ការជ្រើសរើស​បេក្ខភាព​មេឃុំ គួរតែ​ត្រូវ​បាន​​កែប្រែ​ទំរង់ការ​ខ្លះ…


កាលពីពីរបីថ្ងៃមុន ខ្ញុំបានដាក់ប្រកាសមួយដែលបង្ហាញពីទិដ្ឋភាពភូមិឋានរបស់អ្នក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានសភាពក្រតោកយ៉ាកពិបាកភ្នែក មាន​ច្រើន​ជាង​ភាពរុង​រឿង​ត្រជាក់ភ្នែក…។ រីឯមូលហេតុនាំអោយភូមិឋានមិនមាន ការ​អភិវឌ្ឍន៍​រីក​ចំរើន គឺខ្លួនខ្ញុំផ្ទាល់បានបន្ទោសទៅលើមេឃុំ… ឯមតិរបស់លោក ចាស់​សល់​ពី​សង្គម គឺបាន​បន្ទោស​ទៅលើ​ចៅហ្វាយ​ខេត្ត… ចំណែក​ឯមតិ​របស់​លោក  Lovepeehs05 វិញ គាត់​បាន​ទំលាក់​កំហុស​ទៅលើ​អំពើ​ពុក​រលួយ​ទៅវិញ ដែល​គាត់ យល់ថា “អំពើពុក​រលួយ​នេះ គឺជា​ចំណាប់​ខ្មាំង​ ចំពោះ​អ្នក​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល” …

សំរាប់ខ្ញុំ គឺខ្ញុំនៅតែយល់ថា មេឃុំគឺជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងការអភិវឌ្ឍន៍ ភូមិឃុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ហេតុនេះ ការជ្រើសរើសបេក្ខភាព ដើម្បីយកមកកាន់តំណែងជាមេឃុំ គឺជារឿងដែលខ្ញុំយល់ថា ត្រូវតែយកចិត្តទុកដាក់ បំផុត។

ដោយសារការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ កាន់តែខិតជិត មកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមរួមចំណែកបញ្ចេញនូវគំនិតបែបសាមញ្ញ រាក់ៗ មោកៗ ទាំង ឆ្គងៗទៅទៀត..!!.. ទាក់ទងទៅនឹងការជ្រើសរើសបេក្ខភាពមេឃុំ សំរាប់ដំណែង ៥ឆ្នាំខាងមុខនេះ ដើម្បីជាប្រយោជន៍ក្នុងជជែកគ្នាលេងកែអផ្សុក នៅផ្ទះស្រុកស្រែរបស់ខ្ញុំនេះផងដែរ…។

ខ្ញុំយល់ថា ការជ្រើសរើសបេក្ខភាពមេឃុំ គួរតែត្រូវបានកែប្រែទំរង់ការខ្លះ… បើមិន​អីចឹង​ទេ មេឃុំដែលជ្រើសរើសបានមកនោះ គឺមិនអាចយកមកជួយ ធ្វើការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើន នៃស្រុកទេសបានទេ ហើយ​ស្ថានភាពរស់នៅ​របស់ប្រជាជននៅតាមទីជនបទ គឺនៅ​តែមាន​រូបភាព​តោកយ៉ាក​ដដែល ដោយ​មិនមាន​ការផ្លាស់ប្តូរ​អ្វីជាដុំកំភួន ឡើយ។

តាមការសង្កេតរបស់ខ្ញុំ មេឃុំ​បច្ចុប្បន្ន​ភាគច្រើន សុទ្ធតែ​មាន​វ័យ​ចាស់ៗ ដែល​ខ្លះគាត់​ធ្វើមេឃុំ តាំងពីឆ្នាំ១៩៧៩-៨០។ ឯមេឃុំខ្លះទៀត ត្រូវបានកាន់ដំណែង ទាំងមិន​មាន​សមត្ថភាព​គ្រប់គ្រាន់ និងចំណេះដឹងទូទៅមានកំរិតទាបណាស់។  ខ្ញុំយល់ថា ដំណាក់​កាល​នេះ ជាដំណាក់កាល ប្រកួតប្រជែងក្នុងការអភិវឌ្ឍន៍ នៅតាមភូមិឃុំ សំដៅ​ធ្វើ​អោយ​ជីវភាពរបស់ពលរដ្ឋ កាន់តែមានភាពប្រសើរឡើង។ ហេតុនេះ តំរូវការ​ធនធាន​មនុស្សដែលគ្រប់គ្រងថ្នាក់ឃុំ គឺជាតំរូវការចាំបាច់ និងបន្ទាន់បំផុត… គឺជា​ប្រភេទ​ធនធាន​មនុស្សដែលមានចំណេះដឹងទៅលើផ្នែកច្បាប់ រដ្ឋបាល នីតិសាស្រ្ត សេដ្ឋកិច្ច​ ដើម្បី​រួមគ្នាធ្វើការកែប្រែរបៀបគ្រប់គ្រងមួយ តាមបែបទំនើបកម្ម ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត ឈ្លាសវៃ និងរស់រវើកបំផុត ទៅតាមស្ថានភាពទីតាំងភូមិសាស្រ្តជាក់ស្តែង នៃស្រុកភូមិនីមួយៗ ហើយការគិត តាមទំលាប់ចាស់អន់ថយទាំងឡាយ ដោយ​ពឹង​ផ្អែក​ទៅលើថ្នាក់លើទាំងស្រុង អោយជួយឧបត្ថម្ភគ្រប់រឿងគ្រប់រ៉ាវ ក៍គួរ​លុប​បំបាត់​ចោលអោយអស់ផងដែរ។ អ្វីដែលជាផែនការមេ (Master Plan) របស់​ឃុំ​នីមួយៗ នឹង​ត្រូវបានបង្កើតឡើង… ពេលនោះ តំរូវការទៅលើមូលនិធិ ដើម្បី​យកមក​ទ្រទ្រង់​អោយ​សំរេច​បាន​តាម​ផែនការមេនេះ គឺជារឿងដែលថ្នាក់លើត្រូវតែដោះស្រាយ និងកែ​តំរូវ។ នេះគឺជាតួនាទីរបស់មេឃុំសម័យថ្មី ដែលនឹងប្រែក្លាយទីជនបទសោះកក្រោះ អោយ​ទៅ​ជា​មានភាពសុខដុមរម្យនាបាន…។

ជាការឆ្លើយតបទៅនឹងតំរូវការធនធានមនុស្សសំរាប់មុខដំណែងមេឃុំនេះ  សំរាប់ខ្ញុំ គឺមិនមានយោបល់អី ប្រឆាំងទៅនឹងគោលការណ៍បេក្ខភាពដំណែងមេឃុំទាំងអស់ ត្រូវតែស្ថិតក្រោមការជ្រើសរើស របស់គណៈបក្សនយោបាយនីមួយៗនោះទេ… អ្វីដែល​ខ្ញុំចង់បាន គឺគណៈបក្សនយោបាយនីមួយៗ គួរតែជ្រើសរើសបេក្ខភាព​មេឃុំ​នេះ យកចេញមកពីក្នុងចំណោមនិស្សិត ដែលបញ្ចប់ការសិក្សាផ្នែកនីតិសាស្រ្ត ច្បាប់ សេដ្ឋកិច្ច… ព្រមទាំងមានបទពិសោធន៍ ក្នុងកិច្ចការរដ្ឋបាល យ៉ាងតិចណាស់ បីឆ្នាំ និងមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅជាដើម…។  បើជ្រើសរើសបែបនេះមែន ខ្ញុំជឿថា ពេលនោះ ពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងផែនការមេ សំរាប់​យក​មកអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន  ហើយពួកគេ ក៍ថែមទាំងមានចំណេះដឹង ភាសាបរទេស ដែលអាចងាយស្រួលទាក់ទាញអង្គការអន្តរជាតិនានា អោយចូលមក ជួយ​អភិវឌ្ឍន៍​ភូមិ​ឃុំរបស់ខ្លួនថែមទៀតផង។  ពួកគេទាំងនេះ នឹងក្លាយទៅជាទំពាំង ស្នង​ឫស្សី​ពិតៗ ហើយអនាគតរបស់ពួកគេ អាចនឹងក្លាយជាចៅហ្វាយស្រុក ឬចៅហ្វាយខេត្ត ឬឧត្តមមន្ត្រី នៅពេលដែលពួកគេមានស្នាដៃឆ្នើម ក្នុងការកសាង ភូមិឃុំ ស្រុក ខេត្ត អោយមានការរីកចំរើន។

អ្វីដែលខ្ញុំបានរៀបរាប់ដោយសង្ខេប ត្រួសៗទាំងអស់នេះ គឺជាការកែប្រែទំរង់ការខ្លះៗ ស្តីពីការជ្រើសរើសបេក្ខភាពមេឃុំ ដើម្បីយកមកធ្វើការបំរើរាស្រ្តតែប៉ុណ្ណោះ ដោយ​មិន​និយាយ​ឡូកឡំក្នុងរឿងនយោបាយឡើយ។ តែការកសាងគុណសម្បត្តិ​មេឃុំ​អោយ​មាន​ស្នាដៃ និងសមត្ថភាពបែបនេះ គឺនឹងក្លាយទៅជាចំណុចយុទ្ធសាស្រ្ត ដែល​ធ្វើ​អោយ​គណបក្ស​នយោបាយរបស់មេឃុំរូបនោះ ក្លាយជាមានប្រជាប្រិយភាព​បំផុត​របស់​ប្រជាជនម្ចាស់ឆ្នោតនៅតាមភូមិស្រុក…៕

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

20 responses to “ការជ្រើសរើស​បេក្ខភាព​មេឃុំ គួរតែ​ត្រូវ​បាន​​កែប្រែ​ទំរង់ការ​ខ្លះ…

  1. ម្នាក់ៗភាគ​ច្រើន​រៀន​ចប់​ហើយ មិនចង់ទៅស្រុក​ទៅ​ស្រែវិញទេ ហើយ​ក៏​មិនសង្ឈឹម​នឹង​ប្រាក់ខែចាយ​សល់​ថ្ងៃនោះដែរ ។

    • ចុះគ្រូបង្រៀន ម៉េចក៍ពួកគេអាចឈរបង្រៀន​សិស្សបាន? បើរដ្ឋ​មាន​គោល​ការណ៍ថា និស្សិត​ចេញពី​សាលា​ត្រូវមាន​ពិសោធន៍​ចុះ​កម្មសិក្សា នៅ​សាលាឃុំ​យ៉ាង​តិច ១២ខែ ទើប​អាច​រក​ការងារ​ធ្វើបាន (ស្រដៀង​គ្នានឹង​កាតព្វកិច្ច​យោធា​ដែរ)… ខ្ញុំថា ពេលនោះ ម្នាក់ៗ នឹង​សង្វាត​ចុះទៅ​រស់នៅ​តាមឃុំ ហើយ​នឹង​មាន​គំនិត​ផ្តួចផ្តើម​ជាច្រើន ក្នុងការ​អភិវឌ្ឍន៍​ភូមិឃុំ ព្រមទាំង​មាន​គំនិត​ចេះ​ស្រឡាញ់​ប្រជានជន និងទី​ជនបទ​ជាង​ទីក្រុង​ជា​មិនខាន…។

      • ហ៊ឹម គ្រូបង្រៀន​ជាប់​កិច្ច​សន្យា​ជាមួយរដ្ឋ​ហើយ ចេះ​តែ​ទ្រាំ​ទៅ តែ​ភាគ​ច្រើន​ជា​គ្រូមធ្យម​សិក្សា​ប៉ុណ្ណោះ​ដែល​តស៊ូ ឯគ្រូ​ឧត្តម​សិក្សា​សុខ​ចិត្ត​មក​បង្រៀន​សាលា​ឯកជន​វិញ ស៊ីគ្រាន់ជាង ។ គំនិត​ពូល្អ ៗ មែន ទេ​ខ្ញុំមិន​ដឹង​ថា​ខាង​រដ្ឋគេមាន​គំនិត​គិត​អ៊ីចឹង​ឬអត់ទេ !

        • តាម៉ាប់… ប្រសិន​បើ​រដ្ឋ​មាន​កញ្ចប់ថវិកា​សំរាប់​អប់រំ​បណ្តុះ​បណ្តាល​មេឃុំ គឺ​ប្រាកដ​ជា​អាច​ធ្វើ​បាន ដូចជា​ផ្តល់ប្រាក់ឧបត្ថម្ភ​​ជា​ប្រាក់​ខែ​សមរម្យ​ដល់​និសិ្សត​​ដែល​ចុះ​កម្ម​សិក្សា​​​នៅ​តាម​ភូមិឃុំ​ តំបន់​ដាច់ស្រយាល​ជាដើម… ហើយ​នៅ​ពេល​ចប់​កម្ម​សិក្សា គឺ​និស្សិត​ម្នាក់ៗ ត្រូវ​តែ​រក​អោយ​ឃើញ​​ពី​ចំណុច​យុទ្ធសាស្រ្ត​​សំខាន់ៗ លើ​វិស័យ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​របស់​ឃុំ​នោះ… ​គឺ​មាន​តែ​បែប​នេះ​ទេ ដែល​អាច​ផ្លាស់​ប្តូរ​ផ្នត់គំនិត​យុវវ័យ​ខ្មែរ អោយ​ងាក​មក​ស្រឡាញ់​ទី​ជនបទ​ស្រែ​ចំការ​បាន… ហើយ​ពេល​នោះ ទី​ជនបទ​យើង​នឹង​លែង​ឃើញ​មាន​សភាព​តោកយ៉ាក​ទៀតហើយ…។

  2. អង្គការសហប្រជាជាតិដឹកលុយដុល្លាររាប់កោដ​មកជួយ​ស្រុកខ្មែរ ហើយបាន​បង្កាត់​កូនអ៊ុនតាក់ ។ មកដល់​ប៉ុណ្ណេះ គឺនៅ​តែ​ប៉ុណ្ណឹង អត់មាន​ចេញ​ទៅ​ណា ។

    យ៉ាងណាមិញ ប្រជាជនខ្លួនឯងក៏អញ្ចឹងដែរ មានបាន​តិចតួច​គិត​តែ​លក់​ស្រែ​ចូលបារ ស៊ីចាយ​ស្រីញ៉ី​អូនបង ដល់​ប្រាក់​បង់​ថង់​ក៏ដាច ទើប​ចាប់​សម្តែង​រឿង​កំសត់​តោក​យ៉ាក។

    ទាំងអ្នកធំ ទាំងអ្នកតូចតាច កំពុងវង្វេងវង្វាន់​អត់ស្តាប់​គ្នា​បានទេ ដល់​ដូច្នោះ​ទៅ សុញ​ទាំងអស់​គ្នា។ ដូច​អ្នកស្រែ​ខ្ញុំ មិន​ខ្វល់ទេ គេរត់​ចូលក្រុង ខ្ញុំរត់​ទៅស្រែ ហេហេហេ…។

    • អរគុណលោកជក់ទិព្វ… ក៍ប៉ុន្តែ រឿងនេះមិនអាចបន្ទោស​ប្រជាជន​បានទេ។ ព្រោះ​យើង​តែង​វាយ​តំលៃ​ប្រជាជន​តាម​ទីជនបទ​ថា មិនមាន​ការចេះ​ដឹង​ជ្រៅ​ជ្រះ​ទេ… ចំណែក​អ្នក​ធ្វើការ​បំរើ​រាជការ គឺសុទ្ធតែ​អ្នក​ចេះដឹង​ហើយ ត្រូវអត់?… ហើយ​បើអ្នក​ចេះដឹង ទៅ​បន្ទោស​អ្នក​មិន​ចេះដឹង តើវា​យ៉ាង​ម៉េច​ដែរ? ទោះជា​យ៉ាងណា ទំលាប់​ចង់​អោយ​គេជួយ ជាង​ខំ​ប្រឹង​ជួយ​​ខ្លួនឯង គឺជា​ទំលាប់​ពិបាកកែ​របស់​ខ្មែរយើង​ទូទៅ…

  3. មែនហើយលោក មិនគួបន្ទោសប្រជាជនទេ តែលិទ្ធិប្រជាធិបតេយ្យ ប្រជាជន​ជាម្ចាស់វាសនា​ខ្លួនឯង​ក្នុងការ​សម្រេច​ចិត្ត​រើស​អ្នក​ដឹកនាំ​ខ្លួន។ ដូច្នោះ​លទ្ធភាព​របស់​រាស្រ្ត​ដែលឲ្យ​អំណាច​ទៅអ្នក​ដឹកនាំ​ដែល​ខ្លូន​ពេញចិត្ត ពិតជា​មិនមែន​ទាំង​ស្រុង​ជា​កំហុស​របស់​​អ្នកដឹកនាំ​ឡើយ ។ នៅតែ​សង្ឃឹម​ថា រាស្រ្តជា​ម្ចាស់ឆ្នោត គួសម្រេច​ចិត្ត​រើស​បេក្ខជន​ដែល​នាំឲ្យ​ជាតិ​យើង​រុងរឿង …។

  4. គំនិតរបស់លោក ស្រុកស្រែ ល្អណាស់ដែរ គឺយើងត្រូវការអ្នកចេះដឹងច្បាស់ លាស់ ដើម្បីធ្វើកិច្ចការនេះ តែត្រូវយកលំនាំតាមអំណាច លទ្ធិប្រជាធិបតេយ្យ-សេរីនិយម ហើយត្រូវកាត់បន្ថយអំណាច លទ្ធិប្រជាធិបតេយ្យ-បុគ្គលនិយម ទើបអាចធ្វើទៅបានជោគជ័យ តែមិនទាន់អាចធានាបានដែរទេ បើសិនជាមិន មានការកែទម្រង់នូវ រចនាសម្ព័ន្ធនយោបាយដឹកនាំនោះ មានតែរចនាសម្ព័ន្ធ នយោបាយដឺកនាំទេ ទើបអាចធានាបាន នូវអ្វីៗដែលប្រជាពលរដ្ឋខ្មែរត្រូវការ ! មិនថាអញ្ចឹង ?

    • រចនាសម័្ពន្ធនយោបាយ​យ៉ាងម៉េចទៅ​លោកបង?

      • រចនា + សម្ព័ន្ធ + នយោបាយ = Lovepeehs05 !?

        I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិ្ច V. សន្តិសុខ
        I. POLITICS II. ECONOMICS III. EDUCATION IV. HEALTH V. SEUCRITY
        បើតាមសង្កេតមើលទៅ លោកស្រុកស្រែ ដូចជាគ្មានពេលសម្រាកទេ រវល់ប៉ុណ្ណឹងហើយ មិនព្រមចែករំលែក ដល់បងប្អូនយើងខ្លះផង ដោយឃើញរវល់អញ្ចឹង ខ្ញុំចង់ឆ្លៀតឱកាស ទៅលេងស្រុកម្តងហើយ ឃើញរូបភាព ទេសភាពគួរឱ្យចាប់អារម្មណ៍ណាស់ បើបានធ្វើដំណើរដើរ មើលដូចលោកស្រុកស្រែ ពិតជាសប្បាយណាស់ 🙂

        ហើយរឿងមេឃុំ-ចៅសង្កាត់ ពួកគាត់ពិតជាអស្ចារ្យហើយ ម្នាក់ៗសុទ្ធតែផ្ទះ វីឡាមានឡានហ៊ឺហារ មិនចាញ់អភិបាលស្រុក ឬ ខែត្រប៉ុន្មានទេ បើតាមធ្លាប់ បានឃើញខ្លះៗនោះ ការប្រជែងគ្នាមានចឹងហើយ បានជាមិនសូវបានខ្វល់ រឿងប្រជាជនអ្នកក្រីក្រនោះ ធ្វើម៉េចឱ្យខ្លួនឯងមានសិន ចាំប្រជាជនមានក្រោយ មិនថាអញ្ចឹង ?

  5. មនុស្សចាស់សល់ពីសង្គម

    ជំរាបរលឹក លោកស្រុកស្រែ ! ជាបឋមខ្ញុំសូមអរគុណ​ចំពោះការ​នឹក​ដល់​មតិ​ចូលរួម​លេងៗ​របស់ខ្ញុំ​ជាមួយ​លោក ពាក់ពន័្ធ​ការងារ​អភិវឌ្ឈន៍​មូលដ្ឋាន​កន្លង​មក…. មតិ​យោបល់​របស់លោក​ពិតជា​ត្រឹមត្រូវ​ណាស់​ ចំំពោះ​ការកែ​ទំរង់​ក្នុងការ​ជ្រើសរើស​បេក្ខភាព​មេឃុំ សំខាន់​ជិតដល់​ពេលបោះឆ្នោត​ថ្មីទៀត​ឆាប់ៗ​ខាងមុខ​នេះ….. ខ្ញុំគិតថា​នេះវាជា​ទស្សនៈ​វិស័យដែលគេ (បណ្តា​អ្នក​ពាក់ពន្ធ័)ត្រូវតែ​ចាប់​អារម្មណ៍​​ឲ្យបាន​ខ្លាំង បើគេ​ពិតជា​គិតដល់​ទៅ​ការ​ចង់​អភិវឌ្ឈន៍​មូលដ្ឋាន ឬ​ប្រទេស​ជាតិ​ ​ថាជា​រឿង​សំខាន់​នោះ ….. ខ្ញុំក៏​ជឿដែរ​ថា ប្រទេស​​ដែល​ជឿន​លឿន​​នោះ គឺ​ខ្លាំង​​គ្រប់វិស័យ​ទាំង​ធនធាន​មនុស្ស និង​ការ​អនុវត្ត​នៅ​មូលដ្ឋាន​ឡើង​ទៅ​​នោះ​ឯង។
    តែសំរាប់ដំណាក់កាលបច្ចុប្បន្នសំរាប់ខ្ញុំ នៅតែគិត​និង​ជឿថា ការកាន់​ចង្កូត​​ដើម្បី​​ដឹកនាំ និង​អភិវឌ្ឈន៍​ជាតិ​យើង​សព្វថ្ងៃ គឺថ្នាក់​មេឃុំ​ពិតជា​មិនអាច​(តែបើ​​សិន​ជាមាន​ធ្វើបាន គឺក្នុង​កំរឹតមួយ​ដែល​តិចស្ទើរ​នឹង​អត់) បើទោះ​ជាថា​ខ្លួនមាន​​ច្បាប់ មានសិទ្ធិ សំរាប់​អនុវត្ត​(ច្បាប់​ស្តីពីការ​គ្រប់គ្រង​ឃុំ​សង្កាត់)……. គឺខ្ញុំ​នៅតែ​មាន​ជំនឿ​ថា ទាល់​តែ​មន្ត្រី​ចាប់ពី​​ប្រធាន​​គណៈ​​អភិបាល​ខេត្ត​-ក្រុង​-រាជធានី​(សូម្បី​តែរងៗ​ក៏មិន​អាច​ដែរ…. ព្រោះ​មានរង​ខ្លះ​ ដើរ​គ្រវី​ក្បាល​​ដូចគោ​​ស្រាំង​ទិច​ដោយសារ​គ្មានសិទ្ធិ​នោះឯង)​ ទៅទើប​មាន​លទ្ធភាព​ដឹកនាំ​​បញ្ជា​លើ​ការ​អភិវឌ្ឈន៍ គ្រប់​ហេដ្ឋារចនា​​សម្ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​ដែន​សមត្ថកិច្ច​របស់​ខ្លួន គឺពួកគេ​អាចធ្វើ​បាន​គ្រប់​យ៉ាង​នូវអ្វី​ដែល​គេ​ចង់………​(តែអ្វី​ដែល​មាន​ផល​ប្រយាជន៍​ដល់ខ្លួន គ្រួសារ ពួក​បក្ស របស់​គេអាច​ជា​អាទិភាព​មុនរដ្ឋ​​និង​សង្គម……​ឧ-បើដីធ្លី​របស់​ពួកគេ​នៅទីណា គេនឹង​លើក​គំរោង​ធ្វើផ្លូវលំ ​ផ្លូវថ្នល់​ចូលទៅ​ទីនោះ​បាន​ … ជំរុញ​ការភ្ជាប់​បណ្តាញ​ទឹក ភ្លើង….. តែបើជា​គំរោង​របស់​ឃុំ សង្កាត់​ត្រូវធ្វើ​ ហើយ​សំណង់​ទាំងនោះ​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វិដល់​ខ្លួន ឬក្រុម​បក្សខ្លួន​នោះ សំណង់​នោះ​អាច​ត្រូវ​រង់ចាំ​ពីមួយ​អណត្តិ​ទៅមួយ​​អណត្តិ….​អាចអត់​រហូត….. អ្វីដែល​ខ្ញុំធ្លាប់​បាន​លើក​ឡើង​ខាងលើ ខ្ញុំមិន​ហ៊ាន​អះអាង​ថាត​ថាត្រឹម​ត្រូវ​កំរឹត​ណានោះ​ទេ… សូមអធ្យាស្រ័យ…. អរគុណ!

    • អរគុណ​លោកចាស់ជាន់មុន… ការ​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​(ខ្ញុំ​និយាយ​ពីថ្នាក់ខេត្ត​​និង​ស្រុក​) គឺ​ពិត​ជា​អីចឹង​មែន​ហើយ ដែលការងារ​ទូទៅ រាប់តាំង​ពីការងារថែសួន​ឡើងទៅ គឺ​ត្រូវ​បាន​លោក​ប្រធាន​ គាត់ក្តោប​ធ្វើ​តែ​ម្នាក់ឯង​​… អត់ហ៊ាន​ប្រគល់​ការ​ងារ​តូចតាច​នេះអោយ​អនុ​ប្រធាន​ធ្វើ​ទេ… ហើយ​បើ​ប៉ះ​ចំការងារ​ណា​មាន​លុយ​ទៀត… ហេហេ… ក្តោបជាប់ អត់អោយ​អាណា​ប៉ះ​ទេ…។ ដល់​អីចឹង​ទៅ ក៍​តាំង​ចាប់ផ្តើម​ស្រែក… រវល់ណាស់..!! អញហត់ណាស់ ធើតែ​អញ..!!..

      តែ​សំរាប់​មេឃុំ​បច្ចុប្បន្ន​វិញ តាម​ខ្ញុំ​ដឹង​ ភាគ​ច្រើន គឺពួកគាត់​អង្គុយ​រង់ចាំ​តែ​ទទួល​បញ្ជា​ពី​ចៅហ្វាយស្រុក​​តែ​មួយ​មុខ​គត់… ត្រង់ថា​អោយ​ពួក​គាត់​មាន​គំនិត​ផ្តួច​ផ្តើមចង់​ធ្វើអី្វ​មួយ​ដើម្បី​ការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់គាត់ គឺ​ទៅ​មិន​រួច​ទេ…។ ឧបមាថា៖ ប្រជាពលរដ្ឋ​ក្នុងឃុំ​របស់គាត់ ​ត្រូវរងគ្រោះ​ដោយ​​ទឹក​ជន់លិចរាល់​ឆ្នាំ… ហេតុនេះ តើ​ត្រូវធ្វើម៉េច​ដើម្បី​បង្ការ និងទប់​ស្កាត់​ទឹកជំនន់​កុំ​អោយ​ប្រជាពលរដ្ឋ​ខ្លួន​មាន​គ្រោះ​ថ្នាក់? សំរាប់​មេឃុំ​​ដែល​មាន​គំនិត​ផ្តួច​ផ្តើម គឺ​គាត់​ត្រូវ​តែ​សិក្សា​ និង​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្រ្ត​​ក្នុង​ឃុំ​របស់​គាត់​ ថា​តើ​គួរ​កសាង​​ទំនប់ទប់ទឹក​​នៅ​ត្រង់ណា? ឬក៍​ត្រូវ​​ជីក​ប្រឡាយ​ត្រង់ណា​ដើម្បី​​ពង្វាង​ផ្លូវទឹក? ឬក៍​ត្រូវ​រក​ទីតាំង​ចំណុច​កណ្តាល​ណា​មួយ ដើម្បី​លើក​ដី​​ធ្វើ​ជា​​ទី​ទួល​សុវត្ថិភាព​សំរាប់​ងាយ​ស្រួល​ដល់​ការ​ប្រមូល​ម្តុំ​ប្រជាពលរដ្ឋ និង​សត្វ​ពាហនៈ នៅ​ពេល​មាន​អាសន្ន​ដោយ​គ្រោះ​ទឹក​ជំនន់​ម្តងៗ…។ ហើយ​រាល់​គំនិត​ផ្តួច​ផ្តើម​ទាំងអស់​នេះ នឹង​ត្រូវ​ស្នើឡើង​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត​ ដើម្បី​ធ្វើ​ជា​ជំរើស​ក្នុង​ការ​ដោះ​ស្រាយ…។ ហើយ​បើ​ថ្នាក់​លើ​មិន​ដោះ​ស្រាយ​ទៀត… ហេហេ… មាន​តែ​ទៅ​រក​សម្តេច​ទៅ ទើប​បាន​ពួក​ហ្នុង​លោត​ជើង​បួន…។ ទាំងនេះ គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​តូចមួយ ស្តី​ពី​គំនិត​ផ្តួច​ផ្តើម… និង​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​តាម​ភូមិ​ស្រុក​របស់​យើង…។​​​​​

  6. ខ្ញុំគិតថា ទាល់តែរំលែកប្រាក់ខែខ្លះពីតំណាងរាស្ត្រយកមក
    អោយមេឃុំមេភូមិដើម្បីអោយពួកគាត់ល្មមរស់បានស្រួលបួលដូចគ្នា
    សិនបានទៅរួច …ទើបអ្នកដែលរៀនចប់មហាវិទ្យាល័យមួយចំនួនគ្រប់
    មុខវិជ្ជាជំនាញរៀងៗខ្លួន ទាំងច្បាប់និងសេដ្ឋកិច្ច ទាំងពេទ្យនិងដុកទ័រ
    ទាំងបរិស្ថាន…នាំគ្នាសំរុកមកធ្វើមេឃុំ មិនចាញ់ប្រៀបពួកអាទ៎ហ៊ាតាមផ្សារ
    អោយព្រលឹមឡើងមានគុយទាវកាហ្វេដូចគ្នា ហាស្ដីវោហាបបួលគេធ្វើអ្វីមាន
    ទឹកមាត់ប្រៃ…និយាយលាយបារាំងខ្លះអង់គ្លេសខ្លះបានអ្នកស្រុកជឿ
    ដោយរោយតាម ក្រាលកន្ទេលក្រហមទទួលហើយចាក់ទឹកតែអោយផឹក ។
    …បើ…បើមេឃុំក៏ក្រខ្លួនអែង ជ្រូកផ្ទះក៏ស្គមដោយខ្វះកន្ទក់ ខោអាវអោយ
    ប៉ាភ្លកដោយខ្វះសាប៊ូ …រួចអោយគាត់មានកំនិតទៅផ្ដួចផ្ដើមនាំអ្នកស្រុក
    និយាយគិតគូរពីមធ្យោបាយលើកដំកើងជីវភាពគ្រួសារ ពីអនាម័យតាម
    ទីផ្សារនិងសាធារណៈម៉េចកើតទៅ បើអ្នកមករួមប្រជុំដូចអាទ៎ហ៊ាតាមផ្សារ
    ជិះសុទ្ធតែឡានម៉ូតូមកចតពាំងកង់កញ្ចាស់មេឃុំបាត់ទៅហើយនោះ ។
    ការកំរិតអោយប្រាក់ខែអ្នករដ្ខការមិនគ្រប់គ្រាន់នឹងរស់បានស្រួល
    គឺដូចប្រាប់អោយនាំគ្នាពុករលួយទៅដែរ មិនអញ្ចឹងទេគឺដូចបើ…ខាងលើ ។
    …នេះបើថាចង់អោយពួកមេឃុំៗដើរតួសំខាន់ក្នុងការណែនាំដឹកនាំពលរដ្ឋ
    ក្នុងសហគមន៍រឺភូមិឃុំអោយមានជីវភាពរស់នៅបានប្រសើរឡើង និងបើតាម
    ការយល់ឃើញមួយតាក់មួយថាំងរបស់ខ្ញុំនាពេលនេះពីជ្រុងខាងណេះ ។ល។

    • មិនខុសទេលោកអច្ឆរិយា… រឿងនេះ​វាមានការ​ពាក់ព័ន្ធ​ក្នុងចំណង​បញ្ហា​យ៉ាងច្រើន… តែបញ្ហាសមត្ថភាព ចំណេះដឹង​ និងភាពឈ្លាសវៃ​ក្នុង​ការងារ​របស់បុគ្គល​ម្នាក់​ៗ គឺជា​កត្តា​កំណត់​នូវភាព​ជោគជ័យ…។ ហើយការ​តំឡើង​ប្រាក់​ខែ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​រាជការ​អោយ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ គឺ​ជា​កត្តា​សំខាន់ និង​ចាំបាច់​​មិន​អាច​ខ្វះ​បាន ព្រោះ មិន​ដែល​នរណា​គេ​​ប្រើ​គោហើយ មិន​អោយ​វា​ស៊ី​ស្មៅ​ទេ…។ តែ​ឥឡូវ​ខ្ញុំសូម​សួរលោក​មួយ៖ ឧបមាថា​ រដ្ឋនឹងផ្តល់​ប្រាក់ខែ​មេឃុំ​ ដែលបូកចុះ​បូកឡើង​ទៅ​ គឺស្មើ ៥០០ដុល្លា​​ក្នុងមួយខែ។ សួរថា បើតាម​សភាព​ជាក់ស្តែង​សព្វថ្ងៃ​នេះ តើមេឃុំ​ស្ទើរតែទាំងអស់​នោះ ពួកគាត់​មាន​សមត្ថភាព​ទៅ​រួច​អត់? គឺ​ប្រាកដ​ជា​ទៅ​មិន​រួច​ទេ… ហើយ​លោក​មាន​ប្រសាសន៍​ថា “មេឃុំក៏​ក្រខ្លួនឯង ជ្រូកផ្ទះ​ក៏ស្គម​ដោយខ្វះ​កន្ទក់ ខោអាវ​អោយ​ប៉ាភ្លក​​ដោយ​ខ្វះ​សាប៊ូ”… ខ្ញុំ​យល់​ថា លោក​អាច​នឹង​យល់​ច្រឡំ… ព្រោះ​តាមអ្វីៗ​ដែល​លោក​រៀប​រាប់​នេះ បើជាមេភូមិ ឬប្រធាន​ភូមិ​ ខ្ញុំ​ជឿ..!! ព្រោះ​មេភូមិ​នេះ​ ខ្ញុំ​បាន​និយាយ​ញឹកញាប់​ណាស់​ថា តួនាទី​របស់​គាត់​(មេភូមិ) គឺ​ស្ថិតនៅ​ចន្លោះ​ទ្រនាប់ និង​ញញួរ គឺ​រវាង​ប្រជាជន​ក្នុង​ភូមិ និង​មេឃុំ គឺគាត់​មេភូមិ​នេះ​ឯង​ ដែល​​ធ្វើ​ការ​ជាប់​ជា​មួយ​ប្រជាជន​​ទាំង​អត់​លុយ ហើយ​ត្រូវ​មាត់​រហូត​ពី​មេឃុំ​ផង និង​ពី​ប្រជាជន​ផង…។ ​ចំណែក​មេឃុំ​វិញ មិន​ក្រទេ.. ហើយ​បើ​ជា​មេឃុំ​របស់​គណៈបក្ស​កំពុង​កាន់​អំណាច​ទៀត គឺ​អស់​ទាស់​ហើយ…។ សុំទោស​ផង… លោក​នៅ​ឆ្ងាយ​ពី​ស្រុក​ទេស លោក​អាច​នឹង​នៅ​ឆ្ងាយ​ពី​ការពិត​ច្រើនដែរ…។ អរគុណ​លោក ដែល​បាន​​ផ្តល់​យោ​បល់​ដ៏​ល្អ​នេះ ហើយ​ខ្ញុំ​ជឿ​ថា សំឡេង​របស់​លោក នឹង​ឮ​ដល់​អ្នក​គ្រប់​គ្រង​​ស្រុក​ទេស​ជា​មិន​ខាន…។​

  7. មែនហើយលោក​ ស្រុកស្រែ ! ខ្ញុំពិតជានៅឆ្ងាយពីស្រុកទេស​ ក៏ដូច​ឆ្ងាយ​ពីការ​ពិត​នៃ​ស្ថានភាព​រស់នៅ​របស់​អ្នកស្រុក អ្នកស្រែ​ក្នុង​ស្រុក​យើង​ដែរ ។ ថ្មិៗ​នេះ​បាន​ឃើញ​រូបថត​ដែល​លោក​ដាក់​ផ្សាយ​ចែក​​គ្នា​មើល ថត​ថ្មីៗ បង្ហាញ​ពី​ជីវភាព​ថ្មីៗ ទើបខ្ញុំ​គិត​យល់​ឃើញ​ខុស​ បាន​ស្មានថា មេឃុំៗ​តាមឃុំ​ដែល​លោក​ថតរូប​បាននោះ ក៏​ប្រហែល​អាច​នៅ​មាន​​ជីវភាព​លំបាក​លំបិន​នៅ​ឡើយ​ដែរ ។ បើ​ជីវភាព​មេឃុំ​បាន​ដល់​កំរិត​អស់ទាស់ អស់ស្ទះ ហើយ​កូនចៅ​ក្នុង​ភូមិ ក្នុងឃុំ​រកតែ​បបរ​លាយ​ត្រកួន លាយក្ដួច​មិនបាន ផ្ទះសំបែង​មិនបាន​ស្មើកូន​ខ្ទម​អ្នកតា​ផងនោះ នោះជា​រឿង​ដែល​ត្រូវ​គិតគូរ​​ពីសមត្ថភាព និង​មុខងារ​របស់​មេឃុំ​មែន​ហ្នឹង ។ ខ្ញុំបាន​តែ​សរសេរ និយាយ​ពី​ចំងាយ បាញ់​ចេញ​ជាមតិ​ខ្លះៗ​យក​ជាការ​មិន​បាន​ទេ ថាៗ​អោយ​តែធូរ​ពោះ​ ខុសត្រូវ​យ៉ាងណាៗ សូមកុំ​ប្រកែ​ប្រកាន់​អី ។ ដូច​លោកថា … រឿងនេះ​​វាមាន​ការ​ពាក់ព័ន្ធ​​ក្នុង​ចំណង​​បញ្ហា​​យ៉ាងច្រើន… មិន​ខុសទេ ។

    • សូមអធ្យាស្រ័យផង​លោក​អច្ឆរិយៈ ប្រសិនបើមានការ​លើសលស់… គឺពិត​ណាស់​ មេឃុំភាគ​ច្រើន​មានជីវភាព​ធូធារ ​ជាង​ប្រជាជន​ក្នុង​ភូមិ​ឃុំ​​របស់គាត់។ ហេតុនេះ​ហើយ បាន​ជា​អ្នក​មាន​លទ្ធភាព​ ម្នាក់ៗ​ចង់​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ណាស់។ បើ​នៅ​រដូវ​ជិតមាន​ការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​ទៀត… ការ​ស៊ិស៊ុះគ្នា​​នៅ​ក្នុង​ផ្ទៃក្នុង​បក្ស​នីមួយៗ ដើម្បី​ប្រជែង​ឈរ​ឈ្មោះ​មេឃុំ​នៅ​លំដាប់​លេខ​រៀង​ទី១ គឺ​ប្រាកដ​ជា​មាន ហើយ​រឿង​នេះ​នឹង​មាន​ការ​ថ្នាំងថ្នាក់​គ្នា​ និង​មើល​មុខ​គ្នា​លែង​ចំ​ដោយ​ជៀស​មិន​រួច…។ នេះ​គឺ​ជា​ស្ថានភាព​ពិតៗ ក្តៅៗ​ នៅ​ស្រុកយើង ស្តីពី​រឿង​មេឃុំ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s