Monthly Archives: ខែធ្នូ 2011

ស្ពានតាខ្មៅ​ ចាប់​ដំណើរ​ការ​សាង​សង់​ហើយ..!!

ព្រឹកមិញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ នេះ ខ្ញុំជិះកាត់ក្រុងតាខ្មៅ ទៅស្វាយរលំ បានឃើញ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ដែល​បាន​ចាប់​ផ្តើម​ខួង​សសរ​ស្ពាន​ដំបូង​នៅ​ថ្ងៃនេះ…។

ខាងក្រោមនេះ ជា​រូបភាព​ការដ្ឋាន​ស្ពានឆ្លង​កាត់ទន្លេ​បាសាក់ ដែលខ្ញុំ​បានថត​ទុក​ជា​ឯកសារ​សំរាប់​ចែក​ជូន​បងប្អូន​ទាំងក្នុង និងក្រៅ​ប្រទេស​ អោយ​បាន​ឃើញ​ពីការ​ចាប់​ផ្តើម​សាង​សង់​ស្ពាន​នេះ​ជា​លើក​ដំបូង…៕

takhmao bridge construction

បដាបង្ហាញពីការសាងសង់ស្ពានតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់។ ប្រភពថវិកាសាងសង់ស្ពាននេះ គឺជាកម្ចីឥណទានពីប្រទេសចិន និងទទួលសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប…

takhmao bridge construction

នេះជាគល់ស្ពានត្រើយខាងលិចទន្លបាសាក់។ ត្រង់នេះត្រូវវ៉ៃរបងវត្តព្រែកសំរោង ដើម្បីពង្រីកផ្លូវ និងតួស្ពាន… រីឯគល់ស្ពានត្រើយខាងកើត គឺនៅចំខាងក្រោមវត្តចំពុះក្អែក…

takhmao bridge construction

នេះជាម៉ាស៊ីនខួងសសរស្ពានទី១ ដែលបានចាប់ផ្តើមក្នុងថ្ងៃនេះ…

takhmao bridge construction

ក្រុមវិស្វករបានធ្វើផ្លូវចូលក្នុងទន្លេ ដើម្បីងាយស្រួលចាក់សសរស្ពាន…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ខ្មែរ​យើងគួរ​ប្រើប្រាស់​ Facebook អោយ​មាន​ប្រយោជន៍..!!

ព្រឹកនេះ​ ក្រោយពី​បានអាន​ប្រកាស​របស់​ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ដែលមាន​ចំណង​ជើង​ថា ក្រុម “ ព័ត៌មានជាតិដោយសេរី​ថ្មីៗ និង ប្រតិកម្មរហ័ស” ធ្វើ​អ្វី​ពិត​ប្រាកដ​ទៅ​ក្នុង​ហ្វេសប៊ុក?  រួចមក ខ្ញុំ​បាន​ឆ្លៀត​ចូល​ទៅ​អាន​មតិ​ខ្លីៗ​របស់​អ្នកលេង​ហ្វេសប៊ុក​ថែមទៀត​ផង។ ដើមហេតុ​នៃ​បញ្ហា​នៅ​ឯ​ហ្វេសប៊ុក​ក្នុង​រឿង​នេះ គឺ​មាន​ប្រភព​ចេញ​មក​ពី​​អត្ថបទ​របស់​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ នៅវើលប្រ៉េស ឯណេះ​​​ ដែលមាន​ចំណង​ជើង​ថា៖ ឆៃលីដាឡែន​ពិសោធន៍​ឃើញ​ថា​ក្បាល​ខ្មែរ​​ភាគច្រើន​មាន​ខួរ​​ស្អុយ​រលួយ​​មួយ​ចំហៀងធំ…។

ដោយ​ពិត​ទៅ​ ខ្ញុំ​បាន​ទាយ​ទុក​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ថា អត្ថបទ​របស់​លោក​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ​ មួយនេះ​ នឹង​មាន​ប្រតិកម្ម​ពី​មិត្ត​អ្នក​អាន​នៅ​ទី​នេះ​ជា​មិន​ខាន ហើយ​ខ្ញុំ​នៅ​​រង់ចាំ​មើល​រហូត… តែប្រតិកម្ម​នៅ​​ទីនេះ​ ទាំងវិជ្ជមាន និងអវិជ្ជមាន​ គឺ​មាន​ភាព​ថ្លៃថ្នូរ​​។ រីឯ​នៅ​ហ្វេសប៊ុក​វិញ គឺ​មាន​តែ​ប្រតិកម្ម​ប្រកប​ដោយ​ពាក្យ​អសុរស ​ជេរ​បញ្ចោរ​​ឡើង​បែក​ផ្សែង​តែម្តង។ ហើយ​លោក​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ក៍​ហាក់​ដូច​ជាខន្តី… ​មិន​មាន​យោបល់​អី​តប​តទៅ​ពួក​គេ​វិញ​ដែរ។​

និយាយ​តាម​ត្រង់​ចុះ ពេល​ខ្ញុំ​អាន​មតិ​ប្រតិកម្ម​របស់​ពួក​​គេ​​រួចមក ខ្ញុំបែរ​ទៅ​ជា​អាណិត​ពួក​គេ​ទៅ​វិញ​ទេ ព្រោះ​ពួក​គេ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​​ដូច​ខ្ញុំ​ដែរ តែ​ប្រតិកម្ម​របស់​ពួកគេ ក្រៅ​តែ​ពី​ពាក្យ​តេះដៀល​ ជេរបញ្ចោរ គឺ​អត់​មាន​យោបល់​​អី​ដាស់​តឿន កែលំអ ឬក៍​ការ​ជជែក​​ពិភាក្សា ផ្លាស់​ប្តូរ​យោបល់​គ្នា​​ជា​មួយ​ម្ចាស់​អត្ថបទ​ និង​អ្នក​អាន​ផ្សេងៗ​​ទៀត​​សោះ ហើយ​ព្រួតគ្នា​ជេរ​យក​ម៉ា​ឈ្នះ​ដៃ​តែ​ម្តង។

ដូចខ្ញុំ​បានសរសេរ​មតិ​ខ្លីមួយ​​នៅ​ផ្ទះ​ស្រុកខ្មែរ ស្នេហ៍​ខ្ញុំ រួចហើយ​ថា នៅ​ហ្វេសប៊ុក ហាក់​ដូច​ជា​​មាន​អ្នក​ទំនេរ​ច្រើន ព្រម​ទាំងមួយ​ចំនួន​ណា​នោះ គឺ​មាន​ជំនាញ​ច្បាស់​លាស់​ខាង​ជេរបញ្ចោរ​​​​តែ​ម្តង។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​មាន​ផ្ទះ​នៅ​ហ្វេសប៊ុក​ទេ តែ​ដោយ​សារ​មាន​សំណូមពរ​ខ្លះៗ​ពី​គ្នីគ្នា​យើង​ ទើប​ខ្ញុំ​ចេះ​តែ​បង្កើតៗ​ទៅ តែ​ខ្ញុំ​មិន​ដែល​ប្រើ​ផង…។

ខ្ញុំគិត​ថា នៅ​ស្រុកយើង​សំណាង​ហើយ​ ដែល​រដ្ឋាភិបាល​បានអនុញ្ញាត្តិ​អោយ​ប្រជាជន​ខ្មែរ​​ប្រើប្រាស់​ Facebook ​ដោយ​សេរីបែបនេះ ដែល​ខុស​ពី​ប្រជាជន​​វៀតណាម គឺមិនមាន​សំណាង​បាន​លេង​សប្បាយ ​ជាមួយ​នឹង​បណ្តាញ​សង្គម​​ដ៏​មានប្រជាប្រិយ​មួយនេះ ជា​មួយ​នឹង​មិត្តភក្តិ​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក​បានទេ​។ ចុះបើ​មាន​​ឳកាស​បាន​លេង​សប្បាយ​ជា​មួយ​ហ្វេសប៊ុក​ដោយ​សេរី​ទៅ​ហើយ ហេតុម៉េច​បាន​ជា​អ្នក​ប្រើ​ប្រាស់​ជា​ជនជាតិ​ខ្មែរ​យើង​ ​មិន​ចេះ​ទាញ​យក​ប្រយោជន៍​ពី​វា​វិញ​សោះ​អីចឹង? ប្រយោជន៍​របស់​វា​មាន​ច្រើន ដូចជា​បង្កើត​នូវ​ចំណង​មិត្តភាព និងការ​រាប់​អាន​ដ៏​ទូលំទូលាយ​គ្មាន​ព្រំដែន និងចែករំលែក​នូវ​ចំណេះ​ដឹង និង​បទពិសោធន៍​អោយ​​គ្នា​ទៅវិញ​ ទៅមកជាដើម។ ​

ចំពោះ​រៀមច្បង​អ្នក​ចេះដឹង​ទាំងឡាយ គួរ​តែ​បង្ហាញ​នូវ​គំនិត​​ ឬទស្សនៈ​ផ្សេងៗ ដែលទាក់ទង​ទៅ​នឹង​​ការ​អប់រំទូន្មាន​​​​​អំពី​សីលធម៌ ចរិយាធម៌​ក្នុង​សង្គម​ខ្មែរ ព្រម​ទាំង​ចំណេះ​ដឹង​ជា​សកល​ផ្សេងៗ​ទៀត យកមក​ដាក់​នៅ​លើ Facebook ឬ WordPress ​និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​​​ សំរាប់​អោយ​កូន​ខ្មែរ​ជំនាន់​​ក្រោយ បាន​សិក្សា​រៀន​សូត្រ​នូវ​ចំណេះ​​ដឹ​ង​ទាំង​អស់​ដែល​មាន​នៅ​លើ​ Internet​ ។ នេះ​គឺ​ជា​អត្ថប្រយោជន៍​របស់​ Facebook ឬ WordPress ដែល​ខ្មែរ​យើង​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​នេះ។ ចុះ​បើ​​អ្នក​ប្រើ​ប្រាស់ បាន​ត្រឹម​តែ​ប្រមូល​ផ្តុំ​​គ្នា​លេង ​ខាត​បង់​ពេល​វេលា​អត់​ប្រយោជន៍ ​ដោយ​ប្រើ​ពាក្យ​​សំដី​​មិនសមរម្យ​ដាក់​គ្នា ហើយ​​មាន​រឿង​អី​ភា្លម​ ​ព្រួត​គ្នា​​ជេរ​បញ្ចោរ​​​បែប​នេះ ប្រសិន​បើ​ប្រទេស​ជិត​ខាង​គេ​អានរួច ឬមើល​ដាច់​ដឹង​​សាច់​រឿង​វិញ គឺគួរ​​អោយ​ខ្មាស់​គេ​ណាស់..!!

ស្រុកស្រែ

តើជនជាតិ​អឺរ៉ុប បាន​ឃើញអង្គរវត្ត​ជា​លើក​ដំបូង​នៅ​​ឆ្នាំ​ណា?

ចំលើយ គឺអ្នកជំនួញ​ជនជាតិ​ព័រទុយហ្គាល់​មួយក្រុម ដឹកនាំ​ដោយ​លោក ឌីយ៉ូហ្គោ ដូគូតូ (Diogo do Couto) បាន​ទៅ​ដល់​រាជធានី​អង្គរ​នៅ​ឆ្នាំ១៥៥០ គឺ​ក្រោយ​ពេល​ដែល​ខ្មែរ​យើង​បោះបង់​ចោល​ក្រុង​អង្គរ​​ ប្រមាណ​ជា ១៦០ឆ្នាំ…។ ក្រោយ​មក ៣៦ឆ្នាំ ទើប​បាន​មាន​សង្ឃផ្សព្វផ្សាយ​សាសនា​ជនជាតិ​ព័រទុយហ្គាល់ ដដែល​ដឹកនាំ​ដោយលោក អង់តីនីញ៉ូ ដាម៉ាក់ដាឡឺណា (Antonio da Magdalena) បាន​ទៅដល់​រាជធានី​អង្គរ​ ម្តងទៀត​ គឺនៅ​ឆ្នាំ១៥៨៦។

រីឯ​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំងវិញគឺ​លោក ហេនរី ម៉ូហុត (Henri Mouhot ១៨២៦-១៨៦១) ​បានមក​ដល់​​រាជធានី​អង្គរ​​នៅ​ខែមករា ​ឆ្នាំ១៨៦០ (ឯកសារ​ និងប្រវត្តិ​ពិស្តារ​​ សូមអានប្រកាស​របស់​តាម៉ាប់៖ លោក ហង់រី មូហុត)។ បន្ទាប់មក​ គឺលោក ហ្រ្វង់ស្វ័រ ហ្កានីញ៉េ (François Garnier ១៨៣៩-១៨៧៣) ​ជាអ្នក​ស្រាវជ្រាវ​តាម​​ដង​ទន្លេ​មេគង្គ​ជា​លើក​ដំបូង បាន​ទៅ​ដល់​រាជធានី​អង្គរ​នៅ​ឆ្នាំ១៨៦៦ គឺ​ក្រោយ​ពេល​មរណភាព​របស់​លោក ហេនរី ម៉ូហុត បាន​ ៥ឆ្នាំ។

Henri Mouhot

លោក ហេនរី ម៉ូហុត (១៨២៦-១៨៦១) គូរដោយលោករ៉ូស្សូ (រូបថត Wikipedia)

Francis Garnier

លោក ហ្រ្វង់ស្វ័រ ហ្កានីញ៉េ (១៨៣៩-១៨៧៣) នៅប្រាសាទអង្គរវត្ត ឆ្នាំ១៨៦៦ (រូបថតWikipedia)

Francis Garnier Ship

នេះជានាវាហ្រ្វង់ស្វ័រ ហ្កានីញ៉េ ដែលក្រោយមក ត្រូវបានបាញ់ពន្លិចដោយកងទ័ពជប៉ុន នៅទន្លេមេគង្គក្នុងខេត្តក្រចេះ នាខែមីនា ឆ្នាំ១៩៤៥

(អត្ថបទសង្ខេប និងដកស្រង់ចេញពី Wikipedia)

គួរ​ឈប់​ប្រើ​ពាក្យ ​​ថ្លៃ​ទឹកដោះ​​ ដែល​​ខាង​​កូនក្រមុំ ទារ​ពីខាង​កូន​កំឡោះ​ទៅ…

រឿងនេះ​ទាក់​ទង​​ទៅ​នឹង​ទំលាប់​​ហៅ​របស់​ខ្មែរ​យើង​ទេ​​មើល​ទៅ… តើ​គ្នា​យើង​ខាង​ប្រុសៗ ធ្លាប់​មាន​ចំងល់​នឹង​ពាក្យ​នេះ​ដែរ​ឬទេ?  ហេតុអ្វី​បាន​ជា​ការទារលុយ​ពី​ខាង​កូនកំឡោះ​ឆៅៗ​ បែប​នេះ​​ ត្រូវ​បាន​​​ខាង​ស្រី ហៅ​ថា ថ្លៃទឹកដោះ​(ថ្លៃចិញ្ចឹម?) ទៅវិញ? តើ​ទំលាប់​ទារ​លុយ​ពី​ខាង​កូនកំឡោះ​ ដែល​​ភាសា​អាចារ្យ​ថា ថ្លៃបណ្ណាការនេះ​​ កើត​មាន​ឡើង​​ចាប់​តាំង​ពី​ពេល​ណា​មក?

បើ​សង្កេត​មើល​ពី​ទិដ្ឋភាព​ទូទៅ​វិញ ​ការដែល​ខាង​ប្រុស​​ជូន​ប្រាក់ ថ្លៃ​ទឹកដោះ ​​​​​ទៅ​ខាង​ស្រី​ ឬ​ខាង​កូន​ក្រមុំ​បែប​នេះ​ គឺ​ហាក់​ដូចជា​ការ​ជួញ​ដូរ​តែ​ម្តង..!! គ្រាន់​តែ​ថា ជា​ការ​ជួញ​ដូរ​​តាម​បែបពិធីការ និង​​មាន​​ការ​ព្រម​ព្រៀង​​គ្នា​ជា​ពិសេស​​​តែ​ប៉ុណ្ណោះ… ព្រោះ​ខាង​ប្រុស ​ប្រគល់​លុយ ​ទៅ​ខាង​ស្រី ហើយ​ខាង​ស្រី​ក៍​ព្រម​ព្រៀង​គ្នា​ ជូន​កូន​ក្រមុំ ទៅ​ខាង​ប្រុស​វិញ​ដែរ។ ចំពោះ​ការ​​កំណត់​​ទារលុយ​ត្រង់ៗ ពី​ខាង​កូន​កំឡោះ​បែប​នេះ​ ជាទូទៅ​ត្រូវបាន​ខាង​ស្រី​អះអាង​ថា សំរាប់​យក​មក​ ចាត់​ចែង​ក្នុង​ពិធី​មង្គលការ..!! បើ​បែប​នេះ​មែន ​ហេតុ​ម៉េច​​បាន​ជា​យើង​​មិន​​នាំ​គ្នា​រក​​​​​ពាក្យ​ស្អី​ផ្សេង​​ យក​មក​ប្រើ​​អោយ​វា​ពិរោះ​ពិសារជាង​ពាក្យ​ ថ្លៃទឹកដោះ​​នេះ​តែ​ម្តង​​ទៅ?

​និយាយពី​ការ​ទារ​ប្រាក់​​ពី​ខាង​កូនកំឡោះ​ សំរាប់​យក​មក​ចាត់​ចែង​ក្នុង​ពិធី​មង្គលការ​​​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​អក្សរ​សិល្ប៍​​ប្រជាប្រិយ​ខ្មែរ​យើង​​រឿង ឪពុកក្មេក​រើស​កូន​ប្រសារ។ រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ខ្មែរ​​​​នា​សម័យ​កាល​នោះ ដែល​កំឡោះៗ​ទាំងឡាយ​ ត្រូវ​បាន​ទៅ​​បំរើ​ និង​ធ្វើ​កិច្ចការ​​ស្រែ​ចំការ​ ផ្ទះ​សំបែង​​​​សព្វសារពើ​​​នៅ​ផ្ទះ​ខាង​​​កូនក្រមុំ តាម​ពេល​វេលា​​ដែល​ខាង​ស្រី​ជា​អ្នក​​កំណត់​។ ប្រសិន​បើ​មិន​ត្រូវ​ចិត្តទេ នោះ​ឪពុក​ម្តាយ​ខាង​ស្រី​ មានសិទ្ធិ​គ្រប់​គ្រាន់​ ដើម្បី​ផ្តាច់​ពាក្យ​​ពី​ខាង​ប្រុស​បាន​។ ខ្ញុំ​គិត​ថា ​ប្រហែល​ជា​បន្ទាប់​​ពី​មាន​រឿង ​ឪពុកក្មេក​រើស​កូន​ប្រសារ នេះ​មក ប្រពៃណី ឬ​ទំលាប់​​យក​កូន​កំឡោះ​ អោយ​ទៅ​នៅ​បំរើ​ផ្ទះ​ខាង​ស្រី​​ត្រូវ​បាន​បញ្ចប់ ដោយ​ប្តូរ​​ពី​​​ការ ​ទារ​យក​កំលាំង​ពលកម្ម​​ ពី​ខាង​កូន​កំឡោះ មក​ជា​ការ ​ទារ​​យក​ប្រាក់ វិញ។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ ​​យើង​​ឧស្សាហ៍​ឮកំឡោះៗ​និយាយ​ថា៖ ចង់​សន្សំលុយ​ទុក​ការ​ប្រពន្ធ!… ស្រឡាញ់​គេ​ម្នាក់​ហើយ តែ​អត់​លុយ​ការ!… ពួក​ខ្ញុំ​ត្រូវ​គ្នា​ហើយ តែ​ម៉ែឪ​គេ​(ខាងស្រី) ទារលុយ​ច្រើន​ពេក!…​។ល។ គឺ​ហាក់​ដូច​ជា​ខាង​ស្រី​ ​ចាំ​បង្ខំ​ទារ​​ប្រាក់​ពី​ខាង​កូន​កំឡោះ​ ដើម្បី​យក​មក​រៀប​ចំ​មង្គលការ​យ៉ាង​ម៉េច​មិន​ដឹង​ទេ…។

​​ខាង​លើ​នេះ​ គឺ​គ្រាន់​តែ​ជា​ទស្សនៈ​អវិជ្ជមាន​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ទៅ​លើ​ពាក្យ​ថា ថ្លៃទឹក​ដោះ។ ខ្ញុំ​គ្មាន​យោបល់​អី​ទៅ​លើ​ទំលាប់​ខាង​ស្រី ​ទារ​លុយ​ពី​ខាង​ប្រុស​​នេះទេ​ ​តែយើង​​ក៍​​គួរ​ទំលាប់​​​​នាំ​គ្នា​​​ហៅ​ថា ប្រាក់​រៀបចំ​ពិធី​មង្គលការ ឬ​ក៍​​ហៅ​​ស្អី​ផ្សេង​​ខុស​ពី​ពាក្យថា ប្រាក់​ថ្លៃ​ទឹកដោះ​នេះ​ទៅ ដែល​​នឹង​មាន​ន័យ​សមរម្យ​ជាង ព្រម​ទាំង​លើក​​​កិត្តិយសជាង​​​​​ ទាំងខាង​ប្រុស​ ទាំង​ខាង​ស្រី​មិន​អោយ​បាក់​មុខ​ផងដែរ។

ស្រុកស្រែ

ខ្មែរ​យើង​​បាន​ចុះ​​​អាប់​អោន​​បីដង នៅក្នុង​​ប្រវត្តិសាស្រ្ត​របស់​​ខ្លួន..!!

សំគាល់៖ នៅក្នុង​ប្រកាស​ បដិវត្តន៍តាត្រសក់ផ្អែម លោកវិចិត្រ មិត្ត​អ្នកអាន​ជា​ទី​គោរពរបស់​ខ្ញុំ គាត់​បាន​សរសេរ​ក្នុង Comment ថា៖ …​ខ្មែរយើង​មិន​ទៅ​ចាំ​បាច់​មើល​អ្វី​ឆ្ងាយ​ជ្រៅ​ក្នុង​អតីតកាល​នោះ​ទេ មើល​តែ​ម្ដុំ​ឆ្នាំ​១៩៥០ មក​ដល់​សព្វ​ថ្ងៃនេះទៅ…  ដោយសារ​តែ​ចំលើយ​របស់​​ខ្ញុំ ​រាងវែង​ឆ្ងាយ​បែកអូរ ហូរ​ជា​ស្ទឹង លេចវាល​ចូលព្រៃ ចេញពី​ដឿង​ហែម​​ចូល​​កាហ្វេ​ហ្វីន… ហេហេ… ម្យ៉ាង​នឹក​ទៅ​ដល់​​អាជើង​ល្អ​នៅ​ WordPress ដែល​នឹង​អាច​បិទ​ Comment ចោល​ដូចប្រកាស​ ចំរៀងទន្សោង​គោព្រៃ ទៀត​..!! ហេតុនេះ ខ្ញុំក៍​សំរេច​ចិត្ត​ថា នឹង​ដាក់​ជាប្រកាស​ដូច​ខាង​ក្រោម​នេះ​តែ​ម្តង​ទៅ… ប្រសិន​បើ​ពួក​គេចង់​​បិទ​​ គឺបិទ​ប្រកាស​ក៍បាន បិទComment ក៍បាន…​ ​ត្រូវអត់ ក្រុមអន្ទឹត WordPress?…

*******************

ពីមុននេះ ខ្ញុំ​ធ្លាប់​​បាន​ដាក់​ប្រកាស​មួយដែល​​មាន​លក្ខណៈ​ជា​ការ​ជជែក​ពិភាក្សា​គ្នា​លេង​នៅ​ប្លុក​ស្រុក​ស្រែ​​ របស់​ខ្ញុំ​នេះ មាន​ចំណង​ជើង​ថា តើចំណុច​ខ្សោយ​របស់​ជនជាតិ​ខ្មែរយើង​មានអ្វីខ្លះ? ហើយ​ពេល​នោះ​ មាន​ញាតិ​មិត្ត​យើង​ជា​ច្រើន​នៅ​ទី​នេះ ​បាន​មាន​ប្រសាសន៍​​​ទាក់​ទង​នឹង​ចំណុចខ្សោយ​​របស់​ខ្មែរ​យើង​យ៉ាង​ផុលផុស…។

សំរាប់​ខ្ញុំ​នៅ​តែ​គិតថា ដោយ​សារ​តែ​ខ្មែរ​យើងពីសម័យ​ដើម និង​សម័យបច្ចុប្បន្ន មិនបាន​​សិក្សា​ច្បាស់​លាស់ និង​​មាន​ភាព​ស្រពិចស្រពិល​អំពី​មូល​ហេតុ​​ចម្បងៗ​ដែល​ជា​ចំណុច​ខ្សោយ​​នាំអោយ​ខ្មែរ​យើង​ចុះ​អាប់​អោន​នេះ​ហើយ បាន​ជា​យើង​ងើប​​​ពី​សន្លប់​អត់​រួច​សោះ។ ហេតុនេះ យើង​គួរ​តែ​សង្កេត​មើល​ថយក្រោយ​អោយ​បាន​ឆ្ងាយ​បន្តិច​ទៅ​ ក៍​ជា​ការ​ប្រសើរ​ដែរ។​ តាម​ខ្ញុំ​យល់​ អារ្យធម៌ ឬកិត្យានុភាពខ្មែរ​យើង​​ បានចុះ​អាប់​អោន និង​រលាយ​រលត់​ជា​បន្តបន្ទាប់​ នៅ​ក្នុង​ដំណាក់កាល​​ធំៗ​បីដង ​នៃ​ប្រវត្តិសាស្រ្ត​​របស់​​ជាតិ​យើង​គឺ៖

  • លើក​ទី​មួយ​​​ គឺក្រោយពេល​បដិវត្តន៍​ប្តូរ​សាសនា​ពី​​ព្រហ្មញ្ញ ទៅ​ព្រះពុទ្ធ ​របស់​តាជ័យ ឬតាត្រសក់ផ្អែម (១២៩០?) ​​ដើម្បី​បិទ​បញ្ចប់​ពូជ វរ្ម័ន ក្នុង​មហាក្សត្រ​ខ្មែរ។ ផលវិបាក​នេះ​ គឺ​បាន​ធ្វើ​អោយ​ខ្មែរយើង​លែង​នៅ​ជា​អាណាចក្រ​ទៀត​ហើយ ព្រោះ​​រដ្ឋ​ជា​ចំណុះ​ជិត​ខាងទាំងឡាយ បាន​របូត​ចេញ​​អស់​ពី​ក្នុង​ដៃ​​អាណាចក្រ​ខ្មែរ​ ហើយ​រដ្ឋ​ទទួលបាន​ឯករាជ្យ​ថ្មីៗ​ទាំង​នោះ បាន​ហក់​​មក​សង្រ្គប់​អាណាចក្រ​ខ្មែរ​វិញ​ រហូត​​ដល់​​ថ្នាក់​ រត់​​ចោល​រាជធានី​​អង្គរ​តែ​ម្តង​(១៣៨៨?)។
  • លើកទីពីរ គឺក្រោយ​ពេល​សៀម​វាយ​បែក​បន្ទាយ​លង្វែក​​នៅ​ឆ្នាំ១៥៩៣។ ផលវិបាកនេះ ​បាន​ធ្វើ​អោយ​ខ្មែរ​បាត់បង់​​នូវគម្ពីរ​ក្បួនខ្នាត​ទាំងអស់ ​ដែល​បន្សល់​ទុក​តាំងពីរើវាំង​​ចេញ​ពី​ក្រុង​​អង្គរ​មក… គឺហាក់​ដូច​ជា​សៀម បាន​ដក​យក​ព្រលឹង ឬ​ដួងកែវ​ចេញ​ពី​​ក្នុង​ខ្លួន​ខ្មែរ​​ទៅ​​បាត់​អស់​​អីចឹង… នេះ​មិន​និយាយ​ដល់​ការ​បាត់​បង់​ធនធាន​មនុស្ស​ដែល​សៀម​បាន​កៀរ​យក​ទៅ​ស្រុក​គេ​អស់ ៩ម៉ឺននាក់​ផងទេ។ ផល​វិបាក​លើក​​នេះ បាន​ធ្វើអោយ​ខ្មែរ​លែង​ទៅ​ជា​រដ្ឋ​ឯករាជ្យ​ទៀតហើយ ដោយ​​នៅ​ក្នុង​រាជវាំង​ខ្មែរ ម្តង​គ្រប់​គ្រង​ដោយ​ខ្លា​ទិស​ខាង​លិច ម្តងគ្រប់​គ្រង​ដោយក្រពើ​ទិស​​ខាង​កើត​… កាលណោះ​ ប្រសិន​បើ​ខ្លា និង​ក្រពើ​ ចេះ​និយាយ​ស្រុះស្រួល​​ក្នុង​ការ​បែងចែក​​​គ្នា​​តាមដំណើរ… លើៗ ក្រោមៗ ឬ​មួយចំហៀង​ម្នាក់​វិញ… ម៉្លេះសមខ្មែរ​​យើង​ ប្រហែល​ជា​អាលីងឆិញ​អត់ខុស​ពី​ចាម្ប៉ា​សោះ..!! តែនេះ​ហេង​ហើយ​ដែល​ខ្លា និង​ក្រពើ​​​ ម្នាក់ៗ​​លោភលន់​​ ចង់​ស៊ីដាច់​តែ​ម្នាក់​​​ឯង​រៀងៗខ្លួន ទើប​បាន​​យើង​ មាន​វាសនា​​​មាន​ឈ្មោះ​ក្នុង​ផែនទី​ពិភពលោក​នឹង​គេ​រហូត​ដល់​សព្វថ្ងៃ​នេះ…។
  • លើកទីបី គឺក្រោយពេល​ ប៉ុលពត វាយ​បែក​ទីក្រុង​ភ្នំពេញ​ក្នុង​ខែ​មេសា ឆ្នាំ១៩៧៥។ ​លើក​​នេះ គឺ​ជា​ស្នាដៃ​ខ្មែរ កំទេច​​អ្វីៗ​ទាំងអស់​ដែល​ជា​របស់​ខ្មែរ​ខ្លួន​ឯង ​អោយ​ទៅ​ជា​ផេះ… ​​​ក្នុង​នោះ​ បានបង្ក​នូវ​ឧក្រឹដ្ឋកម្ម​​សំលាប់​ខ្មែរ​គ្នាឯង​​អស់​ជិត​ពីរលាននាក់​ថែមទៀត​។ គឺផលវិបាក​លើក​ទីបី​​នេះ​ហើយ​​ ​ដែល​ជា​មូល​ហេតុ​ធ្វើ​អោយជាតិ​​សាសន៍​ខ្មែរ​យើង ប៉ើងខ្ទាត​​ទៅ​នៅ​តាម​ទ្វី​ប​​​នានា​ក្នុង​ពិភពលោក​ក្នុង​នាម​ជន​ភៀស​ខ្លួន​ រហូត​ដល់​សព្វ​ថ្ងៃនេះ។ ចំណុច​នេះ​ នឹង​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្មែរថា ​តើ​មូល​ហេតុ​អ្វី​បាន​ជា​ជនជាតិ​ខ្មែរ​យើងរាប់​សែននាក់ បាន​ធ្វើ​ចំណាក​ស្រុក ឬ​ធ្វើ​អន្តោប្រវេសន៍​ទៅ​នៅ​តាម​ទ្វីប​នានា​ ដូចជា​​អាមេរិក អឺរ៉ុប និង​​អូស្រ្តាលី… ជា​ដើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០?

ការចុះ​អាប់​អោន និង​រលាយ​រលត់​ជា​បន្តបន្ទាប់​នៃ​អារ្យធម៌​ និង​មោទនភាព​ជាតិ​​​ខ្មែរ​យើង​នេះ គឺ​ដោយ​សារ​តែ​យើង​មាន​ចំណុច​ខ្សោយ​​កែ​មិន​ឡើង​សោះ…។ ចំណុច​ខ្សោយ​​នោះ តាមខ្ញុំយល់ ​គឺបណ្តាល​មក​ពីមូលហេតុ​តែ​មួយ​គត់គឺ​ ការបែក​បាក់​សាមគ្គី​គ្នា​​​ នៃ​អ្នក​ដឹក​នាំ​ខ្មែរ… ព្រោះ​រឿង​នេះ មិន​អាច​បន្ទោស​​​ទៅ​លើ​រាស្រ្ត​តូចតាច​បាន​ទេ។ ​បើគិត​ថែម​បន្តិច​ទៀត​ទៅ… ​តើអ្វី​​ទៅ​ដែល​នាំ​អោយ​​អ្នក​ដឹក​នាំ​ខ្មែរ​​មិន​អាច​រួបរួម​សាមគ្គី​គ្នា​​​ និង​អត់​អោន​អោយ​គ្នា​ទៅវិញ​ទៅមក​បាន​? ចំឡើយ​គឺ ​បណ្តាល​មក​ពី​ការ លោភលន់​​ចង់បាន…។ គិត​លេងៗ​​បន្តទៀត… តើ​អ្វី​ទៅ​​ដែល​អ្នក​ដឹក​នាំ​​ខ្មែរ​​​​​និយមចូល​ចិត្ត លោភលន់​ចង់​បាន​នោះ? ចំឡើយគឺ​ អំណាច ​បុណ្យ​សក្តិ លាភ​សក្ការៈ..!!

…គឺចំឡើយ​ចុង​ក្រោយ​នេះ​ហើយ ដែល​​ជា​ឳកាស​មាស​​ សំរាប់​អោយ​​​ខ្លា និង​ក្រពើ​ នាំគ្នា​​កាត់​តំរឹម​យក​អស់​ម្តង​បន្តិចៗ តាំងពីដី​នៅលាត​សន្ធឹង​​​​ជា​​អាណាចក្រ​ រហូត​​ដល់​នៅ​​សល់​តែ ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា ត្រឹម​អត់លើស​ អត់ខ្វះ​​មួយមីល្លីម៉ែត្រ..!! ហេតុនេះ​ យកល្អ​ គឺ​យើងមិន​​គួរ​តូចចិត្ត​ តូចថ្លើម​នឹង​​អ្នក​ដទៃ​អី​ទេ… បើ​ចង់បន្ទោស គួរបន្ទោស​​ខ្លួន​ឯង​វិញ​ទៅ​​ ​បានឡូយ​..!!

ស្រុកស្រែ

ព្រះបាទ​ កោណ្ឌញ្ញជ័យវរ្ម័ន ឧត្តមសេនីយ៍​នៃទក្សិណ​សន្តិភាព​​​…

តាមឯកសារ​រឿងព្រេង និង​រឿង​និទាន​ជា​ច្រើន​បាន​អះអាង​ថា ព្រាហ្មណ៍​ត្រកូល កោណ្ឌញ្ញៈ បាន​ធ្វើ​ដំណើរចេញ​​ពី​ប្រទេសឥណ្ឌា មក​សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ព្រះនាម​ថា កោណ្ឌញ្ញជ័យវរ្ម័ន…។

ប៉ុន្តែ​បើ​ តាម​សិលាចារិក​ និង​ឯកសារ​ប្រវត្តិសាស្រ្ត​ចិន​ ​បាន​បញ្ជាក់​ច្បាស់​លាស់​ជាង​​ថា វាហាក់​ដូចជា​មាន​ការ​លុកលុយ​របស់​ពួក​ហិណ្ឌូ ប្រហែល​ជា​នៅ​ពាក់​កណ្តាល​សតវត្សរ៍​​ទី៥ នៃ​គ្រឹស្តសករាជ។ ពួកនេះ​ចេញ​មក​ពី​ឥណ្ឌាភាគ​ខាង​ត្បូង គឺ​ចេញ​ពី​តំបន់​ដេកង់ ធ្វើដំណើរ​កាត់​រាជាណាចក្រ​ប៉ានប៉ាន នៅ​ខាង​ជើង​ទៀបកោះ​ម៉ាឡាកា មកកាន់​កម្ពុជា។ មេកោយ​របស់​ពួក​នោះ​ឈ្មោះ កោណ្ឌញ្ញៈ បាន​ត្រូវ​ប្រកាស​លើក​ជា​ស្តេច​តាំងតែ​ពី​ពេល​មក​ដល់​ភ្លាម ​ រួចហើយ​បាន​ប្រកាន់​យកឋានៈ​ជាភាសា​សំស្រ្កឹតថា វរ្ម័ន មានន័យ​ថា អ្នកការពារ ដូចដែល​ស្តេច​នៃ​នគរបល្លវៈ នៅឥណ្ឌាដែរ។

រាជធានី ​របស់​ព្រះបាទកោណ្ឌញ្ញៈ នៅ​ហ្វូណន​នា​ពេល​នោះ​មាន​ឈ្មោះថា អនិន្ទត្តបុរៈ ដែល​គេ​មិន​ទាន់​កំណត់​រកឃើញ​ទីតាំង​ពិត​ប្រាកដ​បាន​នៅឡើយ។ តាម​កំណត់​ត្រា​របស់​ពួក​ចិន បាន​​ហៅ​រាជធានី​នេះ​ថា តូមូ ដែល​ក្រោយ​មក​ គឺជា​រាជធានី វយធបុរៈ គឺស្រុក​ព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃ។ មាន​អ្នក​ប្រវត្តិសាស្រ្ត​ជា​ច្រើន​ តែង​តែ​យល់​ច្រឡំថា ព្រះបាទកោណ្ឌញ្ញៈ និង​ព្រះបាទហ៊ុនទៀន គឺ​តែ​មួយដែល​តាម​ការពិត អ្នក​ទាំង​​ពីរ​​រស់​នៅ​ចន្លោះ​ពី​គ្នា​​ប្រហែល​ ៤សតវត្សរ៍​យ៉ាងតិច។

ព្រះបាទកោណ្ឌញ្ញៈ គឺជា​អធិរាជដ៏​មាន​អំណាច មានស្តេច​ចំណុះ​ជា​ច្រើន ហើយ​សិលាចារឹក​ព្រះឥន្ទកោសីយ៍ ដែល​គេ​ចារុ៍ ៤សតវត្សរ៍​ក្រោយមក​បានរៀបរាប់ថា៖ ក្រចកព្រះបាទ​របស់​ព្រះអង្គ​ទៅ​ជា​រលោង​ភ្លឺចិញ្ចាច អាស្រ័យ​​ដោយ​ប៉ះ​នឹង​ម្កុដ​ដាំពេជ្រ​របស់​ស្តេចចំណុះ​ទាំងឡាយនៅ​លើ​លោក​នេះ ដែល​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះអង្គ។ ព្រះអង្គ​ប្រៀបបាន​នឹង​ព្រះអាទិត្យទើប​នឹង​រះ ឬព្រះ​ច័ន្ទ​ពេញវង់ ដែល​ល្អ​លើស​ផ្កាឈូក​នៃ​ពូជជួរ​ទាំងឡាយ។ ព្រះអង្គ​ជាព្រះច័ន្ទ​នៃ​ត្រកូល កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌។ ជោគជ័យ​របស់​ព្រះអង្គ​មាន​ពន្លឺ​ចាំង​ដូច​ជា​ស្វេតច្ឆត្រ ហើយ​រាជធានី​មាន​ពន្លឺ ភ្លឺ​ចិញ្ចាច ដោយ​ស្នា​ព្រះហស្ត​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ…។

ឯកសារ​ប្រវត្តិសាស្រ្តចិន​ បាន​ហៅ​ព្រះអង្គថា កាវឆេនយូ គឺ កោណ្ឌញ្ញៈ តាមត្រកូល​របស់​ព្រះអង្គ ឬក៍​ហៅថា ចូយេប៉ាម៉ូ គឺ ជ័យវរ្ម័ន តាមព្រះនាម​របស់​ព្រះអង្គ​ពេល​គ្រង​រាជ្យ ហើយ​បាន​កំណត់​រជ្ជកាល​របស់​ព្រះអង្គ​ចាប់​ពី​ចុង​សតវត្សរ៍​ទី៥ ដល់​ដើម​សតវត្សរ៍​ទី៦ ពីព្រោះ​ព្រះអង្គ​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ស្តេចក្រុង​ចិន​ ២ដង គឺ​ម្តង​ក្នុង​ឆ្នាំ៤៨៣ និងម្តង​ទៀត​នៅ​ឆ្នាំ៥០៣ នៃគ្រឹស្តសករាជ។ ប្រទេស​ចិន​តែង​តែ​ចាត់ទុក​ប្រទេស​ជិត​ខាង​ ទោះ​ជា​នៅ​ឆ្ងាយ​បន្តិច​ក៍​ដោយ ថាជា​នគរ​ចំណុះដែរ។

ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន បានធ្វើ​សង្រ្គាម​ជា​មួយ​ប្រទេស​ចាម​ នៅរវាង​ឆ្នាំ៤៨៤ នៃគ្រឹស្តសករាជ។ អគ្គរាជទូត​ដែល​ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន បានបញ្ជូន​អោយ​​ទៅគាល់​ស្តេច​ក្រុងចិន​ដើម្បី​សុំជំនួយ​ធ្ចើ​សង្រ្គាម​ គឺ​ជា​ពុទ្ធសាសនិកជន​ម្នាក់​មាន​ឈ្មោះ​ថា សក្យនាគសេន រីឯ​រាជសារ​ដែល​ផ្ញើ​ទៅ​នោះ​ជា​លិខិត​សាមញ្ញ បង្ហាញ​ពី​ជីវិត​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​នូវ​ជំនួយ​ជា​ចាំបាច់។ ព្រះរាជសារ​នោះ​​ បាន​បង្ហាញ​អោយ​ដឹង​ពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ប្រទេស​ចាម្ប៉ា គឺ​ព្រះរាជា​ចាម​ពេល​នោះ​ជា​ស្តេច​ជ្រែករាជ្យ​ដែល​មាន​កំណើត​ជា​ខ្មែរ។ ពួកចាម​ក្រោម​រជ្ជកាល​នៃ​ស្តេច​ជ្រែករាជ្យ​នេះ ធ្លាប់​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​ដង្ហែរ​រាជទូត ​សក្យនាគសេន ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​លើក​ទី១ ដោយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ស្តេច​ក្រុង​ចិន​ ផ្ញើថ្វាយ​ស្តេច​នគរ​ហ្វូណន។

ព្រះបាទកោណ្ឌញ្ញៈ បាន​បញ្ជូន​រាជទូត​ទៅ​រាយការណ៍​ថ្វាយ​ស្តេច​ក្រុង​ចិន​ ដោយ​ទូល​ថា បើព្រះអង្គម្ចាស់​ ទ្រង់​ចង់ចាត់តាំង​ព្រះរាជាថ្មី​អោយ​សោយរាជ្យ​នៅ​នគរ​ចាម្ប៉ា​នោះ ទូលព្រះបង្គុំ​ជា​ខ្ញុំ​ទទួល​ព្រះរាជបញ្ជា​ដោយ​គោរព…។ រាជសារ​បានបញ្ចប់​ដោយ​ស្នើ​សុំ​​អោយ​មាន​ការ​ចាត់​បញ្ជូន​ទ័ព​មួយ​កង​តាម​ហែរ​ហម​ស្តេច​ហ្វូណន​គ្រប់​ទិសទី ដើម្បី​ដាក់​ទោស​ពួក​ក្បត់ និង​ជួយ​សង្រ្គោះ​អ្នក​ស្លូត​ត្រង់។

តាមមើល​ទៅ ស្តេចចិន​ប្រហែល​ជា​បាន​បញ្ជូន​ទ័ព​តាម​ការ​ស្នើសុំ​មែន ហើយ​នៅ​ពេល​ដែល​នគរ​ចាម្ប៉ា​បាន​ត្រូវ​បង្រ្កាប​អោយ​មាន​សន្តិភាព​​រួច​មក ​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន ក៍​ត្រូវ​បាន​ស្តេច​ស្រុកចិន​ ដាក់​ព្រះឋានៈ​អោយ​ជា ឧត្តមសេនីយ៍នៃទក្សិណ​សន្តិភាព ជា​ព្រះរាជា​​នៃ​នគរហ្វូណន ។ ព្រះអង្គ​បាន​សោយទីវង្គត​នៅ​ឆ្នាំ៥១៤ នៃគ្រឹស្តសករាជ…៕

(សង្ខេប ដកស្រង់​​ចេញ​ពី​សៀវភៅ ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា និពន្ធដោយ​លោក​អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះពុម្ពផ្សាយ​​នៅបារីស ឆ្នាំ១៩១៤)

តើឈ្មោះ វរ្ម័ន ជាពូជចាម(ជ្វា) ឬ?

សំគាល់៖ ក្រោយខ្ញុំ​ដាក់​ប្រកាស បដិវត្តន៍​តាត្រសក់​ផ្អែម រួចមក ដួងចាន់ មិត្ត​អ្នក​អាន​ជាទី​គោរពរបស់​ខ្ញុំ​ (sic!) បាន​សួរ​មក​​ខ្ញុំ​នៅ​ក្នុង Comment ​ថា៖ ឯកសារខ្លះគេថា អោយ​តែមាន​ឈ្មោះ​ វរ្ម័ន​ គឺជាពូជ​ចាម(ជ្វា) តើត្រូវអត់?… ខ្ញុំបាន​​ពិនិត្យ​មើល​ឯកសារ​របស់​លោក អាដេម៉ារ ឡឺក្លែរ ឡើងវិញ​ ប្រៀបដូច​ជា​ការបើ់ក​គម្ពីរចាក់​ ដើម្បី​ឆ្លើយតប​​ទៅ​គាត់​​វិញ​… តែ​ដោយ​​ចំលើយ​នេះ​​រាង​វែង​ឆ្ងាយ​បន្តិច ខ្ញុំ​ក៍​សំរេច​ថា នឹង​ដាក់​ជា​ប្រកាស​តែ​ម្តង​ទៅ ដើម្បី​ងាយ​ស្រួល​អានជាង។ ខាង​ក្រោម​នេះ គឺ​ជា​ចំលើយ​ដែល​ទាក់​ទង​ទៅ​នឹង​សំណួរ​របស់​ ដួងចាន់…

******************​ ​

​ឯកសារចិនដែល​សរសេរ​នៅ​សតវត្សរ៍​ទី៣ នៃ​គ្រឹស្តសករាជ (ក៍ប៉ុន្តែ​រឿង​ហេតុ ប្រហែល​ជា​អាច​​មាន​ឫសគល់​​តាំង​ពី​មួយរយ ឬពីររយ​ឆ្នាំ​មុន) ​បាន​រក្សា​ទុក​នូវ​រឿង​រ៉ាវ​ដ៏​សំខាន់​មួយ​ ដែល​អាច​ជា​ការ​ចងចាំ​សេសសល់​ពី​ការ​ឈ្លាន​ពាន​លើក​ទី​១​ របស់​ពួក​ម៉ាឡេ​ មកលើ​កម្ពុជានៅ​ត្រង់​ម្តុំ​ចូវដុក (ខេត្តមាត់ជ្រូក) ពី​ព្រោះ​ថា មាត់ពាម​ទន្លេ​មេគង្គ​កាល​ពី​ពេល​នោះ ប្រហែល​ជា​នៅ​ខ្ពស់​ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សាងសង់​លំនៅ​ស្ថាន​បាន​ នៅ​កាន់​តែ​ឆ្ងាយ​ជាង​នេះ​ទៅ​ខាងជើង។ ឯកសារ​ចិន​បាន​បញ្ជាក់​ថា កាលណោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្សត្រី​មួយអង្គ​ព្រះនាម លីវយី (អ្នកខ្លះថាឈ្មោះ ដៀបលីយើ) ប្រែថា ស្លឹកស្រូល…។ ក្រោយមក​មាន​បុរស​ម្នាក់​ឈ្មោះ ហួនហ្វ៊ី ឬ ហ៊ុនទៀន ដែល​គោរព​បូជា​ព្រហ្មញ្ញ​សាសនា​ ធ្វើដំណើរ​មក​ពី​ទិស​ទក្សិណ គឺ​ចេញ​ពី​សមុទ្រ​ខាង​ត្បូង (លោក​ពែលីយ៉ូ បាន​រកឃើញ​ឯកសារ​ដែល​និយាយ​ថា ព្រាហ្មណ៍ ហ៊ុនទៀន នោះ​មក​ពី​ វូវែម ឬ គី និង​រាជាណាចក្រ​គាវ ដោយ​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ កាត់​តាម​សឹង្ហបុរី)​ បាន​ចូល​មក​ចត​សំពៅនៅនឹង​រាជធានី ​ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ព្រះនាង​លីវយី។ ក្រោយ​ពី​បាន​រៀបចំ​ស្រុក​ទេស​អោយ​មាន​សន្តិភាព​​រួច ព្រាហ្មណ៍នោះ​ក៍​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះ​នាង​លីវយី រួចហើយ​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន ដែល​អ្នក​ស្រុក​ដើម​ហៅ​ថា គោកធ្លក…។ ហេតុនេះ ព្រះនាង លីវយី គឺអាច​ចាត់​ទុកថា ជាស្តេចសោយរាជ្យ​ដំបូង​គេ​នៅ​នគរ​គោកធ្លក។ ឯព្រះរាជា​ទី២ គឺ​ព្រះបាទ ហ៊ុនទៀន ដែល​ជា​ជន​បរទេស​បាន​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ លីវយី គឺ​អាច​ជា​ ម៉ាឡេ ឬ ជ្វា ព្រោះថា គឺ​ជាជន​បរទេស​ដែល​​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​នៅ​ពេល​នោះ​គឺ កោះជ្វា ឬកោះ​ស៊ូម៉ាត្រា…។

ព្រះបាទហ៊ុនទៀន បាន​គ្រង​រាជ​រហូត​ដល់​ព្រះជន្ម ៩០ព្រះវស្សា​ទើបសោយទីវង្គត​ទៅ ហើយ​ព្រះរាជបុត្រ​ទី២​ របស់​ព្រះអង្គ​ព្រះនាម ផាន់ផាន់ ​ត្រូវ​បាន​ជ្រើស​រើស​អោយ​សោយ​រាជ​បន្ត។ ពាក្យ ផាន់ផាន់ នេះ​ចិនហៅថា ហ្វាន ឯអណ្ណាម​ហៅថា ផាន គេ​ប្រើសំគាល់​ឋានៈព្រះរាជា​ ប្រៀបបាន​នឹង​ពាក្យ​ស្រី ឬព្រះ​ ដែលគេ​តែង​តែ​ប្រើ​នៅ​កម្ពុជាដែរ​ ហើយ​ប្រហែល​ជា​ពាក្យ​នេះ  ជាការ​អាន​ពាក្យ វរ្ម័ន មិន​ច្បាស់​​ក៍​អាច​ថាបាន។

តាម​ឯកសារ​ចិន​ដដែល​បាន​បញ្ជាក់​ថា ក្នុង​កំឡុង​ពេល​​សោយ​រាជ ស្តេចផាន់ផាន់ ​​បាន​ប្រគល់កិច្ចការ​ប្រទេស​ជាតិ​ទៅ​មេទ័ព​ព្រះអង្គ​ម្នាក់​ឈ្មោះ ហ្វាន់ចេម៉ាន់ ឬហ្វាន់ម៉ាន់​ កាន់កាប់ជំនួស។ ក្រោយ​មក​បីឆ្នាំ ពេល​ដែល​ស្តេច​ផាន់ផាន់ សោយ​ទីវង្គត​ទៅ ពួក​សេនាមន្រ្តី​ក៍បាន​លើក​មេទ័ព​ហ្វាន់ម៉ាន់ អោយ​ឡើង​សោយរាជ្យ​បន្ត។ ព្រះបាទ​ហ្វាន់ម៉ាន់ នេះ​​អង់អាច​ក្លាហានណាស់ និង​មាន​សមត្ថភាពធ្វើសឹកសង្រ្គាម​ វាយ​បង្រ្កាប​ប្រទេស​ទាំងឡាយ​​លើស​ពី​១០ ជាចំណុះ ក្នុង​នោះ​មួយ​ចំនួនធំ​ស្ថិត​នៅ​ក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅថា ម៉ាឡាកា។

រាជធានី​របស់​ព្រះបាទ​ហ្វាន់ម៉ាន់ មានឈ្មោះហៅ​ និង​សរសេរ​តាម​ភាសា​ចិន​ថា តូមូ នៅចំងាយ​ប្រមាណ ១៨០គីឡូម៉ែត្រ​ពី​មាត់​ពាម​​នៃ​ទន្លេ​មេគង្គ ​និង​មាត់​ច្រាំង​​​នៃ​ទន្លេ​ដ៏ធំមួយ​ ដែល​នាវា​សមុទ្រ​អាច​ចូល​ចត​បាន​យ៉ាង​ងាយ​ស្រួល។ ឈ្មោះ​ តូមូ ប្រហែល​ជា​ឈ្មោះ​ពិត​ប្រាកដ​គឺ​ តូម៉ូហ៊ូ ដែល​ជា​ឈ្មោះ​តាម​ភាសា​ម៉ាឡេ​នៃ​ទី​ក្រុង​មួយ​នៅ​កោះ​ជ្វា។

ព្រះបាទហ្វាន់ម៉ាន់ បានប្រឈួន​(ឈឺ) នៅ​ពេល​កំពុង​ធ្វើ​សង្រ្គាម ហើយ​បាន​តែងតាំង​រាជបុត្រ​ច្បង​ព្រះនាម គិនចេង បញ្ជាកងទ័ព​ជំនួស​ព្រះអង្គ ព្រមទាំងបាន​​ទុក​ព្រះភាគិនេយ្យ (ក្មួយប្រុស​ខាងប្រពន្ធ) ព្រះនាមចាន់ អោយ​កាន់​ទ័ព ២០០០នាក់ នៅការពារ​ព្រះអង្គ។ ឆ្លៀតឳកាស​ដែល​ព្រះបាទហ្វាន់ម៉ាន់​ កំពុងប្រឈួនស្រាប់ ព្រះភាគិនេយ្យ​ចាន់ បាន​ប្រកាស​ថា​ខ្លួន​ជា ហ្វាន់ចាន់ គឺ​ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន រួចបាន​ចាត់​​អោយ​គេ​ធ្វើឃាត​រជ្ជទាយាទ គិនចេង ដើម្បី​កុំអោយ​មក​ដណ្តើមរាជ្យ​​ពី​ព្រះអង្គ​វិញ ប្រហែល​ជា​នៅ​ឆ្នាំ២៣០ នៃ​គ្រឹស្តសករាជ។

តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ ព្រោះ​មក​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី៣ ហើយ បច្ឆាញាតិ​របស់​ព្រះនាងលីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​​គ្រប់គ្រង​រាជសម្បត្តិ​អស់​រយៈ​កាល​ ២សតវត្សរ៍។

ប្រសិនបើ​កាន់​តាម​ប្រពៃណីខ្មែរ ដែលលើក​ឡើងថា មានស្តេចចាម​ ៦អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ដែល​មាន​ព្រះនាម យូយូវរ្ម័នទិ, សុរិយាវរ្ម័នទិ, ទរនិន្ទ្រាវរ្ម័នទិ, អាទិត្យវរ្ម័នទិ និង អស្សកៃ ជាការពិតនោះ​ មានន័យថា ព្រះរាជាទាំងអស់​នោះ​ជា​បច្ឆាញាតិ​របស់​ព្រះនាងលីវយី និងជ្វា ហ៊ុនទៀន ទាំងអស់…

ដោយពិតទៅ ជ្វា ហ៊ុនទៀន ​មិន​មែន​ជា​ចាម​ទេ ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ពួក​ចាម​នៅ​ឡើយទេ។​ តែមាន​អំបូរជន​មួយ ដែល​ក្រោយ​ពីបាន​ដេញ​ចេញ​ពី​កម្ពុជាទៅ បាន​គេច​ទៅ​នៅ​ចំប៉ាសាក់​ខាង​ជើង​កម្ពុជា ឬ​ទៅនៅ​ខាង​កើត​ត្រង់​ដែល​ចិន​សព្វថ្ងៃ​​ហៅថា លីនយី ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​ចាម្ប៉ា​ នេះឯង៕