វិចិត្រសាល

ចលនាអូសទាញ “ជនវង្វេងផ្លូវ” …


ដោយសង្កេតមើលពីទំរង់នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណៈបក្សនយោបាយនីមួយៗ កាលពីពេលថ្មីៗនេះ ធ្វើអោយខ្ញុំនឹកទៅដល់ សកម្មភាពចលនាអូសទាញ “ជនវង្វេងផ្លូវ” កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់​ហើយ… នោះគឺជាយុទ្ធសាស្រ្ត ឬជាសង្គ្រាមចិត្តសាស្រ្ត ដើម្បីអូសទាញមនុស្ស​ពី​ក្នុង​ព្រៃ ​អោយមករស់នៅក្នុងស្រុកភូមិវិញ..!!..

រំលឹកពីយុទ្ធសាស្រ្តនេះបន្តិច… នោះគឺនៅពេលវៀតណាមត្រៀមខ្លួនដកចេញពីកម្ពុជា កងទ័ពវៀតណាម បានបើកប្រតិបត្តិការសឹក​ជាទ្រង់ទ្រាយធំមួយ មានឈ្មោះថា «យុទ្ធនាកា​ររដូវប្រាំងឆ្នាំ១៩៨៤-៨៥» ដោយបានធ្វើការបោសសំអាតជុំរុំកងទ័ព របស់​ចលនាត្រីភាគី កម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ អោយប៉ើងខ្ទាតទៅក្នុងទឹកដីថៃ។ ទន្ទឹមនឹងការ “បែកសំបុក” នេះ ខាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បានបើកយុទ្ធនាការសង្គ្រាមចិត្តសាស្រ្ត តាមរយៈការ​ឃោសនាផ្សព្វផ្សាយ អូសទាញកងកំឡាំងប្រដាប់អាវុធ ដែលនៅសេសសល់ និង​កំពុង​រស់នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃ ដើម្បីអោយមកចុះចូលខាងរដ្ឋាភិបាលវិញ ដែល​សកម្មភាព​នេះមាន​ឈ្មោះ​ថា ​ចលនាអូសទាញ “ជនវង្វេងផ្លូវ”…។

ចលនានេះបានអូសបន្លាយពេលយូរឆ្នាំ ហើយនៅរៀងរាល់ពេលយប់ម៉ោង៩ មាន​ចំរៀង​មួយបទ ដែលច្រៀងដោយអ្នកស្រី ឆោម ឆវិន “យប់យន់កាន់តែជ្រៅ​ណាស់​ទៅ​ហើយ…” គឺជាបទចំរៀងដ៏ពេញនិយមរបស់វិទ្យុជាតិក្នុងកម្មវិធី អូសទាញជនវង្វេងផ្លូវ នាសម័យកាលនោះ ដែលបានបំពេរអារម្មណ៍ខ្មែរក្នុងស្រុក និងខ្មែរ​ក្នុងព្រៃ​អោយ​មាន​ភាព​ស្រងេះស្រងោច នឹករលឹកមកស្រុកកំណើត។

ជាលទ្ធផលមាន “ជនវង្វេងផ្លូវ” ជាច្រើន បានចូលមក “រួមរស់” ក្នុងសង្គមជាតិវិញ។ ក្នុង​ចំណោម​ជន​វង្វេង​ផ្លូវ​ទាំង​នោះ ខ្ញុំចងចាំជាងគេនូវជនវង្វេងផ្លូវម្នាក់ឈ្មោះ ឡាំ វល្លិ…។ លោក ឡាំ វល្លិ  បាននាំ​កង​កំឡាំង​ប្រដាប់​អាវុធជាច្រើននាក់ ដែលស្ថិតនៅ ក្រោមឳវាទគាត់ មកចុះ​ចូល​ជាមួយ​រដ្ឋាភិបាលនៅខេត្តពោធិសាត់ ។ តាមខ្ញុំចាំ លោក ឡាំ វល្លិ គឺជា​កម្មាភិបាល​ជាន់​ខ្ពស់​មួយរូប របស់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលធ្វើ​សកម្មភាព​នៅ​ខេត្តពោធិសាត់ បាត់ដំបង…។ ក្រោយពេលចូលសារភាព លោក ឡាំ វល្លិ បានផ្តល់​បទសម្ពាសន៍យ៉ាងច្រើនដល់ប្រព័ន្ធឃោសនាជាតិ ដែល​កាលណោះ ត្រូវបាន​ផ្សាយ​ដោយវិទ្យុជាតិកម្ពុជា​តែមួយគត់។ ខ្ញុំនៅចងចាំ​នៅ​ឡើយ​នូវសំណួរមួយដែលសួរថា៖ តើត្រូវធ្វើយ៉ាងម៉េច ដើម្បីអូសទាញបងប្អូន​ជនវង្វេងផ្លូវ ពីក្នុងព្រៃអោយ​ចូល​មករួមរស់​ក្នុង​សង្គមជាតិវិញ?… លោក ឡាំ វល្លិ បានមាន​ប្រសាសន៍​ឆ្លើយតបថា៖ ងាយទេ!… គឺត្រូវធ្វើម៉េចអោយ “អ្នកស្រុក” មានចិត្ត​ចង់​រស់​នៅក្នុងស្រុក និងឈប់​មាន​បំណង​រត់​ចូលព្រៃ… នៅពេលនោះ “ពួកព្រៃ” នឹងឃើញ​អ្នកស្រុករស់នៅស្រួល គឺប្រាកដ​ជា​ត្រឡប់​ចូលមករស់នៅក្នុងស្រុកវិញ ដោយ​ឯក​ឯងហើយ..!!..

ក្រោយមកលោក ឡាំ វល្លិ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា តែង​តាំងគាត់អោយធ្វើការនៅមន្ទីររណសិរ្យ ខេត្តពោធិសាត់។ គិតមកដល់ពេលនេះ បើទោះជាមានរយៈពេលជាងម្ភៃឆ្នាំ បានកន្លងផុតហើយក៍ដោយ តែប្រសាសន៍ របស់លោក ឡាំ វល្លិ ដែលទាក់ទងទៅនឹងចលនាអូសទាញជនវង្វេងផ្លូវនេះ គឺនៅតែ “មានតំលៃ” នៅឡើយ សំរាប់អោយគណៈបក្សនយោបាយនានា ធ្វើការត្រិះរិះ ពិចារណា ដើម្បីធ្វើយ៉ាងណា ទាក់ទាញសមានចិត្តសមាជិកគណៈបក្សរបស់ខ្លួន បច្ចុប្បន្ន កុំអោយរត់ឆ្វេចឆ្វាច “ចូលព្រៃ” ដើម្បីទៅ “ចុះចូល” ជាមួយអ្នកដទៃ… ។

តែអ្វីដែលខ្ញុំគិតមិនដាច់ស្រេចត្រង់ថា៖ បើអ្នកភាគច្រើន អូសទាញបានអ្នកភាគតិច នោះអ្នកភាគតិច គឺជា “ជនវង្វេងផ្លូវ”..!!.. តែ… ចុះបើអ្នកភាគតិច អូសទាញបាន អ្នកភាគច្រើនវិញ តើអ្នកភាគច្រើននោះ គឺជា “ជនវង្វេងផ្ទះ” ឬក៍វង្វេងអីដែរ?… ខ្ញុំរកនឹកអត់ឃើញ… មិនដឹងហៅឆ្អីអោយសម..??..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

7 responses to “ចលនាអូសទាញ “ជនវង្វេងផ្លូវ” …

  1. បែបនោះវាមិនខុសពី​ធ្វើទំនប់បាចសមុទ្ទដូច​រឿង​​ «បុរសពីរនាក់បាចទឹកសមុទ្ទ» ទេបង វាគឺជារឿងដ៏ពិបាក តែជាកិច្ចការមហិមាមួយ​សម្រាប់ក្រុមតិច!
    តែជឿទេថា ត្រីសមុទ្ទ ក្តាមខ្យង ទាំងនោះអាចយកមាសប្រាក់កែវកងពីក្នុងសមុទ្ទដ៏សំបូរមាសប្រាក់នោះ ឲ្យបុរសអ្នកបាចទឹកសមុទ្ទនោះម្តងទៀត ដូចរឿងនិទាន?

  2. រឿងរ៉ាវ​ដែល​ខ្ញុំមិនធ្លាប់ឮ ឬ ដឹង ។

    • មិនសូវមានអ្នកចាប់អារម្មណ៍ និងចងចាំ​ហេតុការណ៍​កំសត់ៗ​ របស់ជនជាតិ​យើង​ ពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្មានទេ… ហេតុនេះ ខ្ញុំនៅចាំ​បាន​ប៉ុណ្ណា ខ្ញុំរំលឹក​ឡើង​វិញ​ប៉ុណ្ណឹង​ទៅ… គ្រាន់​ចែករំលែក​នៅ​ទីនេះ និង​ង៉ៃក្រោយអផ្សុក​អី បើកមើល​លេងទៅ… :-D​

  3. កាលហ្នុងនៅតូចពេកអត់ចាំអីទេ ចាំត្រឹមពីកាលបោះឆ្នោត៩៣ មានគេជិះយន្តហោះ​(ឬក៏កន្ទុំរុយ) បាចត្រាក់ឃោសនា​ថា សម្ដេចឪនឹង​មិនប្រឡូកនយោបាយ​ទេ នៅពេលគណបក្សមួយនោះ(សុំមិនបញ្ចេញឈ្មោះ ព្រោះខ្ញុំអព្យាក្រឹត) ឈ្នះឆ្នោត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s