គ្នាឯង “ស៊ី” គ្នាឯង..!!


ប៉ុន្មានថ្ងៃមុននេះ ខ្ញុំ​បាន​ដាក់ប្រកាស​មួយមាន​ចំណង​ជើង​ថា៖ ដល់ពេលដែល​កងកំលាំង​ប្រដាប់​អាវុធ​ជាតិ ត្រូវ​មានភាព​ថ្លៃថ្នូរ​ឡើង..!! ​ដោយ​ខ្ញុំ​ឈរ​លើ​ទស្សនៈ​​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​​​​​ វាយតំលៃ និង​សំលឹង​ឃើញ​ពី​​ភាព​អសកម្ម​​ជាក់​ស្តែង​របស់​កងកំលាំង​សមត្ថកិច្ច​ជាតិ​មួយ​ចំនួន​​ណា​នោះ ដែល​ទង្វើរ​របស់​ពួក​គេ​ ​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរទូទៅ​​​…។

ដោយឡែក​ព័ត៌មាន​ស្តី​ពីការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា ​​ដោយ​កង​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​​នៅ​ស្រុកស្នួល​ ខេត្តក្រចេះ កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ២០១២ កន្លងទៅ​ថ្មីៗ​នេះ បាន​ធ្វើ​អោយ​មតិជាតិ និងអង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ​ថ្កោល​ទោស​ពី​ភាព​ឃោរឃៅ​​របស់​កង​សន្តិសុខ និង​ក្រុម​ហ៊ុន​ឯកជន ដែល​បង្ក​អោយ​មាន​របួស​ស្នាម​ដល់​​ប្រជាជន​អ្នក​តវ៉ា…។ ដោយសារ​តែ​រឿង​នេះ​បាន​ស្ងប់​ស្ងាត់​បន្តិចហើយ ហើយ​ព័ត៌មាន​ព្រឹក​នេះ​បានផ្សាយ​អំពី​ការ​ចាប់​ខ្លួន​ឆ្មាំ​សន្តិសុខ​​​​​ពីររូប ​​​ពី​ក្នុង​ក្រុមហ៊ុន​ TTY កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែកុម្ភះ ម្សិលមិញ ​រួច​បញ្ជូន​ជា​បន្ទាន់​ យក​ទៅ​កាត់​ទោស​នៅ​ខេត្ត​ក្រចេះ ទើប​ខ្ញុំ​ចង់​លើក​យក​រឿង​ហេតុ​នេះ មក​និយាយ​ឡើង​វិញ​បន្តិច​ នៅ​ក្នុង​ប្លុក​ស្រុក​ស្រែ​របស់​ខ្ញុំនេះ​​ ដោយ​ចង់បញ្ជាក់​ទៅលើ​​រឿង​រ៉ាវ​នោះថា តើអ្វី​ទៅ​ដែល​ស្ថិត​នៅពី​​ក្រោយ​ហេតុការណ៍​នេះ​ពិត​ប្រាកដ?

សំរាប់​ខ្ញុំ​​ដែល​មិន​មែន​ជា​សមត្ថកិច្ច តែ​ដោយសារ​​ធ្លាប់​បាន​​ឆ្លង​កាត់​ហេតុ​ការណ៍ជា​​ច្រើន​កន្លង​មក គឺ​ខ្ញុំ​ទំលាប់ជឿ​ព័ត៌មាន​ផ្សព្វផ្សាយ​តែ ៥០% ទេ… ឯ ៥០% ទៀត ​គឺ​ខ្ញុំ​ឈរ​នៅ​លើ​ទី​តាំង​ទាំងសងខាង​​​ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​ និង​វាយ​តំលៃ​ពី​ហេតុ​ការណ៍​​​ទាំងនោះ​ សំដៅ​មិន​អោយ​មាន​ការ​ភាន់ច្រឡំ ឬ​ជឿងប់​ចាញ់​​បោក​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​ទេ…។

fighting people

នេះជារូបភាពដែលសារព័ត៌មានទូទៅបានផ្សព្វផ្សាយថា កង​សន្តិសុខ​ពីររូប​នេះ​ជា​អ្នក​បាញ់​ប្រហារ​សំដៅ​ទៅ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា… ត្រង់តែ​ថា មូលហេតុ​ពិត​ប្រាកដ​បណ្តាល​អោយ​មាន​ការ​បាញ់​ប្រហារ គឺមិនមាន​នរណា​លើក​យក​មក​បញ្ជាក់​អះអាង​ឡើយ។ សំរាប់ខ្ញុំ តាំងពី​ឃើញរូប​នេះ​ដំបូង​ម្ល៉េះ ខ្ញុំ​បាន​ដាក់ជា​​ចំងល់​​ថា៖ ហេតុអ្វី​បាន​ជា​កង​សន្តិសុខ​នេះ ឈរតំរង់​កាំភ្លើង​នៅ​លើ​ដំបូល​ត្រាក់ទ័របែបនេះ​? ឬមួយ​ក៍​នៅ​ផ្ទាល់​ដី​មាន​គ្រោះ​ថ្នាក់​ជាង​នៅលើ​​ដំបូល? ឬមួយ​ក៍​ពួក​គេ​ បាញ់​កំញើញ​ការពារ​ខ្លួន ទាំងភ្នែក​នៅ​កញ្ចឹង ក?​​… គឺ​ពីរបីសំណួរ​នេះ​ហើយ ដែល​ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​ប្រភព​ព័ត៌មាន​​អោយ​បាន​ច្បាស់​លាស់បន្តិច ដើម្បី​អោយ​អស់​ចំងល់​តែ​ប៉ុណ្ណោះ។

ជាការពិត​ នៅពេលដែល​​មានរឿង​ហេតុ​បែប​នេះ​កើតឡើង គឺ​​ក្រុមហ៊ុន​ទទួលដី​សម្បទាន​ជាអ្នក​ទទួល​ខុស​ទាំងស្រុង​។ ក៍​ប៉ុន្តែ បើ​តាម​ការបង្ហើប​​អោយ​ដឹង​ពី​អ្នក​ដឹង​រឿង​រ៉ាវ​ពិត​ប្រាកដ​វិញ បាន​អះអាង​ថា៖ ខាង​​ក្រុម​ភាគី​ប្រជាពលរដ្ឋ​អ្នកតវ៉ា ​ក៍​ខូច​មិន​ណយ​ដែរ​ទេ..!! ហើយ​រឹត​តែ​ខូច​មែនទែន​នោះគឺ ក្រុមជន​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​អ្នក​តវ៉ា​ទាំងអស់​នោះ​ទៅ​វិញ​ទេ។ ​ចំណែក​ឯ​​ជនរង​គ្រោះ​ពី​ការ​បាត់​បង់​ដី​ធ្លី​ពិត​ប្រាកដ​នៅ​ក្នុង​ហេតុការណ៍​នេះ​ បែរ​ជា​ត្រូវ​បាន​ក្រុម​អ្នកតវ៉ា​​ លាបពណ៌​ដោយ​ចោទ​ប្រកាន់​ថា ជាក្រុម​​បក្ស​ប្រឆាំង​រដ្ឋាភិបាល​​ថែម​ទៀត​ផង…។ ប្រភព​បាន​អះអាង​ទៀត​ថា៖ នៅ​មុន​ព្រឹត្តិការណ៍​បាញ់​ប្រហារកើតឡើង មានចលនា​ដឹកជញ្ជូន​​ប្រជាពលរដ្ឋ​យក​មក​ដា​ក់​ពង្រាយ និង​សាងសង់​ខ្ទម​ស្នាក់​នៅ​នា​ពេល​យប់ ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ជាប់ៗ​គ្នា​ នៅ​លើដី​ដាំដំណាំស្រាប់ៗ និង​មាន​ម្ចាស់កម្មសិទ្ធិ​ត្រឹម​ត្រូវ…។ ដោយ​ឃើញ​ពី​ការ​សង់ខ្ទម​ស្នាក់​នៅ​បែប​អាណាធិបតេយ្យ​​របស់​អ្នក​តាំង​ទី​លំនៅ​ថ្មី លើដី​ចំការ​ដំឡូង និង​ចំការ​កៅ​ស៊ូ​​ស្រាប់ៗ​​បែប​នេះ ក្រុមហ៊ុន​បាន​ធ្វើ​ការ​សួរ​នាំ និង​បណ្តាញ​ចេញ… រួច​ក៍​ផ្ទុះ​នូវ​អំពើ​ហឹង្សា​​បិទផ្លូវជាតិ និង​បាញ់​ប្រហារ​កើត​ឡើង​តែ​ម្តង…។

នៅព្រឹកកើតហេតុ​ ក្នុង​ថ្ងៃ​បាញ់​ប្រហារ… ប្រភព​បានអះអាង​បញ្ជាក់ថា៖ ភាគី​ប្រជាពលរដ្ឋ​អ្នក​តវ៉ា បានរៀប​ជា​ក្បួន​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ប្រឈម​មុខ​ជាមួយ​កងកំលាំង​សន្តិសុខ និងគ្រឿងចក្រ​របស់​ក្រុមហ៊ុន ដោយ​អោយ​អ្នក​ដើរ​ជួរ​មុខ​ជា​កូនក្មេង កុមារាកុមារី​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស​សាលា​។ រួច​នៅ​ជួរ​បន្ទាប់​ខាង​ក្រោយ​កូនក្មេង​ដែល​មាន​ឯកសណ្ឋាន​សិស្ស​ គឺ​ជាក្រុម​​បុរសៗ​ពេញវ័យ​ ​ប្រដាប់​ដោយ​​អាវុធ​សម័យ​​បុរាណ​ដូចជា ដំបង ព្រនង់ ផ្គាក់ ខ្វែវ​ គ្រប់ដៃ ហើយ​ភាគ​ច្រើន​​ជា​អ្នក​​ស្រវឹង ប្រកប​ដោយ​កំហឹង​​ក្រពុល​មុខ​និយាយ​ស្តាប់​គ្នា​លែង​បាន…។  រួចបន្ទាប់​មក ​មានជួរ​​​ក្រុម​ស្រ្តី​ចាស់​ក្មេង​ដែល​ស្ថិត​នៅ​ច្របល់​លាយ​ឡំ​គ្នា​ ជា​មួយ​អ្នក​ប្រយុទ្ធ​ដែរ។ ហេតុនេះ ដើម្បី​អោយ​រួច​ផុត​ពី​ព្រនង់ កាបិត របស់​ក្រុម​អ្នក​តវ៉ាទាំងអស់​នោះ កងសន្តិសុខ​ក្រៅ​ពី​រត់​យក​រួច​ខ្លួន​ដោយ​​ឡើង​ទំ​​ដូចស្វា​លើ​ដំបូល​ត្រាក់ទ័រ គឺត្រូវ​​តែ​បាញ់​គំរាម​តបត​​ក្នុង​​សិទ្ធិ​ការពារ​ខ្លួនដោយ​ជៀស​មិនរួច ហើយ​ការ​បាញ់​គំរាម​​ឡើង​លើ​​​​ប្រហែល​ជា​លែង​មាន​ប្រសិទ្ធិ​ភាព​ហើយ​មើល​ទៅ ទើប​បាន​​​ជា​ពួក​គេ​ភ្ជុង​ចុង​កាណុង​ចុះ​មក​ក្រោម​យ៉ាង​នេះ…។

ប្រសិន​បើ​ដូច​ការ​រៀប​រាប់ខាងលើ​​នេះ​មែន ក្រុមអ្នក​តវ៉ា​ទាំងអស់​នេះ គឺ​ប្រាកដ​ជាមាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ច្បាស់ណាស់ និង​មាន​មេកើយ​ ​​ចាត់តាំង​​ច្បាស់លាស់​ត្រឹម​ត្រូវ​ថែម​ទៀត​ផង។   សំណួរនឹង​ត្រូវ​បាន​ចោទ​សួរ​​ឡើង៖ តើនរណា​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ​អ្នកតវ៉ា​ទាំងអស់​នោះ?… ហើយ​តើ​ពួក​គេ​ធ្វើ​នេះ​បាន​ចំណេញ​ប៉ុន្មាន? បើតាម​ប្រភព​ដដែល ​​​បានអះអាង​​អោយ​ដឹង​ដែរ​​ថា៖ អ្នក​នៅ​ពី​ក្រោយ​ខ្នង​ គឺ​ធំៗ គ្រាក់ៗ​ណាស់… ប៉ះ​មិន​បាន​ទេ..!!

ចុងក្រោយ​ ប្រសិន​បើ​ចង់ដឹង​ថា​ ពួក​គេ​ធ្វើ​នេះ​ចំណេញ​បាន​ប៉ុន្មាន ខ្ញុំ​សាកល្បង​គិត​លេខ​លេងៗ​តាម​ក្បាច់​ស្រី​ទៅ​ចុះ… ដោយ​ឥឡូវ​នេះ រដ្ឋាភិបាល​បាន​កាត់​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ចំនួន ៨០០ហិកតា​ ដើម្បី​ធ្វើការ​បែង​ចែក​ជូន​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​(sic!)… ប្រសិន​បើ​គិត​តំលៃ​វ៉ៃ​ចេញ​វិញ​ថោកៗ ១ហិកតា ២ពាន់ដុល្លាទៅចុះ ដូចនេះដី ៨០០ហិកតា ​គឺ​ស្មើនឹង​ទឹកប្រាក់​ ១លាន៦សែនដុល្លា..!!… ដូច្នេះ​ក្រុម​មេក្លោង​អាច​នឹង​​​​​​ផាត់នាយ​ផាត់អាយទៅ​ នៅ​សល់​យ៉ាង​យោច​ណាស់​ក៍ចំណេញ​​ ១លានដុល្លា​ដែរ… ឃើញទេ ខ្ញុំថា​ស្រុកយើង គឺ​ងាយ​រកស៊ី​អីចឹង..!!..

…គិតៗ​ទៅ ​ហេតុ​ការណ៍​នេះ​គឺ​ជារឿង គ្នាឯង “ស៊ី” គ្នាឯង ច្បាស់ណាស់..!!..??..

ស្រុកស្រែ

Advertisements

13 responses to “គ្នាឯង “ស៊ី” គ្នាឯង..!!

  1. យី! អីដល់ម្ល៉ឹងៗផង ?
    ម្នាក់ៗខំតែខឹងសំបារនឹងអ្នកបាញ់ប្រជារាស្ត្រនោះ
    មិនដឹងជាខាងម្ខាងទៀតដឹងរឿងអស់នេះហើយឬនៅទេ!

  2. អស្ចារ្យ!

  3. ស្រុកយើង​មាន​រឿង​ចំលែកៗ​ច្រើនណាស់​លោក achharia និង​តាម៉ាប់អើយ… បើ​តាម​ដាន​មិន​ទាន់​សាច់​រឿង​គេ​សំដែង​​ទេ យើងនឹង​​ចាញ់​បោក​គេ​ម៉ាម្ហូតណឹង… ហេហេហេៗៗៗ…

  4. ដើម្បី​ប្រយោជន៍​មួយ គេនាំគ្នាសម្តែង​ ធ្វើ​ឲ្យ​យើង​វិលក្បុង!

  5. ហាសហាៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ…………
    ស្រុកស្មែរ ស្រែយួន.

  6. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ!
    ដោយសារថាពួកម៉ាកខ្ញុំវាពឹងពាក់ឲ្យជួយសរសេរជំនួសវា ព្រោះ​វា​ថា​ ក្រោយ​ពីបាន​ឃើញ​ប្រកាស​របស់​លោក​ខាង​លើ​ បាន​ធ្វើឲ្យ​វា​ចាប់​អារម្មណ៌…. វាថា​ ​គឺវា​​​​​​​សង្ស័យ​​រដ្ឋមន្រ្តី​ខាង​កសិកម្ម ខាង​បរិស្ថាន​ មាន​​សញ្ញាប័ត្រ​បណ្ឌិត​តែ​​ប្រហែល​មិន​ទាន់​ទាំង​ដឹង​ដីរដ្ឋ​នៅ​ទំនេរ​នៅ​ឯណា? ​ចំនួន​ប៉ុន្មាន​? ច្បាស់លាស់​នោះ​ទេ​​ដឹង​ ទើប​ចេះ​តែ​ស៊ីញ៉េ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​​នេះ ក្រុមហ៊ុន​នោះ​ វា​ចេះ​តែ​​មាន​រឿង​ទឹក​ភ្នែក​តែ​រហូត​នោះ… ហើយ​ម្យ៉ាង​ស៊ីញ៉េ​ឲ្យ​គេ​បូម​ខ្សាច់​យក​ទៅ​លក់​ធើ​អ្នកមាន អ្នកបាន​អស់​ក៏​ដូច​គ្នា​ បែប​អត់ដឹង​ថា​ កាលណា​វាអស់​ខ្សាច់​ពីបាត​ទន្លេ​ បាត​សមុទ្រ​ វាធ្វើ​ឲ្យ​បាក់​ច្រាំង… វាថា​ទៀត​ថា​ ទោះជា​យ៉ាង​ណា​ រដ្ឋមន្រ្តី​ទាំងនោះ​ដូច​ជា​មហា​សំណាង​ណាស់​ដែល​មាន​សម្តេច​តេជោ​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​វែ​ឆ្លាត.. ដឹកនាំ​ការងារ​ប្រកប​ទៅ​ដោយ​មហា​គតិបណ្ឌិត​ ធ្វើជា​មេ​ចេះ​តែ​អនុគ្រោះ​មិន​ប្រកាន់​ទោស​អូស​ដំណើរ ​ថែម​ទាំង​សុខ​ចិត្ត​លះបង់​ពេល​វេលា​ជា​មាស​ ជាដុល្លារ​នៅ​ភ្នំពេញ​ ជិះ​យន្តហោះ​មិន​ខ្លាច​ត្រជាក់​ក្តៅ​ ចុះទៅ​មូលដ្ឋាន​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ជា​ញឹក​ញយ! នេះបើ​ថាវា​ធើ​មេ​វិញ…. ខ្ញុំសួរ​វាថា​៖ ហែ្អង​វិញ​​ ហែ្អង​ចង់ធើ​ម៉េច? វាអត់​មាត់​ឆ្លើយ​ជាមួយ​ខ្ញុំទេ​ គឺវា​គ្រាន់​តែ​ឳន​ចុះ​ក្រោម ចាប់​ត្រួយ​ផ្កា​សិរមាន់​ក្នុង​ផើង​មុខ​ផ្ទះ​ខ្ញុំ​ ទាញ​បណ្តាច់់​ឮសូរ​ប៉ាត់!!!!​ ខ្ញុំមើល​មុខវា​ឡើង​ក្រហម​ទំនង​ដូច​ជា​ខឹង​នឹង​ពួក​រដ្ឋមន្រ្តីៗ​ទាំងនោះ​ជំនួស​សម្តេច​តេជោ​ខ្លាំង​មែន​ទែន…. ខ្ញុំនិង​វា​មិន​បាន​និយាយ​អី​ទៀត​អស់​2-​3​នាទី.. ដើម្បី​សំរួល​បរិយាកាស​កុំ​ឲ្យ​វា​តឹង​តែង​ពេក ខ្ញុំក៏​និយាយ​លេង​ជា​មួយ​វា​មុន​ថា ចុះ​បើ​អញ​ជា​រដ្ឋមន្រ្តី​ទាំង​នោះ​វិញ ហ្អែង​ធើ​ម៉េច​អញ​ទៅ? អាពួក​ម៉ាក​ខ្ញុំវា​អត់​ឆ្លើយ​ តែវា​ងាក​មុខផាំង​មករក​ខ្ញុំ​ហើយ​វាឆ្លើយ​យ៉ាង​ខ្លី​ថា.. អញ​អារក​ហ្អែង​កើត​ហ្អី! យីអា​នេះ​ធាក់​ប៉ាកាច់​អាឡូវ​ហ្អែង… ហើយ​ទំនង​ជា​កប់​យោបល់​ វាក៏​ដើរ​ចេញ​ទៅ… ខ្ញុំក៏​មិន​ដឹង​ថា​ វាគិត​យ៉ាងម៉េច​ទេ.. ព្រោះ​តាម​ពិត​ទៅ ខ្ញុំនិយាយ​លេង​ទេ​ជាមួយ​វានោះ ព្រោះ​ថា​ជាតិ​ក្រោយ​ទៀត​ក៏មិន​ដឹង​យ៉ាង​ម៉េច​ផង……..
    បើពួកម៉ាកខ្ញុំនិយាយចាកប្រធានអីសុំ​លោក​អនុគ្រោះ​ឲ្យវា​ផង អរគុណលោក…

    • អរគុណលោក​ចាស់ជាន់មុន និង​អរគុណដល់​មិត្តរបស់​លោក​ផងដែរ…។

      តាម​ខ្ញុំ​ដឹង​ បើ​បន្ទោស​តាតា​រដ្ឋមន្រ្តី​បរិស្ថាន និង​កសិកម្ម​ក៍​មិន​ត្រូវ​ដែរ ព្រោះ​មុន​នឹង​កាត់​ដី​រដ្ឋ​អោយ​ក្លាយ​​ទៅ​ជា​ដី​សម្បទានសេដ្ឋកិច្ច គឺ​គេ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ និង​មន្រ្តី​ជំនាញ​ចុះ​វាស់វែង​ពី​ផល​ប៉ះ​ពាល់​ជាក់​ស្តែង​ច្បាស់​លាស់​ត្រឹមត្រូវ ព្រមទាំង​មាន​បោះ​ត្រា​ទទួល​ខុស​ត្រូវ​ស្អេកស្កះ ប៉ុនៗ​ចានគោម មុន​នឹង​សំរេច​ជា​ផ្លូវការ… នេះ​បើ​តាម​ប្រភព​ដែល​គេបាន​​ប្រាប់​ខ្ញុំ។ ដល់​ពេល​មាន​រឿង​ហេតុ​កើត​ឡើង​ គឺ​មាន​តែ​ធ្វើ​ដឹង​ខ្លះ​ មិន​ដឹង​ខ្លះ​អីចឹង​ឯង… កុំ​សូវ​ច្បាស់​ពេក…។ អ្វី​ដែល​ជា​ចំងល់​នៅ​ត្រង់​ថា៖ តើប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅម៉េច​នឹង​អាច​ដឹង​បាន​ថា ដីត្រង់​ណា​ និង​ទំហំ​ប៉ុន្មាន​ ជា​ដី​សម្បទាន​ដែល​រដ្ឋទើប​បាន​​កាត់​អោយ​ក្រុមហ៊ុនឯកជន? ខ្ញុំ​ជឿ​ថា​​ទាំងលោក​ ទាំងខ្ញុំដែល​នៅ​ភ្នំពេញ​ស្រាប់​ ប្រាកដ​ជា​មិន​ដឹង​ទេ… ចុះ​ទំរាំ​ប្រជាពលរដ្ឋ​​រស់​នៅ​ដាច់​ស្រយាល រឹត​តែ​លែង​ដឹង​លែង​ឮ​បាត់។ តែ​ហេតុ​ម៉េច​ក៍​ពួក​គេ​អ្នក​តវ៉ា​ ​ដឹង​ដំណឹង​​រឿង​ដី​ធ្លី​សម្បទាន​នេះ ​លឿន​រហ័ស​​ជាង​ពលរដ្ឋ​ទូទៅ​យ៉ាង​នេះ? ហើយតើ​​ខាង​ណា​ជា​អ្នក​មាន​សិទ្ធិ​ចេញ សជណ ក្នុង​ការ​ពុះចែក​ដី​រដ្ឋ​? សំណួរ​ប៉ុន្មាន​នេះ លោក​អាច​​ស្វែង​យល់​ដោយ​ខ្លួន​លោក​ចុះ​… ខ្ញុំ​ចេះ​តែ​ឆ្ងល់​ខ្លួន​ឯង​ទេ​បាទ…​​

      ងាក​ទៅ​​ថ្ងៃ​កើត​ហេតុ និង​ក្រោយ​កើត​ហេតុ​បាញ់​ប្រហារ​នោះ តាម​ព័ត៌មាន​ គឺ​សូម្បី​តែ​តា​រដ្ឋមន្រ្តី​បរិស្ថាន​ ក៍​មិន​ហ៊ាន​នៅ​ជួបដោះស្រាយ​ជា​មួយ​​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​យូរ​ដែរ ព្រោះ​មើល​ទៅ​ក្នុង​ដៃ​អ្នក​តវ៉ា ឃើញ​មុខ​កាំបិតផ្គាក់​សស្ងាច​ពេក..!! ចាំអង្កាល់ទៀត… មាន​តែ​វ៉ៃ​កែង​ជូន​លោក…!!..

  7. គឺ​តាំង​តែ​ពី​ដើម​មក​ម្ល៉េះ, អោយ​តែ​មាន​ជម្លោះ​ មាន​អ្នក​តំណាង, អ្នក​តំណាង​ហ្នឹងឯង ច្រើន​តែ​ដើរ​ប្រកូកប្រកាស​ថា បើ​តវ៉ាបានដី ត្រូវ​កាត់កងមកអោយគាត់​អី​ចឹង​ទៅ។

    • ស្មានតែក្មេងស្រែអត់ដឹង…។ ក៍ប៉ុន្តែ អ្នកបាត់បង់​ដីធ្លីពិតប្រាកដ​​ដោយសារ​តែ​មានការ​ដើរវាត​​​យក​ឆៅៗ ពី​អ្នក​មាន​​លុយ មាន​អំណាច ​​​ក៍មាន​អ្នក​រង​គ្រោះ​មិន​តិច​​ដែរ​ទេ…។

      រីឯ​​ករណី​យក​ប្រជាពលរដ្ឋ​មក​តវ៉ា​ទាមទារ​យក​ដី​រដ្ឋ​បែប​នេះ ​តាម​ខ្ញុំ​ស្មាន​មើល​ទៅ ប្រហែល​​​ជា​បញ្ចប់​នៅ​ត្រឹម​ស្រុក​ស្នួល​​នេះហើយ… តែ​ទំរាំ​ចប់ ក៍​ក្រុម​មេក្លោង​ទទួល​បាន​ជោគជ័យ​ច្រើន​កន្លែង​ដែរ​ ដូចជា​នៅ​កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់​ ជា​ដើម…។

  8. ស្រុក​យើង​អញ្ចឹង​ហើយ ជីវិត​រាស្ត្រ​សាមញ្ញ​មិន​ស្មើរ​លុយ​ពួក​វា​ទុក​ទិញ​ដី​ដែរ!

    • បើភ្នំនៅ​ទីរួមខេត្តមណ្ឌលគីរីវិញ គឺ​ត្រូវ​បាន​បែង​​ចែកទៅ​​ជា​កម្ម​សិទ្ធិ​ឯកជន​​អស់​ហើយ គ្មាន​ភ្នំណាមួយ​នៅ​សល់​ជា​របស់​រដ្ឋ​ទៀតទេ… បែប​នេះ គឺអាច​ជា​យុទ្ធសាស្រ្ត​ធ្វើ​អោយ​រាស្រ្ត មាន​មុន​រដ្ឋ​ ក៍​អាច​ថា​បាន​ដែរ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s