ម្ហូបខ្ញុំម្សិលមិញ…


ម្សិលមិញ ខ្ញុំឃើញបងប្អូនខ្មែរឥស្លាមយើង រាយមងក្នុងទន្លេបានត្រីខ្ជឹង១ និង ត្រីឆ្លាំង១ ធាត់ទ្រលុកៗ ហើយខ្ញុំក៍ចែកទិញពីពួកគេ ដើម្បីយកមកធ្វើម្ហូប អោយប្លែកមាត់…។

ត្រីខ្ជឹង ខ្ញុំយកមកស្រុះទឹកក្តៅអោយអស់ក្រឡា កុំអោយដូចពស់ថ្លាន់ពេក… គិតថា នឹងយកវាទៅស្ងោរជ្រក់ត្រយូងចេក អោយជ្រះមាត់ម្តង…។ ឯត្រីឆ្លាំង វះពោះវា លាងច្បូតទឹកអំបិលលាយទឹកក្រូចឆ្មារ អោយកាត់ឆ្អាប រួចអាំងអត់បង្ខំលើរងើក ភ្លើង…។ ខ្ញុំដើរទៅក្រោយផ្ទះ ទៅអើតរកមើលក្តិបសន្តាន់ បេះបានបួនដប់ផ្លែ… គិតថា នឹងបុកវារួចដាក់ទឹកត្រី ញិចម្ទេសអោយហិរបន្តិច ដើម្បីផ្ទាប់ជាមួយត្រីឆ្លាំងអាំង… អស់លោកអ្នកអាចស្រមៃទៅដល់ពេលដែលម្ហូបខ្មែរទាំងពីរមុខនេះឆ្អិនទៅ តើនឹងមានរសជាតិយ៉ាងណា?… ខ្ញុំមិនហ៊ានដាក់បង្ហាញរូបម្ហូបទាំងពីរមុខនេះ ក្រោយពេលចំអិនទេ ព្រោះខ្ញុំខ្លាចអស់លោកអ្នកដែលកំពុងរស់នៅស្រុកក្រៅ ទប់មិនបានពីការនឹករលឹកមកស្រុកកំណើត ជាពិសេស នឹកដល់ក្តិបសន្តាន់ខ្មែរ ដ៏មានឳជារស…៕

My Food

My Food

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

26 responses to “ម្ហូបខ្ញុំម្សិលមិញ…

  1. មិនធម្មតា ចេះធ្វើម្ហូបទៀតពូ ! ខ្ញុំចេះ​ដែរ ចេះ​ចៀន​ពង ហេហេហេ

  2. ការពិត អ្នកណាជាអ្នកធ្វើម្ហូបនេះទៅចឹង?

    • គឺខ្ញុំ..!!.. វិធីអាំងត្រីធម្មតា, អាំងត្រីងៀត, របៀប​ចៀនពងទា, ស្ងោរពងទា, ពងទាកប់ក្នុងបាយ… គឺជា​ជំនាញ​ពិសេស​ក្នុងការ​ធ្វើ​ម្ហូប​របស់​ខ្ញុំ​ហើយ… នៅមានទៀត… ចំហុយប្រហុក​ដោយ​កប់​ក្នុង​បាយ​ ក៍​ជា​ជំនាញ​ធ្វើ​ម្ហូប​ពិសេស​របស់​ខ្ញុំ​ដែរ… 😀

      • សុំលើកមេដៃមួយចឹង យ៉ាងហោចណាស់ពេលបង​ស្រី​មិននៅផ្ទះ ក៏លោកស្រុកស្រែអាចដោះទាល់ម៉ាគ្រាៗដែរ 😀

      • បាទ, ត្រូវហើយ… ក្នុងនាមមនុស្ស​ប្រុស​ជា​​មេគ្រួសារ គឺ​ត្រូវ​តែ​ចេះ​ធ្វើ​ម្ហូប​ខ្លះៗ​​ចឹងហើយ​ដើម្បី​ជួយ​សំរាល​ការងារ​ពី​ភរិយា… បើដូចខ្ញុំ​ដែល​ចាត់​ទុក​ជា​ប្តីខិល​ខាងផឹក​ (មិនមែនប្តីខូចទេ!) គឺ​ត្រូវ​តែ​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​គ្រឿង​ក្លែម​ដោយ​ខ្លួន​ឯង​​តែ​រហូត​ណឹង… ដល់​យូរ​ទៅ​ថ្នឹកហើយ… មិនដឹង​ថា ប៉ាអាបីនាក់​ចេះ​ធ្វើ​ម្ហូប​អត់? បើចេះ ចាំ​មើល​ង៉ៃណា​មួយ​សាក​ថ្វី​ដៃ​គ្នា​ម្តង​មើល..!!.. :-D​​

      • រឿងកប់ប្រហុកក្នុងបាយនេះ​ ខ្ញុំខឹងបងខ្ញុំរាល់ដង! បាយគេដាក់ស្លឹកតយឲ្យឈ្ងុយ! ហើយបើកប់ប្រហុកក្នុងបាយអីចឹង តើក្លិនចេញជាអីហូវ!

  3. សូមសរសើរ របៀបលាងសំអាតត្រី មានរំអិល .. ខាងខ្ញុំវិញ លាងជាមួយទឹកខ្មេះ លាយអំបិល បើជាត្រីអណ្តែង លាងបែបនេះ ជ្រះស្បែកទៅជាស បាត់ខ្មៅ ពេលអ៊ាំងស្រួយល្អ អាចញ៉ាំស្បែក បានស្និតទៀតផង!.

    ត្រីខ្ជិងហ្នឹង ដូចមិនដែលបានញ៉ាំសោះ!. បើស្ងោរទាំងឃើញ ក្រឡាបែបហ្នឹង ប្រហែលជាខ្លាចមែនហើយ ..

    សណ្តាន់ស្រស់ៗ ខ្ញុំមិនធ្លាប់បានឃើញទេ សព្វថ្ងៃមានចំណិតសណ្តាន់ក្រៀម នៅក្នុងផ្ទះដែរ..

    អរគុណ បានចែករំលែក

    • ជំរាបសួរ និង​សូមអរគុណ​បងកូឡាបខៀវ… វិធីលាង​សំអាតត្រី សាច់នេះ ខ្ញុំ​ដឹង​ពី​មិត្តខ្ញុំ​ម្នាក់ជាចុងភៅ​ម្ហូបអឺរ៉ុប​… គាត់ប្រាប់​ខ្ញុំថា សាច់​គ្រប់​ប្រភេទ ដូចជា​សាច់មាន់ សាច់ទា សាច់គោ សាច់​ជ្រូក​ និងត្រីគ្រប់​ប្រភេទ រួមទាំង​ត្រីសមុទ្រ​ផង មុន​នឹង​ចំអិន ​គឺត្រូវ​លាង​ទឹកអំបិលលាយ​ជា​មួយ​នឹង​ទឹក​ក្រូច​ឆ្មារ ឬទឹកខ្មេះ​ដើម្បី​កាត់​ឆ្អាប បំបាត់​ក្លិន និង​បង្កើន​គុណភាព​សាច់​ដែល​យើង​បំរុង​យក​ទៅ​ចំអិន…។ មែនទែន​ទៅ ខ្ញុំ​ដើរ​ញាំ​ម្ហូប​តាម​ហាង​ខ្លះ​ដែល​មិន​បាន​លាង​សំអាត​សាច់​​​តាម​វិធី​នេះ​ គឺម្ហូប​ពេល​ចំអិន​រួច នឹង​​មាន​ក្លិន​ឆ្អាប​ ញាំ​មិន​ស្និទ្ធ​ទេ។ នេះ​ជា​ចំណេះ​ដឹង​ខាង​វិធី​ធ្វើ​ម្ហូប​ ដែល​ខ្ញុំ​អ្នក​ផឹក​ក្លែម​តែង​តែ​​រពឹសមាត់​ ​សួរនាយ​សួរ​អាយទៅ ព្រោះ​បើ​អោយ​គេ​មក​​ប្រាប់​យើង​ត្រង់ៗ​នោះ គឺ​មិន​ងាយ​ទេ… ម្យ៉ាង​​ចុងភៅ​ខ្មែរ​ម្នាក់ៗ ចូល​ចិត្ត​លាក់​គន្លឹះ​បន្តិចៗ​នេះ មិន​​ងាយ​និយាយ​​ប្រាប់​គេ​ឯង​​ត្រង់ៗ​ទេ…។

      ដោយ​ឡែក​ក្តិប​សន្តាន់ ​បាន​តែ​យក​ទៅ​បុកដាក់​ជាមួយ​អំបិល ឬទឹកត្រី ឬក៍ហាន់​​ផ្ទាប់​ញាំ​​ភ្លាមៗ​ទេ… ហើយ​​បើ​ដាក់​ក្នុង​ប្រហុក​ចំហុយ​ ក៍​អស់​ទាស់​ដែរ…។ ​បើ​សំឡរ​ម្ជូរ​គ្រឿង​វិញ គ្មាន​ម្ជូរណា​ស៊ីដាច់​ម្ជូរ​សន្តាន់​ក្រៀម​នេះ​ទេ… ដូច​បណ្តាំ​ធនញ្ជ័យ​បាន​ផ្តាំ​ស្តេច​មុន​នឹង​ស្លាប់​អីចឹង… គឺ​បើ​ស្លរ​ម្ជូរ​ក្បាលត្រី កុំភ្លេច​ម្ជូរ​សន្តាន់..!!..

      និយាយ​ពី​ម្ហូប​យូរ​ទៅ​ដូច​ឃ្លាន​បាយ… 😀

  4. បើសិនផ្ញើរមកឯនាយនេះបានមិនដឹងជាអរគុណយ៉ាងណា ហៀរទឹកមាត់ ដល់ករ​ហើយខ្ញុំ ជាពិសេស ត្រីឆ្លាំងអាំងថ្មីៗ ជាមួយទឹកជ្រលក់

    • ហេហេ… ខ្ញុំជឿថា ជនជាតិយើង​ បើទោះជាទៅរស់នៅ​ដល់​​ក្រហែង​មេឃណា ក៍នៅតែ​នឹងរលឹក​មក​ស្រុកកំណើត​​ជាប់​រហូត គ្មាន​ភ្លេច​សោះ… ជាពិសេស​គឺ​មិន​អាច​បំភ្លេចបាន ពីម្ហូបខ្មែររបស់​យើង​នេះតែម្តង… អរគុណបាទ… 😀

  5. ប្រើ​ក្តឹបម្កាក់ធ្វើម៉េច​នឹង​ជូរ​ទៅពូ? ក្រែង​តែ​ចត់វិញ​ហេហ! នេះ​បើ​បាន​ទ្រលឹងទឹង​ដំ​អោយ​បែកៗ​បន្តិច ហើយ​ដាក់​ចូលក្នុងទឹកក្តៅ​អ៊ុនៗ​ដាក់​អំបិល ជីរនាងវង អ៊ែមម៉ង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s