Monthly Archives: ខែ​មេសា 2012

អ្នកក្លាហាន​ស្លៀក​កន្សែង​​ពោះគោ..!!..

រឿងរ៉ាវអ្នកក្លាហានស្លៀកកន្សែងពោះគោ វ៉ៃអ្នកទន់ខ្សោយនៅក្នុងសណ្ឋាគារ ខេត្តកោះកុង ម្ងៃណោះ ទីបំផុតតាមដំណឹងលាក់មិនជិត បានអោយដឹងថា៖

១- ជនរងគ្រោះបីនាក់ ក្នុងចំណោមបួននាក់ បានដកពាក្យដណ្តឹងហើយ ដែល​តាម​ដំណឹងល្ហិចល្ហៀង គឺបានទទួលលុយ “ថ្លៃទ្រមខ្លួន” ក្នុងម្នាក់ៗខ្ទង់ ១ម៉ឺន ៥ពាន់​ដុល្លារ​អាគាំងដែរ។ ដល់អីចឹងទៅ សំរាប់ខ្ញុំ មិនដឹងចង់និយាយថាម៉េច? អាចអ្នក​ទាំងបី​នាក់​នោះ​ដឹង​ខ្លួន​ទាន់ ដូចភាសិតចិនបុរាណមួយពោលថា៖ អ្នកក្រ មិនអាចឈ្នះអ្នកមាន! ហើយអ្នកមាន មិនអាចឈ្នះអ្នកមានអំណាចបានឡើយ…

២- អ្នកក្លាហានស្លៀកកន្សែងពោះគោ និងបក្សពួកបីនាក់ទៀត ត្រូវបានឃុំខ្លួន រង់ចាំ​ការ​កាត់ទោស។ តាមរយៈ​រូបភាពវីដេអូឃ្លីប ដែល​ផ្តល់​ដោយ​សណ្ឋាគារ​នៅ​កន្លែង​កើត​ហេតុ បាន​បង្ហាញ​អោយ​ឃើញ​ថាៈ អ្នកក្លាហានស្លៀក​កន្សែងពោះគោ​​ក្នុង​រាត្រី​នោះ​មាន​​កំហឹង​ដល់​-ក…។ ដោយ​មិន​អាច​គ្រប់​គ្រង​កំហឹង​ខ្លួន​ឯង​បាន, អ្នក​ក្លាហាន​យើង ក៏បណ្តោយ​អោយកំហឹង ដែលមានក្នុងខ្លួនទាំងប៉ុន្មាន ចេញមកទាំងអស់… ហើយ​កំហឹង​បានរត់ទៅដល់ចុងដៃ ចុងជើង… ចុងអីៗ(?)… រួចក៍​ចេញ​ជា​កាយវិការ​ដូច​តួកុន​ចិន អាកុំ! កុំ!… គឺទាត់ម៉ែឪអាទាត់… ទាត់វ៉ៃអត់ស្រណោះ ទៅលើ​អ្នក​លើក​ដៃ​សំពះ​ខ្លួន!… ទាត់ធាក់រហូតទាល់តែ បែកមេជើងខ្លួនឯង…។ ដល់គិតសព្វៗទៅ បានថា៖ កំហឹង+ទ្រព្យធន+ឆ្កួតនឹងយសសក្តិ=>មនុស្សល្អត្រឹមត្រូវ ក្លាយទៅជា«ឆ្កួតព្រៃផ្សៃ»…

៣- អាណិតជាងគេ គឺតុលាការ… ព្រោះហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង…។ ប្រសិន​បើ​គ្មាន​វីដេអូឃ្លីប​ក្នុង​ពេល​កើត​ហេតុ​ទេ រឿងនេះអាចជនរងគ្រោះទាំងបួនរូប​នោះ ត្រឡប់​ជាជន​ល្មើស ត្រូវជាប់គុកវិញ ក៍អាចថាបាន… ហើយ​បើ​អ្នកវ៉ៃ​គេ​ទាំង​នោះ​ ត្រូវ​មាន​ទោស​​វិញ គឺយ៉ាង​ច្រើនណាស់ ត្រូវបាន​ចោទ​ប្រកាន់ពីបទ «ប្រឡែងគ្នាលេង» រួច​ជ្រុល​ដៃ ដោយសារ​ជនរងគ្រោះ «រត់» មកបុកស្មងជើង និងកណ្តាប់ដៃខ្លួន ដោយ «អចេតនា»..!!.. ព្រោះប្រហែល ករណីបាញ់លើកម្មកររោងចក្រនៅបាវិតម៉េច នៅ​តុលាការ​ចោទ​ប្រកាន់ត្រឹមបង្ករបួសស្នាម…។

៤- សរសើរជាងគេ គឺម្ចាស់សណ្ឋាគារ ដែលបានផ្តល់រូបភាពវីដេអូឃ្លីបទៅកំលាំង មានសមត្ថកិច្ច ដែលកាយវិការបែបនេះ គឺជាការផ្តល់យុត្តធម៌មួយធំណាស់ សំរាប់​គូភាគី​ជំលោះទាំងសងខាង ក្នុងរាត្រីនោះ។

ចាំមើលរឿងនេះ នឹងទៅជាយ៉ាងម៉េចទៀត? សង្ឃឹមថា ថ្ងៃក្រោយ​នឹង​មិនមាន​ករណី​បែប​នេះ​កើតឡើង ក្នុងសង្គមយើងទៀតទេ…៕

ស្រុកស្រែ

Advertisements

សំឡាញ់ខ្ញុំ​ បានឃ្លាតឆ្ងាយ​​​ទៅ​ដោយ​គ្មានថ្ងៃ​វិល​ត្រឡប់…

ទីបំផុត សំឡាញ់​ខ្ញុំ​បាន​ចាក​ចេញ​ទៅ​ ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់…

សំឡាញ់ខ្ញុំម្នាក់នេះ បានបូជាកំលាំងកាយ  កំលាំង​ចិត្ត​ស្ទើរ​ពេញ​មួយជីវិត​របស់​ខ្លួន ដើម្បី​បុព្វហេតុ​ជន​រួម​ជាតិ និង​មាតុភូមិ​ដ៏​កំសត់​របស់​យើង…។

កាលពេល​នៅ​រៀន​អតីត​សហភាព​សូវៀត ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០ សំឡាញ់​ខ្ញុំ​ម្នាក់នេះ បាន​ឈរ​ពាំង​ទ្រូង​ជំនួស​មុខ​អោយ​និស្សិត​ខ្មែរ​ទាំង​អស់ ដែល​ត្រូវ​បាន​ជាតិ​សាសន៍​ដទៃ​ប៉ះពារ ឬ​មើល​ងាយ​មើល​ថោក ព្រម​ទាំង​បាន​ជួយ​ទំនុក​បំរុង​ដល់​និស្សិត​ថ្មីៗ ដែល​ទៅ​ពី​កម្ពុជា​យើង​ដោយ​មិន​រើស​មុខ… ប្រសិន​បើ​សួរ​ទៅ​អតីត​និស្សិត​សហភាព​សូវៀត គឺកំរ​នឹង​មាន​នរណា​ភ្លេច​ឈ្មោះ​សំឡាញ់​ខ្ញុំ​ម្នាក់​នេះ​ណាស់…។

ចូលមក​ដល់​ទស្សវត្សរ៍​ឆ្នាំ១៩៩០ សំឡាញ់​ខ្ញុំម្នាក់នេះ បានចូល​ប្រឡូក​ក្នុងកិច្ចការ​ដ៏​គ្រោះ​ថ្នាក់​មួយ… នោះគឺ​កិច្ចការ​ការពារ​បរិស្ថាន​ព្រៃឈើ​ធម្មជាតិ​ដ៏មាន​តំលៃ​របស់​មាតុភូមិ​យើង កុំអោយ​មាន​ការ​បំផ្លិច​បំផ្លាញ​ដោយ​មនុស្ស… ការងារ​របស់​សំឡាញ់​ខ្ញុំ​ម្នាក់នេះ ជានិច្ចកាល​បាន​ចូលទៅ​សំងំ​ក្នុង​ព្រៃ​ស្រោង​ជ្រៅៗ​រាប់ថ្ងៃ រាប់​អាទិត្យ ដើម្បី​តាម​ប្រមាញ់​រូបថត​ឧក្រឹដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ក្រុមហ៊ុន និង​ឈ្មួញ​ទុច្ចរិត… ខ្ញុំមាន​ការ​លំបាក​ក្នុងការ​រៀបរាប់​ពី​ស្នាដៃ​ថតរូប​របស់​សំឡាញ់​ខ្ញុំ​ម្នាក់​នេះ​ណាស់ ព្រោះ​គាត់​មិនមែន​ជា​ជាង​ថតរូប​អាជីព​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អស់​លោក​អ្នក​ចង់​ឃើញ​រូបថត​គាត់ គឺអាច​រកមើល​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ Global Witness ដែល​និយាយ​រៀប​រាប់​ពី​សកម្មភាព​បំផ្លាញ​បរិស្ថាន​ព្រៃឈើ​នៅ​កម្ពុជា​ទៅ ដែល​ភាគ​ច្រើន​គឺជា​រូបថត​របស់​គាត់​ហើយ… គឺគាត់​បាន​បំរើការ​ជា​មួយ​អង្គការ Global Witness ប្រចាំ​កម្ពុជា…។

លុះមកដល់​ចុង​ទសវត្សរ៍​ឆ្នាំ២០០០ និង​ថ្មីៗ​នេះ សំឡាញ់​ខ្ញុំ​ម្នាក់​នេះ បាន​ធ្វើជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​តូច​មួយ​មាន​ឈ្មោះ​ថា អង្គការការពារធនធានធម្មជាតិ ដែល​បាន​នាំមុខ​ក្នុង​ចលនា​ការពារ​ព្រៃឡង់​ដ៏ក្តៅ​គគុក និង​គ្រោះ​ថ្នាក់…។

នឹកទៅ​ដល់​អនុស្សាវរីយ៍​នៃការ​ជួបគ្នា​លើក​ចុង​ក្រោយ គឺខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ជួប​សំឡាញ់​ខ្ញុំ​ម្នាក់​នេះ​ដោយ​ចៃដន្យ នៅ​ហាង​បាយ​តូច​មួយ​ក្នុង​​ក្រុង​ក្រចេះ ក្នុង​ដំណើរ​ឆ្លង​កាត់​របស់​ខ្ញុំ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង កាល​ពី​អំឡុង​ថ្ងៃ​ឈប់​សំរាក​បុណ្យ​អុំទូក​ឆ្នាំ​ទៅ…។ កាល​នោះ មុននឹង​បែក​ពី​គាត់ ភរិយា​ខ្ញុំបាន​សំពះ​លា​គាត់ ឯខ្ញុំ​បាន​ចាប់​ដៃ​គាត់​រលាក់ រួច​ខ្ញុំ​អោប​ខ្សិប​ដាក់​ត្រចៀក​គាត់៖ ប្រយ័ត្ន​ខ្លួនផង… កុំហ៊ាន​ពេក!…។ គាត់ក៍​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​នូវ​ពាក្យ​អរគុណ ជាមួយ​នឹង​ខ្យល់​ដង្ហើម​ក្តៅ​ឧណ្ហៗ ដែល​ចេញ​ពី​ច្រមុះ​គាត់​នៅ​ក្បែរ​ត្រចៀក​ខ្ញុំ…។

ឥឡូវ​សំឡាញ់​ខ្ញុំ​ម្នាក់​នេះ បាន​ឃ្លាត​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ… សំឡាញ់​ខ្ញុំ​នឹង​បែក​ពីខ្ញុំ​ជារៀង​រហូត​ដោយ​គ្មាន​ថ្ងៃវិល​ត្រឡប់…  នោះ​គឺ​សំឡាញ់ ឈុត វុទ្ធី (Chut Wutty) ជាទី​គោរព​រាប់អាន​របស់​ខ្ញុំ ដែល​បាន​ទទួល​មរណភាព​ដ៏គួរ​អោយ​សោក​ស្តាយ កាល​ពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២ កន្លង​ទៅ នៅ​ខេត្ត​កោះកុង..!!..

ស្រុកស្រែ

វក់នឹងចង្វាក់ប៉ាសាឡុប​​(Pasalop) ​របស់ឡាវ…

នាឳកាសរាំរែកសប្បាយជាមួយកងទ័ពសមរភូមិមុខ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលផ្សាយតាមទូរទស្សន៍បាយ័ន្តរបស់សម្តេច ខ្ញុំបែរជាមើលទៅឃើញកងទ័ព យើងនៅជុំរុំខាងក្រោម ហាក់ដូចជាម្នាក់ៗ “វក់” នឹងចង្វាក់ប៉ាសាឡុប (Pasalop Laos) របស់ឡាវដោយមិនខ្លួន ឬក៍ដឹងខ្លួនដែរ តែយើងសប្បាយនឹងទទួលយកចង្វាក់នេះ មករាំតែម្តង នៅក្នុងពិធីបុណ្យប្រពៃណីជាតិបែបនេះ ដើម្បីអោយ “អឿ” បន្តិច…។

ដោយសារពិធីបុណ្យចូលឆ្នាំខ្មែរ កន្លងផុតទៅមួយសប្តាហ៍ ហាក់ដូចជារាងស្ងប់បន្តិច ហើយ ទើបខ្ញុំលើករឿងនេះមកនិយាយ ព្រោះបើនិយាយកាលពេលភ្លាមៗនោះ ខ្ញុំមិនហ៊ានទេ ខ្លាចបងៗទាហាន គាត់រកមុខស្រុកស្រែ ដូចបូស…។

មើលទៅបងៗទាហាន “ប្រយុទ្ធ” តឺនុយយ៉ាងខ្ញង់ ខោអាវអត់បាក់ភ្លី ឈរតំរង់ជួរគ្នា យ៉ាងសង្ហា និងរាំចង្វាក់ប៉ាសាឡុបយ៉ាងស្រុះគ្នា សមឥតខ្ចោះបែបនេះ គឺមិនធម្មតាទេ យ៉ាងហោចណាស់ ក៍នាំគ្នាហាត់សម រៀនរាំ ១ខែមុនដែរ ទើបបានមើលទៅ “អស់ទាស់” បែបនេះ…។ ព្រោះថា ខ្ញុំធ្លាប់មានអនុស្សាវរីយ៍នឹងចង្វាក់ឡាវនេះ… កាលខ្ញុំស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន ខ្ញុំត្រូវបាន “ឆីឆស់” ជនជាតិឡាវ ១ក្រុម (ហេហេ… ក្នុងនោះមាន ចំប៉ា មិត្តស្រីខ្ញុំដែរ) បានបង្ហាត់ខ្ញុំ អោយរៀនរាំចង្វាក់ ប៉ាសាឡុបនេះ សំរាប់សំដែងលើឆាក ក្នុងពីធីបុណ្យ ប្រពៃណីជប៉ុនដ៏អធឹកអធម មួយ…។ ពេលនោះ ខ្ញុំអោយស្រីៗឡាវ រាំបង្ហាញខ្ញុំ… ពេលខ្ញុំមើលទៅ ខ្ញុំថាមានអី ពិបាកផង ព្រោះដូចតែរាំចង្វាក់ម៉ាឌីហ្សុនដែរណឹង… តែតាមពិត ទំរាំរៀនចេះរាំ ចង្វាក់នេះ ត្រូវស៊ីពេលជិតម៉ាអាទិត្យ… ហើយតាំងពីនោះមក អោយតែមានពិធីអីមួយ គឺមិត្តស្រីខ្ញុំ តែងចាប់គូរជាមួយខ្ញុំ រាំចង្វាក់ប៉ាសាឡុបនេះ មិនដែលខានទេ។ ជាការចំឡែក ចង្វាក់ប៉ាសាឡុបរបស់ឡាវនេះ រាំជាមួយនឹងចង្វាក់អី ក៍បានដែរ លើកលែងតែចង្វាក់រាំក្បាច់យើងទេ ដែររាំអត់ចេញ… ហេងស៊យ អាចរាំជាមួយចំរៀង បដិវត្តន៍របស់ខ្មែរក្រហម ក៍អាចទៅរួចទៀត ក៍មិនដឹង..!!..??..

ងាកមកនិយាយពីកងទ័ពយើងវិញ… មានរូបភាពពីរផ្ទុយគ្នា មិនដឹងថា តើអស់លោក លោកស្រី នាងកញ្ញា កំឡោះៗទាំងឡាយ មានបានចាប់អារម្មណ៍ មើលឃើញដូចខ្ញុំ អត់? នោះគឺ នៅជុំរុំបន្ទាយខាងក្រោម ឃើញ “ទាហាន” រាំចង្វាក់ប៉ាសាឡុប តឺនុយយ៉ាងខ្ញង់ សាច់ឈាមភ្លឺថ្លា និងឈរចាំរាំក្នុ្ងងវង់ គ្មានរំលងមួយបទណាទេ..!!.. ផ្ទុយទៅវិញ នៅឯខ្សែត្រៀមជួរមុខ លើប្រាសាទព្រះវិហារយើង ខ្ញុំសង្កេតឃើញ “កងទ៍ព” ភាគច្រើន អង្គុយសំកុកលើខឿនប្រាសាទ មើលគេរាំរែកបែបយ៉ាងកំសត់ ក្នុងសំលៀកបំពាក់អាវយឺតសាមញ្ញ ប្រកបដោយការហេវហត់ អស់កំឡាំង… ដែលតាមមើលទៅទឹកមុខ គឺហាក់ដូចជា សប្បាយនឹងគេមិនរួច..!!.. ម៉េចក៍ “ទាហាន” និង “កងទ័ព” ខុសគ្នាស្រឡះបែបនេះ?

នេះជារូបភាព “ទាហាន” រាំចង្វាក់ប៉ាសាឡុប សង្ហាអស់ទាស់ នៅជុំរុំទ័ពខាងក្រោម…

Pasalop Dancing

Pasalop Dancing

Pasalop Dancing

ឯខាងក្រោមនេះវិញ ជារូបភាព “កងទ័ព” អង្គុយលើខឿនប្រាសាទព្រះវិហារឆ្ងាយពីវង់ មើលគេរាំរែក… លោកអ្នកអាចសង្កេតឃើញថា អ្នករាំសប្បាយក្នុងវង់ គឺជាសិល្បករ សិល្បការិនី ដែលទៅពីភ្នំពេញយើងទៅ… ឯពាក់មួកដែករាំ គឺជាទាហានដែល ជូនដំណើរ ការពារក្រុមសិល្បៈ ពីក្រោមទៅទេ… ហើយមួយចំនួនទៀត ជាប៉ូលីស ទេសចរណ៍ និងភ្ញៀវដែលឡើងទៅលេង ចំថ្ងៃនោះ… ឯគ្នាអ្នកនៅលើនោះស្រាប់ អង្គុយពីចំងាយ លេបទឹកមាត់ក្អឹកៗ ដាក់អ្នកអំពេញ…

Pasalop Dancing

Pasalop Dancing

ស្រុកស្រែ

វិចិត្រសាល

តើលោក “យមរាជ” ជានរណា?

This gallery contains 8 photos.

វត្តមានរបស់លោក ហង្ស វុទ្ធី (Hang Vuthy) … បន្ត​ការ​អាន

វិចិត្រសាល

បង្គោលព្រំដែនលេខ ៣១៣៖ ព្រែកចាក-ហាទៀង…

This gallery contains 15 photos.

ខាងក្រោមនេះ ជារូបភាពច្រកទ្វារព្រំដែនកម្ព … បន្ត​ការ​អាន

វិចិត្រសាល

ទិដ្ឋភាព​ពីទីប្រជុំជន​ហាទៀង មកព្រំដែន​​ព្រែកចាក…

This gallery contains 18 photos.

ខាងក្រោមនេះ ជារូបថតមួយចំនួនស្តីពីទិដ្ឋភា … បន្ត​ការ​អាន

វិចិត្រសាល

អាជីវកម្មគុជខ្យង ឬពែក (Pearl) នៅ​កោះភូគួក…

This gallery contains 18 photos.

ក្នុងឳកាសដើរលេងលើកោះត្រល់ ឬកោះភូគួក កាលព … បន្ត​ការ​អាន