Monthly Archives: ខែមិថុនា 2012

ស្តូបគោរពវិញ្ញាណក្ខន្ធកងទ័ពចិន ​នៅទីប្រជុំជនស្គន់

ដូចប្លែកភ្នែកបន្តិចដែរ… ក្នុងដំណើរត្រឡប់មកពីខេត្តកំពង់ចាមវិញ ពេលមកដល់ ទីប្រជុំជនស្រុកជើងព្រៃ ត្រង់ម្តុំរង្វង់មូលផ្លូវបំបែកបត់ឡើងទៅកំពង់ធំ សៀមរាប… ដែលអ្នកដំណើរទូទៅតែងហៅថា ស្គន់ៗ នោះ ខ្ញុំទើបតែប្រទះភ្នែកនឹងសំណង់ ស្តូបអនុស្សាវរីយ៍សំរាប់គោរពវិញ្ញណក្ខន្ធមួយ ដែលកសាងឡើងដោយថ្មក្រានីត ខ្មៅក្រឹប បញ្ឈរឡើងលើ និងមានសរសេរអក្សរចិនមួយជួរ ពីលើចុះក្រោម។ មើលទៅស្តូបនេះ ហាក់ដូចជាកសាងយូរហើយដែរ ហើយខ្ញុំធ្វើដំណើរឆ្លងកាត់ទីនេះ ញឹកញាប់ណាស់ តែហេតុម៉េចក៍ខ្ញុំមិនចាប់អារម្មណ៍សោះអីចឹង..!!..

នៅលើស្លាកអក្សរជាភាសាខ្មែរ នៅនឹងគល់ស្តូបប៉ែកខាងជើង បានអោយដឹងថា៖ ស្តូបអនុស្សាវរីយ៍នេះ ត្រូវបានកសាងឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជន នៃកងវិស្វកម្មរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន ចំនួនពីររូបគឺលោក យូ ស៊ីលី (Yu Shi Li) និងលោក ចេន ហ្សីហ្គ័រ (Chen Zhi Guo) ដែលបានពលីជីវិតទាំងវ័យក្មេង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៩៣ វេលាម៉ោង ២២ និង៤០នាទី ក្រោមការវាយឆ្មក់ ដោយកងទ័ពខ្មែរក្រហម ទៅលើបន្ទាយរបស់ពួកគេ ដែលបោះទីតាំងនៅទីប្រជុំជន ស្គន់នេះឯង…។ ពួកគេទាំងពីររូប ស្ថិតនៅក្នុងកងវិស្វកម្ម នៃកងទ័ពប្រជាជនចិន បានមកបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអ៊ុនតាក់ (UNTAC) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។

ស្តូបសំរាប់រំលឹកវិញ្ញណក្ខន្ធនេះ ត្រូវបានកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា…។

ស្រុកស្រែ

Advertisements
វិចិត្រសាល

ទិដ្ឋភាពជ្រុងមួយ​នៃក្រុងកំពង់ចាម ​​ថ្ងៃនេះ…

This gallery contains 15 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពជ្រុងមួយនៃក្រុងកំព … បន្ត​ការ​អាន

គ្រួសារខ្ញុំ​ឈ្លោះគ្នា ​ដោយសារ​ការ​ធ្វើ​បង្គោលរបង​ព្រំដីខ្ញុំ…

តាំងពីខ្ញុំធំដឹងក្តីមក អ្វីដែលខ្ញុំដឹង គឺដីខ្ញុំដែលបានបន្សល់ទុកតាំងពីជីដូនជីតាទួត ជីលួត ជីលារបស់ខ្ញុំ រហូត​ដល់សព្វ​ថ្ងៃនេះ មាន​ព្រំ​ប្រទល់​ខាងត្បូង​ទល់នឹង​ទឹក​ទន្លេ ខាងជើង​ទល់នឹង​ព្រៃ​ទាក់​ដំរី ខាងកើត​ទល់នឹង​ដីពូម៉ិញ និង​ខាងលិច​ទល់នឹង​ដី​ពូបុល…។ តាមការ​រៀបរាប់​របស់​ចាស់ទុំ៖ កាល​ពីមុន ដីខ្ញុំមាន​ទំហំ​ធំ​ណាស់… តែ​ដោយ​សារ​គ្រួសារ​ខ្ញុំ​ឧស្សាហ៍​ឈ្លោះ​គ្នា ដណ្តើម​គ្នា​ធ្វើមេ​គ្រួសារ​ញឹក​ញាប់​ពេក ទើប​ធ្វើ​អោយ​ដីខ្ញុំ រួញនៅ​សល់តែ​ប៉ុន​បាត​ដៃនេះ​ទៅ..!!..

រំលឹកដីធ្លីខ្ញុំដែលបានបាត់បង់… ដីដ៏ធំល្វឹងល្វើយ ដែលបច្ចុប្បន្ន​បានក្លាយ​ជាកម្មសិទ្ធិ របស់​ពូបុល អស់ទៅ​ហើយ​នោះ គឺជា​អតីតដី​របស់​ជីដូន​ជីតាទួត ជីលួត ជីលា​ខ្ញុំនៅ​ភាគ​​​ខាងលិច ដែល​បាន​បាត់បង់​ទៅចាប់​តាំង​ពី ៨០០ឆ្នាំ​មុន​មក​ម្ល៉េះ… រីឯ​ដី​មួយ​​ភាគ​ធំ​ទៀត ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ពូម៉ិញ ស្ថិត​នៅ​ព្រំ​ខាង​កើត​វិញ ក៍ជា​​អតីត​​ដី​របស់​ជីដូន​​ជីតា​ទួត ជីលួត ជីលា​ខ្ញុំដែរ។ អតីត​ដីខ្ញុំ​ភាគ​ខាង​កើត​នេះ ទើប​តែ​​ធ្លាក់​​ចូល​ក្នុង​កណ្តាប់​ដៃពូម៉ិញ​ជាផ្លូវការ កាលពីជាង ៦០ប្លាយឆ្នាំកន្លងទៅ ថ្មីៗនេះទេ។ នៅ​មាន​កោះ​ក្នុងទន្លេ ក្បែរមាត់កំពង់ទឹកខ្ញុំទៀត ដែលពីមុនជារបស់ខ្ញុំ តែបច្ចុប្បន្ន ក៍ត្រូវ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់ពូម៉ិញផងដែរ…។

ថ្វីត្បិតតែខ្ញុំនៅសល់ដីទំហំមិនបានប៉ុន “បាតដៃហៀរ” នេះក៍ដោយ ក៍នៅព្រំខាងកើត គឺមិនទាន់មានបង្គោល និង​របង​ត្រឹម​ត្រូវ​ច្បាស់​លាស់​នៅឡើយ​ទេ។ រីឯខាង​លិចវិញ មាន​បង្គោល​ច្បាស់​លាស់​រួចហើយ គ្រាន់តែ​បង្គោល​ទាំង​នោះ​ដួល ឬបាក់​ដែល​ត្រូវការ ពេល​​វេលា​​ក្នុងការ​លើក​បញ្ឈរ និងតំរង់​អោយ​ត្រឹមត្រូវ​ឡើងវិញ​តែប៉ុណ្ណោះ។ នេះគឺ​ជា​អ្វី ដែល​មេ​គ្រួសារ​ខ្ញុំ បានប្រាប់​អោយ​ញាតិ​មិត្តខ្ញុំ​បានដឹង​ពីមុនៗ​មក។

នៅព្រំប្រទល់ខាងលិច… តាមខ្ញុំយល់ បើទោះជាពូបុល ខំធ្វើមុខក្រាស់ បង្កជំលោះ​ចង់​បាន​ដីក្បែរខ្ទម​អ្នកតាខ្ញុំ កាលពីបីបួន​ឆ្នាំមុន​នេះ​ក៍ដោយ ក៍មិនសូវ​ជាមាន​​បញ្ហា​​ពិបាក​ក្នុង​ការ​សំរុះ​សំរួល​គ្នាដែរ ព្រោះថា ព្រំប្រទល់នេះ ត្រូវបានមេភូមិ និងមេឃុំ​ដឹងឮ និង​ទទួលស្គាល់ជាផ្លូវការ តាំងពីជាង ១០០ឆ្នាំ មកហើយ… ហើយនៅពេល ដែលពូបុល មានជំលោះជាមួយគ្រួសារខ្ញុំ ក្នុងការដណ្តើមកាន់កាប់ខ្ទមអ្នកតា កាលពី ៥០ឆ្នាំមុន នៅលើព្រំដីខាងលិចនេះ  ក៍មេឃុំ មេស្រុក បានកាត់ក្តីអោយគ្រួសារខ្ញុំឈ្នះ បាន​ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិស្របច្បាប់លើខ្ទមអ្នកតានេះ​រួច​ទៅ​ហើយ​ផងដែរ។

ចំណែកព្រំប្រទល់ខាងកើតវិញ អតីតមេគ្រួសារខ្ញុំជាច្រើនជំនាន់មកហើយ ដែលម្នាក់ៗ សុទ្ធតែចង់ក្លាយជាវីរៈបុរសក្នុងរឿងបោះបង្គោល ធ្វើរបងព្រំដីនេះ តែនៅ​តែ​មិន​អាច​សំរេច​កិច្ចការនេះបានឡើយ។ តាមខ្ញុំយល់ គំនិតរបស់ពូម៉ិញ ដែលចេះ​តែអូស​បន្លាយ​ពេល និងមិនមានចិត្តចង់ធ្វើរបងព្រំដីនេះ ប្រហែលជាគាត់ គិតអញ្ចេះ៖ ប្រសិន​បើអាច​នៅមាន​ឳកាស​ទន្រ្ទាន​យកដីខ្ញុំ​បាននៅ​ឡើយ​ទេ នៅពេល​ដែលមេ​គ្រួសារ​ខ្ញុំបបួល​បោះ​បង្គោល ធ្វើរបង​ព្រំដី​ម្តងៗ គឺប្រាកដ​ជា​ពូម៉ិញ រក​លេស​គេចវេះ អូស​បន្លាយ​ពេល​ហើយ។ តែ​បច្ចុប្បន្ន​ប្រហែល​ជា​មាន​ហេតុផល​ខ្លះ ដែល​បណ្តាល​អោយ​ពូម៉ិញ ផ្លាស់​ប្តូរ​ទស្សនៈ​នេះ និង​ឯកភាព​ក្នុងការ​ធ្វើ​បង្គោល​របង​ព្រំដី​ខ្ញុំនៅ​ពេល​នេះ។ ហេតុផល​នោះ​ងាយ​យល់​ទេ ដោយ​ក្នុង​ចំណោម​មេ​គ្រួសារ​ខ្ញុំ​ទាំងអស់ គឺមាន​មនុស្ស​តែម្នាក់​គត់​ដែល​ពូម៉ិញ មាន​ចំណូល​ចិត្ត “ចង់រាប់អាន” ឬ “ចង់និយាយរក”… បើអ្នក​ផ្សេង​ទៀត​ក្រៅពី​​មនុស្ស​ម្នាក់​នេះ ទៅបបួល​ពូម៉ិញ បោះ​បង្គោល​ធ្វើរបង​ព្រំដី គឺមិន​ត្រឹមតែ​ពូម៉ិញ​មិន​មើល​មុខ​ទេ តែនឹង​មិន​និយាយ​រកតែ​ម្តង…។ តាម​ហេតុផល​ចុង​ក្រោយ​នេះ ជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ប្រសិន​បើមាន​ការ​បាត់បង់​ដីកេរ្តិ៍​របស់​ខ្ញុំខ្លះ​មែន នោះគឺ​ជារឿង​ដែល​ជៀស​មិន​រួច… តែខ្ញុំ​រីករាយ​នឹង​ទទួល​បាន​មកវិញ នូវព្រំដី​មួយ​ច្បាស់​លាស់ ដែល​កូន​ចៅ​ជំនាន់​ក្រោយៗ​របស់​ពូម៉ិញ មិនអាច​រំលោភ​យក​បាន​ជា​ដាច់​ខាត​នាពេល​អនាគត។ ប៉ុន្តែអ្វី​ដែល​ជា​បញ្ហា​នោះគឺ តើ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​ដទៃៗ​ទៀត សុខចិត្ត​ឯកភាព​បាត់បង់ និង​ទទួល​យក​នូវការ​ពន្យល់​ពី​លទ្ធផល​ធ្វើ​របង​ព្រំដី ទាំង​សំណើច​លាយ​ទឹកភ្នែក​នេះ ឬក៍​អត់?…

ជាតថភាព បានបង្ហាញរួចហើយ… គឺដោយសារតែរឿងធ្វើរបងព្រំដីនេះហើយ បានជា​គ្រួសារ​ខ្ញុំ ឈ្លោះ​បែកបាក់​គ្នា មើល​មុខគ្នា​លែងចំ ដោយ​ក្នុងនោះ មានពូ​ខ្ញុំ​ម្នាក់​ត្រូវ​​បាន​រត់​ចោល​ស្រុក ចោលទេស ចូល​ផ្ទះ​អត់​បាន… បច្ចុប្បន្ន អ្វីដែល​ខ្ញុំមើល​ឃើញ​នោះគឺ ក្រុម​គ្រួសារ​ខ្ញុំកំពុង​តែមាន​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា​ក្នុង​រឿង​នេះ៖ ញាតិ​ខ្ញុំម្ខាង គឺជា​ក្រុម​ដែល​មាន​ទស្សនៈ​គាំទ្រ​ការ​បោះ​បង្គោល​ធ្វើ​របង​ព្រំដី​ជាមួយ​ពូម៉ិញ បាន​ចាត់​ទុក​ពូខ្ញុំ​ដែល​សំរេច​កិច្ចការ​នេះ​ថា​ជា “វីរៈបុរស”…  ហើយ​ពូខ្ញុំ​ម្នាក់​ទៀត ដែល​បាន​វ៉ៃកែង​ជូន​លោក មិនអាច​ចូល​ផ្ទះ​សំបែង​បាននោះ ត្រូវបាន​ចាត់​ទុកជា “អ្នកទោស” រំខាន​ការងារ…។ ចំណែក​ញាតិ​ខ្ញុំម្ខាង​ទៀត គឺក្រុម​ដែល​មាន​ទស្សនៈ​មិន​គាំទ្រ​ការ​បោះ​បង្គោល​ធ្វើ​របង​ព្រំដី​នៅ​ពេល​នេះ បាន​ចាត់ទុក​ពូខ្ញុំ​ដែល​ជាអ្នក​មានទោស​រត់ចោល​ស្រុក​នោះ គឺជា “រីវៈបុរស”… ផ្ទុយ​ទៅវិញ ពូខ្ញុំ​ដែល​ប្រឹង​ប្រែង សំរេច​កិច្ចការ​ធ្វើរបង​ជាមួយ​ពូម៉ិញ ទាំង​លំបាក បែរជា​ត្រូវ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ថា ជា “អ្នកក្បត់” គ្រួសារ​ឯង​ទៅ​វិញ…

បើបែបនេះ តើពូខ្ញុំមួយណា ដែលនឹងក្លាយជាវីរៈបុរសពិតប្រាកដទៅថ្ងៃក្រោយ?… មើលទៅ​រឿងនេះ គឺមាន​តែពេល​វេលា និង​មនុស្ស​ជំនាន់​ក្រោយ​ទេ ដែល​នឹង​បញ្ជាក់ ប្រាប់​ការពិត​បាន។ នៅមាន​ទៀត… ឬមួយ​ក៍ពូខ្ញុំ​ទាំង​ពីរនាក់​នេះ ពួកគាត់​គ្រាន់តែ យក​រឿងនេះ​ដើម្បី​ប្រជែង​គ្នា​ធ្វើជា​មេ​គ្រួសារ?… ហើយចុះ​ជីតា​ខ្ញុំ​ដែល​កំពុង​ឈឺ សំរាក​ព្យាបាល​ផឹកថ្នាំ “ចិនសែ” និង​កំពុង​ស្ថិត​នៅ​ចំងាយ​ជាង​បីពាន់​គីឡូម៉ែត្រ ពី​ភូមិខ្ញុំ ម៉េចក៍​មិន​ក្អក គ្រហែម​អីមួយ​ម៉ាត់​ម៉ោ ដើម្បី​អោយ​ពូៗខ្ញុំ គាត់​ឈប់​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​នេះ?… ដល់​មែន​ទែន​ទៅ ខ្ញុំចង់​ភ្លេចថា ខ្ញុំមាន​នៅ​សល់​ជីតា​ជរា​ម្នាក់ គ្រាន់​នឹងអួត​គេ​ដែរ​តើ..!!..??..

ស្រុកស្រែ

វិចិត្រសាល

ទិដ្ឋភាពជនបទស្រុកយើង ​នាដើម​វស្សានរដូវ…

This gallery contains 10 photos.

ខាងក្រោមនេះ គឺជាទិដ្ឋភាពនៅជនបទស្រុកយើង ន … បន្ត​ការ​អាន

គូកម្ម..!!..

គូស្នេហ៍ពាន់ឆ្នាំ ឬអាចហៅតាមបែបអ្នកគុណនិយមថា គូស្នេហ៍ “យិនស៊ិន” មួយគូរ ដែលទើបតែចាប់ដៃជួបជុំគ្នា “ផ្តើមស្នេហ៍ជាថ្មី” ឡើងវិញនៅសណ្ឋាគារ “ផ្កាយ៧” កាលពីម្ងៃណោះ ឥឡូវឮសូរដូចជាចង់បែកបាក់គ្នាម្តងទៀតហើយ…។

នឹកឃើញអនុស្សាវរីយ៍កាលជួបគ្នាឡើងវិញនាពេលនោះ ប្តីប្រពន្ធមួយគូរនេះ បានអោបថើបគ្នាទាំងគ្រឺត! ទាំងខ្នាញ់! ស្ថិតនៅក្រោមក្រសែភ្នែកឡឹងឡង់ និង ងឿងឆ្ងល់របស់កូនចៅទាំងសងខាង ព្រោះថា មុនពេលម៉ែឪត្រូវរ៉ូវគ្នាឡើងវិញនេះ កូនចៅទាំងសងខាង អោយតែជួបទល់មុខគ្នា ច្រើនតែស្រែកដៀមដាមដាក់គ្នា និង ជួនកាលមានរហូតដល់គប់ដបទឹកសុទ្ធដាក់គ្នាថែមទៀតផង។

តាមពិតគឺត្រូវតែអញ្ចឹង… ទស្សនៈខុសគ្នា មិនអាចដើរលើគន្លងជាមួយគ្នាយូរអង្វែង បានឡើយ។ ការសំឡឹងឃើញផលប្រយោជន៍បុគ្គល ឬបក្សពួកតែរៀងៗខ្លួន នាំអោយមានការមិនទុកចិត្តគ្នា… ការមិនទុកចិត្តគ្នា នឹងនាំអោយមានការបែកបាក់។ ព្រោះថា ប្តីប្រពន្ធ ញាតិមិត្ត ឬមិត្តភក្រ្តស្និទ្ធស្នាលយ៉ាងម៉េចក៍ដោយ គឺងាយនឹង បែកបាក់គ្នា ឬស្អប់គ្នាណាស់ ប្រសិនបើមាននរណាម្នាក់ យកផលប្រយោជន៍ យ៉ាងធំមួយ មកដាក់ចំពីមុខអោយដណ្តើមគ្នា…។

និយាយតាមបែបសាមញ្ញ ខ្មែរយើងច្រើនចាត់ទុកប្តីប្រពន្ធដែលចេះស្រឡាញ់គ្នា ចេះអត់អោនអោយគ្នា និងរស់នៅជាមួយគ្នាយូរអង្វែងប្រកបដោយសុភមង្គល ហៅថា “គូព្រេង”… រីឯប្តីប្រពន្ធណាឧស្សាហ៍ឈ្លោះទាស់ទែងគ្នា ម្តងលែងលះ ម្តងត្រូវរ៉ូវគ្នា ឡើងវិញ ហៅថា “គូកម្ម”… គឺជំពាក់កម្មគ្នារហូត..!!..

នៅមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញមួយគូរទៀត រវាងកំលោះចាស់ និងនាងក្រមុំ “ខ្ចីញ៉េញ” ដែលតាមដំណឹងត្រូវញាតិមិត្តទាំងសងខាងមានបំណងនឹងជួបសំរុះសំរួល អោយត្រូវរ៉ូវគ្នាឡើងវិញ នៅដើមខែក្រោយនេះហើយ។ កំលោះចាស់នេះ មានរឿងរ៉ាវ ជាប់ខ្លួនមិនអាចចូលផ្ទះបាន។ ហេតុនេះ ពិធី “ជជែកគ្នា” នឹងត្រូវបានញាតិមិត្ត ទាំងសងខាង ចាត់ចែងធ្វើនៅឯក្រៅប្រទេសតែម្តង…។

គឺមានតែពេលវេលាទេដែលនឹងបញ្ជាក់ប្រាប់ថា តើគូស្រករកំលោះចាស់នេះ អាចត្រូវរ៉ូវចាប់ដៃគ្នាឡើងវិញដែរឬអត់?… ហើយតើនេះជាគូព្រេង ឬក៍ជាគូកម្ម ដូចគូស្នេហ៍ “យិនស៊ិន” ខាងលើនេះដែរ?..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

ភ្លេង “កាប់គ្នា”..!!..

Fighting Music

ភ្លេងសំរាប់ប្រយុទ្ធគ្នានៅស្រុកយើងមានពីរប្រភេទ គឺភ្លេងប្រដាល់ និងភ្លេងកាប់ចាក់… ភ្លេងប្រដាល់គឺជាភ្លេងវ៉ៃគ្នានៅលើរេញ… កាលណាផ្លុំតឺឡើង គូរប្រដាល់ទាំងពីរ ស្ទុះទៅដាល់គ្នាប្រាវ… ដល់ពេលសំរាក មានអ្នកអោយទឹកដូចមាន់ជល់..!!.. ឯភ្លេងកាប់គ្នាវិញ មិនចាំបាច់មានរេញ មានអ្នកអោយទឹកអីទេ… ហើយបើចង់កាប់ចាក់វិញគឺងាយណាស់ ដោយគ្រាន់តែចាក់ភ្លេងក្ឌុងឡើង រួចធ្វើជារាំជាន់ជើងគ្នាទៅ គឺបានកាប់គ្នាប្រាវហើយ..!!.. ក្នុងរូបនេះ ជាឡានដឹកភ្លេងធុងបាស់ ឬភ្លេងកាប់ចាក់ យកទៅចាក់រាំក្នុងពិធីបុណ្យ ពិធីមង្គលការ ឬពិធីជប់លៀងផ្សេងៗ…

ស្រុកស្រែ

ស្រែប្រាំងរបស់​អ្នកស្រុក​ពារាំង…

Rice Field, Pea Rang, Prey Veng

វាលស្រែប្រាំងរបស់អ្នកស្រុកពារាំង ខេត្តព្រៃវែង… អ្នកធ្វើស្រែបច្ចុប្បន្ន បានផ្លាស់ប្តូរទំលាប់ពីការធ្វើស្រែដើម្បីចិញ្ចឹមឆ្នាំង ទៅជាការធ្វើស្រែលក់ស្រូវវិញហើយ។ អ្នកស្រែមិនខ្ជិលទេ..!!.. តែបញ្ហានៅត្រង់ថា តើពេលណាទើបពួកគាត់ឈប់ធ្វើស្រែ ប្រវាស់មេឃ?… គឺមានតែអនុវត្តន៍នយោបាយទឹក ដូចសម័យខ្មែរក្រហមទេ ទើបអាចជួយអ្នកស្រែជនបទយើង អោយរួចផុតពីភាពខ្វះខាតបាន…

ស្រុកស្រែ