ខ្មែរ​យើងគួរ​ប្រើប្រាស់​ Facebook អោយ​មាន​ប្រយោជន៍..!!


ព្រឹកនេះ​ ក្រោយពី​បានអាន​ប្រកាស​របស់​ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ដែលមាន​ចំណង​ជើង​ថា ក្រុម “ ព័ត៌មានជាតិដោយសេរី​ថ្មីៗ និង ប្រតិកម្មរហ័ស” ធ្វើ​អ្វី​ពិត​ប្រាកដ​ទៅ​ក្នុង​ហ្វេសប៊ុក?  រួចមក ខ្ញុំ​បាន​ឆ្លៀត​ចូល​ទៅ​អាន​មតិ​ខ្លីៗ​របស់​អ្នកលេង​ហ្វេសប៊ុក​ថែមទៀត​ផង។ ដើមហេតុ​នៃ​បញ្ហា​នៅ​ឯ​ហ្វេសប៊ុក​ក្នុង​រឿង​នេះ គឺ​មាន​ប្រភព​ចេញ​មក​ពី​​អត្ថបទ​របស់​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ នៅវើលប្រ៉េស ឯណេះ​​​ ដែលមាន​ចំណង​ជើង​ថា៖ ឆៃលីដាឡែន​ពិសោធន៍​ឃើញ​ថា​ក្បាល​ខ្មែរ​​ភាគច្រើន​មាន​ខួរ​​ស្អុយ​រលួយ​​មួយ​ចំហៀងធំ…។

ដោយ​ពិត​ទៅ​ ខ្ញុំ​បាន​ទាយ​ទុក​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ថា អត្ថបទ​របស់​លោក​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ​ មួយនេះ​ នឹង​មាន​ប្រតិកម្ម​ពី​មិត្ត​អ្នក​អាន​នៅ​ទី​នេះ​ជា​មិន​ខាន ហើយ​ខ្ញុំ​នៅ​​រង់ចាំ​មើល​រហូត… តែប្រតិកម្ម​នៅ​​ទីនេះ​ ទាំងវិជ្ជមាន និងអវិជ្ជមាន​ គឺ​មាន​ភាព​ថ្លៃថ្នូរ​​។ រីឯ​នៅ​ហ្វេសប៊ុក​វិញ គឺ​មាន​តែ​ប្រតិកម្ម​ប្រកប​ដោយ​ពាក្យ​អសុរស ​ជេរ​បញ្ចោរ​​ឡើង​បែក​ផ្សែង​តែម្តង។ ហើយ​លោក​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ក៍​ហាក់​ដូច​ជាខន្តី… ​មិន​មាន​យោបល់​អី​តប​តទៅ​ពួក​គេ​វិញ​ដែរ។​

និយាយ​តាម​ត្រង់​ចុះ ពេល​ខ្ញុំ​អាន​មតិ​ប្រតិកម្ម​របស់​ពួក​​គេ​​រួចមក ខ្ញុំបែរ​ទៅ​ជា​អាណិត​ពួក​គេ​ទៅ​វិញ​ទេ ព្រោះ​ពួក​គេ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​​ដូច​ខ្ញុំ​ដែរ តែ​ប្រតិកម្ម​របស់​ពួកគេ ក្រៅ​តែ​ពី​ពាក្យ​តេះដៀល​ ជេរបញ្ចោរ គឺ​អត់​មាន​យោបល់​​អី​ដាស់​តឿន កែលំអ ឬក៍​ការ​ជជែក​​ពិភាក្សា ផ្លាស់​ប្តូរ​យោបល់​គ្នា​​ជា​មួយ​ម្ចាស់​អត្ថបទ​ និង​អ្នក​អាន​ផ្សេងៗ​​ទៀត​​សោះ ហើយ​ព្រួតគ្នា​ជេរ​យក​ម៉ា​ឈ្នះ​ដៃ​តែ​ម្តង។

ដូចខ្ញុំ​បានសរសេរ​មតិ​ខ្លីមួយ​​នៅ​ផ្ទះ​ស្រុកខ្មែរ ស្នេហ៍​ខ្ញុំ រួចហើយ​ថា នៅ​ហ្វេសប៊ុក ហាក់​ដូច​ជា​​មាន​អ្នក​ទំនេរ​ច្រើន ព្រម​ទាំងមួយ​ចំនួន​ណា​នោះ គឺ​មាន​ជំនាញ​ច្បាស់​លាស់​ខាង​ជេរបញ្ចោរ​​​​តែ​ម្តង។ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​មាន​ផ្ទះ​នៅ​ហ្វេសប៊ុក​ទេ តែ​ដោយ​សារ​មាន​សំណូមពរ​ខ្លះៗ​ពី​គ្នីគ្នា​យើង​ ទើប​ខ្ញុំ​ចេះ​តែ​បង្កើតៗ​ទៅ តែ​ខ្ញុំ​មិន​ដែល​ប្រើ​ផង…។

ខ្ញុំគិត​ថា នៅ​ស្រុកយើង​សំណាង​ហើយ​ ដែល​រដ្ឋាភិបាល​បានអនុញ្ញាត្តិ​អោយ​ប្រជាជន​ខ្មែរ​​ប្រើប្រាស់​ Facebook ​ដោយ​សេរីបែបនេះ ដែល​ខុស​ពី​ប្រជាជន​​វៀតណាម គឺមិនមាន​សំណាង​បាន​លេង​សប្បាយ ​ជាមួយ​នឹង​បណ្តាញ​សង្គម​​ដ៏​មានប្រជាប្រិយ​មួយនេះ ជា​មួយ​នឹង​មិត្តភក្តិ​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក​បានទេ​។ ចុះបើ​មាន​​ឳកាស​បាន​លេង​សប្បាយ​ជា​មួយ​ហ្វេសប៊ុក​ដោយ​សេរី​ទៅ​ហើយ ហេតុម៉េច​បាន​ជា​អ្នក​ប្រើ​ប្រាស់​ជា​ជនជាតិ​ខ្មែរ​យើង​ ​មិន​ចេះ​ទាញ​យក​ប្រយោជន៍​ពី​វា​វិញ​សោះ​អីចឹង? ប្រយោជន៍​របស់​វា​មាន​ច្រើន ដូចជា​បង្កើត​នូវ​ចំណង​មិត្តភាព និងការ​រាប់​អាន​ដ៏​ទូលំទូលាយ​គ្មាន​ព្រំដែន និងចែករំលែក​នូវ​ចំណេះ​ដឹង និង​បទពិសោធន៍​អោយ​​គ្នា​ទៅវិញ​ ទៅមកជាដើម។ ​

ចំពោះ​រៀមច្បង​អ្នក​ចេះដឹង​ទាំងឡាយ គួរ​តែ​បង្ហាញ​នូវ​គំនិត​​ ឬទស្សនៈ​ផ្សេងៗ ដែលទាក់ទង​ទៅ​នឹង​​ការ​អប់រំទូន្មាន​​​​​អំពី​សីលធម៌ ចរិយាធម៌​ក្នុង​សង្គម​ខ្មែរ ព្រម​ទាំង​ចំណេះ​ដឹង​ជា​សកល​ផ្សេងៗ​ទៀត យកមក​ដាក់​នៅ​លើ Facebook ឬ WordPress ​និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​​​ សំរាប់​អោយ​កូន​ខ្មែរ​ជំនាន់​​ក្រោយ បាន​សិក្សា​រៀន​សូត្រ​នូវ​ចំណេះ​​ដឹ​ង​ទាំង​អស់​ដែល​មាន​នៅ​លើ​ Internet​ ។ នេះ​គឺ​ជា​អត្ថប្រយោជន៍​របស់​ Facebook ឬ WordPress ដែល​ខ្មែរ​យើង​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​នេះ។ ចុះ​បើ​​អ្នក​ប្រើ​ប្រាស់ បាន​ត្រឹម​តែ​ប្រមូល​ផ្តុំ​​គ្នា​លេង ​ខាត​បង់​ពេល​វេលា​អត់​ប្រយោជន៍ ​ដោយ​ប្រើ​ពាក្យ​​សំដី​​មិនសមរម្យ​ដាក់​គ្នា ហើយ​​មាន​រឿង​អី​ភា្លម​ ​ព្រួត​គ្នា​​ជេរ​បញ្ចោរ​​​បែប​នេះ ប្រសិន​បើ​ប្រទេស​ជិត​ខាង​គេ​អានរួច ឬមើល​ដាច់​ដឹង​​សាច់​រឿង​វិញ គឺគួរ​​អោយ​ខ្មាស់​គេ​ណាស់..!!

ស្រុកស្រែ

Advertisements

26 responses to “ខ្មែរ​យើងគួរ​ប្រើប្រាស់​ Facebook អោយ​មាន​ប្រយោជន៍..!!

  1. បង​មក​ចាំ​មើល​ក្នុង​ប្លុក, ពួក​អ្នក​ជេរ​ហ្នុង​មាន​ដែល​ចេះ​មក​បើក​មើល​ប្លុកអី? គាត់​ចេះ​តែ​ហ្វេសប៊ូក​ហ្នឹង​ឯង ។ ណ្ហើយ, មក​ពី​គាត់​រៀន​គម្ពី​ឆ្កឹះឆ្កៀល​នៅ​ស្ទើរ រៀន​អោយ​ដល់​គាត់​លែង​ចឹង​ហើយ!

  2. ហេហេ… បើអីចឹង ក្មេងស្រែ ឬក្មេងក្បាលខូចឯង បើក​បង្រៀនកួរ​វគ្គ​ពិសេស​មួយ​រ៉ូវ គឺ​វគ្គជំនាញ​ឆ្កឹះឆ្កៀល ដោយ​ដកស្រង់​ចេញ​មក​ពី​គម្ពីរ​ឆ្កឹះឆ្កៀល…!! បើ​ខ្វះ​គ្រូ​ចាំ​ខ្ញុំ​ទៅ​ជួយ​បង្រៀន…​

  3. សួរស្តីបង បង !​
    ខ្ញុំគិតថាមនុស្សម្នាក់នោះមិនគួរយកអរិយ៏ធម៏​ខ្មែរ​មក​ធ្វើ​ដូច​នេះ​ទេ​។ ​ចុះ​ឯណា​ទៅ​សំពត់​ចង​ក្បិន អាវប៉ាក់ ផាមួង។ សូម​អភ័យទោស​ផង​ បើ​ខ្ញុំបាទ​ប្រើ​ពាក្យ​ណា​ដែល​បះពាល់​ដល់​អារម្មណ៍​អ្នក ហើយ​ពាក្យ​ទាំងអស់​នេះ​ គ្រាន់​តែ​ដាស់​តឿន​ដល់​បងៗតារា​​ ដែល​ត្រូវ​ចេញ​ទៅ​សំដែង​លើក​ក្រោយ។
    ពីខ្ញុំបាទ​ មនុស្សគ្មានការចេះដឺង (ក្មេងកំហូច)​

    • គឺពិតជាអីចឹងមែនហើយ ក្មេងកំហូច…។ បន្ទាប់​ពី​ហេតុការណ៍​នេះ​ទៅ ពួក​តារាៗ​ទាំង​ឡាយ​ដែល​និយម​ស្លៀក​ពាក់ ស៊ីស៊ិច ឡើង​លើ​ឆាក ប្រហែល​ជា​អន់​ចង់​ខ្លះ​ហើយ។ ម្យ៉ាង​ទៀត​ខ្ញុំ​យល់​ថា មូលហេតុ​ដែល​តារាៗ​ចូល​ចិត្ត​ស្លៀក​ពាក់​បញ្ចេញ​សាច់ ខើច​លើ​ខើច​ក្រោម​បែប​នេះ ក៍ជា​លក្ខណ:​បង្ហាញ​ប៉ាន់ ឬប្រយុយ​ដាក់​អស់​លោក​ អ្នកប្រុសៗ​ទាំងឡាយ ដែល​និយម​ជះលុយ​លើ​តារា អោយ​ទង្គិច​ក្បាល​គ្នា ដើម្បី​ចាយ​លុយ​ទាក់​យក​មក​បំពេញ​នូវ​តណ្ហា​របស់​ខ្លួន​ដែរ។ ពាក្យ​ចាស់​លោក​ពោល​ថា បើទំពក់​មិនទៅ ព្នៅក៍​មិន​មក​ទេ… ហេតុនេះ ប្រសិន​បើ​មិនមែន​ជា​ចំណូល​ចិត្ត​របស់​បុរស​កំហូច​ទាំង​ឡាយ​ទេ គ្នា​ក៍មិន​ទៅ​ស្លៀក​ពាក់​បែប​នេះ​ដែរ…។

  4. វិធីទប់ទល់​នឹង​ពួក​ជេរងាយ​បំផុត បើ​ដឹង​ថា​ពួក​គេ​ជេរ​ហើយ​យើង​កុំ​អាន ដល់​ចឹង​អត់​ឈឺ​ចិត្ត​អី​តិច 😆

  5. និយាយតាមត្រង់ចុះ ខ្ញុំសរសើរ​អារម្មណ៍​លោក​ដែល​ទប់​ចិត្ត​បាន​មិន​តបត…

  6. បាទអរគុណពីចំងាយ​ផង បងស្រុកស្រែ ដែល​យល់ស្រប​នូវ​គំនិត​របស់​ខ្ញុំ។​ ពាក្យ​ដែល​​បង​ថា​ បើ​ទំពក់​មិន​ទៅ ព្នៅក៍​មិន​មក​ទេ​ គឺវា​ត្រឹម​ត្រូវ​ណាស់។ ប៉ុន្តែ​មុន​នឹង​យើង​ធ្វើ​អ្វី​មួយ​ គួរ​តែ​ពិចារណា​​ផង​ តាំង​ពី​បុរាណ​មក ខ្មែរ​យើង​មាន​ប្រពៃណី​សុភាព​រាបសារ​ណាស់។ សូម​សួរ​ទៅ​អ្នក​​​មាន តើ​ដែល​គិត​ដល់​ពីបញ្ហាណឹងអត់? បើតារា​​ម្នាក់ៗ​ធ្វើ​ដូច​គាត់​យូរៗ​ទៅ យើង​និង​បាត់​អរិយធម៌​អស់​ហើយ។ តើ​ពេល​នោះ យើង​មាន​មុខ​ឯណា ចេញ​ក្នុង​ឆាក​អន្តរជាតិ​ទៀត ដែល​​ប្រទេស​នីមួយៗ​គេតែង​សរសើរ​ថា​ពូជខ្មែរ​ថ្កើង? តែផ្ទុយ​ទៅវិញ​បែរ​ជា​តារា​មួយ​ចំនួន​តូច​យក​ទៅ​ស្រាត​ចោល​អស់​នៅឯ​ក្រៅ​ប្រទេស។​​ សូម​អភ័យទោស​ផង​បើ​ខ្ញុំបាទ​ប្រើ​ពាក្យ​មិន​គួរ​គប្បី​ ដែល​ប៉ះពាល់​អារម្មណ៍​របស់​អ្នក។ ហើយ​ក៍​សូម​អភ័យទោស​ដល់​បងស្រុកស្រែ​ផង​ដែរ​។ ពាក្យ​ទាំងអស់​នេះ​ខ្ញុំ​ចង់​ប្រាប់​ទៅ​តារា​ទាំងអស់​គ្នា គួរ​កុំយក​តំរាប់​តាម​មនុស្ស​ម្នាក់​នោះ។
    ពីខ្ញុំបាទ​ មនុស្ស​គ្មានការ​ចេះដឺង (ក្មេងកំហូច)

  7. អរគុណក្មេងកំហូចម្តងទៀត។ ជាដំបូងខ្ញុំសរសើរ និង​ពេញចិត្ត​ក្មេង​កំហូច ដែល​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ជា​មនុស្ស​គ្មានការ​ចេះ​ដឹង..!! ការដែល​ចេះ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​អត់ចេះ​ដឹង​នេះ​ហើយ គឺជា​អ្នកចេះ​ដឹង​ពិត​ប្រាកដ​នោះ។

    ទាក់ទងនឹងរឿងតារាដែលមានបញ្ហានេះ ខ្ញុំអាន​ព័ត៌មាន​ទៅ ឃើញ​មាន​ខាង​សមាគម​សិល្បករ​ គេបាន​ធ្វើ​កិច្ចការ​នេះ​រួច​ហើយ។ ត្រង់ថា​វិធានការណ៍​ថ្ងៃ​ក្រោយ​គេ​នឹង​ទទួល​ពិន័យ​យ៉ាងម៉េចៗ​នោះ យើង​នឹង​ចាំ​មើល​ថ្ងៃ​ក្រោយ​ទៀត។

  8. បង្កើត​នូវ​ចំណង​មិត្តភាព និងការ​រាប់​អាន​ ជាមួយសាសន៍​ដទៃ ប្រហែល​ជា​ខ្ញុំ​ហើយ។ ខ្មែរ​មួយ​ចំនួន គេ​មិន​ខ្ចីថា​យើង​សុំ​ធ្វើ​ជាមិត្ត​គេ​នោះ​ទេ ហើយ​ថែម​ទាំង​សួរនាំ​ថា​មក​ពី​ណា? ចង់ធ្វើ​មិត្ត​ហ្នឹង​តើ​មាន​ការ​អី? ដល់តែ​យូរៗ​ទៅ ខ្ជិល​ចង់​ទទួល​មិត្ត​ទៀត.. !
    ចូលមក​ដល់​ការ​ពិភាក្សា​ម្ដង ការ​ស្លៀក​ពាក់​នេះវា​មិនមាន​អ្វី​ខុស​ធ្ងន់ធ្ងរ​ទេ តួយ៉ាង បើយើង​ចូលបារ ចូលក្លឹប តើយើង​ស្លៀក​ពាក់​បែប​ប្រពៃណី ទំនៀម​ទំលាប់​រាំ​អីចឹង​រឺ? នោះ​ច្បាស់​ជា​គេថត​ចុះ​ផ្សាយ​ថា សំលៀក​បំពាក់​ប្រពៃណី​ចូល​បាររាំ​មិន​ខាន​ឡើយ! បែរ​មក​មើល​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​ដែល​គេ​ហៅ​ថា ស៊ីចស៊ី​ នោះ​វិញ​ តើ​យ៉ាង​ម៉េច? ចំពោះ​ច្បាប់​ ប្រពៃណី​ស្រុក​ខ្មែរ​យើង គឺនៅ​បុរាណ​នៅ​ឡើយ មិន​បាន​កែប្រែ​ច្នៃ​ប្រឌិត​អ្វី​សោះ ក្រៅ​តែពី​ឲ្យ​ធ្វើតាម​ទំលាប់​ចាស់ ចុះ​សម័យ​បុរាណ​ស្រុកខ្មែរ​នោះ ស្ដ្រី​ចងក្បិន​លែង​សុដន​ទទេ អត់​មាន​នរណា​នឹក​ឃើញ​រិះគន់​តាហ្មង! ព្រោះ​គេថា​រឿង​ចាស់​ហួស​សម័យ​ហើយ.. @.@.។
    ឆៃលីដាឡែន​ ខ្ញុំមិន​ដឹងថា​ពីណា​គេ​ផង អ្នក​ស្រុក​ខ្មែរ​ជា​ពិសេស​តារា​មួយ​ចំនួន​តូច បើមិន​ត្រូវ​តាតា និងយាយៗ​ដែល​មាន​អំនាច មានលុយ ឆីទេ​នោះ​ ក៏គង់​ត្រូវ​បាត់​សំលេង​វិញ​ក្នុង​កាល​មួយ​ដែរ។
    អ្វីដែល​ស្រុកខ្មែរ​ថា​ខុស​នោះ​ គឺខុស​ត្រង់​ប្រជាជន​ខ្មែរ​មួយ​ចំនួន យក​រឿង​ខុស​កំប៉ិច​កំប៉ុក ហា​មាត់​ឡើង​និយាយ​ចាប​មួយ​ជា​ចាប់​មួយ​រយ ឯរឿង​បាត់ដី គេយក​ទឹកដី អន្តោប្រវេសន៍ គេជួល​ដីព្រៃ កាប់ព្រៃ​ធ្វើជា​ចំការ​អីហ្នឹង ដូច​មិន​សូវ​មាន​ប្រតិកម្ម​ខ្លាំង​សោះ!
    ដូចដែល​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ បានថា​អីចឹង រឿងធំ​ប៉ុន​មហា​សាគរ​មើល​មិន​ឃើញ បែរជា​ឃើញ​កូនថ្លុក​តូច​មួយ! ពួកគេ​ហ្នឹង​មើល​បាន​តែ​ទឹក​រាក់ ឯទឹក​ជ្រៅ​មើល​មិនធ្លុះ​បាត​ទេ។
    សូមទោស ខ្ញុំគ្រាន់​តែ​បញ្ចេញ​ទស្សនៈ​របស់​ខ្ញុំ ដោយសារ​ខ្ញុំមិន​សូវ​ចេះ​សរសេរ​ទៀត​នោះ ដូចជា​និយាយ​ត្រឡប់​ត្រឡិន​បន្តិច​ហើយ!

  9. សូមសួរស្តីម្តងទៀត​ បងៗ​
    បាទមុន​និងខ្ញុំ​មាន​ទស្សនៈ​បន្តទៀត ខ្ញុំសូម​អធ្យាស្រ័យ​ផង​ដែរ​ដល់​បងៗ​ ដែល​មាន​វត្តមាន​នៅក្នុង​ផ្ទះ​បង​ស្រុកស្រែ ជាពិសេស បង​​ monyrinataro ជា​ចំពោះ​ផង​ដែរ​។​
    ខ្ញុំគិតថា អ្វីដែលខ្ញុំ​មាន​ទស្សនៈ​ខាងលើ​នេះ​ គ្រាន់តែ​ជា​ពាក្យតូច​មួយ​ឃ្លា ដែល​ចូលរួម​ថែរក្សា និង​ស្ថាបនា​វប្បធម៍ សិល្បៈខ្មែរ​តែ​ប៉ុណោះ​ ហើយអ្វី​ដែល​ខ្ញុំ​និយាយ​ទៅ​ជា​ការ​ខុស ខ្ញុំក៏​សុំទោស​ផង​ដែរ។ ប៉ុនែ្ត​អ្វី​ផ្សេង​មួយ​ទៀត គឺរឿង​បាត់ដី គេយក​ទឹកដី អន្តោប្រវេសន៍ គេជួល​ដីព្រៃ កាប់​ព្រៃ​ធ្វើ​ជា​ចំការ អោយ​ខ្ញុំទៅ​គិត​រឿង​នឹង​ម្តេច​កើត បើរឿង​នោះ​ជា​បញ្ហា​នយោបាយ ​ហើយ​ប្រទេស​យើង​ក៏មាន​សម្តេច​ទាំង​បី រួម​ជា​មួយមន្រី្តៗ​ជា​ច្រើន​រូប​ផង​ដែរ​ មាន​ការងារ មុខ​តំណែង​នឹងហើយ ​ចំពោះ​ខ្ញុំផ្ទាល់​ក៏​គ្មាន​សិទ្ធិ​ឯណា​ទៅ​ចូលរួម​ដែរ ពីព្រោះ​ខ្ញុំ​គ្រាន់​តែ​និស្សិត​មួយរូប​តែ​ប៉ុណោះ។ ចំណែក​រឿង​តារា​វិញ ខ្ញុំគ្រាន់​តែ​បញ្ចេញ​ទស្សនៈ​មិនសូវ​សប្បាយ​ចិត្ត​តែ​ប៉ុណោះ។​ ហើយ​ខ្ញុំ​ក៏​អធ្យាស្រ័យ​ម្តង​ទៀត​ដល់​បង​ស្រុកស្រែ ដែល​ខ្ញុំ​ប្រើ​ពាក្យ​មិន​គួរសម​នៅក្នុង​ផ្ទះ​របស់​បង ។
    ពីខ្ញុំបាទ​ មនុស្ស​គ្មានការ​ចេះដឺង (ក្មេងកំហូច)​

    • បាទ, សួស្តី​ក្មេង​កំហូច​ម្តងទៀតដែរ…។ ប្រសិនបើ​ក្មេងកំហូច​ ស្ថិតនៅ​ក្នុង​វ័យ​សិក្សា យកល្អ​គួរ​តែ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​​​អោយ​បាន​ពូកែ​បន្ត​ទៀត ដើម្បី​អនាគតផ្ទាល់​ខ្លួន​ផង និង​ដើម្បី​សងគុណ​ដល់​អ្នក​មាន​គុណ​របស់​ក្មេង​កំហូច​ផង។ នៅ​ពេល​ណា​​ដែល​ក្មេង​កំហូច​ ឈាន​ជើង​​ចូល​​ទៅ​ធ្វើការ​ងារ​ក្នុង​សង្គម​ហើយ ពេល​នោះ​ក្មេង​កំហូច​ អាច​នឹង​ជួប​​នូវ​រឿង​ហេតុ​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​រៀង​រាល់​ថ្ងៃ…។ ​ការ​ដែល​ក្មេង​កំហូច រៀន​បញ្ចេញ​ទស្សនៈ គំនិត យោបល់​ផ្ទាល់​ខ្លួន​នៅ​ពេល​នេះ ​អាច​ចាត់​ទុក​ថា គឺ​ជា​​​ការ​ចាប់​ផ្តើម​រៀនត្រិះរិះ​ពិចារណា​ពី​ហេតុ និង​ផល ​ហើយ​ទៅ​អនាគត ក្មេង​កំហូច​ អាច​មិន​ងាយ​នឹង​​ចាញ់​បោក​គេ​ផ្តេស​ផ្តាស​ទេ…។ ជូនពរ​អោយ​ជួប​សំណាង​ល្អ​នៅ​ថ្ងៃ​ក្រោយ…។

  10. WordPress យើងនេះក៏មិនណយដែរ ទើបតែឥឡូវនេះទេ ដែល​រាង​ឣន់​បន្តិច​នោះ។ កាល​ពី​មុន WordPress នេះ​សប្បាយ​ណាស់ ប៉ុន្តែ​តាំង​ពីមាន​ឣាឆ្កួត​ជាន់​ពែរ មុខ​ដូច​ខ្មោចឆៅ​តាម​ឣុក​ឡុក​មក គេឯង​នាំគ្នា​ដើរ​ចេញ​​ឣស់​ទៅ បូករួម​ទាំង​តាស៊ីក្លូ​ផង ព្រោះ​ខ្ជិល​ជ្រលក់ជា​មួយ​មនុស្ស​ថោក ខួរក្បាល​ឣាចមន៏…..

    • សូមគាំទ្រមតិតាស៊ីក្លូ!!!

    • អរគុណតាស៊ីក្លូ និង សំលេងខ្មែរ។ ដោយ​ពិតទៅ ខ្ញុំ​មក​តាំងអាស្រម​នៅ​ទីនេះ មិនទាន់​បាន​ ៣ខែ​ទេ… ហេតុ​នេះ ខ្ញុំមិន​បាន​ដឹង​រឿង​រ៉ាវ​នៅ​ទី​នេះ​​ពីមុនៗ​មក​ ថា​យ៉ាង​​ម៉េច​ខ្លះ​ទេ…។ ខ្ញុំ​ក៍​មិន​ខុស​ពី​​តាស៊ីក្លូ​ដែរ​ ប្រសិន​បើ​ការ​ជជែក​នាំ​អោយ​មាន​ការ​បែកបាក់​រវាង​ខ្មែរ​ និង​ខ្មែរ​ទេ ខ្ញុំ​សុខ​ចិត្ត​មិន​តបត​ ហើយ​ចុះ​ចាញ់​គេ​​ រួចដើរ​​ចេញ​តែ​ម្តង។ ម្យ៉ាងទៀត ការ​ជជែក​​ដោយ​មិន​បាន​ជួប​ទល់​មុខ​គ្នា​​តាម​របៀប​សរសេរ​បែប​នេះ សំរាប់​ខ្ញុំ​ គឺ​​ពិបាក​ដឹង និងយល់​​​ពី​បំណង​ពិត​ប្រាកដ​ របស់​ដៃគូរ​សន្ទនា​​ខ្ញុំ​​ណាស់។

      • រឿងជជែកគ្នានេះ តាស៊ីក្លូចូលចិត្តណាស់ ប៉ុន្តែ
        គួរមានហេតុផលនឹងឈរនៅលើមូលដ្ឋានច្បាស់លាស់
        មិនមែនចេះតែប្រកែកយកឈ្នះនោះទេ។ ដល់តែប្រកែក
        មិនឈ្នះគេ តាំងជេរគេ បញ្ចេញឬកដូចមនុស្សពាល
        ដល់គេមិនត ហើយដើរចេញ តាំងមករករឿងគេដល់ផ្ទះ
        ទៀត។ ចៅគិតទៅមើលថាមនុស្សធុននោះយ៉ាងម៉េចដែរ??

      • ហេហេ… អរគុណ​តាស៊ីក្លូ ។ បើ​គេ​មក​​តាម​ជេរ​ដល់​មុខ​ផ្ទះទៀត​ក៍​ល្អ​ម្យ៉ាង​ដែរ… បើ​អាច​ខន្តី​បាន​ ក៍​ខន្តី​ទៅ… បើ​ទ្រាំ​មិន​បាន​ទេ បិទ​ទ្វាររបង​ ស្រែក​ជេរ​វិញ​យក​ម៉ា​ឈ្នះ​ដៃ​ទៅ…។

        តែ​ខ្ញុំ​នៅ​តែ​យល់​ថា មនុស្ស​ដែល​មាន​ចំណេះ​រហូត​ដល់​ចេះ​ប្រើប្រាស់​ Internet ទៅ​ហើយ យ៉ាង​ហោច​ណាស់​ក៍​នៅ​មាន​វិចារណញ្ញាណ​បន្តិច​បន្ទួច ដែល​នឹង​ស្វែងយល់​ពី​​ទង្វើ ឬចំណុច​ខ្វះខាត​ផ្ទាល់​ខ្លួន​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​អ្នក​ដទៃ​​​ទាំង​បំពាន​ និង​មិន​សមរម្យដែរ…។ ខ្ញុំធ្លាប់​ជួប​ស្គាល់​ និង​មាន​​ចំណង​​មិត្តភាព​ ព្រម​ទាំងការ​រាប់​អាន​ដ៏​ទូលំទូលាយ ​​ជា​មួយ​មនុស្ស​​ច្រើន​សណ្ឋាន ច្រើន​ឋានៈ​ គ្រប់​វ័យ​​​​នៅ​ក្នុង​​សង្គមបច្ចុប្បន្ន។ តែ​នៅក្នុង Internet ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ចង​មិត្តភាព​​ណាស់ ហើយ​ជានិច្ចកាល គឺ​ខ្ញុំ​​​តែង​តែ​ព្យាយាម​​គោរព​ និង​រាប់​អាន​​មនុស្ស​​ទូទៅ​រហូតមក បើ​ទោះ​ជា​អ្នក​ខ្លះ ដែល​មិន​បាន​ស្គាល់​ខ្ញុំ​ ហើយ​​​​​ច្រឡំ​​មើល​ងាយ​ខ្ញុំ​ក៍​ដោយ…។​

  11. ចឹងមើលរូបនេះលេងសិនទៅ

    • បទហ្នឹង គឺ Kan-Huu Song ស្រៀវអើយស្រៀវ… Very rate and Very hit.. យកតែជ្រុងតែម្ខាងមកបង្ហាញ ចឹងហើយបានជាខ្ញុំនិយាយថា វប្បធម៌ចាស់គំរិល!

    • ហេហេ… អរគុណ​ដួងចាន់ ។ ខ្ញុំ​ខាន​ឃើញ​បែប​នេះ​យូរ​ហើយ តាំងពី​ចូល​នឹមមក អ្នក​ផ្ទះ​ខ្ញុំ​​កៀងជាប់​ អត់ដែល​បាន​ឃើញ​​ម្ហូបម្ហារ​អ្នក​ដទៃ​សោះ…។

      បានឃើញស្រ្តី​អ្នក​ចំរៀង​ថៃ​នេះ​ ច្រៀង​លើឆាក​ ហើយរាំ​បង្ហាញ​ក្បាច់​អស់​ទាស់​​បែប​នេះ បើ​ប្រៀបធៀប​ជា​មួយ​អាស្រីឡែន ដែល​អ្នក​ខឹងខ្លាំង​ហៅរហូត​ដល់ មីខ្លែន..!! ខ្ញុំ​ថា​ យកល្អ​បើមាន​អ្នកណា​ស្គាល់​កញ្ញា ឆៃលីដាឡែន គួរ​ប្រាប់​គាត់​អោយ​ដូរ​សញ្ជាតិ​ខ្មែរ​ ទៅ​ចូល​សញ្ជាតិ​ថៃ​ទៅ ទើប​ចង់ធើ​អី​​លើ​ឆាក​បាន​​ស្រេច​ចិត្ត​​ ដោយ​គ្មាន​អ្នកណា​រក​រឿង​ទៀត​ទេ…​​ត្រូវអត់? ​

  12. មានអ្នកខ្លះបង្កើតគណនី២ ៣ហើយដើរតែជេរគេអត់តែប្រយោជន៍!

  13. ស្រី លីហ្សា អើយ វាធម្មតាទៅហើយ! អ្នកមានដែលសង្កេតទេថាគេមិន ដែលនឹងដាក់ឈ្មោះ និងរូបថតខ្លួនឯងផង! ហើយបើអារឿងជេរគេតាម facebook ហ្នឹងវាសាហាវជាងយួន លក់កាយ៉យទៀតនោះ! មិនដឹងជាស្នេហាជាតិស្អីទេ! អួតក្ដែងៗ តែមុខកុំមើល! ខ្ញុំស្អប់ណាស់ពួកហ្នឹង! ចឹងហើយបានជាមិនសូវជ្រលក់ជាមួយ! =.+”

  14. អរគុណ​ លីហ្សា និង ប៉ុង ។ ខ្ញុំគិត​ថា អ្នកជេរ​ គឺ​គេ​មាន​ក្រុម មាន​ពួក​របស់​គេ ដែល​គេ​បាន​រៀប​ចំឡើង​​តាម​ឋានានុក្រម​ច្បាស់​លាស់​ត្រឹមត្រូវ ដើម្បី​ប្រឆាំង​ទប់​ទល់​នឹងអត្ថបទ ឬប្រកាស​​ទាំង​ឡាយ​ណា​ដែល​មាន​ទស្សនៈ​​អវិជ្ជមាន បើទោះ​ជា​ទស្សនៈ​អវិជ្ជមាន​ខ្លះ ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សង្គម​ជាតិ​ក៍​ដោយ។ សំរាប់​ខ្ញុំ ​ជានិច្ចកាល​នៅ​តែ​មិន​យល់​ពី​ប្រតិកម្ម​​​របស់​ក្រុម​នេះ ដែល​ស្តែង​ចេញ​តាមរយៈ​​ការជេរ​បញ្ចោរ ដោយ​គ្មាន​ការ​ពន្យល់​ វែកញែកតបត​មកវិញ​​ដោយ​ពាក្យ​​សំដី​សមរម្យ​សោះ។

  15. អរគុណប៉ុង-ប៉ុង Depressed! 🙂
    លោកស្រុក ស្រែ តែអ្នកខ្លះមិនដូចលោកគិតទេ ពួកនោះមិនមែនទៅកែលម្អសង្គមអីទេ វាដើរជេរគេដែលជាមិត្តវាក្នុងហ្វេសប៊ុកហ្នឹងឲ្យតែពាសទាំងដែលគេមិនដែលស្គាល់វាផងនោះ! គឺជេរមិនមែនកែលម្អសង្គមទេ! ខ្ញុំធ្លាប់ជួប២ ៣នាក់ម្តងដែរ។ ហួសចិត្ត! ជេរចឹងៗ អត់ប្រយោជន៍អីសោះ!!!
    បើរឿងកែលម្អសង្គមហ្នឹង ខ្ញុំចាំតែតាមដានទេ មិនមានយោបល់ទេព្រោះមិត្តៗក្នុងហ្វេសប៊ុកគេបញ្វេញអស់ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s