វិចិត្រសាល

តើលោក “យមរាជ” ជានរណា?


វត្តមានរបស់លោក ហង្ស វុទ្ធី (Hang Vuthy) ហៅ យមរាជ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០១២ ដែល​បានប​ង្ហាញ​ខ្លួន​នៅទី​ស្នាក់ការ​អង្គការ​លីកាដូ នា​ទីក្រុង​ភ្នំពេញ​កន្លង​ទៅ​នេះ បានបង្កើត​អោយ​មាន​នូវ​ចំងល់​ជាច្រើន សំរាប់​អ្នក​តាមដាន​សភាពការណ៍​ស្រុក​​ទេស​តាម​តុកាហ្វេ​ទាំង​ឡាយ… រីឯ​នៅ​ស្រុកភូមិ​វើត​ប្រេស​យើង​នេះ ក៍មាន​ញាតិ​មិត្ត​យើង​ខ្លះ បាន​លើក​ឡើង​នូវ​អត្ថបទ​វិភាគ​គ្រប់​ជ្រុង​ជ្រោយ​ពី​រឿង​នេះ​រួច​ហើយ​ផង​ដែរ។ តែ​តាម​មើល​ទៅ ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ណា​ស្គាល់​ប្រវត្តិ​ជន​នេះ​ច្បាស់​ក៍​មិន​ដឹង ទើប​បាន​ជា​មិន​ឃើញ​មាន​មតិ​ចាប់​អារម្មណ៍​សោះ…។ ដូច្នេះ​ពេល​នេះ​ខ្ញុំ​គ្រាន់​តែចង់​ជួយ​ថែម​គ្រឿង​គ្រៅ ខ្ទឹម ប៊ីចេង​ខ្លះ… ដើម្បី​ចង់​អោយ​អស់​លោក​អ្នក​បាន​ស្វែង​យល់​បន្ថែម​ទៀត​ថា តើលោក “យមរាជ” នេះ​ជា​នរណា?

តាមខ្ញុំ​បាន​កត់ត្រា​ទុក​នូ​វព្រឹត្តិការណ៍​សំខាន់ៗ​របស់​ស្រុក​ទេស​យើង តាមរយៈ​កាសែត​ធំៗ, ជាពិសេស គឺ​កាសែត​កោះសន្តិភាព ដែល​អតីត​បណ្ណាធិការ​កាសែត ​ដំណឹង​ពេល​ព្រឹក គឺលោក ងួន នន់ បាន​ដាក់​ឈ្មោះ​អោយ​ថា​ ជាកាសែត «ខ្ចប់មមីស​មាន់» ព្រោះ​ដោយ​សារ​ថា កាសែត​កោះសន្តិភាព​នេះ រកស៊ី​តែ​ជា​មួយ​នឹង​ដំណឹង​ខ្មោច​តៃ​ហោង..!!. តែពេល​ខ្លះ ដំណឹង​របស់​កាសែត​កោះសន្តិភាព ឬ​កាសែត​ខ្ចប់​មមីស​មាន់​នេះ បែរជា​ផ្តល់​​នូវ​ភាព​ងាយ​ស្រួល​សំរាប់​អោយ​ការ​ស្រាវជ្រាវ​ព័ត៌មាន និង​រូបភាព​ឧក្រឹដ្ឋកម្ម​បែប «ញាក់សាច់»  ដូច​ក្នុង​ករណី​លោក យមរាជ នេះ​ជា​ឧទាហរណ៍​ស្រាប់។

តាមឯកសារ​របស់​កាសែត​កោះសន្តិភាព ក្នុង​ខែមករា និងខែកុម្ភះ ឆ្នាំ២០០៦ បាន​អោយ​​ដឹងថា៖ លោក យមរាជ មានឈ្មោះ​ពិតគឺ ហង្ស វុទ្ធី អាយុ ៣៥ឆ្នាំ (ពេល​ចាប់​ខ្លួន) មានរហស្សនាម ទិវា-១៦ ជាមន្រ្តីប៉ូលីសការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​នៅចុងខែមករា ឆ្នាំ២០០៦ ជាមួយ​នឹង​មនុស្ស​ពីរនាក់​ទៀត​គឺឈ្មោះ ហង្ស វុត្ថា (ប្អូនបង្កើតរបស់ ហង្ស វុទ្ធី) ជា​អតីត​​មន្រ្តី​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និងម្នាក់​ទៀត​ឈ្មោះ អំ សំហេង ហៅ គង់ សុផល ជាមន្រ្តី​ប៉ូលីស​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ។ ក្រោយ​ពេល​ចាប់ខ្លួន​អ្នក​ទាំងបី​នេះ​រួច នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០០៦ កងកំលាំង​សមត្ថកិច្ច​បានសុំ​ដីការ​ពីសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ជន​ជាប់​ចោទ​ទាំងបី ហើយ​ជា​លទ្ធផល កងកំលាំង​សមត្ថកិច្ច​ប្រមូល​បាន​នូវ​វត្ថុតាង​បទល្មើស​ជាច្រើន…។

ប្រភពពីកាសែតកោះសន្តិភាពដដែល បានអោយដឹងថា៖ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០០៦ ដដែល ជនជាប់​ចោទ ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបាន​នាំខ្លួន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និងចោទ​ប្រកាន់​ទោស។ តាមការ​សាកសួរ​បាន​អោយ​ដឹងថា ហង្ស វុទ្ធី ហៅ​យមរាជ និងបក្សពួក បាន​ពាក់ព័ន្ធ​ក្នុងអំពើឃាតកម្ម ទៅលើ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺលោក សុខ សេដ្ឋាមុនី កាលពីថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០០៣ (ប្លុកលោក​ខ្មែរស្មេរថា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៣) ដែល​កាល​ណោះ លោក​ចៅក្រម​រូបនេះ​ត្រូវបាន​ខ្មាន់​កាំភ្លើង ២នាក់ ជិះម៉ូតូ​មក​ឈប់​ទន្ទឹម​នឹង​រថយន្ត​លោក ដែល​កំពុង​ឈប់​នៅ​ភ្លើងស្តុប កែងផ្លូវ​ត្រសក់​ផ្អែម រួចបាញ់​ចំនួន​៤គ្រាប់ ធ្វើអោយ​លោក​ចៅក្រម ស្លាប់មុន​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​សង្រ្គោះ។ ជាមួយ​នេះ​ដែរ លោក ហង្ស វុទ្ធី ហៅយមរាជ និងបក្ស​ពួក​ដដែល ក៍បាន​ជាប់ចោទ​ផងដែរ​ពីបទ​គំរោង​ឃាតកម្ម​មិនបាន​សំរេច​ធំៗ ចំនួន​ពីរ​ករណី​គឺ៖ ទី១ គំរោង​ឃាតកម្ម​ទៅ​លើ​លោក អ៊ុក សាវុធ ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ និងទី២ គំរោង​ឃាតកម្ម​ទៅលើ​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស ហើយ​លោក ហង្ស វុទ្ធី ហៅ​យមរាជ ក៍ត្រូវ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ទៅតាម​អំណាច​សាលដីការ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់តាំង​ពីពេល​នោះ​មក…។

តាមប្រភពពីកាសែតភ្នំពេញប៉ុស្តិ បានអោយដឹងថា ក្រោយពេលនៅក្នុងពន្ធនាគារ​ព្រៃស បាន​ប្រមាណ​ជា ៥ខែ គឺនៅ​យប់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០០៦ (កោះសន្តិភាព​ថា ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០០៦) ហង្ស វុទ្ធី ហៅ យមរាជ រួមនឹង​ទណ្ឌិត ១១នាក់ទៀត បាននាំគ្នា​អារ​ចំរឹង​ដែក ហែក​គុក​ព្រៃស “ដ៏រឹងមាំ” នេះ រត់ចេញ​រួច​ដោយ​សុវត្ថិភាព​ទៅ​ហោង(sic!)…។

បើតាមវិបសៃកោះសន្តិភាពថ្មីៗនេះបានអោយដឹងថា ក្រោយពេលចេញមកសារភាព​ទទួល​ទោស​លើក​នេះ ហង្ស វុទ្ធី ហៅ យមរាជ បាន​អោយ​ដឹងពី​ព្រឹត្តិការណ៍​ហែកគុក​រត់​កាល ៦ឆ្នាំមុន នោះថា៖ “នៅពេលដែលខ្ញុំ(យមរាជ)  រត់ចេញផុតពីគុក​មកដល់​ខាង​ក្រៅ មានរថយន្ត​មួយគ្រឿង ហៅអោយ​ខ្ញុំជិះ​ជាមួយ…  ប៉ុន្តែ​ពេលនោះ ខ្ញុំអត់​ទៅតាម​អ្នក​ហៅទេ គឺរត់​តាម​មធ្យោបាយ​ថ្មើរជើង​តម្រង់ទៅ​ផ្លូវជាតិ​លេខ២ ឆ្ពោះ​ទៅ​ខេត្ត​កំពត…  ខ្ញុំសម្ងំ​រស់នៅ​ខេត្តកំពត ធ្វើកម្មករ​ទូក​នេសាទ នៅតែ​លើ​សមុទ្រអស់​ប្រហែល​ជិត ៦ឆ្នាំ ក៍ទៅធ្វើ​កម្មករ​អូស​រទេះ នៅជាយដែន​ប៉ោយប៉ែត និង​ប្រកប​របរ​ដាំដំណាំ រហូត​មកដល់​បច្ចុប្បន្ន…  ដោយ​ជួបការ​លំបាក​ពេក ខ្ញុំក៍​សំរេចចិត្ត ចូលខ្លួន​មក​សារភាព​តែម្តង ព្រោះបើ​សម្ងំ​គេចខ្លួន នៅតែ​មិនរួច​ខ្លួន​ដដែល…”

តាមរយៈបទសម្ភាសន៍ ជាមួយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA ដែលបានផ្សាយ​កាល​ពីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១២ លោក ហង្ស វុទ្ធី ហៅ យមរាជ បាន​បដិសេធ​​ចោល​ទាំងស្រុង ទៅលើ​បទចោទ​ប្រកាន់ របស់សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ២០០៦ ដែលបាន​ដាក់​ទោស​លោក​ពីបទ​ឃាតកម្ម ទៅលើ​លោក​ចៅក្រម សុខ សេដ្ឋាមុនី និង​ពីបទ​គំរោង​ឃាតកម្ម​មិនបាន​សំរេច ទៅលើ​លោក​ព្រះរាជ​អាជ្ញា អ៊ុក សាវុធ និង​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេបញ្ជការ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស។ លោក ហង្ស វុទ្ធី ហៅ យមរាជ ថែមទាំង​បាន​សន្និដ្ឋាន​ផង​ដែរថា គំរោង​ការ​ហែកគុក​ព្រៃស រត់រួច​កាល​ពីពេល​នោះ គឺហាក់​ដូចជា​មាន​ផែនការ​គិតទុក​ជាមុន ក្នុង​គោលដៅ​ចង់​សំលាប់​គាត់​បំបិទ​មាត់… ហេតុនេះ​ហើយ​បាន​ជា​គាត់ រត់គេច​ខ្លួន​រហូត​ដល់ថ្ងៃ​ចេញ​មក​សារភាព​នេះ….។

ប៉ុន្តែ តាមរយៈរូបថតរបស់កាសែតកោះសន្តិភាព ដែលបង្ហាញពីរូបលោក ហង្ស វុទ្ធី ហៅ យមរាជ ឈរកាន់​កាំភ្លើង​បាញ់​ទៅលើជន​សង្ស័យ​ជាចោរ កាលពីចុងឆ្នាំ២០០៤ វិញ គឺពិតជា​លំបាក​ក្នុងការ​បង្ហាញ​ពីភាព​បរិសុទ្ធ ស្អាតស្អំ​របស់​លោក ហង្ស វុទ្ធី ហៅ យមរាជ ណាស់ បើទោះ​ជា “នេះជា​កិច្ចការ” របស់​គាត់ ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេៗ ថ្នាក់លើ​ក៍ដោយ ព្រោះថា វាដូច​គ្នា​ទៅនឹង​អ្វីដែល​លោក កាំង ហ្គិចអ៊ាវ ហៅ ឌុច ដែល​អនុវត្តន៍​តាម​បទបញ្ជា ពីមេៗ​ថ្នាក់លើ​របស់​គាត់​ផង​ដែរ…!!..

ស្រុកស្រែ

Advertisements

11 responses to “តើលោក “យមរាជ” ជានរណា?

  1. មនុស្សចាស់សល់ពីសង្គម

    ជំរាបរឮកលោកស្រុកស្រែ !
    ដោយសារថាអ្វីដែលលោកបានរៀបរាប់នៅក្នុងសាច់រឿង​ខាងលើ វាសម​គ្រប់​ល្មម​នឹង​អាច​យល់បាន​ទៅ​ហើយ​នោះ.. សំរាប់​ខ្ញុំ​គិតថា ដូច​ជា​មិនមាន​អីត្រូវ​បន្ថែម​ទឿត​ច្រើន​នោះ​ទេ.. គ្រាន់​តែ​ចាប៉​អារម្មណ៍​ថា គិតទៅ​មនុស្ស​ភាគច្រីន​ណាស់​មិនថា​អ្នកតូច អ្នកធំ រាស្រ្ត មន្តី្រ សេនាបតី…. ពិសេស​អ្នកធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​​ឃោរឃៅ​​ទាំងឡាយ​​មិន​សូវ​មាន​អ្នក​ក្លាហាន​ទទួល​ស្គាល់​កំហុស ឬចេតនា​អាក្រក់​របស់​ខ្លួន​ដែល​ធ្លាប់​ប្រព្រឹត្ត​ពេល​កន្លង​មក​នោះទេ គឺតែង​តែ​បដិសេធ​ បើមិន​តិចក៏ច្រើន… អ្នកខ្លះ​ហ៊ាន​​ពោល​​ដោយ​មិន​អៀន​ខ្មាស់​ថា ខ្លួនបែរ​ជា​រង​អំពើ​អយុត្តិធម៏​ទៅ​ទៀត​ផង។ល។…. តែលោក​ស្រុកស្រែ​អើយ… ខ្ញុំជឿ​ថា​ លើ​លោក​យើង​នេះ វាពិត​ជាមាន​យុត្តិធម៏… គឺមិន​អត់ទេ… បើវា​មិនទាន់​បាន​ទទួល​នៅ​ក្នុងលោក​នេះទេ លោក​ខាង​មុខ​​ពិតជា​អាច​(វាជា​បរិមត្ថធម្ម)… គឺមិន​ថា​អ្នកមាន​អ្នកក្រ អ្នក​តូចតាច​អត់​មាន​​អំណាច អ្នកធំៗ​​មាន​អំណាច​ហៀរដៃ.។ល។​ អ្នក​សាងអី​នឹង​ទទួល​ផល​នោះ… មានតែ​សេចក្តី​សុខស្ងប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ពិត​ជា​បរមសុខ​នៃ​យើង..។ មិនមែន​មាសពេជ្រ អំណាច ឬកំឡាំង​មហិមា ជា​សុភមង្គល​នោះ​ឡើយ….. សូមអរគុណ​លោក​ស្រុកស្រែ……។

    • បាទ ជំរាបរលឹក និង​សូមអរគុណ​ចំពោះ​ប្រសាសន៍​របស់​លោក​ ដែល​បាន​ភ្ជាប់​ជា​មួយ​នូវ​ពុទ្ធោវាទ របស់​ព្រះសម្មាសាមពុទ្ធ​ ព្រះរបមគ្រូ​នៃ​យើង…។ បើ​កុំ​តែ​លោក​រំលឹក​ កុំអី​ខ្ញុំ​ចង់​ភ្លេច​ហើយ​ថា ធ្វើ​ល្អបានល្អ! ព្រោះ​សម័យ​ឥឡូវនេះ ​ខ្ញុំ​ចេះ​តែ​គិត​ថា ធើអាក្រក់បានលុយ!.. រួចហើយ​យកលុយនោះ ទៅ​ធ្វើ​បុណ្យ​ សង់​ព្រះវិហារ បញ្ចុះសីមា​ គគ្រឹក​គគ្រេង​ទៅ… ឬ​បើ​មិន​អីចឹង​ទេ ខ្ចប់​ជា​កាដូ​​ផ្តល់​ជា​អំណោយ​ដល់​ជន​ក្រីក្រ ទុរគត​​ទៅ គឺ​អាច​ទូទាត់​ លាត់​សើយ​គ្នា​​ រវាង​បុណ្យ និង​បាប​ រួច​បាត់..!!.. 😀

  2. មនុស្សចាស់សល់ពីសង្គម

    អរគុណចំណាប់អារម្មណ៍របស់លោក! ប្រហែល​មាន​មនុស្ស​ច្រើន​នាក់​ណាស់ ដែល​បាន​គិត​ដូច​ជា​លោក​មាន​ប្រសាសន៍ (តែខ្ញុំ​សង្ឍឹម​ថា លោក​មិន​យល់​ដូចជា​គេ​ឯង​នោះ​ទេ…) ធ្វើអាក្រក់​ ​ក៏មិន​សុទ្ធ​តែ​បាន​លុយ​នោះ​ទេ​ដែរ.. តែបើ​សិន​ជា​បាន​លុយ​ច្រើន​ពី​អំពើ​អាក្រក់ ហើយ​យក​ទៅ​ធ្វើបុណ្យ ឬក៏​យក​ទៅ​ធ្វើ​បុណ្យ​​ដោយ​យល់​ថា​ អាច​លាងបាប​របស់​ខ្លួន​បាន​នោះ គឺមិន​អាច​ទេ… អ្នក​ធ្វើបុណ្យ គឺនិង​ទទួល​ផល​បុណ្យ…. រីឯការ​កសាង​អំពើ​អាក្រក់​ជា​អាទិ៍ មានការ​និយាយ​មិន​ពិត កុហក​បោក​ប្រាស​គេ ​ឬការ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ​​.(និច្ចសីល៥) គឺត្រូវ​តែ​ទទួល​ផល​បាប​ទាំងអស់​នោះ… ទ្រឹស្តី​ពុទ្ធ​សាសនា មិនមាន​ការ​ទូទាត់​គា្ន រវាង​បុណ្យ និង​បាប​នោះ​ឡើយ​ …

    • ចុះបើ​អ្នក​នយោបាយ ដើរ​និយាយ “គ្រុយ” រាស្រ្ត​តែ​រហូត​ណឹង… បើ​តាម​ធម៌​ព្រះ​ពុទ្ធ តើ​មាន​បាប​អត់? ព្រោះ​ថា ក្រោមមេឃ​លើ​ដី​នេះ អ្នកដែល​ពូកែ​​និយាយ​កុហកជាងគេ ខ្ញុំ​ថា គ្មាន​នរណា ស៊ីដាច់​​​​​អ្នក​នយោបាយ​ទេ… បើ​បែប​នេះ​មែន មិនបាប​ងាប់​ហើយ..!!.. ហើយ​បើ​លុយ​ដែល​បាន​​មក​ពី​អំពើ​បាប​ យក​មក​ធ្វើ​បុណ្យ​ ​ដើម្បី​ទូទាត់​កាត់កងគ្នា​​​ជា​មួយ​អំពើ​បាប​ ​អត់​បាន​បែប​នេះ អីចឹង​តើ​បាន​អ្នក​ខ្លះ​ខ្ជិល​ធ្វើបុណ្យ ធ្វើ​ទាន… សន្សំតែ​បាប តា​ម៉ង​ទៅ..!!.. :-D​​

  3. មនុស្សចាស់សល់ពីសង្គម

    សូមអនុញ្ញាតិជំរាបថាធម្មព្រះពុទ្ធសាសនា គឺជា​ទស្សនៈ​វិជ្ជា​ ដែលបាន​បង្ហាញ​នូវអ្វី​ដែល​ជា​ច្បាប់​ធម្មជាតិ​ដោយ​មិន​អាច​នឹង​ថា​ យកមក​កែឆ្នៃ​ទៅតាម​ការគិត​បន្ថែម​បន្ថយ​ពី​សច្ចៈភាព​របស់​សត្វលោក​បាន​នោះ​ឡើយ… ធម្មព្រះពុទ្ធ​សំដែង​ពី​បរមត្ថសច្ចៈ​ ដែល​​អ្នកមិន​បាន​ធ្លាប់​បាន​​ទទួល​​ការ​សិក្សា​ ទាំងការ​មើល ការអាន ការស្តាប់​ព្រះធម្ម​នឹង​មិនអាច​បាន​ជ្រាប​ងាយៗ​នោះ​ឡើយ…. និយាយ​រួម​អាច​ថា​ ជាការ​សិក្សា​អ្វី​ដែល​មើល​មិន​ឃើញ​នឹង​ភ្នែក តែ​ភាវៈ​នោះ​ពិតជា​មាន…. ដូច្នេះ បាប ​និង​បុណ្យ​​ប្រាកដ​ជា​មាន……

    • អរគុណលោក​ណាស់… សូម​ជំរាបលោកតាមត្រង់ចុះថា សំរាប់​ខ្ញុំតាំង​ពី​ធំ​ដឹង​ក្តី​មក បើទោះជា​អំពើ​បុណ្យ បាប​មើល​មិន​ឃើញ​ក៍​ដោយ តែ​នៅ​​រាល់​ទង្វើ​ អប្បករិយា ឬសកម្មភាព​​ការងារ​ប្រចាំ​​ថ្ងៃ​របស់​ខ្ញុំ គឺ​ខ្ញុំ​​តែង​ប្រកាន់​​​ខ្ជាប់​នូវ​ចិត្ត​មេត្តា និងការ​​សន្តោស​អត់អោន​​​ជានិច្ច…។

      តើលោក​មាន​ដែល​សាក​ទេ គឺ​នៅ​រាល់​ពេល​ដែលលោក​​បាន​ជួប​សត្វ​​តូចធំ​គ្រប់​ប្រភេទ​(ទាំងសត្វព្រៃ ទាំងសត្វចិញ្ចឹម) លោក​សាកល្បង​​សំលឹង​មើល​ទៅ​អោយ​ចំ​​កែវ​ភ្នែក​សត្វ​ទាំងនោះ​​​ប្រកប​ដោយ​ភាព​មេត្តា ​(មិនមែន​សំលឹង​ដោយ​ភាព​ក្រេវក្រោធ ឬ​​​ប្រមាថ​ទេ)។ ពេល​នោះ​ លោក​នឹង​ទទួល​បាន​នូវភាព​​មេត្តា និង​ភាព​ស្មោះស ពីកែវភ្នែក​​សត្វ​ទាំងនោះ​​ត្រឡប់​មក​វិញ​​ជា​មិន​ខាន… បន្ទាប់​មក​ លោក​នឹង​មាន​សេចក្តីសុខ​ និង​មាន​អារម្មណ៍​​ស្រស់​ថ្លា រីករាយ​… ហើយ​ជានិច្ចកាល ការ​សំលឹង​មើល​ទៅ​សត្វ​ មាន​ភាព​ធូរ​ទ្រូង​ជាង​ការ​សំលឹង​មើល​ទៅ​ចំមនុស្ស​គ្នា​ឯង​។ ទាំងនេះ​ គឺ​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ ​​តាំង​ពី​​រៀន​នៅ​​ក្នុង​សាលា​​ម៉្លេះ ដែល​ធ្វើ​អោយ​ខ្ញុំ​​រស់នៅ​ដោយ​មាន​សេចក្តី​សុខ អារម្មណ៍​ភ្លឺថ្លា គិត​អ្វី​ក៍​លឿន​រហ័ស​​ជាង​គេ​ និងជា​ពិសេស គឺ​​ជៀស​វាង​បាន​រហូត​ នូវ​រាល់​ទង្វើ​ហឹង្សា ឬអំពើ​ឃោរឃៅ​ដាក់​មនុស្ស​គ្នា​ឯង…។

  4. មនុស្សចាស់សល់ពីសង្គម

    សាធុ សាធុ លោកស្រុកស្រែ!
    សូមទោសដោយមិនបានតបភ្លាមៗទៅនឹងប្រសាសន៌លោក….
    លោកស្រុកស្រែជាទីរលឹក​ បន្ទាប់ពីបានឃើញ​សេចក្តី​តប​របស់​លោក​ខាងលើ ខ្ញុំពិត​ជា​ស្ញប់ស្ញែង​​ចំពោះ​ទង្វើ​របស់​លោក​ខ្លាំង​ណាស់ ព្រមទាំង​ដោយ​សេចក្តី​រីករាយ​ចំពោះ​ចិត្ត​មេត្តា​ករុណា​របស់​លោក​ (ដែល​មនុស្ស​លោក​យើង​ទាំងឡាយ​គួរតែ​មាន​ដូច​នេះ) ចំពោះ​សត្វ​ទាំង​ឡាយ… ខ្ញុំសុំ​អនុញ្ញាតិ​ជំរាប​លោក​ដោយ​ស្មោះ​ពីចិត្ត​ថា ទង្វើ​​និង​ឥរិយាបថ​ប្រកប​ដោយ​មេត្តា​នេះ​ ជាកុសល​មួយ​ធំធេង​ណាស់​ ហើយ​វាជា​អំពើ​របស់​បណ្ឌិត​ (ព្រះពុទ្ធ​ព្រះបរមសាស្តា​លោក​សំដែង​ថាវាជា​អំពើ​កំរ)…​
    សូមលោក​ខិតខំ​សំអាត​ចិត្តបន្ត ដើម្បី​កុសល​ទៅ​អនាគត… សូមអរគុណ

  5. Pingback: ហេតុអ្វី យមរាជ ចេញសារភាព? | វិទ្យុ សម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង

  6. រហសនាមយមរាជ មាយាទដូចយមបាលហៅ ហង្ស វុទ្ធី មិនគួកើតមកជាជាតិខ្មែរទេ គួតែកើតជា ថៃ ជាលាវវិញទៅ ព្រោះចរិកមិនដូចអ្នកកាន់ព្រះពុទ្ធសាសនាផង….។ បើជាបងប្អូនកូនក្មួយ អធិរាជម្រាមដៃប្រឡាក់ឈាមហៅ« ឌុច» ទំនងជាង…។ 🙂

    • ប្រហែលជាលោកហង្ស វុទ្ធី សាហាវ ចិត្តដាច់ក្នុងការបាញ់ប្រហារមនុស្សតាមដងផ្លូវ តាមការបង្គាប់ បញ្ជារបស់មេកើយគាត់ហើយ ទើបបានជាគាត់មានរហស្សនាមថា យមរាជ!… បើមិនអីចឹងទេ គាត់ក៍មិនអាចចូលក្នុងក្រុម ហេងពៅ បានដែរ… ឈាមស្រែក ស្បែកហៅ… បាបបុណ្យ… លើលោកនេះ យុត្តិធម៌ពិតជាមានមែន… អរគុណលោកជក់ទិព្វ ។

  7. http://kohsantepheapdaily.com.kh/article/40667.html

    តើថ្ងៃណាអស់លោកធំស្រុកខ្មែរលាងខួរឆ្កែនៃអំពើវាយតប់នេះចេញ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s