វិចិត្រសាល

តើ​នរណា​ជាម្ចាស់​ស្លាក​អក្សរ “ខ្ញុំមានមោទនភាព…” ​នៅលើ​ប្រាសាទ​ព្រះវិហារ?


I have pride to be born as Khmer

នេះជាស្លាកអក្សរដែលស្ថិតនៅទីតាំងចាស់… គិតមកដល់ពេលនេះ វាមានអាយុ ៨ឆ្នាំហើយ

I have pride to be born as Khmer

នេះជាស្លាកអក្សរដដែល ដែលលើកយកមកដាក់នៅទីតាំងថ្មី…

អស់លោកអ្នកដែលបានអញ្ជើញទៅលេងប្រាសាទព្រះវិហារ គឺប្រាកដជាបានឃើញ ស្លាកពាក្យស្លោកខាងលើនេះ ដែលកាលពីមុន គឺបានដាក់នៅខាងស្តាំដៃ ជិតគោបុរៈ ទី៣… តែបច្ចុប្បន្ន ស្លាកនេះត្រូវបានលើកយកមកដាក់នៅទីតាំងថ្មីនេះ ដែលមាន ចំងាយប្រមាណ ១០០ម៉ែត្រពីខាងមុខវត្តកែវសិក្ខាគីរីស្វរៈ។

សំរាប់ជនជាតិខ្មែរយើង ខ្ញុំជឿថា មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិរបស់ ស្លាកអក្សរនេះ ហើយគ្រប់គ្នាតែងដណ្តឹងសួរថា តើនរណាជាម្ចាស់របស់ស្លាកនេះ? ដើម្បីអោយអស់ចំងល់ ខ្ញុំសូមបង្ហាញពីការពិតមួយនេះ នៅប្លុកស្រុកស្រែរបស់ខ្ញុំ នេះចុះ…

នេះក៏អាចចាត់ទុកថា ជាការចៃដន្យដែរ ដែលធ្វើអោយខ្ញុំដឹងរឿងនេះ។ ខ្ញុំមានមិត្តភក្តិ ស្និទ្ធស្នាលខ្លះ ដែលធ្វើការនៅខាងស៊ីម៉ាក់ដោះមីន…។ ហើយខ្ញុំបានស្គាល់ប្រាសាទ ព្រះវិហារយើងជាលើកដំបូង ក៏ដោយសារមិត្តភក្តិខ្ញុំនេះដែរ…។

នៅដើមឆ្នាំ២០០៤ បន្ទាប់ពីបានឡើងចុះប្រាសាទព្រះវិហារដ៏ពិសិដ្ឋនេះហើយ មាន​មនុស្ស​បីនាក់ របស់ស៊ីម៉ាក់ បានផ្តួចផ្តើមគំនិតក្នុងការបង្កើតពាក្យស្លោកមួយ ដើម្បី​យក​ទៅ​ដាក់​លើនោះ ក្នុងន័យបញ្ឈឺចិត្តជនជាតិថៃ អោយឈឺចិត្តគ្រប់គ្នា…។ ខ្ញុំជា​អ្នក​នៅ​ក្រៅសាច់រឿងទេ តែក៍បានចូលរួមផ្តល់យោបល់ទៅពួកគេទាំងបីនាក់ដែរ… ខ្ញុំថា៖ មានគេឧស្សាហ៍និទានរឿងប្រាប់ខ្ញុំថា ថៃតែងបង្រៀនកូនចៅគេ អោយមើលងាយ មើល​ថោក​ជនជាតិខ្មែរយើងណាស់… ឧបមាថា បើខឹងកូនចៅ គឺឪពុកម្តាយតែង​ជេរ​ថា៖ ហ្អែងជាតិក្រោយ អោយកើតជាខ្មែរទៅ… ឬបើសង្ស័យថានរណាម្នាក់​មាន​ភាព​មិន​ស្មោះ​ត្រង់ គឺពួកគេនឹងបបួលគ្នាស្បថថា៖ តើហ៊ានស្បថ ជាតិក្រោយ​អោយ​កើត​ទៅ​ជា​ខ្មែរ​អត់?… គឺជន​ជាតិ​ថៃហាក់​ដូច​ជា មាន​ការ​ភ័យ​ខ្លាច​ណាស់​ក្នុង​ការ​កើត​ជា​ជាតិ​ខ្មែរ..!!..  ហេតុ​នេះ ខ្ញុំផ្តល់​យោបល់​ថា គួរតែ​ដាក់​ពាក្យ​ស្លោក​ណា​ដែល​ទាក់​ទង​ទៅ​នឹង​ពាក្យ «ជនជាតិខ្មែរ» ទៅ…។

បន្ទាប់មក ពួកគេទាំងបីបានជ្រើស​រើស​ពាក្យជាច្រើន… តែសំរេច​សំរួល​ទៅ ពួក​គេ​បាន​សំរេច​យក​ពាក្យ​ស្លោក «ខ្ញុំមានមោទនភាព ដោយបានកើតជាជាតិខ្មែរ» នេះ​តែ​ម្តង។ សូម​ជំរាប​ថា មនុស្ស​បីនាក់​របស់​ស៊ីម៉ាក់​នោះ មាន​ម្នាក់​ធ្វើការ​នៅ​ស៊ីម៉ាក់​ខេត្ត​កំពង់​ធំ។ ឯពីរ​នាក់​ទៀត ធ្វើការ​នៅ​ស៊ីម៉ាក់​ភ្នំពេញ។ ការធ្វើ​ស្លាក​អក្សរ​នេះ ត្រូវ​បាន​អ្នក​ស៊ីម៉ាក់​ខេត្ត​កំពង់ធំ ជាអ្នក​ទទួល​រ៉ាប់រង​ធ្វើ ព្រម​ទាំង​បំណក​ប្រែ​ពី​ខ្មែរ មក​អង់គ្លេស​ទៀត​ផង ដែល​ក្រោយ​ពេល​ខ្ញុំ​បាន​ឃើញ​ឃ្លា​អង់គ្លេស​នោះ ខ្ញុំបាន​បង្អាប់​ថា “អង់គ្លេស​បោយ”… ហើយ​ខ្ញុំថែម​ទាំង​ប្រាប់​ទៀត​ថា បើបាន​ដាក់​អក្សរ​ថៃ មួយ​ជួរ​ខាង​ក្រោម​ទៀត បាន​អេម…។

ដូច្នេះ ស្លាកអក្សរ​នេះ​ធ្វើនៅ​ខេត្ត​កំពង់ធំ ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ២៤០ដុល្លារ។ តាម​គំរោង គឺត្រូវ​ធ្វើ​ស្លាក​អក្សរ​នេះ ២ផ្ទាំង ដោយ​មួយ​ផ្ទាំង ត្រូវ​ដាក់​នៅ​មាត់​ជណ្តើរ​ប្រាសាទ​ខាង​ក្រោម​ជិត​ផ្សារ។ ឯមួយ​ផ្ទាំង​ទៀត ត្រូវ​ដាក់​នៅ​កំពូល​ភ្នំ ជិត​ពយ​តាឌី…។ តែដោយ​មាន​ការ​ណែនាំ​ពី​គណៈ​កម្មការ​ចំរុះ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ ដោយ​សំរេច​អោយ​ដាក់​តែ​មួយ​កន្លែង​វិញ គឺនៅ​ជិត​គោបុរៈ​ទី៣, ហេតុនេះ ស្លាក​អក្សរ ២ផ្ទាំង​ត្រូវ​បាន​ដាក់​ផ្អោប​គ្នា​ជា ១ផ្ទាំង​វិញ ដែល​អាច​មើល​ឃើញ​បាន​ទាំង​សង​ខាង ហើយ​ស្លាក​នេះ ត្រូវ​បាន​យក​ដាក់​នៅ​លើ​ភ្នំ​ព្រះ​វិហារ​ ក្នុង​កំឡុង​ខែមីនា ឆ្នាំ២០០៤ ដែល​រហូត​មក​ដល់​ពេល​នេះ គឺមាន​រយៈ​ពេល ៨ឆ្នាំ​ហើយ…។

ជាមួយគ្នានេះដែរ អ្នកស៊ីម៉ាក់​នៅ​ភ្នំពេញ បាន​បោះពុម្ព Sticker សំរាប់​បិទ​ម៉ូតូ ចំនួន ១០០០​សន្លឹក និង​សំរាប់​បិទ​រថយន្ត​ចំនួន​ ១០០០​សន្លឹក​ដែរ ដោយ​ចំណាយ​អស់​ថវិកា​ចំនួន ៣០០ដុល្លារ​ផង​ដែរ។ Sticker នោះ​គឺមាន​រូប​ទង់​ជាតិ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​នៅ​ពី​ក្រោម​ទង់​ជាតិ​នោះ មាន​អក្សរ​ខ្មែរ​ដាក់​ថា «មោទនភាពជាតិខ្មែរ»…។

ទន្ទឹមនឹងនោះ អ្នកស៊ីម៉ាក់​ភ្នំពេញ ថែមទាំង​បាន​ផ្តួច​ផ្តើម​គំនិត កសាង​ដង​ទង់ជាតិ​ចំនួន​ពីរ ដែល​ធ្វើ​អំពី​ដែក​អ៊ីណុក កំពស់ ២៥ម៉ែត្រ សំរាប់​ដាក់​នៅ​ជិត​ដង​ទង់​ជាតិ​ឈើ​ដ៏ទ្រុឌ​ទ្រោម​មួយ​កន្លែង និង​មួយ​កន្លែង​ទៀត សំរាប់​ដាក់​នៅ​កំពូល​ភ្នំ ជិតពយ​តាឌី​។ តាម​គំរោង​ធ្វើគ្រឹះ និង​ដង​ទង់​ជាតិ​ដែក​អ៊ីណុក​នេះ គឺត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង​ ៤០០០​ដុល្លារ។ តែ​គំរោង​នេះ​ត្រូវ​បាន​ជំទាស់ ដោយ​គណៈ​កម្មការ​ចំរុះ… កុំអី​យើង​អាច​មើល​ឃើញ​ទង់ជាតិ​យើង បក់​រវិចៗ នៅលើ​ពយតាឌី តាំងពី​យូរមក​ហើយ…។

នៅក្រោយពេលដាក់ស្លាកអក្សរនេះដំបូងៗ ខ្ញុំផ្ទាល់​បាន​ឃើញ​ជនជាតិ​ថៃ​មិន​​តិច​គ្នា​ទេដែល​​ខ្ទប់​មុខ ទ្រហ៊ោរ​យំ ក្រោយ​ពេល​ដឹង​ពីអត្ថន័យ​របស់​អក្សរ​មួយ​ផ្ទាំង​នេះ។

ប៉ុន្តែ អ្វីដែល​ជាការ​ហួស​ចិត្ត​នោះគឺមិត្តខ្ញុំ, អ្នក​ស៊ីម៉ាក់​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់ ដែល​ផ្តួចផ្តើម​គំនិត​ធ្វើស្លាក​អក្សរ​នេះ បន្ទាប់​ពីលើក​ស្លាក​អក្សរ​រួច​មិន​ទាន់​ស្ងួត​ស៊ីម៉ង់ត៍​នៅ​លើ​កំពូល​ភ្នំ​ស្រួល​បួល​ផង ស្រាប់​តែមិត្ត​ខ្ញុំនោះ ដាច់​ចិត្ត​ធ្វើ​អន្តោ​ប្រវេសន៍ ទៅ​រស់​នៅ​អាមេរិក ប្រុច​បាត់..!!.. ហើយ​កាល​ពីប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំបាន​ឮ​ដំណឹង​ថា មិត្តខ្ញុំ​នោះ បាន​លា​សញ្ជាតិ​ខ្មែរ ដើម្បី​ត្រៀម​ចូល​សញ្ជាតិ​អាគាំង​ហើយ..!!..

ក្រោយ​ពេល​ខ្ញុំដឹង​ដំណឹង​នេះ ខ្ញុំក៍​ឆ្លៀត​ផ្ញើ​អ៊ីមែល​ទៅ​សួរ​សុខ​ទុក្ខ និង​ឆ្លៀតផាអោយ​មិត្ត​ខ្ញុំថា៖ យ៉ាង​ម៉េច​ទៅហើយ​ម្ចាស់​ពាក្យ «ខ្ញុំមាន​មោទនភាព ដោយ​បាន​កើត​ជា​ជាតិ​ខ្មែរ?»… យក​ល្អ​គួរ​ដូរ​ដាក់​ថា «បាយៗ ជាតិ​ខ្មែរ! ជយោ​ជាតិ​អាគាំង!» វិញ​ទៅ…!!..??..

សុំទោសសំឡាញ់… នេះគ្រាន់​តែជាការ​និយាយ​លេង ក្នុង​នាម​មិត្តភក្តិ​តែ​ប៉ុណ្ណោះ ដែល​តាម​ការពិត នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ក្នុងការ​សំរេច​ចិត្ត ចង់​រស់​នៅ​ទីណា, ប្រទេស​ណា, ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​ម្នាក់ៗ… ឯខ្ញុំ​វិញ​ នៅ​ស្រឡាញ់​ជនបទ ស្រែចំការ​របស់​ខ្មែរ​យើង​ណាស់, មើល​ទៅ​មិន​ដាច់​ចិត្ត ទៅ​រស់នៅ​ឆ្ងាយ​ពី​ស្រុក​ខ្មែរ ដូច​សំឡាញ់​ឯង​ឡើយ… ៕

ស្រុកស្រែ

Advertisements

26 responses to “តើ​នរណា​ជាម្ចាស់​ស្លាក​អក្សរ “ខ្ញុំមានមោទនភាព…” ​នៅលើ​ប្រាសាទ​ព្រះវិហារ?

  1. មានន័យ! មានន័យណាស់! សូមទទួលការគោរពពីខ្ញុំផង! ស្ថាបនិកមួយរូបនៃស្លាកសញ្ញានេះ 😀

  2. រំភើប​ និង​ ស្ញប់​ស្ញែង​ជា​ខ្លាំង​។ 🙂

    • អរគុណ… តែខ្ញុំ​ក៍សូមសរសើរ និង​ជក់តាមដាន​ស្នាដៃ​របស់ ផ្កាយ NoVels ​នៅ​ទីនេះ​ដែរ… សូមប្រឹងប្រែង​ក្នុង​​វិថី​របស់​លោក​បន្ត​ទៀត… ខ្ញុំ​ជា​អ្នក​អាន​ម្នាក់​របស់​លោក​ហើយ… :-)​

  3. មិន​ទាន់​ដល់​ពេល​ដូច​គេ​ទេ​ដឹង? ហេហេ… កុំ​អាល​ថា​អី! 😛

    • អរគុណលោកភ័ក្រ្ត… ហេហេ… អាចថា​មិន​ទាន់​ដល់​ពេល​ដែរ​ណឹង… តែ​ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​រួច​ហើយ​ថា ប្រសិន​បើ​អោយ​ខ្ញុំ​ជ្រើស​រើស​ប្រទេស​ដែល​ខ្ញុំ​ចង់​រស់នៅគឺ​ទី១-អូស្រ្តាលី, ទី២-នូហ្សឺឡេន, និងទី៣-កាណាដា…។ រីឯប្រទេសអាមេរិក​វិញ មិនគួរ​ជា​កន្លែង​អោយ​ចង់​រស់​នៅ​សោះ…​ តែ​បើ​ទៅ​រៀនសូត្រ, ទៅ​ដើរលេង និង​ទៅ​ធ្វើការ​រកលុយ… បាន..!! ​

  4. អរគុណដែលបានចែករំលែក កុំអី​អត់ដឹងថានរណាជា​អ្នកសរសេរទេ

  5. ខ្ញុំស្រឡាញ់ពាក្យមួយឃ្លានឹងមែនទែន ហើយប៉ងទៅថតរូបជាប់ស្លាកអក្សរនឹង​យូរ​​ហើយ មិនដឹងពេលណាបានទៅទេ។
    😀

    • អរគុណសូផាត… បើចង់ទៅលេង​មានអី… ផ្លូវ​ស្អាត​ស្រួល​តើ… តែកុំភ្លេច​ដូរលុយ​ខ្មែរ​រាយៗ​អោយ​បាន​ច្រើន​ផង ដើម្បី​ជួយកងទ័ព..!! មេៗទ័ព​មិនខ្វះខាតទេ… តែកូនទាហានវិញ ខ្វះខាត​ និងវេទនាភ្នែក​មើល​ណាស់…

  6. អូ បាទខ្ញុំយល់។

    សង្ឃឹមថាឳកាសនឹងផ្ដល់ឲ្យខ្ញុំឆាប់ៗនេះចុះ!!

  7. ខ្លះ​មោទនភាព​ជាតិ​ខ្មែរ​តែ​មាត់ ដូច​ក្នុង​អត្ថបទ​ហ្នឹង​មែន​ហ្នឹង អោយ​តែ​មានឱកាស​ ក្ឌូង​ស្រុក​គេ​បាត់ !!! មាន​មោទនភាព​កើត​មក​ជា​ខ្មែរ តែ​រស់​នៅ​ស្រុក​គេ​ស្រួល​ជាង មិន​ថា​គេ​មិន​ថា​ខ្ញុំ​ទេ។

    ហើយ​មក​ដល់​រាល់​ថ្ងៃ​ហ្នឹង​ ខ្ញុំ​មិន​យល់​ច្បាស់​ឃ្លា​ថា មាន​មោទនភាព​​កើត​មក​ជា​ខ្មែរ ​ហ្នឹង​មាន​ន័យ​ថា​ម៉េចផង។

    • ហិហិហិៗៗៗ…. ពិតជាត្រឹមត្រូវណាស់​លោក វិចិត្រ… សំរាប់​ខ្ញុំ​ខំ​រកនឹក​ណាស់​ដែរថា តើ​សព្វថ្ងៃនេះ ខ្ញុំជាជាតិ​ខ្មែរ​ដែរ ​កំពុងតែ​មាន​មោទនភាព​ស្អីខ្លះ? មានប៉ុន្មានមុខ​ មោទនភាពណឹង?… ខ្ញុំ​រកនឹក​អើយ​រក​នឹក… នៅ​តែ​នឹក​មិន​ឃើញ..!! ប្រហែល​ខ្ញុំ​នេះ​ជា​រាស្រ្ត​ក៍​មិន​ដឹង… តែ​បើ​អ្នក​ធំ អ្នកអន្រ្ទើស ឧកញ៉ា មហាសេដ្ឋី​វិញ គឺប្រាកដ​​ជា​ “មាន​មោទនភាព​ដោយ​បានកើត​ជាជាតិ​ខ្មែរ”​ ច្បាស់​ណាស់..!!.. គិគិគិៗៗៗៗ….

      • រឿងមានមោទនភាពនេះ ខ្ញុំធ្លាប់និយាយនៅប្លុកបងវ៉ារី ស្រុកខ្មែរស្នេហ៏ខ្ញុំ ម្តងរួចហើយ។ ខ្ញុំថាខ្ញុំនឹកមិនឃើញថាមានមោទនភាពត្រង់ណាទេ ហើយបើមានជាតិមុខខ្ញុំសូមផ្សងកើតជាសាសន៍យួនប្រសើរជាង ព្រោះកើតជាយួនក៏អាចមកនៅដីខ្មែរបាន មានសញ្ជាតិខ្មែរបាន និយាយភាសាខ្មែរបាន បោះឆ្នោតសម្រេចជោគវាសនាឲ្យខ្មែរក៏បាន ទៅលេងអង្គរអត់អស់លុយដូចខ្មែរដែរ ចង់ច្រៀងខារ៉ាអូខេខ្មែរក៏ចេះ ចង់ធ្វើតំណាងរាស្រ្តខ្មែរក៏ទៅបានទៀត អ្វីដែលពិសេសទៅទៀតនោះគឺមិនចាំបាច់ឈឺចិត្តស្អិតទ្រូងរឿងទឹកដី រឿងជាតិ រឿងនយោបាយអីទៀត។ល។ គិតមើលតើកើតជាយួន ចំណេញច្រើនប៉ុណ្ណា?

  8. សូមកោតសរសើរ ក្រុមអ្នកក្លាហាន ដ៍ពូកែ ..
    ហេសហេ..
    ផ្តាំទៅម្ចាស់បង្កើតឈ្លានេះផង!.
    បើទោះជាលាលែងសញ្ជាតិខ្មែរ ក៍សូមឱយថែ
    សញ្ជាតិដើមនេះ ទុកជារបស់សំអប់ក្បែរកៀនកោះ
    ណាមួយផងចុះ!.. ពេលទំនេរៗ ឧស្សាហ៍កកាយ
    យកមករំលឹកបន្តិចៗទៅ គ្រាន់បន្លាចកូនចៅជំនាន់ក្រោយ..
    ហេសហេ.. និយាយលេងទេ .. អរគុណ ស្រុកស្រែ ដែរនៅ
    មើលឃើញពណ៌ខៀវដដែល .. ហេសហេ.. នឹកស្មានថា
    ថ្ងៃក្តៅពេក ទៅជាស្រវាំងភ្នែកហើយតើ!..
    @@@@

  9. បើបានឆ្លាក់ដាប់អក្សរលើសិលារិតតែខ្លាំង!… ហើយដាក់ឲ្យខ្ពស់ ផុតពីព្រៃរិតតែពិសេស!… ដើម្បីឧ្យិស៊ីគ្នានិងប្រាង្គប្រាសាទដូនតាខ្មែរយើងផង។
    ទោះយ៉ាងណា ចាត់ទុកថាមានឧត្តមគតិគ្រាន់បើហើយ… ។ អរគុណលោក

  10. ម្សិលមិញ​នេះ មិត្តខ្ញុំ ម្ចាស់ពាក្យស្លោកនេះ​ ក្រោយ​ពី​បាន​អានប្រកាស​នេះ​រួច ក៍​បានទូរស័ព្ទ​ពីស្រុកអាគាំងមក ជេរ​ខ្ញុំ​​ម៉ាឆ្អែត​… បើនៅ​ក្បែរគ្នាវិញ មិនដឹងជា​ខ្ញុំ​ត្រូវ​ទទួល​ការ​ពិន័យ​យ៉ាងណាទេ..!!.. អាចខែ៥នេះ ឮថា​ ចង់​មក​លេង​ស្រុកខ្មែរ​ផង… អត់បញ្ហា អាសំឡាញ់! គ្នាសូមស្វាគមន៍​ចាំទទួលឯង​ជានិច្ច និង​អាច​បាន​រូប​សំឡាញ់ឯង ​ចុះ​ផ្សាយ​នៅ​ទី​នេះ​ថែម​ទៀត… ថែខ្លួនផង អាក្អូន..!!..

  11. ជ័យោ!ជាតិខ្មែរ.

  12. ទោះ​យ៉ាង​ណា ឃ្លា​ខាង​លើ​ហ្នឹង​បែប​ជា​ល្បី​ណាស់ ចូល​ក្នុង Google សរសេរ​តែ​ពាក្យ i have pride t វា​ចេញ​អោយ i have pride to be born as khmer តែ​ម្ដង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s