វិចិត្រសាល

កំណត់ត្រា ភាគ២៖ ពីច្រកព្រំដែន​​ព្រែកចាក-​ហាទៀង ​ទៅដល់​កោះត្រល់…


ពីផ្លូវបំបែកទីប្រជុំជនកំពង់ត្រាច ទៅដល់ច្រកព្រំដែនព្រែកចាក មានចំងាយប្រមាណ ជិត ១៦គ.ម ជាផ្លូវ​ជាតិ​ធំ​ទូលាយ ដែល​ស្ថិត​ក្នុងការ​ស្ថាបនា គ្រឹះដីបាតក្រោម​នៅ​ឡើយ។

ពេលពួកខ្ញុំទៅដល់ព្រំដែននៅម៉ោងជិត ១២ថ្ងៃត្រង់ទៅហើយ… ខ្ញុំបានចូលទៅសួរ ព័ត៌មាន ខ្លះៗ ពីមន្ត្រីប៉ូលីសដែលប្រចាំការនៅទីនោះ។ ខាងប៉ូលីសបានអោយដឹងថា កាណូត​លឿនដែលដឹកអ្នកដំណើរទៅកោះត្រល់ មានតែមួយជើងគត់ ដែល​ចេញ​ដំណើរ​នៅម៉ោង ១.៣០នាទី ជារៀងរាល់ថ្ងៃ។ ដោយសារថ្ងៃនេះ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស និងខ្មែរចូលទៅលេងកោះត្រល់ច្រើន ហេតុនេះ ប៉ូលីសព្រំដែន បានប្រាប់ថា៖ ខ្លាចតែអត់មានសំបុត្រកាណូតជិះទៅកោះត្រល់ទេ…

ឮបែបនេះ ខ្ញុំបារម្ភផ្អូចៗ… បើខកកាណូតមួយជើងនេះ មានតែដេកនៅព្រែកចាក មួយយប់ហើយ។ ខ្ញុំចាប់ផ្តើមរត់បែបបទឆ្លងដែនភ្លាម…។ ខ្ញុំប្រមូលលិខិតឆ្លងដែន ទាំងប្រាំ រួចដាក់គាបលុយ ២ម៉ឺនរៀលនៅក្នុងនោះ… ហេហេ… នេះមិនមែនជាការ សូកប៉ាន់អីទេ តែជាការជួយសំរួលដល់បងៗប៉ូលីស ដើម្បីសរសេរបំពេញលើ Form បែបបទចេញចូល… បើអោយពួកខ្ញុំសរសេរ អាចនឹងខុស ខាតពេលវេលា… ហេតុនេះ ប្រាក់ ២ម៉ឺនរៀល ប្រៀបដូចជាខ្លាញ់គោ ដើម្បី “ជួយសំរួល” អោយការងារនេះ មាន​ភាព​ “រលូន” ទៅមុខ ដោយមិនបារម្ភពីការទាក់ស្អិត..!!.. ហើយដូចគ្នានេះដែរ ពេល​ចូល​ដល់​ខាងប៉ូលីសអូតូរ៉ូវ៉ែរ វៀតណាម ខ្ញុំក៍ប្រើស្ទីស “ខ្លាញ់គោ” នេះ ដោយ​ផ្ទាប់​លុយ ១០ម៉ឺនដុង (ស្មើនឹង ២ម៉ឺនលុយខ្មែរ ឬ ៥ដុល្លារអាគាំង) ដាក់​ក្នុង​លិខិត​ឆ្លង​ដែន​ទាំងប្រាំ ដែលគិតទៅ ក្នុងពេលដែលមានភ្ញៀវកំពុង សំរុក​ចូលទៅ​លេង​វៀតណាម​យ៉ាង​ច្រើន​នោះ ខ្ញុំចំណាយពេលតែ ៣០នាទីប៉ុណ្ណោះ ពួកខ្ញុំទាំងប្រាំនាក់ បាន​ឆ្លង​ចូល​ផុត​ក្នុង​ទឹកដីវៀតណាមបាត់…។

ឆ្លងផុតបារ៉ាស់ព្រំដែនខាងវៀតណាម ពួកខ្ញុំបានហៅម៉ូតូឌុបម្នាក់មួយ ដើម្បី​ជិះចូល​ទៅ​ផែ​កាណូត ហាទៀង-ភូគួក ដែលមានចំងាយប្រមាណជិត ៨គ.ម ពីព្រំដែន។ ម៉ូតូឌុប​មួយជិះបានតែម្នាក់ ថ្លៃ ៥ម៉ឹនដុង (ស្មើនឹង ១ម៉ឺនលុយខ្មែរ ឬ ២ដុល្លារកន្លះ) ដែល​ពួកគេ សុទ្ធតែអាចនិយាយភាសាខ្មែរបាន។ មុននឹងឡើងជិះ ខ្ញុំបានប្រាប់ថា៖ ទៅកន្លែងលក់សំបុត្រកាណូត ជិះទៅកោះភូគួក…

ទៅដល់កន្លែងលក់សំបុត្រកាណូត ពួកខ្ញុំត្រេកអរណាស់ នៅពេលដែលឮ អ្នក​លក់​សំបុត្រ​ប្រាប់ថា៖ មានសំបុត្រគ្រប់គ្នា…។ សំបុត្រមួយសន្លឹក ថ្លៃ ២១៥.០០០ដុង ឬប្រហែល ១១ដុល្លារអាគាំង។

ពួកខ្ញុំបានទៅដល់ផែកាណូតហាទៀង នៅម៉ោង ១.១០នាទី ហើយដើម្បីខ្លាច​ពុល​រលក… ណាមួយគ្រប់គ្នានៅមិនទាន់ញាំបាយថ្ងៃត្រង់ផង ក៍នាំគ្នារកបាយញាំ​នៅ​ក្បែរផែកាណូតតែម្តង ដែលម្ហូបគឺគ្មានអ្វីក្រៅពីខសាច់ជ្រូកពងទាទេ…។

ម៉ោង ១.៣៥នាទី កាណូតចាប់ផ្តើមស្រាវពួរពីផែ រួចគ្រហឹមសំលេង គ្រញែងខ្លួន​ស្ទុះ​ទៅ​មុខសំដៅលំហសមុទ្រ។ កាណូតចំលងអ្នកដំណើរដែលខ្ញុំកំពុងជិះនេះ អាច​ផ្ទុក​មនុស្សបាន ១៣០នាក់ (១៣០កៅអី) មានវ័យជរាណាស់ដែរហើយ តែនៅ​តែ​អាច​ប្រើបាន។ ពេលចេញផុតពីដៃសមុទ្រហាទៀងទៅ កាណូតបានបង្កើន ល្បឿន​ថែម​ទៀត។ ជាចៃដន្យ នៅកៅអីក្បែរខ្ញុំ អ្នកជិះជាបុរស់ម្នាក់ ក្នុងវ័យប្រហែល ជាង ៥០ឆ្នាំ គឺជាខ្មែរក្រោមរស់នៅហាទៀងនេះ ដែលអាចនិយាយខ្មែរលេង ជាមួយខ្ញុំបាន។ គាត់ត្រូវទៅកោះត្រល់ ឬកោះភូគួក ដើម្បីធ្វើជាកម្មករនេសាទ ដោយទទួលប្រាក់ខែ ក្នុងមួយខែ ៣លានដុង (១៥០ដុល្លារ)។ ខ្ញុំសួរថា៖ តើមានខ្មែរយើងរស់នៅលើនោះទេ? គាត់បានប្រាប់ខ្ញុំថា៖ មានតែអ្នកទៅរស់នៅ និងធ្វើការងារថ្មីៗនេះទេ… ឯអ្នក​រស់​នៅ​ចាស់ៗ ពីបុរមបុរាណមក គឺមិនមាន សេសសល់ទៀតឡើយ

ខ្ញុំសំលឹងមើលទៅកោះ និងជួរភ្នំទាំងឡាយដែលនៅមាត់ច្រាំង… គឺកោះ និងជួរ​ភ្នំ​នៅ​ចំ​ខេត្តកែប និងខេត្តកំពតរបស់យើង… ជាពិសេសគឺជួរភ្នំបូកគោ និងជួភ្នំកូនដំរី មើល​ពី​សមុទ្រ​មក ឃើញច្បាស់ចែស។ ប្រហែលជាជាង ១ម៉ោងក្រោយមក ឆ្នេរកោះត្រល់ កាន់តែមានរូបរាងច្បាស់ឡើងៗ… ហើយនៅម៉ោង ៣.៣០នាទី កាណូត​បានចូល​ទៅ​ទង្គិះ​នឹង​ចំណត​កំពង់ផែហាមនីញ (Ham Ninh) នៃកោះភូគួក…។ ក្នុងពេល​ធ្វើ​ដំណើរ​លើទូក មានភ្នាក់ងារដឹកជញ្ជូន បានមកសួរ អ្នកដំណើរបរទេសទាំងអស់ ប្រសិន​បើ​ចង់​ធ្វើ​ដំណើរតាមរថយន្តឈ្នួលទៅទីក្រុង យឿងដុង (Dương Đông) ពួកគេ​នឹង​មាន​លក់​សំបុត្រជូន ក្នុងម្នាក់ ៣ដុល្លា ហើយពួកខ្ញុំក៍បានទិញគ្រប់គ្នាដែរ…។ ហេតុនេះ ពេល​ទូកដល់ច្រាំង ពួកខ្ញុំមិនបារម្ភ ពីអត់ស្អីជិះចូលក្រុងឡើយ។ សូមបញ្ជាក់ថា យឿងដុង គឺជាទីក្រុងរដ្ឋបាលរបស់ កោះភូគួកទាំងមូល ដែល​ស្ថិតនៅ​ផ្នែក​ខាង​លិច​នៃកោះ និងមានចំងាយប្រមាណជាង ១០គ.ម ពីកំពង់ផែហាមនីញ។ ក្រោមការ​គ្រប់គ្រង​របស់​រដ្ឋាភិបាលវៀតណាម កោះភូគួក គឺជាផ្នែកមួយនៃខេត្តគៀងយ៉ាង (Kiên Giang)។

នៅម៉ោងប្រមាណ ៤.៣០នាទីរសៀល ពួកខ្ញុំរកកន្លែកសំរាកបាន… តែមុននឹងរកបាន គឺពួកខ្ញុំនៅឡេឡឺ ឯចិញ្ចើមផ្លូវក្នុងក្រុងយឿងដុង យូរគួរសមដែរ។ ពួកខ្ញុំសំរាកនៅ​បឹង​កាឡូក្បែរមាត់សមុទ្រ ក្នុងតំលៃ ១៥ដុល្លារ ក្នុង ១យប់..!!..

កាលពីពេលដែលរថយន្តឈ្នួលដាក់ពួកខ្ញុំចុះក្បែរចិញ្ចើមផ្លូវក្នុងក្រុងយឿងដុង ខ្ញុំបាននិយាយខ្សិបៗតែម្នាក់ឯង៖ កោះត្រល់អើយ! គ្នាម៉ោម្តងទៀតហើយ..!!.. ហេហេ… នេះជាលើកទីពីរហើយ ដែលខ្ញុំមានឳកាសបានមកជាន់ដីកោះត្រល់។ កាលខ្ញុំមកលើកទីមួយក្នុងឆ្នាំ២០០៥ គឺខ្ញុំជិះឡានពីភ្នំពេញទៅហូជីមិញ… រួចជិះ​យន្ត​ហោះ​ពីហូជីមិញ មកកោះភូគួកនេះតែម្តង ដែលចំណាយសោហ៊ុយ អស់ច្រើនគួរសម តែនេះគឺដោយសារខ្ញុំចង់ស្គាល់កោះនេះពេក…៕

ស្រុកស្រែ

Advertisements

11 responses to “កំណត់ត្រា ភាគ២៖ ពីច្រកព្រំដែន​​ព្រែកចាក-​ហាទៀង ​ទៅដល់​កោះត្រល់…

  1. ស្រណោះក្លិនអូននៅក្បែរទ្រូងបង អាសូរកន្លងគេឆក់ពីដៃ
    រឿងអូននិងបងហាក់ដូចថ្មីៗ ឥឡូវពិសីត្រូវគេត្រកង។

    អាសូររឿងចាស់ផ្លាស់ផុតយូរឆ្នាំ តែចិត្តនៅចាំកាលអូនផ្តាំបង
    ឧស្សាហ៍ទៅលេងផ្ទះស្រីនួនល្អង តែកម្មកាចចងព្រោះបារាំងអប្រិយ។

    ស្រណោះស្រណោកបងយំបោកប្រាណ ព្រោះឃ្លាតកល្យាណគ្មានថ្ងៃវិល​វៃ
    អូនបានទៅគេហុកសិបឆ្នាំប្លាយ នឹកឡើងសែនស្តាយកាយដែលឃ្លាតឃ្លា។

    អាសូរដែនកោះដែនជម្រកស្នេហ៍ ព្រោះកម្មបុព្វេឲ្យយើងព្រាត់គ្នា
    ព្រាត់ទាំងស្រឡាញ់មិនបានពោលលា ឱកម្មវេរា លាទៅសែនឆ្ងាយ។

  2. Pingback: ដែនកោះជម្រកស្នេហ៍ « តៀម​កាហ្វេ

  3. ទុកជាអនុស្សាវរីយ៍ ទីដែនកោះដ៏អភ័ព្វ

  4. កាលសម័យប៉ុល ពត កោះនេះទ័ពខ្មែរក្រហមនៅនិងកាន់កាប់.
    តែក្រោយសទ្ធិសញ្ញាបន្ថែម១៩៨៥កោះនេះបែរជារបស់យួនទៅវិញ.
    ពីខ្មែរទៅកោះ ត្រល់ឬភូហ្វឹកភាសាយួន ៥៦គម តែពីយួនទៅវិញ១២០គម
    ចុះស្រុកស្រែទៅហើយគិតស្មានប៉ុន្មានគមដែរពីយួនទៅកោះភូហ្វឹក.

    • ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម​បានចូល​ទៅ​កាន់កាប់​​លើ​កោះ​ត្រល់​​​មែន… តែ​មិន​បាន​មួយ​ដង្ហើម​ចង្រិត​ផង ក៍​ត្រូវ​កងទ័ពអ៊ុំហូ បោសសំអាត​ម៉ត់​ ដូចបោសសំរាម​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះទៅ…។

      មើលតាម​ផែនទី ពីកំពង់ផែហាមនីញ នៃកោះភូគួក ទៅកំពង់ផែ​ហាទៀង មានចំងាយ ៤៥គ.ម និងពីកំពង់ផែ​ហាមនីញ ទៅបារាជ ឬរាជហ្គា (Rach Gia) ដែល​ជា​ទីប្រជុំជន​នៃ​​ខេត្ត​គៀងយ៉ាង​ (Kiên Giang) គឺ​មានចំងាយ​ ១២០គ.ម…

  5. កុំអីស្រុកស្រែទៅកោះនឹងមិនចំបាច់មាន បាស្ព័រ ទេ នឹងអ្នកបកប្រែផងដែរ.

    • មានគេនិទានថា៖ កោះនេះ ចៅហ្វាយខេត្តកំពត​ គាត់​ខ្ជិលជិះទូក​ទៅ​ទារ​ពន្ធដារ… ហើយ​ណា​មួយ​ពុលរលក​​ផង ណាមួយ​នឹក​ស្រី​ក្មេង​ផង… ក៍​ប្រាប់​ទៅ​អាណា​ព្យាបាល​បារាំង​ថា ​អោយ​វៀតណាម​ជិះទូក​ទៅ​យក​ពន្ធ​ដារ​ចុះ… ដល់​ក្រោយ​មក ខាង​វៀតណាម​ក៍​ដឹកកូនជញ្ជូនចៅ​ ទៅនៅ​ពេញ​លើ​កោះ​នោះ​តែ​ម្តងទៅ… ហើយ​ដល់​លោក​បារាំង​អាច់សេះ ដក​ចេញ​ពី​ឥណ្ឌូចិន​ទៅ គេ​ក៍​ចេះ​តែ​បន្ត​រស់​នៅចឹង​ទៅ… ដល់​ភ្លេច​ត្រចៀក ​អាណឹងគេថា ​ផស់គេ​ចឹងទៀត​ទៅ…។ ខ្ញុំ​ភ្លេច​ប្រាប់​ដួងចាន់​ដែរថា ពីខេត្តកំពត ទៅ​កោះត្រល់​ គឺ​មាន​ចំងាយ​តែ​ជាង ១២គ.ម ប៉ុណ្ណោះ។

      ពេលទៅ​ឃើញ​ធនធាន​ធម្មជាតិ និងសំរស់ធម្មជាតិ​ដ៏​ត្រកាល​នៅ​លើ​កោះ និង​ជុំវិញ​កោះនេះ… ខ្ញុំ​ចង់​តែ​ស្រែកសួរ​រក​មុខ តើ​​អ្នកណា​ជា​អ្នកធ្វើ​អោយ​កោះត្រល់​នេះ របូត​ចេញ​ពី​កម្ពុជា?

      • នឹងហើយដែលអ្នកដឹកនាំខ្មែរល្ងង់ខ្លៅតាំងពីដើមមកដល់ឥឡូវនៅមិនទាន់
        ឈប់ល្ងង់ខ្លៅទៀត តើពេលណាទៅអ្នកដឹកនាំខ្មែរឈប់ខ្លៅ?
        នៅលើកោះនោះមាន ដាំម្រេច,ធ្វើស្រែអំបិល,មានព្រលានយន្តហោះ
        ហើយនឹងការតាំងលំនៅរបស់ពួកនេសាទ.

  6. នរណា ថាខ្មែរអន់ ! នរណាថាខ្មែរ​ មិនពូកែ ! ហើយនរណា ថាខ្មែរ មិនចេះគិត !
    គំនិតទាំងអស់នេះ គឺមានតែក្នុងចិត្តតែប៉ុណ្ណោះ ! ​ខ្មែរខ្លះក្រៅពីគេចវេស​យករួចតែខ្លួនហើយនោះ នៅឆ្លៀតឱកាសទៀត ! មិនចេះគិតអំពីខ្មែរដូចគ្នាទេ!
    ខ្មែរលើ – ខ្មែរកណ្តាល – ខ្មែរក្រោម !!ខ្មែរកណ្តាលយើងខ្លាចអោយរញ័រ ចុះទំរាំតែគេរស់ស្ថិតក្រោមការគាបសង្កត់ ដើម្បីច្របាច់បញ្ចូលអោយទៅជា​ជាតិសាសនគេ ដែលរស់នៅតស៊ូរើបំរាស់អស់លទ្ធភាពហើយនោះ ! តើវា វាទនាប៉ុណ្ណា ? តើខ្មែរកណ្តាលអាចធ្វើបានដូចគេដែរទេ ?
    ជាឧទាហរណ៏ ឧកញា សឿន គុយ ស៊ូលះបង់ជីវិត ដើម្បី ការពារនូវ វប្បធម៌ អក្សរសាស្ត្រ ប្រពីណី ទំនៀមទំលាប់ ដូនតាខ្មែរ !! ស៊ូ កាត់ក្បាលរបស់លោក ដើម្បីជាថ្នូ នូវសម្បត្តិទាំងអស់នោះ( វប្បធម៌ អក្សរសាស្ត្រ ប្រពីណី ទំនៀមទំលាប់ ដូនតាខ្មែរ ) ​ . . . . .

  7. មេដឹកនាំគេភាគច្រើនបានការរៀនសូត្រជ្រៅជ្រះ ចុះលោកហ៊ុនសែនបានរៀនចប់ដល់ថ្នាក់ណាដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s