ការស្លាប់​របស់​មិត្តខ្ញុំ អាចទាក់ទង​​​នឹង​​​កំលាំង​សមត្ថកិច្ច ​ឃុបឃិត​ជា​មួយ​​ឈ្មួញឈើ…


Chut-Wutty_Mok Chito

លោក ឈុត វុទ្ធី(កាលនៅរស់) និងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធានគណៈកម្មការស៊ើបអង្កេត ករណីបាញ់ប្រហារនៅខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២

ការចាប់ឃាត់ខ្លួនជនសង្ស័យមួយរូប ដែល​ជា សាក្សី​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​មិត្ត​ខ្ញុំ, លោក ឈុត វុទ្ធី (Chut Wutty) និង​មន្ត្រី​ប៉េអិម ​អ៊ិន រតនា ដោយ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ បាន​បង្កើត​អោយ​មាន​នូវ​ការ​មន្ទិល​សង្ស័យ​ខ្លាំងឡើងៗ ទៅ​លើ​បណ្តាញ​ឈ្មួញ​រកស៊ី​ឈើ នៅក្នុង​ទឹកដី​ខេត្ត​កោះកុង ដែល​តាម​ការ​​សន្និដ្ឋាន​របស់ខ្ញុំ គឺសុទ្ធ​តែ​មាន​ការ​ចូលរួម​​សហការណ៍​គ្នា​យ៉ាង​ស្អិត​ល្មួត ដោយ​កំលាំង​សមត្ថកិច្ច​របស់​ជាតិ​ រួមមាន កងរាជ​អាវុធហត្ថ និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង…។

ដោយសារតែរដ្ឋាភិបាល បានបង្កើតគណៈកម្មការស៊ើបអង្កេត ករណីឃាតកម្មនេះ​រួច​ហើយ ហេតុនេះ ខ្ញុំមិនចង់​មាន​យោបល់​អី​ចោទ​ប្រកាន់ ឬអុជអាលទៅលើ ស្ថាប័ន​ជាតិ​ទាំងពីរ​ខាង​លើនេះ​ទេ។ តែករណីនេះ គឺដូចគ្នានឹងករណីក្រុមលោក ហេង ពៅ កាលពេលមានអំណាច ដែលដៃម្ខាងចាប់ ដៃម្ខាងជួញដូរ គ្រឿងញាណយ៉ាង សស្រាក់​សស្រាំដែរ… ហើយខ្ញុំក៍មានជំនឿដែរថា ករណីឃាតកម្មបាញ់សំលាប់នៅ ខេត្តកោះកុងនោះ គឺមិនមានការពាក់ព័ន្ធជាមួយប្រមុខរាជរដ្ឋាភិបាល ក៍ដូចជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងកសិកម្ម (រដ្ឋបាលព្រៃឈើ)ទេ… តែ​នេះ​គឺជាការអនុវត្តន៍របស់បុគ្គលស្ថាប័នថ្នាក់ក្រោម នៅក្នុងទឹកដីស្រុកស្រែអំបិល ស្រុក​មណ្ឌលសីមា និងស្រុកថ្មបាំង នៃអាណាចក្រខេត្តកោះកុងនេះតែម្តង។

សង្កេតមើលរឿងហេតុកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ… លោក ឈុត វុទ្ធី ធ្លាប់​ត្រូវបានសមត្ថកិច្ចមួយក្រុម ដែលអះអាងថា ជាកងរាជអាវុធហត្ថស្រុក ស្រែ​អំបិល បាន​ធ្វើការឃាត់ខ្លួន និងព្រមានរួចទៅហើយ ក្នុងឳកាសដែលគាត់ បាន​ជូន​ដំណើរអ្នកកាសែតភ្នំពេញប៉ុស្តិ ចុះទៅយកព័ត៌មាន និងថតរូបភាពគំនរ ស្តុក​ឈើ​នៅ​ក្នុង​ព្រៃ… ពេលនោះ បើកុំតែមានអន្តាគមន៍ទាន់ពេលវេលា ពីមន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ម៉្លេះ​សម​ពួក​ដែល​អះអាង​ថា ជា​សមត្ថកិច្ច​នោះ នឹង​បាញ់​សំលាប់​បំបិទ​មាត់ តាំង​ពីពេល​នោះ​បាត់​ទៅ​ហើយ។ ហេតុនេះ ពួកគេ (កំលាំងសមត្ថកិច្ច) បាន​ត្រឹម​តែ​ព្រមាន​ថា បើលោក ឈុត វុទ្ធី ហ៊ានទៅជាន់ទឹកដីកោះកុងម្តងទៀត ពួកគេ​នឹង​មិន​អនុញ្ញាត្តិ​អោយ​គាត់ “ចាកចេញ” ទៅវិញរួចឡើយ..!!..

ដោយសារតែលោក ឈុត វុទ្ធី នាំអ្នកកាសែត ចុះទៅកកូរកកាយឆ្នាំងបាយគេ ម្តង​ជា​ពីរ​ដងនេះហើយ ទើបបានជាគាត់ទទួលគ្រោះថ្នាក់ រហូតបាត់បង់ជីវិត បែបនេះ… ខ្ញុំហ៊ាន​អះអាងថា មិត្តខ្ញុំ, លោក ឈុត វុទ្ធី គឺជាមនុស្សតែម្នាក់គត់ ដែល​ស្គាល់​តំបន់​ព្រៃស្រោង នៃប្រទេសកម្ពុជាយើងទាំងមូល ច្បាស់ដូចបាតដៃ។ ដោយឡែក តំបន់​ព្រៃ​ស្រោង​ក្នុងខេត្តពោធិសាត់ និងកោះកុង គឺគ្មានអ្វីជាអាថ៌កំបាំង ដែល​នឹង​គេចផុត​ពី​ក្រសែ​ភ្នែក​គាត់ឡើយ។ ដោយសារតែសកម្មភាពរបស់គាត់ បានប្រឆាំងទៅនឹង​ផលប្រយោជន៍នៃការរកស៊ី មានបានរបស់ពួកឈ្មួញទុច្ចរិត និងក្រុមមន្រ្តីពុករលួយ ដៃ​ម្ខាង​ចាប់ ដៃម្ខាងជួញនេះហើយ ទើបបានជាគាត់ ក្លាយជាបន្លាក្នុងកែវភ្នែក ឬជា​ឆ្អឹងទទឹងក របស់ពួកគេ ដែលចាំបាច់ត្រូវតែ “កំទេចចោល” អោយខាងតែបាន។

ងាកមកមើលសាក្សី នៅក្នុងហេតុការណ៍បាញ់សំលាប់ ដែលត្រូវបានឃាត់ខ្លួនដោយ កងរាជអាវុធហត្ថខេត្តកោះកុង កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១២ វិញម្តង។ សាក្សី​រូបនេះ ក៍ជាជនសង្ស័យផងដែរ មានឈ្មោះ រ៉ាន់ បូរ័ត្ន… គាត់គឺជាប្រធាន សន្តិសុខ​ក្រុមហ៊ុន​កាប់ឈើមួយឈ្មោះ ធីមប៊ឺ ហ្គ្រីន (Timber Green) ដែលមានទីតាំង​នៅ​វាលបី​(កន្លែងកើតហេតុ) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជនសង្ស័យ រ៉ាន់ បូរ័ត្ន នេះ គឺជាកូនប្រុស របស់លោក ហ៊ុន រ៉ាន់ ជាប្រធានខណ្ឌ រដ្ឋបាល​ព្រៃ​ឈើ​ខេត្តកោះកុង ហើយគាត់ (ហ៊ុន រ៉ាន់) ក៍មានភាគហ៊ុននៅក្នុងក្រុមហ៊ុន កាប់ឈើ Timber Green នេះផងដែរ។ តើវាជារឿងគួរអស់សំណើចទេ ដែល​មន្ត្រី​ការពារ​ព្រៃ​ឈើ តែបែរជារកស៊ី កាប់ព្រៃឈើលក់អញ្ចឹង? ហេតុនេះ សូម​អស់​លោក​អ្នក​មេត្តា​ពិចារណា និង​រក​ចំឡើយ​​តាម​ការ​គួរ​ដោយខ្លួនឯងចុះ…។

ចុងបញ្ចប់ ខ្ញុំសង្ឃឹម និងជឿជាក់ថា គណៈកម្មការស៊ើបអង្កេតករណីឃាតកម្មនេះ ដែលមាន លោក ម៉ក់ ជីតូ ជាប្រធាន គឺប្រាកដជារកឃើញការពិតនៅក្នុងហេតុការណ៍ បាញ់ប្រហារនេះ សំដៅរកអោយឃើញឃាតករពិត ព្រមទាំងវែកមុខក្រុមហ៊ុន និង​មន្ត្រី​ពុករលួយលើវិស័យព្រៃឈើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ក្នុងន័យ​បង្ហាញ​នូវ​ការ​តាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបំបាត់នូវអំពើពុករលួយ លើ​វិស័យ​ព្រៃ​ឈើ​នេះ​ផងដែរ…។

តែយ៉ាងម៉េចយ៉ាងម៉ា សូមអាណិតមេត្តាកុំនាំឃាតករ «សិប្បនិម្មិត» យកមកឡើង លើឆាក នាំអោយឈឺក្បាល ដូចករណីឃាតកម្មលោក ជា វិជ្ជា អោយសោះ។ សុំតែប៉ុណ្ណឹងទេបាទ..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

31 responses to “ការស្លាប់​របស់​មិត្តខ្ញុំ អាចទាក់ទង​​​នឹង​​​កំលាំង​សមត្ថកិច្ច ​ឃុបឃិត​ជា​មួយ​​ឈ្មួញឈើ…

  1. ខ្ញុំ​សុំ​បានទេអាណឹង !

    • ចេះតែសុំៗទៅ តាម៉ាប់អើយ…។ សំរាប់តុលាការខេត្តកោះកុង ប្រសិនបើ​រក​យុត្តិធម៌អោយ​លោក​ ឈុត វុទ្ធី ក៍ត្រូវតែរកយុត្តិធម៌​អោយ​អ្នក​ដែល​ត្រូវ​គេទាត់ធាក់​ក្នុងអូតែល ម្ងៃណោះ​ដែរ… បាន​ស្មើភាពគ្នា… មិនថាអីចឹង? 😀

      • ឮថា​ជះលុយ​ច្រើនណាស់ចង់មកដេក​ម៉ាស៊ីន​ត្រជាក់​នៅផ្ទះ ឱប​ប្រពន្ធ​វិញ តែស៊យអីវាទាស់ត្រង់អាវីដេអូក្លីប ណុង កុំអីចេញរួចតាំងពីចាប់ ១ ថ្ងៃម៉េស​ហាហាហា 😀

      • អាណិតខ្លោចចិត្តជាងគេ គឺតុលាការ… បំរុង​ថានឹង​បាន​ “ច្រាសច្រំ” លុយដុំ​ហើយ តែបែរ​​ជា​អត់​អី​លិទ្ធ​ទៅវិញ… 😀

        • ហាហាហា អាណិតឡើងចង់បែកប្រម៉ាត់ហើយខ្ញុំ!!!

          • កាលបើមានសន្តានចិត្ត អាណិតក្រុមតុលាការ​សឹង​បែក​ប្រម៉ាត់​អីចឹង គឺ​ជាការ​ប្រពៃ​ណាស់… និយាយ​តាម​ត្រង់​ចុះ ខ្ញុំមាន​មិត្តភក្តិ​ជា​ចៅក្រម ព្រះរាជអាជ្ញា ដែល​ទៅ​រៀននៅ​អតីត​សហភាព​សូវៀត​ច្រើន​គួរ​សម​ដែរ… ដែល​ក្នុង​នោះ មាន​ទាំង​មន្ត្រី​តុលាការ​កាត់ទោស​ខ្មែរក្រហម​ផង​ដែរ។ សូម្បី​តែ​ប្រធាន​គណ:​មេធាវី​បច្ចុប្បន្ន ក៍ជា​មិត្ត​ចិត្តមួយ ថ្លើមពីរ កាល​រៀន​នៅ​ស្រុក​ស្អាង​ជា​មួយគ្នា​ដែរ… តែខ្ញុំ​អត់​ដែល​ទៅ​ក្បែរ ឬ​ពឹងពាក់​មិត្តភក្តិ​ខ្ញុំ​ទាំង​នេះ​សោះ ព្រោះខ្ញុំ​យល់ថា ប្រសិន​បើមាន​រឿង​ក្តីក្តាំង​នៅ​តុលាការ ការ​មិន​ស្គាល់​ចៅក្រម ឬ​ព្រះរាជអាជ្ញា គឺជា​ការ​ប្រសើរ​ជាង​ស្គាល់​ពួកគេ​ទាំង​នោះ… សំខាន់​បំផុត ការមិន​ស្គាល់គ្នា គឺងាយ​ស្រួល​តថ្លៃ​គ្នា​ត្រង់ៗ ដោយ​មិនខ្លាច​ទើស​ទាល់​ចិត្ត… នេះ​ជា​បទពិសោធន៍ ដែល​ខ្ញុំធ្លាប់​បានដឹង បានជួប​ជាមួយ​តុលាការ​យើង​នាពេល​បច្ចុប្បន្ន ដែល​កាល​ណា​អត់​លុយ គឺអត់​ចាំបាច់​និយាយ​គ្នា..!!.. 😀

            • រឿងឈ្លោះគ្នាក្ដីក្ដាំនៅ​តុលាការ ខ្ញុំធ្លាប់ឃើញហើយ បើអត់​លុយ​ហេ៎ស សុំគូទំនាស់​ចាញ់​តែម្រ៉ងទៅ! បើទទឺងចង់ឈ្នះ អ្នកកាត់ស៊ី«ញ៉ាំ»ទាំងសងខាង ចុងបញ្ចប់ លក់ផ្ទះសងគេ​មិនគ្រប់​ផង

  2. បើមើលអោយមែនទែនទៅ ស្អីក៏គេធ្វើជាប្រពន្ធ័ដែរ មែនទេ លោកពូស្រុកស្រែ? សូម្បីតុលាការនឹង កាត់ក្តីអោយអ្នកមានឈ្នះរហូត ម្មង។ តុលាការនេះ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ បោះគេមែន៕

  3. ខ្ញុំសុំបង្វែរសាច់រឿងបន្តិច យើងមិន​បាច់​មើល​អោយ​ឆ្ងាយ​ទេអា​រឿង​តុលាការ​ខ្មែរ​នេះ. សូម្បី ទណ្ឌិត ឈូក បណ្ឌិត ដក​កាំភ្លើង​បាញ់​គេ​ស្រស់ៗ ក៍​តុលាការ​ខ្មែរ​កាត់
    ​សេចក្ដីថា ជាការ​បាញ់​ដោយ​អចេតនា​ដែរ. ហើយ​រឿង​របស់​លោក ឈុត វុទ្ធី ខ្ញុំដូច​ជា​គ្មាន​ជំនឿ​ថា លោក​ទទួល​បាន​​យុត្តិធម៌​ទេ រឿងថ្មីៗ​ស្រស់ៗ​បែបនេះ គេតែង​នាំគ្នា​និយាយ​តែ​មួយ​រយះ​ក្រោយ​​ទៀត​គេនឹង​បំភ្លេច​ជា​ស្ថាពរ ជន​រងគ្រោះ​នឹង​គ្មាន​យុត្តិធម៌​ដដែល​ ​ដូច​ករណី​ទណ្ឌិត ឈូក បណ្ធិត ជាដើម.

    • អរគុណ Democratic… សំរាប់ខ្ញុំ ខ្ញុំនៅតែមានជំនឿថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ទាំងអស់​ជា​មិន​ខាន… ហេតុនេះ ខ្ញុំសូម​សំណូមពរ​ដល់​ជន​រងគ្រោះ​ទាំងអស់ សូម​មេត្តា​កុំតក់​ក្រហល់​ពេក… ត្រូវ​ចេះ​អត់ធ្មត់​រង់ចាំ​យុត្តិធម៌​ដែល​តុលាការ​នឹង​ផ្តល់​ជូន​​ជនរង់​គ្រោះ​គ្រប់ៗ​គ្នា នៅ​ពេល​ឆាប់ៗ​នេះ​ហើយ… យ៉ាង​យូរ​ណាស់ នៅ​ពេល​សេះ​ដុះស្នែង នឹង​ទទួល​បាន​យុត្តិធម៌​ហើយ​បាទ… 😀

  4. រឿងនេះមិនមែនជារឿងផ្ទាល់ខ្លួន រវាងអ្នកបាញ់ នឹង ជនរងគ្រោះទេ បើតាមស្តាប់មើលទៅ បើបានសិក្សាអំពីការសម្លាប់ រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ក្បួនតែមួយ តែមួយបេះបិទ ! មិនថាអញ្ចឹង ?

    • សួស្តីលោកបង… ដូចបាត់មុខ បាត់សំលេង​លោក​បង​យូរ​ហើយ… រឿងហេតុ​បាញ់​សំលាប់​មិត្តខ្ញុំ លោក ឈុត វុទ្ធី គឺខ្ញុំ​ហ៊ាន​និយាយ​ត្រឹមតែ​ជា​រឿង​បុគ្គល​ប៉ុណ្ណោះ ដោយ​មិន​ចង់​វិភាគ​វែង​ឆ្ងាយ​ទេ… តែ​លោកបង​អាច​យល់​បាន​ហើយ​ថា អ្នកមាន​អាវុធ​បាញ់​សំលាប់​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអឹម អ៊ិន រតនា ច្បាស់​ជា​មាន​មេកើយ និង​បទ​បញ្ជា​ពី​ថ្នាក់លើ​របស់​គេ​ច្បាស់​ណាស់… ដោយសារ​តែ​សកម្មភាព​របស់​លោក ឈុត វុទ្ធី បាន​ប្រឆាំង​ទៅនឹង​ផល​ប្រយោជន៍​មានបាន​របស់​ពួកគេ ព្រមទាំង​​ប្រឆាំង​ទៅនឹង​ការ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ស្រុកខ្មែរ ទើប​ធ្វើអោយ​គាត់​មាន​សត្រូវ​ជុំទិស… តើ​មេក្លោង​សត្រូវ​ជុំទិស​របស់​លោក ឈុត វុទ្ធី ជា​នរណា? សំរាប់ខ្ញុំ នៅរក​នឹក​អត់​ទាន់​ឃើញ​នៅ​ឡើយ​ទេ… បើ​លោកបង​ដឹង សូម​ជួយ​ប្រាប់​ស្រុកស្រែ​ផង… 😀

  5. ខ្ញុំអត់ចង់ចេញយោបល់

  6. ខ្ញុំជឿថា ខ្ញុំដឹងច្បាស់ណាស់ នូវក្បួនសម្លាប់បែបនេះ តែក៏​មិន​ចង់​និយាយ​ដែរទេ តែ​គ្រាន់​ចង់​និយាយ​ថា ការ​បាត់បង់​មនុស្ស​បែប​លោក​ ឈុត វុទ្ធី ជាការ​បាត់បង់​នូវ ធនធាន​មនុស្ស​ខ្មែរ​សំខាន់​ណាស់ បើតាម​យោបល់​ខ្ញុំ យើង​មិនបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ ខ្ញុំមើល​មិន​ឃើញ​ថា លោក ឈុត វុទ្ធី ជា​សត្រូវ​បំផ្លាញ​ឆ្នាំង​បាយ​គេ​ទេ នេះមក​ពីការ​យល់​ខុស មិនមែន​យល់​ច្រឡំ​ទេ មិនមែន​ចៃដន្យ ហើយ​ក៏មិនមែន​រឿង​ផ្ទាល់​ខ្លួន​ដែរ តែវា​ជា​រឿង​នយោបាយ​ច្បាស់​ណាស់ ! គឺជា​រឿង​ប្រឌិត​ទាំងស្រុង ហើយ​រឿង​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ក៏មិនអាច​រករឿង​ពិត​បាន​ដែរ វាជា​រឿង​ប្រឌិត​ដូចតែ​គ្នា​ហ្នឹង !

    …ហើយខ្ញុំជឿថា ខ្ញុំអាចធ្វើការជាមួយបាន ដោយ​យល់​នូវអ្វី ដែល​រដ្ឋាភិបាល​ខ្មែរ​សព្វថ្ងៃ​ចង់បាន តែមិន​ចាំបាច់​ប្រើ​ល្បិច​របៀប​នេះ​ទេ នេះជា​សតវត្ស​ទី ២១ យើង​គួរតែ​ផ្លាស់ប្តូរ​យុទ្ធវិធី​ថ្មី ជា​ជាង​យក​យុទ្ធវិធី​ចាស់​គម្រឹល​មក​ប្រើ​របៀប​នេះ ដូចជា​អន់​ហួស​ពេក មិនមែន​អន់អី​ទេ អន់អា​រឿង​ល្បិច​សម្លាប់ខ្មែរ​គ្នាឯង មិនចេះ​ចប់សោះ មិនចេះ​រាងចាល ស្លាប់អស់​បីលាន​នាក់​ហើយ នៅតែ​ចង់​សម្លាប់ខ្មែរ​តទៅ​ទៀត… ខ្ញុំចាំ​មើល​គណៈកម្មការ​ស៊ើប​អង្កេត​ទេ តើចេញ​លទ្ធផល​យ៉ាងម៉េច? ?????????????????

  7. អំណាចយូរអង្វែងវាយ៉ាងដូច្នេះ ។

  8. តាមលិចលឺល្ហៀងៗគេថា ការសំលាប់លោក ឈុត វុទ្ធី ដោយអចេតនាទៀតហើយ!

  9. សាធុទៀតហើយខ្ញុំ អចេតនា

  10. រកឃាតកពិតប្រាកដមិនឃើញទេ ឈប់បោះឆ្នោតឱ្យហើយ!

  11. តាមពិតទៅ ខ្ញុំចង់បានជាងគេ គឺរដ្ឋាភិបាលខ្មែរគួរតែផ្លាស់ប្តូរ យុទ្ធសាស្ត្រចាស់ៗ គម្រឹលហ្នឹងចោលអស់ទៅ គ្មានបានប្រយោជន៍អ្វីទេ ប្រយោជន៍តែមើលមុខគ្នា មិនចំ ធ្វើរបៀបនេះ មិនមែនមានជំហរបង្រួបបង្រួមជាតិទេ តែសម្លាប់ជាតិទៅ វិញទេ ប្រហែលស្មានថាគេ មិនដឹង ឬ យ៉ាងណា ?

    បើអ្នកគេរៀនខាងបញ្ចេកទេសសើបអង្កេតវិញ គេដឹងដូចបកចេកចឹង គ្មានរឿងអីបិទបាំងគេជិតទេ យើងចេះតែធ្វើចឹងចេះតែបានហើយ ចង់ធ្វើយ៉ាងម៉េចក៏បាន តែថាឱ្យត្រូវវាមិនត្រូវទេ !

  12. ចាំៗៗៗៗ
    ស្រាប់​តែចេញ​មក​ថា “ដោយ​អចេតនា” ។
    បើក​ភ្នែក​ស្លឺ​ឆ្ងល់​ដោយ​ឥត​មាន​សេ​ក្ដី​បញ្ចប់ -_-

  13. កាន់តែច្បាស់ទៅៗហើយតើ! ខ្ញុំចាំតែមើលថាតើមានរឿងអ្វីកើតឡើង?

ទំលាក់ មួយចំលើយតប ទៅ beanyim បោះ​បង់​ការ​ឆ្លើយ​តប