តើឈ្មោះ វរ្ម័ន ជាពូជចាម(ជ្វា) ឬ?


សំគាល់៖ ក្រោយខ្ញុំ​ដាក់​ប្រកាស បដិវត្តន៍​តាត្រសក់​ផ្អែម រួចមក ដួងចាន់ មិត្ត​អ្នក​អាន​ជាទី​គោរពរបស់​ខ្ញុំ​ (sic!) បាន​សួរ​មក​​ខ្ញុំ​នៅ​ក្នុង Comment ​ថា៖ ឯកសារខ្លះគេថា អោយ​តែមាន​ឈ្មោះ​ វរ្ម័ន​ គឺជាពូជ​ចាម(ជ្វា) តើត្រូវអត់?… ខ្ញុំបាន​​ពិនិត្យ​មើល​ឯកសារ​របស់​លោក អាដេម៉ារ ឡឺក្លែរ ឡើងវិញ​ ប្រៀបដូច​ជា​ការបើ់ក​គម្ពីរចាក់​ ដើម្បី​ឆ្លើយតប​​ទៅ​គាត់​​វិញ​… តែ​ដោយ​​ចំលើយ​នេះ​​រាង​វែង​ឆ្ងាយ​បន្តិច ខ្ញុំ​ក៍​សំរេច​ថា នឹង​ដាក់​ជា​ប្រកាស​តែ​ម្តង​ទៅ ដើម្បី​ងាយ​ស្រួល​អានជាង។ ខាង​ក្រោម​នេះ គឺ​ជា​ចំលើយ​ដែល​ទាក់​ទង​ទៅ​នឹង​សំណួរ​របស់​ ដួងចាន់…

******************​ ​

​ឯកសារចិនដែល​សរសេរ​នៅ​សតវត្សរ៍​ទី៣ នៃ​គ្រឹស្តសករាជ (ក៍ប៉ុន្តែ​រឿង​ហេតុ ប្រហែល​ជា​អាច​​មាន​ឫសគល់​​តាំង​ពី​មួយរយ ឬពីររយ​ឆ្នាំ​មុន) ​បាន​រក្សា​ទុក​នូវ​រឿង​រ៉ាវ​ដ៏​សំខាន់​មួយ​ ដែល​អាច​ជា​ការ​ចងចាំ​សេសសល់​ពី​ការ​ឈ្លាន​ពាន​លើក​ទី​១​ របស់​ពួក​ម៉ាឡេ​ មកលើ​កម្ពុជានៅ​ត្រង់​ម្តុំ​ចូវដុក (ខេត្តមាត់ជ្រូក) ពី​ព្រោះ​ថា មាត់ពាម​ទន្លេ​មេគង្គ​កាល​ពី​ពេល​នោះ ប្រហែល​ជា​នៅ​ខ្ពស់​ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សាងសង់​លំនៅ​ស្ថាន​បាន​ នៅ​កាន់​តែ​ឆ្ងាយ​ជាង​នេះ​ទៅ​ខាងជើង។ ឯកសារ​ចិន​បាន​បញ្ជាក់​ថា កាលណោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្សត្រី​មួយអង្គ​ព្រះនាម លីវយី (អ្នកខ្លះថាឈ្មោះ ដៀបលីយើ) ប្រែថា ស្លឹកស្រូល…។ ក្រោយមក​មាន​បុរស​ម្នាក់​ឈ្មោះ ហួនហ្វ៊ី ឬ ហ៊ុនទៀន ដែល​គោរព​បូជា​ព្រហ្មញ្ញ​សាសនា​ ធ្វើដំណើរ​មក​ពី​ទិស​ទក្សិណ គឺ​ចេញ​ពី​សមុទ្រ​ខាង​ត្បូង (លោក​ពែលីយ៉ូ បាន​រកឃើញ​ឯកសារ​ដែល​និយាយ​ថា ព្រាហ្មណ៍ ហ៊ុនទៀន នោះ​មក​ពី​ វូវែម ឬ គី និង​រាជាណាចក្រ​គាវ ដោយ​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ កាត់​តាម​សឹង្ហបុរី)​ បាន​ចូល​មក​ចត​សំពៅនៅនឹង​រាជធានី ​ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ព្រះនាង​លីវយី។ ក្រោយ​ពី​បាន​រៀបចំ​ស្រុក​ទេស​អោយ​មាន​សន្តិភាព​​រួច ព្រាហ្មណ៍នោះ​ក៍​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះ​នាង​លីវយី រួចហើយ​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន ដែល​អ្នក​ស្រុក​ដើម​ហៅ​ថា គោកធ្លក…។ ហេតុនេះ ព្រះនាង លីវយី គឺអាច​ចាត់​ទុកថា ជាស្តេចសោយរាជ្យ​ដំបូង​គេ​នៅ​នគរ​គោកធ្លក។ ឯព្រះរាជា​ទី២ គឺ​ព្រះបាទ ហ៊ុនទៀន ដែល​ជា​ជន​បរទេស​បាន​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ លីវយី គឺ​អាច​ជា​ ម៉ាឡេ ឬ ជ្វា ព្រោះថា គឺ​ជាជន​បរទេស​ដែល​​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​នៅ​ពេល​នោះ​គឺ កោះជ្វា ឬកោះ​ស៊ូម៉ាត្រា…។

ព្រះបាទហ៊ុនទៀន បាន​គ្រង​រាជ​រហូត​ដល់​ព្រះជន្ម ៩០ព្រះវស្សា​ទើបសោយទីវង្គត​ទៅ ហើយ​ព្រះរាជបុត្រ​ទី២​ របស់​ព្រះអង្គ​ព្រះនាម ផាន់ផាន់ ​ត្រូវ​បាន​ជ្រើស​រើស​អោយ​សោយ​រាជ​បន្ត។ ពាក្យ ផាន់ផាន់ នេះ​ចិនហៅថា ហ្វាន ឯអណ្ណាម​ហៅថា ផាន គេ​ប្រើសំគាល់​ឋានៈព្រះរាជា​ ប្រៀបបាន​នឹង​ពាក្យ​ស្រី ឬព្រះ​ ដែលគេ​តែង​តែ​ប្រើ​នៅ​កម្ពុជាដែរ​ ហើយ​ប្រហែល​ជា​ពាក្យ​នេះ  ជាការ​អាន​ពាក្យ វរ្ម័ន មិន​ច្បាស់​​ក៍​អាច​ថាបាន។

តាម​ឯកសារ​ចិន​ដដែល​បាន​បញ្ជាក់​ថា ក្នុង​កំឡុង​ពេល​​សោយ​រាជ ស្តេចផាន់ផាន់ ​​បាន​ប្រគល់កិច្ចការ​ប្រទេស​ជាតិ​ទៅ​មេទ័ព​ព្រះអង្គ​ម្នាក់​ឈ្មោះ ហ្វាន់ចេម៉ាន់ ឬហ្វាន់ម៉ាន់​ កាន់កាប់ជំនួស។ ក្រោយ​មក​បីឆ្នាំ ពេល​ដែល​ស្តេច​ផាន់ផាន់ សោយ​ទីវង្គត​ទៅ ពួក​សេនាមន្រ្តី​ក៍បាន​លើក​មេទ័ព​ហ្វាន់ម៉ាន់ អោយ​ឡើង​សោយរាជ្យ​បន្ត។ ព្រះបាទ​ហ្វាន់ម៉ាន់ នេះ​​អង់អាច​ក្លាហានណាស់ និង​មាន​សមត្ថភាពធ្វើសឹកសង្រ្គាម​ វាយ​បង្រ្កាប​ប្រទេស​ទាំងឡាយ​​លើស​ពី​១០ ជាចំណុះ ក្នុង​នោះ​មួយ​ចំនួនធំ​ស្ថិត​នៅ​ក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅថា ម៉ាឡាកា។

រាជធានី​របស់​ព្រះបាទ​ហ្វាន់ម៉ាន់ មានឈ្មោះហៅ​ និង​សរសេរ​តាម​ភាសា​ចិន​ថា តូមូ នៅចំងាយ​ប្រមាណ ១៨០គីឡូម៉ែត្រ​ពី​មាត់​ពាម​​នៃ​ទន្លេ​មេគង្គ ​និង​មាត់​ច្រាំង​​​នៃ​ទន្លេ​ដ៏ធំមួយ​ ដែល​នាវា​សមុទ្រ​អាច​ចូល​ចត​បាន​យ៉ាង​ងាយ​ស្រួល។ ឈ្មោះ​ តូមូ ប្រហែល​ជា​ឈ្មោះ​ពិត​ប្រាកដ​គឺ​ តូម៉ូហ៊ូ ដែល​ជា​ឈ្មោះ​តាម​ភាសា​ម៉ាឡេ​នៃ​ទី​ក្រុង​មួយ​នៅ​កោះ​ជ្វា។

ព្រះបាទហ្វាន់ម៉ាន់ បានប្រឈួន​(ឈឺ) នៅ​ពេល​កំពុង​ធ្វើ​សង្រ្គាម ហើយ​បាន​តែងតាំង​រាជបុត្រ​ច្បង​ព្រះនាម គិនចេង បញ្ជាកងទ័ព​ជំនួស​ព្រះអង្គ ព្រមទាំងបាន​​ទុក​ព្រះភាគិនេយ្យ (ក្មួយប្រុស​ខាងប្រពន្ធ) ព្រះនាមចាន់ អោយ​កាន់​ទ័ព ២០០០នាក់ នៅការពារ​ព្រះអង្គ។ ឆ្លៀតឳកាស​ដែល​ព្រះបាទហ្វាន់ម៉ាន់​ កំពុងប្រឈួនស្រាប់ ព្រះភាគិនេយ្យ​ចាន់ បាន​ប្រកាស​ថា​ខ្លួន​ជា ហ្វាន់ចាន់ គឺ​ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន រួចបាន​ចាត់​​អោយ​គេ​ធ្វើឃាត​រជ្ជទាយាទ គិនចេង ដើម្បី​កុំអោយ​មក​ដណ្តើមរាជ្យ​​ពី​ព្រះអង្គ​វិញ ប្រហែល​ជា​នៅ​ឆ្នាំ២៣០ នៃ​គ្រឹស្តសករាជ។

តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ ព្រោះ​មក​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី៣ ហើយ បច្ឆាញាតិ​របស់​ព្រះនាងលីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​​គ្រប់គ្រង​រាជសម្បត្តិ​អស់​រយៈ​កាល​ ២សតវត្សរ៍។

ប្រសិនបើ​កាន់​តាម​ប្រពៃណីខ្មែរ ដែលលើក​ឡើងថា មានស្តេចចាម​ ៦អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ដែល​មាន​ព្រះនាម យូយូវរ្ម័នទិ, សុរិយាវរ្ម័នទិ, ទរនិន្ទ្រាវរ្ម័នទិ, អាទិត្យវរ្ម័នទិ និង អស្សកៃ ជាការពិតនោះ​ មានន័យថា ព្រះរាជាទាំងអស់​នោះ​ជា​បច្ឆាញាតិ​របស់​ព្រះនាងលីវយី និងជ្វា ហ៊ុនទៀន ទាំងអស់…

ដោយពិតទៅ ជ្វា ហ៊ុនទៀន ​មិន​មែន​ជា​ចាម​ទេ ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់​មាន​ពួក​ចាម​នៅ​ឡើយទេ។​ តែមាន​អំបូរជន​មួយ ដែល​ក្រោយ​ពីបាន​ដេញ​ចេញ​ពី​កម្ពុជាទៅ បាន​គេច​ទៅ​នៅ​ចំប៉ាសាក់​ខាង​ជើង​កម្ពុជា ឬ​ទៅនៅ​ខាង​កើត​ត្រង់​ដែល​ចិន​សព្វថ្ងៃ​​ហៅថា លីនយី ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​ចាម្ប៉ា​ នេះឯង៕

 

Advertisements

14 responses to “តើឈ្មោះ វរ្ម័ន ជាពូជចាម(ជ្វា) ឬ?

  1. អគុណ!ប្លក់លោកស្រុកស្រែជាទីស្នេហុក(sic!)ដែលបានបកស្រាយ​នូវ​ចំងល់​របស់ខ្ញុំ.​ព្រោះខ្ញុំ​បានអាន​ឯកសារ​របស់​លោក​កេង_វ៉ាន់សាក់​ហើយ​ និងមាន​ដាក់​បទសម្ភាសន៍ ​នៅវិទ្យុ​អាស៊ីសេរី​ផងនោះ​ ទើបខ្ញុំ​ឆ្ងល់​បែប​នេះ. ​តែឥឡូវ​កេង_វ៉ាន់សាក់ ចេតរ៉យ​​ហើយ.ខ្មែរយើងគួរ​និយាយ​ឬបកស្រាយ​អោយបាន​ច្បាស់​នូវប្រវត្តិសាស្ត្រ​ដ៍ត្រឹមត្រូវ​មួយដែល​ជា​កេរ្តិ៍មរតក​បុព្វបុរស​ខ្មែរ កុំអោយ​ដូចសៀម​នឹងយួន វាកំពុង​តែកែប្រែ​ប្រវត្តិសាស្ត្រ​ដែលគ្មាន​ភស្តុតាង​អ្វីមួយ​ ដើម្បី​បង្កាច់​បង្ខូច​កេរ្តិ៍ខ្មែរ​យើង.
    ជួបគ្នាថ្ងៃក្រោយទៀត!!!!!!!!!!!!!

  2. ប្រសាសន៍​លោក​កេង វ៉ាន់សាក់ មាន​ចំណុច​ខ្លះ​ក៍​ល្អដែរ… ស្តាយ​ដោយ​សារ​លោក​រហ័ស​លា​ចាក​លោក​​យើង​នេះ​ពេក…

  3. បាទអរគុណ​លោក​វិចិត្រ។ តើ​គាត់​ជា​អ្នក​​​រៀបចំ​ និង​បង្កើត​អោយ​មាន​អង្គុលីលេខ​ខ្មែរ ពិត​មែនទេ? ប្រសិន​បើពិត ក៍​អាច​ចាត់​ទុក​ថា ជាអ្នក​ប្រាជ្ញ ឬ​អ្នក​វិទ្យាសាស្រ្ត​​របស់​ជនជាតិ​ខ្មែរ​យើង​ហើយ…។ ខ្ញុំ​ធ្លាប់​បាន​អានខ្លះៗ​ដែរ សៀវភៅ​ប្រវត្តិសាស្រ្ត​ដែល​និពន្ធ​ដោយ​លោក ហ្សក សឺដេស… ចាំមានពេល​ នឹង​រក​មើល​អាន​ឡើង​វិញ​​ដើម្បី​ផ្ទៀងផ្ទាត់​ជា​មួយ​នឹង​សៀវភៅ​របស់​លោក អាដេម៉ារ ឡឺក្លែរ នេះ…។ ​​ ​

    • បើ​តាម​ខ្ញុំ​ដឹង គាត់​ជា​អ្នក​រៀប​ចំ keyboard សំរាប់​ម៉ាស៊ីន​អង្គុលីលេខ​ខ្មែរ តែ​មិន​មែន​គ្រឿង​ម៉ាស៊ីន​អង្គុលីលេខ​ខ្មែរ​​នោះ​ទេ។ ការ​រៀប​ចំ​នេះ មាន​ដូច​ជា​ តើ​ត្រូវ​ដាក់ ក ខ គ …នៅត្រង់​ណា?។ល។ តែ​ការងារ​នេះ មិន​មែន​ជា​រឿង​លេង​ធេង ធ្វើ​ស្រេច​តែ​នឹក​ឃើញ ​នោះ​ទេ ត្រូវ​ការ​មាន​ហេតុផល​ត្រឹម​ត្រូវ។

  4. រឿង​ប្រវត្តិសាស្រ្ត​ខ្មែ បើ​យើង​យក​តែ​ឯកសារ​ចាស់ ៗ ដូច​របស់​ អាដឺម៉ារ ឡឺក្លែរ ដែល​មាន​អាយុ​ជិត ១០០ ឆ្នាំ យក​មក​ប្រើ​ទាំង​ស្រុង​ក៏​មិនត្រូវ ព្រោះ​ក្រោយ​មក​ក៏​មាន​ការរុករក​ជីកកកាយ​ច្រើន​ដែរ ។ សព្វ​ថ្ងៃនេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ (បុរាណវិទ្យា) និង មហាវិទ្យាល័យ​សង្គម​សាស្រ្ត​ និង មនុស្ស​សាស្រ្ថ​ គេ​រៀន​សៀវភៅ​របស់​លោក ម៉ៃឃើល វិខិរី ដែល​តែង​​នៅ​ពេល​ថ្មី ៗ ។ ខ្មែរ​គ្មាន​ឯកសារ​កត់​ត្រា​ឲ្យ​យើង​ប្រាកដ​ច្បាស់​ទាស់​តែ​សោះ បែប​ត្រូវ​តែរកមើល Time Machine មួយ​ហើយ ។

  5. អរគុណ​តាម៉ាប់…ត្រូវហើយ… ខ្ញុំ​ក៍​នៅ​មាន​សៀវភៅ​ ឯកសារ​​ប្រវត្តិសាស្រ្ត​ជា​ច្រើនទៀត​ ដែលសរសេរ​​ដោយ​អ្នក​ប្រវត្តិសាស្រ្ត​ល្បីៗ និង​មាន​ឯកទេស​ខាង​បញ្ហា​កម្ពុជា​​ទាំង​ចាស់ ​ទាំងថ្មី​​​ ដូចជា​អ្នកនិពន្ធ ហ្សក សឺដេស (George Coedes)​​​​, មីលតុន អូស្បន (Milton Osborne), ដេវីត ឆេនឡើ (David Chandler), បេន ឃេនិន (Ben Kiernan),​មៃឃើល វិឃីរី (Michael Vickery), អេលីហ្សាបែត បេគើ (Elizabeth Baker), ណាយ៉ាន់ ចាន់ដា (Nayan Chanda), ហ្រ្វង់ស្វ័រ ប៉ុងហ្សូដ (Fancois Ponchaud)…. ហើយ​ខ្ញុំ​​នឹង​ដកស្រង់​​យក​អត្ថបទ​ទាំង​នោះ​​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​មើល។

    ដូចខ្ញុំ​បាន​ជំរាប​ពី​ខាង​ដើម​អីចឹង… គឺមិន​មែន​ថា អោយ​តែ​បរទេស​និយាយ​សុទ្ធ​តែ​ល្អ និង​ត្រឹម​ត្រូវ​នោះ​ទេ… ក៍​ប៉ុន្តែ​យើង​អ្នក​អាន​ក៍​មិន​ត្រូវ​បដិ​សេធ​នូវ​ របក​គំហើញ​​ និង​ការ​ស្រាវជ្រាវ​​​ដែល​ជនជាតិ​បរទេស ​សរសេរ​បន្សល់​ទុក​អោយ​ដែរ។ ម៉្យាងទៀត​ យើង​ចូល​ចិត្ត​និយាយថា អ្នក​សរសេរ​ពង្សាវតារ​ និង​ប្រវត្តិសាស្រ្ត​ខ្មែរ ​ដែល​ជាជន​ជាតិ​ខ្មែរ​យើង ​ច្រើនតែសរសេរ​ចងក្រង​​លំអៀង​ទៅ​រក​​របប​កាន់​អំណាច​ដែល​អ្នក​និពន្ធ​កំពុង​រស់​នៅ​​​។ បើ​បែប​នេះមែន តើយើង​ជា​ខ្មែរ គួរ​អាន​សៀវភៅ​និពន្ធ​ដោយ​​ជនជាតិ​បរទេស ឬ​ជនជាតិ​ខ្មែរ​យើង?

    ដោយឡែក​​អត្ថបទ​ដែល​ខ្ញុំ​​ដក​ស្រង់​យក​ចេញ​ពី​ក្នុង​សៀវ​ភៅប្រវត្តិសាស្រ្ត​ និពន្ធ​ដោយ​លោក ​អាដេម៉ារ ឡឺក្លែរ នេះ​ ខ្ញុំ​គិត​ថា ជា​ឯកសារ​​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ ដែលអ្នកនិពន្ធ​​បាន​ប្រមូល​ចងក្រង​ព្រឹត្តិការណ៍នានា​ ​ចាប់​តាំង​ពី​ការ​កកើត​​សង្គម​ខ្មែរនៅ​សតវត្សរ៍​ទី១ នៃ​គ្រឹស្តសករាជ រហូត​មក​ដល់​ដើម​សតវត្សរ៍​ទី២០ (ឆ្នាំ១៩១៣) ដោយ​ផ្អែក​ទាំង​ស្រុង​នូវ​កំណត់​ត្រា​រាជទូតចិន​ ដែលមាន​ទំនាក់​ទំនង​ជា​មួយ​អាណាចក្រ​ខ្មែរ​​​ពី​អតីតកាល ព្រមទាំង​កំណត់​ត្រា​ពី​ការ​រុករក​ពិភពថ្មី​នៃ​ជនជាតិ​ព័រទុយហ្គាល់ នៅ​តំបន់​អាស៊ី​អគ្នេយ៍​យើង​នេះ ដែល​ទាក់​ទង​នឹង​ការ​ផ្សព្វផ្សាយ​សាសនា និង​ជំនួញ​ពាណិជ្ជកម្ម​។ នៅ​មាន​ឯកសារ​ជា​ច្រើន​ទៀត​ ដែល​អ្នកនិពន្ធ​បាន​ប្រមូល​ពី​អ្នក​​ស្រាវជ្រាវ​រុករក​​​ជា​ជនជាតិ​បារាំង​គ្នាគាត់​ នៅ​ពេល​​ដែល​ពួកគេ​ បាន​មក​ដល់​ទន្លេ​មេគង្គ និង​​អង្គរវត្តជាលើក​ដំបូង។​​ ហេតុនេះ អ្នកនិពន្ធ​សម័យថ្មី ទាំងបរទេស ទាំងជនជាតិ​ខ្មែរ ​​ច្រើន​តែ​យោង​ឯកសារ​របស់​លោក​​ ​អាដេម៉ារ ឡឺក្លែរ ស្ទើរ​តែ​ទាំងអស់​គ្នា។

  6. សុំ​ទោស​ ប្រហែល​ដោយ​ខ្ញុំ​ក្មេងពេក ឬ វា​មិនមែន​ជា​ចំណូល​ចិត្ត (អាច​និយាយថា​ខ្ញុំ​ជា​ខ្មែរ​មិនបានការ​ក៏បាន) អោយ​តែ​និយាយ​ពី​រឿង​ប្រវត្តិសាស្រ្ត គឺ​ងងុយ​អេង​ម៉ង!

  7. លោកកេងវ៉ាន់សាក់ ជាបង្កើតពុម្ពអក្សរលើម៉ាស៊ិនអង្គុលីលេខ បើប្រៀបសម័យនេះ FONTS CREATORS សូម្បីក្មេងបឋមសិក្សាសុទ្ធតែជាអ្នកប្រាជ្ញ។ ទោះយ៉ាងក៏ដោយ គំនិតល្អៗរបស់លោកជាអនុស្សាវរីយ៌ដែលបានចារទុកក្នុងប្រវត្តិសាស្រ្តខ្មែរ។

    • បាទ, អរគុណលោកជក់ទិព្វ… ត្រូវហើយលោក… ដោយសារសម័យមុន ស្រុកយើងខ្សត់អ្នកចេះដឹងណាស់។ ទោះជាយ៉ាងណា មូលដ្ឋានទ្រឹស្តីក្នុងការបង្កើតពុម្ពអក្សរខ្មែរលើម៉ាស៊ីនអង្គុលីលេខ របស់លោក កេង វ៉ាន់សាក់ គឺជាមរតកក្នុងការបង្កើត Fonts Creators សំរាប់ក្មេងៗសម័យកុំព្យូទ័រយើងនេះ មិនអាចប្រកែកបាន…។

    • @chourktip : គាត់​ប្រហែល​មិន​មែន​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ទេ តែ​ជា​អ្នក​បង្កើត Keyboard អក្សរ​ខ្មែរ មាន​ន័យ​ថា កំនត់​ទីតាំង​អក្សរ ដូច​ជា​ ម៉េច​បាន​យើង​ហ៊ាន​ដាក់ ក ខ … នៅ​ត្រង់​នេះ​ត្រង់​នោះ? ដាក់​តាម​តែ​ចិត្ត​នឹក​ឃើញ​រឺ?
      មិន​មែន​ទេ ការ​ដាក់​ទីតាំង​អក្សរ​មួយ គេ​ត្រូវ​ការ​ដឹង​ថា ពី​ស្ថិតិ​នៃ​ការ​ប្រើប្រាស់​អក្សរ ។ល។ ដូច្នេះ ហើយ​បាន​ជា​គាត់​សរសេរ​ឯកសារ ទ្រឹស្ដី​នៃ​ការ​បង្កើត​អង្គុលីលេខ​ខ្មែរ ឡើង (ខ្ញុំ​មិន​ដែល​អាន​ឯកសារ​ហ្នឹង​ទេ)។

      គេ​បង្កើត​ keyboard ថ្មីៗ គឺ​ពឹង​ផ្អែក​លើ​អ្វី​ដែល​មាន​ស្រាប់។ ខ្លះ​កែ​ដាក់​អ៊ីចេះ អ៊ីចុះ ក្នុង​សម័យ​នេះ ធ្វើ​ឡើង​គ្មាន​គោលការណ៍​អី​ច្បាស់លាស់​ ​មិន​អាច​យក​ទៅ​ប្រៀបធៀប​នឹង​អ្វី​ដែល​លោក​កេងវ៉ាន់សាក់​បាន​ធ្វើ​ឡើយ។

  8. ពាក្យ រវ្ម័ន នេះជាពាក្យសរសេរខុស ។ នៅក្នុងសិលាចារិក គេសរសេរ វម៌ ដែល​ក្រោយ​មក​ក្លាយទៅជា ពណ៌ ដូចជា ស្រីសុរិយោពណ៌ ដែលតាមពិតជា​ សុរិយវម៌ ។

    រវ្ម័ន នេះគឺខ្មែរសរសេរតាមបារាំង Varman នេះវិញឯង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s