiri Province

ជ្រុងមួយនៃទីប្រជុំជនមណ្ឌលគិរី នាពេលព្រឹកព្រលឹម...

ខេត្តមណ្ឌលគិរី, Mondulkiri Province

ម៉ោង ៧.៣០នាទីព្រឹកទៅហើយ ផ្សែងអ័ព្ទនៅតែក្រាសឃ្មឹកនៅឡើយ នៅលើផ្លូវទៅកាន់ជ្រោះប៊ូស្រា...

ស្រុកស្រែ

Advertisements

5 responses to “កំណត់ត្រា៖ យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមណ្ឌលគិរី…

  1. មនុស្សចាស់់សល់ពីសង្គម

    ខ្ញុំសែនរំភើបនិងជួយត្រេកអរនិងទំនងច្រណែនលោកស្រុកស្រែណាស់ដែលមានភ័ពសំណាងបានស្គាល់បាននែបនិត្យនឹងធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនៃមាតុភូមិជាទីស្រឡាញ់នៃយើងបែបនេះ…..!!!!សំរាប់ខ្ញុំវិញចេញពីផ្ទះទៅទិញគ្រឿងគ្រៅឲ្យម៉ែវាចូលផ្ទះវិញ….តែបុណ្ណឹង…តែមិនអីទេបើវាសនាមាន…រឿងសំខាន់នោះគឺថាបានឃើញតែត្រឹមរូបថតប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ…..តែខ្ញុំមានបារម្មណ៏មួយនោះគឺថាតើតំបន់ដែលមានរូបភាពដ៏ស្រស់ត្រកាលទាំងអស់នេះវាអាចឋិតនៅជាអមតះនិយាយមួយបែបជារបស់ខ្មែរយើងជារៀងរហូតសំរាប់ក្មេងៗជំនាន់ក្រាយៗបានទៀតឬអត់…..ខ្ញុំចេះតែគិតៗទៅណា…ជូនពរដោយស្មោះសូមជួបសេចក្តីសុខសប្បាយតាមផ្លូវ….មនុស្សចាស់គិតច្រើនអញ្ចឹងឯង………

  2. ខ្ញុំដូចជាអៀនខ្លួនដល់​ហើយ លោកចាស់សល់ពីសង្គម…។ សូមអរគុណចំពោះ​ពាក្យប្រសិទ្ធិពរ​របស់លោក។ តាមពិត ខ្ញុំមកអើតមើលមណ្ឌលគិរីពេលនេះ ព្រោះចង់ដឹងថា តើខានមកបីឆ្នាំ ធម្មជាតិព្រៃភ្នំនៃខេត្តនេះ មានការផ្លាស់ប្តូរ​ដែរអត់? ដល់មកឃើញជាក់ស្តែងទៅ គឺប្លែកមែន… តែមិនមែនប្លែកខាងកើនទេ គឺប្លែកដោយសាររលាយ…

  3. ពាក្យ​លោក ស្រុកស្រែ ថា​ ប្លែក​ដោយ​សារ​រលាយ​នេះ ត្រូវ​ចិត្ត​ខ្ញុំ​ម៉ាច់​ហ្មង !

  4. ប្លែកភ្នែកណាស់ខេត្តព្រៃភ្នំមួយនេះចាំស្រុកសាន្តត្រាណទៅលេងម្តងខ្ញុំ.

  5. ជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​បីដែល​ខ្ញុំ​ប៉ង! តែ​គ្រប់​ខេត្ត​ដែល​ខ្ញុំ​ប៉ង សុទ្ធ​តែ​មិន​នៅ​ជិតៗ​ឡើយ!

    ឃើញ​គ្រែ​ក្តារងឿ នឹកឃើញ​កាល​ពី​នៅ​ក្មេង​ៗ​ នៅ​ផ្ទះ​ភូមិ មិនមាន​គ្រែ​យ៉ាង​ចឹង​ដេក​ទេ បាន​ទៅលេង​ផ្ទះ​គេ​ម្តងៗ អង្គុយ​ស្ទាប​អង្អែលៗ សរសើរ​ថា​អី​ក៏​ស្អាត​យ៉ាង​ហ្នឹង មកដល់​ផ្ទះ​វិញ​សំឡឹង​ឃើញ​គ្រែ​រនាប​ឈើ​ខ្លួន​ឯង សឹង​តែ​កាប់ដុត​ដាំ​បាយ​ស៊ី​រ៉េ! ហាសហាសហាស កើត​មាន​ចិត្ត​ប្រច័ណ្ឌ​តាំង​ពី​ក្មេង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s