វិចិត្រសាល

តើមេឃុំ​ដែលបានមក​ពីការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ​​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​មែនឬ?​


ចំណងជើងខាងលើនេះ គឺជាសំណួរដែលខ្ញុំតែងតែចោទសួរខ្លួនឯងញឹកញាប់ ណាស់… ហើយខ្ញុំខំប្រឹងរកចំឡើយរបស់សំណួរនេះ ដោយខ្លួនឯងផងដែរ… ដោយឈរលើទស្សនៈមិនលំអៀង ចំឡើយរបស់ខ្ញុំយ៉ាងខ្លីនោះគឺ៖ មិនអាចទេ..!!..

មូលហេតុចំបងបំផុតដែលនាំអោយ “មិនអាច” នេះ គឺដោយសារតែ “ចំណេះដឹង” របស់បេក្ខភាពមេឃុំគ្រប់គណបក្សយោបាយទាំងអស់ មិនអាចឆ្លើយតបបាន នូវការវិវឌ្ឍន៍របស់សង្គមយើងនៅទីជនបទបានឡើយ បើទោះជាមេឃុំភាគច្រើន កំពុងតែកាន់អំណាច ដែលសំបូរទៅដោយ “បទពិសោធន៍” ក៏ដោយ។ តាមខ្ញុំយល់ បទពិសោធន៍ វាខុសពីសមត្ថភាព ហើយសមត្ថភាព បានមកពីចំណេះដឹង..!!.. ប្រសិនបើមានទាំងសមត្ថភាព មានទាំងបទពិសោធន៍នោះ ការដឹកនាំគ្រប់គ្រង នៅក្នុងឃុំរបស់ខ្លួន ប្រាដកជានឹងទទួលបានជោគជ័យជាមិនខាន។

ទាក់ទងនឹងការជ្រើសរើសបេក្ខភាពមេឃុំ ដែលនឹងត្រូវបោះឆ្នោតនាពេលខាងមុខនេះ ខ្ញុំធ្លាប់បានដាក់ប្រកាសមួយ កាលពីថ្ងៃទី០១ មីនា ២០១២ កន្លងទៅនេះ ដែលមាន ចំណងជើងថា៖ ការជ្រើសរើសបេក្ខភាពមេឃុំ គួរតែត្រូវបានកែប្រែទំរង់ការខ្លះ… ដោយពេលនោះ ខ្ញុំបានជជែកលេងជាមួយញាតិមិត្តយើងនៅទីនេះ ហើយខ្ញុំបាន ការពារគោលគំនិតរបស់ខ្ញុំនេះរហូតមក។ អ្វីដែលខ្ញុំអាចយល់ដឹងបាននោះគឺ ការជ្រើសរើសមនុស្ស អោយកាន់ដំណែងមេឃុំនៅស្រុកយើង ប្រហែលជាជាប់ ទំលាប់តៗគ្នា តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ហើយការងារសំខាន់ របស់មេឃុំសម័យដើម គឺប្រហែលជាគ្មាន​រវល់​អ្វីក្រៅពីការដើរប្រមូល “ពន្ធអារក” ពីប្រជាជននៅក្នុងឃុំរបស់ខ្លួន សំរាប់យកទៅបង់អោយអាណាព្យាបាលបារាំង ឡើយ។ ក្រៅពីនេះ តួនាទីមេឃុំសម័យដើម ដូចជាមិនដឹងធ្វើស្អីផងទេ..!!..??..

ចូលដល់សម័យទំនើបកម្ម ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងបំបាត់នូវភាព ក្រីក្រតាមទីជនបទរបស់យើងវិញ តួនាទីចំបងរបស់មេឃុំ បែរជាគ្មានធ្វើអ្វីក្រៅពីការ អូសទាញប្រជាជនក្នុងភូមិឃុំរបស់ខ្លួន អោយចូលរួមក្នុងបក្សរបស់ខ្លួនទេ។ នៅមាន​ទៀត… តួនាទីរបស់មេឃុំបច្ចុប្បន្ន (កំពុងកាន់អំណាច?) គឺត្រូវចេះសរសេរ សំណើរសុំ “ថវិកាឧបត្ថម្ភ” ដើម្បីយកមកចំណាយក្នុងយុទ្ធនាការឃោសនារក​សំឡេងឆ្នោត ទើប​បាន​ហៅថា មេឃុំមានជំនាញ។ ក្រៅពីនោះ សុំទោសផង… តួនាទី​មេឃុំ​សម័យ​ថ្មី​របស់​យើងនេះ ក៏មិនដឹង​ជាធ្វើស្អីផងដែរទេ..!!..??..

ខ្ញុំមិនបដិសេធពីសមិទ្ធិផលនៃការអភិវឌ្ឍន៍ រីកចំរើនតាមទីជនបទដូចជា ផ្លូវថ្នល់ សាលារៀន ប្រឡាយទឹកដែលជាហេដ្ឋារចនាសម្ព័ន្ធសង្គមទេ… តែខ្ញុំនៅតែយល់ថា ស្ថានភាពជីវភាពរបស់ប្រជាជនទូទៅនៅតាមទីជនបទ គឺជៀសមិនផុតពីការបន្ត រស់នៅដោយការលំបាក ខ្វះខាតដដែលជាដដែល… គឺដោយសារតែមេឃុំ ដែល​បាន​មក​ពីការបោះឆ្នោតនាពេលខាងមុខនេះ “សំបូរតែបទពិសោធន៍” នេះឯង..!!.. ឯមេឃុំ​ប្រកបដោយចំណេះដឹង និងមានសមត្ថភាពដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និង​ឈ្លាស​វៃ ដើម្បីប្រែក្លាយភូមិឃុំរបស់ខ្លួន អោយមានការវិវឌ្ឍន៍រីកចំរើន សុខដុមរម្យនា​នោះ ប្រហែលជារកមិនទាន់បាន​នៅឡើយទេ និង​ប្រហែល​ជាត្រូវ​ការ​ពេល​វេលា​យូរ​បន្ថែម​ទៀត..!!..??..

គណៈបក្សប្រជាជនកម្ពុជា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សសម រង្សី នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សសិទ្ធិមនុស្ស នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

គណៈបក្សហ្វុនស៊ិនប៉ិច នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

បងប្អូនដែលជាសត្រូវនឹងគ្នា..!!.. នេះជាក្បួនរថយន្តរបស់គណៈបក្ស នរោត្តមរណរិទ្ធ និងគណៈបក្សហ្វុនស៊ិនប៉ិច បានបើកបញ្ច្រាសគ្នា នាពេលឃោសនារកសំលេងឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលថ្មីៗនេះ (រូបថតពីវិបសៃ khmerization)

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

12 responses to “តើមេឃុំ​ដែលបានមក​ពីការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ​​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​មែនឬ?​

  1. ទាល់តែខ្ញុំ​ឡើង​ហសពូ !

  2. លោកស្រុកស្រែ !

    តើហាងឆេងអាឡូវប៉ាម៉ានដែរ ដើម្បីបានឈរជាបេក្ខជនមេឃុំ
    លំដាប់លេខ១ (តាមបក្សនិមួយៗ)?
    ម្យ៉ាងទៀតខ្ញុំក៏អត់យល់ដែរ អាលំដាប់លេខ១ លេខ២ លេខ៣ ហ្នឹង
    វាខុសគ្នា វាមានផាស៊ីជាងគ្នាល្មេច ?

    បើលេងបោះអោយបក្សណាសិន រួចបានបក្សដាក់មនឹស្សម៉ោអោយ
    ថាហ្នឹងហើយអ្នកដែលពលរដ្ឋស្រឡាញ់ចង់យកធ្វើជាមេឃុំខ្លួននោះ
    ….ដូចមិនស្និទ្ធសោះខ្ញុំ ។ បើចិត្តសឿង មិនបាច់ប្រាប់ថាបក្សណាទេ
    អ្នកមានសមត្ថភាពនិងប្រិយភាពក្នុងឃុំចេញមុខមកឈរឈ្មោះមក
    ចង់គាត់នោះចូលបក្សនយោបាយណាក៏ដោយ ស៊ីសងថាតើគាត់ធ្វើ
    ជាមេឃុំបំរើរាស្ត្របានមិនបាន ។ …បើមិនអ្ចឹងទេ មេឃុំមួយៗ ត្រូវបែង
    ចែក រែកកិច្ចការជាពីរធំៗ មួយបំរើបក្ស(ដែលសំខាន់ចាំបាច់ជាង) មួយ
    ទៀតបំរើរាស្ត្រ(ស្រង់ដើមអ្កាល់សូកអោយបានឈរឈ្មោះផង បានរួច
    ដើមហើយនៅត្រូវឆ្លៀតអោយមានបានជាងពលរដ្ឋផង ដើម្បីជាគំរូល្អ
    នៃជីវភាពគ្រួសារដល់ពលរដ្ឋផង ទើបហាមាត់ទៅដឹកនាំ ណែ​នាំរាស្ត្រ
    មានគេស្ដាប់ ។
    ..ថ្ងៃនេះខ្ញុំមានអារម្មណ៍ថា ដូចយល់ឃើញប្លែកខុសធម្មតាម៉េចម្ដឹងទេ !
    តែបើប្រៀបទៅកាលសម័យសង្គមរាស្ត្រនិយមក៏មានបក្សមានពួកដែរតើ
    តែពេលបោះឆ្នោតរើសមេឃុំ រើសតាណាងរាស្ត្រ ដូចគ្មាននរណាគិតគូរ
    រឿងបក្សណាទេ គិតតែពីបេក្ខជននោះយកជាការបានមិនបានទៅវិញ ។
    ខុសត្រូវយ៉ាងណា សូមកុំប្រកែប្រកាន់អី វាគ្រាន់តែជាការយល់ឃើញ
    មួយតាក់មួយថាំង មួយតៅមួយល្អី ផ្ទាល់ខ្លួនតែប៉ុនណឹង ។

    អរគុណ !

    • អរគុណលោកជឹម…

      ចំពោះហាងឆេងមេឃុំ ខ្ញុំ​ដឹង​មិនច្បាស់ទេ ហើយ​ក៍​មិន​ជា​ទូទៅ​ដែរ… តែ​បើ​នៅ​ភ្នំពេញវិញ គ្រប់​គណៈបក្ស​នយោបាយ​​ទាំងអស់ បាន​ប្រកាប់​ប្រចាក់​​គ្នា​ ដើម្បី​ដណ្តើម​តំណែង​ឈរឈ្មោះ​នៅ​លេខ​រៀង​ទី១ នេះ គឺ​មិន​ធម្មតាដែរទេ… ព្រោះថា​ អ្នកឈរ​ឈ្មោះ​នៅ​លំដាប់​លេខរៀង​ទី១ របស់​បក្ស​ណា​ ប្រសិន​បើ​បក្សនោះ​ឈ្នះ​ឆ្នោត​ច្រើនជាងគេ អ្នកនោះ​​នឹង​បាន​ធ្វើ​ជា​មេឃុំ ឬចៅសង្កាត់​​ហើយ…។

      តាមការសង្កេត​របស់ខ្ញុំ​នៅ​តាម​ទីជនបទ គណៈបក្សនានា​ដែល​មិន​ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាជន​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួននោះ គឺ​អាស្រ័យ​ដោយ​ធនធានមនុស្ស​ដែល​ឈរឈ្មោះ​អោយ​គេ​បោះឆ្នោត​នេះ​ឯង..!!.. អ្នក​ដែល​វាយ​តំលៃ​ថា ​ប្រជាជន​ល្ងង់ មិនមាន​ការ​យល់​ដឹង​ក្នុង​ការ​ជ្រើសរើស​មេឃុំ​របស់​ខ្លួន​នោះ គឺ​អ្នក​ដែល​វាយ​តំលៃ​នោះ​ហើយ​ ជា​មនុស្ស​ល្ងង់នោះ… អាច​និយាយ​បាន​ថា៖ លទ្ធផល​ដែល​បាន​មកពី​ការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​កន្លងមក គឺបាន​មក​ពី​ប្រជាជន​​អ្នក​បោះ​ឆ្នោត​ទាំង​អស់​នោះ អស់​​ជំរើស​ក្នុង​ការ​ “រើសយក” ​តែ​ម្តង..!!.. ឯការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្តវិញ គឺ​មាន​លក្ខណៈពិសេស​ដោយឡែក​ផ្សេង​ពីនេះ។

      សរុបសេចក្តីមក បើទោះជា​គណៈបក្ស​កំពុងកាន់អំណាច​​ មាន​គ្រឹះ​រឹងមាំ​ខាង​ធនធាន​សេដ្ឋកិច្ច​(ឯកជន!) និង​ធនធាន​មនុស្ស​សំបូរបែប​យ៉ាង​ណា​ក៍​ដោយ តែ​ប្រភពធនធាន​ទាំងពីរនេះ (សេដ្ឋកិច្ច និងមនុស្ស) គឺ​មាន​នៅ​តែថ្នាក់លើៗ កំពូលៗ តែ​ប៉ុណ្ណោះ មិនទាន់​ពង្រាយ​​ចុះ​​ទៅ​ដល់​មូលដ្ឋាន​ជនបទ​ថ្នាក់​ក្រោម​នៅ​ឡើយ​ទេ បើ​ទោះ​ជា​នៅ​តាម​ឃុំ ​មាន​គណៈពង្រឹង​​របស់​គណៈបក្ស​កាន់អំណាច បាន​ចុះ​ទៅ​ជួយ​ការ​ងារ​មេឃុំ​ជា​ប្រចាំ​ក៍​ដោយ។ ហេតុនេះ ​ខ្ញុំនៅ​តែ​​យល់​ថា ទោះបី​ក្រោយ​ការ​បោះឆ្នោត​ នឹង​ទទួល​បាន​មេឃុំ​ពី​គណៈបក្ស​កំពុង​កាន់​អំណាច​ក៍​ដោយ​ ​ក៍​ការ​អភិវឌ្ឍន៍​ភូមិឃុំ សំដៅ​ធ្វើ​អោយ​ជីវភាព​ប្រជាជន​ទូទៅ មាន​ភាព​សុខដុមរម្យនា​ ​គឺ​ហាក់​ដូច​ជា​ស្ថិត​នៅ​លើ​ទីតាំង​ឆ្ងាយ​នៅឡើយ…។

  3. ខ្ញុំសុំមិនចេញយោបល់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s