វិចិត្រសាល

កំណត់ត្រា ភាគ១៖ ភ្នំពេញ-ព្រែកចាក ​ថ្ងៃទី ១៣ ​ខែមេសា ​ឆ្នាំ២០១២…


ចិត្តសាវ៉ា… ម្តងចង់ទៅមណ្ឌលគីរី ម្តងចង់ឡើងទៅរតនៈគីរី ម្តងកំពត ម្តងកែប… ទីបំផុតទៅ ខ្ញុំបែរជាបបួលគ្នា ទៅលេង “កោះត្រល់” ឬកោះហ្វូគួក (Phú Quốc) របស់ វៀតណាមទៅវិញ…។

ព្រឹកថ្ងៃចូលឆ្នាំខ្មែរថ្ងៃនេះ ត្រូវនឹងថ្ងៃសុក្រ ទី១៣ ដែលពួកខាងអ៊ឺរ៉ុបមានជំនឿថា ជាថ្ងៃ “កំពូលស៊យ” ឬមហាស៊យរកលេខដាក់គ្មាន..!!..  ហើយព្រឹកថ្ងៃនេះ ខ្ញុំក្រោកពី ដំណេករាងស្ទក់បន្តិច។ ពេលខ្ញុំក្រោកឡើង ស្រវារកទូរស័ព្ទដើម្បីមើលម៉ោង ស្រាប់តែឃើញមាន Missed calls ជិត ៣០ដង (ខ្ញុំដាក់ Silence)… ពុទ្ធោ… ម៉ោងជិត ៨ទៅហើយ…។ ខ្ញុំមើលទៅភរិយាខ្ញុំ ឃើញគាត់សើចញឹមៗ ជាមួយនឹងសាក់កាដូ ដាក់សំលៀកបំពាក់ បានត្រៀមរួចស្រេច ព្រមទាំងចេញបញ្ជាដាច់ណាត់៖ ទុកពេល អោយ ៥នាទី ដើម្បីដុសធ្មេញ និងស្លៀកពាក់អោយហើយស្រេច..!!..??..

ខ្ញុំប្រើកាយវិការទាហានព្រឹប… មិនដល់ ៥នាទីផងទេ ខ្ញុំបានទៅឈរបង្ហាញខ្លួន ដោយតឺនុយយ៉ាងខ្ញង់ នៅចំពោះមុខភរិយាខ្ញុំ។ មុននឹងចេញដំណើរ ខ្ញុំបានទៅ កាច់បិទបារ៉ែតភ្លើង រួចដើរមើលគន្លិះទ្វារបង្អួចឡើងវិញមួយជុំ ក៍ចេញដំណើរ វឹងភ្លាម។

កាលពីក្បាលល្ងាច ខ្ញុំបានណាត់គ្នាខ្ញុំបីនាក់ទៀតថា នឹងជួបជុំគ្នាយ៉ាងយូរម៉ោង ៧ នៅហាងកាហ្វេ T&C រង្វង់មូលទួលគោក។ ពេលដែលបាត់ខ្ញុំយូរ ពួកគេបានទូរស័ព្ទ មកខ្ញុំដូចព្យុះ។ ទៅដល់តុភ្លាម មាន២នាក់ បានឯកភាពថាទៅលេងមណ្ឌលគីរី… ឯម្នាក់ទៀតថា ចង់ទៅរតនៈគីរីវិញ…។ ពេលខ្ញុំទៅដល់ថែម ២នាក់ទៀត ពួកគេក៍អោយបោះឆ្នោត យកមតិភាគច្រើនដើម្បីសំរេចថា តើត្រូវទៅណា?… ខ្ញុំលើកដៃទៅរតនៈគីរី ឯភរិយាខ្ញុំ បែរជាលើកដៃទៅមណ្ឌលគីរីវិញ។ ៣សំលេងទល់នឹង ២សំលេង ទីបំផុត ខ្ញុំត្រូវតែតាមគេទៅមណ្ឌលគីរីហើយ។

ដោយមិនអស់ចិត្តនឹងចាញ់សំលេងគេ ខ្ញុំក៍ចាប់ផ្តើមបញ្ចុះបញ្ចូល៖ មណ្ឌលគីរី មានស្អីលេង… បើទៅប៊ូស្រា ផ្លូវចូលស្អាតត្រឹមតែកន្លែងតូបវាយកលុយណឹង… ផុតទៅ ផ្លូវដូចនរកប្រែត… អាក្រុមហ៊ុនចោរម្រ៉ាយណឹង វាយកតែលុយ តែអត់ធើផ្លូវសោះ..!!.. ហើយចំចូលឆ្នាំអញ្ចេះ សង្ស័យតែអត់កន្លែងដេកទេ… ហេងស៊យ អាចបកមកដេកនៅស្នួលវិញ… បើរឿងស៊ីចុកវិញ ពិបាករកហាងម្ហូបណា អោយត្រូវមាត់ណាស់… ព្រោះហាងស្រុកហ្នុង ម្ហូបមុខណា ក៍ផ្អែមដូចបបរស្ករដែរ..!!..

ឮខ្ញុំរអ៊ូ បង្អាប់ខេត្តមណ្ឌលគីរីឡើងស្ពឹកបែបនេះ ពួកអ្នកចង់ទៅមណ្ឌលគីរី ក៍ឯកភាពតាមខ្ញុំថា ទៅរតនៈគីរីវិញ ដោយខ្ញុំប្រូផ្សំផង៖ ចង់ទៅឃើញផ្លូវពីក្រចេះ ឡើងទៅអូរពងមាន់ ដោយឮថាកន្លែងខ្លះ ខូចខ្ទេច ក្លាយមិនត្រឹមជាថ្លុកក្របីទេ គឺថ្លុកដាយណូស័រ… ចង់ដឹងស្ពានឆ្លងទន្លេស្រែពក ចិនធើហើយដល់ណាដែរ… ចង់មើលបឹងកន្សែងដ៏ស្រស់ត្រកាល តើមានគេសង់ផ្ទះជុំវិញបឹងអស់ហើយនៅ?… ចុះបឹងយក្សឡោម?… បើមានពេល ចង់ឡើងទៅអោយដល់តំបន់កន្ទុយនាគ ម្តងមើល..!!..

ពួកខ្ញុំទាំង ៥នាក់ ទំរាំជជែកគ្នាត្រូវថា ទៅណាអោយប្រាកដ ម៉ោង ៩បាត់…។ ខ្ញុំចាប់ផ្តើមចេញឡានត្រឹកៗ ពីរង្វង់មូលទួលគោក បត់ឆ្វេងសំដៅទៅអង់តែន ទួកគោក… ពេលទៅដល់មុខហាងរតនាស្រីម៉ៅ ភ្លើងស្តុបក៍លោតពណ៌ក្រហមល្មម… ឈប់ស្តុបបណ្តើរ ខ្ញុំគិតបណ្តើរ៖ ភ្នំពេញ-រតនៈគីរី ដូចជាឆ្ងាយ ខ្ជិលបើកឡានណាស់.. ទៅកំពតវិញ… បើមានពេល បានឡើងបូកគោទៀត… ដូចជានឹកឃ្លាននំពារដុត នៅហាងជិតអុងម៉ុង ផ្លូវទៅកែបដល់ហើយ… ហើយដូចចង់ក្តាមស្ងោរនៅកែប… ហើយចុះខ្លាធំ ក្នុងសួនសត្វផស់តា ញឹមវ៉ាន់ដា នៅទឹកឈូរ ចេះស៊ីប៉ិកគក់នៅ?… ហើយចុះធូរេនទឹកឈូរយ៉ាងម៉េចដែរ?… ហើយទឹកឈូរឥឡូវ មានទឹកគ្រាន់លាងដៃ លាងជើងអត់?…

ពេលស្តុបលោតភ្លើងខៀវភ្លែត ខ្ញុំកាច់ស៊ីញ៉ូបត់ឆ្វេង រួចបត់ឡើងទៅផ្លូវកាត់តាមផ្សារ មាន់អាំង ឆ្ពោះទៅត្រឡោកបែក… អ្នកនៅក្នុងឡាន ស្រែកសួរព្រមគ្នា៖ អុញ! ទៅណាវិញណឹង? ខ្ញុំឆ្លើយដោយមើលទៅមុខត្រង់៖ ទៅកំពតវិញ… រួចអ្នកក្នុងឡានទាំងអស់ បាត់មាត់ដូចគេចុក…។

ពេលមកដល់ស្តុបផ្លូវបត់ចូលវាលកប៉ាល់ហោះ ខ្ញុំឃើញនារីម្នាក់ គាត់ដើរឆ្លងថ្នល់ ត្រង់កន្លែងផ្លូវបែកជាបួន ដូចដើរកាត់វាលស្រែ ឬដើរលើដីភ្ជួរ… ព្រោះមើលទៅគាត់ ហាក់ដូចជាអត់ដឹង អត់ឃើញឡានបើកក្បែរៗខ្លួនគាត់ ពីមុខផង ពីក្រោយផងទេ។ ហួសពីណឹងទៅ នឹងដល់រង្វង់មូលចោមចៅ រួចក៍បត់ឆ្វេងសំដៅទៅផ្លូវជាតិលេខ៣… តាក់ស៊ីជាច្រើនកំពុងចតដង្ហែរដណ្តើមអ្នកដំណើរគ្នា។ ផ្លូវជាតិលេខ៣ ទើបនឹងជួសជុលហើយស្អាតភ្លឹង។ តាមការសង្កេតរបស់ខ្ញុំ ថ្ងៃនេះមានឡាន ចេញពីក្រុងច្រើនណាស់… ឯឡានចូលក្រុងវិញ មិនសូវមានទេ។

ហួសណឹងទៅ ភ្លេចខ្លួន ដល់ទំនប់ទឹកកំពង់ទួល… រួចដល់ផ្លូវបំបែកទៅជ្រៃអូរព្នៅ… រួចផ្សារប៉ាង្កសី… រួចផ្សារស្អីទេ ឃើញមានតូបជាច្រើនលក់សាច់គោដង្ហែរគ្នាតាមផ្លូវ… ហួសផ្សារលក់សាច់គោនេះទៅ នឹងដល់ស្ទឹងស្លាគូ ជាព្រំប្រទល់កំពង់ស្ពឺ-តាកែវ… បន្ទាប់មក ដល់ផ្សារអង្គតាសោម… រួចដល់ថ្នល់បែកគូស…។

ពេលទៅជិតដល់ថ្នល់បែកគូស ដែលជាផ្លូវបំបែក៖ ស្តាំដៃទៅកំពត, ឆ្វេងដៃទៅកែប ដោយកាត់តាមកំពង់ត្រាច ខ្ញុំក៍ចាប់ផ្តើមដូរចិត្តទៀត ដោយប្រាប់អ្នកនៅក្នុងឡានថា៖ ខ្ជិលទៅកំពត ទៅកែបវិញ… ។ អ្នកនៅក្នុងឡាន រឹតតែស្ងាត់មាត់ ស្ងាត់កឈឹង..!!..

ពេលទៅជិតដល់ទីប្រជុំជនកំពង់ត្រាច ខ្ញុំបើកឡាន បណ្តើរ គិតបណ្តើរទៀត៖ ម៉ោតាមនេះទៅហើយ ម៉េចក៍មិនឆ្លងព្រំដែនព្រែកចាក ចូលទៅហាទៀង រួចឡើងជិះកាណូតទៅកោះត្រល់ តាម៉ងទៅ.. ពួកខ្ញុំទាំងអស់គ្នានេះ ខ្ញុំបានអោយយកប៉ាស្ព័រមករៀងៗខ្លួនស្រាប់ហើយតើ បង្ការថា ងាយស្រួលក្នុងការ ចង់ចូលទៅលេងឡាវ ឬវៀតណាម។ ហេតុនេះ ដូចជាអត់មានបញ្ហាអីទេ…  រួចខ្ញុំក៍ប្រាប់គ្នាខ្ញុំក្នុងឡានថា៖ យើងទៅលេងកោះត្រល់វិញ..!!.. ឮដំណឹងនេះភ្លាម ទាំងអស់គ្នា ក៍ហ៊ោរក្រេវឡើង។ ខ្ញុំទាញទូរស័ព្ទទាក់ទង ទៅគ្នីគ្នាខ្ញុំភ្លាម បានដំណឹងថា ទូកដឹកអ្នកដំណើរទៅកោះត្រល់ ក្នុង ១ថ្ងៃមានតែមួយជើងគត់ នឹងចេញនៅម៉ោង ១កន្លះរសៀល…។

ពួកខ្ញុំបានមកដល់ច្រកទ្វារព្រំដែនព្រែកចាកនៅម៉ោង ១១ និង៤៥នាទី រួចក៍រៀបចំ បំពេញបែបបទជាបន្ទាន់ ដើម្បីឆ្លងចូលទៅក្នុងទឹកដីវៀតណាម…។

ស្រុកស្រែ

Advertisements

10 responses to “កំណត់ត្រា ភាគ១៖ ភ្នំពេញ-ព្រែកចាក ​ថ្ងៃទី ១៣ ​ខែមេសា ​ឆ្នាំ២០១២…

  1. បានឃើញការរៀបរាប់ ខ្ញុំចង់ទៅលេងដែរ. មិនធ្លាប់ស្គាល់សោះ!.. មិត្តភក្តិជំនិតរបស់ខ្ញុំ គេទៅលេងបាត់ដំបង ប្រាប់ថាទីនោះឡាន ម៉ូតូច្រើនណាស់!. ពេលទូរស័ព្ទមកខ្ញុំឮតែស៊ីប្លេឡានលាន់ទ្រហឹង!.. នៅស្រុកគេវិញ បើចឹងញយដង គេខឹងស្លាប់ហើយ នោះជាសញ្ញាស្តីបន្ទោសអ្នកខាងមុខ . មិត្តខ្ញុំគេថានៅខ្មែរទាល់តែបែបហ្នឹង! មនុស្សមិនខ្លាចស្លាប់ទេ….

    អគុណលោកស្រុកស្រែ
    ៚៚៚៚៚

  2. ចូលឆ្នាំនេះសៀមរាបឡើងពណ៌ក្រហមមិនដឹងមកពីអ្វី.
    ខ្ញុំជាខ្មែរតែប៊ីសអស់សិទ្ធចូលទស្សនាប្រាសាទអង្គរ!!!
    ខំចាំស្រុកស្រែនៅបាដាកគ្មានឃើញមកអីតិច ទៅណាស្រុកយួន
    ធ្វើព្រងើយ. ម៉េចហើយកោះត្រល់ សំបូរសប្បាយទេ?

    • បើសួរទៅ “តារាអត្ថាធិប្បាយ សោម ឆាយា” គាត់នឹង​ឆ្លើយថា៖ មិត្តថៃអាវក្រហម… 😀

      ទៅសៀមរាប ខ្ញុំ​ខ្លាច​អត់មាន​កន្លែង​សំរាក​ណា​អាឆ្លាត… ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ទៅ​លេង​វៀតណាម​វិញ​ទៅ ព្រោះ​​សណ្ឋាគារ​ស្រុកគេ​អត់ចេះ​ឡើង​ថ្លៃ​ដូច​ស្រុក​យើង​ទេ…

  3. ពិតជាចិត្តមហាសាវាមែន!!ដូរផែនការដូចព្យុះ!!!

  4. ហេហេ… ស្គាល់​ស្រុកស្រែ​យូរ បាន​ដឹង​ថា​ស្រុកស្រែ យាប់កែអត់ឡើង… 😀

  5. ១សាវ់ាណាស់! ពេល​បងការជាមួយបងស្រី ក៏មិនដឹងរើសយ៉ាងម៉េចដែរ!

    • ហេហេ… រើសណាស់ដែរ… តែ​ដល់​ឥឡូវ​​គាត់ក្រុង​ខ្ញុំ​ជាប់ ដូចក្រុង​កូនមាន់​​ផ្តាសាយ​បក្សី​អីចឹង… មិនមែន​​គាត់​ដេញ​​ក្រុង​ខ្ញុំទេ តែ​ខ្ញុំស្ម័គ្រ​ចិត្ត​​​​អោយ​គាត់​​ក្រុង​ ដោយ​ខ្លួន​ឯង… :-D​

  6. ដល់ករហើយ! សំណាង​ណាស់​ដែល​គោលដៅ​ចុងក្រោយ​ទទួល​បាន​សំឡេងហ៊ោរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s