បដិវត្តន៍តាត្រសក់ផ្អែម…


*** ខាងក្រោមនេះ គឺ​ជាអត្ថបទដកស្រង់​ដោយ​សង្ខេប​ចេញ​​ពី​សៀវភៅ​ប្រវត្តិសាស្រ្ត​​ប្រទេស​​កម្ពុជា និពន្ធ​ដោយ​​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះ​ពុម្ព​ផ្សាយ​​​នៅបារីស ឆ្នាំ១៩១៤ ។

********************

តាត្រសក់ផ្អែម​ មាន​ឈ្មោះពិត​ថា តាជ័យ ដែល​តាម​ឯកសារ​ពង្សាវតារ​មួយ​​បាន​បញ្ជាក់​ថា មាន​កំណើត​ដើម​ជា​ជនជាតិសំរ៉ែ ។ តាម​រឿង​និទាន​ក្នុង​ពង្សវតារ​បាន​ដំណាល​​ថា ដោយសារ​តែ​គាត់​មាន​ជំនាញ​ខាង​​ដាំត្រសក់​ផ្អែម ទើបព្រះរាជា​​​សម័យ​នោះ​​ព្រះនាម​ សីហនុរាជ ទ្រង់​សព្វព្រះទ័យណាស់ ព្រមទាំង​បាន​ប្រទានលំពែង​មួយ​ទុកសំរាប់​យាម​ចំការ​ និងមាន​សិទ្ធិ​​សំលាប់​នរណា​​ក៍បាន អោយ​តែ​​ហ៊ាន​ចូល​មក​ក្នុង​ចំការ​ ​លួច​បេះ​ផ្លែ​ត្រសក់…។

ដោយ​ចង់ដឹង​ថា តើ​តាជ័យ​ ឬតា​ត្រសក់​ផ្អែម ​យាមថែចំការ​ឬអត់? ពេល​យប់មួយ​ ព្រះរាជា​សីហនុរាជ ​ទ្រង់​បាន​លប​ចូល​ទៅ​ក្នុង​ចំការ​ត្រសក់ ដោយ​មាន​តែ​មហាតលិត​ពីររូប​តាម​ហែរហម​ប៉ុណ្ណោះ​ (តាមការ​និទាន​ផ្ទាល់មាត់​ មហាតលិត​ទាំងពីរនោះ​ជា​នារី)។ ហើយ​នៅ​ពេល​ដែល​​តាត្រសក់​ផ្អែម​ដឹងទាន់ ស្មានតែ​ចោរ​ចូល​លួច​ត្រសក់ ក៍ចោល​លំពែង​ដែល​ព្រះរាជា​ប្រគល់​អោយ​នោះ ទៅ​ត្រូវ​ព្រះរាជា​សុគតទៅ…​(តាមការនិទាន​ផ្ទាល់​មាត់​​ដដែល​បាន​អោយ​ដឹង​ថា អដ្ឋិធាតុ​ព្រះរាជា​សីហនុរាជ ​ត្រូវបាន​ព្រះរាជបុត្រី​ព្រះនាម បទុម យក​ទៅ​តំកល់​ទុក​នៅ​ក្នុង​ប្រាសាទ​ប្រែរូប ឬព្រះរូប សព្វថ្ងៃ)។  ​​​

ពេលនោះ​នាម៉ឺន​សព្វមុខមន្រ្តី បានប្រជុំគ្នា​រិះរក​មនុស្សម្នាក់​អោយ​ឡើង​សោយរាជ្យ​ ដើម្បី​កុំអោយ​រាជបល្ល័ង្កទំនេរ ហើយ​ដោយ​មិន​ដឹង​ជ្រើស​រើស​នរណា ក៍​សំរេច​លើក​តាជ័យ ឬ​តាត្រសក់​ផ្អែម​អោយ​សោយរាជ្យ​តែម្តង។ ពេលឡើង​សោយរាជ្យ តាជ័យ​ត្រូវ​បាន​ថ្វាយ​ព្រះ​នាម​ថា ព្រះបាទ​សម្តេច​ព្រះបរម​មហាបពិត្រ​ធម្មិកមហា​រាជាធិរាជ និង​បាន​រៀប​អភិសេក​ជា​មួយ​​ព្រះរាជ​បុត្រី ច័ន្ទវរាវតី ជា​ព្រះអគ្គមហេសី​ មាន​ព្រះនាម​ថា ស្រីច័ន្ទរាជ ដែល​ក្រោយ​មក​មានព្រះរាជបុត្រ​ពីរអង្គ គឺព្រះបរម​និព្វានបទ និងព្រះ​សិទ្ធានរាជា។ ព្រះអង្គ (តាជ័យ) ទ្រង់​សោយរាជ្យ​បាន ១៧ឆ្នាំ ទើបសុគត​ទៅក្នុង​ព្រះជន្ម ៧០ព្រះ​វស្សា ក្នុង​ឆ្នាំ១៣៤០។ ហើយ​ព្រះរាជបុត្រា​ច្បង​​ ក៍សោយរាជ្យបន្ត​ពី​ព្រះបិតា​បាន​ ៦ឆ្នាំ ក៍សុគត​ទៀត​ទៅ និងត្រូវ​បាន​ព្រះអនុជ សិទ្ធានរាជា សោយរាជ្យ​បន្ត​នៅឆ្នាំ១៣៤៧ ដែល​តាម​ពិត​ ដំណែង​សោយរាជ្យ​នេះ គួរតែ​ត្រូវ​ធ្លាក់​មក​លើ​រាជបុត្រ​​ពីរអង្គ​របស់​​ព្រះបរមនិព្វានបទ ក៍ដោយ។

បដិវត្តន៍បង្ហូរឈាមបានបញ្ចប់​ពូជ វរ្ម័ន និង​បាន​ប្តូរ​សាសនា

រឿងនិទាន​តាត្រសក់​ផ្អែម​នេះ​ បើទោះបីជា​ចំលងយកចេញ​ពី​រឿងនិទានភូមា ឬ​រឿងនិទាន​ឥណ្ឌា​ដែល​មាន​វ័យ​ចំណាស់​ជាង​ មកធ្វើ​ជា​រឿង​ខ្មែរ​ក៍ដោយ ក៍រឿង​នេះ​មាន​បង្កប់​នូវ​ព្រឹត្តិការណ៍​អាថ៌កំបាំង​មួយ​នៅ​រវាង​ឆ្នាំ១៣២០ ឬ១៣២៥ ដែល​មាន​ព្រះរាជា​​មួយអង្គ​ត្រូវ​បាន​គេ​លួច​​ធ្វើ​ឃាត។

គេ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា នៅក្នុង​អំពើឃាតកម្ម​ទៅ​លើ​ព្រះរាជា​នេះ គឺ​បាន​ប្រព្រឹត្តិទៅ​នៅ​ក្នុង​ចំការ​ដំណាំ​តែ​ម្តង ​ដោយ​ឃាតករ ​អាចជាក្រុម​ដាំដំណាំ ឬជា​ក្រុម​​មន្រ្តី​ទ័ព​ជំនិត​ៗ​បំផុត​របស់​ព្រះរាជា និងមាន​ដើម​កំណើត​ជា​ជនជាតិ​ភាគតិចសំរ៉ែ។ ព្រឹត្តិការណ៍​នេះ​​អាច​ចាត់​ទុក​ថា ជារដ្ឋប្រហារ ឬ​ជា​បដិវត្តន៍​បង្ហូរឈាម​មួយ​ដើម្បី​បិទ​បញ្ចប់​ពួជ វរ្ម័ន នៅ​ក្នុង​រាជវង្ស​ក្សត្រ​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ននេះ។ ​មាន​ចំងល់​​ជា​ច្រើន​បាន​ចោទ​សួរ​ថា ក្រោយ​ពេល​ដែល​ព្រះរាជា​សោយទីវង្គតទៅ ហេតុអ្វី​បាន​ជា​ក្រុម​នាម៉ឺន​សព្វមុខ​មន្រ្តី​មិន​ជ្រើស​រើស​​រាជវង្ស​ក្សត្រ​អោយ​​ឡើង​សោយ​រាជ្យ​បន្ត? តែ​ហេតុអ្វីបែរ​ជា​ជ្រើស​រើស​ប្រជារាស្រ្ត និង​ជា​ឃាតករ​ផង​​អោយ​ឡើង​​សោយ​រាជ្យ​បន្ត​ទៅវិញ? ត្រង់​នេះ​អាច​បញ្ជាក់​​ច្បាស់​ថា ប្រាកដ​ជា​មាន​ការ​ផ្សំគំនិត​គ្នា​ដ៏​ធំ​មួយ​នៅ​​​ក្នុង​រាជវាំង​ ក្នុង​​​បុព្វហេតុ​បំរើ​នូវ​ផល​​ប្រយោជន៍​អ្វី​មួយ​សំរាប់​​បក្ស​ពួក​មួយក្រុម ឬសំរាប់​ប្រជារាស្រ្ត​ភាគច្រើន​ក្នុង​នគរ… ហើយក្រុម​ឃាតករ​ គឺ​​អាច​ជាមន្រ្តី​​ជាន់​ខ្ពស់​​​ខាង​កងទ័ព​ និង​មាន​អំណាច​ធំ​ដែល​ក្រុម​នាម៉ឺន​សព្វមុខ​មន្រ្តី​ក្នុង​រាជវាំង​មិន​អាច​ប្រឆាំង​​តវ៉ា​បាន។

​​វិភាគ​ទៅ​តាម​ស្លាកស្នាម​ប្រវត្តិសាស្រ្ត និង​សំណង់​ប្រាសាទ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក គេ​អាច​​ធ្វើ​ការ​សន្និដ្ឋាន​បន្ថែម​ទៀត​​ថា ឃាតកម្ម​ទៅ​លើ​ព្រះរាជា​នេះ គឺ​មក​ពី​មូល​ហេតុ​​ទំនាស់​​សាសនា មិនមែន​មក​ពី​មូលហេតុ​​នយោបាយ​ទេ។ អាចនិយាយ​បាន​ថា គឺជា​ការ​បដិវត្តន៍ ​​ដើម្បី​ប្តូរ​យក​​សេរីភាព​​ក្នុង​ការ​គោរព​ជំនឿ​​សាសនាពី​ព្រហ្មញ្ញ មក​ព្រះពុទ្ធ​វិញ តែ​ក៍​បាន​បំរើ​នូវ​ផលប្រយោជន៍​ផ្នែក​សំភារៈ​ខ្លះដែរ ដែល​បង្កប់​​ពី​ក្នុង​​បញ្ហា​ទំនាស់​​នោះ។

ផលវិបាកក្រោយ​ពេល​បដិវត្តន៍តាត្រសក់ផ្អែម

ចាប់តាំង​ពី​រជ្ជកាល​តាជ័យ ឬតាត្រសក់ផ្អែម​ឡើង​សោយ​រាជ្យ​មក ការប្រើប្រាស់​ភាសា​សំស្រ្កឹត​ដែល​ជា​ភាសារបស់​ពួក​ព្រាហ្មណ៍ បណ្ឌិត បុរោហិត អាចារ្យ​ព្រហ្មញ្ញ​សាសនា ជា​ភាសា​របស់​​ព្រះ​មហាក្សត្រ​ដែល​គោរព​ព្រះសិវៈ ឬព្រះវិស្ណុ ក្រោមរូបភាព​ជាព្រះ​ហរិហរៈ ត្រូវបានគេ​បោះ​បង់​ចោល ហើយ​ជំនួស​វិញ​ដោយ​ភាសាបាលី ជា​ភាសា​ពិសិដ្ឋ​​របស់​ពុទ្ធសាសនិកជននា​សម័យ​នោះ ដែល​ក្រោយមក​បាន​ក្លាយ​ទៅ​ជា​ភាសា​សំរាប់​អ្នក​ប្រាជ្ញ​នៅ​ក្រោមរាជវង្ស​ថ្មី។

បដិវត្តន៍តោងតែ​ជាបដិវត្តន៍ប្រជាប្រិយ បើហោចណាស់​ក៍​នៅ​តាម​ទី​ក្រុង​ដែរ។ បើ​ដូច្នេះ គឺ​ជា​បដិវត្តន៍ប្រជាធិបតេយ្យ​ ហើយដើម្បី​អោយ​ប្រជារាស្ត្រ​នៅ​តែ​គោរពបូជា​ខ្លួន​ ព្រះរាជា​ក៏តោងតែ​បោះបង់​ចោល​នូវទំលាប់​ខ្លះ​ជា​ពិសេស គឺ​ប្រពៃណី​ដែល​ប្រជារាស្រ្ត​មិន​ចូលចិត្ត ដូចជា​ការ​កេណ្ឌ​ប្រជា​ជន​អោយ​សង់វិមាន​ធំៗ សង់រាជវាំង សង់បន្ទាយ សង់ប្រាសាទ​សំរាប់​លំអរាជធានី ដូចជា​ប្រាសាទបាយ័ន អង្គរវត្ត ព្រះខ័ន តាព្រហ្ម…​។ល។ ដែល​ត្រូវ​ចំណាយ​មាស​ប្រាក់ ទុក្ខវេទនា និងទឹកភ្នែករាស្រ្ត​ជាច្រើន។ គឺ​ដោយ​ហេតុ​នេះ​ហើយ​ បាន​ជា​ការ​សាងសង់​ប្រាសាទ​មួយចំនួន​​ត្រូវបាន​បោះបង់​ចោល ដូចជា​ប្រាសាទ​អង្គរវត្ត​ជាដើម ដែល​​កសាង​ចាប់​ពី​សតវត្សរ៍​មុនមក តែចំលាក់​ក្បាច់​រចនានៅ​មិន​ទាន់​ហើយរួចរាល់​អស់​​នៅឡើយ​ គឺនៅ​ដដែល​ដូចមុន​រហូត​ដល់​សព្វថ្ងៃ​ ព្រោះ​ក្រោយបដិរត្តន៍នេះ​មក​ ព្រះពុទ្ធ​សាសនា​​បានក្លាយ​ទៅ​ជា​សាសនា​ផ្លូវការ ហើយព្រះ​រាជា​ក៍​គ្មាន​មធ្យោបាយ​ខាង​សំភារៈ និង​ស្មារតីណា​នឹង​បន្តការ​សាងសង់​ ដាប់​ឆ្លាក់​​តទៅទៀត​បាន​ឡើយ។ រីឯ​ប្រជារាស្រ្ត​​ដែល​ធ្លាប់​តែ​រង​នូវ​ការ​គាបសង្កត់ពី​រាជានិយម​ព្រហ្មញ្ញសាសនា ក៍ហាក់​ដូចជា​មាន​សេរីភាព​ជាង​មុន និងមាន​សេចក្តី​ក្លាហាន​ជាង​ជាមួយនឹង​រាជានិយម​ថ្មី ជា​ពិសេស​​ នៅពេល​ដែល​អាណាចក្រ​ទាំងមូល​កំពុង​តែ​រង​នូវ​ការ​បែក​បាក់​ ដូចនេះ​គ្មាន​ផល​ប្រយោជន៍​អ្វីដែល​ធ្វើ​អោយ​គេ​ចង់​ធ្វើការ​ងារ​ដ៏​លំបាក​ទាំងអស់​នោះ​ឡើង​វិញ​ទេ។ គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ការ​ចុះ​​អាប់​អោន​​នៃ​អាណាចក្រ​ខ្មែរ បាន​បណ្តាល​អោយ​មាន​ការ​​ចុះ​អាប់​អោន​នៃ​​សំណង់​ស្ថាបត្យកម្ម​ផង​ដែរ។ និយាយអោយខ្លីទៅ ក្រោយ​ពី​បដិវត្តន៍​ពុទ្ធសាសនា​របស់​តាជ័យ ឬតាត្រសក់​ផ្អែម​មក អ្វីៗទាំងអស់​នៃ​អាណាចក្រ​ខ្មែរ ​ត្រូវ​​បាន​​ធ្លាក់​បាក់​ ស្រុត​ចុះ​​ទាំង​អស់។

ព្រឹត្តិការណ៍​ដ៏ធំមួយ ​ដែល​ជា​ផល​វិបាក​នៃ​បដិវត្តន៍​ពុទ្ធសាសនា​របស់​តាជ័យនោះគឺ ការ​របូត​ចេញ​ពីអំណាចអាណាចក្រ​ខ្មែរ នូវបណ្តារដ្ឋទាំងឡាយ​ដែល​ធ្លាប់​ជា​តែ​ចំណុះ​បន្ទាប់​ពី​ការ​បាត់​បង់​អំណាច​របស់​វង្សវរ្ម័ន​នៅ​​រាជវាំងអង្គរ។ ភាពរំជើបរំជួល​អាច​កើត​មាន​ឡើង​គ្រប់​ទិសទី។ បណ្តារដ្ឋ​ទាំងឡាយ ដែលធ្លាប់​តែ​ចុះចាញ់​ដាក់​ខ្លួ៍ន​ជា​ចំណុះ ហើយ​យល់​ព្រម​ទទួល​ស្គាល់​អនុត្តរភាព​របស់​អាណាចក្រ​ខ្មែរ ពេល​នោះ​ប្រហែល​ជា​ចាប់​កាន់​អាវុធ​រើបំរះ​ទាមទារ​ស្វ័យភាព រួចហើយ​ប្រកាស​ឯករាជ្យ​ក្នុង​ពេល​តែមួយ។ ព្រះរាជាខ្មែរ​​ដែល​អស់​អំណាច ហើយ​គ្មាន​យន្តការ​សង្គម​អ្វី​ដើម្បី​កេណ្ឌ​ប្រជារាស្រ្តរាប់​ពាន់​ រាប់​ម៉ឺននាក់​អោយ​ធ្វើ​សំណង់​ធំៗ​នោះ ក៍​គ្មាន​អំណាច​ណា​នឹង​កេណ្ឌពលរេហ៍​ធ្វើ​សង្រ្គាម ទៅទិសទាំងបួន ដូចពីមុន​ដែរ… ម្ល៉ោះហើយ​ក៍​មិន​អាច​នឹង​ចាប់​ពួក​បះបោរ​អោយ​ចូល​មក​ក្នុង​នឹម​ត្រួតត្រាវិញ​ដូចកាល​ពី​ដើម​បាន​ដែរ។

គេ​មិន​អាច​ពន្យល់​ពី​តថភាព​ខាងលើនេះ បែប​ដូចម្តេចបានទៀត​ទេ​ គឺថា​អ្វីៗ​ទាំងអស់​ចំពោះ​អាណាចក្រ​ខ្មែរ ហាក់​ដូច​ជាបញ្ចប់​ត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី១៤ ​នេះ ហើយ​ក្រោយ​ពី​នោះមក ប្រទេស​ខ្មែរ​ គឺ​ប្រៀបដូចជា​ការ​ចាប់​ផ្តើម​សារ​ជា​ថ្មី​ឡើងវិញ។ ព្រោះ​ថា ចាប់​ពី​ពេល​មាន​បដិវត្តន៍​នោះ​មក ការ​ចុះ​អាប់​អោន​​មាន​ល្បឿន​លឿន​គ្មាន​អ្វី​អាច​ទប់​បាន គឺ​ចុះអាប់​អោន​​ទាំងខាងសំណង់​​ស្ថាបត្យកម្ម និង​ទាំងខាង​ការ​គ្រប់​គ្រង​អាណាចក្រខ្មែរ។ បន្តិច​ម្តងៗ ខ្មែរលែង​នៅ​ជា​ជាតិ​សាសន៍​ធំមួយ ​ដែល​មាន​អារ្យធម៌​ហិណ្ឌូ​ដូច​ពីមុន​ និង​លែង​អភិវឌ្ឍន៍​អារ្យធម៌​​របស់​ខ្លួន​​ទៅ​តាម​មាគ៌ា​ដែល​ពួក​ហិណ្ឌូ​បាន​ត្រួសត្រាយ​ទុក​​អោយ​នោះ​ទៀត​ហើយ។ ជនជាតិ​ខ្មែរ​ បាន​ត្រឡប់​​មក​រក​ធាតុ​ដើម​វិញ គឺ​ស្ថានភាព​បុព្វកាល​ដូច​អ្នក​ស្រុក​នៅ​រក្សា​បាន​នៅឡើយ។ បើ​ក្រលេក​មើល​​ព្រះរាជា​វរ្ម័ន​ចុងក្រោយ​មុន​​ពេល​មាន​បដិវត្តន៍​នេះ ​ទោះ​ជា​ថាមពល​របស់​អាណាចក្រ​ខ្មែរ​បាន​ចុះ​ខ្សោយ​បន្តិច​ទៅ​ហើយ​ក៍​ពិត​មែន ក៍ប៉ុន្តែ​​​កំលាំង​កងទ័ព​នៅ​បាន​ទប់​ទល់​ជា​មួយ​ពួក​សៀម​ ដោយ​​​បោស​សំអាត​ទ័ពសៀម​ បាន​ស្អាត​ដូច​គេ​ដក​ស្មៅ បាន​​នៅឡើយ​ទេ។​​ ប៉ុន្តែ​ចាប់​​​ពី​អស់​វង្ស​វរ្ម័ន​មក​ ខ្មែរ​លែង​មាន​សមត្ថភាពនឹង​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​សៀម​ទៀត​ហើយ… ធ្វើ​សង្រ្គាម​ម្តង ចុះខ្សោយ​បន្តិច… គឺ​ចុះ​ខ្សោយ​រហូត​ទាល់​តែ​ក្លាយ​ទៅ​ជា​អស់​សមត្ថភាព​​ក្នុង​សឹក​សង្រ្គាម​តែ​ម្តង។

ចុង​ក្រោយ គឺចាប់​ពី​ពេល​ដែល​សៀម​ដណ្តើម​យក​ក្រុង​លង្វែក​បាន​នៅ​ឆ្នាំ១៥៨៧ មក វា​ហាក់​ដូច​ជា​សឹង​តែ​​ថា លែង​មាន​អារ្យធម៌​​នៃ​អាណាចក្រ​ខ្មែរ​តទៅ​ទៀត​ហើយ…៕

Advertisements

14 responses to “បដិវត្តន៍តាត្រសក់ផ្អែម…

  1. ឯកសារខ្លះគេថា អោយតែមានឈ្មោះវរ្ម័នជាពូជចាម(ជ្វា)តើត្រូវអត់?

  2. មិនមែនទេ

  3. អរគុណតាម៉ាប់ និង​ដួងចាន់។ ដោយ​ចំលើយ​វែង​ពេក ខ្ញុំរៀបចំ​ដាក់​ជា​ប្រកាស​តែ​ម្តង…

  4. Pingback: តើឈ្មោះ វរ្ម័ន ជាពូជចាម(ជ្វា) ឬ? | ស្រុកស្រែ

  5. បើ​យើង​ជឿ​ថា ខ្មែរ​យើង​ខ្សោយ​ដោយ​សារ​អស់​ខ្សែ​វរ្ម័ន​នោះ គឺ​ដូច​ជា​មើល​ងាយ​សមត្ថភាព​ខ្មែរ​ខ្លួន​ឯង​ពេក​ហើយ។ ខ្សែ​វរ្ម័ន​ រឺ​មិន​មែន សុទ្ធ​តែ​ជា​មនុស្ស​ដូច​គ្នា​នោះ​ទេ ។ ការ​ធ្លាក់​ចុះ​នៃ​មហាអំណាច​មួយ អាច​បណ្ដាល​មក​កត្តា​ច្រើន​យ៉ាង​ណាស់។ រី​ឯ​ការ​បះបោរ​ទំលាក់​រាជវង្ស​មួយ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ដែរ​។
    ប្រទេស​អាមេរិច​ ដឹក​នាំ​គ្មាន​ខ្សែ​រាជវង្ស​ត​ពូជ វរ្ម័ន​ រឺ​មិន​វរ្ម័ន​អី​ផង ក៏​រីក​ចំរើន។ ជប៉ុន ព្រះ​ចៅ​អធិរាជ​អស់​អំនាច មាន​តែ​ប្រជារាស្ត្រ​សាមញ្ញ​ក្រោយ​ៗ​ដឹក​នាំ​ប្រទេស​ក៏​រីក​ចំរើន។
    ប្រទេស​ម៉ុងគោល ការ​ពី​ជំនាន់​ Genghis Khan ដឹក​នាំ​ប្រទេស​ខ្លាំង​ក្លា កូន​ចៅ​ Genghis Khan ដឹក​នាំ​ប្រទេ​សបន្ត​ឈ្លោះ​ទាស់​ទែង​គ្នា​រហូត​ដល់​រលាយ​ប្រទេស។
    ប្រទេស​អេហ្ស៊ីប​ក្រិច រ៉ូម៉ាំង ដែល​សុទ្ធ​តែ​ជា​មហា​អំនាច​ពី​បុរាណ​សុទ្ធ​តែ​រលាយ​ដូច​គ្នា​។
    ដូច្នេះ​តើ​វា​សំខាន់​លើ​ខ្សែ​រាជវង្ស​រឺ? តើ​បន្ទាត់​នយោបាយ​មិន​សំខាន់​ទេ​រឺ?

    ខ្មែរ​យើង​ច្រើន​អោយ​តំលៃ​លើ​ប្រាសាទ​ សំគាល់​ថា​ជា​ការ​រីក​ចំរើន​នៅ​សម័យ​ស្ដេច​ណា​មួយ។ ការ​រីក​ចំរើន​របស់​សង្គម​មួយ​​មិន​មែន​ឋិត​នៅ​លើ​វត្តមាន​នៃ​វិមាន​ស្កឹមស្កៃ ផ្ទះ​ថ្ម​ដប់​ម្ភៃ​ជាន់​នោះ​ទេ សំខាន់​បំផុត​គឺ​សេចក្ដី​សុខ​របស់​មនុស្ស​នៅ​សម័យ​នោះ។
    សម័យ​ក្រោយ​អង្គរ​ គ្មាន​ការ​សាងសង់​ប្រាសាទ​នានា អាច​ថា​មក​ពី​ខ្មែរ​សម័យ​នោះ​ក្រ ឬ ក៏​អាច​ដែរ​ ដែល​ថា ការ​និយម​សាងសង់​ប្រាសាទ​ថ្ម​វា​ហួស​សម័យ។ មនុស្ស​សម័យ​ក្រោយ​ៗ​នោះ ក្នុង​អំលុង​កាល​ខ្លះនោះ អាច​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ ក៏​ថាដូច​សម័យ​កាល​ខ្លះ​ក្នុង​សម័យ​អង្គរ​ក៏​ថា​​បាន​ តើ​នរណា​ទៅ​ដឹង​អស់? តើ​មាន​អ្វី​ទៅ​ដែល​អាច​កត់​ត្រា​សេចក្ដី​សុខ​របស់​មនុស្ស​នា​សម័យ​ណា​មួយ​បាន​?

  6. អរគុណលោក​វិចិត្រ។ បើតាម​យោបល់​លោក តើអាណាចក្រ​ខ្មែរ​យើង​ពីអតីតកាល ​ចុះ​ខ្សោយ​ដោយ​សារអ្វី?​

  7. ខ្ញុំ​មិន​ដឹង​ទេ។ អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ ជា​ច្រើន​នាក់​បាន​ស្រាវជ្រាវ​រក​មូល​ហេតុ​នេះ ខ្លះ​ថា​អ៊ីចេះ ខ្លះ​ថា​អ៊ីចុះ។ កុំថា​ឡើយ រឿង​អតីតកាល​ដែល​កប់​បាត់ សូម្បី​តែ​​បើ​សួរ​ថា ហេតុអ្វី​អាមេរិច​សព្វ​ថ្ងៃ​ធ្លាក់​ចុះ ក៏​មិន​ដឹង​ថា​យ៉ាង​ម៉េច​ផង។
    តាម​ពិត​ទៅ យើង​មិន​ទៅ​ចាំ​បាច់​មើល​អ្វី​ឆ្ងាយ​ជ្រៅ​ក្នុង​អតីតកាល​នោះ​ទេ មើល​តែ​ម្ដុំ​ឆ្នាំ​១៩៥០ មក​ដល់​សព្វ​ថ្ងៃ ដាច់​ពី​បារាំង​ភ្លាម យើង​ប្រហាក់​ប្រហែល​គេ​ឯង​ដែរ។ ប្រទេស​គេ​ផ្សេង​ឡើង​បន្តិច​ម្ដង​ៗ ខុស​អី​តែ​ខ្មែរ ធ្លាក់​ក្ឌូក !!!

  8. អរគុណលោក​វិចិត្រ។ ដោយសារ​យោបល់​ខ្ញុំ​រាង​វែង​បន្តិច ខ្ញុំ​សំរេច​ចិត្តថា នឹង​ដាក់​ជា​ប្រកាស​ក្នុង​ថ្ងៃ​នេះ​តែ​ម្តងក្នុង​ចំណងជើង៖ ខ្មែរ​យើង​​បាន​ចុះ​​​អាប់​អោន​​បីដង នៅក្នុង​​ប្រវត្តិសាស្រ្ត​របស់​​ខ្លួន..!!

  9. Pingback: ខ្មែរ​យើង​​បាន​ចុះ​​​អាប់​អោន​​បីដង នៅក្នុង​​ប្រវត្តិសាស្រ្ត​របស់​​ខ្លួន..!! | ស្រុកស្រែ

  10. «ពេលនោះ​នាម៉ឺន​សព្វមុខមន្រ្តី បានប្រជុំគ្នា​រិះរក​មនុស្សម្នាក់​អោយ​ឡើង​សោយរាជ្យ​ ដើម្បី​កុំអោយ​រាជបល្ល័ង្កទំនេរ ហើយ​ដោយ​មិន​ដឹង​ជ្រើស​រើស​នរណា ក៍​សំរេច​លើក​តាជ័យ ឬ​តាត្រសក់​ផ្អែម​អោយ​សោយរាជ្យ​តែម្តង។» ខ្ញុំ​ថា​ត្រង់​នេះ គឺ​ទម្លាប់ អ្នក​ណា​សម្លាប់​ស្តេច (ដែល​និយម​ជា​អ្នក​មាន​ឬទ្ធិអំណាច)បាន ត្រូវ​បានតាំង​ជា​ស្តេចជំនួស (ដោយ​សារ​មាន​ឬទ្ធិ​ជាង) ទេ​មើល​ទៅ ។

  11. សុភាសិតចិនថា ឈើដែលចាក់ភ្នែក គឺជាឈើ​ដែល​នៅ​ជិត​ភ្នែក​បំផុត… ហេតុនេះ មនុស្ស​ដែល​ផ្តល់​គ្រោះ​ថ្នាក់ គឺជា​មនុស្ស​ដែល​ជិត​ស្និទ្ធិ​បំផុត​ដែរ… ហើយ​តាម​ធម្មតា​គេថា នៅជិត​ស្តេច ដូចនៅ​ជិត​ខ្លា..!! ហេតុនេះ អ្នក​ដែល​នៅ​ជិតខ្លា​បាន ទាល់​តែ​ជាប់​ខ្សែ​ស្រឡាយ​ជា​មួយ​ខ្លា​ដែរ ត្រូវអត់? ហើយ​បើ​មិន​ជាប់​សាច់​ញាតិ ខ្សែ​ស្រឡាយ​ជាមួយ​ខ្លាទេ ក៍អ្នក​នោះឯង មាន​ឋាន:​ធំជិត​ប៉ុន​ខ្លា​ដែរ… ករណី​រឿង​តាជ័យ គឺប្រហែល​ជា​បែប​នេះ​ឯង…។

  12. ផ្លែត្រសក់ផ្អែមជាពូជរបស់ខ្មែររឺយ៉ាងណា? មានរូបរាងដូច​ត្រសក់​ដែល​យើង​ហៅ​សព្វ​ថ្ងៃ​រឺយ៉ាង​ណា? សូមប្រយ័ត្ន​អោយមែនទែន វាមិន​មែន​ធម្មតាៗ ដូច​យើង​គិត​នោះ​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s