កំណត់ត្រា៖ ស្រុកកោះញែក ថ្ងៃទី១១ ខែវិច្ឆិកា ​ឆ្នាំ២០១១…


ម៉ោង ៧.៣០នាទី ខ្ញុំចាប់ចេញដំណើរពីទីប្រជុំជនសែនមនោរម្យ ឆ្ពោះទៅកាន់​ស្រុក​កោះញែក ដែលមានចំងាយប្រមាណ ១០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើង នៃ​ខេត្ត​មណ្ឌលគិរី។

ព្រឹកនេះ ផ្សែងអ័ព្ទចុះឡើងក្រាសឃ្មឹក ប្រកបដោយអាកាសធាតុត្រជាក់ស្រួលខ្លួន។ ពេលធ្វើដំណើរដល់ផ្លូវបំបែបចូលទៅជ្រោះប៊ូស្រា ទើបបានមានពន្លឺព្រះអាទិត្យ​ចាំង​​បាចសាចនៅចន្លោះដុំពពកដែលស្ថិតនៅយ៉ាងទាប ដែលអាចបំបាត់នូវស្រទាប់​ផ្សែង​អ័ព្ទពីលើដងផ្លូវងាយស្រួលបើកបរបានខ្លះ។

ចាប់តាំងពីចេញផុតទីប្រជុំជនខេត្តមក ស្ថានភាពផ្លូវគឺមានសភាពបត់បែនឡើងចុះ​ ទៅ​តាមជ្រលង និងស្រទាប់ភ្នំខ្ពស់ទាប ហើយនៅត្រង់ចំណុចកំពូលភ្នំខ្លះ បានធ្វើ អោយខ្ញុំហឹងត្រចៀកមួយពេលៗដែរ។ ចេញផុតពីព្រៃស្រោងបន្តិចទៅ​(sic!) តាម​​ពិតគ្មាននៅសល់ព្រៃស្រោង ខ្មោចយ៍អីទៀតទេ… នឹងទៅដល់ទីវាលល្វឹងល្វើយ និងមានភូមិដ្ឋានអ្នកស្រុកហូរហែរ ដែលខុសប្លែកកាលពី ៣ឆ្នាំមុនឆ្ងាយណាស់។

បន្ទាប់ពីលេចវាលចូលព្រៃ និងផុតព្រៃចូលវាល អស់រយៈពេល២ម៉ោងកន្លះរួចមក ទីបំផុតខ្ញុំបានមកដល់ស្រុកកោះញែក ម្តងទៀតហើយ…

ប្រវត្តិនៃស្រុកកោះញែក

ស្រុកកោះញែក អាចហៅម្យ៉ាងទៀតថា ជាស្រុកសម្តេចព្រះនរោត្តមសីហនុ ក៍បាន ព្រោះ​ស្រុកនេះបង្កើតឡើងដោយស្នាព្រះហស្ថផ្ទាល់របស់ព្រះអង្គ ក្នុងការកកើត កងទ័ព​ខ្មែរឥស្សរៈ (មិនមែនឥស្សោចាក់ទេ) ហើយនៅឆ្នាំ១៩៦៨ ព្រះអង្គបានចេញ ព្រះ​រាជក្រមបង្កើតស្រុកកោះញែក​នេះ​ឡើង ដែល​ជាទី​តាំង​រដ្ឋបាល​នៃ​ខេត្ត​មណ្ឌល​គីរី។ នៅក្រោយរដ្ឋប្រហារ ១៨មីនា ១៩៧០ ភ្លាម ស្រុកកោះញែកនេះទាំងមូល បាន​ធ្លាក់ចូលទៅក្នុងកងទ័ពខ្មែររំដោះ រួចស្រេច។ អាចនិយាយបានថា កងទ័ព​ខ្មែរ​ក្រហម​បានរំដោះ​យកទឹកដីស្រុក កោះញែកនេះបានមុនគេ យកមក​គ្រប់គ្រង​តស៊ូ​ប្រឆាំង​នឹង​របប លន់នល់ ចាប់ពីទីនោះមក។ ដូច្នេះ អ្នករស់នៅក្នុងស្រុកកោះញែកនេះ គឺមិន​ដែល​បាន​ស្ថិតនៅ ក្រោមការ​គ្រប់គ្រង​នៃរបប​សាធារណរដ្ឋខ្មែរ របស់​លោក​សេនា​ប្រមុខ លន់នល់ ម្តង​ណា​ឡើយ។ កាលណោះ មាន​មេ​បញ្ជាការ​នៃ​កង​យោពល​ខេមរភូមិន្ទ​មួយ​រូប គឺលោក​អនុសេនីយ៍ ព្រាប សាហារ៉ា ជាមួយ​នឹង​កងទ័ព​មួយ​កង​អនុសេនាធំ បាននៅ​ប្រចាំការ​ការពារ​​ស្រុក​កោះញែក​នេះ។ ពេល​ច្របូក​ច្របល់​ក្នុង​ព្រឹត្តិការណ៍ រដ្ឋប្រហារ​ភា្លម កងទ័ព​រំដោះ​បាន​ចាប់​លោក ព្រាប សាហារ៉ា យក​ទៅ​ដាក់​ក្នុងមន្ទីរ​ឃុំឃាំង ហើយ​ក្រោយ​មក បានយក​ទៅ​សំលាប់​ចោល​ទៅ។ សូម​បញ្ជាក់​ថា លោក ព្រាប សាហារ៉ា គឺជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ព្រាប អ៊ិន ដែល​នៅ​សម័យ សង្គម​រាស្រ្ត​និយម លោក ព្រាប អ៊ិន ត្រូវ​បាន​ចោទ​ថា​ក្បត់​ជាតិ និង​យកទៅ ប្រហារ​ជីវិត​នៅ​ត្រពាំងក្រឡឹង ខេត្ត​កំពង់​ស្ពឺ។ លោក ព្រាប សាហារ៉ា ក៍ត្រូវ​ជា​ប្អូន​ថ្លៃ របស់​លោកឧ​ត្តមសេនីយ៍ ស្រី យ៉ា ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម និង​ជា​អតីតមេ​បញ្ជាការ​ទ័ព​ពិសេស​ឆ័ត្រយោង សម័យ​សាធារណរដ្ឋ​ខ្មែរ ។

ខ្ញុំសូមនាំអារម្មណ៍អស់លោកអ្នក អោយត្រឡប់ថយក្រោយបន្តិចទៀត… នោះគឺ កាលពី​សម័យ​ដើម ទីតាំង​ក្នុង​ស្រុក​កោះញែក​នេះ គឺគ្រប់គ្រង​ដោយ​មេ​កុលសម្ព័ន្ធ ជនជាតិ​ភាគតិច​មួយក្រុម ដែល​ក្រោយ​មក បាន​បន្ត​វង្ស​ត្រកូលគ្រប់គ្រង​តំបន់​នេះ ជាច្រើន​ជំនាន់។ ដំបូងឡើយ មេកុលសម្ព័ន្ធនេះ ទាក់បានដំរី ស មួយក្បាលពីក្នុងព្រៃ រួចបន្ទាប់មក បានយកដំរី ស ដែល​ទាក់បាន​នេះ​ទៅថ្វាយ​ស្តេច​ព្រះចៅក្រុងកម្ពុជា​ធិបតី។ ស្តេចបាន​សព្វ​ព្រះ​រាជហឫទ័យ​នឹង​មេ​កុលសម្ព័ន្ធ​នេះ​ណាស់ និងបាន​ប្រទាន​ត្រា​សំគាល់​ដល់មេ​កុលសម្ព័ន្ធ​នេះ ដើម្បី​គ្រប់គ្រង​ជនជាតិ​ភាគតិច ទាំងអស់​នៅ​ក្នុង​តំបន់​នេះ។ រហូត​មកដល់​ការ​កកើត​ខ្មែរ​ឥស្សរៈ​នេះទៀត ក៍មេកុល​សម្ព័ន្ធ​តវង្ស​ត្រកូល​នេះ នៅតែ​ជា​មេទ័ព​ឥស្សរៈ​ គ្រប់គ្រង​ក្នុង​តំបន់នេះ​ទាំងមូល​ដដែល។ បន្ទាប់មក ពេល​កកើត​កងទ័ពខ្មែរ​រំដោះ ដែល​ក្រោយ​មក ក្លាយ​ទៅជា​ទ័ពខ្មែរ​ក្រហម​ទៀត ក៍មេ​កុល​សម្ព័ន្ធ​តវង្ស​ត្រកូល​ដដែល​នេះ នៅតែ​ជា​មេទ័ព និង​ជា​អ្នក​ដឹកនាំ​គ្រប់គ្រង​ក្នុង​តំបន់​នោះ​ដដែល​ទៀត… ហើយនៅ​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ ស្រុក​កោះញែកនេះ ត្រូវ​បាន​ប្តូរ​ទៅជា​តំបន់ ១០៥ ដែល​ប្រធាន​គណៈ​តំបន់ គឺជា​មេកុល​សម្ព័ន្ធ​តវង្ស​ត្រកូល​ដដែល​នេះ​ទៀត..!!

ស្រុកកោះញែក កាលពីសម័យខ្មែរក្រហម គឺជាទីប្រជុំជនរបស់តំបន់ ១០៥… គឺជា​តំបន់​ជង្រុក​ស្រូវ​ដ៏ធំមួយ សំរាប់​ផ្គត់ផ្គង់​ស្បៀង​ដល់​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​ប៉ែក​ខាង​លើ។ ចំណែក​ទីតាំង​ក្នុង​ស្រុក​សែនមនោរម្យ នៃខេត្តមណ្ឌលគិរី​សព្វ​ថ្ងៃនេះ គឺ​ខ្មែរក្រហម​មិន​ប្រើ​ប្រាស់ទេ ព្រោះ​ជា​តំបន់​ផលិត​ស្រូវ​អត់បាន… ហើយ​ការរើ​ទីតាំង​រដ្ឋបាល​របស់​ខេត្ត​មណ្ឌលគិរី ពីកោះញែក មក​សែនមនោរម្យ​នេះ គឺទើប​តែធ្វើ​ឡើង​នៅឆ្នាំ១៩៨៣ ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​យើង​នេះទេ។ កាលណោះ ប្រហែល​ជា​កងទ័ព​វៀតណាម មាន​ការ​លំបាក​ក្នុងការ​ការពារទី​តាំង​រដ្ឋបាល​របស់​ខេត្ត​មួយ​នេះ ពីការ​រំខាន​ដោយ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេស​សល់​ក្រោយ​ឆ្នាំ១៩៧៩ ណាស់ ទើប​បាន​ជា​បង្ខំ​ចិត្ត ផ្លាស់​ប្តូរ​ទីតាំង​ខេត្ត មកនៅ​ស្រុក​សែនមនោរម្យ​នេះ ដែល​សំបូរ​ដោយ​ជួរភ្នំ​ត្រងោលៗ ងាយស្រួល​ការពារ​ជាង…។ ម្យ៉ាងទៀត កាលណោះ​ប្រហែល​ជា ប៉ុលពត មាន​គំនិត​ចង់​ដណ្តើម​កាន់កាប់​ស្រុក​កោះញែក​នេះ​ឡើងវិញ អោយ​ដូចជា​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ១៩៧០ ដែរ តែ​កងទ័ព​របស់​ខ្មែរក្រហម​ដែល​នៅ​សេស​សល់ ទៅ​មិនរួច​ជាមួយ​នឹង​កងទ័ព​វៀតណាម​នា​សម័យ​នោះ។

បច្ចុប្បន្ន ស្រុកកោះញែក ស្ទើរតែមនុស្សទូទៅក្រៅពី​ខេត្តមណ្ឌគិរី គឺហាក់​ដូចជា​មិន​ដែល​បានឮ និង​លិច​កប់បាត់​ជាមួយ​នឹងភាព​ដាច់ឆ្ងាយ​ពីអ្នក​ទីក្រុង។ សព្វថ្ងៃ​នៅ​ទូទាំង​ស្រុក​កោះញែក​នេះ គឺមាន​ប្រជាពលរដ្ឋ​មិន​ដល់ ១ម៉ឺន ៥ពាន់​នាក់​ផងទេ ដែល​កំពុង​រស់នៅ​លើ​ទឹកដី​តំបន់​ព្រៃភ្នំ និង​វាល​ស្រែ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ។

បានឃើញទិដ្ឋភាពឯកោ សោះកក្រោះនៅកោះញែក​នាបច្ចុប្បន្នកាល​នេះ ធ្វើ​អោយ​ខ្ញុំ​នឹកគិត​ទៅ​ដល់​ភាពអ៊ូអរ កាល​ពីទីនេះ​ស្ថិត​នៅជា​ទីតាំង​រដ្ឋបាល​របស់​តំបន់ ១០៥ ក្នុង​សម័យ​ខ្មែរក្រហម និង​ជា​ទីតាំង​រដ្ឋបាល​របស់​ខេត្ត​មណ្ឌលគិរី ក្នុង​សម័យ​ក្រោយ​ឆ្នាំ១៩៧៩ នៅឡើយ។ ជាពិសេស ពេល​បាន​ឃើញទំនប់​បង្ហូរ​ទឹក​នៅ​ស្រែហ៊ុយ ទើប​ធ្វើ​អោយ​ខ្ញុំនឹក​គិត​ទៅដល់​ទិន្នផល​ស្រូវ​ដ៏​មហាសាល មិនចាញ់​នឹង​ខេត្ត​បាត់ដំបង​ភាគ​ខាងលិច​របស់​កម្ពុជា​យើង​ប៉ុន្មានទេ…។

មានចំរៀងមួយបទ​ក្រោម​ចំណង​ជើង​ថា «បុប្ផាកោះញែក» ច្រៀង​ដោយ​លោក​ តូច​ តេង ដ៏លន្លង់​លន្លោច ដែល​ខ្លឹមសារ​នៃ​បទ​ចំរៀង​នេះ ហាក់​ដូច​ជា​រៀបរាប់​ពី​ជីវិត​ស្នេហា​​របស់​លោក​ ព្រាប សាហារ៉ា ដែល​បំរុង​នាំ​ភរិយា​លោក​អោយ​មក​ជួប​ឪពុក​ម្តាយ​ក្មេក​នៅ​ទី​ក្រុង​ភ្នំពេញ… ហើយខាងក្រោមនេះ គឺជារូបភាពមួយចំនួនពីសែនមនោរម្យ ទៅ​កោះញែក និង​ទិដ្ឋភាពដ៏​ស្រងេះ​ស្រងោច​នៅ​ស្រុកកោះញែក…

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ផ្សែងអ័ព្ទនាពេលព្រឹកព្រលឹម ចេញពីសែនមនោរម្យទៅ

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

នេះជាផ្លូវបំបែកបត់ស្តាំទៅជ្រោះប៊ូស្រា ហើយទៅត្រង់សំដៅស្រុកកោះញែក

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ទិដ្ឋភាពភូមិដ្ឋានតាមផ្លូវទៅស្រុកកោះញែក

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ផ្ទះថ្មីៗកំពុងកើតឡើងព្រោងព្រាត ដែលកាលពី៣ឆ្នាំមុន ខ្ញុំបានឆ្លងកាត់ទីនេះគឺមិនមានឃើញទេ

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ម្តុំនេះជាតំបន់ព្រៃស្រឡៅ ហើយហួសពីនេះទៅនឹងដល់ស្រុកកោះញែកហើយ

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ឆ្លងស្ពានដែកអូរនេះទៅ ឃើញបង្គោលអង់តែងទូរស័ព្ទលឹមៗនោះ គឺទីប្រជុំជនស្រុកកោះញែកហើយ

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

ទីប្រជុំជនគឺមានតែប៉ុណ្ណឹង។ ហួសណឹងបន្តិចទៅមានផ្សារក្រមួនមួយ…

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

នៅម្ខាងផ្លូវឃើញមានសំណង់ពីរនេះថ្មីចែស មិនទាន់សង់ហើយនៅឡើយ…

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

វិទ្យាល័យហ៊ុនសែន កោះញែក ដ៏កំសត់…

កោះញែក ខេត្តមណ្ឌលគិរី, Koh NheK, Mondulkiri Province

អាងទំនប់ទឹកស្រែហ៊ុយ សំរាប់ធ្វើស្រែដែលបានកសាងឡើងតាំងពីសម័យរំដោះ។ បច្ចុប្បន្នទើបនឹងជួសជុលឡើងវិញដោយក្រសួងធនធានទឹក។ នៅទីនេះការពីម្សិលមិញ (ថ្ងៃទី១០វិច្ឆិកា) ខាងស្រុកកោះញែកបានរៀបចំពិធីប្រណាំងទូកកំសាន្តនៅទីនេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

16 responses to “កំណត់ត្រា៖ ស្រុកកោះញែក ថ្ងៃទី១១ ខែវិច្ឆិកា ​ឆ្នាំ២០១១…

  1. នរណា​ថា​ស្រុក​ខ្មែរតូច ហេហេហេ ដើរ​មិនទាន់សព្វ​ផង !

  2. ហេហេ អរគុណតាម៉ាប់។ ពេល​ទៅដល់​កោះញែក ខ្ញុំ​ឮ​ដំណឹង​ល្ហិចល្ហៀង​​ថា សម្តេចតេជោ​ នឹង​មក​សម្ភោធ​បើកការដ្ឋាន​សាងសង់​​ផ្លូវជាតិ​សំខាន់​មួយ​នេះ នៅក្នុង​​កំឡុង​ខែមករា ឆ្នាំក្រោយ​។ ផ្លូវជាតិ​នេះ គឺជាសរសៃឈាម​តភ្ជាប់​​ពី​សែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះ​ទៅ​កាន់​ខេត្តរតនគិរី ដោយ​ឆ្លង​កាត់​ស្រុក​កោះញែកនេះ និងស្រុកលំផាត់ កាត់​ទៅ​ស្រុក​បាន​លុង ដោយ​ក្នុង​នោះ នឹងមាន​ការ​សាងសង់​ស្ពាន​វែង​មួយ​ឆ្លង​កាត់​ទន្លេ​ស្រែ​ពក​ ក្បែរ​ទី​ប្រជុំជន​ស្រុក​លំផាត់​ផងដែរ…។ ខ្ញុំគិតថា ក្រោយការ​សាងសង់​ផ្លូវជាតិ​នេះ​រួច តំបន់​​ភាគខាង​ជើង​នេះ​ នឹងក្លាយ​ទៅ​ជា​​​​ប៉ូល​​​សេដ្ឋកិច្ច​​មួយ​ដ៏​មាន​សក្តានុពល ទាំងតំបន់​ដំណាំ​​កសិកម្ម​នៅ​ស្រុក​កោះញែក និង​ទាំងតំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​​នៅ​ស្រុក​លំផាត់​ ផងដែរ…។

    ជាការពិតណាស់ យើង​ជា​ជនជាតិ​ខ្មែរ គួរតែ​​ស្គាល់​ស្រុក​ខ្មែរ​យើង​​អោយ​បាន​ច្បាស់​ និងអោយ​បាន​​គ្រប់​ទី​កន្លែង​​ ទើបយើង​មាន​ចិត្ត​ស្រណោះ និង​ស្រឡាញ់​ទឹក​ដី​ដូនតា​​របស់​យើង​នេះ ដោយ​​ដកចិត្ត​ពុំរួច​ ព្រមទាំង​មានមោទនភាព​ដោយ​បាន​កើត​មក​ជា​ជនជាតិ​ខ្មែរ ពិតប្រាកដ​…។

  3. មនុស្សចាស់់សល់ពីសង្គម

    មែនហើយលោកស្រុកស្រែ…នឹកៗទៅដូចជាខ្មាស់នឹងខ្លួនឯងតិចៗដែរ…អាយុប៉ុណ្ណេះហើយមិនបានស្គាល់ស្រុកខ្មែរម៉ាជ្រុងផង….កុំថាស្រុកយួន ស្រុកសៀមបារាំងប៉ារុសអី…នេះគឺរឿងពិតសុំឆ្លៀតសរសើរលោកស្រុកស្រែទៀតហើយ!!!បើកុំតែលោករៀបរាប់អត់ដឹងសោះថាភូមិស្រុកទាំងនេះមានទាក់ទងទៅនឹងប្រវត្តដ៏គួរឲ្យទាក់អារម្មណ៌យ៉ាងនេះ…….និយាយមែនទែនទៅតាំងពីដើមមកខ្ញុំដឹងតាមតែប្រវត្តិពង្សាវតារដែលធ្លាប់រៀននៅសាលារៀនថាស្រុកខ្មែរយើងមានទំហំ185035គម2 (បើច្រឡំសុំជួយប្រាប់វិញផងព្រោះខ្លាចខ្ញុំភ្លេច)មានខេត្តដូចជា19​។ល។តែឥឡូវមិនដឹងថាសល់ប៉ុណ្ណាអីប៉ុណ្ណាអីមិនដឹងទេ…ឬក៏ដុះថែមម៉ាចំនួនទៀតផងក៏មិនដឹង (ខ្ញុំថាតាមមើលឃើញម៉ាដុំផ្ទះម៉ែក្មេកជាប់មាត់ស្ទឹងដីគាត់វែងឡើងៗរាល់តែឆ្នាំ) ព្រោះថាចង់គិតដែរតែដូចជាគិតមិនកើត…រាល់ង៉ៃអាងមានរ៉ាឌីយ៉ូមួយស្តាប់ទៅដឹងខ្លះៗដែរតែដូចជាចង់វង្វេងស៊ង់…ខ្លះថាបាត់ដីអស់ប៉ុណ្ណេះ​ ខ្លះថាដីអត់បាត់ទេសូម្បីតែម៉ាមីលីម៉ែត្រ…តែអាពត៌មានរឿងទឹកដីព្រៃព្រឹក្សាសូម្បីតាមទូរទស្សន៌ក៏មិនសូវមាននិយាយអី…ភាគច្រីនគេនិយាយពីរឿងលក់នេះលក់នោះ​ ស្រាល្អ ស្រីល្អ អីៗទៅ….ឬមានឃើញអ្នកមាន អ្នកធំចែកអង្ករឲ្យអ្នកឃ្លាន អ្នកក្រីក្រអីចឹងតូវ ហើយញយៗលឺមានអ្នកខ្លះអួតថាខ្លួនអ្នកក្រមែនទែនអត់មានអាណាចែកអីឲ្យគឺពួកមេភូមិពួកអង្គការចែកតែគ្នាវាគឺវាចែកឲ្យតែពួកអាអ្នកអត់ឃ្លាន អត់មានលង់ទឹកអីសោះ​។ល។
    សុំតូសលោកស្រុកស្រែ….ថាចង់ពឹងលោកឲ្យជួយឆ្លៀតតាមមើលផងព្រាះលោកជើងវែង​……ម៉ែវាហៅជួយសង្កត់ចេកទៀតហើយ​……….

    • ហេហេ… អរគុណ​លោកចាស់សល់ពីសង្គមណាស់។ បើនិយាយ​ពីរឿង​តាមដាន​ព័ត៌មាន​វិញ ខ្ញុំវិលមុខខ្ញាល់ហើយ… និយាយអោយខ្លីទៅ ដំណឹង​ដែលផ្សាយ​កោកៗ​តាមវិទ្យុ និងរូបភាព​បង្ហាញចេញតាម​ទូរទស្សន៍ ឡូកាល់ គឺភាគ​ច្រើន​ជាដំណឹង ជយោ និងរូបភាព ឈ្នះ! ឈ្នះ!… រីឯដំណឹង​ដែលផ្សាយ​ពីក្រៅ​ជាភាសា​ខ្មែរ​វិញ ជួនកាលខ្ញុំទទួលទាន​ទៅ​​ត្រូវមាត់ ជួនកាលទៀត​អត់ត្រូវមាត់​សោះ ដូចរាងភ្លាវៗ ចត់ៗ ជូរៗ ល្វីងៗ ពិបាក​លេប​ចូល​ណាស់..!!

      ដោយឡែករឿងចែកអំណោយវិញ គឺវាបាន​ក្លាយ​ទៅជា​យុទ្ធនាការ​ចែក​ស្បៀង​ទៅ​ហើយ។ ព្រោះអោយតែ​អ្នកលិចទឹក ទាំងអ្នកផ្ទះខ្ទម ទាំងអ្នកផ្ទះក្បឿង គឺត្រូវតែបាន​ទទួល​ស្បៀងសង្គ្រោះដូចៗគ្នា។ ដោយ​ពិត​ទៅ នេះ​ជា​ឳកាស​មាស​ សំរាប់​គណបក្ស​នយោបាយ​ទូទៅ គេនាំគ្នាឡង់សេហើយ…។

      ទាក់ទងនឹង​រឿង​អំណោយ​នេះ មានរឿងពិតមួយ ដែលស្តាប់ទៅ​មិន​គួរអោយ​​ជឿ តែនេះជាតថភាពពិត​នៃ​តំរូវការរបស់​អ្នក​រងគ្រោះ​ដោយ​ទឹកលិច​ពិត​ប្រាកដ។ ហេតុនេះ ​អ្នក​ផ្តល់​អំណោយ​ គួរតែ​ដឹង​ពី​តំរូវ​ការ​របស់​អ្នក​រង​គ្រោះ​ពិត​ប្រាកដ ហើយ​នេះ​ជា​បទពិសោធន៍​ជាក់​ស្តែង​មួយ… គឺកាលពីពេលដែល​ទឹក​លិចខ្លាំង ខ្ញុំបាន​ទៅ​ដល់​ទួលសុវត្ថិភាពមួយស្ថិតក្នុងឃុំ​ប្រឡាយមាស ខេត្តកំពង់ឆ្នាំង។ ខ្ញុំឃើញប្រជាជន​ដែលលិចផ្ទះសំបែងអស់ បានមក​ប្រមូលផ្តុំគ្នា​នៅ​លើ​ទួល​នោះ និង​ទើប​តែ​បាន​ទទួល​អំណោយ​អង្ករ​ មី ទឹកត្រី ពីលោក​ចៅហ្វាយ​ខេត្ត​កំពង់ឆ្នាំង​ ដែលបាន​ចុះ​ទៅ​ចែកជូន​ដល់ដៃ។ ក្រោយពេល​ក្រុម​ចែក​អំណោយ​ទៅ​អស់ ខ្ញុំបាន​អែមទូក​ឡើងច្រាំង​ដើម្បី​ចង់ដឹង​ពី​សភាពរស់​នៅ​ពិត​ប្រាកដ​នៃ​ជនរងគ្រោះ​ដោយសារទឹកលិចនេះ។ ខ្ញុំដើរ​ទៅ​ជិត​មីង​ម្នាក់​ដែលកំពុង​អង្គុយ​អោប​ថង់អង្ករ​ទាំងមុខ​ក្រៀមក្រំ… ខ្ញុំខ្សឹបសួរគាត់៖ ម៉េចទៅមីង​​ បានអង្ករហើយ​ធូរចិត្ត​ខ្លះទេ​​មីង?​ គាត់ឆ្លើយ​មក​ខ្ញុំ​វិញថា៖ ខ្ញុំមិនចង់បាន​អង្ករ និងមី​នេះ​​ទេក្មួយ..!! ខ្ញុំភ្ញាក់​ផ្អើល​នឹង​ចំលើយ​របស់​មីង​ម្នាក់​នេះ​ណាស់ ហើយ​បើ​អស់លោក​អ្នក​កំពុង​តែ​អានមតិ​របស់ខ្ញុំនេះ ក៍​អស់​លោក​អ្នក​​នឹងឆ្ងល់ដូចខ្ញុំ​ដែរ​ហើយ…។ ខ្ញុំក៍សួរ​ទៅ​មីងនោះទៀត៖ អង្ករហើយមិន​ចង់បាន តើមីងចង់​បាន​អីវិញ? គាត់​ឆ្លើយ​ទាំងក្តុកក្តួលថា៖ មានតែអង្ករ អត់អុស តើមាន​អី​ដាំបាយ​បាន​ហូបទៅ?​ ក្មួយមើលនុះ​ផ្ទះខ្ញុំ (គាត់ចង្អុលទៅ​ផ្ទះមួយ​ដែលលិចទឹកពាក់កណ្តាល​ជញ្ជាំង ហើយដំបូលមួយជំហៀង​ចំហរធ្លុង) …ប្តីខ្ញុំគាត់​ឡើង​រុះដំបូលផ្ទះ​យកមក​ដុតដាំបាយ​អស់មួយជំហៀងហើយ…ឥឡូវនេះ ប្តីខ្ញុំកំពុងមុជអូសយក​គ្រែដេក​ពីក្នុងទឹក​​ យក​មក​ពុះ​ធ្វើ​អុស​ដុតដាំបាយ​… បើលោកៗថ្នាក់លើ​មក​លើក​ក្រោយ​ ជួយផ្តល់​តែអុស និងធ្យូងមក​ មីងអរណាស់..!!

      ខ្ញុំសំលឹង​ទៅ​ឆ្នាំងបាយ​របស់គាត់ និងងាកមុខចេញធ្វើជាថតនេះ​ ថតនោះ ដែល​តាមការ​ពិត គឺខ្ញុំមិនចង់​អោយ​មីង​ម្នាក់​នោះ ឃើញទឹកភ្នែក​ខ្ញុំ ដែល​កំពុងតែ​ស្រក់​ដោយ​មិន​ដឹងខ្លួន… នេះគឺជាជនជាតិ​យើង​ដែលកំពុង​រង​គ្រោះ​ពិត​ប្រាកដ…។

  4. ចេះលេងភ្លេងត្រូវនឹងចំរៀងបានពិរោះមែន !

    ត្រង់ដីក្រហមទំនងនៅជាង មើលទៅទេសភាព ដីនិងព្រៃឈើគួរជាទីគយគន់ តែនៅទីប្រជុំជនស្រុកឬភូមិ ដូចជាមិនទំនងនៅ សោះ តែប្រហែលជាទីជិតទឹក ហើយមើលទៅ ទើបគេនាំគ្នាបង្កើតស្រុកនៅទីនោះ ! តែយ៉ាងណាក៏ដោយ សូមសរសើរលោកស្រុកស្រែ ពូកែដើរមែន ប្រហែលជាអ្នកនាំសាររដ្ឋាភិបាល ហើយមើលទៅ !

    • ហេហេ… លោក Lovepeehs05 ។ ខ្ញុំមិន​មែន​ជាអ្នកនាំសារ​នាំអីទេ ។ ដូច​ខ្ញុំបាន​ជំរាប​ជូន​ពីមុនៗ​មក​អីចឹង។ ខ្ញុំ​ជា​បុគ្គលិក​សាមញ្ញ​នៅ​ក្នុង​អង្គការ​មនុស្សធម៌​មួយ។​ ខ្ញុំស្រឡាញ់​សហគមន៍ខ្មែរ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រ​យាល​ណាស់។ ហេតុនេះ នៅ​ស្រុកខ្មែរ ខ្ញុំស្គាល់​សឹង​តែ​គ្រប់​ទី​កន្លែង​អស់​ហើយ។ បើនិយាយ​ទៅ អាចចាត់ទុកថា ខ្ញុំនេះ​ជា​មនុស្ស​សាច់កម្ម មិន​ចង់​រស់នៅ​ស្រណុក​ទេ គឺចង់​តែ​ដើរ​កាត់ភក់ ឬហិតក្លិន​ទឹក​នោម​គោ​តាមជនបទ​ បានខ្ញុំ​​អស់​ចិត្ត។

  5. មនុស្សចាស់សល់ពីសង្គម

    អរគុណណាស់លោកស្រុកស្រែ…ខ្ញុំគិតថាវាជារឿងពិត….អ្វីដែលលោកបានជួបនិងពិពណ៍នាទាក់ទងទៅនឹងការចុះចែកអំណោយអ្នកក្រីក្រកន្លងមក..វាមិនមែនពិតធម្មតាទេវាពិតចោលម៉្រាយតាម៉ង….អ្នកធំៗខ្លះតាមមើលដូចជាអត់ដឹងខ្ឡួនផងក៏មិនដឹង…ពួកអាអ្នកទូចៗ បែបយកឈ្មោះគាត់ទៅលាបដើម្បីអីហើយគឺខ្ញុំឃើញគេចែកអំណោយបណ្តើរគេប្រាប់អ្នកទទួលអំណោយបណ្តីរ….សមដាច់នឹករលឹក….កុំភ្លចបោះឆ្នោត…..។ល។និង។ល។ណែលោកស្រុកស្រែ….បើគិតតាមធម៍អាថ៍អីទៅវាបាបងាប់ហើយណា..ែណវាអាចបាបដល់អ្នកធំៗ​មិនដឹងគេលួចឈ្មោះទៅទៀតណា….អានេះមិនត្រឹមតែមិនបានបុណ្យទេ….ដោយសារការធ្វើបុណ្យវាអត់ស្មោះហើយឆ្លៀតឃោសនាអីៗណាទៅទៀតដូចជារបៀបរកស៊ី…នេះខ្ញុំមិនទាន់ហ៊ានគិតទៅដល់លុយធើបុណ្យបានពី……ណាផងទេ!! តែសុំផ្តាំពឹងតាមតួនាទី​និង​បេសកកម្មលោកស្រុកស្រែ បានជួបនិង ជួយប្រាប់បងប្អូនអ្នកក្រីក្រ រួមទាំងអ្នកឃ្លាន អ្នកអត់ឃ្លានដែលបានទទួលអំណោយផងទាំងឡាយថាបើគេឲ្យអំណោយយកទៅនឹងសូមមេត្តាអនុមោទនាបុណ្យឲ្យម្ចាស់ទានផង បើថាអំណាយនេះបានមកពីសុច្ចរឹតសូមឲ្យម្ចាស់បានទទួលផលបុណ្យគ្រប់សម្បត្តិទំាងបីតែបើអំណោយនេះបានមកពីទុច្ចរឹតក៏សូមឲ្យម្ចាស់ទានបានរួចខ្លួនផងទៅ!!!!

    កុំថាអីថាវ៉ាន់មនុស្សចាស់នៅជិតវត្តចូលចិត្តតែបុណ្យអព្ចឹាងឯង……ពៀររំងាប់ដោយការមិនចងពៀរ​……

  6. ត្បកហើយស្អំទៀត ! អ្នកក្រអត់ហើយក៏ចេះតែទ្រាំៗទៅ មិនដែលហ៊ានឮមាត់ទេ ! មិនថាអញ្ចឹង លោកស្រុកស្រែ ? ម៉ាៗយកតែស៊ងទៅ រឿងបុណ្យបាបស្រេចតែ យមរាជអ្នកគិតមើលទៅ បើមិនគិតទេ ក៏គ្មានអ្នកណាទៅដឹង !

  7. ខ្ញុំ​ទើប​តែប្រទះ​ភ្នែក​និង​ពាក្យ ព្រាប អ៊ិន ត្រពាំងក្រឡឹង ក៏​រក​តាម Goggle មិន​ស្មាន​អី​ក៏​ជួប​និង​ប្លុក​ពូ ។ ឮថា​ ព្រាប អ៊ិន នេះ​ត្រូវ​ជា​ក្មួយ​របស់ អ៊ិន តាំ ផង​ដែរ ។ ឯលោក ស្រី យ៉ា ខ្ញុំ​ឃើញ​មាន​ប្រវត្តិបន្តិចបន្តួចដែល​គេ​តាំង​នៅ​ទួល​ស្លែង ។ រក​ចុះ​រក​ឡើង អ៊ិន តាំ ម៉ម សូណង់ដូ យូ ហុកគ្រី សុទ្ធ​តែ​អ្នក​កំពង់ចាម ល្មម​ខ្ញុំ​សរសេរ​អត្ថបទ​នៅ​កំពង់ចាម​កំពង់ចិត្ត​បាន​ទៀត ។

    • បន្ទាប់​ពី​ការ​កាត់ទោស​ប្រហារ​ជីវិត​លោក​ ព្រាប អ៊ិន នៅជើងភ្នំ ជិត​ទីប្រជុំជន​​ត្រពាំង​ក្រឡឹង​រួចមក យើង​ឧស្សាហ៍​ឮ​អ្នក​មាន​ជីវិត​​រស់​នៅ​និយាយគ្នា​លេងណាស់ នៅ​ពេល​ដែល​មាន​នរណា​ជំពាក់​លុយ​​គ្នា​ រួច​ខ្ជិល​សង… អ្នក​ជំពាក់ប្រាក់​​គេតែងនិយាយថា៖ ទៅ​យក​ពីអាអ៊ិន​ត្រពាំង​ក្រឡឹងទៅ!… ​​បានន័យថា ទៅ​យក​ពី​សពលោក​ ព្រាប អ៊ិន ដែល​គេ​ប្រហារ​ជិវិត​នៅ​ត្រពាំង​ក្រឡឹង​ទៅ…។

      ឯលោកឧត្តមសេនីយ៍ ស្រី យ៉ា គឺ​ជា​ស្វាមី​ក្រោយ​​របស់​អ្នក​ចំរៀងស្រី​ដ៏​ល្បី​ល្បាញ​របស់​យើង​ គឺ​អ្នក​ស្រី រស់ សេរីសុទ្ធា…។ តាម​ពិត​អ្នក​ស្រី រស់ សេរីសុទ្ធា គួរ​តែ​មាន​វាសនា​​រស់​រាន​មាន​ជីវិត ដូចអ្នកស្រី សូរ សាវឿន និង​លោក ម៉ៅ ឡៅពី ដែរ… ព្រោះ​អ្នក​ទាំងអស់​នេះ​បាន​ទៅ​ប្រគុំតន្រ្តី​នៅ​ក្រុង​ប៉ៃលិន ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ ឆ្នាំ១៩៧៥…។ នៅថ្ងៃ ១៥ ឬ ១៦មេសា មុនបែកភ្នំពេញ​​មួយថ្ងៃ អ្នកស្រី រស់ សេរីសុទ្ធា បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ​​តាម​ឧទ្ធម្ភាចក្រ ប្រហែល​ជា​មាន​ការ​​ព្រួយ​បារម្ភ និង​អន្តាគមន៍​ពី​ស្វាមី​របស់​អ្នកស្រី​ គឺ​លោក​ឧត្តមសេនីយ័ ស្រី យ៉ា ផង​ក៍​មិន​ដឹង។ តាម​លោក​ ម៉ៅ ឡៅពី និង​អ្នកស្រី​ សូរ សាវឿន បាន​អោយ​ដឹង​ផង​ដែរ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួគគាត់​បាន​ឃាត់​អ្នក​ស្រី រស់ សេរីសុទ្ធា​ មិន​អោយ​វិល​ចូល​ភ្នំពេញ​ទេ គឺ​ត្រូវរង់ចាំ​មើល​សភាពការណ៍​សិន… តែ​អ្នកស្រី​អត់ព្រមនៅ​សោះ…។ បន្ទាប់​មក ​ក្រោយពេល​បែក​ភ្នំពេញទៅ លោក ម៉ៅ ឡៅពី និង​អ្នកស្រី សូរ សាវៀន ក៍​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ទឹកដី​ថៃ​តាមអូតូប្លង់ដេ ឬ​អាស្គុត រួច​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​ទៅ…។

      • និយាយ​អញ្ចឹង​បែក​អូ​ហូរ​ស្ទឹង​ទៀត​ហើយ ។ ពូ​មាន​ដឹង​មូល​ហេតុ​គេ​ប្រហារ​ ព្រាប អ៊ិន ទេ ? ចុះ លោក ម៉ៅ ឡាពី នៅរស់​ឬយ៉ាងណា ? អ្នក​ស្រី​ សូរ សាវឿន ? ឥឡូវ​ពាក្យ អាអ៊ិនត្រពាំងក្រឡឹង​ នេះ​ដូច​ជា​សាប​រលាប​បន្តិច​ហើយ​មើល​ទៅ ។ សួរ​ឆ្ងាយ​មួយ​ទៀត ម្ដេច​ក៏​ពូ​ដឹង​ថា​ លោក យស អូឡារាំង ច្រៀង​បទ​ជិះស៊ីក្លូ ?

        • “គេ” ចោទគាត់ថា “ក្បត់ជាតិ”… តាម៉ាប់ដឹងហើយតើ ទាល់តែមានទោសក្បត់ជាតិ ទើបបានគេយកទៅប្រហារជីវិត…។ តែបញ្ហានៅត្រង់ថា តើគាត់ពិតជាក្បត់ជាតិមែន ឬក៍គាត់គ្រាន់តែជាជនរងគ្រោះ ទទួលបញ្ជាពីថ្នាក់លើរបស់គាត់? ឬមួយក៍អ្នកចោទគាត់ថាក្បត់ជាតិហ្នុង តើខ្លួនអែងយ៉ាងម៉េចដែរ?… ។ល។និង។ល។…

          ដោយឡែកចំពោះលោក ម៉ៅ ឡៅពី តាមដំណឹងដូចជាលោកទើបនឹងទទួលមរណភាព ដោយជរាពាធ នាប៉ុន្មានឆ្នាំមុននេះទេ។ ចំណែកអ្នកស្រី សូរ សាវឿន គាត់សព្វថ្ងៃកំពុងរស់នៅស្រុកបារាំង។ កាលពីឆ្នាំទៅ ឬឆ្នាំទៅមួយ គាត់បានមកលេងស្រុកខ្មែរ ហើយឃើញទូរទស្សន៍អញ្ជើញគាត់ឡើងឆាក សម្ភាសន៍សួរនាំពីប្រវត្តិផ្ទាល់ខ្លួនពីអតីតកាលផងដែរ។

          ដោយសារខ្ញុំជាកូនក្មេងនៅសម័យ លន់ នល់… និងម្យ៉ាងដោយសារខ្ញុំមើលសៀវភៅច្រើនក្បាល ច្រើនប្រភេទ ទើបដឹងថា បទជិះស៊ីក្លូ គឺច្រៀងដោយលោក យស អូឡារាំង… ចំណែកបទ ម៉ាកស៊ី នារីសម័យថ្មី គឺច្រៀងដោយលោក វ័រ សារុន…។ សំឡេងអ្នកចំរៀងយេៗ ទាំងពីររូបនេះស្រដៀងគ្នា ធ្វើអោយអ្នកស្តាប់ជាច្រើននាក់ តែងតែច្រឡំគ្នាញយដែរ… 😀

          • អីយ៉ា វ័រ សារុន ណា​ទៀត​ហើយ ឥត​ស្គាល់ទេ ប៉ុណ្ណេះ​ត្រូវ​ស្រាវជ្រាវ​បែក​ផ្សែង​ទៀត​ហើយ​ខ្ញុំ ។ ឪម៉ែ​ខ្ញុំ​ក្មេង​ជំនាន់​ណុង​ដែរ តែ​នៅ​ស្រុក​នៅ​ស្រែ​បែប​មិន​សូវ​ស្គាល់ទេ គាត់​ស្គាល់​តែ​ កែវ សារ៉ាត់ ពេល​ដាច់​មក​ហើយ​ ឃើញ​កាស្សែត​នៅ​ម៉ាគរ ។

            ចូល​មក​រឿង​ក្បត់​ជាតិ ខ្ញុំ​នៅ​ចាំ​ជីតា​ទួត​ខ្ញុំ​ថា លោក សម សារី ឪពុកលោក​ សម​ រង្ស៊ី ក៏​ត្រូវ​បាន​គេ​ចោត​ថា​ក្បត់​ជាតិ​ដែរ ហើយ​យក​ទៅ​ប្រហារ​ជីវិត​ដោយ​វះពោះ​ញាត់​ស្មៅអី​ទៀតផង មិនដឹង​ថា​ពិត​ឬ​យ៉ាង​ណា តែ​ក៏​ធ្លាប់​ឮ​ពេល​ក្រោយ​ទៀត​មក​ថា លោក សម​ រង្ស៊ី មិន​មែន​ធ្វើ​នយោបាយ​ទេ តែ​មក​សងសឹក​សម្ដេច​សីហនុ ពូ​ជួយ​អធិប្បាយ​ថែម​ផង ។

          • ខ្ញុំ​អត់ដឹងរឿងលោក សម សារីទេ ព្រោះគ្មានឯកសារ​ផ្លូវការ​ណា​មួយ​បន្សល់​ទុក​ឡើយ។ តែ​បើ​ការ​ប្រហារ​ជីវិត​លោក ព្រាប អ៊ិន គឺ​មាន​ថតជាខ្សែ​​ភាពយន្ត​តែ​ម្តង… ហើយ​នៅ​តាម​រោង​កុន មុនពេល​បញ្ចាំង​សាច់​រឿងម្តងៗ​ គឺ​គេ​ចាក់បញ្ចាំង​ឯកសារ​ប្រហារ​ជីវិត​លោក ព្រាប អ៊ិន​ នេះ​អោយ​ទស្សនិកជន​បាន​ទស្សនា​ជា​មុន​អោយ​ញាក់​សាច់​​សិន ដើម្បី​ជា​ទុន​សំរាប់​ផ្តាំកូន ផ្តាំចៅ​​ជំនាន់ក្រោយៗ អោយ​រាង​ចាល…។

            តាម​ខ្ញុំ​ចាំ មាន​ម្តងណា​នោះ សម្តេចតេជោ​​ប្រហែល​ជា​លោក​​​​មួម៉ៅ​ពេក​ក៍​មិន​ដឹង បាន​ជា​​សម្តេច​ប្រកាស​ថា ចង់​ចាក់ផ្សាយ​​ភាពយន្ត​ឯកសារ​ប្រហារ​ជីវិត​លោក ព្រាប អ៊ិន នៅ​ត្រពាំង​ក្រឡឹង ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​​ទូទៅ បាន​ទស្សនា​ពេញ​ភ្នែក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​គ្រប់​ប៉ុស្តិ​តែ​ម្តង…។ តែ​មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​អាក់​ខាន​វិញ​ទៅ… កុំអី​ណឹង ប្រហែល​ជា​ល្អមើល​ជាង ជេមប៊ន-០០៧ ទៅ​ទៀត…។

            ណ្ហើយ!… សុំស្លេះ​ត្រឹមនេះចុះតាម៉ាប់ ព្រោះ​គ្មាន​បាន​ការ​អី​ទេ… ម្យ៉ាង​ទៀត​ ​សាក្សី​រស់​ក៍​មាន​​នៅ​សល់​ច្រើននាក់​​ដែរ… ខ្ញុំ​ខ្លាច​និយាយ​ទៅ​ខុស​ការពិត នឹង​ចូល​ក្នុង​បទ​បរិហារកេរ្តិ ឬ​រហូត​ដល់​ប៉ះពាល់​សន្តិសុខ​ជាតិ តើ​ខ្ញុំ​ទៅណា​ខ្ញុំ?… 😀

  8. និស្សិតផ្ដាច់សង្ខារ

    សូមយកទៅចុះក្នុងវិគីបានទេ អំពីប្រវត្តិស្រុកនេះ។

    • អរគុណ… តាម​ចិត្តចុះ… គ្រាន់​តែ​ថា នេះ​មិន​មែន​ជា​អត្ថបទ​ស្រាវជ្រាវ​​ផ្លូវការ​អីទេ។ ប្រសិន​បើ​មាន​អស់លោក​អ្នក​ដឹង​ប្រវត្តិ​ច្បាស់ គឺ​អាច​កែ​ប្រែ​បាន​នៅ​ទី​នោះ។ សំរាប់​ខ្ញុំ​ គឺ​មិន​មាន​បញ្ហា​អីទេ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s