រឿងរ៉ាវនៃការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុងរបប​ខ្មែរក្រហម..!!


ខ្ញុំបានសំរេចចិត្ត​ចុះផ្សាយនូវកំណត់ត្រា​​រឿងរ៉ាវពិត​នៃការ​ស្លាប់​របស់​ឪពុកខ្ញុំ​ ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ គឺ​​​ជា​ចំណែក​ដ៏​តូច​មួយ​នៃជី​វិត​ក្រុមគ្រួសារ​ខ្ញុំ​ក្នុង​របប​នោះ។ រឿង​រ៉ាវ​ដែល​ខ្ញុំ​សរសេរ​ចង​ក្រង​នេះ​ គឺ​ខ្ញុំ​បាន​​មកពី​​ប្រភព​សាក្សី​រស់​ទាំងអស់ ដែល​បាន​​ដឹង​ឮពីដំណើរ​ជីវិត​​របស់​​ក្រុមគ្រួសារខ្ញុំ​ និងបាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​ព្រឹត្តិការណ៍ឈ្លប​ចាប់ចងឪពុកខ្ញុំ​​នៅ​មាត់ប្រឡាយ​ក្នុង​ពេលកំពុង​ធ្វើ​ការ​ពេល​យប់ រួចបណ្តើរ​​ចុះទូក ដើម្បី​យក​ទៅដាក់​មន្ទីរឃុំឃាំងកោះថ្មី ឬមន្ទីរ-១៥ ស្ថិត​ក្នុង​ស្រុក២០ តំបន់២៥​ ​នៅ​ក្នុង​អំឡុង​រដូវ​ប្រាំង​ឆ្នាំ១៩៧៧​​​​…។

សំណេររឿងរ៉ាវនេះ គឺ​ខ្ញុំបានសរសេរនៅ​ខែតុលា ឆ្នាំ២០០៤ ក្នុង​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំមួយ​នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដែលរៀបចំឡើងដោយ​អង្គការសហប្រជាជាតិ​ ស្តីពីជនពិការដោយសង្គ្រាម…។

កំណត់ត្រា​នេះ គឺខ្ញុំ​សរសេរ​តាមរបៀប​ ឃើញទីកន្លែងចាស់ ធ្វើអោយ​នឹកឃើញ​នូវ​ព្រឹត្តិការណ៍​ទាំងឡាយ​​នៅទីនោះ​ឡើងវិញ​ម្តងទៀត… ទន្ទឹមនឹងនោះ ខ្ញុំ​បាន​សរសេរ​តាមបែប​ទាញ​រឿងរ៉ាវ​​ពី​អតីតកាល​ យក​មក​ភ្ជាប់​ជា​មួយ​​បច្ចុប្បន្ន ដែល​ខ្ញុំ​រៀន​​តាម​ស្ទីល​​​រៀមច្បង​អ្នក​និពន្ធ​​​ជំនាន់ដើម…។ គិត​មក​ដល់​​​ពេល​នេះ​ គឺ​ជាង ៧ឆ្នាំហើយ​បន្ទាប់​ពី​​ខ្ញុំ​​សរសេរ​ចប់​​កំណត់ត្រា​នេះ ដែលជាហេតុ​ធ្វើអោយទិដ្ឋភាព និងទីតាំង​ខ្លះ​​​​នា​ពេល​បច្ចុប្បន្ន មាន​ការ​ប្រែ​ប្រួល​​យ៉ាង​ច្រើន…​ តែខ្ញុំ​សំរេច​ថា ទុក​អោយ​នៅ​ដដែលចុះ​ដោយ​មិនកែ​ប្រែអី​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ដែរ អង្គសវនាការ​​កាត់ទោស​​មេដឹកនាំ​ខ្មែរក្រហម​នៅ​ពេល​នោះ ​ក៍នៅ​មិនទាន់​ដំណើរ​ការជំនុំជំរះ​​នៅឡើយ​ទេ…

សូមស្វាគមន៍ និង​សូម​អញ្ជើញ​​អស់លោក​អ្នក​ អាន​កំណត់ត្រា​របស់​ខ្ញុំ ដែល​ទាក់ទង​នឹង ​រឿងរ៉ាវនៃការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុងរបប​ខ្មែរក្រហម… តាមការគួរ..!!​​​​

ស្រុកស្រែ

Advertisements

13 responses to “រឿងរ៉ាវនៃការ​ស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុងរបប​ខ្មែរក្រហម..!!

  1. សុខសប្បាយហេពូ! ខានមកលេងភូមិយើងយូរ!

    • បាទ, អរគុណ​លោកស្រុកខ្មែរ ស្នេហ៍ខ្ញុំ… សំរាប់​ខ្ញុំ គឺមាន​តែ​ការ​និទាន​រឿង​សោកសៅ​នេះ​ចេញ​មក​ទេ ទើប​ធ្វើ​អោយ​អារម្មណ៍​ខ្ញុំ​មាន​ភាព​រំសាយ​ពី​គំនុំគុំគួន ពី​អតីតកាលបាន និងឈាន​ទៅ​រក​​ការ​ផ្សះផ្សារ​របួស​ផ្លូវ​ចិត្ត ដែល​ត្រូវ​បាន​ញាំញី​ដោយ​របប​ខ្មែរ​ក្រហមបាន…។

  2. អរគុណ ស្រុកស្រែ ដែលបានបញ្ចេញរឿងពិតរបស់អ្នកនិងក្រុមគ្រួសារ ឪពុកម្តាយបងប្អូន កំសត់ណាស់ សូមចូលរួម​សោក​ស្តាយ ចំពោះ​លោក​ឪពុក​របស់​អ្នក!

    ខ្ញុំជឿថា ឪពុករបស់ស្រុកស្រែ ប្រហែលជាមាន​និន្នាការ​នយោបាយ​ជាប់​ពី​សង្គម​ចាស់ រឿង​នេះ​ពិត​ណាស់ បើសិន​ជា​គាត់​ប្តូរ​ទីកន្លែង​ការ​រស់​នៅ គឺគាត់​ពិត​ជា​រស់ ហើយ​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​មនុស្ស​នៅ​ក្បែរ​យើង មាន​ការ​ចង​គំនុំ​គុំគួន ច្រណែន​និន្ទារ​ដោយ​ប្រការ​ផ្សេងៗ រឿង​បញ្ហា​នេះ​វា​អាស្រ័យ​ទៅ​លើ​អ្នក​ដើរ​ធ្វើ​ប្រវត្តិរូប​ដោយ​មិន​ចេះ ឬ​មិន​ហ៊ាន​សម្រួល​សំនុំ​រឿង តែ​យ៉ាង​ណា​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​អ្នក​ដឹក​នាំ អ្នក​សម្រេច​ចិត្ត ក្នុង​ភូមិ​ឃុំ​នោះ​ឯង នេះ​ជា​ការ​ស្លាប់​ច្រើន​ជាង​គេ​នៅ​សម័យ​នោះ បើ​តាម​ខ្ញុំ​ស្មាន ខុស​គ្នា​ឆ្ងាយ​ណាស់ សម្រាប់​ខ្ញុំ​ដែល​ធ្លាប់​ជា​អតីត​ស្មៀន​ដែល​តែង​តែ​ធ្វើ​ប្រវត្តិរូប​សំរាប់​លោក​សង្ឃ​តាម​វត្ត​តំបន់​ខ្ញុំ ភាគ​ច្រើន​ខ្ញុំ​ដាក់ ឬ​ចាត់​ទុក​ជា​កម្មករ ឬ​កសិករ​កណ្តាល​ថ្នាក់​ក្រោម វណ្ណៈ​នេះដែល​ខ្មែរក្រហម​ទទួល​ស្គាល់​ថា ជា​វណ្ណៈ​ល្អ តែ​ពិបាក​នឹង​លាក់ ឬ​កែ​សម្រួល​ណាស់ ចំពោះ​មនុស្ស​ដែល​គេ​ស្គាល់​ច្រើន​នោះ មាន​តែ​ផ្លាស់ប្តូ​រទី​កន្លែង​ទេ ប៉ុន្តែ​បើ​អ្នក​ស្គាល់​គេ​ជួយ អាច​នៅ​បាន ពីព្រោះ​ខាង​ភូមិខ្ញុំ​រួច​ខ្លួន​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ស្លាប់​ដោយ​សារ​គេ​យក​ទៅ​វាយ​ចោល​ទេ ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ទាហាន​ផង តែអ្នក​ដែល​សាហាវ​អត់​រស់​ដែរ​ទេ បាត់​ខ្លួន​តាំង​ពី​រំដោះ​ភ្លាម​ម្លេះ ។

    • បាទ, អរគុណ​ចំពោះ​សន្តាន​ចិត្តលោក​​ណាស់។

      ខ្ញុំ​ក៍​គិត​ដូចលោក​អីចឹង​ដែរ… ការ​ស្លាប់​របស់​ប្រជាជន​យើង​​នៅ​តាម​ទី​ជនបទ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​អាស្រ័យ​ដោយ​​កម្មាភិបាល​ថ្នាក់​ក្រោម​នោះ​ឯង​ ដែល​ជា​អ្នក​សំរេច​ចិត្ត​ក្នុង​ការ​កំទេច​ខ្មាំង​ជូន​អង្គការ…។ អាស្រ័យ​ដោយ​និយមន័យ​នៃ​ពាក្យ​​ថា​ខ្មាំង​ប្រឆាំង​អង្គការ​ មាន​ន័យ​មិន​ច្បាស់លាស់ និង​ទូលំទូលាយ​ពេក ទើប​ធ្វើ​អោយ​ទំហំ​នៃ​ការ​ស្លាប់​​របស់​ប្រជាជន​ មាន​ការ​រីក​រាល​ដាល​គ្រប់​ទី​កន្លែង…។

  3. មនុស្សចាស់សល់ពីសង្គម

    ​លោកស្រុកស្រែជាទីរាប់អាន !
    ក្រោយពេលបានអានអត្ថបទ​ដែលលោក​បាន​សរសេរ​រៀបរាប់​ពី​ជីវិត​ពិត​ និង​ការ​បាត់​បង់​លោក​ឪពុក​ជាទី​ស្រឡាញ់​របស់​លោក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម… ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ចូល​រួម​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ដ៏​ធំធេង​នេះ​ជា​មួយ​នឹង​គ្រួសារ​លោក​ បើទោះ​បី​ជា​ខ្ញុំ​ផ្ទាល់​ក៏​មាន​ការ​បាត់​បង់​បងប្អូន​ មាមីង​ច្រើន​នាក់​ដែរ​នោះ….

    ដូចខ្ញុំធ្លាប់បានជជែកលេងជាមួយ​លោក​មុនៗ​មក…. លាក់​បាំង​អី​សំរាប់​ខ្ញុំ​​ផ្ទាល់​ សម័យ​នោះ​ដោយ​ការ​អត់​ឃ្លាន​ខ្ញុំ​ធ្លាប់​ទៅ​លួច​បូត​ស្រូវ​ប្រាំង​ក្បែរ​ផ្ទះ​ហីយ​ដែល​ជា​ស្រូវ​យើង​បាន​ទាំង​ដាំដុះ​ខ្លួន​យើង​ផង​ដែរ​នោះ ក៏ត្រូវ​ពួក​ឈ្លប​ចាប់​ចង​ស្លាប​សេក​យក​ទៅ​ឃុំ​ក្នុង​សហករណ៍ បង្អត់​បបរ​២-៣ថ្ងៃ​ផង​ដែរ…. តែ​ដោយ​ប្រហែល​ជា​គេ​គិតថា​ខ្ញុំ​នៅ​មាន​ប្រយោជន៍​សំរាប់​សហករណ៍​បន្ត​ទៀត​ គេមិន​សម្លាប់​ គឺ​គ្រាន់​តែ​ហៅ​ប្រជុំ​កសាង​(មាន​ន័យ​ថា​ស្តី​ប្រដៅ)​ហើយ​ក៏ដោះ​លែង​​មក​វិញ តែ​មិន​ឲ្យ​ចូល​​ផ្ទះ​​ជួបជុំ​ម៉ែឪ​វិញ​ទេ​ គឺ​ត្រូវ​បញ្ជូន​ទៅ​សមរភូមិមុខ​នៅ​ឯ​តំបន់​ស្រែ​ប្រាំង​​ខាង​ក្រោម​​ស្រុកមោង ជិតម្តុំ​គេ​ហៅ កាឡុង​អ្នកតា​ទ្វារ…. និង​ប្រហែល​​ដោយ​ទឹកដោះ​ម្តាយ​​ថ្លៃ ទើប​អាច​បាន​រួច​ខ្លួន​ដូច្នេះ​នោះ.. នៅ​មាន​ឈុត​ឆាក​ព្រឺព្រួច​​ច្រើន​ទៀត.. តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​បាន​តែ​ត្រឹម​ប្រើ​ពាក្យ​ថា ឆ្អែត​មួយ​​ម៉ាត់​ប៉ុណ្ណឹង​​ឯង…

    ក្រោយពីឆ្នាំ១៩៧៩ថ្មីៗ ខ្ញុំក៏​ធ្លាប់​មាន​គំនិត​ដើរ​តាម​ចាស់ៗ​​មួយ​ចំនួន​ លី​កាំបិត​ពូថៅ​តាម​រក​សងសឹក​ឲ្យ​បងប្អូន​ ប៉ុន្តែ​ដោយសារ​ម្តាយ​ខ្មុំ​ឃាត់​ឃាំង​ខ្លាំង​ណាស់​ទើប​ធ្វើចិត្ត​បាន….. ខ្ញុំ​បាន​ធ្វើការ​ពិចារណា​ពី​ខ្លួន​ឯង ពីបង​ប្អូន ​និង​ពីខ្មែរ​ទាំង​​អស់​ដែល​ទទួល​នូវ​ការ​បែក​បាក់​ព្រាត់​ប្រាស់​ និង​ពោរពេញ​ដោយ​​មហា​សោក​សង្រេង​ក្នុង​រយៈ​ពួក​ខ្មែរ​ក្រហម​គ្រប់គ្រង​ប្រទេស​ជាតិ​បែប​ឆ្កួតៗ​របៀប​នោះ.. ពីដើម​មក​ខ្ញុំ​ក៏មិន​ខុស​ពីលោក​ និង​បងប្អូន​ទាំង​ឡាយ​ដែល​ចង់​បាន​យុត្តិធម៏ និង​ចង់​ដឹង​ថា របៀប​ដឹកនាំ​ប្រទេស​ជាតិ​របស់​ពួក​អ្នក​ទាំង​នោះ​(ខ្ញុំចង់​ហៅ​ពួក​នេះ​ថា​ ពួក​អាឆ្កួត! ​ទោះបី​ពួកនេះ​មាន​អាយុ​ចាស់​ជិត​ងាប់​ទៅ​ហើយ​វិញ​ក៏ដោយ​ចុះ)​គេនាំ​យក​មក​ពី​ប្រទេស​ណា?​​​ ឬមាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង?… ឬពួក​គេ​សុទ្ធ​​តែ​ជា​មនុស្ស​សសៃ​ប្រសាទ…៕ល៕.. តែ​មិន​ដឹង​ថា​ខ្ញុំគិត​ត្រូវ ឬក៏​ខុស​នោះ​ទេ ខ្ញុំក៏​មាន​គំនិត​យល់​ឃើញ​ថា​តុលាការ​ដែល​គេ​បាន​បង្កើត​ឡើង​នោះ​ អស់​លុយ​ម៉ាគំនរ​គគោក​គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ គឺវា​រឹតតែ​អស់​សង្ឃឹម​មែន​ទែន​ក្រោយ​ពេល​កាត់​ទោស​​​សមមិត្ត ឌុច​ នោះ…​ហើយ​ខ្ញុំក៏​គិត​ថា​វា​នឹង​គ្មាន​​ប្រយោជន៌​​សំរាប់​ខ្ញុំជា​រៀង​រហូត…

    តែទោះជាយ៉ាងណា ការនិយាយ​ចេញ​ពី​កង្វល់​របស់​ខ្លួន​ ក៏អាច​បន្ថយ​ការ​ឈឺចាប់​បាន​មួយ​កំរឹត​ទៅ​ដែរ…. ជា​មួយ​នេះ​ ខ្ញុំក៏​សូម​សរសើរ​ដោយ​ស្មោះ​ចំពោះ​កត្តញ្ញូតាធម៏​របស់​លោក​ចំពោះ​អ្នក​មាន​គុណ……..។

    • បាទ, សូម​អរគុណ​ចំពោះ​សន្តានចិត្ត​របស់លោក។ ទាក់ទង​នឹង​ការ​សងសឹកនេះ នៅ​ឆ្នាំ១៩៧៩ ម្តាយធំខ្ញុំ​ គាត់បាន​ហៅ​បងប្អូន​ខ្ញុំ​ប្រុសៗ​ទាំងអស់​មក​ប្រាប់ថា៖ ឪពុក​ខ្ញុំ​ប្រហែល​ជា​ដឹង​ខ្លួន​ថា គាត់​គេច​មិន​ផុត​ពី​សេចក្តី​ស្លាប់​ទេ​ ហេតុ​នេះ​គាត់​បាន​ផ្តាំ​​អោយ​ប្រាប់​ពួក​ខ្ញុំ​ថា បើ​ស្រុក​ទេស​ថ្ងៃ​ក្រោយ​ទៅ​ មាន​សេរីភាព​ឡើង​វិញ សូម​កុំ​អោយ​ពួក​ខ្ញុំ​​ទៅ​តាម​រក​មនុស្ស​ ដើម្បី​​សង​សឹក​អោយ​សោះ ព្រោះ​ការ​សង​សឹក នឹង​បន្ត​អោយ​មាន​គំនុំ​ចងពៀរ​ជា​បន្ត​បន្ទាប់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មិន​ចេះ​ចប់​ទេ…។

      រីឯការ​កាត់​ទោស​ពួក​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​នាក់​នោះវិញ ​អារឿង​​ចាយ​លុយ​អស់​រាប់​សិបលាន​អត់បាន​ការ ​ថា​វា​អត់បាន​ការ​ទៅ​ហើយ…. តែ​ពួក​​សមមិត្ត​តាៗ​​ទាំងអស់​នោះ មិន​ត្រឹម​តែ​អត់​ទទួល​ស្គាល់​កំហុស​នៃ​ការ​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​ទេ តែនៅ​ថែម​ទាំង​ចង់​អោយ​ប្រជាជន​ខ្មែរដែល​នៅ​រស់​សព្វ​ថ្ងៃ​នេះ ទៅ​លត់ជង្គង់​អរគុណ​​ពួក​គាត់​ថែម​ទៀត​ផង។ ព្រោះ​ពួក​គាត់​ទាំងនោះ​យល់​ថា គឺ​ដោយ​សារ​បាន​គុណ​​ស្មារតី​ស្នេហា​ជាតិ​របស់​ក្រុម​គេហ្នុង​ហើយ ទើប​បាន​កម្ពុជា​រួច​ផុត​ពី​ក្រញាំ​កុម្មុយនីស​ឥណ្ឌូចិន..!! តែ​ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅ​វិញ​ថា៖ តើអ្នក​ដឹកនាំ​​អង្គការ​​ថ្នាក់​លើ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​មួយ​ដំបរ​ស្វា​ណឹង យល់​យ៉ាង​ម៉េច​បាន​ជា​មើល​ឃើញ​ប្រជា​ជន​ខ្លួន​ឯង​សុទ្ធ​តែ​​ជាជន​សង្ស័យ និង​ជា​ខ្មាំង​បំផ្លាញ​បដិវត្តន៍​របស់​ខ្លួន ហើយ​បណ្តោយ​អោយ​​ពួក​ឈ្លប និង​កម្មាភិបាល​ថ្នាក់​ក្រោម​នៅ​តាម​មូលដ្ឋាន កាប់​សំលាប់​ប្រជាជន​ស្រេច​តែ​ចិត្ត​នឹក​ឃើញ​អីចឹង? ហេតុអ្វី​បាន​ជា​មជ្ឈឹមបក្ស​របស់​ពួក​សមមិត្ត​តាៗ​ស្នេហាជាតិ​មួយដំបរស្វា​ណឹង បើក​ដៃ​អោយមនុស្ស​មួយក្រុមតូច ប្រព្រឹត្តិ​អំពើ​ព្រៃផ្សៃ​​លើ​​មនុស្ស​​ភាគ​ច្រើន​ តាម​រយៈ​ការកំណត់​ប្រជាជន​អ្នកជំលៀស​​សុទ្ធតែ​ជា​ខ្មាំងយ៉ាង​នេះ​? ខ្ញុំអត់​យល់..??..!!…

  4. ខ្ញុំពិតជាពិបាកយល់ មិនដែល​បានឃើញ មិនដែល​បានដឹង ការ​សម្លាប់​គ្នា​មាន​សភាព​សាហាវ​ឃោរឃៅ​ដូច្នេះ​សោះ! នៅ​ស្រុក​បាកាន ខែត្រ​ពោធិសាត់ ក៏មិន​ដែល​ស្គាល់​កាល​ពីសង្គម​ឆ្នាំ៧៩ បាន​ទៅ​តែ​ម្តង​គត់ បាន​ទៅរក​ឪពុក​ម្តាយ​របស់​ខ្ញុំ តែ​ពួក​គាត់​មិន​មែន​ជា​អ្នក​នៅ​ទីនោះ​ទេ ជា​អ្នក​រត់​លូន​ថ្ងៃ៧ មករា ៧៩ តែ​ទៅ​បាន​ជួប​ប្រទះ​គេ​បារ​រណ្តៅ​ខ្មោច​មុន​ដំបូង​ហើយ ស្នាក់​នៅ​ទីនោះ​បាន​ពីរយប់ ក៏នាំ​ឪពុក​ម្តាយ និង​បងប្អូន​មាមីង​បីគ្រួសារ​ទៀត​មក​ជា​មួយ​ផង។ យប់ឡើង ឮឆ្កែ​ចចក​យំ​ខ្លាច​ណាស់ គេថា​ប្រហែល​ខ្មែរក្រហម​ចូល​មក​ទៀត​ហើយ ត្រូវប្រយ័ត្ន! តែ​ក្រោយ​មក​ឆ្នាំ ៩០-៩១ បាន​ទៅ​រហូត ៣-៤ដង​ឯណោះ តែ​មិន​បាន​ដឹងថា​ ទីនោះ​មាន​គេ​សម្លាប់​ច្រើន​ចឹង​ទេ ទើប​តែ​ដឹង​តាម​វិទ្យុផ្សាយ កាល​គេ​ចាប់​ផ្តើម​តុលាការ​ខ្មែរ​ក្រហម។ តែមាន​បងប្អូន​ប្រាប់​ថា ឯកឧត្តម ប្រាជ្ញ ចាន់ ចៅហ្វាយ​ខែត្រ​បាត់ដំបង ធ្លាប់​នៅ​ទី​នោះ​ឯង កាល​សម័យ​ខ្មែរក្រហម។ កាលពី​សម័យ​ខ្មែរ​ក្រហម ធ្លាប់​ឮ​ល្បី​ខាង​កកោះ មោង​ឫស្សីទេ ខ្លាំង​ជាង​គេ ពីព្រោះ​ពួកមេៗ​ខ្ញុំ​នៅ​បាត់ដំបង គេ​ចាប់​យក​ទៅ​ដាក់គុក​នៅ​ទីនោះ​ឯង ក្រោយ​មក​បាន​បង្កើត​បណ្តាញ​ដើរ​អូស​ទ័ព​ជាមួយ​ពួក​គាត់​ផង​ដែរ ។ល។

  5. សូម​ចូល​រួម​សោក​ស្ដាយ​ផង​លោក ស្រុក​ស្រែ អំពី​ហេតុ​ការ​នៃ​ការ​ទទួល​អនិច្ចកម្ម​របស់​ឪពុក​លោក!

    លោក Lovepeehs05 , ខ្ញុំ​បាន​ព្យាយាម​ចូល​ប្លក់​លោក ២ ៣ ដង​ហើយ​តែ​បើក​មិន​បា​សោះ យ៉ឺត​ពេក ហើយ​គាំង Browser តែ​ម្ដង! សូម​លោក​ជួយ​ពិនិត្យ​ផង!

  6. ជីវប្រវត្តិលោកស្រុកស្រែ មិនខុសនិងបងប្អូនខ្មែររាប់លាននាក់ ហើយខ្លួនខ្ញុំផ្ទាល់មិនគ្រាន់បើ ជាងលោកប៉ុន្មានដែរ ។ លោកប្រហែលជាធ្លាប់ឮហើយ «តំបន់៤» ខេត្តបាត់ដំបង កាលនៅ ជាកុមារភាពជីវិតពាក់កណ្តាលខ្មោច ។ លោកឪពុករបស់ខ្ញុំវិះត្រូវបានគេយកទៅ ។ ពួកនោះ បានដាក់បញ្ចូលគាត់ក្នុង បញ្ជីរស្បែកខ្មៅ(បានដឹងពីអតិតខ្មែរ ក្រហមដែលភាសខ្លួនទៅថៃ) ។

    ១៩៧៩ មានការកាប់សម្លាប់ សងសឹកគ្នាខ្លាំងណាស់ មុនទ័ពវៀតណាមចូលមកដល់ទី រួមខេត្តបាត់ដំបង ដោយឃើញសភាពចុះទឹកក្រពើ ឡើងលើខ្លា អ្នកម្តាយរបស់ខ្ញុំទទួចឲ្យ លោកឪពុកខ្ញុំភាសទៅទិសខាងលិច។

    ចូលរួមសោកស្តាយផងលោក….. ។

    • បាទ អរគុណលោកជក់ទិព្វ… បើនិយាយទៅ គឺបន្ទាប់ពីបានចុះផ្សាយរឿងរ៉ាវនូវការស្លាប់របស់ឪពុកខ្ញុំនេះ នៅក្នុងប្លុកស្រុកស្រែរបស់ខ្ញុំរួចមក ក្នុងអារម្មណ៍ខ្ញុំហាក់ដូចជាបានរសាយចិត្តពីគំនុំគុំគួនទាំងឡាយ ដែលខ្ញុំបានចិញ្ចឹមចិត្តទុកពីមុនៗមក។ បើសង្ឃឹមទៅលើយុត្តិធ៌មដែលបានមកពីតុលាការខ្មែរក្រហម ដូចសង្ឃឹមលើផេះកណ្តាលចង្ក្រាន… សូមអរគុណចំពោះសន្តានចិត្តរបស់លោកម្តងទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s