ពិពណ៌រូបថតរបស់អ្នកស្រី អេលីហ្សាបែត បេកគ័រ…


រសៀលម្សិលមិញ ពេលត្រឡប់មកពីស្រុកពញាក្រែក ខេត្តកំពង់ចាមវិញ ខ្ញុំឆ្លៀតពេលចូលទៅមើលការតាំងពិពណ៌រូបថតរបស់អ្នកស្រី អេលីហ្សាបែត បេកគ័រ (Elizabeth Becker) នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា នាទីក្រុងភ្នំពេញយើងនេះ…

អ្នកស្រី អេលីហ្សាបែត បេកគ័រ គឺជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា៖ នៅពេលដែលសង្រ្គាមរលត់ទៅ (When the War was Over) …។ កាលពី កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អ្នកស្រី អេលីហ្សាបែត បេកគ័រ គឺជាអ្នកឆ្លើយឆ្លង សារព័ត៌មានសំរាប់កាសែត Washington Post ប្រចាំទីក្រុងភ្នំពេញ។ អ្នកស្រី គឺជាស្រ្តីបស្ចឹមប្រទេសតែម្នាក់គត់ ដែលបានមើលឃើញប្រទេសកម្ពុជា ឆ្លងកាត់គ្រប់ដំណាក់កាលទាំងអស់នៃសង្រ្គាម និងភាពក្រីក្រតោកយ៉ាក។

ដោយមានការយល់ព្រមពីរបបកម្ពុជាប្រជាធិបតេយ្យ នៅសប្តាហ៍ទីមួយនៃដើមខែធ្នូ ឆ្នាំ១៩៧៨ អ្នកស្រី អេលីហ្សាបែត បេកគ័រ រួមជាមួយភ្ញៀវពីររូបទៀតគឺ លោក សាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល (Malcolm Caldwell) ដែលជាមិត្តរបស់កម្ពុជា ប្រជាធិបតេយ្យ និង រីឆាត ឌុដម៉ាន់ (Richard Dudman) ដែលជាអ្នកយកព័ត៌មានដ៏ ល្បីល្បាញក្នុងសង្រ្គាមវៀតណាម បានមកដល់ទីក្រុងភ្នំពេញ ដើម្បីមកធ្វើទស្សនកិច្ច យកព័ត៌មាន និងធ្វើជាសាក្សីនៃភាពរីកចំរើនមហាលោតផ្លោះ មហាអស្ចារ្យ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ…។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ នៅរាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៧៨ គឺបន្ទាប់ពី ជួបសន្ទនាគ្នាដោយផ្ទាល់ជាមួយ ប៉ុល ពត រួចមក លោកសាស្រ្តាចារ្យ ខាដវ៉ែល ត្រូវបានយោធាខ្មែរក្រហម បាញ់សំឡាប់នៅក្នុងបន្ទប់របស់គាត់ ក្នុងនិវេសនដ្ឋាន ផ្ទះភ្ញៀវក្បែរចំការមន…។ បន្ទាប់ពីមានការចូលរួមគោរពសព ដោយលោក អៀង សារី និងលោក ជួន ប្រាសិទ្ធ រួចមក អ្នកស្រី បេកគ័រ និងលោក ឌុដម៉ាន់ រួមទាំង សពលោកសាស្រ្តាចារ្យ ខាដវ៉ែល ត្រូវបានដឹកតាមយន្តហោះចិន ត្រឡប់ទៅដល់ ក្រុងប៉េកាំងវិញ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ គឺពីរសប្តាហ៍ មុនការដួលរលំរបប កម្ពុជាប្រជាធិបតេយ្យ នេះ…៕

អ្នកស្រី អេលីហ្សាបែត បេកគ័រ ក្នុងឳកាសសម្ពោធពិពណ៌រូបថតរបស់អ្នកស្រី នៅមជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា កាលពីថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០១២ កន្លងទៅនេះ...

elizabeth becker

ប័ណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មាន របស់អ្នកស្រី អេលីហ្សាបែត បេកគ័រ ក្នុងជំនាន់សាធារណរដ្ឋខ្មែរ

from left to right: Rechard Dudman, Elizabeth Becker, Comrade Pin and Malcolm Caldwell

ពីឆ្វេងទៅស្តាំ៖ រីឆាត ឌុដម៉ាន់, អេលីហ្សាបែត បេកគ័រ, សមមិត្ត ពីន ប្រធានកងពល ពិសេសរបស់មជ្ឈឹមបក្ស, និងលោកសាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល ។ រូបនេះ សមមិត្ត ពីន បានជូនដំណើរភ្ញៀវទៅក្រែក-មេមត់ ខេត្តកំពង់ចាម នៅពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨ ដែលស្នូរកាំភ្លើងប្រយុទ្ធគ្នានៅតាមព្រំដែន ជាមួយវៀតណាម ឮសូរច្បាស់ចែស...

Thiounn Praseth, Malcolm Caldwell, Elizabeth Becker, and Rechard Dudman in Banteay Srey Temple, Cambodia

ឈរជួរខាងក្រោយពីឆ្វេងទៅស្តាំ៖ ជួន ប្រសិទ្ធិ, ម៉ាល់ខុម ខាដវ៉ែល និងអ្នកជូនដំណើរ។ អង្គុយជួរខាងមុខ៖ អេលីហ្សាបែត បេកគ័រ, អ្នកជូនដំណើរ និង រីឆាត ឌុដម៉ាន់ នៅមុខប្រាសាទបន្ទាយស្រី នាពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨...

Pol Pot interview

រូបថតសមមិត្តអគ្គលេខាបក្ស ប៉ុល ពត ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត បស្ចឹមប្រទេស ជាលើកទីមួយ និងជាលើកចុងក្រោយ ក្នុងកំឡុងពេលនៃការ កាន់អំណាចរបស់ខ្លួន នៅអាគាររដ្ឋាភិបាលក្បែរវត្តភ្នំ នារាត្រីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៧៨...

Elizabeth Becker, Keat Chuon, and Ieng Sary in UN 1978

ក្នុងឳកាសជួបជាមួយសមមិត្ត អៀង សារី រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាបុរីញូយ៉កក្នុងឆ្នាំ១៩៧៨ អ្នកស្រី អេលីហ្សាបែត បេកគ័រ បានស្នើសុំការអនុញ្ញាត្តិជាពិសេស ដើម្បីចូលទៅយកព័ត៌មានក្នុងប្រទេសកម្ពុជា ហើយនៅក្បែរខ្លួនសមមិត្ត អៀង សារី គឺសមមិត្ត គាត ឈន់...

ស្រុកស្រែ

Advertisements

16 responses to “ពិពណ៌រូបថតរបស់អ្នកស្រី អេលីហ្សាបែត បេកគ័រ…

  1. ខ្ញុំចាប់អារម្មណ៍ជាងគេគឺរូបលោក គាត ឈន់.

    • ខ្ញុំសុំដូរដាក់ថា សមមិត្ត វិញហើយចឹងកុំអោយខុសពីដើម
      ព្រោះអីរូបថតនិងរបស់ សមមិត្ត គាត_ឈន់ ក៍រូបពីដើមដែរ.

  2. មើលទៅមុខគាត់ដូចនៅដដែល អត់ប្លែក​សោះ…

  3. មនុស្សចាស់សល់ពីសង្គម

    សួស្តីនិងជំរាបរលឹក លោកស្រុកស្រែ!
    ដោយហេតុថាមានសំណូមពរពីបងប្អូន​នៅ​ស្រុកខ្ញុំខ្លះ​គាត់ខ្វះ​មធ្យោបាយ.. គាត់​សុំ​លោក​ជួយ​ថតរូប​ក្នុង​ពិពណ៏​នេះ​ឲ្យ​បាន​ច្រីន តាម​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​ចែក​ជូន​ពួក​គាត់.. ព្រោះ​ថា​ចង់​ឃើញ​ តែវា​ក្រ​មិន​អាច​ទៅ​ភ្នំពេញ​បាន!! សូម​អរគុណ​លោក​ទុក​ជា​មុន ។
    តែថា​ចំពោះ​រូបថត​ខាង​ក្រោមគេ​ ជំនាន់​នោះ​ដូច​ជា​គេ​ហៅ​ថា សមមិត្ត អៀង​ សារី​ឬ​ សមមិត្ត គាត ឈន់ មិនមែន​លោក​ចឹង​ទេ… ឬមួយ​ក៏មាន​ករណី​លើក​លែង ?

    • បាទសូមជំរាបរលឹកលោកចាស់ជាន់មុន… រូបថតក្នុងពិពណ៌មានច្រើន ដែល​អ្នកស្រី បេកគ័រ គាត់​បាន​ថតក្នុង​សម័យនោះ ហើយ​នៅក្នុង​កន្លែង​​ពិពណ៌នេះ គេ​ហាមមិនអោយ​ថត​ទេ… តែអោយតែ​ភ្លាងភ្នែកបន្តិច ខ្ញុំ​លួចចុចបានមួយប៉ុស្តិៗដែរ…។ រូបមានច្រើន ដូចជា​រូប​ផ្សារថ្មី, រូបប្រជាជនកំពុង​ធ្វើស្រូវ, រែកកណ្តាប់ស្រូវ, រូបកងទ័ពក្មេងៗ, រូបក្មេងៗ​កំពុង​ធ្វើស្មៅ​នៅ​មុខ​លាន​ជល់ដំរី បរិវេណអង្គរធំ…។ល។

      ទាក់ទងនឹង​ការ​មិន​ហៅ​ សមមិត្ត នេះ ពេល​ខ្ញុំកំពុង​សរសេរ ខ្ញុំ​ចង់ហៅ​អស់លោកទាំងនោះថា សមមិត្ត ដែរ តែគិត​ចុះ​គិតឡើង ខ្លាច​ពួកគាត់​បាន​​មើល​ឃើញរូបគាត់​ឡើង​វិញទៅ នាំអោយ​​​អៀនខ្លួន..!!..

  4. ខ្ញុំថាតាម លោកមនុស្សចាស់សល់ពីសង្គមទេ! ពាក្យថា សមមិត្តនេះ!

  5. មនុស្សចាស់សល់ពីសង្គម

    សួស្តីលោកស្រុកស្រែ !
    ខ្ញុំភេ្លចសួរលោក!!តើមានឃើញរូបថតរបស់សមមិត្ត សម្តេចរបស់យើង​ទាំង​អស់គ្នា​ដែរ​ឬ​ទេ? បើឃើញ​ សូម​ជួយ​លួចថត​ផ្ញើ​គ្រាន់​បាន​ចែក​បងប្អូន​មើល​លេង​កំសាន្ត​ផង​។ គឺបង​ប្អូន​យើង​គាត់​ចង់​ឃើញ​មេៗ​យើង​កាល​ពីនៅ​សម័យ​តស៊ូ​រាងរៅ​ពួក​គាត់​យ៉ាង​ម៉េច​ដែរ​ទៅ?​ សំណូម​ពរ​ នេះបើ​អាច​ទេ​តែបើ​មិន​អាច ក៏មិន​ឆ្អី​ដែរ…. អរគុណ!

    • បាទ, សួស្តីលោកចាស់ជាន់មុន និង​សុំទោស​ ដោយការ​ឆ្លើយ​តប​មាន​ការ​យឺតយ៉ាវ… ព្រោះ​ម្សិលមិញនេះ មួយថ្ងៃទល់ល្ងាច ខ្ញុំ​ជាប់រវល់​នៅ​ខេត្តកំពង់ឆ្នាំង។

      ទាក់ទង​នឹង​រូបថតរបស់​អ្នកស្រី បេកគ័រ នេះ គឺ​មិនមាន​រូប​របស់​សម្តេច​យើង​បច្ចុប្បន្ន​ទេ ព្រោះ​អ្នកស្រី​ជាភ្ញៀវ​របស់​កម្ពុជា​ប្រជាធិបតេយ្យ។ រីឯសម្តេចយើង​បច្ចុប្បន្ន​គឺជាគូរសត្រូវរបស់របបនោះ… ដែល​ខុសពីលោកតា គាត់ឈន់ ដែល​ពួកកាសែតលោកខាងលិច គេ​ប្រសិទ្ធិនាម​ថាជា មន្រ្តី​ផ្ការីកគ្រប់រដូវ ទើបបានមានជាប់រូប​​គាត់​នៅ​ក្បែរ​សមមិត្ត អៀង​ សារី ​បែបនេះ… ហើយ​ប្រសិន​បើ​កាលណោះ ខ្មែរក្រហម​បាន​អនុញ្ញាត្តិ​អោយ​នាំភ្ញៀវ​ចូល​​ទៅ​មើល​ជំរំ​បឹងត្របែក​ទៀត នោះ​ប្រហែល​ជា​អាច​ឃើញរូប​លោកតា ហោ ណាំហុង ផង​ក៍​មិនដឹង… ​

  6. ខ្ញុំចាប់អារម្មណ៍ជាងគេ គឺលោកសាស្រ្តាចារ្យ Cardwell ម៉េចបានត្រូវយោធាខ្មែរ ក្រហមលួចបាញ់សម្លាប់ចោល បើគាត់ហ្នឹងជាមិត្តភគ្ររបស់ កម្ពុជាប្រជាធិបតេយ្យហ្នឹង ? តែម្នាក់ដែលជាអ្នកថតសង្គ្រាមស្រុកយួន មិនត្រូវបានសម្លាប់ទៅវិញនោះ ! ហើយម៉េចមិនឮសូរ គេនិយាយរឿងការ សម្លាបនេះ លើកមុន ឬ ពេលដែលគេសម្ភាសអ្នកស្រី Elizabeth កាលពីប៉ុន្មានថ្ងៃមុនេះ ? រឿងការសម្លាប់មិនមែនចេះតែសម្លាប់ដែរទេ សម្លាប់ជនបរទេស ដែលខ្លួនបានអនុញ្ញាត អោយចូលមកយកពត៌មាននោះ ដូចជាពិបាកជឿ !

  7. មនុស្សចាស់សល់ពីសង្គម

    ​អរគុណណាស់ចំពោះចំលើយរបស់លោក !ខ្ញុំចាប់អារម្មណ៍ថា​ លោកគួរ​កុំ​និយាយ​ពី​រឿង​បឹងត្របែក​អី ព្រោះថា​ខ្ញុំ​ធ្លាប់​ដឹង​ថា​ គេប្តឹង​គ្នា​វក់វី​..​ ដូចជា​មិន​ទាន់​ចង់​ចប់​ផង​ទេ…. និយាយ​ទៅ​ ខ្ញុំ​បារម្ភ​ពី​សុខ​ទុក្ខ​លោក.. ម្យ៉ាង​ខ្លាច​អត់​មាន​អ្នក​ថតរូប​ដាក់​ប្រកាស​អី​ឲ្យ​មើល​ទៀត!!! តែទោះ​ជា​យ៉ាង​ណា​ក្តី​ មនុស្ស​ល្អ​ដូច​លោក​មិន​មាន​អី​គួរ​ឲ្យ​ភ័យ​ទេ…. អរគុណ!

    • អរគុណលោកចាស់ជាន់មុនណាស់ ដែល​បារម្ភពី​ខ្ញុំ ហើយ​ខ្ញុំ​ក៍​មិន​បាន​និយាយថា​ លោកតា ហោ ណាំ​ហុង គាត់​ធើធំ​នៅ​ជំរំ​កែប្រែ​បឹង​ត្របែក​​​​នោះ​ដែរ… ជួន​កាល​បើ​មាន​សល់​​រូប​ភាពខ្លះ​​ទៅ អាច​នឹង​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​គាត់ ដែល​នឹង​បង្ហាញ​អោយ​ដឹង​ពី​ការ​ជាប់​ឃុំឃាំង​របស់​ក្រុម​គ្រួសារគាត់​ ដូច​គេ​​ដូច​ឯង​​នៅ​ទី​នោះ​ផង​ដែរ…។

  8. អ្នកស្រីអេលីហ្សាបែត បេកគ័ កាន់កាតចេញចូលស្រុកខ្មែរក្នុងសម័យសាធារណៈរដ្ឋ តែអត់ឃើញគេប្រើភាសាខ្មែរ បែជាប្រើភាសាបារាំងសេសវិញ ឬមួយសម័យនោះភាសា បារាំង ជាភាសាផ្លូវការរបស់ខ្មែរ? ។

    • បាទលោកជក់ទិព្វ… តាមខ្ញុំ​ដឹង សម័យសាធារណរដ្ឋ​(១៩៧០-១៩៧៥) គឺ​នៅ​និយម​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​ឡើយ​ទេ ហើយ​អាច​ជា​ភាសា​ផ្លូវការ​ផង ដោយ​បន្ត​ពី​សម័យ​សង្គមរាស្រ្ត​និយមមក។ ឯការប្រើប្រាស់​ភាសា​អង់គ្លេស​នៅ​ស្រុក​ខ្មែរយើង គឺបាន​​ចាប់​ផ្តើម​ឡើង​នៅ​សម័យ​អ៊ុនតាក់​ចូល​ស្រុក ក្នុងឆ្នាំ១៩៩៣…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s