វិចិត្រសាល

ទិដ្ឋភាពដ៏ស្រងេះស្រងោច​ ​នៃពហុកីឡាដ្ឋាន​​អូឡាំពិកយើង…


កាល​ពី​សប្តាហ៍មុន ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ស្តីពី គំរោងសាងសង់​ពហុកីឡាដ្ឋាន​ជាតិថ្មី​ មានឈ្មោះថា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល​នឹង​គ្រោង​ធ្វើ​នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ​​ត្រើយខាងកើត…។ ថ្ងៃនេះ ខ្ញុំ​ចង់​បង្ហាញ​អស់លោកអ្នក ពី​ទិដ្ឋភាព “អតីត” ​ពហុកីឡាដ្ឋាន​​អូឡាំពិក​​របស់​​យើង​បច្ចុប្បន្ន ​​នារដូវវស្សាវិញម្តង…។

នឹកដល់អតីតកាល​បន្តិច… គឺ​នៅ​ពេល​​ដែលពហុកីឡាដ្ឋាន​នេះ ទើប​នឹង​សាងសង់​ហើយ ព្រម​ទាំង​រៀបចំទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សំរាប់​កីឡាអាស៊ី ជាលើក​ដំបូង​នៅ​ឆ្នាំ ១៩៦៦ ដែល​មាន​ឈ្មោះថា ហ្កាណេហ្វូ GANEFO (The Games of the New Emerging Forces)​ ដែល​នៅ​​ពេល​នោះ អ្វីៗ​ដែល​កើត​មាន​ឡើង​នៅ​លើ​កំរាល​ស្មៅ​ពណ៌បៃតង​ខ្ចី​​​​របស់​ពហុកីឡា​ដ្ឋាន​នេះ បាន​នាំ​មក​ជូន​កម្ពុជា​យើង​នូវ​កិត្តិយស និង​​មោទនភាព​​​ជាតិ​​ខ្លាំង​ណាស់។​

ហេតុការណ៍​ក្រោយ​មកទៀត គឺ​នៅក្នុង​​ខែមេសា ឆ្នាំ១៩៧៥ នៅ​លើ​វាល​ស្មៅ​​ទីលាន​​បាល់ទាល់​ដដែល​នេះដែរ ដែល​កងទ័ព​រំដោះ​បាន​ព័ទ្ធ​ដើរ​ចូល​ទៅ​ចាប់​លោក​ ឡុង បូរ៉េត នាយករដ្ឋមន្រ្តី​នៃរបប​សាធារណរដ្ឋ​ខ្មែរ​ចុង​ក្រោយ និង​ក្រុមគ្រួសារ​យក​ទៅ​សំឡាប់​ចោល ​ដែល​ពេល​នោះ​​ ពួកគេ​បំរុង​ភៀស​ខ្លួន​យ៉ាង​ប្រផិតប្រផើយ​​តាម​ឧត្ថម្ភាចក្រ​…។ បន្ទាប់​មក​ទៀត ពួកមេ​ដឹកនាំ​ខ្មែរក្រហម​សម័យនោះ បាន​យក​ទីលាន​ស្តាត​ប៉ែក​ខាង​លិច ដើម្បី​​រៀបចំពិធី​មិទ្ទីញ​មួយ​យ៉ាង​អធឹកអធម ដោយ​មាន​ទាំង​​បង្ហាញ​​ក្បួន​ព្យុះ​ហយាត្រា​​កងរថក្រោះ និង​កង​កាំភ្លើង​ធំ​ថែមទៀត​ផង…។

ចូល​មក​ដល់​សម័យសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា… គឺ​ក្នុង​​អំឡុង​​ខែកុម្ភះ ឆ្នាំ១៩៨៣ ទីក្រុង​ភ្នំពេញ​យើងមាន​កិត្តិយស​ ដោយ​​បាន​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​វេទិកា​​សន្តិភាព​អាស៊ីអគ្នេយ៍ (SE Asia Peace Forum) ដែល​កាល​ណោះ​ ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ដោយ​លោក រ៉ូម៉េស ចាន់ដ្រា (Romesh Chandra) ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិភាព​ពិភពលោក​ World Peace Council (WPC)… ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ច​ប្រជុំ​នេះ គឺថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ១៩៨៣ ទីក្រុង​ភ្នំពេញ​យើង​ ​បាន​​រៀបចំ​ពិធី​មិទ្ទីញមួយ​ដ៏​អធឹកអធម​ក្រៃលែង​ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ស្រឡាញ់​ “​សន្តិភាព”​ នៅលើ​​កំរាល​ស្មៅ​ព៌ណបៃតងខ្ចី នៃ​ពហុកីឡាដ្ឋាន​ជាតិ​យើង​​នេះ​ម្តងទៀត ដោយ​មាន​អ្នក​ចូល​រួម​​ប្រមាណ ១៤ម៉ឺននាក់។ កាល​ណោះ​​ខ្ញុំ​​កំពុង​រស់​នៅ​ជនបទ​ឯ​​ស្រុកកំណើត​នៅ​ឡើយ​ ​ហើយ​ខ្ញុំ​​បាន​​​អង្គុយ​​ស្តាប់​វិទ្យុ ឮលោក រ៉ូម៉េស ចាន់ដ្រា មានប្រសាសន៍​ជា​ភាសា​អង់គ្លេស​ ពិរោះ​ខ្លាំងណាស់… ដល់​រយៈ​ពេល​ ១ឆ្នាំ​ក្រោយ​មក គឺ​នៅ​ពេល​ដែល​ខ្ញុំ​ឡើង​មក​រៀន​នៅ​តាខ្មៅ ទើប​ខ្ញុំ​​​ព្យាយាម​ធាក់​កង់​ មក​លួច​រៀន​ភាសា​អង់គ្លេស​នៅ​ម្តុំ​សាលា​បាក់ទូក ដែល​ពេល​នោះ ការ​រៀន​ភាសា​អង់គ្លេស គឺ​ជា​រឿង​ខុស​ច្បាប់…។ បច្ចុប្បន្ន​នេះ ខ្ញុំ​ព្យាយាម​រក​រូបភាព​ឯកសារ​​កាល​ពី​ព្រឹត្តិការណ៍​នោះ​មិន​បាន​ទេ។ តាម​ខ្ញុំ​យល់​ ប្រហែល​​​ជា​រដ្ឋ​យើង​ មិន​ចង់​បង្ហាញ​ពី​វត្តមាន​របស់​កងទ័ព​វៀតណាម​​​ នៅ​ទី​ក្រុង​ភ្នំពេញ​​កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ១៩៨០ ផង​ក៍​មិន​ដឹង…។

ឥឡូវនេះ ពហុកីឡាដ្ឋានជាតិ​របស់​យើង នៅ​សល់​តែ​ស្លាកស្នាម​​ពីអតីតកាលតែ​ប៉ុណ្ណោះ​​​ និង​មើល​ទៅ​​មាន​តែភាព​ស្រងេះស្រងោច​ខ្លាំងណាស់…៕

(ប្រកាស​ក្រោយ​ ខ្ញុំ​នឹង​រៀបរាប់​ពី​ទិដ្ឋភាព​នៅ​ជុំវិញ​ពហុកីឡាដ្ឋាន​អូឡាំពិក​សព្វថ្ងៃ ដែល​ខ្ញុំ​​​​មើលទៅ​ ឃើញ​សុទ្ធតែលុយ ឡើយខាប់​ដូច​ទឹក​គ្រឿង..!!..??.)​​

ស្រុកស្រែ

__________________

អត្ថបទដែលទាក់ទង៖

Advertisements

11 responses to “ទិដ្ឋភាពដ៏ស្រងេះស្រងោច​ ​នៃពហុកីឡាដ្ឋាន​​អូឡាំពិកយើង…

  1. ហាស់ហា គេទុកចោលយូរ ទុកឲ្យមើលឃើញភាពខ្មៅតាមជញ្ជាំង ទីបំផុត ថាអាក្រក់មើល រួចវាយចោលធ្វើអំភើយ 🙂

    • អាច​ត្រូវដែរ… ព្រោះ​ធម្មតា​​សំណង់អាគារ​ បើ​ទុក​ចោល​​អត់​ជួសជុលវា អាចត្រូវ​ពុកផុយ… ដល់​ចឹងទៅ ដើម្បី​ការពារ​សុវត្ថិភាព​ គឺ​វ៉ៃចោល​ល្មម… ចំណែក​ឯ​ទីធ្លា​ជុំវិញស្តាត​បច្ចុប្បន្ន អាច​នឹង​រួញទៅៗ… នេះ​មិនមែន​មក​ដី​នៅ​ម្តុំ​នោះ​រីករួម​​ដូច​កៅស៊ូកង​ទេ… តែនេះ​​មក​ពី​លោក វណ្ណ ម៉ូលីវណ្ណ កាលពេល​សាងសង់​ គាត់​ទុក​ដីនៅ​សល់​សំរាប់​​ធ្វើទី​ធ្លា​ជុំវិញ​នោះ ធំពេក..!!.. :-D​

  2. ខ្ញុំ​ឆ្លៀត​ពេល​រក​ទៅ​ថត​រូប​ស្តាតនេះ​មិន​បាន​សោះ ដូច​ចង់យឺតពេល ។ ខ្ញុំ​ឆ្ងល់រឿង​លោកតា វណ្ណ មួយ គាត់មិនងាយ​អនុញ្ញាត​ឲ្យ​នរណា​សម្ភាសន៍​គាត់​ទាល់​តែ​សោះ ពូ​មាន​ដឹង​មូល​ហេតុ​ទេ ?

    http://tamabloveyaymab.wordpress.com/2011/08/25/politician-long-boret/

    • មិនទាន់​យឺតពេល​នៅឡើយទេ​តាម៉ាប់… បើទៅថតពេលល្ងាចៗ អាច​ជួបខ្ញុំ​កំពុង​​ហាត់​ប្រាណ​ហើយ (មិនមែន​ហាត់​លើ​ប្រាណ​ទេ!)…។

      ខ្ញុំ​ធ្លាប់​ឮលោកតា វណ្ណ ម៉ូលីវណ្ណ មានប្រសាសន៍​ផ្តល់​បទសម្ភាសន៍​ជា​មួយ​វិទ្យុ​ខ្មែរ​ដែល​ផ្សាយ​ពី​បរទេសដែរ… តែ​គួរ​អោយ​ស្តាយ​ ពេល​ខ្ញុំ​រក​ស្តាប់​ឡើង​វិញ​ដើម្បី​ចំឡង​ទុក​ជា​ឯកសារ​​ ស្រាប់តែ​រក​លែងឃើញ…

      • ប្រហែលជា​ពីរ​ខែ​មុន ក្រុម​សិស្ស​ឆ្នាំ​ទី ២ នៅ​ដេប៉ាតឺម៉ង់ ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយ DMC គេ​ចេញ​សៀវភៅ​បទយកការណ៍​មួយ​ស្ដីពី ស្ថាបត្យកម្ម​ខ្មែរ គេសុំ​សម្ភាសន៍​គាត់​ដែរ គាត់​មិនអនុញ្ញាត ពួក​នោះ​សុំ​សម្ភាសន៍​បាន​តែ​លោក ម៉ម សុផាន់ណា ។

        និយាយ​រឿង​ជួប​ពូ ដូច​ចេះ​តែ​ជ្រួស​ផ្លូវ​ (មិនមែន​ភ្លៅ) រហូត 😀

  3. sic! «បន្ទោសលោក វណ្ណ ម៉ូលីវណ្ណ កាលពេល​សាងសង់​ គាត់​ទុក​ដីនៅ​សល់​សំរាប់​​ធ្វើទី​ធ្លា​ជុំវិញ​នោះ ធំពេក..!!.. :-D»​ សុំសើចផងម៉ោពូ 😀
    ស្ថាបត្យករនៅកន្លែងខ្ញុំគាត់ប្រាប់ថា ម៉ែអាណាស្តាតគេធ្វើទុកផ្លូវចេញចូលដក ដង្ហើមស្រួល វាទៅធ្វើស្អីព័ទ្ធជុំវិញ នេះបើអាណាវាខូច វាយួរប្រហុកមួយធុង​ទៅ ហើយដាក់ផ្លាកថាគ្រាប់បែកច្នៃ តេអិនតេ មនុស្សរត់ជាន់គ្នាងាប់ ឬរត់ ឡើងរបងសង្កសីមុតងាប់។ មិនខ្ចីយល់ និងឱ្យតម្លៃគំនិតស្ថាបត្យករអីតិចសោះ បែបវាស្មានថាគេហ្នឹង ចេះតែដើរត្រឹកៗហ្នឹង នឹកគូស វាសៗ យកតែលុយក៏អី? គេមិនមែននឹក ឃើញទៅធ្វើស្តាតអីធំចឹងទេ តែកាលណាគេធ្វើអីហើយ គេត្រូវគិតរឿងការពារ បញ្ហា។ ដូចយើងធ្វើប្រព័ន្ធផ្លូវទឹកចឹង ត្រូវកាល់គីលថា ចុះបើវាមានបញ្ហាទឹកបុក ខ្លាំង តើត្រូវដាក់មុខដោះទឹកបន្ទាន់ត្រង់ណា?
    អត់មានយោបល់ ព្រោះជួនកាលមិនមែនមកពីបញ្ហាស្តាតវានៅកណ្តាលក្រុង ពេក ឬមកពីវាចាស់ពេកទេ អាចមកពីអីផ្សេងក៏ថាបានដែលយើង យល់មិនដល់គិត មិនដល់។

  4. Your dates are wrong. GANEFO game was not in 1964 but 1966. I lived south of Psa Olympic in those days and went to see the first football match of the games.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s