Monthly Archives: ខែមករា 2012

សឹង្ហបុរី ក៍អត់ពូជដែរ..!!

ម្សិលមិញ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយដែល​ផ្តោតសំខាន់​ទៅ​លើ​ ជាតិសាសន៍​​អាមេរិក… ថ្ងៃនេះ​ខ្ញុំសូម​លើក​យក​ប្រទេស​មួយ​ទៀត​ ស្ថិត​ក្នុង​តំបន់​អាស៊ីអគ្នេយ៍​យើង​នេះ ដែល​ចាត់ទុក​ថា អត់ពូជ​ដូច​ប្រទេស​អាមេរិក​ដែរ នោះ​គឺ​ប្រទេស​សឹង្ហបុរី ឬ​សាំងកាពួរ​(Singapore)…

ក្នុង​ចំណោម​​​ប្រទេស​​ទាំងដប់​របស់​អាស៊ាន គឺ​មាន​តែ​ប្រទេស​សឹង្ហបុរីមួយ​ទេ ដែល​បង្កើត​ឡើង​​ដោយ​​​ការ​រួម​បញ្ចូល​​ប្រជាជន​ចំរុះ​​ជាតិ​សាសន៍​គ្នា។ អាច​និយាយ​បាន​ថា ​ពូជសឹង្ហបុរី​ពីកំណើត​ គ្មានទេ ឬ​និយាយម្យ៉ាងទៀតគឺ ​សឹង្ហបុរី ​ក៍​អត់ពូជ​​​ដូចអាមេរិក​ដែរ..!!

singapore

ទីក្រុងសឹង្ហបុរីនាពេលបច្ចុប្បន្ន...

ប្រវត្តិសាស្រ្ត​ប្រទេស​សឹង្ហបុរី ដូចជា​មិន​ចាំបាច់​ទាញ​រហូត​ដល់​​យារ​ស្តត​ទៅ​ក្រោយ​ឆ្ងាយ​ពេក​ទេ ព្រោះ​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​​នៅក្នុង​ខែសីហា ឆ្នាំ១៩៦៣​…។ ក្រោយមក​ពីរសប្តាហ៍ គឺ​នៅ​ពាក់កណ្តាល​ខែកញ្ញា​ ឆ្នាំដដែល ប្រទេស​សឹង្ហបុរី​ត្រូវ​បាន​រួម​បញ្ចូល​​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ពេល​រួម​បញ្ចូល​គ្នា​នោះ មានរឿង​និទាន​លេង​សើច​មួយ​បាន​ដំណាល​ថា៖ នៅ​ពេល​ដែល​លោក​ លីក្វាន់យូ ស្នើ​សុំ​យក​ប្រទេស​សឹង្ហបុរី​​របស់​ខ្លួន យកមក​បញ្ចូល​ក្រោម​ចំណុះ​ប្រទេស​ម៉ាឡេស៊ី​ កាល​ណោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ម៉ាឡេស៊ី​ បាន​និយាយ​ទៅ​កាន់​​លោក លីក្វាន់យូ វិញថា៖ អញ​មិន​ចង់​​ទទួល​យក​ប្រទេស​ហ្អែង​ទេ ព្រោះប្រទេសហ្អែង​ក្រ​ណាស់..!!​… ពេលនោះ​​លោក លីក្វាន់យូ ស្រក់​ទឹកភ្នែក​នឹង​ពាក្យ​ប្រមាថ​មើល​ងាយ​នេះ​ណាស់ ហើយ​ចិញ្ចឹម​ចិត្ត​​ប្តេជ្ញា​កសាង​​សាំងកាពួរ​ អោយ​ក្លាយ​ទៅ​ជា​ប្រទេស​​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់​នេះ​អោយ​ទាល់​តែ​បាន…។ បន្ទាប់​ពី​នៅ​ក្រោម​ចំណុះគេ​​បាន​ពីរ​ឆ្នាំ ទើប​សឹង្ហបុរី បាន​ផ្តាច់​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ នៅខែសីហា ឆ្នាំ១៩៦៥​​ រហូត​​មក​ដល់​បច្ចុប្បន្ននេះ… ហើយ​ក្រោយ​​​មក ៣០ឆ្នាំ ការប្តេជ្ញា​ចិត្ត​របស់​លោក លីក្វាន់យូ ដែល​ស្រម័យ​ចង់​បាន​​សឹង្ហបុរី ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​ជាង​គេ​​ក្នុង​តំបន់ គឺ​សំរេច​បាន​ជោគ​ជ័យ​ពិតប្រាកដ​មែន។

ក្រឡេក​មើល​ទៅ​ជាតិ​សាសន៍​ និង​ភាសា​វិញ ប្រទេស​សឹង្ហបុរី​ត្រូវ​បាន​រួម​បញ្ចូល​ដោយ​ជាតិសាសន៍បីធំៗ​គឺ៖ ចិន ម៉ាឡេស៊ី និង​តាមីល ឬ ទមិឡ​(ឥណ្ឌា)។ រីឯអក្សរ និង​ភាសាវិញ ក៍​ផ្អែកតាម​ជាតិសាសន៍​ធំៗ​ទាំង​បី​នេះ​ដែរ។ លោក លីក្វាន់យូ ធ្លាប់​បាន​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​សំរេច​ចិត្ត​ ថាតើ​គួរ​ជ្រើសរើស​យក​អក្សរ និង​ភាសា​​មួយណា​ យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេសសឹង្ហបុរី?​​  ប្រហែល​ជា​កុំ​អោយ​មាន​ការ​ច្រណែន​គ្នា នាំ​អោយ​បែក​បាក់​ជាតិសាសន៍​​ក្នុង​សង្គម​សឹង្ហបុរី ទើប​លោក លីក្វាន់យូ សំរេច​ជ្រើស​រើស​យក​ភាសា​អង់គ្លេស ជា​ភាសា​ផ្លូវការតែ​ម្តង ព្រោះជា​ភាសា​​របស់​អតីត​ប្រទេស​​អាណានិគម​​ផង។ ដោយសារ​ទំនោរ​ពិភពលោក​មាន​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​​កាន់​តែ​ទូលំទូលាយ ធ្វើ​អោយ​ការ​សំរេច​ចិត្ត​របស់​លោក លីក្វាន់យូ នៅ​ពេល​នោះ គឺ​កាន់​តែ​ត្រឹម​ត្រូវ​ឥតខ្ចោះ។

បច្ចុប្បន្ន​ ប្រទេស​សឹង្ហបុរី ​អាច​ចាត់ទុក​ជា​ប្រទេស​គោរព​ច្បាប់​(នីតិរដ្ឋ)​ គួរ​យក​ជា​គំរូ តាម និង​ប្រកាន់​​​យក​នូវ​​​លទ្ធិ​ប្រជា​ធិបតេយ្យ តែ​ជា​ប្រជាធិបតេយ្យ​បែប​ផ្តាច់ការ និង​គ្រួសារ​និយម។ បើ​ទោះ​ជា​បែប​នេះ​ក៍​ដោយ ក៍​យើង​មិន​ដែល​ឮ​សូរថា ប្រជាជន​សឹង្ហបុរី ធ្វើអន្តោប្រវេសន៍ ឬ​រត់​ចោល​ស្រុក ​ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ដែរ។ ហើយភាព​សុខដុមរម្យនា ប្រកប​ដោយ​ជីវភាព​​រស់​នៅ​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ​​នៃ​ជនជាតិ​សឹង្ហបុរី ធ្វើ​អោយ​ប្រជាជាតិ​នានា​ក្នុង​ពិភពលោក​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង..។

ហេតុអ្វី​បាន​ជា​ប្រទេស​ដែល​មាន​ជាតិ​សាសន៍​ អក្សរ និង​ភាសា​ចំរុះ​គ្នា ងាយ​កសាង​ប្រទេស​បានជឿន​លឿន​ខ្លាំង​ម្ល៉េះ? បើ​ប្រៀប​ជា​មួយ​ខ្មែរ​យើង គឺ​ក្រោយ​ពី​សង្គ្រាម​មាន​តែ​បាត​ដៃ​ទទេ​រហូត បើទោះ​ជា​ហេតុការណ៍​នោះ កន្លង​ផុតទៅ ​ម្ភៃ សាមសិប​ឆ្នាំ​ក៍​ដោយ..!!..??..

ស្រុកស្រែ

អាមេរិក អត់ពូជ..!!

ហេហេ… អត់ពូជ នៅទីនេះ គឺចង់​សំដៅ​ទៅលើ​ការ​គ្មាន​ពូជសាសន៍​ពីកំណើត ឬពូជអាមេរិក​គ្មានទេ ដែល​ក្នុង​នោះ​ មានទាំងអក្សរ និង​​ភាសា​ផងដែរ…

ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពេល​រៀន​ថ្នាក់​ប្រឡង​ឌីប្លូម​ លោក​សាស្រ្តាចារ្យ​​របស់​ខ្ញុំ​ ដែល​បង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​​​ បាន​ជជែក​លេង​ជា​មួយ​កូនសិស្ស​​ក្នុង​ម៉ោង​​បង្រៀន​ថា៖ អាមេរិក​អត់ពូជទេ..!! ហើយអក្សរ និង​ភាសា​ ក៍​អាមេរិក​អត់មាន​ដែរ..!!… ពេលនោះ ​កូន​សិស្ស​ទាំងអស់​ ទាំងគេទាំងខ្ញុំ​នាំគ្នា​សើច​គឹល​ឡើង…។

នៅ​​​ក្នុង​អំឡុង​ពេល​ដែល​លោក​សាស្រ្តាចារ្យ​​ភូមិវិទ្យា​ បង្រៀន​ពួក​ខ្ញុំ​នោះ គឺ​ជា​​សម័យ​​កាលសង្រ្គាម​ត្រជាក់ ​កំពុង​តែ​​​ស្ថិត​ក្នុង​ដំណាក់​កាល​ ​កក​ខ្លាំង​មែន​ទែន..!! ហើយ​មេរៀន​​ក្នុង​សៀវភៅ​សិក្សា បានបង្រៀន​សិស្សអោយ​ចាត់ទុក​សហរដ្ឋអាមេរិក​ គឺ​ជា​ប្រទេស​ចក្រពត្តិ​ដ៏​គ្រោះ​ថ្នាក់… ឬជា​ប្រទេស​​ដែល​គួរ​អោយ​ស្អប់ដល់​ឆ្អឹង..!!… រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​នឹក​អស់​សំណើច​នៅ​​ឡើយ​​ ទៅ​នឹង​ប្រសាសន៍​របស់​លោក​សាស្រ្តាចារ្យ​​​ខ្ញុំ​​ដែល​ដៀល​អាមេរិក​ថា៖ អត់ពូជ..!!..

declaration_independence

ពិធីប្រកាសឯករាជ្យ...

ដោយ​ពិតទៅ លោកសាស្រ្តាចារ្យ​ខ្ញុំ គាត់មាន​ប្រសាសន៍​ត្រូវតើ… ព្រោះថា​ ទ្វីបអាមេរិក​ត្រូវ​បាន​រកឃើញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ១៤៩២ ដោយអ្នករុករកសញ្ជាតិជេណូសេ (Genoese) គឺ​លោក​ គ្រឹស្តូបហ្វើ កូឡុំបីស (Christopher Columbus 1451-1506) ។  ហើយ​ក្រោយមក​ជិត​បីរយឆ្នាំ គឺក្នុង​ឆ្នាំ១៧៧៦ ទើប​ប្រទេស​អាមេរិក​ ប្រកាស​ជា​រដ្ឋ​ឯករាជ្យមួយ​ឡើង ដែល​រដ្ឋ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិសាសន៍​ចំរុះ​រួមមាន ពួក​អំបូរជន​ដែល​រស់​នៅ​លើ​ទឹក​ដឺ​អាមេរិក​ស្រាប់, ពួក​ជន​អន្តោប្រវេសន៍​​ដែល​ធ្វើ​ដំណើរ​ពី​ទ្វីប​អឺរ៉ុប​ទៅ និង​ពួក​ទាសករ​ជនជាតិ​ស្បែក​ខ្មៅ​ ដែលពួក​​​ជនជាតិ​ស្បែកស​ ចាប់​​ពី​ទ្វីប​អាហ្វ្រិក​​យក​ទៅ​លក់ដូរ​នៅ​ទីនោះ។ ឯចំណែក​​អក្សរ និង​ភាសា​វិញ គឺត្រូវ​បាន​​កំណត់​យក​​អក្សរ និង​ភាសា​​របស់​ជនជាតិ​អង់គ្លេស ​សំរាប់​ប្រើប្រាស់​​​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​អាមេរិក​ទាំងមូល​តែ​ម្តង…។​​ ជាបន្តបន្ទាប់ បណ្តា​រដ្ឋ​ទាំងឡាយ​នៅ​លើ​ទ្វីប​អាមេរិក​ បាន​ប្រមូល​ផ្តុំ​ និង​បង្កើត​បាន​ជា​សហរដ្ឋ​អាមេរិក​មួយ​ឡើយ ដែល​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅ ៥២រដ្ឋ…។

គិតចុះគិតឡើង ហេតុអី​បាន​ជា​រដ្ឋ​ដែល​បង្កើត​ឡើង​ដោយ​ជាតិ​សាសន៍​ចំរុះ អត់​មាន​ពូជ​អំបូរ​​តែមួយ តែអាចសាមគ្គីគ្នា​​​ងើប​ឈរ​ឡើង​ជា​រដ្ឋ​រឹងមាំ និង​ជឿនលឿន​ទៅ​កើត? ហើយចុះ​ប្រទេសខ្មែរ​យើង​ ដែល​មាន​​ពូជ​អំបូរ​ខ្មែរ​​ពិតប្រាកដ រួមទាំង​មាន​អក្សរ ភាសា​របស់​ខ្លួន​ទៀត ហេតុម៉េច​បាន​ជា​មិន​អាច​រួម​សាមគ្គី​គ្នា​ងើបឈរ​ឡើង​​ជា​ប្រទេស​រឹង​មាំ និង​ជឿនលឿន​ឆាប់​រហ័ស​​ទៅកើត?

ខ្ញុំ​សុខចិត្ត​អោយ​គេ​ដៀលថា ប្រទេស​អត់ពូជ​ចុះ អោយ​តែ​ជនជាតិ​ប្រទេស​ដែល​ខ្ញុំ​រស់​​នៅ អាចសាមគ្គីគ្នា​​​ងើប​ឈរ​ឡើង​ជា​រដ្ឋ​រឹងមាំ និង​ជឿនលឿន​​ដូច​ប្រទេស​អាមេរិក​អីចឹង… តើ​អ្នក​ដទៃ​យល់​ដូច​ខ្ញុំ​ដែរ​អត់​ណ៎..??..!!..

ស្រុកស្រែ​​

ច្រកទ្វារព្រំដែនក្អមសំណ ស្ងាត់​ឈឹង​ដូច​ចោរ​លួច​សេះ..!!

ព្រឹកមិញនេះអផ្សុកពេក​​ ខ្ញុំ​ធ្វើ​ដំណើរ​លេងៗ​​តាម​ផ្លូវ​ជាតិ​លេខ១ ស្រាប់​តែ​ទៅ​ដល់​អ្នកលឿង… បន្ទាប់​ពី​ឈរ​មើល​​​ការដ្ឋានសាងសង់​​ស្ពាន​​អ្នក​លឿង​មួយ​សន្ទុះ​មក​ ខ្ញុំ​ក៍​បង្ហួស​ទៅ​ច្រកទ្វារ​ព្រំដែន​ក្អមសំណ ដែល​មាន​ចំងាយ​ប្រមាណ​ជាង ៤០គីឡូម៉ែត្រ​ពី​ទីប្រជុំជន​អ្នកលឿង…

ខាងក្រោម​នេះ គឺ​ជា​រូបភាព​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ថត​នៅ​ច្រក​ព្រំដែន​ក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ដែល​មាន​សភាពសោះកក្រោះ ស្ងាត់ឈឹង​ដូចចោរ​លួចសេះ…

Kaorm Sam Nor

ជិតដល់ច្រកព្រំដែន គឺជាចំការល្មុត ហើយស្ថានភាពផ្លូវមានសភាពស្ងាត់ជ្រងំបែបនេះ...

Kaorm Sam Nor

ផុតចំការល្មុតទៅ នៅខាងលិចផ្លូវគឺជាវាលចំការ និងជាវាលស្រែដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក...

Kaorm Sam Nor

នេះជាទីប្រជុំជនក្អមសំណខាងដីយើង... ស្ងាត់ឈឹង..!!

Kaorm Sam Nor

នេះជាកាស៊ីណូនៅខាងលិចផ្លូវ... ស្ងាត់ឈឹង..!!

Kaorm Sam Nor

ឯនេះជាកាស៊ីណូនៅខាងកើតផ្លូវ... រឹតតែស្ងាត់ឈឹងទៅទៀត...

Kaorm Sam Nor

ខាងមុខនេះជាប៉ុស្តិច្រកទ្វារព្រំដែនខាងកម្ពុជាយើងជាន់ទី១ ហើយមើលទៅឃើញដំបូលសង្ក័សីលឹមៗនោះ គឺជាកន្លែងត្រួតពិនិត្យលិខិតឆ្លងដែនខាងយើង... ស្ងាត់ឈឹង និងមើលទៅកំសត់ណាស់..!!

ស្រុកស្រែ

ពិធីបុណ្យអីគេ ឃើញ​មាន​រហូត​ដល់​ជិះ​ដំរី​ហែរ?

ម្សិលមិញ ក្នុង​ដំណើរវិល​​ត្រឡប់​ពីខេត្តសៀមរាបវិញ​តាមផ្លូវជាតិ​លេខ 6A ខ្ញុំ​បាន​ឃើញ​ពិធី​ជួបជុំ និង​ដង្ហែរ​​បុណ្យ​តាម​​បែប​ព្រះពុទ្ធសាសនា​មួយ​យ៉ាង​ធំ​ ដើម្បី​​ទៅ​ជួប​ជុំ​គ្នា​នៅ​វត្ត​មួយ​ក្នុង​ស្រុក​មុខ​កំពូល ខេត្តកណ្តាល។ ខ្ញុំ​បាន​ចុច​កញ្ចក់​ឡាន​ស្រែក​សួរ​អ្នក​ដំណើរ​តាម​ផ្លូវ ​ដោយ​ចង់​ដឹង​ថា ​តើ​គេ​នាំគ្នា​ធ្វើ​បុណ្យ​អីដែរ? ជាចំឡើយ ខ្លះថា​បុណ្យ​ដង្ហែរ​ព្រះ​​សារីរិក​ធាតុ​ព្រះ​​សម្មាសម្ពុទ្ធ… ឯខ្លះ​ទៀត​ថា បុណ្យ​ចំរើន​ព្រះជន្ម​ព្រះកូណា…(?)… ​ ​ខ្លះថាបុណ្យ​ហែរ​ព្រះពុទ្ធរូប… ខ្លះថាបុណ្យ​ហែរ​ដើមពោធិ… អត់ច្បាស់..!!… បើ​អស់លោក​ណា​ដឹង​ច្បាស់​ សូមជួយ​ជំរាប​ប្រាប់ផង…

សំរាប់​ខ្ញុំ បុណ្យ​អ្វី​ក៍​បុណ្យ​ចុះ តែ​ខ្ញុំ​ចំឡែក​​ដោយ​ក្នុង​ចំណោម​ក្បួន​ដង្ហែរ​បន្ត​កន្ទុយ​គ្នា​ឡើង​ស្ទះ​ចរាចរណ៍នេះ ខ្ញុំចាប់អារម្មណ៍​នឹង​​​ក្បួនដង្ហែរតុបតែង​សត្វ​​ដំរី​ជាង​គេ… ហើយអ្វី​ដែល​ចំឡែក​នៅ​ត្រង់​ថា នៅលើ​ខ្នង​ដំរី ឃើញជនស៊ីវិលម្នាក់​ ក្បាលត្រងោល​ស្លៀកស ពាក់ស​ (អាច​ជា​អ្នក​បញ្ជាន់រូប ឬអាច​​តាំង​ខ្លួន​ជា​អ្នក​សច្ចំ..?..) រីឯ​ព្រះ​សង្ឃ​ច្រើន​អង្គ​លើក​ដៃ​សំពះព័ទ្ធ​ជុំ​វិញ​សត្វដំរី និមន្ត​ដោយ​ថ្មើរ​ជើង​នៅ​ខាង​ក្រោម​ទៅ​វិញ… តែបើ​អោយ​ព្រះសង្ឃ​គត់នៅ​លើ​ខ្នង​ដំរី​វិញ ក៍​ប្រហែល​ជា​ខុស​នឹង​វិន័យ​សង្ឃ​ផង​ក៍​មិន​ដឹង… ខ្ញុំ​អត់ច្បាស់​ដែរ តែ​មើលក្នុង​រូប​ភាព​​នេះទៅ​ ដូច​ជា​យ៉ាប់​ភ្នែក​យ៉ាង​ម៉េច​មិន​ដឹងទេ..!!

Religion variety

Religion variety

Religion variety

Religion variety

ខ្ញុំ​ចេះ​តែ​សំឡឹងៗ​​ទៅទេ ក្រែង​លោ​ប្រទះ​ឃើញ​មាន​ក្បួន​ដង្ហែរ​អ្នក​សច្ចំ​(sic!) ​តាម​របៀប​ប្លែក ដោយ​​​​​អោយ​​​ព្រះសង្ឃ​ព្រះ​ពុទ្ធ​សាសនា នាំគ្នា​​សែង​គ្រែ​ស្នែង​អោយ​​អ្នក​ស្លៀកស ពាក់ស ដូច​អ្នក​សច្ចំ​ នៅ ​ទួលរាជា ក្នុង​​ស្រុក​កោះធំ ជិត​ស្រុក​ខ្ញុំ​ដែរ… តើអស់លោក​អ្នក​ដឹង​ទេ​ថា ​អ្នក​សច្ចំ​នៅ​អាណាចក្រ​ទួលរាជា ​ចង់​ទៅណា​មក​ណា គឺត្រូវ​បាន​ធ្វើ​ដំណើរ​ដោយ​គ្រែ​ស្នែង បាំងក្លស់​​​ ដែល​អ្នក​សែង​​គឺជា​ព្រះ​សង្ឃ​ពី​៤អង្គ ទៅ ៨អង្គ?  ស្តាប់​ទៅ​មិន​គួរ​អោយ​ជឿ តែ​នេះ​ជា​រឿង​ពិត…។

ស្រុកស្រែ

រឿងរ៉ាវនៃការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុងរបប​ខ្មែរក្រហម..!!

ខ្ញុំបានសំរេចចិត្ត​ចុះផ្សាយនូវកំណត់ត្រា​​រឿងរ៉ាវពិត​នៃការ​ស្លាប់​របស់​ឪពុកខ្ញុំ​ ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ គឺ​​​ជា​ចំណែក​ដ៏​តូច​មួយ​នៃជី​វិត​ក្រុមគ្រួសារ​ខ្ញុំ​ក្នុង​របប​នោះ។ រឿង​រ៉ាវ​ដែល​ខ្ញុំ​សរសេរ​ចង​ក្រង​នេះ​ គឺ​ខ្ញុំ​បាន​​មកពី​​ប្រភព​សាក្សី​រស់​ទាំងអស់ ដែល​បាន​​ដឹង​ឮពីដំណើរ​ជីវិត​​របស់​​ក្រុមគ្រួសារខ្ញុំ​ និងបាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​ព្រឹត្តិការណ៍ឈ្លប​ចាប់ចងឪពុកខ្ញុំ​​នៅ​មាត់ប្រឡាយ​ក្នុង​ពេលកំពុង​ធ្វើ​ការ​ពេល​យប់ រួចបណ្តើរ​​ចុះទូក ដើម្បី​យក​ទៅដាក់​មន្ទីរឃុំឃាំងកោះថ្មី ឬមន្ទីរ-១៥ ស្ថិត​ក្នុង​ស្រុក២០ តំបន់២៥​ ​នៅ​ក្នុង​អំឡុង​រដូវ​ប្រាំង​ឆ្នាំ១៩៧៧​​​​…។

សំណេររឿងរ៉ាវនេះ គឺ​ខ្ញុំបានសរសេរនៅ​ខែតុលា ឆ្នាំ២០០៤ ក្នុង​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំមួយ​នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដែលរៀបចំឡើងដោយ​អង្គការសហប្រជាជាតិ​ ស្តីពីជនពិការដោយសង្គ្រាម…។

កំណត់ត្រា​នេះ គឺខ្ញុំ​សរសេរ​តាមរបៀប​ ឃើញទីកន្លែងចាស់ ធ្វើអោយ​នឹកឃើញ​នូវ​ព្រឹត្តិការណ៍​ទាំងឡាយ​​នៅទីនោះ​ឡើងវិញ​ម្តងទៀត… ទន្ទឹមនឹងនោះ ខ្ញុំ​បាន​សរសេរ​តាមបែប​ទាញ​រឿងរ៉ាវ​​ពី​អតីតកាល​ យក​មក​ភ្ជាប់​ជា​មួយ​​បច្ចុប្បន្ន ដែល​ខ្ញុំ​រៀន​​តាម​ស្ទីល​​​រៀមច្បង​អ្នក​និពន្ធ​​​ជំនាន់ដើម…។ គិត​មក​ដល់​​​ពេល​នេះ​ គឺ​ជាង ៧ឆ្នាំហើយ​បន្ទាប់​ពី​​ខ្ញុំ​​សរសេរ​ចប់​​កំណត់ត្រា​នេះ ដែលជាហេតុ​ធ្វើអោយទិដ្ឋភាព និងទីតាំង​ខ្លះ​​​​នា​ពេល​បច្ចុប្បន្ន មាន​ការ​ប្រែ​ប្រួល​​យ៉ាង​ច្រើន…​ តែខ្ញុំ​សំរេច​ថា ទុក​អោយ​នៅ​ដដែលចុះ​ដោយ​មិនកែ​ប្រែអី​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ដែរ អង្គសវនាការ​​កាត់ទោស​​មេដឹកនាំ​ខ្មែរក្រហម​នៅ​ពេល​នោះ ​ក៍នៅ​មិនទាន់​ដំណើរ​ការជំនុំជំរះ​​នៅឡើយ​ទេ…

សូមស្វាគមន៍ និង​សូម​អញ្ជើញ​​អស់លោក​អ្នក​ អាន​កំណត់ត្រា​របស់​ខ្ញុំ ដែល​ទាក់ទង​នឹង ​រឿងរ៉ាវនៃការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុងរបប​ខ្មែរក្រហម… តាមការគួរ..!!​​​​

ស្រុកស្រែ

រូបភាពទិដ្ឋភាពប្លែកៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ..!!

ខាងក្រោមនេះ គឺជារូបថត​ដែលដកស្រង់យកមក​ពី ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា ដែល​បង្ហាញ​ពី​ជ្រុង​មួយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ កាល​ពី ៣៤-៣៥ឆ្នាំ​មុន ស្តីអំពី​ទិដ្ឋភាព​ប្លែកៗ​ក្នុង​របប​នោះ…

នេះជាទិដ្ឋភាពភូមិស្ថាន និងរោងបាយសហករណ៍រួម... តាមស្មានមើលទៅប្រហែលជាសហករណ៍គំរូរនៅខាងខេត្តតាកែវ របស់តាម៉ុក...

នេះជាតំណាងអោយប្រជាជនថ្មីដែលជំលៀសពីភ្នំពេញទៅ នៅក្នុងសហករណ៍គំរូរមួយ (ប្រហែលក្នុងខេត្តតាកែវ) សំរាប់ទទួលជួបភ្ញៀវបរទេសមកទស្សនកិច្ចនៅទីជនបទ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាពាក់កណ្តាលឆ្នាំ១៩៧៨។ មើលរូបភាពនេះ ប្រសិនបើនៅក្នុងខេត្តតាកែវមែន ខ្ញុំសរសើរតាម៉ុក ដែលពូកែរៀបចំឆាកបានល្អ...

នេះជារោងបាយរួមនៅតាមសហករណ៍ ហើយនៅទូទាំងប្រទេស គឺមានគំរូរដូចៗ គ្នានេះ...

រូបនេះប្រហែលជាយុវជន និងយុវនារីបណ្តើរគ្នាចូលក្នុងរោងរៀបការជាមួយគ្នា តាមវិធីចាប់ដៃគ្នា ហើយប្តេជ្ញាចិត្តចំពោះមុខអង្គការ រួចចប់..!!

មើលទៅរូបនេះ ប្រហែលជាមានកម្មាភិបាលជាន់ខ្ពស់ ឬក៍គណប្រតិភូធំដុំណាមួយ ចុះទៅមើលផ្ទាល់ដល់កន្លែងលើកភ្លឺស្រែតែម្តង...

នេះជាទិដ្ឋភាពរួមក្នុងពេលប្រជុំ ឬធ្វើមិទ្ទិញធំមួយ... រូបភាពនេះប្រហែលជា នឺងរំលឹកអោយអស់លោកអ្នក ដែលធ្លាប់បានឆ្លងកាត់ក្នុងរបបនោះ នៅនឹកឃើញ នៅឡើយទេមើលទៅ...

នេះជារូបភាពនារីខ្មែរនៅជនបទកំពុងធាក់រហាត់ទឹក ដែលខ្ញុំគិតថា ពិបាករកបានណាស់ ឬលែងមានទៀតហើយ ព្រោះបច្ចុប្បន្ន រហាត់ទឹកម៉ូតនេះ ត្រូវបានជំនួសដោយ ម៉ាស៊ីនបូមទឹកអស់ទៅហើយ...

នេះជាទិដ្ឋភាពប្លែកចុងក្រោយគេ... គឺជារូបភាពស្មានមិនដល់ និងមិនគួរអោយជឿ... នោះគឺការច្រៀងរាំកំសាន្តចង្វាក់ថ្វីស ញាក់ នៅចន្លោះភ្លឺភ្លោះទើបនឹងកសាងរួច ដែលសម័យនោះត្រូវបានចាត់ទុកថា ការរាំញាក់បែបនេះ ជាវប្បធម៌ពួកចក្រពត្តិ ពាលាអាវ៉ាសែ... ហើយបើតាមមើលសំលៀកបំពាក់ គឺសុទ្ធតែកំឡោះៗ ១៧មេសា ទើបបានចេះលេងភ្លេង និងរាំស្ទាត់ចង្វាក់ញាក់នេះ... អស់ទាស់ម៉ង..!!

ស្រុកស្រែ

រូបភាព​​យុវជន​​ និង​បុរស​ក្នុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ..!!

ខាងក្រោមនេះ គឺជារូបថត​ដែលដកស្រង់យកមក​ពី ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា ដែល​បង្ហាញ​ពី​ជ្រុង​មួយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ កាល​ពី ៣៤-៣៥ឆ្នាំ​មុន ស្តីអំពី​ជីវិត​​បុរស និងយុវជន​ខ្មែរ​​យើង​នៅ​ជនបទ​​ក្នុង​របប​នោះ…

photo men​ in pol pot regime

នេះជារូបភាពប្លែក... គោរពទង់បក្សមួយសិនទើបចាប់ផ្តើមធ្វើការងារ...

photo men​ in pol pot regime

រូបភាពកងយុវជនសំរាកពីរែកដី...

photo men​ in pol pot regime

រូបភាពកងបុរសរែកដី...

photo men​ in pol pot regime

រូបនេះក៍ជាកងបុរសរែកដីដែរ ហើយស្លៀកពាក់បែបនេះ គឺអ្នកជំលៀស ១៧មេសា ហើយ...

photo men​ in pol pot regime

ទិដ្ឋភាពការដ្ឋានរែកដីកងបុរសៗ...

photo men​ in pol pot regime

នេះក៍ជាទិដ្ឋភាពការដ្ឋានរែកដីដែរ...

photo men​ in pol pot regime

ទិដ្ឋភាពការដ្ឋានសំណង់ទ្វារទឹក... ឥឡូវគេធ្វើដោយគ្រឿងចក្រស្រួលចង់ងាប់ តែកាលសម័យនោះ អង្គការមិនប្រើគ្រឿងចក្រទេ គឺប្រើដោយកំឡាំងមនុស្សសុទ្ធសាធ...

រូបថតចុងក្រោយ គឺរូបភាពខាងយុទ្ធជនកងទ័ពកំពុងប្រយុទ្ធជីកប្រឡាយ...

មិនខុសពីរូបមុនដែរ ខ្ញុំសង្ឃឹមថា យុវជន និងបុរសៗ​ក្នុង​រូបថត​ខាង​លើ​នេះ ប្រហែល​បច្ចុប្បន្នកំពុង​តែ​រស់​រាន​មាន​ជីវិតនៅឡើយ ហើយ​ខ្លះ​កំពុង​ក្លាយ​ជា​ឯកឧត្តម​ ឧកញ៉ា​ ឬអស់លោក​​ដែល​មាន​ឋានៈ កិត្តិយស​​ខ្ពង់ខ្ពស់​ក្នុង​សង្គម​ផង​ក៍​មិន​ដឹង… ហើយ​នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​ទាំងនេះ​ឡើង​វិញ អាច​នឹង​មានចិត្ត​អាណិត​មេត្តា​ដល់​អ្នកទុគ៌ត​​ក្រីក្រ ​ខ្វះទីជំរក​ទាំងឡាយ​ជា​មិន​ខាន ព្រោះ​អ្នកទាំងនោះ​គឺជា​ខ្មែរ​​ទាំងសាច់​ទាំងឈាម​ បើទោះ​ជា​ពួកគេ​​​មានពណ៌​សំបុរ​នយោបាយ​ខុស​ពី​​ក្រុម​ខ្លួន​ក៍​ដោយ ..!!

ស្រុកស្រែ