ក្រុមកីឡាយើង​ចេញទៅ​ប្រកួត​​ ​យក​បាន​​តែ​ “បទពិសោធន៍” ​ត្រឡប់​មកវិញ..!!..


ការប្រកួត​កីឡាអូឡាំពិកឆ្នាំ២០១២ បាន​បញ្ចប់ទៅហើយ… ឯកីឡាករកម្ពុជា​យើង ក៍​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេសវិញ ដោយ​បាន​នាំ​មក​ជាមួយ​នូវ “បទពិសោធន៍” ដ៏​ត្រចះត្រចង់​..!!..??..

ក្នុងនាម​ស្រុកស្រែ ខ្ញុំ​សូមចូល​រួមសប្បាយ​រីករាយ​​ និងកោតសរសើរ​​​នូវ​​​មហា​ជ័យជំនះ​​​នេះ​…។ ជាមួយ​នេះ​ផងដែរ ខ្ញុំក៍មិនភ្លេច​​គាំទ្រ​ដោយ​ស្មោះ​អស់​ពី​ដួង​ហឫទ័យ​ ដល់​​ក្រុមប្រតិភូ​ដឹកនាំកីឡា, និងជាពិសេស គឺសហព័ន្ធ​កីឡា​អូឡាំពិក​កម្ពុជា​យើង​តែ​ម្តង​ ដែល​​បាន​ដឹក​នាំ​ក្រុមកីឡា​ករ​ចេញ​ទៅ​ប្រកួតអូឡាំពិកម្តងៗ ដោយ​​​​នាំ​ត្រឡប់​​​មក​វិញ​នូវ​ “បទពិសោធន៍” ដ៏​មហា​ធំធេង​​នេះ​ ជូន​មាតុភូមិ​​កម្ពុជា ​​ជាទីស្នេហា​នៃយើង​ទាំងអស់​គ្នា​ជា​ដរាប​​រៀងមក…។

ទាក់ទង​នឹង​វិស័យ​កីឡា ​ដែល​ជា​មុខ​មាត់​ប្រទេស​ជាតិ​នេះ ខ្ញុំមានសំណួរ​ខ្លះ​​បានដក់​ធ្ងន់ពាប់​​​ក្នុង​ក្បាលក្រឡកខួរ ​បែបស្រុកស្រែខ្ញុំនេះ​ជាប់​រហូតមក… នោះគឺ តើកម្ពុជា​យើង​ នាំកីឡាករចេញ​ទៅប្រកួត​ក្រៅប្រទេស​ម្តងៗ គ្រាន់តែ​ទៅ​យក “បទពិសោធន៍” ឬក៍​ទៅ​យក​ “មេដាយ” ?… តើនេះ​ជាពាក្យ​ដោះសារ​​លាង​ភាព​អាមាស់​ ឬក៍​បង្ហាញ​ពី​ភាព​មិន​ទទួលខុសត្រូវ​របស់​សហព័ន្ធ​កីឡា​អូឡាំពិក​កម្ពុជា​យើង?… តើនេះ​ជា​ទស្សនៈ​​​របស់​កីឡាករ​យើង ដែល​មិន​ព្រម​​ទទួល​ស្គាល់​ថា ​ខ្លួន​ទៅ​មិន​រួច​ជា​មួយ​គូប្រកួត​របស់​ខ្លួនឬ?​ តើហេតុអ្វី​បាន​ជា​កម្ពុជា​យើង​ ជ្រើសរើស​តែ​វិញ្ញាសារ​ណា​ដែល​ដឹងថា​ចាញ់​គេ​ហើយ នៅតែទៅ​​​​ប្រកួត​ជាមួយ​​គេ​​​​ដើម្បី​ចាញ់​ទៀត?… ហើយចុះ​​ប្រភេទ​វិញ្ញាសារកីឡា​ខ្លះ​មាន​ភាព​ងាយ​ស្រួល​ ​មិន​សូវ​ប្រើ​កំឡាំង​បាយ ម៉េច​ក៍​មិន​ប្រកាច់​នាំគ្នា​ហាត់​ ដើម្បី​យក​ទៅ​ប្រកួត​ជាមួយ​គេ​ទៅ?… ចំណែកអ្នក​មាន​លទ្ធភាព​ជួយ​ ដូចជា​ម្ចាស់​ក្រុមហ៊ុន​ឯកជន​​​​ក្នុងស្រុក និង​មហាសេដ្ឋី​ខ្មែរ​ជិតឆ្ងាយ​ទាំងឡាយ ម៉េច​ក៍​មិន​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​​ដល់​​វិស័យ​កីឡា​ជាតិ​យើង​ អោយ​មាន​មុខ​មាន​មាត់​ផង​ទៅ ក្រែង​អស់​​លោក​​សុទ្ធ​តែ​ជាខ្មែរ​ដែរ​តើ​ហ្អី?… ហើយតើ​ហេតុអី?… ចុចៗ…និងចុចៗ…!!..

ទាំងនេះ​គឺ​គ្រាន់​តែ​ជា​សំណួរ​ដែល​ស្រុកស្រែខ្ញុំ​ ចោទសួរ​ខ្លួន​ឯង​ទេ…​​ ព្រោះខ្ញុំ​មាន​​ទំលាប់​​សួរ​​-ឆ្លើយ​ទៅ​ខ្លួន​ឯង​តែ​​អញ្ចឹងតាំង​ពី​ដើម​មក។ ម្យ៉ាង​ទៀត​ ​ខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​​នូវ​គោលការណ៍​​ផ្ទាល់​ខ្លួន​មួយគឺ៖ “ខ្ញុំ​​ចូល​ចិត្ត​​លេងល្បែងអីដែល​​ខ្ញុំ​គិតថា ​ឈ្នះគេ​​បាន​ខ្ញុំ​លេង… បើ​ខ្ញុំ​គិត​អស់​ក្បាច់ហើយ ​នៅតែ​លេងចាញ់​គេ​​ទៀត គឺ​ខ្ញុំ​ទទួល​ស្គាល់ថា គេ​ពិត​ជា​ពូកែ​ជាង​ខ្ញុំ”…។ ហេតុនេះ ដូចគ្នា​ទៅ​នឹង​ការ​ប្រកួត​កីឡា​​​ដែរ… ជាធម្មតា​កីឡាករ​គ្រប់ៗរូប ​កាលណា​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត​​ហើយ គឺប្រកួត​ដើម្បី​ឈ្នះយក​​កិត្តិយស និង​មេដាយ… មិនមែន​ប្រកួត​ដើម្បី​ចាញ់​​យក​តែ​បទ​ពិសោធន៍​ម៉ា​អាយ៉ូស​​អីចឹង​ទេ… វា​គួរ​តែ​គិតរក​​ច្រក ឬ​ផ្លូវ​ថ្មី​ដើម្បី​ឈ្នះ​ បាន​​មេដាយ​ មេជើង​ខ្លះ ​ដូចប្រទេស​នានា​ខ្លះ​​ដែល​គេ​ទទួល​បាន​ជ័យជំនះ​​​អញ្ចឹង​ដែរ..!!..

តាម​ខ្ញុំ​យល់​ ​ការ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​​អាជីព​ម្នាក់​ ​​គឺ​តំរូវ​អោយ​បុគ្គល​រូប​នោះ​ មាន​ឆន្ទៈ​​មោះ​មុត​ក្នុងការ​អត់ធ្មត់​​ហ្វឹកហាត់​​ជាប់​ជា​ប្រចាំ និង​​រួម​​ផ្សំ​ដោយ​កាយ​សម្បទា​ជា​កីឡាករ​ពី​កំណើត​ផងដែរ។​ រឿងកាយ​សម្បទា​​​ពី​កំណើត​នេះ​សំខាន់ណាស់ ហើយ “កាយ​សម្បទា” ​​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​វា​ខុស​គ្នា​នឹង​ “និស្ស័យ” ​ស្រឡាញ់​កីឡា​របស់​មនុស្ស​ម្នាក់ៗ​ពី​កំណើតផងដែរ​ ដោយ​មិន​សំដៅ​ទៅលើ​ការ​តពូជ​ពង្ស​​គ្នាទេ… ​ព្រោះថា បើ​ម៉ែឪ​​ជើងឯក​ខាង​​វ៉ៃសី ​ដល់​កូនមក​មិន​ប្រាកដ​ថា​ ​ជាប់​ពូជ​​​​​ពូកែ​វ៉ៃសី​នោះ​ទេ… ឬក៍​ម៉ែឪ​ពូកែហែលទឹក ដល់​កូន​មក​ជាប់ពូជ​​ជើងឯក​ខាង​ហែល​ទឹក​នោះ​ដែរ… តែជួនកាលកូននោះ​​បែរ​ទៅជាពូកែ​​ខាង​រត់ប្រណាំង​ទៅ​វិញ ឬ​បើ​មិន​អីចឹងទេ នឹង​គ្មាន​ចិត្ត​ចង់​​ក្លាយ​ជា​កីឡាករតែ​ម្តង ឬក៍​មាន​ចិត្ត​ចង់​ក្លាយ​ជា​កីឡា​ករ​ដូច​ម៉ែឪដែរ តែកាយ​សម្បទា​ពី​កំណើត​​ផ្តល់មក​ មិនបាន​​​​​ដូច​​​ម៉ែឪ​ខ្លួន​ឡើយ ​​​ដែល​នេះ​គឺ​ជា​​រឿង​ធម្មតា​របស់​ធម្មជាតិ​​​ផ្តល់​អោយ​បុគ្គល​​ម្នាក់ៗ…។

តាម​ខ្ញុំ​ធ្លាប់​ដឹង នៅ​ប្រទេស​ផ្សេងៗ​ ជាពិសេស​តំបន់​អឺរ៉ុប ពួកគេ​បណ្តុះ​បណ្តាល​កីឡាករ​ក្មេងៗ​របស់​គេ ដោយពិនិត្យ​មើល​ជា​ដំបូង​​ គឺកាយ​សម្បទា​​​​ជាកីឡាករ​ពី​កំណើត​​នេះ​តែ​ម្តង​ ​ដោយ​មិន​សំដៅ​ទៅ​លើ​​ក្មេងនោះ​មាន “​ពូជ” ជា​កីឡាករទេ។ ឧទាហរណ៍ថា នៅ​ក្នុង​​ថ្នាក់​​មតេយ្យ​​​មួយ… កាល​បើ​​គ្រូ​សង្កេត​ឃើញ​​​មាន​កូន​ក្មេង​ណា​ដែល​រពឺស ​នៅ​មិន​ស្ងៀម រំខាន​គេឯង ជិះទោង​ លោតទន្រ្ទាំ ​លេង​នេះលេងនោះ​ជាប់​រហូត​​អត់​ចេះ “​ហត់” អស់កំឡាំងសោះ… គឺ​ពេល​នោះ​ហើយ​ដែល​គ្រូ​​របស់​កូន​ក្មេង​នោះ​ នឹង​ជំរាប​​ណែនាំ​មក​ឳពុក​​ម្តាយរបស់​ក្មេង​ ​ដើម្បី​អោយនាំ​កូនយក​​​​ទៅ​​ចូល​ហ្វឹក​ហាត់​ក្នុង​ក្លឹប​កីឡា​ណា​មួយ​ ​ទៅ​តាម​​និស្ស័យ​ដែល​ចិត្ត​វាចង់ ហើយ​នៅពេល​ដែល​វា​ចាប់​ផ្តើម​​​ហាត់​​​ដូចជា ទាត់បាល់ រត់ចំងាយ ឬហែលទឹក​​​ជាដើម ដែល​ជា​ប្រភេទ​កីឡា​ប្រើ​កំឡាំង​ គឺ​វា​ហាត់​តាមបែប​ធម្មតា​​​​​ផស់វា អាស្រ័យ​​ដោយ​​កាយ​សម្បទា​ពី​កំណើត​ផ្តល់អោយ​ ​ដោយ​មិន​ចេះ​​ឆាប់​ហត់ និង​​​មិន​​ឆាប់​​​អស់​កំឡាំង​ដូច​ក្មេងធម្ម​តា​ឡើយ។

ដោយឡែក​សំរាប់​​កីឡា​អូឡាំពិកវិញ… មានវិញ្ញាសារខ្លះ​​មិន​ចាំបាច់​តំរូវ​អោយ​​​កីឡាករ​​ប្រើ​កំឡាំង​បាយ​ទាំង​ស្រុង​នោះ​ទេ ហើយដែល​ខ្ញុំ​ឆ្ងល់​សួរ​ខ្លួន​ឯង​នូវ​​សំណួរ​​ដូច​ខាងលើ​ស្រាប់​​៖ ម៉េច​ក៍​មិន​ប្រកាច់​នាំ​គ្នា​ហាត់​ យក​ទៅ​ប្រកួត​​ជាមួយគេទៅ?… វិញ្ញាសារ​ទាំង​នោះ​​ដូចជា បាញ់កាំភ្លើង បាញ់ព្រួញ ចោលលំពែង​ជាដើម… ដែល​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​កីឡា​មិន​​ប្រើ​កំឡាំង​​ជាប់​រហូត​ទេ… ហើយ​ខ្ញុំ​ធ្លាប់​បាន​គិត​តាម​បែប​លេងសើច​ថា កីឡា​​ប្រភេទបាញ់កាំភ្លើង បាញ់ព្រួញ​នេះ នៅ​ស្រុក​យើង​មិន​ពិបាក​​​ដើរ​រក​កីឡាករ​មក​ហ្វឹក​ហាត់​ទេ​ ព្រោះ​យើង​អាច​​រើស​​សំរិតសំរាំង​ចេញ​មកពី​​ពួក​ដើរ​បាញ់​បោះ​សេរី​ តាម​ហាង​​​ពេល​យប់​អាធ្រាត្រ​អី​ហ្នុង​ អោយ​​​​​​​​​មក​ហ្វឹកហាត់​ទៅ​។ ថាមិនត្រូវ ពួក​នេះ​អាច​នាំមក​នូវ​មេដាយ​មាស​អូឡាំពិក​​ជូន​ជាតិ​ ក៍​អាច​ថាបាន គឺ​ព្រោះ​ដោយ​សារតែ​​​​ពួកគេ​មាន ​”និស្ស័យ” ​ខាង​បាញ់​បោះ​​​ពីកំណើត​ស្រាប់​..!!..??..

ហេតុនេះ ការចេះជ្រើសរើស​វិញ្ញាសារ​មក​ហ្វឹកហាត់ ដើម្បី​យក​​ទៅ​ប្រកួត​ជាមួយ​គេ គឺជា​រឿង​សំខាន់​ខ្លាំងណាស់​ សំរាប់​បុគ្គល​កីឡាករ​គ្រប់ៗ​រូប។ ឧទាហរណ៍ថា៖ ខ្លួន​យើង​​មានកំពស់ ១.៧០ម និងមាន​ទំងន់ជាង ៨០គ.ក្រ… ដល់​យើង​ហាត់​វិញ្ញាសារ​លោតកំពស់ លោតចំងាយ​ ឬហែល​ទឹក… តើ​យើង​នឹង​ទៅ​ប្រកួត​ឈ្នះពួក ១.៨០ម ឬ ១.៩០ម ដែល​មាន​ទំងន់​ស្រាលៗ​ ទៅ​រួចដែរទេ?… ខ្ញុំ​យល់​ថា ក្នុងនាម​ជនជាតិ​​អាស៊ី​​ដូចគ្នា កម្ពុជា​យើង​គួរ​មើល​គំរូប្រទេសចិន ជប៉ុន និង​ប្រទេសកូរ៉េ​ទាំងពីរ​ទៅ ដែល​ប្រទេស​ទាំង​នោះ​ គេ​ចេះ​ជ្រើសរើស​វិញ្ញាសារ​យក​ទៅ​ប្រកួត​ ដែល​ធ្វើ​អោយ​ជនជាតិ​ដទៃ​ ដែល​មាន​មាឌ​ធំជាង កំពស់ខ្ពស់​ជាង ត្រូវ​បាន​ចាញ់​ក្រោម​ស្នាដៃ​របស់​កីឡាករ​ពួកគេ ជា​ច្រើន​វិញ្ញាសារ….។​

ចំណាប់​​អារម្មណ៍​របស់​ខ្ញុំ​ចុងក្រោយ ​គឺការឧបត្ថម្ភ ឬការ​ជួយ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​កីឡា… ចំណុច​នេះ​​ខ្ញុំ​សុំ​និយាយ​ពីភាព​​ទាក់ទងគ្នា​​រវាងកីឡាករ និង​អ្នកឧបត្ថម្ភ ឬ​សប្បុរសជន​​តែ​ប៉ុណ្ណោះ ដោយ​​​សុំ​មិន​​ចូល​ជ្រៅ​ទៅ​ដល់​ការ​ជួយ​ឧបត្ថម្ភ និង​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋ​ទេ។​ ចំណុច​នេះ​ងាយយល់​ណាស់ ព្រោះថា ប្រសិន​បើ​មាន​កីឡាករកម្ពុជាយើង​ណាម្នាក់​ បាន​ទទួល​​មេដាយមាស​ និង​ក្លាយ​ទៅ​ជា​កីឡាករ​ល្បី​ឈ្មោះហើយ គឺ​ប្រាកដ​ជា​មិន​ខ្វះ​ក្រុមហ៊ុន​ឯកជន និង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​​ទាំង​សំភារៈ ទាំងថវិកាឡើយ។ តែអ្វី​ដែល​ជា​បញ្ហានោះ​នៅ​ត្រង់ថា តើត្រូវ​បង្កលក្ខណៈ​ងាយ​ស្រួល​​ស្អី​ខ្លះដូចជា ទីតាំងហាត់ សំភារៈ​ហ្វឹកហាត់ និង​ប្រាក់ឧបត្ថម្ភ​​គ្រូបង្វឹក​ជាដើម​​ ដើម្បី​​ហ្វឹកហាត់​កីឡាករ​យើង​​​​​អោយ​ក្លាយ​ទៅ​​អ្នក​ពូកែបាន?… តាមខ្ញុំយល់ សំរាប់​កីឡាករយើង​ម្នាក់ៗ មិនគួរ​ផ្តេកផ្តួល​ទៅ​លើ​បញ្ហា​នេះ​ពេកទេ។ សំខាន់បំផុត គឺខ្លួន​យើង​ត្រូវ​ជួយ​​ខ្លួន​យើង​សិន… នោះគឺ​​​ឆន្ទៈ និង​ការតស៊ូ​ព្យាយាម​ហ្វឹកហាត់​​នេះ​តែម្តង ហើយ​នៅ​ពេល​ដែល​ខ្លួន​ក្លាយ​ទៅ​ជា​កីឡាករ​ម្នាក់​ពូកែទៅ គឺនៅ​ពេល​នោះ​ហើយ​​ ដែលលុយនឹង​ហូរ​ចូល​មក​ឯងៗ…។ មានគំរូ​កីឡាករ​មក​ពីប្រទេស​ខ្លះ​​ ​ដែល​មើល​ទៅ​ដឹងថា​ ​ក្រីក្រ​ជាង​យើង​ឆ្ងាយណាស់ តែហេតុម៉េច​បាន​ជា​កីឡាករ​គេ​ ទទួល​បាន​មេដាយ​​អូឡាំពិក? ឧទាហរណ៍ដូចជា​កីឡាករ​ដើរ និង​រត់​ម៉ារ៉ាតុង​មកពីប្រទេស​អេត្យូពី និង​អ៊ូហ្គង់ដា​ជាដើម ដែល​ប្រទេស​ទាំងនេះ​ក្រីក្រ​ជាង​យើង ហើយ​មើល​ទៅ​ពួក​គេ​ម្នាក់ៗ ​មាន​រូបកាយស្គាំស្គម ក្បាល​ធំ​ត្រមែងៗ ដូចកាល​យើង​ឆ្នាំ៧៩ ដែល​បង្ហាញ​ពី​ភាព​ក្រី​ក្រ​ខ្វះខាត​… ហើយ​តាម​ខ្ញុំ​ដឹង​ ពេល​ដែល​ពួក​គេ​ហ្វឹក​ហាត់​ គឺ​គ្មាន​ទាំង​ស្បែក​ជើង​បាតា​ពាក់​ផង តែ​ហេតុម៉េច​ក៍​ពួកគេ​ប្រកួត​ឈ្នះ?… នោះគឺដោយសារ​តែ​កីឡាករ​គេ ​ចេះ​ជ្រើស​រើស​វិញ្ញាសារយក​មក​ប្រកួត​នេះឯង និង​ការ​ព្យាយាម​ហ្វឹកហាត់​វិញ្ញាសារ​នោះ​​ប្រកប​ដោយ​ឆន្ទៈ​មោះមុតថា៖ ត្រូវតែឈ្នះ!…

រីឯ​អស់លោក​ឧកញ៉ា មហាសេដ្ឋីខ្មែរយើង​វិញ​ ដែលមានលទ្ធភាព​គ្រប់គ្រាន់​ សំបូរ​ហូរហៀរស្រាប់ ​ម៉េចក៍​អស់​លោក​មិន​រួមគ្នា​បន្តិចបន្ទួច ដើម្បី​​ជួយ​យិត​យោង​​​ដល់​វិស័យ​កីឡា​​ជាតិ​យើង​ អោយ​មានមុខមានមាត់​​ខ្លះទៅ?… ចំពោះរឿងនេះ ខ្ញុំ​ធ្លាប់​ឧស្សាហ៍​និយាយ​​លេងសើច​ជាមួយ​គ្នីគ្នា​ខ្ញុំថា៖ អស់លោក​ “អ្នកប្រុសៗ” ឧកញ៉ា​មួយ​ចំនួន​ណា​នោះ បើ​ជា​មួយ​​វិស័យ​កីឡា គឺ​ពួកគាត់​ម៉ៅស្វិត​​ បេះមិនចេញជាង​​តាភោគ​ទៅទៀត..!!.. តែបើ​ជា​មួយ​នឹង​​ការ​​ប្រឡង​ជ្រើស​​​រើស​ស្រីស្អាត ឬ​ប្រឡង​រើស​បវរកញ្ញា​ “សាប៊ូឆ្អាប” វិញ គឺ​ពួកគាត់​នឹង​បោល​ទង្គិច​ក្បាល​គ្នា​ជួយ​ឧបត្ថម្ភ ​តាម​វិធី​ចំហខ្លះ លាក់ការណ៍​ខ្លះ ​​​សំដៅ​ជួយ “សូវ៉េ” ពួកនាង​ៗ​អោយ​បាន​ថ្កុំថ្កើង ហើយ​ពួកគាត់ម្នាក់ៗ ​ដៃទូលាយ​​ណាស់..!!…

អ្វីៗ​ដែល​​ស្រុកស្រែខ្ញុំ​បាន​រៀបរាប់​​ខាងលើនេះ គឺ​គ្រាន់​តែ​ជា​ការ​គិត​​តាម​បែបក្រឡកខួរ​ប៉ុណ្ណោះ… តែ​អ្វី​ដែល​ជា​ការ​ចង់​បាន​​ពិត​ប្រាកដ​របស់​ស្រុកស្រែខ្ញុំ​នោះគឺ ការ​ចង់​ឃើញ​​ទង់ជាតិកម្ពុជា​យើង ​បង្ហូតឡើង​​នៅ​ពេល​​គេបំពាក់​មេដាយ​​​អោយ​កីឡាករ​​​​ជើងឯក​ម្តងៗ… គឺ​ពេល​​នោះ​ហើយ​​ ដែល​ការ​វិល​ត្រឡប់​​របស់​កីឡាករ​​​ជាតិ​យើង​​ នឹង​នាំ​មកនូវ​កិត្តិយស និងមេដាយ… មិនមែន​មកវិញ​​​ស្ពាយ​​តែបទពិសោធន៍ និងហ្សេរ៉ូ​វែនតា ព្រម​ទាំង​​នាំគ្នា​យួរ​ “ប្រដាប់ប្រដា” ផស់ខ្លួន ឡោកតោកៗ មកផ្ទះ​វិញ​អីចឹងទេ..!!..??..​

ស្រុកស្រែ

Advertisements

15 responses to “ក្រុមកីឡាយើង​ចេញទៅ​ប្រកួត​​ ​យក​បាន​​តែ​ “បទពិសោធន៍” ​ត្រឡប់​មកវិញ..!!..

  1. លទ្ធភាពគ្នាប៉ុនហ្នឹង ឲ្យធើម៉ែចបង! បើមិនទៅ ម៉េចសប្បាយ! ទាន់គេចេញលុយឲ្យទៅដើរលេង ខ្លះទៅទាំងបងទាំងប្អូនទៀតផង! ឱកាសទៅដើរលេង កុំខ្វល់រឿងចាញ់ឈ្នះ។

    • បើអីចឹង ពេលត្រឡប់មកវិញ​ គួរនាំគ្នានិយាយអញ្ចេះ បាន​គ្រប់​គ្នា​មិន​សូវ​មួម៉ៅ៖ …គឺពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដោយ​បាន​ទៅ​ដើរលេង​ទីក្រុង​ឡុងដ៏..!!.. ហើយ​ ៤ឆ្នាំ​ក្រោយ​ ពួកខ្ញុំ​នឹង​បាន​ដើរ​លេង​សប្បាយ​ម្តង​ទៀត នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល..!!.. 😀

      • អីចឹងបានត្រូវ! 😆 ពេលមកវិញត្រូវសួរទៀតថា តើទីក្រុងឡុងស្អាតដូចគេនិទានទេ? បានស្គាល់កន្លែងកម្សាន្តល្បីៗណាខ្លះ? ។ល។

      • និយាយ​អំពី​កីឡារ​ផ្សេងៗ​ទៀត​ខ្ញុំ​មិន​ដឹង​ទេ តែ​ឃើញ​​ខ្មែរ​មាន​វិញ្ញសារ​មួយ​គឺ កីឡា​តេខ្វាន់ដូ​។ ខ្ញុំ​ក៏​ធ្លាប់​ជា​កីឡា​តេខ្វាន់ដូ​ម្នាក់​ដែរ​។ ហើយ​ជា​សិស្ស​រួម​​គ្រូ​ជាមួយ​និង ​សន ដាវីន ទៀត​ផង​។

        ខ្ញុំ​ដឹង​ច្បាស់​ណាស់​អំពី​សមត្ថភាព​កីឡា​ប្រភេទ​នេះ តាម​ពិត​រដ្ឋាភិបាល​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ កីឡា​តេខ្វាន់ដូ នៅ​ស្រុក​ខ្មែរ​សំបូរ​អ្នក​ចេះ​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​មាន​ឱកាស​ដើម្បី​ចូល​រួម​ឡើយ ហេតុ​ផល​មាន​ដូច​ជា៖ ដើម្បី​ប្រកួត​ត្រូវ​មាន​ឈ្មោះ​ជា​សិស្ស​ដែល​កំពុង​ហ្វឹក​​ហាត់​នៅ​ក្នុង​ក្លឹប​ណា​មួយ តែ​​កីឡា​តេខ្វាន់ដូរ​នេះ​ណា៎ ដើម្បី​ចូល​ហាត់​ត្រូវ​បង់​លុយ​មួយ​ខែ ៥​ដុល្លា ហើយ​សិស្ស​កម្រិត​ខ្ពស់​ថ្លៃ​ជាង​នេះ​ទៅ​ទៀត ពិសេស​គឺ កម្រិត​ខ្សែ​ក្រវ៉ាត់ ក្រហម និង ខ្មៅ​តែ​ម្ដង​។

        តាម​កម្រិត​ពី​ទាប ដល់​ខ្ពស់​រៀង​រាល់​បួន​ខែ ឬ ប្រាំ​ខែ​ត្រូវ​ប្រលង​ឡើង​ខ្សែ​ក្រវ៉ាត់ នៅ​ពេល​ប្រលង ឬ ប្រកួត​ត្រូវ​បង​លុយ​ទៀត​ផង កាល​ខ្ញុំ​ឡើង​ខ្សែ​ក្រវ៉ាត់​ខ្មៅ ខ្ញុំ​ត្រូវ​ប្រកួត​ផង សម្ដេង តិចនិច​ផង បង្ហាញ​ស្នៀត​ផង ហើយ​អស់​លុយ 30​ដុល្លា សម្រាប់​បំពេញ​ពាក្យ​ប្រឡង​ឡើង​ខ្សែ​ក្រវ៉ាត់ និង ទទួល​​សញ្ញា​ប័ត្រ​មួយ​សន្លឹក​។ ខ្ញុំ​ឆ្លង​កាត់​ការ​ប្រកួត​ជា​ច្រើន (​ចាញ់​ច្រើន​ជាង​ឈ្នះ) តែ​ក៏​ធ្លាប់​បាន​ចំនាត់​ថ្នាក់​លេខ​២​ជា​កីឡារ​ករ ជម្រើស​ជើង​ឯក លុះ​ចូល​ប្រកួត​កីឡារ​ករ ជម្រើស​ជាតិ​ចាញ់​គេ ក៏​បោះ​បង់​ដល់​សព្វ​ថ្ងៃ​។

        • អរគុណសាម៉ាឌី… នៅអូឡាំពិក ២០១២​ នេះ ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​​គឺកីឡាករ​កម្ពុជា​យើង​ លើ​វិញ្ញាសារ​​តេខ្វាន់ដូ​នេះ។ ដូច​ខ្ញុំ​បាន​ជំរាប​រួច​ហើយ​ថា ខ្ញុំ​មិន​ចង់​​និយាយ​ចូល​ជ្រៅ​ទៅ​​ដល់​ការ​ជួយ​ទំនុក​បំរុង​របស់​រដ្ឋ ទៅ​លើ​វិស័យ​កីឡា​ជាតិ​នេះ​ទេ។

          ខ្ញុំ​គិត​ថា មាន​តែ​ការ​ប្រកួត​ សំរិតសំរាំង​កីឡា​ករ​ប្រកប​ដោយ​ភាព​យុត្តិធម៌​បំផុតទេ ទើប​យើង​អាច​ជ្រើស​រើស​បាន​កីឡាករ​ពូកែ​ពិត​ប្រាកដ​ សំរាប់​យក​មក​ហ្វឹកហាត់​​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ជា​មួយ​គេ​បាន។ ដោយសារ​តែ​​យើង​​​ចូល​ចិត្ត​អនុវត្ត​បែប “បក្ខពួក​និយម” ​ក្នុង​វិស័យ​កីឡា​ជាតិ​នេះ​ហើយ ទើប​បាន​ជា​យើង​ចេញ​ទៅ​ប្រកួត​សឹង​តែ​រៀងរាល់​លើក​ ស្គាល់​តែ​ភាពចាញ់…។

          ដោយឡែក​ចំពោះលោកសាម៉ាឌីផ្ទាល់ ខ្ញុំ​និយាយលេងសើច​បន្តិចចុះ… ប្រសិន​បើ​លោក​​ខំប្រឹង​ព្យាយាម​តាំង​ពី​ពេល​នោះ​មក គួបផ្សំ​នឹង​មាន​ធនធាន​​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់ និង​ប្រ​កួត​​ជ្រើសរើស​ដោយ​យុត្តិធម៌​ថែមទៀត… ហេងស៊យ លោក​អាច​នឹង​មាន​មុខ​​នៅ​អូឡាំពិកទីក្រុង​ឡុងដ៍ លើ​វិញ្ញាសារ​តេខ្វាន់ដូ​ នេះ​បាត់… 😀

          • អគុណ! តាម​ពិត​ទៅ​ខ្ញុំ​ហាត់​តេខ្វាន់​ប្រហែល​ជា ជាង​៧​ឆ្នាំ​ដែរ ធ្លាប់​ប្រកួត​ច្រើន​លើក តែ​ខ្ញុំ​បាន​បោះ​បង់​ចោល​ដោយ​សារ ខ្ញុំ​មាន​ការងារ​ផ្ទាល់​ខ្លួន ត្រូវ​ធ្វើ​ការ​ផង រៀន​ផង ដូច​នេះ​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​ឡើយ។

            នៅ ប្រទេស​គេ ពិសេស​គឺ កូរ៉េ គ្រប់​កីឡា​ករ​ដែល​បាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ ប្រកួត​ឈ្នះ​នឹង​បាន​ក្លាយ​ជា កីឡារករ ជំរើស​ជាតិ ហើយ​អាច​បន្ត​ចូល​មហារ​វិទ្យា​ល័យ​តេខ្វាន់ដូ ហាត់​មួយ​ថ្ងៃ ៥ ទៅ ៦ ម៉ោង​ថែម​ទាំង​​ទទួល​បាន​ប្រាក់​ខែ​​ទៀត​ផង​។

            ចំណែក​កីឡាករ​ខ្មែរ​វិញ ឈ្មោះ​ជា​កីឡាករ​នឹង​គេ​ដែរ ត្រូវ​ហាត់​បង់​លុយ​ហើយ បាន​តិច​តួច រឿង​អី​មាន​សង្ឃឹម​ទៅ​ឈ្នះ​គេ​នោះ? ហា​ហា

  2. ខ្មាសគេណាស់ កុំនិយាយរឿងទៅអូឡាំពិក ទៅណាក៏ដូចទៅណាដែរ មកវិញបានបទពិសោធន៍ពេញទ្រូង។

  3. ដូចការគិតទុក គេនៅតែនិយាយដដែលៗ គឺល្អ ល្អដែលបំបែកឯទគ្គកម្មចាស់របស់ខ្លួន គឺឯទគ្គកម្មចាញ់
    http://kohsantepheapdaily.com.kh/article/50880.html

    • ខ្ជិលប្រកាន់​ឧត្តមអើយ….។ ម្សិលមិញ មិត្តខ្ញុំ​ម្នាក់​នៅ​ខេត្តរតនៈគីរី បាន​ផ្ញើសារអេឡិចត្រូនិក​មក​ប្រាប់​ខ្ញុំ​ថា៖ បន្ទាប់​ពី​បាន​អាន​ប្រកាស​​របស់​ខ្ញុំ​​នេះ​រួច គាត់ក៍​​ជ្រើសរើស​បាន​​កីឡាករ​ជនជាតិ​កួយ និង​ទំពួន ២នាក់ ​សំរាប់​យក​មក​ហ្វឹកហាត់​លើ​វិញ្ញាសារ​បាញ់ព្រួញ ព្រោះថា ពួក​គេ​មាន​ជំនាញ​ និង​ដៃឯក​ខាង​បរបាញ់​សត្វ…។ ថាមិន​ត្រូវ ​អូឡាំពិក​​​បួន​ឆ្នាំ​​ក្រោយ នឹង​ធានាថា យកមេដាយ មេជើង​ជូន​ជាតិ​អោយ​ទាល់​តែ​បាន…​ 😀

  4. ទៅអូឡាំពិកជើងនេះ គ្រាន់តែត្រកូល «ហែម» មិនមែន១ មិនមែន២ គឺប្រាំ ប្រាំនាក់!! :mrgreen:

    http://postkhmer.com/index.php?option=com_content&view=article&id=84248:lr-&catid=77:social-analyze&Itemid=253

    នេះបានចំជាពូជអ្នកកីឡាមែន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s