វិចិត្រសាល

កំណត់ត្រា ភាគ១៖ ធ្វើដំណើរ​ទៅភូមិ​ l’Ametlla de Mar


ខ្ញុំត្រូវបានដាស់អោយភ្ញាក់ដោយសំឡេងទូរស័ព្ទ Alarm នៅម៉ោង ២ និង​៣០នាទី​ជិត​ភ្លឺ …។ តាម​គំរោង នៅ​វេលា​ម៉ោង ៣ទៀប​ភ្លឺ​នេះ ខ្ញុំត្រូវ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ដើម្បី​ឆ្ពោះ​ទៅ​កាន់​​ភូមិ​​តូច​មួយ នៅ​ជាប់​មាត់​សមុទ្រ​​មេឌីទែរ៉ាណេ ​(Mediterane) ដែល​ស្ថិត​​នៅ​​​ភាគ​ខាងត្បូង​ទីក្រុង​តារ៉ាហ្គូណា (Tarragona) នៃ​ប្រទេស​​អេស្ប៉ាញ។ ភូមិ​ដែល​ខ្ញុំ​ត្រូវ​ទៅ​នោះ​ មាន​ឈ្មោះ​ថា អាម៉ែតឡា ដឺម៉ារ៍ (l’Ametlla de Mar) ដែល​ជាតំបន់​សំរាក​លំហែកាយដ៏​ពេញ​និយម​ សំរាប់​ជនជាតិអឺរ៉ុប​​នាំក្រុមគ្រួសារ ​ទៅ​សំរាក​វិស្សមកាល​នៅទីនោះ​។

គ្នីគ្នាខ្ញុំ​ទាំងអស់ ទាំងតូចទាំងធំ ទាំងចាស់ទាំងក្មេង​មាន​ចំនួន ១២នាក់ បាន​ចេញ​ដំណើរ​​ពី​ភូមិ ​​នីដឺហាស្ល៊ី (Niederhasli) ដែលជាភូមិ​តូចមួយ​នៅជិត​អាកាស​យានដ្ឋាន​ហ្សូរិក ​តាម​រថយន្ត​ចំនួ​ន​បីគ្រឿង​។ កាលពីក្បាលព្រលប់ ខ្ញុំអង្គុយ​​មើល​ផែនទី៖​ ដើម្បី​ទៅ​ដល់​ភូមិ​អាម៉ែតឡា ដឺម៉ារ៍ (l’Ametlla De Mar) នៃប្រទេសអេស្ប៉ាញ គឺខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​​ឆ្ពោះទៅ​ព្រំដែន​ប្រទេសបារាំង ដោយ​ឆ្លងកាត់​ទីក្រុង​ហ្សឺណែវ (Geneva)។ បន្ទាប់មក ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុងម៉ាក់សី(Marseille) ទីក្រុងនីម (Nimes) ទីក្រុង​ម៉ុងពែលីយ៉េ (Montpellier) និងទីក្រុងពែពីញ៉ង់ (Perpignan) នៃប្រទេស​បារាំង…។ ពេលចូល​ទៅ​ដល់​ទឹកដី​អេស្ប៉ាញ ខ្ញុំនឹង​ត្រូវ​​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​បាសេឡូណា (Barcelona) និងទីក្រុងតារ៉ាហ្គោណា (Tarragona) ។ ខ្ញុំវាស់​​​នៅ​លើ​ផែនទី​ទៅ ទីដៅដែលខ្ញុំ​ត្រូវទៅ​គឺ​មាន​ចំងាយ​មិន​តិចជាង ១,២០០គ.ម​ ទេ។

នៅវេលាម៉ោង ៥ និង៤០នាទីព្រឹក ពេលភ្លឺស្រាងៗ ខ្ញុំបានទៅដល់​ទីក្រុងហ្សឺណែវ… ហើយ ១០នាទី​ក្រោយមក​ ខ្ញុំបានទៅដល់ព្រំដែន​ស្វីស-បារាំង និងបានឆ្លងកាត់​ព្រំដែន​​ដោយ​គ្មាន​ឃើញ​ប៉ូលីស​អូតូរ៉ូវ៉ែរ ទាំងសងខាងណាម្នាក់​ មក​ឆែកឆេរ​ រញ៉េរញ៉ៃឡើយ។

ពេលចូលដល់​ទឹកដីបារាំងភ្លាម អ្វីដែល​ចាប់អារម្មណ៍សំរាប់ខ្ញុំនោះគឺ បញ្ជរបង់ប្រាក់​ថ្លៃផ្លូវ​ហាយវ៉េ… ហើយបញ្ជរ​បង់ប្រាក់ដូច​ខ្ញុំ​បាន​ឃើញ​​​នេះ ដែលក្រោយមក បាន​បង្ហាញ​ខ្លួន​ជា​ហូរហែនៅ​តាម​ផ្លូវ​ខាង​មុខៗ​ទៀត តាមរបៀប​​រាយបណ្តាក់គ្នា​ដូចខ្យង។ ដោយ​ឈប់​សំរាក​តាមផ្លូវ​ពីរបីដង រួមទាំង​ឈប់​​សំរាកញាំបាយ​ថ្ងៃ​ត្រង់ផង គឺនៅ​វេលាម៉ោង ៣ និង៣៥នាទីរសៀល ទើបខ្ញុំបានទៅដល់​ព្រំដែនបារាំង-អេស្ប៉ាញ។ មិនខុសគ្នា​នឹង​ព្រំដែន​ស្វីស-បារាំងដែរ នៅទីនោះ​មិនមាន​ប៉ូលីស​ព្រំដែន​ណា​ មកអង្គុយសំកុក ចាំវ៉ៃ​ប៉ាស្ព័រ​អ្នកដំណើរ​ចេញចូលទេ។ ខ្ញុំ​មើលទៅលេខ​កុងទ័រឡាន​ដែល​ខ្ញុំ​បាន​កត់ត្រាទុក នៅពេលដកលេខទៅ ទើបខ្ញុំដឹងថា ចាប់តាំង​ពី​ពេល​ចេញ​ដំណើរ​ មកដល់​ព្រំដែន​អេស្ប៉ាញ​នេះ គឺខ្ញុំ​បាន​ធ្វើដំណើរលើចំងាយផ្លូវ ៨៩០គ.ម ហើយ។

ពីព្រំដែនអេស្ប៉ាញ ទៅទីក្រុងបាសេឡូណា មានចំងាយប្រហែល ១៥០គ.ម។ ​បើមើល​​ក្នុង​ផែនទី គឺខ្ញុំ​ត្រូវធ្វើដំណើរហួស​ទីក្រុងបាសេឡូណា ប្រហែល ១៥០គ.ម​ ទៀត ទើបបាន​ទៅដល់​ភូមិអាម៉ែតឡា ដឺម៉ារ៍ (l’Ametlla De Mar) ដែល​ជា​គោល​ដៅ​ចុង​ក្រោយ។ ពេលទៅ​ជិតដល់ទីក្រុងបាសេឡូណា ផ្លូវហាយវ៉េចាប់ផ្តើមកកស្ទះ… មិនមែនស្ទះលេងៗទេ គឺ​ស្ទះ “គាំស្ញេញ” តែម្តង..!!.. តាមអ្នក​ធ្លាប់​ធ្វើ​ដំណើរ​តាម​​ដង​ផ្លូវ​​នេះ​ បាន​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា៖ ផ្លូវហាយវ៉េនេះ បើបាន​ជាកក​ស្ទះហើយ គឺ​មាន​ចំងាយ​ពី ៨គ.ម ទៅ២០គ.ម យ៉ាងតិច… ហើយ​ជាក់​ស្តែង​ពេល​នេះ រថយន្ត​កក​ស្ទះ​នៅ​លើ​ដង​ផ្លូវ​ គឺ​មាន​ចំងាយ​ជាង ៣០​គ.ម…។

ទំរាំតែរើខ្លួនផុត​ពី​ការ​កកស្ទះនេះ ខ្ញុំ​ត្រូវ​ខាត​ពេល​ជិតពីរម៉ោង។ កាល​ពេល​ចូល​ដល់​ទឹកដី​អេស្ប៉ាញភ្លាម ខ្ញុំគិតស្មានថា៖ តាមរយៈល្បឿនឡាន និងចំងាយផ្លួវ ខ្ញុំ​អាចនឹង​ទៅដល់​ទីដៅនៅវេលា​មុន​ម៉ោង ៦ល្ងាច។ តែ​ដោយសារខាតពេល​ជាប់ផ្លូវ ទំរាំតែ​ទៅ​ដល់​​​ភូមិ​​អាម៉ែតឡា ដឺម៉ារ៍ និង​ដើររក​ផ្ទះ​ដែល​ត្រូវ​ស្នាក់នៅ​ឃើញ គឺ​ម៉ោង​ ៩យប់​ឯណោះ… តែម៉ោង ៩យប់​នៅ​មាត់​សមុទ្រមេឌីទែរ៉ាណេ​ គឺថ្ងៃនៅគងលើកំពូលភ្នំ និងនៅ​បាចសាច​ពន្លឺ​ពណ៌​មាស ​ភ្លឺចែស​​នៅឡើយ…។

ដូចការមើលតាមផែនទី​​របស់​ខ្ញុំមែន។ ថ្ងៃនេះ ខ្ញុំបាន​ធ្វើដំណើរ​ដោយ​រថយន្ត​នៅលើ​ចំងាយ​ផ្លូវជាង ១,២០០គ.ម ដោយ​ចំណាយ​ពេល​អស់ ១៨ម៉ោង ។ រីឯការចំណាយ​​ លើការ​​បង់ថ្លៃផ្លូវ​ហាយវ៉េ​ នៅលើទឹកដី​បារាំង និង​អេស្ប៉ាញវិញ សរុបទៅ​គឺអស់​ចំនួន​ជិត ៩០អឺរ៉ូ (€89.75)។

ប្រកាសក្រោយ ខ្ញុំនឹងរៀបរាប់អំពីភូមិ និង​ផ្ទះ​ខ្ញុំ​ស្នាក់នៅ ដែល​សភាពស្ងាត់​ជ្រងំ ព្រមទាំង​មាន​តំលៃ​ថ្លៃ​មិន​គួរ​អោយ​ជឿ…៕

ស្រុកស្រែ

Advertisements

11 responses to “កំណត់ត្រា ភាគ១៖ ធ្វើដំណើរ​ទៅភូមិ​ l’Ametlla de Mar

  1. ពូឆុកឈែ អាល័យតែទៅបរទេះចឹង បានបាត់ឈឹង ស្ងាត់ភូមិ អត់មានប្រកាសថ្មីម៉ារយៈ។ អរគុណពូ​ដែលបានផ្ញើរូបភាពអោយអ្នកចាំភូមិមើលលេង 😀

  2. ស្មានតែរឿងនិទាន! មិននឹកឆ្មានថាពូឆុកឈែទៅបានឆ្ងាយអីឆ្ងាយយ៉ាងនេះ!

  3. លើកមុនឲ្យខ្ញុំមើល IP ជួនជាខ្ញុំល្ងង់ឥតដឹង តែឥឡូវខ្ញុំកាត់យល់ថាពេលមុននេះពូនៅ ហ្សឺណែវ ហើយ ។ យី ទៅលេងសមុទ្រម៉េចឆ្លងបានឆ្ងាយម៉េសពូ? នៅត្រឹម cote d’azur ក៏បាន ។ ខ្ញុំស្គាល់តែមួយនឹងតាមសៀវភៅបារាំង ។ ស្រុកអេស្ប៉ាញរកចំណូលបានពីទេសចរណ៍នេះមិនតិចទេ តែសេដ្ឋកិច្ចក្រឡាប់ចាក់រហូត ។

  4. បេីទៅត្រឹមម៉ាកសីយ៉ង់មាត់សមុទ្រមេឌីទែរ៉ានេខាងម៉ាកសីនឹងឃេីញពួកផ្សោតននលៗមិនខាន 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s