អរគុណ CTN ដែល​បាន​ផ្សាយ​ពីសវនាការ​​លើ​សំណុំ​រឿង០០២ ឡើង​វិញ


ដំបូងសូមក្រាបគោរព​អរគុណដល់ទូរទស្សន៍ CTN ដែល​បាន​ផ្សាយ​ឡើងវិញ​ពី​ដំណើរ​ការ​ក្នុង​អង្គ​សវនាការ​លើ​សំណុំ​រឿង០០២ កាល​ពី​ថ្ងៃ​ម្សិលមិញ ដែលបន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ កាល​ពី​សប្តាហ៍​មុន​នោះ​មក។

កាលពី​យប់​ក្បាល​ព្រលប់​ម្សិលមិញ ខ្ញុំ​បានជក់​​មើល​ការ​ផ្សាយ​ឡើង​វិញ​ពី​ព្រឹត្តិការណ៍​សវនាការ​នេះ ​របស់ទូរទស្សន៍ CTN International ​តាំងពី​ដើម​ដល់​ចប់។​ តាមពិត​ទៅ CTN បាន​ផ្សាយ​បន្តផ្ទាល់​ដែរ តែ​ខ្ញុំ​ជឿថា​ ​អ្នកធ្វើ​ការងារ​ទូទៅ​គឺ​មិន​មាន​ពេល​គ្រប់​គ្រាន់​​បាន​ទស្សនា​ដោយ​ផ្ទាល់​បាន​ទេ។ ហេតុនេះ ​ម្នាក់ៗ​បើ​ចង់​តានដាន​រឿង​ភាគ​ពិសេស​មួយនេះ គឺមាន​​តែរង់ចាំទស្សនា​តាម​រយៈ​ CTN International សំរាប់​ផ្សាយ​ទៅ​​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។

ក្នុងរយៈ​ពេល​ផ្អាក​ឈប់ផ្សាយ​នេះ ក្រុម​អ្នក​វិភាគ​កំរិតផឹកតែ​នៅ​តាម​តុ​កាហ្វេ​​បាន​វាយ​តំលៃ​ថា រដ្ឋាភិបាល​នឹង “​​ចំណេញ​ច្រើន​” ​ពី​ការបិទ​មិន​អោយ​មាន​ការ​ផ្សាយ​​ពិស្តារ​ពី​រឿង​កាត់​ទោស​​នេះ​… ព្រោះ​រឿង​នេះ​ នឹង​ធ្វើ​អោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​​បែប​រយីង​រយោង​ធម៌​​ ជា​មួយ​នឹង​ថ្នាក់​ដឹកនាំកំពូលៗ​មួយចំនួន​ទៀត នា​ពេល​បច្ចុប្បន្ន​ដែល​ជន​ជាប់​​ចោទ​នឹង​ឆ្លើយ​ដាក់ ឬលាត​ត្រដាង…។​

តែខ្ញុំមិនយល់​អីចឹង​ទេ… ផ្ទុយទៅវិញ ការបិទមិនអោយ​ផ្សាយ​ទៅវិញទេ​ដែលនឹង​ធ្វើអោយ​រដ្ឋាភិបាល “​ខាតឡុងចុង​” ទាំងការទាំងដើមនោះ…។ ហើយ​នៅ​ពេល​ដែល​​​ខ្ញុំ​បាន​ស្តាប់​លោក​ ខៀវសំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ អង្គុយ​អាន​សេចក្តី​ថ្លែងការណ៍​ក្នុង​អង្គសវនាការ​កាល​ពី​យប់​មិញ​​នេះ​ទៀត ទើប​ខ្ញុំ​យល់​ថា​​ ការ​គិត​របស់​ខ្ញុំ​ប្រហែល​ជា​ត្រូវ​ជាង… នោះគឺការផ្សាយ​ព័ត៌មាន​ពិស្តារ​ពី​រឿង​នេះ​ទេ ដែល​ធ្វើ​អោយ​​រដ្ឋាភិបាល​​បាន​ចំណេញ​គ្រប់​ទឹក..!! អ្វីដែល​ចំណេញ​នោះ​គឺ៖ រដ្ឋាភិបាល​នឹងបង្ហាញ​អោយ​ប្រជាជន​អ្នក​បោះឆ្នោត​កាន់​តែ​ឃើញ​​ច្បាស់​ថា​ខ្លួន​ជា​ មាសសុទ្ធ​មិនខ្លាច​ភ្លើង…​​ ហើយ​រដ្ឋាភិបាល​ ក៍​មិន​មែន​​ជាប្រភេទ គោដំបៅ​ខ្នង​ឡើយ…

គឺដោយសារ​តែ​ការ​លាត​ត្រ​ដាង​ របស់​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​អង្គ​សវនាការ​​លើ​សំណុំ​រឿង០០២ នេះហើយ​​​​​ ដែល​បាន​បង្ហាញ​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹងអំពើ​ប្រល័យ​ពូជសាសន៍​ និង​ឧក្រឹដ្ឋកម្ម​សង្គ្រាម​នៃ​មេដឹកនាំ​បច្ចុប្បន្ន​នៅ​ក្នុង​អំឡុង​ពេល​របប​ខ្មែរក្រហម​កាន់​អំណាច ហើយ​ពួក​គាត់​​នឹង​នៅ​តែ​​ជា​អ្នក​​មានគុណ​ទីពីរ​​របស់​អ្នក​​ដែល​បាន​រួចរស់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​នេះ ជារៀង​រហូត…។

នេះមិនមែន​ជាការ​វិភាគ​នយោបាយ​អី​ទេ គឺ​គ្រាន់​តែ​ជា​គំនិត​ដែល​ខ្ញុំ​គិត​អស់​ក្បាច់​ហើយ​ ​មាន​ប្រវែង​ត្រឹម​តែ ​កន្ទុយអណ្តើក នេះឯង..!!

ស្រុកស្រែ

Advertisements

4 responses to “អរគុណ CTN ដែល​បាន​ផ្សាយ​ពីសវនាការ​​លើ​សំណុំ​រឿង០០២ ឡើង​វិញ

  1. ខ្ញុំ​ថា ការ​បិទ​បាំង​ដោយ​មិន​ចាក់ផ្សាយ​មិន​ជា​មាន​លទ្ធផល​ប៉ុន្មាន​នោះ​ទេ, ហើយ​បើ​បើក​អោយ​ចាក់​ផ្សាយ​ក៏​មិន​ជា​មាន​បច្ច័យ​អី​ប៉ុន្មាននោះ​ដែរ ព្រោះ​ថា​នឹង​គ្មា​នការ​ជំនុំជម្រះ​សំណុំ​រឿង ០០៣ ០០៤ អីណានោះទេ ព្រោះ​មេ​ខ្ញុំ​គាត់​និយាយ​ចឹង! ហេសហេសហេស

  2. អរគុណក្មេងស្រែ។ ខ្ញុំ​ដូចជា​លែង​ចង់និយាយ​ច្រើន​ហើយ ព្រោះ​ប្រកាស​របស់​ខ្ញុំ បទទន្សោងគោព្រៃ ត្រូវបាន WordPress បិទជិតឈឹង​លែង​អោយ​មាន​ Comment អី​ផ្តេស​ផ្តាស​ទៀត​ហើយ… អេវំ…។​

    • ខ្ញុំខ្លាច​តែ​បង​បិទ​ត្រង់​ណា​ខ្លួន​ឯង​ទេ​ដឹង? តែ​ណ្ហើយ​ ប្រយ័ត្នៗទៅ ក្រែង សូម្បី​តែ​អា​ដុតខំ ហ្នឹង​ក៏​ត្រូវ​គេ​បិទ​ជិត​ដែរ​រ៉ូវ​បង! ហាសហាសហាស

  3. អរគុណ​ក្មេង​ស្រែម្តងទៀត។ ចង់​អាដុត​ស្អី​ក៍​ដោយ បើ​នៅ​ក្នុង​នេះដដែល​​ទេ គេ​នៅ​តែ​បិទបើក​​បាន​ស្រេច​តែ​ក្បាល​វ៉ាល់​គេ​ណឹង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s