ស្រុកខ្មែរ ស្រួលរកស៊ី..!!


…នៅសល់​បួនដប់ថ្ងៃ​ទៀត នឹង​ដល់​ថ្ងៃ​ចិន​សែន​​ចូល​ឆ្នាំ​ថ្មី​ហើយ… ខ្ញុំ​ដូច​នឹកចង់បើក​រោង​ចក្រ ​​ផលិតជ្រូកខ្វៃ​ ដល់​ហើយ…

តាមធម្មតា តម្រូវការជ្រូកខ្វៃមាន ពីរ បីដងក្នុង ១ឆ្នាំ គឺនៅពេលសែនចូលឆ្នាំចិនម្តង ចិនសែនប្រកផ្នូរ​ម្តង និង​​ចិន​សែន​ក្បាល​ទឹក​ម្តងទៀត។ តែ​គិត​យក​តែ ២ដងចុះ… ​គិតមើល​ទៅ នៅស្រុកខ្មែរ​យើង​ទាំងមូល ក្នុងចំណោម​គ្រួសារ​ចិនសុទ្ធ និងចិន​កាត់​ខ្មែរ​ ឬ​ខ្មែរ​កាត់​ចិន ​(ខ្ញុំមិន​និយាយ​ពី​បងប្អូនវៀតណាម កាត់ស្មែរ​ទេ…) ខ្ញុំគិតថា​​មាន​ប្រហែល​ជា ៣លាន​គ្រួសារទៅចុះដែលនាំគ្នាសែន ប៉ាយពីមុខ​ជើង​ធូប… ហើយក្នុង​ចំណោម​នោះ គឺមាន​ ២០ភាគរយ ដែលសែន​ជ្រូក​ខ្វៃ​ ១ ទាំងមូល​(គិតតាម​តួលេខ​តិច​បំផុត)​ យើងនឹង​ឃើញ​​ពីតំរូវ​​ការ​​ជ្រូក​ខ្វៃ​​ប្រចាំ​ឆ្នាំ​​ដូច​តទៅ៖

[3,000,000 families x (20%)] x 2 seasons x 1 pig = 1,200,000/year

ប្រសិនបើកូនជ្រូកខ្វៃមួយថ្លៃជាមធ្យមស្មើនឹង ៥០ ដុល្លារអាគាំង៖

=> 50$ x 1,200,000 = 6,000,000 $

គិត​ផាត់សោហ៊ុយ​​ចំណាយ​​ថ្លៃពលកម្ម​ និង​ទូទាត់​អោយ​ក្រុមហ៊ុន​ផលិត​​កូនជ្រូក, ចំណាយ​បង់​អោយ​ក្រសួង​ពាណិជ្ជកម្ម, ចំណាយ​បង់ពន្ធ​ ចំណូល​ផ្លូវការ ​ជូន​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ, ចំណាយ​ ជូនជាសាគុណ ក្រៅផ្លូវការ​​ជូន​ដល់​បងៗ​មន្រ្តី​គយចល័ត, មន្រ្តីពន្ធដារ, មន្រ្តីកាំកុងត្រូល, ប៉ូលីស​សេដ្ឋកិច្ច, មន្រ្តី​បសុសត្វ ឬពេទ្យតិរិច្ឆាន, មន្រ្តីជំនាញ​គ្រប់​លំដាប់​ថ្នាក់​ផស់​សាលាក្រុង, ប៉ូលីស​ចរាចរណ៍, មន្រ្តីខ័ណ្ឌ, ប៉ូលីសខ័ណ្ឌ, ប៉េអឹមខ័ណ្ឌ, ចៅសង្កាត់, មេប៉ុស្តសង្កាត់, ថ្លៃវិភាគទាន​​តាម​រដូវកាល​​របស់​មេភូមិ-ចៅសង្កាត់, ​ថ្លៃទឹក, ថ្លៃភ្លើង, ថ្លៃអនាម័យ, ថ្លៃបរិស្ថាន, ថ្លៃសំរាម​ក្រុមហ៊ុន​ស៊ិនទ្រី… សរុប​ទៅ​ថាអស់ ៥លានដុល្លារ​ទៅ​ចុះ..!!

Wow…​ក្នុងមួយឆ្នាំខ្ញុំចំណេញ​លុយ​សុទ្ធ​បាន ១លានដុល្លារ​ស៊ឺៗ..!! គឺ​តែ​ ១ឆ្នាំ​សោះ​ខ្ញុំនឹង​ក្លាយ​ជា​អ្នកមាន​​ហើយ… ហើយ​ខ្ញុំ​នឹង​ដាក់​ឈ្មោះ​រោងចក្រ​ខ្ញុំ​ថា ស្រុកស្រែ ផលិតជ្រូកខ្វៃ..!! ​ពេល​នោះ​ មនុស្ស​ទូទៅ​នឹង​ហៅ​ខ្ញុំ​ថា​ សេដ្ឋីជ្រូក​ខ្វៃ​ៗ… ឬ បណ្ឌិតខ្វៃជ្រូក​..!! ហេហេ…​ពិរោះ​ដែរ​តើ..!! នៅ​ពេល​ដែល​ខ្ញុំ​ក្លាយ​ទៅ​ជា​បណ្ឌិត​ខ្វៃជ្រូក ​ឬ ក្តុម្ពីស្រុកស្រែ​ហើយ ខ្ញុំនឹង​ជួលឈ្នួល​​ឆ្វេង​ស្តាំ​អោយ​នៅ​​ចាំ​បំរើ​​ខ្ញុំ​ជាប់​រហូត… ហើយ​រាល់​ព្រឹក​ ត្រូវ​តែ​​មាន​មនុស្ស​ពីរនាក់ អង្គុយ​ចាំ​ពាក់​ស្បែកជើង​ខ្វៀរ​អោយខ្ញុំ… បើអាពីរ​នាក់​​ឯង​​ធ្វើទ្រើកៗ មោកៗ… អញនឹងធាក់ពួកឯងអោយជ្រះក្អែល គឺធាក់អត់ស្រណោះ… ធាក់យ៍! ធាក់យ៍..!!

…កំពុងតែជក់ខ្យល់សប្បាយធាក់ឈ្នួលខ្ញុំ ស្រាប់តែក្មេងលក់កាសែតក្បែរស្តុប​អំបាសាឌ័រ មកកេះសួរ៖ ពូៗ! ម៉ូតូពូឯងអស់សាំងហើយ… ហើយពូឯងនៅខំប្រឹងធាក់​​​ទាំង​អាញឹមធើអីទៀត..!! ម៉េចមិន​បណ្តើរ​ទៅចាក់សាំងដប​ក្បែរនេះ​ទៅ..!!

អុញ! អាត្មា​អញ​កំពុងតែយលសប្តិទាំងបើកភ្នែកក្រហត..!! ​តាមការ​ពិតខ្ញុំកំពុង​ប្រឹង​ធាក់​ម៉ូតូ​​អាកញ្ចស់​ខ្ញុំ នៅ​លើ​ចិញ្ចឹម​ផ្លូវ ឡើងបែក​​ញើស ​ហត់គឃូសសោះ..!!..??.. អូ!…នឹកឃើញ​ហើយ… ខ្ញុំចេញ​ពី​ផ្ទះ​មក ថាទៅរក​ទិញនំបញ្ចុក​ យកមក​លាយ​បាយកក​សំរាប់ Breakfast ព្រឹកនេះ… តែចៃដន្យ​ម៉ូតូខ្ញុំ ជិះៗវារលត់ ហើយខ្ញុំ​ខំ​ប្រឹង​ធាក់​អើយធាក់… អត់ដឹង​ថាវា​អស់សាំងសោះ…៕

ស្រុកស្រែ

Advertisements

12 responses to “ស្រុកខ្មែរ ស្រួលរកស៊ី..!!

  1. ហា ហា ហា…. យ៉ាប់ហ្មង!!!!

  2. ដល់​ពេល​ហ្នឹង, បោះ​តែ​កន្លះលាន បានក្លាយ​ជា «អ្នក​ឧកញ៉ា​បណ្ឌិត​កិត្តិយស​ស្រុកស្រែ»​ បាត់​ទៅ​ហើយ!

  3. ហេហេ… អរគុណតាស៊ីក្លូ និង​ក្មេងស្រែ… តែខ្ញុំ​ស្រឡាញ់​គោរមងារ “បណ្ឌិតខ្វៃជ្រូក” ជាង…

    សាកគិត​មើល​ទៅ… បើទោះជា​មាន​មន្រ្តី​ច្រើន​ជំនាញ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​មក​​តាម​ស៊ី​ពែរ ឬ​មក​ចោម​រោម “ច្រាសច្រំ” លុយ​អាជីវកម្ម​​ពី​រោងចក្រ​ផលិត​ជ្រូក​ខ្វៃ​របស់​ខ្ញុំ ក៍​ខ្ញុំ​រក​ឃើញ​ប្រាក់​ចំណេញ​ដែរ។ ចំណែក​ឯ​លុយ​បង់​ពន្ធ​ចូល​រដ្ឋ គឺ​តិច​តួច​បាន​ហើយ..!! សំខាន់​អោយ​តែ​ចេះ​ “ស្គាល់” មន្រ្តី​ជំនាញ និង​សមត្ថកិច្ច​តាម​ឋានានុក្រម​ទៅ គឺ​ស្រុកខ្មែរ​ ស្រួល​រកស៊ី​បាន​កាក់កប​​ណាស់..!!

  4. ហាហាហា ចៅ​ជ្រូក​ខ្វែ ២០១២ កាល​មុន​គេ​មានតែ​ ចៅ​ចាក់​ស្មុគ !

  5. ស្រមៃដើម្បីផ្តល់សំណើមឲ្យជីវិត… ពិតជាមានន័យមែនៗៗៗ

  6. ហេហេ… ខ្ញុំ​ចេះ​តែ​ស្រមៃ​ផ្តេសផ្តាស​ទៅទេបាទ… តែ​ធម្មតា​អ្នក​ផឹក​ដូច​ខ្ញុំ កាល​បើ​សំឡឹង​ឃើញ​ស្អី​ ក៍​​គិត​ចេញ​ជា​គ្រឿង​ក្លែម​ដែរ..។ និយាយ​ពី​ជ្រូក​ខ្វៃ ចេញទឹក​មាត់​ច្រោក..!! សុំខមាទោស… នមោតស..!!

  7. ម្យ៉ាង​ដែរ​ចៅ​ជ្រួក​ខ្វៃ

  8. បាទ អរគុណសុភី… នេះចាត់ទុកថាជា ចៅជ្រូកខ្វៃ ស៊េរី២០១២ ហើយ…

  9. ហាសហាៗៗៗៗៗៗៗៗបណ្ឌិតជ្រូកខ្វៃ!
    បណ្ឌិតជ្រូកខ្វៃគួរកុំនិយាយពាក្សថារកស៊ីចឹងវា
    គ្មានអនាម័យគួរតែនិយាយថា រកញុំវិញ ព្រោះ
    លោកបងនឹងខ្ញុំសុទ្ធតែរស់នៅក្នុងប្រទេសអឆ្ឆរិយៈ!
    ដូច្នេះអ្វីៗគួរតែអឆ្ឆរិយៈដែរទើបសមនិងឈ្មោះ.

  10. ខិខិៗៗៗ… មិនមែន បណ្ឌិតជ្រូកខ្វៃទេ តែជាបណ្ឌិតខ្វៃជ្រូក..!! អីលូវ​ដួងចាន់ សាក​ជួយ​គិត​ខ្ញុំ​មើល… ឧបមារ​ថា ខ្ញុំមាន​ជោគជ័យ​ពីមុខ​របរ​បើក​រោងចក្រ​ឈ្មោះ ស្រុកស្រែផលិតជ្រូកខ្វៃ… ហើយ​គ្រូធំ ឬគ្រូ​ដើម​ផលិត​ជ្រូកខ្វៃ មិនគឺ​ស្រុក​ចិន? ហេតុនេះ ខ្ញុំត្រូវ​ទាក់​ទង​សុំ​វិញ្ញាបនប័ត្រ ឬ​សញ្ញាប័ត្រ​មហា​កិត្តិយស​ ពី​សកល​វិទ្យាល័យ​ណា​មួយ​នៅក្នុង​ក្រុង​ប៉េកាំង ដែល​ចេញ​អោយ​តែខ្ញុំ​ម្នាក់​គត់​សំរាប់​ស្រុក​ខ្មែរ គឺ​មហា​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ត្រួត​ពីលើ​ជាន់ខ្ពស់​​(ជាន់ខ្ពស់ឌុប) ក្នុង​វិស័យ​ខ្វៃជ្រូក​សាធារណ:… ពេល​នោះ​គោរមងារ​ស្រុកស្រែ​ខ្ញុំ នឹង​ត្រូវ​បាន​គេ​ហៅ​ជា​ទូទៅ​ថា បណ្ឌិតខ្វៃជ្រូក ដោយ​អូតូម៉ាទិក… ហេហេ… ពិរោះ និង​មាន​ន័យ​អស់​ទាស់..!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s