Monthly Archives: ខែ​ឧសភា 2012

ស្វ័យទិតៀន៖ ​ខ្ញុំជាជន​កំសាក..!!..??..

គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ នេះ ផ្ទះស្រុកស្រែរបស់ខ្ញុំ ដែលបាន​សាង​សង់​នៅ​តំបន់​សំបុក​ចាប WordPress នេះ មានរយៈពេលជាង ៩ខែហើយ… ជាង ៩ខែ​ដែល​ពោរ​ពេញ​ដោយ​ភាពរីករា​យ និងមិត្តភាពមិនអាចកាត់ថ្លៃបាន… ជាពិសេស គឺខ្ញុំ​សប្បាយ​ចិត្ត ដោយសារតែការចេះរក្សាបាននូវឥរិយាបទ “កំសាកៗ” របស់​ខ្ញុំនេះ​តែ​ម្តង..??..!!..

រំលឹកថយក្រោយបន្តិចកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១… ដោយមើលឃើញគំរូ​ពីការ​បិទ​ប្លុក​បែប​ “ឆៅៗ” របស់ញាតិយើង គឺលោក សាម៉ាឌី (ឈ្មោះហៅក្រៅ ស៊ីម៉ាដាម) ហើយ​ខ្ញុំ​ភ័យ​ខ្លាច​ប្លុកស្រុកស្រែរបស់ខ្ញុំ មានវាសនាដូចប្លុករបស់គាត់ ដែរនោះ ខ្ញុំក៍​បាន​ចំណាយ​ប្រាក់ ដើម្បីទិញ Domain Name (sroksrear.com) ពីក្រុមហ៊ុន WordPress នេះ​តែ​ម្តង ដោយខ្ញុំគិតថា៖ របស់ដែលគេអោយប្រើទទេៗ (free) ប្រសិន​បើ​យក​មក​ប្រើ​បែប “ធម្មតា” គឺមិនអីទេ តែបើប្រើបែប “អធម្មតា” វិញ គឺច្រើន​តែមាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ហើយ។

ដូចការគិតរបស់ខ្ញុំមែន… ក្រោយមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំបានដាក់ប្រកាសមួយ ជា​ប្រភេទ​បែប “អធម្មតា” មានចំណងជើងថា៖ ទន្សោងគោព្រៃ… ដែលមានខ្លឹមសារ លើក​ព្រនង់​វ៉ៃត្រង់ៗតែម្តង…។ ភ្លាមៗនោះ មិនដឹងជាអាចង្រៃ Hacker ចោរម្រ៉ាយ លេចចេញពីក្រហែងមេឃណាម៉ោទេ ដែលវាញ៉ាមធ្លាប់បានបិទប្លុកគេឆៅៗ នៅក្នុង WordPress នេះ បានហក់ចូលមកបិទប្លុកស្រុកស្រែរបស់ខ្ញុំនេះចោលតែម្តង។ តែ​ដោយ​សារ​ខ្ញុំ​បានទិញ Domain Name ទាន់ពេលវេលា ជាហេតុធ្វើអោយក្រុមនេះ បាន​ត្រឹម​តែ​បិទ Comment ដើម្បីកុំអោយមានអ្នកបញ្ចេញយោបល់បន្តទៀត នៅ​ក្នុង​ប្រកាស​ទន្សោង​គោព្រៃនេះតែប៉ុណ្ណោះ… ហើយតាំងពីពេលនោះមក ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ ក៍មិនទាន់ឃើញមានហេតុភេទអ្វីកើតឡើងទៀតដែរ។ តែខ្ញុំនៅតែយល់ថា ពួក​ក្រុម​គេ​នេះ នៅតែអាចមានសមត្ថភាពធ្វើអ្វីៗបានស្រេចតែ ក្បាលវ៉ាល់ណឹង ប្រសិន​បើពួកគេចង់…។

ចាប់ពីមានរឿងហេតុចង្រៃខាងលើនេះមក ខ្ញុំបានក្លាយទៅជាជន “កំសាក” លែង​ចង់​ធ្វើ​ជា​អ្នក​ក្លាហាន “លីព្រនង់” ទៀតហើយ…។ ម្យ៉ាងមកពីខ្ញុំយល់ថា ប្រសិន​បើ​រដ្ឋ​អំណាច​ចង់​រកអត្តសញ្ញាណរបស់ម្ចាស់ប្លុកនីមួយៗ ដែលកំពុងខំប្រឹង លាក់​មុខ​ដូច​ពង្រូល និងកំពុងរស់នៅក្នុងស្រុកខ្មែរស្រាប់ ដូចយ៉ាងស្រុកស្រែខ្ញុំនេះ ជាដើម គឺ​ហាក់​ដូច​ជា​គ្មាន​អ្វីពិបាកសោះ ព្រោះថា ក្រុមហ៊ុន ISP ទាំងអស់ ស្ថិតនៅ ក្រោម​ការ​គ្រប់​គ្រង​​របស់រដ្ឋអំណាច… ហេតុនេះ បើរដ្ឋអំណាចចង់រកម្ចាស់ប្លុក មួយណា គឺ​គ្រាន់​តែ​ស្វែង​រក​តាមរយៈ IP Address របស់អ្នកប្រើប្រាស់ម្ចាស់ប្លុកទៅ គឺ​ងាយ​ជាង​លា​បាត​ដៃ​ទៅ​ទៀត…។

ទន្ទឹមនឹងការតាំងចិត្តធ្វើជាជនកំសាកនេះ ដែលក្រោយមក មានញាតិមិត្តយើងខ្លះ បាន​ចាត់ទុកខ្ញុំថា ជាប្រភេទកំសាកញីទៅទៀត… តែគិតៗទៅ ខ្ញុំក៍មិនអៀនខ្លួន និង​ស្រួល​ម្យ៉ាង​ដែរ ព្រោះថា ការធ្វើជាជនកំសាក មិនសូវមាន “សត្រូវ” ច្រើនទេ… តែការ​កំសាក​របស់ខ្ញុំនេះ មានចរឹតជាការកំសាកបែប “ហ៊ាន”… មិនមែនកំសាកបែប “ខ្លាច” គេ​ញ៉មៗ​ទេ។ ហេតុនេះហើយបានជាខ្ញុំ ដូរឥរិយាបទពីអ្នកក្លាហាន “លីព្រនង់” ចាំវ៉ៃ​ត្រង់ៗ ទៅ​ជាជនកំសាកអង្គុយ “កាន់ព្រនង់” អង្អែលវិញ។ ចំណាំមើលខ្ញុំចុះ… ពេល​ណា​ខ្ញុំចង់ “ចូលប្រឡូក” ក្នុងរឿងហេតុណាមួយ គឺខ្ញុំចូលចិត្តអង្អែលព្រនង់ និង​គ្រាន់​តែ​កាន់​ព្រនង់យកទៅជន្ល ធ្វើវ៉ៃប្រឆិតៗ… វ៉ៃក្បែរៗ… ធ្វើជាវ៉ៃខុយៗ… វ៉ៃអោយស្ញើបៗ… វ៉ៃ​អោយ​ល្ហើយៗខ្លួន..!!.. ការវ៉ៃបែបនេះ ខ្ញុំយល់ថា ពេលខ្លះ​ធ្វើ​អោយ​ឈឺចាប់​ដល់​កណ្តាល​ដើមទ្រូង! ឈឺគ្រាំគ្រឿងក្នុង! ឈឺស្រគារពេញក្បាល… ឈឺ​ជាង​វ៉ៃ​អោយ​ចេញ​ឈាម​ទៅទៀត..!!..??..

នៅមានទៀត… វិធីវ៉ៃបែបកំសាកៗ ធឺម៉ាកស្រុកស្រែខ្ញុំនេះទៀតសោត គឺជាការវ៉ៃ តាម​របៀប​ត្រៀម​ទុកជាមុននូវច្រកផ្លូវក្រោយ ដើម្បីងាយស្រួលដល់ការ “ដកថយ” តាម​ក្បួន​យុទ្ធសាស្រ្ត..!!.. ការដែលអ្នកក្លាហាន ចូលចិត្តនាំគ្នាលីព្រនង់ទៅសំពងចំៗ ម៉ាអស់​ទំហឹង… គឺហាក់ដូចជាយកក្បាល ទៅជល់នឹងជញ្ជាំង “វិមានសន្តិភាព” អញ្ចឹង ដែល​ខ្ញុំ​យល់ថា មិនមែនជាអ្នកក្លាហានពិតប្រាកដទេ…។

ខ្ញុំមិនបង្អាប់ទេ… តែគិតចុះគិតឡើងទៅ… បើប្រៀបជាមួយនឹងអ្នកក្លាហាន ខ្ញុំនៅ​តែជា​ជន​កំសាក អាដែល..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements
វិចិត្រសាល

ទិដ្ឋភាពសាលារៀនគួរ​ភាសា​អង់គ្លេស​​ ​នៅទីជនបទ…

This gallery contains 6 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពសាលារៀនគួរភាសាអង់គ … បន្ត​ការ​អាន

តាថេន និងចៅសន ឆ្នាំ២០១២…

រឿងតាថេន និងចៅសន ជាភាគនិទានក្នុងសៀវភៅ គតិលោក ដែលនិពន្ធដោយ ឧកញ៉ាសុតន្តប្រីយជា ឥន្ធ ដ៏ល្បីល្បាញ… កាលពីខែមុន ខ្ញុំឃើញញាតិមិត្តយើង នៅទីនេះ បានរៀបរាប់ពីហេតុការណ៍មួយ ស្រដៀងគ្នានឹងរឿងតាថេន និងចៅសន ដែរ… ហើយពេលនេះ ខ្ញុំក៍ចង់លើកយករឿងដដែលនេះ មកនិទានម្តងទៀត ជាការកែកំសាន្តផងដែរ…។

ដំណើររឿងតាថេន និងចៅសន របស់ឧកញ៉ាសុតន្តប្រីយជា ឥន្ធ មានដូចតទៅ៖ …មានប្រជាជនក្នុងភូមិមួយ ត្រូវបានលង់ខ្លួនចាញ់បោកល្បិចកល ជនខិលខូច មួយក្រុម ដោយមានមេក្លោងឈ្មោះតាថេន ដែលបានតាំងខ្លួនជាតាបស សម្មាទានសីល ដើម្បីធានាខ្លួនមកជួយរៀបចំពិធីរំដោះគ្រោះកាចចង្រៃនៅក្នុងភូមិ… ជាតង្វាយសំរាប់រៀបចំពិធីរំដោះគ្រោះនេះ គឺតំរូវអោយប្រជាជនក្នុងភូមិទាំងអស់ ត្រូវតែបរិច្ចាគទ្រព្យធនរបស់ខ្លួន យកមកបូជាដាក់នៅក្នុងរោងពិធីរំដោះគ្រោះ របស់តាថេន ដែលស្ថិតនៅឆ្ងាយពីភូមិឋានរបស់អ្នកស្រុក។ ជាតំណមរបស់តាថេន គឺហាមដាច់ខាតមិនអោយមាននរណាម្នាក់ ចូលមកក្នុងរោងពិធី ដែលមាន “សីមា” ព័ទ្ធពីក្រៅជាដាច់ខាត… ប្រសិនបើមាននរណាម្នាក់ល្មើស នឹងដំណមនេះ អ្នកនោះនឹងត្រូវ “ឆ្កួត” វិកលចរិត និយាយមិនដឹងខុសត្រូវឡើយ។ វេលាថ្ងៃមួយ មានក្មេងប្រុសម្នាក់ ឈ្មោះចៅសន បានឮសំលេងមនុស្សស្រែកឡូឡា ដោយប្រការ សេពគ្រឿងស្រវឹងនៅក្នុងរោងពិធី… ដោយមិនអស់ចិត្ត ចៅសនបានលបលួច ដើរចូលទៅមើលអោយឃើញផ្ទាល់ភ្នែកក្នុងរោងពិធីតែម្តង ក៍ស្រាប់តែឃើញតាថេន និងបក្សពួក កំពុងផឹកស៊ីហ៊ោកញ្ជ្រៀវ និងកំពុងរៀបចំប្រមូលទ្រព្យសម្បត្តិ របស់អ្នកស្រុក បំរុងរត់គេចខ្លួន។ ពេលដឹងរឿងពិតបែបនេះ ចៅសនបានរត់ សំដៅទៅភូមិ ព្រមទាំងស្រែកប្រាប់អ្នកស្រុកថា តាថេន និងបក្សពួកកំពុងផឹកស៊ី ស្រវឹង ព្រមទាំងកំពុងប្រមូលទ្រព្យសម្បត្តិរបស់អ្នកស្រុក បំរុងរត់គេចខ្លួនហើយ។ តែអ្នកស្រុកទាំងអស់មិនជឿសំដីរបស់ចៅសនឡើយ ដោយពួកគេយល់ថា ចៅសនបានដើរចូលក្នុងសីមារបស់ពិធី ទើបបណ្តាលអោយក្លាយទៅជា “ឆ្កួត” និយាយផ្តេសផ្តាសបែបនេះ ព្រមទាំងចាប់បញ្ចូនខ្លួនចៅសន យកទៅប្រគល់អោយ ក្រុមតាថេន ដើម្បីព្យាបាលជំងឺឆ្កួតនិយាយផ្តេសផ្តាសនេះថែមទៀតផង… គឺពេលនោះហើយ ដែលចៅសនយល់ថា៖ មនុស្សមួយភូមិ “ឆ្កួត” ទាំងអស់!… ចំឡែកតែអញមួយ “ជា” អត់ឆ្កួតដូចគេ..!!..??.. តែការដែលអញ “ជា” តែម្នាក់ឯង បែបនេះ ទើបបណ្តាលអោយអ្នកស្រុកទាំងអស់នោះ  ចោទថាអញ “ឆ្កួត” ទៅវិញ… ហេតុនេះ បើអញមិនធ្វើឆ្កួតតាមអ្នកស្រុកទាំងអស់នោះទេ មើលទៅក្រុមតាថេន នឹងវ៉ៃអញអោយទាល់តែងាប់ហើយ..!!..

ខាងលើនេះ ជាការសង្ខេបនៃភាគនិទានរឿងតាថេន និងចៅសនរបស់គតិលោក សម័យដើម… លុះចំណេរក្រោយៗមក រឿងរ៉ាវនៅក្នុងសង្គមខ្មែរយើង ឧស្សាហ៍ជួប នូវហេតុការណ៍បែបតាថេន និងចៅសន នេះណាស់។ ជាក់ស្តែងថ្មីៗនេះ រឿងរ៉ាវរបស់ ព្រះភិក្ខុ លួន សាវ៉ាត បានកើតឡើងស្រដៀងគ្នានឹងភាគនិទាន របស់គតិលោក ខាងលើនេះដែរ។ ព្រះភិក្ខុ លួន សាវ៉ាត មើលទៅដូចតួអង្គចៅសន បេះបិត ដោយបានដើរចេញពីព្រះវិហារវត្តបទុមវតី ឆ្លងកាត់ “សីមា” ដំណម ដើម្បីទៅចូលរួម ក្នុងពិធីតវ៉ាផ្សេងៗតាមទីសាធារណៈ និងបាន “មើលឃើញ” ពីទុក្ខលំបាករបស់ អ្នកតវ៉ាទាំងអស់នោះ…។ ទង្វើរ ឬសកម្មភាពបែបនេះ ត្រូវបានព្រះភិក្ខុ លួន សាវ៉ាត គិតយល់ដោយខ្លួនព្រះអង្គផ្ទាល់ថា៖ ជាទង្វើរប្រកបដោយទឹកចិត្តដ៏សប្បុរស ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅ…។ ព្រះអង្គក៍ប្រហែលជាយល់ទៀតថា៖ ក្នុងឋានៈខ្លួនជាសង្ឃ ដែលឆាន់បាយរបស់ ប្រជាជន កាលបើឃើញប្រជាជនមានទុក្ខហើយ បើមិនជួយយកអាសារ រកខុស រកត្រូវទេ មិនដឹងជាអាត្មាអញ បួសរកខ្មោចយ៍អីទេ..??..!!..

តែទង្វើរបែបព្រះភិក្ខុ លួន សាវ៉ាត នេះបានធ្វើអោយព្រះភិក្ខុសង្ឃដទៃៗទៀត ស្ទើរតែទាំងអស់ ជាពិសេស សម្តេចសង្ឃថ្នាក់ឡូស កំពូលៗ បែរជាយល់ថា៖  គឺជាការប្រព្រឹត្តិខុសនឹងធម្មវិន័យសង្ឃព្រះពុទ្ធសាសនាទៅវិញ… ការដែលខ្លួន គ្រងស្បង់ចីពរជាសង្ឃ ហើយទៅជួយឈឺឆ្អាលរឿងរបស់គ្រហស្ថបែបនេះ គឺជាការមិនត្រឹមត្រូវ… ហើយបើចង់ធ្វើបែបនេះ វិធីមានតែមួយគត់ គឺត្រូវតែ ផ្សឹកពីសង្ឃ ហើយស្លៀកពាក់ជាស៊ីវិល ចូលប្រឡូកក្នុងឆាកនយោបាយ អោយពេញទំហឹងតែម្តងទៅ…។

ហេតុនេះហើយ ទើបប្រហែលជាសម្តេចសង្ឃថ្នាក់ឡូសៗ បានមូលមតិគ្នា បើកភ្លើងខៀវមហាសាមគ្គី ដើម្បីចាប់ខ្លួនចៅសន-លួន សាវ៉ាត យកទៅប្រគល់ អោយក្រុមតាថេន-តុលាការ ដើម្បីធ្វើយ៉ាងណា បង្ខំអោយ ចៅសន-លួន សាវ៉ាត ឈប់ដើរឆ្វេចឆ្វាចតាមទីសាធារណៈ និងជាពិសេស កុំអោយមានសង្ឃដីការ “ផ្តេសផ្តាស” ជួយក្រុមអ្នកតវ៉ាទៀត..!!..

តែអ្វីដែលជាកំហុសពិតប្រាកដ ហាក់ដូចជាស្ថិតនៅហួសឆ្ងាយពីនេះ… នោះគឺមកពី ព្រះសង្ឃចាប់ពីឋានៈតូចទាប រហូតដល់ថ្នាក់ឡូស កំពូលៗ បានមកប្រមូលផ្តុំមូលមីរ មកប្រជ្រៀតគ្នាឈរនៅខាងរដ្ឋាភិបាល… ចំឡែកខុសគេតែព្រះភិក្ខុ លួន សាវ៉ាត តែមួយអង្គឯងគត់ បែរជាមកឈរនៅក្នុងក្រុមប្រជាជនអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ទៅវិញ..!!.. រឿងនេះ ខ្ញុំមិនហ៊ានថា ខាងណា “ឆ្កួត”  ខាងណា “ជា” ទេ… តែមើលទៅ ដំណើររឿង អត់ខុសពីភាគនិទានតាថេន និងចៅសន បន្តិចណាសោះ… គ្រាន់តែថា រឿងហេតុមួយមុនកើតនៅសម័យដើម ឯរឿងហេតុមួយនេះ កើតនៅក្នុងឆ្នាំ២០១២ ក្តៅៗនេះឯង..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

ម្ហូបខ្ញុំម្សិលមិញ…

ម្សិលមិញ ខ្ញុំឃើញបងប្អូនខ្មែរឥស្លាមយើង រាយមងក្នុងទន្លេបានត្រីខ្ជឹង១ និង ត្រីឆ្លាំង១ ធាត់ទ្រលុកៗ ហើយខ្ញុំក៍ចែកទិញពីពួកគេ ដើម្បីយកមកធ្វើម្ហូប អោយប្លែកមាត់…។

ត្រីខ្ជឹង ខ្ញុំយកមកស្រុះទឹកក្តៅអោយអស់ក្រឡា កុំអោយដូចពស់ថ្លាន់ពេក… គិតថា នឹងយកវាទៅស្ងោរជ្រក់ត្រយូងចេក អោយជ្រះមាត់ម្តង…។ ឯត្រីឆ្លាំង វះពោះវា លាងច្បូតទឹកអំបិលលាយទឹកក្រូចឆ្មារ អោយកាត់ឆ្អាប រួចអាំងអត់បង្ខំលើរងើក ភ្លើង…។ ខ្ញុំដើរទៅក្រោយផ្ទះ ទៅអើតរកមើលក្តិបសន្តាន់ បេះបានបួនដប់ផ្លែ… គិតថា នឹងបុកវារួចដាក់ទឹកត្រី ញិចម្ទេសអោយហិរបន្តិច ដើម្បីផ្ទាប់ជាមួយត្រីឆ្លាំងអាំង… អស់លោកអ្នកអាចស្រមៃទៅដល់ពេលដែលម្ហូបខ្មែរទាំងពីរមុខនេះឆ្អិនទៅ តើនឹងមានរសជាតិយ៉ាងណា?… ខ្ញុំមិនហ៊ានដាក់បង្ហាញរូបម្ហូបទាំងពីរមុខនេះ ក្រោយពេលចំអិនទេ ព្រោះខ្ញុំខ្លាចអស់លោកអ្នកដែលកំពុងរស់នៅស្រុកក្រៅ ទប់មិនបានពីការនឹករលឹកមកស្រុកកំណើត ជាពិសេស នឹកដល់ក្តិបសន្តាន់ខ្មែរ ដ៏មានឳជារស…៕

My Food

My Food

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

កំណាព្យរជ្ជកាល រាជវង្សថាង…

ខាងក្រោម​នេះ ជាខ្លឹមសារកំណាព្យ​​ក្នុង​រជ្ជកាលស្តេចថាង, ស្ថិត​នៅក្នុង​ក្បាល​ទី​៧២៨ ជំពូកទី៤៧ បន្ទះឬស្សីទី៤ អាន​បញ្ច្រាស់​ពីក្រោមឡើងលើ ដែលបាន​បកប្រែ​​ក្រៅ​ផ្លូវ​ការ​ជា​ខេមរ​ភាសា​ដូច​ខាង​ក្រោម… 😀

«ខែប្រាំង ថ្ងៃក្តៅ, ខ្យល់បក់ដីហុយ​ គួរអោយ​ស្រណោះ… ខែវស្សា ​ធ្លាក់ភ្លៀង​ផ្លូវបែកភក់… ទាំងមនុស្ស​ទាំងសត្វ នាំគ្នាដើរលុយភក់ កាត់ភូមិឋាន​ដ៏អ៊ូអរ» 

Road of countryside, Cambodia

នេះជាផ្លូវក្នុងភូមិមួយរបស់ខេត្តកណ្តាល ដែលខ្ញុំបានថតកាលពីម្សិលមិញ… មើលទៅសក្តិសមនឹងខ្លឹមសាររបស់កំណាព្យរាជវង្សថាង ខាងលើនេះណាស់…

ស្រុកស្រែ

ចំណង​អាពាហ៍ពិពាហ៍​ គូស្នេហ៍​ចាស់…

ប៉ុន្មានថ្ងៃមុននេះ សំរាប់អ្នកតាមដានសភាពការណ៍នយោបាយស្រុកខ្មែរ ហាក់ដូចជាមានការភ្ញាក់ផ្អើលតិចតួចណាស់ ចំពោះព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ចាស់ៗមួយគូរ ដែលបានលែងលះគ្នាអស់រយៈពេលយូរគួរសមដែរ… អ្វីដែលជាការចាប់អារម្មណ៍នោះគឺ ពិធីរៀបមង្គលការឡើងវិញម្តងទៀតនេះ មិនត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានខាងប្រុស ហើយក៍មិនមែននៅគេហដ្ឋាន ខាងស្រីដែរ តែបែរជារៀបចំធ្វើនៅក្នុងសណ្ឋាគារថ្នាក់ “ផ្កាយ៧” ដែលតាមដំណឹង គឺម្ចាស់សណ្ឋាគារផ្កាយ៧ នេះតែម្តងដែលជាអ្នកសំរបសំរួលអោយគូស្នេហ៍យិនស៊ិន មួយគូរនេះ ត្រូវរ៉ូវគ្នាឡើងវិញ… ម្យ៉ាងបើតាមអ្នកមាត់អត់គំរបខ្លះបានអោយដឹងថា កាលពេលលែងលះគ្នា ក៍ម្ចាស់សណ្ឋាគារផ្កាយ៧ នេះជាអ្នកពន្យុះអោយប្តីប្រពន្ធ មួយគូរនេះ ចែកចានចែកឆ្នាំងគ្នាដែរ… ហេតុនេះ ទាល់តែត្រឡប់មករកគ្រូដើមវិញ បានចប់រឿង..!!..

រឿងនេះមិនមានអ្វីជាអាថ៌កំបាំងឡើយ ព្រោះថា បើតាមទ្រឹស្តីរបស់អតីតមគ្គុទេសន៍ ចិនលោក តេង ស៊ាវពីង កាលពីអំឡុងសង្រ្គាមត្រជាក់នោះគឺ៖ សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ! ដោយហេតុនេះ ការប្រមូលផ្តុំ “សត្រូវរបស់សត្រូវ” អោយមកនៅ ក្រោមចំណុះខ្លួន គឺជាយុទ្ធសាស្រ្ត ឈានទៅរកភាពខ្លាំង ភាពឈ្នះ..!!..

ខ្ញុំនៅចាំថា កាលពីអំឡុងយុទ្ធនាការបោះឆ្នោតមុនៗ ម្ចាស់សណ្ឋាគារផ្កាយ៧ ដដែលនេះ ក៍លោកឧស្សាហ៍លើកឡើងពីយុទ្ធសាស្រ្តរបស់លោកញឹកញាប់ណាស់៖ សុខចិត្តមានសត្រូវខ្លាំង ប្រសើរជាងមានមិត្តដ៏កំសោយ… ហើយសុខចិត្តមានសត្រូវ ឆ្លាតវាងវៃ ប្រសើរជាងមានមិត្តល្ងង់ទ្រើកៗ…។ ហេតុនេះ ការជួយផ្តល់យុទ្ធសាស្រ្ត និងកំលាំងចិត្តដល់មិត្ត “ខ្សោយៗ” អោយមានភាព “រឹងមាំ” តែ “មិនខ្លាំង” ដើម្បីជួយទប់ទល់សត្រូវរួម គឺជាការចាំបាច់ដែលត្រូវធ្វើដោយជៀសពុំរួច។

តែអ្វីដែលពិបាកភ្នែកនោះគឺ តើញាតិមិត្តទាំងខាងប្រុស ទាំងខាងស្រីដែលរស់នៅ តាមស្រុកតាមភូមិ ពួកគេនឹងធ្វើមុខយ៉ាងម៉េចដាក់គ្នា? ព្រោះថា មុននេះប៉ុន្មានថ្ងៃ “បងប្អូនដែលជាសត្រូវនឹងគ្នា” នេះ បានគប់ដបទឹកសុទ្ធដាក់គ្នា ស្រែកបរិហារគ្នា ទៅវិញទៅមក នៅពេលហែរក្បួនជួបគ្នាម្តងៗ… ដល់ឥឡូវនេះ មេៗខាងលើ គេត្រូវរ៉ូវគ្នាឡើងវិញហើយ និងថែមទាំងអោបថើបគ្នាម៉ាង៉ៃបីដង ថែមទៀត… ដូច្នេះ តើអ្នកនៅក្រោមៗ ធ្វើដូចថ្នាក់លើរបស់ខ្លួន ទៅរួចអត់?

ពាក្យចាស់លោកពោលថា៖ ទូកអ្នកនយោបាយ “ខ្លី”… ឯទូកប្រជាពលរដ្ឋម្ចាស់ឆ្នោត “វែង” បត់អត់ទាន់ទេ… ហើយរឿងនេះ សំរាប់អ្នកនយោបាយ គឺវាត្រូវតែអញ្ចឹងឯង… មិត្តថ្ងៃនេះ អាចក្លាយទៅជាសត្រូវនៅថ្ងៃស្អែក! ឯសត្រូវថ្ងៃនេះ ក៍អាចក្លាយទៅជាមិត្ត នៅថ្ងៃស្អែកវិញបានដែរ!…

ស្រុកស្រែ

វិចិត្រសាល

តើមេឃុំ​ដែលបានមក​ពីការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ​​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​មែនឬ?​

This gallery contains 5 photos.

ចំណងជើងខាងលើនេះ គឺជាសំណួរដែលខ្ញុំតែងតែចោ … បន្ត​ការ​អាន