Monthly Archives: ខែកក្កដា 2012

អុកចត្រង្គ ឆ្នាំ២០១៣..!!..

អុកចត្រង្គឆ្នាំ២០១៣ បាន​និង​កំពុង​តែចាប់ផ្តើមតំរៀបកូនលេង តាម​បែប​ស្ងាត់ផង ចំហផង ហើយ​អ្នក​ចាប់​កូនដើរ ក៍​កំពុង​តែគិត​ពិចារណាថា តើគួរ​ដើរ​ក្រឡាណា? តើត្រូវ​រុញ​សេនា​មួយណាចូល ឬក៍​ត្រូវអោយ​​សេនា​មួយណា​​ដកថយ?  ឬមួយ​ក៍​ត្រូវ​ប្តូរជើង​សេះឆ្វេង ដាក់​សេះស្តាំ​?… ហើយអ្វីៗ​ទាំងអស់​នេះ គឺ​គ្រាន់​តែ​ជាការ​គូសវាស​ផែនការ​​សំរាប់​យក​ទៅ​អនុវត្តន៍​ជា​បណ្តើរៗ​តែ​ប៉ុណ្ណោះ។ ឯការ​ប្រកួត​ផ្តាច់ព្រ័តពិត​ប្រាកដ​នោះ គឺនឹង​ប្រព្រឹត្តិទៅ​នៅចុង​ខែកក្កដា ឆ្នាំ២០១៣ ខាង​មុខ​…។

ការប្រកួតអុកចត្រង្គនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល ៥ឆ្នាំម្តង ដោយ​អ្នក​ក្លាហាន​​ចូល​រួមការ​​ប្រកួត គឺ​មានគ្រប់​ម៉ូត គ្រប់ម៉ាក់ គ្រប់ធឺ គ្រប់សមាសភាព ទាំង​ក្នុង​​ស្រុកផង ទាំងក្រៅ​ស្រុកផង។ តែតាម​លទ្ធផល​ជាក់ស្តែង​កន្លង​មក​នេះ ក្រោយការ​ប្រកួត​ម្តងៗ គឺ​ជ័យជំនះ​តែងតែធ្លាក់​ទៅលើ​អ្នកខ្លាំង! ឈ្លាសវៃ!… និង​មាន​យុទ្ធសាស្រ្ត​មិន​ចេះ​រីងស្ងួត​ជាប់រហូត​មក…។ ដល់ឈ្នះការ​ប្រកួត​ជាប់ៗ​គ្នា​រហូត មិនដែល​ចាញ់​សោះ​ចឹងទៅ គ្រប់ៗគ្នា​ក៍​ហៅ​អ្នក​ឈ្នះរហូតនោះថា អ្នក “ជើងយូរ” តែម្តងទៅ…។

ដោយសារ​ខ្ញុំ​ជា​ទស្សនិកជន​ ចូល​ចិត្ត​សង្កេត​មើល​ការ​ប្រកួត​ ដោយ​និយមអង្គុយ​ផឹកទឹកតែចាក់ធ្មេញ ឬតាមបែបអ្នក​អត់លុយអង្គុយទាយ ទើប​ខ្ញុំ​អាច​ស្វែងយល់​​ពី​កំរិត​ល្បិច និង​យុទ្ធសាស្រ្ត​របស់​គូប្រកួត​ទាំងសងខាងបាន។ ដូចខ្ញុំ​បាន​ជំរាប​រួច​មក​ហើយ​ថា មានគូប្រកួតជាច្រើន​នាក់​មក​ហើយ ដែលត្រូវ​បាន​ចាញ់​ក្រោមទំងន់ដៃ​របស់​អ្នក “ជើងយូរ” តែ​ម្នាក់គត់ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក “ជើងយូរ” គ្រប់​គ្រង​តំណែង​​ជើង​ឯក​ជាប់​រហូត​មក។ អ្វីដែលចំឡែកនោះ នៅ​ត្រង់​ថា ហេតុអីបាន​ជា​អ្នកចាញ់​រាល់ការ​ប្រកួត​ទាំងអស់​នោះ ហាក់ដូច​ជា​មិនមាន​យុទ្ធសាស្រ្តអីការពារ ទប់ទល់ ឬវ៉ៃលុក​ត្រឡប់​មក​វិញ​សោះ​?​ ផ្ទុយទៅវិញ អ្នក “ជើងយូរ” តែងតែ​ឆក់ឳកាស​វ៉ៃលុក ឬរំខានខ្សែការពារ និងព្យាយាមដើរ​បាន​មុន គ្រប់​ជំហានជាប់រហូត ដែល​ធ្ចើ​អោយ​គូប្រកួត​ខ្លះបាក់ស្មារតី ឬចាញ់​បាក់​ស្បាត​មុនការប្រកួត​​តែម្តង។

តាមការសង្កេត​របស់ខ្ញុំ មានយុទ្ធសាស្រ្ត​ច្រើនណាស់ដែលអ្នក “ជើងយូរ” បានយក​មក​ប្រើ​ដើម្បី​ទប់ទល់​នឹង​គូប្រកួត​របស់​ខ្លួន។ ឧទាហរណ៍ដូចជា មានពេលខ្លះ អ្នក “ជើងយូរ” បានបញ្ជា​អោយ​ទ័ពសេះមួយកង ទៅព័ទ្ធវ៉ៃកំទេចជុំរុំស្បៀង​របស់​គូសត្រូវ ឬវ៉ៃ​ខ្ទប់ ដើម្បី​ស្កាត់​ផ្លូវ​​ដឹកជញ្ជូន​ស្បៀង​ ដែល​ធ្វើ​អោយ​គូប្រកួត​ដាច់ស្បៀង អត់អង្ករ​ច្រកឆ្នាំង..!!.. ជួនកាល អ្នក “ជើងយូរ” បានរុញត្រីបកតូចមួយ​ ដើម្បី​បញ្ឆោត​ធ្វើនុយ​អោយ​គោលស៊ី… តែ​ក្រោយ​ពីគោល ស៊ី​ត្រីបករួច ក៍ជាប់ក្នុង​អន្ទាក់​ទ័ពសេះ​ល្មម..!!.. ពេលខ្លះទៀត ​អ្នក “ជើងយូរ” បានព្រលែង​ នាង ឬឈ្នៀង អោយ​ចូល​ទៅ​បំបែក​បំបាក់ចំណង​​​ខ្សែ​​ការពារ​រវាង​ទ័ពសេះ និង​ទ័ព​ជើងទឹក​(ទូក) ដែល​ធ្វើ​អោយ​ទ័ព​ទាំងពីរ​នេះ​​​ច្របូក​ច្របល់… លែងទុក​ចិត្ត​គ្នា… ទីបំផុត ទូកទ័ល​ច្រក ហើយ​ទូក​មួយ​ទាំងមូល យក​ទៅ​ដូរ​បាន​តែ “មីនាង” មួយ​របស់​អ្នក “ជើងយូរ” ​ហ្នុង​ឯង..!!.. ដល់​ចុង​ក្រោយ “ខុន” ត្រូវ​ឯកោ… អស់​កូនចៅ និង​ត្រូវរត់​​ទៅ​​នៅ​កៀនជញ្ជាំងតែម្តង..!!..??..

តាមសភាពបច្ចុប្បន្ននេះ នៅឆ្នាំ២០១៣ ខាងមុខ ការប្រកួត​អាច​មាន​សភាព​ស្វិត​ស្វាញ និង​ក្តៅ​គគុក​ជាង​ការ​ប្រកួត​លើកមុនៗ ហើយ​តាម​មើល​ទៅ ការប្រកួត​លើក​នេះ អាចជា​ការ​ប្រកួត ១ ទល់នឹង ២ ទៀតផង… អ្នកខាង ១ គឺអ្នក “ជើងយូរ”… ឯអ្នក​ខាង ២ ត្រូវចាំអ៊ុត​មើលសិន។ ចំណែក​អ្នក​ចូល​រួម​ប្រកួត​ដទៃៗ​ទៀត គឺគ្រាន់​តែ​​ចាត់​ទុក​ថា ជា​អ្នក​ចូល​រួម​ដើម្បី​ “កំដរឆាក” ឬ​គ្រាន់​តែជាអ្នក​​អង្គុយ​ចាំ​ “យកតុង” ជា​មួយ​អ្នក​ខាង​ឈ្នះ​ប៉ុណ្ណោះ។

នៅមានទៀត… មុនការ​ប្រកួតនេះ ឮសូរថា អ្នកខាង ២ កំពុង​ស្វះស្វែង​រកការគាំទ្រ​​ ដើម្បី​ដូរអាជ្ញា​កណ្តាល​​រៀបចំ​ការ​ប្រកួតនេះតែម្តង… តែអ្នកខាង ១ មិនព្រម​ទេ ហើយ​ថែម​ទាំង​ប្រាប់​ទៅ​អ្នកខាង ២ វិញថា៖ បើចង់ដូរអី ចាំប្រកួតឈ្នះសិន​ទៅ​..!!​..??..​

ស្រុកស្រែ

ខ្លាជួបខ្លា ឬខ្លាជួបឃ្លេ..??..!!..

ខាងក្រោមនេះ គឺជារូបភាពនៃការជួបទល់មុខគ្នាដ៏កំរ ព្រមទាំងមានការជជែកគ្នា លាយឡំដោយភាពសំណើចផងដែរ រវាងសម្តេច ហ៊ុន សែន និងលោកមេបក្ស ប្រឆាំង សម រង្ស៊ី កាលពីឆ្នាំ២០០៦, ២០០៧…។  នៅមានការជួបគ្នាម្តងទៀតនៅ ភូមិគ្រឹះរបស់សម្តេចផ្ទាល់ ឯបន្ទាយទួលក្រសាំង ក្នុងឳកាសដែលអ្នកនយោបាយ ទាំងពីររូបនេះ ឯកភាពរួមគ្នាកែច្បាប់ក្នុងសភា ពី ២ភាគ៣ មក ៥០បូក១ ដែលការ រួមគ្នាបែបនេះ បើតាមទ្រឹស្តីអ្នកក្លាហានកាប់ដាវវិញ គេហៅថា “សហការរីករាយ”..!!.. តែគួរអោយស្តាយ រូបភាពចុងក្រោយនេះ គឺមិនត្រូវបានអ្នកខាងក្រៅណា ប្រមាញ់ បានឡើយ…។

ដោយពិតទៅ វរៈជននយោបាយជាតិយើងទាំងពីររូបនេះ កំរនឹងបានជួបទល់មុខគ្នា ជាសាធារណៈបែបនេះណាស់។ តាមរយៈទឹកមុខ និងសំណើច បានធ្វើអោយអ្នក ដើរតាមទាំងសងខាងមានការស្ងប់ចិត្ត… តែអ្វីដែលនៅពីខាងក្រោយសំណើចនោះ គឺហាក់ដូចជាលាក់បង្កប់នូវយុទ្ធសាស្រ្ត “ឈ្នះ! ឈ្នះ!” តែរៀងៗខ្លួន…។

នៅមានទៀត… ចាស់ៗពីដើម គាត់ឧស្សាហ៍និយាយលេងសើចថា៖ អ្នកក្លាហាន នៅក្នុងលោកនេះមានពីរបែប ពីរធឺគឺ អ្នកក្លាហានមែនទែន និងអ្នកក្លាហានលេងៗ… ហើយប្រសិនបើអ្នកក្លាហានទាំងពីរបែបនេះ ជួបគ្នាម្តងៗ នឹងត្រូវបានចាត់ទុកថា មិនមែនខ្លាជួបខ្លាទេ… តែគឺជា “ខ្លាជួបឃ្លេ” ទៅវិញទេ..!!..

ដោយឮការប្រកាសកោកៗរាល់ថ្ងៃនេះ តាមខ្ញុំយល់ មើលទៅអ្នកក្លាហានទាំងពីរ បែបមិនអាចជួបមុខគ្នាងាយៗទេ… គឺយ៉ាងហោចណាស់ត្រូវនៅរង់ចាំរយៈពេល ៧ឆ្នាំ ខាងមុខទៀត..!!..??.. ហើយបើមានការជួបគ្នាលើកក្រោយម្តងទៀតមែន តើនេះជា “ខ្លាជួបខ្លា” ឬក៍គ្រាន់ជា “ខ្លាជួបឃ្លេ” ដូចចាស់ៗពីដើមថាមែន..??..!!..

Samdach Techo Hun Sen, Sam Rangsy, សម្តេច ហ៊ុន សែន, លោក សម រង្ស៊ី

សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី នៅពីមុខអាគាររដ្ឋសភាចាស់ ក្នុងឳកាសប្រជុំសភា ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០០៦ (រូបថតកាសែតភ្នំពេញប៉ុស្តិ)

Samdach Techo Hun Sen, Sam Rangsy, សម្តេច ហ៊ុន សែន, លោក សម រង្ស៊ី

សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងឳកាសជូនដំណើរសម្តេចឳ យាងទៅក្រុងប៉េកាំង ប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្នាំ២០០៧ (រូបថតកាសែតភ្នំពេញប៉ុស្តិ)

ស្រុកស្រែ

កំពូលមេទ័ពសំបូរល្បិច vs ​កំពូលមេទ័ពសំបូរស្នេហ៍

Sam Dach Hun Sen vs PPrince Norodom Ranariddh

អនុស្សាវរីយ៍ផ្អែមល្ហែម ជូរចត់កាលពី ១៥ឆ្នាំមុន… កំពូលមេទ័ពជាតិទាំងពីរអង្គ កំពុងទទួលពរជ័យន្តោ ពីព្រះសង្ឃក្នុងពិធីផ្លូវការមួយ… ម្នាក់ជាមេទ័ព “ខ្លាំង” ល្បិចពេញខ្លួន!… ឯម្នាក់ទៀតជាមេទ័ពមិនសូវខ្លាំង អត់សូវមានល្បិច តែមាន “មន្តស្នេហ៍” ដ៏អស្ចារ្យ..!!.. (រូបថតកាសែតភ្នំពេញប៉ុស្តិ)

ស្រុកស្រែ

សត្វប្រវឹក ឪវា..!!..

រូបខាងក្រោមនេះ ជា “កូនទាស្រុក” មិនទាន់ដុះស្លាបនៅឡើយ ដែលអ្នកស្រុកផ្អាវ បោចរោមរួច យកមកប្រែក្រឡាទៅជា “សត្វប្រវឹក” ដើម្បីលក់បោកអ្នកដំណើរ តាមផ្លូវជាតិលេខ៦ ត្រង់ម្តុំជិតដល់ទីប្រជុំជនផ្អាវ… អាចចាត់ទុកថា ជាគំនិតច្នៃប្រឌិត “ខាងបោក” ទៅចុះ…  ព្រោះថា នេះក៍ជា “សត្វប្រវឹក” ដែរ គ្រាន់តែថា វាជាប្រភេទ ប្រវឹកផស់ឪអាអ្នកលក់នេះតែម្តង..!!..

ស្រុកបាធាយ, ខេត្តកំពង់ចាម

ស្រុកស្រែ

ឡានតាក់ស៊ីស្រុកយើង…

តាក់ស៊ីស្រុកខ្មែរ

អង្គុយជិះបែបនេះ មិនដឹងអាងអីទេ..!!.. បើទោះជាតំលៃឈ្នួលថោកជាងពាក់ កណ្តាលពីតំលៃជិះខាងក្នុងក៍ដោយ ក៍អ្នកដំណើរពីរនាក់នេះ មិនគួរនឹងយកជីវិត ទៅប្រថុយបែបនេះដែរ… ហើយចុះបងៗប៉ូលីស និងសមត្ថកិច្ចដែលនៅរាយបណ្តាក់ គ្នាដូចខ្យងតាមដងផ្លូវនោះ ម៉េចក៍មិនចាប់ឃាត់ឡានតាក់ស៊ីនេះ ដើម្បីធ្វើការប្រមាន ឬពិន័យផងទៅ?

ស្រុកស្រែ

វិចិត្រសាល

ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ស្ពានតាខ្មៅ រយៈពេល ៦ខែ…

This gallery contains 8 photos.

គិតមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ នេះ … បន្ត​ការ​អាន

វិចិត្រសាល

ម្ហូបសំរាប់លក់អោយយក្សក្លែម​ ​នៅទីប្រជុំជន​ស្គន់…

This gallery contains 7 photos.

ខាងក្រោមនេះ គឺជាគ្រឿងក្លែមដែលអ្នកស្រុកស្ … បន្ត​ការ​អាន