វិចិត្រសាល

ដល់ពេលខ្ញុំ “ផា” អោយជាងចំលាក់ ​ក្បែរសាលា​រចនា​វិញម្តង…


ក្រោយពីខ្ញុំដាក់ប្រកាសមួយ ដែលមានចំណងជើងថា ស្តាប់ពួកជាងចំលាក់ “ផា” ​ពីរូប​សំណាក​ព្រះគណេស… កាលពីថ្ងៃទី ១៦ ខែមីនា សប្តាហ៍មុនរួចមក ស្អែក​ឡើង​(ថ្ងៃទី១៧ ​ខែមីនា) ខ្ញុំបានដឹកដៃជាងចំលាក់ ចូលទៅសារមន្ទីរជាតិ ដើម្បី​អោយ​អស់​ចិត្ត​រៀងៗខ្លួន។

…គឺបន្ទាប់ពីនោះមក សឹងតែរៀងរាល់ល្ងាច ខ្ញុំបានចេញចូលសារមន្ទីរជាតិ រហូត​ដល់​អ្នក​ធ្វើការនៅទីនោះ ស្មានតែខ្ញុំជាជាងថតរូបសាធារណៈ ឬជាជាងថតរូបស៊ីលុយ..!!.. ហេហេ… តែគោលបំណងខ្ញុំពិតប្រាកដ គឺលួចថតរូបព្រះគណេស ក្នុងឥរិយាបទឈរ អោយ​ទាល់​តែបាន… ហើយការព្យាយាមរបស់ខ្ញុំ អស់រយៈពេលជិត ១សប្តាហ៍មកនេះ គឺមិនអត់ប្រយោជន៍ឡើយ…។

ជាដំបូងនេះ គឺជាលទ្ធផល ដែលខ្ញុំដើររាប់ព្រះគណេស នៅក្នុងសារមន្ទីរជាតិ ទាំងមូល ទាំងក្នុង-ក្រៅ តូច-ធំ ទាំងព្រះហស្ត (ដៃ)ពីរ ទាំងព្រះហស្តបួន មានដូចតទៅ៖

  • នៅខាងក្រៅអាគារ មានព្រះគណេស ៣អង្គ ដែលមានព្រះហស្តពីរ ក្នុង​ឥរិយាបទ​អង្គុយ ដោយ ១អង្គ ដាក់នៅជិតក្លោងទ្វារចូល ប៉ែកខាងឆ្វេងដៃ និង ​២អង្គទៀត ដាក់នៅក្នុងសួនច្បារ សងខាងជណ្តើរក្លោងទ្វារធំ ក្នុង​ឥរិយាបទ អង្គុយបែរមុខទៅខាងលិច (បែរមុខទៅអាគារសារមន្ទីរជាតិ)។
  •  នៅច្រកចូលអាគារធំ ខាងមុខកន្លែងលក់សៀវភៅ មានព្រះគណេស ១អង្គ មានព្រះហស្តពីរ ក្នុងឥរិយាបទអង្គុយដែរ ដែល​បាន​ដាក់​តាំង​ជា​មួយ ​ព្រះសិរ (ក្បាល) របស់ព្រះវិស្ណុ ផ្សេងៗ…
  • នៅក្នុងទូរកញ្ចក់ ចូលទៅនៅខាងឆ្វេងដៃ ប៉ែកខាងកើត មានព្រះគណេស ៨អង្គ​ (តូចៗ) ក្នុងឥរិយាបទអង្គុយដែរ ដោយ ៦អង្គ មានព្រះហស្តពីរ និង ២អង្គ​ទៀត មានព្រះហស្តបួន…
  • នៅស្លាបខាងឆ្វេង នៃអាគារធំ មានព្រះគណេស ៤អង្គ ដោយ ២អង្គ មាន​ឥរិយាបទ​ឈរ មានព្រះហស្តបួន។ រីឯ ២អង្គទៀត ដែលមាន​ឥរិយាបទ​អង្គុយ ​គឺមានព្រះហស្តតែពីរទេ…។

សរុបព្រះគណេស ដែលមានក្នុងសារមន្ទីរជាតិទាំងមូល ទាំងពិត ទាំងក្លែងក្លាយ (ខ្លះធ្វើពីស៊ីម៉ង់ និងខ្លះធ្វើពីថ្ម ពីលង្ហិន ដែលមិនមែនជាថ្មភក់) មានទាំងអស់ ១៦អង្គ ដែលក្នុងនោះ គឺមានតែ ២អង្គទេ ដែលមានឥរិយាបទឈរឆ្កឹង ដូចរូបសំណាក នៅលើសួនច្បារ សែនមនោរម្យ របស់លោកចៅហ្វាយក្រុង ម៉ា អញ្ចឹងដែរ…។

សូមត្រឡប់ទៅនិយាយពីរឿងខ្ញុំ និងជាងចំលាក់វិញម្តង… នៅថ្ងៃដែល​ខ្ញុំ​ដឹកដៃ​ជាង​ចំលាក់​​អោយ​ទៅ​ឃើញ​រូបព្រះ​គណេស ក្នុង​ឥរិយាបទ​ឈរ​ភ្លាម ជាង​ចំលាក់​ទាំង​នោះ បែរជា​ឈរ​គាំង​ស្ញេញ នៅ​ស្ងៀម​ចំហរ​មាត់ធ្លុង និយាយ​លែងចេញ…។ ខ្លះ​គ្រវី​​ក្បាល​រអ៊ូរ​ថា មិន​ដែល​ឃើញ​សោះ..!!.. ខ្លះទៀតថា ហេតុម៉េច​ក៍រូប​នេះ អត់មាន​​បោះពុម្ព​​ក្នុង​សៀវភៅ​អីចឹង? ខ្ញុំក៍ឆ្លៀត​និយាយ “ផា” លេង​ជាមួយ​ពួកគាត់៖ បងៗ​រកស៊ី​ឆ្លាក់រូប អាង​លើ​គម្ពីរ និង​សៀវភៅ​បោះពុម្ព… ខ្ញុំថា​យកល្អ បងៗ​ឧស្សាហ៍​មក​អាប់ឌេត (updated) ដោយ​ភ្នែក​​ផ្ទាល់​បែបនេះ​រៀងៗ​ខ្លួន នៅ​សារមន្ទីរ​ជាតិ​យើង​នេះ​ទៅ វា​ប្រសើរ​ជាង… ព្រោះបើចាំ​សៀវភៅ​បោះពុម្ព​អោយអា​ប់ឌេត រូបភាព​ថ្មីៗ បែប​មិនងាយ​ទេ..!!.. ហើយ​បើកាល​​ណា​ប​ងៗ អត់​បាន​អាប់ឌេត​ទេ បងៗ​នឹងផា​អោយគេ​ទាំង​ខុសថា៖ បន្តិចទៀត ព្រះគណេស អាចនឹង​មាន​កាយវិការ រត់ម៉ារ៉ាតុង… ដែល​តាម​ការពិត គឺបងៗ​ទេ ដែល​ជាអ្នក​​រត់​​ម៉ារ៉ាតុង​នោះ… គឺ​មិន​មែនជា ព្រះគណេស ឡើយ..!!..

ដោយពិតទៅ ខ្ញុំមិនចង់ចាញ់ឈ្នះអី ជាមួយបងៗជាងចំលាក់ទាំងនោះ​ទេ។ តែ​ក្រោយ​ពី​មាន​​រឿង​ជាមួយ​ព្រះគណេស នេះ​រួចមក ជាង​ចំលាក់​អាជីព​ទាំងនោះ ហាក់​​ដូច​ជា​ស្វាង​​ពីការ​​គិត​តាម​បែប​មានៈ​របស់ខ្លួន… ហើយ​ដើម្បី​ជាការ​ថ្លែង​អំណរគុណ​ដល់​ខ្ញុំ ជាង​ចំលាក់ ដែលផា​អោយខ្ញុំ​កាល​ពី​ពេល​មុន បានឆ្លាក់​ព្រះគណេស ឈរ ជូន​​មក​​ខ្ញុំ​មួយ ដោយ​គិតថ្លៃ​តែ ៥០% ប៉ុណ្ណោះ។ ព្រះ​គណេស​របស់ខ្ញុំ  ឆ្លាក់​ពី​​ឈើ​​ក្រញូង​​ដ៏​មាន​តំលៃ  មាន​កំពស់​ប្រមាណ ២តឹក ឈរ​យ៉ាង​សង្ហារ កន្តឹមៗ មើលទៅ​ “ស៊ីដាច់” រូប​សំណាក​ព្រះគណេស របស់​​លោក​ចៅហ្វាយ​ក្រុង ម៉ា តែ​ម្តង… តែសុំ​អធ្យាស្រ័យ​ផង ខ្ញុំមិន​ហ៊ាន​​ចុះ​ផ្សាយ បង្ហាញ​នៅ​ទីនេះ​ទេ… ហេងស៊យ លោក​ចៅហ្វាយ​ក្រុង​ដឹង​ទៅ អាច​នឹង​​ប្តឹង​ថា ខ្ញុំនេះ លួច​កម្មសិទ្ធិ​បញ្ញា ផស់​គាត់​ដោយ​គ្មាន​ការ​អនុញ្ញាត្តិ​ហើយ…។

ជាចុងក្រោយ… ខាងក្រោមនេះ គឺជារូបថតព្រះគណេស ក្នុង​សារមន្ទីរជាតិ ដែល​​ខ្ញុំ​ព្យាយាម​លួច​ថត​បាន​ដោយ​លំបាក (ពីរូបទី១ ដល់ទី៥) ប្រៀប​ដូច​ជា​ពួក Paparazzi លួច​​ប្រមាញ់​​រូបថត​តារា​ភាពយន្ត ដូច្នោះ​ដែរ…៕

ស្រុកស្រែ

Advertisements

20 responses to “ដល់ពេលខ្ញុំ “ផា” អោយជាងចំលាក់ ​ក្បែរសាលា​រចនា​វិញម្តង…

  1. ប្រើ​ឈឺ​គ្រញូង​ខុស​ច្បាប់​ទេ​ដឹង​ហី​បង? ហេសហេសហេស… និយាយលេងរ៉េ! សំណាង​ហើយ​ដែល​គាត់​ឆ្លាក់​អោយ​ហើយ​យកថ្លៃ​តែ​ពាក់កណ្តាល បើ​គាត់​ទៅ​ជា​អៀន មិនឆ្លាក់​អោយវិញ ម្តឹង​ត្រូវ​ទៅ​អូស​ដៃ​ជាង​ណា​ម៉ោមើលទៀតរ៉េ!

    • អាឈើខុសច្បាប់ និងមានតំលៃណឹងហើយ ទើបបានឆ្លាក់ព្រះទៅ ពូកែសក្តិសិទ្ធិ ណាក្មេងស្រែ… ម្យ៉ាងទៀត ដោយសារទាំងខ្ញុំ ទាំងជាង ត្រូវស្ពឹកមុខម្តងម្នាក់ ដែលជាហេតុធ្វើអោយរូបឆ្លាក់បានមក ទៅជាមានរាងសង្ហារអស់ទាស់… នេះជាបទពិសោធន៍មួយ ដែលមុននឹងធើអីមួយ ត្រូវផាអោយគ្នា អោយស្ពឹកមុខសិន ទើបរបស់ដែលបានមក វាចំឡែកខុសគេ… 😀

  2. បានឈើក្រញូងមកពីណាលោក ស្រុកស្រែ ប្រយ័ត្នគេចាប់ណា
    លឺសូថាអាឈើនឹងគេថ្លឹងគីឡូផងឥឡូវ.
    មានច្រើនឬតិច? បើមានតិចប្រយ័ត្នគេចាប់ តែបើមាន
    ច្រើនអត់អីរ៉េ.

    • ហេហេ… ទៅសៀមរាប ឧត្តរមានជ័យ ង៉ៃមុនណឹង ខ្ញុំសុំ​ពួក​មេព្រៃ​ត្រង់ៗ ថាយក​ទៅ​ឆ្លាក់​ធ្វើ​ព្រះ… មិនមែន​យក​មក​ធ្វើ​កំណល់ កល់​កង់​ឡាន​ទេ… ពេលខ្ញុំ​សុំ​ណឹង ខ្ញុំ​ប្រាប់​ថា បើហ៊ាន​តែ​អត់​អោយ ប្រយ័ត្ន​ព្រះ​អត់​ជួយ លែង​បាន​ធើ​មេព្រៃ មេផ្សៃ​ទៀត..!!.. ដល់​ចឹងទៅ មេព្រៃ​នាំគ្នា​លេប​គ្រួស លេបថ្ម បេះពី​មាត់ ពី ក អោយ​ខ្ញុំ​ប្រហែល ៥ខាំ… ហើយ​ព្រះគណេស ខ្ញុំនេះ ខ្ញុំបាន​ប្រសិទ្ធិនាម​ឈ្មោះ​ហៅ​ក្រៅ​ថា ព្រះប្រាំខាំ..!!.. ហើយ​មេព្រៃ​ដែល​បរិច្ចាគ​ឈើ​ក្រញូង​អោយ​ខ្ញុំ​នោះ ក៍ជាប់​ឈ្មោះ​ខ្ញុំ​ដាក់ងារ​អោយ​ដែរ គឺលោក​មេព្រៃ​ប្រាំខាំ… 😀

  3. ដោយសារអាប្រាំខាំនិងហើយបានជាខ្មែរងាប់ពេញព្រៃសម័យប៉ែតជាង(k5)
    នៅជាយដែនខ្មែរសៀម.ទៅជិះឡានមកវិញជិះចាន.
    ចុះឥឡូវមានប្រាំខាំទៀតទេបរិច្ចាកអោយខ្ញុំមក
    ខ្ញុំយកទៅឆ្លាក់រូបសម្តេចទុកជាអនុស្សាវរីយ៍និងជាការដឹងគុណ
    ដែលគាត់បានរំដោះប្រទេសអោយរួចផុតពីក្រញុំបីសាច ពល-ពត
    តែមកជាប់អា k5 សាចទៅវិញ.

    • អរគុណ កៅ-ម៉ារយ… អតីតកាល គឺជាបទពិសោធន៍… ដោយសារស្រុកយើងខ្វះបទពិសោធន៍ ហេតុនេះ យើងត្រូវសន្សំបទពិសោធន៍អោយបានច្រើនថែមទៀត ដោយមិនចាំបាច់គិតពីផលវិបាកទេ… គឺធើយ៉ាងម៉េច អោយតែបានបទពិសោធន៍ទៅបានហើយ… 🙂

  4. http://www.cen.com.kh/localnews/show_detail/135?token=NTkxMjliMjk5MTY4YjhjMmVkZTI0MzVhOWMzZGUw

    សូមអានមួយនេះសាកមើលក្រែងលោបានជំនួយស្មារតី.
    ហាសហាៗៗៗៗៗៗៗៗៗៗៗៗ!
    មិនដឹងគិតម៉េចទេលោក ម៉ា របស់លោក ស្រុកស្រែ!

    • ខ្ញុំអានមិញណឹងរួចហើយ… នេះប្រហែលជាលោក​ចៅហ្វាយ​ក្រុង គាត់​ដឹក​បង្គន់​សាធារណ: យក​ទៅ​ដាក់​សួនច្បារ​អស់​ទៅ ដោយ​ភ្លេច​គិត​ថា នៅក្នុង​បរិវេណ​សាលា​ក្រុង​របស់គាត់​ មិនចាំ​បាច់​ប្រើប្រាស់​បង្គន់​សាធារណ:​ទេ​មើល​ទៅ… ដល់​អ្នក​ចូលទៅ​ទំនាក់​ទំនង​ការងារ អត់​មាន​កន្លែង​ដោះ​ទុក្ខសត្វ​បែប​នេះ គឺមាន​តែ​បាញ់​ដាក់​ទ្វារដែក​អីចឹង​ហើយ… នេះ​ហេង​ហើយ ដែល​អ្នក​ទាំងអស់​ហ្នុង​បាញ់​នោម​ដាក់​ទ្វារ​ដែក… បើ​ខ្ញុំវិញ កន្លែង​ធ្វើការ​ធំដុំ មាន​មុខ​មានមាត់​ប៉ុណ្ណា​ប៉ុណ្ណី តែ​បែរ​ជាខ្វះ​បង្គន់​សាធារណ: សំរាប់​អោយ​អ្នក​ចូលក្នុង​នោះ​ប្រើប្រាស់​បែប​នេះ ខ្ញុំនឹង​បាញ់​នោម​ច្រះ​ដាក់​កង់ឡាន លោក​ចៅហ្វាយ​ក្រុង អោយ​ឆ្អេះឡប់​តែ​ម្តង… 😀

  5. មនុស្សចាស់សល់ពីសង្គម

    ជាបឋមខ្ញុំសូមអរគុណលោកស្រុកស្រែ ដែល​តែងតែ​ចាប៉​អារម្មណ៍​ចំពោះ​ខ្ញុំ​…
    ខ្ញុំគិតថា ប្រហែលជាលោក​និយាយ​ឲ្យ​លេង​បាន​សើច​​ទេ​ ពីរឿង​ចង់​ឈ្នះ​ចាញ់​ជាមួយ​ជាង​ចម្លាក់​រូប​នោះ… តែទោះ​ជា​យ៉ាងណា​​ក៏ដោយ ​ក៏វា​បាន​ផល​ប្រយោជន៍​ច្រើន​ដែរ… សំរាប់​ខ្ញុំវិញ​យល់​ថា ជាង​ចម្លាក់​នោះ​ជា​​មនុស្ស​​គ្រាន់​បើ​ម្នាក់​…. ចេះ​ទទួល​ស្គាល់​កំហុស​ឆ្គង​របស់​ខ្ឡួន និង​ទទួល​ការ​រិះគន់​​កែតំរូវ​ពីអ្នក​ដទៃ និង​ឆ្លើយតប​វិញ​ដោយ​ការ​សំរួល​ថ្លៃពាក់​កណ្តាល​​ផង​ទៅ​​ទៀត..

    លោកស្រុកស្រែជាទីរាប់អាន!
    សូមលោកជ្រាបថា ជាទូទៅ​មនុស្សលោកយើងនះ (ខ្ញុំចង់​និយាយ​ពីមនុស្ស​ខ្មែរ) មិនសូវ​សំបូរ​ទេ​ អ្នក​ដែល​ហ៊ាន​ទទួល​ស្គាល់​ពី​កង្វះខាត​របស់​ខ្លួន ហើយ​អាច​​កែប្រែ​នូវ​ចរឹត​មានៈ​បាន​នោះ… ពោល​គឺមិន​ហ៊ាន​ទទួល​​ខ្លាច​គេថា​ខ្លួន​អន់…. តែបើ​ផ្ទុយ​ពីនេះ​វិញ…. ​ខ្ញុំចង់​និយាយថា​ យើង​សំបូរ​ណាស់​មិនខ្វះ​ទេ.. អ្នកខ្លះ​មិនទាំង​ដែល​ស្គាល់​សាលា ឬសៀវភៅ​នៅ​មហាវិទ្យាល័យ ឬកម្មវិធី​គេ​សិក្សា​នោះ​មាន​អីខ្លះ​ផងទេ តែ​សុទ្ធតែ​ជា​បណ្ឌិត…. ក្នុង​លិខិត​អញ្ជើញ​ផ្សេងៗ បើមិន​ចារ​មាន​ពាក្យ​បណ្ឌិត​ពីមុខ​ទេ គឺមិន​បាន​ទេ….
    មិនដឹង​ថា​លោក​បាន​សង្កេត​ឃើញ​ចឹងដែរ​ ឬអត់ទេ….!

    • បាទ, សូមជំរាបសួរលោកចាស់​ជាន់មុន… ខ្ញុំយល់ថា ទំនាក់ទំនង​មនុស្ស​នៅ​ក្នុង​សង្គម សំខាន់​គឺ​ការ​ចេះ​​គោរព និង​អោយ​តំលៃ​គ្នាទៅ​វិញ​ទៅមក… នោះទើប​បង្កើត​​បាន​នូវ​បរិយាកាស​មួយ​រីករាយ និង​ស្និទ្ធស្នាល​… ហើយ​បន្ទាប់​មក​ នឹងឈាន​ដល់​​ការ​រាប់​អាន​ប្រកប​ដោយ​មិត្តភាព និង​មិន​កេង​ប្រវ័ញ្ច​ពី​គ្នា​។ ​តាមបទពិសោធន៍​របស់​ខ្ញុំ​កន្លងមក​ មនុស្ស​គ្រប់វ័យ ដែលខ្លះ​ធ្វើការងារ​ធំដុំ ​មានមុខមានមាត់​ក្នុង​សង្គម និង​ខ្លះ​ទៀត​ប្រកប​របររកស៊ី​​តូចតាច​កំប៉ិចកំប៉ុក​​​ក៍​ដោយ… ​ប្រសិន​បើ​បាន​ជជែក​លេង​ជា​មួយ​ខ្ញុំ​ផ្ទាល់​មាត់​​​ហើយ គឺ​ងាយ​នឹង​បង្កើត​បាន​នូវ​មិត្តភាព​​ និង​ការ​រាប់​អាន​ជា​មួយ​ខ្ញុំ​​ណាស់… ហើយ​បន្ទាប់​មក ការ​និយាយ​ “ផា” ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​កែ​លំអ​គ្នា​នេះ គឺ​ខ្ញុំ​ចូល​ចិត្ត​ណាស់… ព្រោះ​វា​បាន​បង្កើត​នូវ​បរិយាកាស​រីករាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដែល​​យើង​ម្នាក់ៗ​​ តែង​ប្រាថ្នា​ចង់​បាន…។

      ដោយឡែក​ទាក់ទង​នឹង​គោរម្យងារ “បណ្ឌិត” នេះ នៅ​​ស្រុក​យើង គឺ​ពិត​ជា​មាន​រឿង​ចំឡែក​​អីចឹង​មែន​ហើយ… ខ្ញុំឧស្សាហ៍​និយាយ​លេង​ជា​មួយ​ពួក​អ្នក​សរសេរ​កាសែត​ អ្នក​ទូរទស្សន៍​ណាស់… ខ្ញុំ​ថា៖ ឯកឧត្តមខ្លះ​ដែល​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ (បណ្ឌិតស្អី​ក៍ដោយ​ និងបាន​មក​​ពី​​ក្រហែង​ណា​ក៍ដោយ​) គឺ​មិន​ត្រូវ​ហៅថា ឯកឧត្តមៗ!… ដាច់សាច់​អីចឹង​ទេ… គឺត្រូវតែ​ហៅ​អោយ​ត្រូវ​​តាម​គោរម្យងារ​សញ្ញាប័ត្រ​របស់​គាត់ ដោយ​ហៅ​ថា “ឯកឧត្តមបណ្ឌិត” ចឹងៗទៅ បាន​​ធ្វើអោយ​រសជាតិ ​មាន​ន័យ​ជ្រៅ..!!.. ព្រោះ​បើមិន​ចេះ​​បញ្ជោរ​លើក​ជើង​​ចឹងទេ ប្រាកដ​ជា “អ៊ុយឡត់” ដាក់​ក្នុង​ស្រោម​សំបុត្រ​ហើយ…។​ មនុស្ស​ក្នុងលោក កាន់តែធំ កាន់តែជោរ..!!..​

  6. តើគេដាក់តាំងកណ្ដាលវាលហ្នឹងសំរាប់គោរពបូជា
    រឺដាក់តាំងយកល្អមើលនិងអោយបានប្លែកភ្នែកផង ?
    រឺគ្រាន់តែដាក់ៗកំលាចចោរកុំអោយមកហ៊ានលួចអំពូលភ្លើង
    រឺសំរាប់គូសង្សារយកធ្វើជាសាក្សីស្នេហ៍ពេលស្បថស្បែរគ្នាម្ដងៗ ?

  7. ហេហេ… ចំលាក់ដែល​នៅ​បរិវេណខាងក្រៅ គឺ​ធ្វើ​ពី​ស៊ីម៉ង់ទេ… រីឯ​ចំលាក់​ដែល​ស្ថិតក្នុង​បរិវេណ​អាគារសារមន្ទីរ​​​ទាំងមូល​ គឺ​សុទ្ធតែ​របស់ពិត​ទាំងអស់…​​

  8. 😀 ធ្វើសង្គ្រាម​មិន​មែន​តាម​តែ​គម្ពី​នោះទេ

  9. នេះបានចំជាចោរចិត្ដចែកមែន ។ ខំទៅលួចពីណោះមកចែកឯកណេះ ។ ក្រែងថ្ងៃក្រោយទៅម្ចាស់កម្មសិទ្ធិមកឃើញរូបរបស់គេ គេតវ៉ាឲ្យដករូបចេញ ខ្ញុំ​សុំសិទ្ធិពីស្រុកស្រែចម្លងរូបទាំងនេះទុកសិនហើយ ។​ អរគុណដែល​ខំ​ទៅ​លួច​ថតយកមកចែកគ្នាមើល ។
    ជាយោបល់ខ្ញុំ ចង់ឲ្យស្រុកស្រែ​ពិចារណា​លើ​រូបថត​ទាំងនោះ គួរដាក់បន្ដឬយកចេញ ក្រែងនាំបញ្ហាអីដល់ស្រុកស្រែហ្នឹងណា ។

    • បាទ​, អរគុណខ្មែរលីង… ប្រាកដ​ណាស់ គឺ​ខ្ញុំ​ចង់​ចែក​​រំលែក​​រូបភាពព្រះគណេស ក្នុងឥរិយាបទ ឈរ ​នេះ អោយ​សាធារណជន​ខ្មែរ​ទូទៅបាន​ឃើញ ព្រោះ​តាម​ធម្មតា​ សំបូរ​តែ​ព្រះគណេស​ អង្គុយ​តែ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​​ក្រសួង​វប្បធម៌​រករឿង ចាំ​ដក​​រូប​ទាំង​នេះចេញ​ក៍​មិន​យឺត​ពេល​ដែរ… សំខាន់​អោយ​​តែ​ញាតិ​មិត្ត​បង​ប្អូន​យើង​នៅ​ទី​នេះ​ បាន​ឃើញ​រូប​សំណាក​ពិត​ទៅ​បាន​ហើយ។

  10. ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា ម៉េច​ក៏​គេ​មិន​អោយ​ថត​រូប​ក្នុង​សារមន្ទីរ? គេ​ហាម​តែ​ថត​បើក Flash ទេ​ដឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s