វិចិត្រសាល

ទិដ្ឋភាពនៅលើ​កំពូល​ភ្នំ​បូកគោ​​…


ថ្ងៃទី ០១ កញ្ញា ២០១២…

ខាងក្រោមនេះ គឺជាទិដ្ឋភាព​មួយ​ចំនួន​ នៅ​លើ​កំពូល​ភ្នំបូកគោ ដែល​ខ្ញុំ​បាន​ទៅដល់​​កាល​ពី​ថ្ងៃសៅរ៍​ ចុងសប្តាហ៍មុននេះ…។

មិន​មាន​អ្វី​ដែល​ត្រូវ​រៀបរាប់​ផង​ទេ ព្រោះថា មាន​ញាតិមិត្ត​យើង​ជាច្រើន​បាន​ទៅ​ដល់​ទីនោះ​​ជាហូរហែ​រួច​មក​ហើយ។ តែ​អ្វីដែល​ជាការ​ចាប់​អារម្មណ៍​របស់​ខ្ញុំ​នោះ គឺ​សុវត្ថិភាព​នៃការ​បើក​បរ​តែ​ម្តង។ ខ្ញុំ​កត់​សំគាល់​ឃើញថា អាស្រ័យ​ដោយ​ស្ថានភាពផ្លូវ​មាន​ការ​បត់​បែនដូចអន្ទង់អាំង​បែបនេះ ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព​សំរាប់​ការ​ឡើង​ចុះ យកល្អ​អ្នក​បើកបរ​​គ្រប់ៗរូប​ ត្រូវតែ​បើក​បរ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គន្លង​ផ្លូវ​របស់​ខ្លួន​នៅ​ពេល​បត់បែន​ម្តងៗ (សូមមេត្តា​កុំ​រំលោភ​ចូល​ផ្លូវ​ខាងគេ)។ បើ​មិន​អីចឹងទេ ខ្ញុំ​ប្រហោង​ពោះ​ណាស់​ថា ថ្ងៃណាមួយ​នឹង​កើត​មាន​នូវ​គ្រោះ​ថ្នាក់ជា​យថាហេតុ​ជាមិនខាន… ជាពិសេស ខ្ញុំ​​មាន​ការ​បារម្ភ​​ពី​ភាព​ព្រហើន​របស់​បងៗ​អ្នក​បើក​បរ​រថយន្ត​ដឹកអ្នក​ដំណើរ​ធុន ១២កៅអីនេះ​តែ​ម្តង។ ​នេះ​នៅ​មិន​ទាន់​និយាយ​ដល់ ​ពី​ប្រព័ន្ធ​សុវត្ថិភាព​​ដូចជា ប្រព័ន្ធ​​ហ្វ្រាំង ចង្កូត ដែល​រថយន្ត​ដឹកអ្នក​ដំណើរ​របស់​ពួកគេភាគ​ច្រើន ​ត្រូវ​បាន​​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ ជា​ប្រភេទ “អេតចាយ” ដែល​ប្រទេស​កូរ៉េ​ បាន​យក​មក​បោះ​ចោល​នៅ​ស្រុក​យើងផងទេ..!!..

ដោយឡែក ទាក់ទង​នឹង​ទី​កន្លែង​នេះ ខ្ញុំ​ជា​មនុស្ស​ស្រករ​ក្រោយទេ តែ​ខ្ញុំ​ហាក់​ដូចជា​មាន​អនុស្សាវរីយ៍​​ច្រើន​ ជា​មួយ​នឹង​ភ្នំបូកគោ​-ពពកវិល​នេះ​តែ​ម្តង ដែល​ធ្វើ​អោយ​ខ្ញុំ​ចង់​ឡើងចុះ​​ដោយ​មិន​ចេះ​ជិនណាយ… រំលឹក​ឡើង​វិញ​ទៅ ខ្ញុំ​បាន​ឡើង​ទៅឃើញ​កំពូល​ភ្នំបូកគោ និង​ទឹក​ជ្រោះ​ពពកវិលជា​លើក​ដំបូង​ក្នុង​​ឆ្នាំ១៩៩៧ ដែល​នៅ​ពេល​នោះ ពួក​ខ្ញុំ​ឃើញ​​មាន​អាចម៍ដំរី និងដានជើង​ខ្លាថ្មីៗ នៅ​លើ​ផ្លូវ​ធ្វើដំណើរ​​នៅ​ម្តុំ​សំណាក់​ស្លាខ្មៅ​ជាដើម​…។ តាំងពី​ពេល​នោះ​មក​ ខ្ញុំ​បាន​ព្យាយាម​​ជូន​ភ្ញៀវ​មិត្តភក្តិ​បរទេសជាច្រើន​​​​ដូចជា កាណាដា អូស្រ្តាលី ហូឡង់ បែលស៊ីក​ជាដើម​ អោយទៅ​ឃើញ​លើ​កំពូល​ភ្នំ​បូកគោ-ពពក​វិល​​យើង​នេះ​ញឹក​ញាប់​ណាស់… ជាពិសេស នៅ​ពេល​ដែល​តារា​ហូលីវូត​ Angelina Jolie ​កំពុង​ថតរឿង Tomb Raider ​នៅកន្លែង​ទឹក​ជ្រោះ​ពពកវិល កាល​ពី​ឆ្នាំ២០០០ ក៍​ខ្ញុំ​មាន​សំណាង បាន​ឡើង​ទៅ​មើល​ឃើញ​​ពួកគេ​ថតរឿង​នេះ​ដែរ។

បច្ចុប្បន្ន អ្វីៗ​ដែល​នៅ​ទីនោះ​បាន​ប្រែប្រួល​ផ្លាស់​ប្តូរ​លឿនណាស់។ មាន​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ជំរាប​អស់​លោក​អ្នក នោះគឺ​ខ្ញុំ​នៅ​ចាំ​ប្រសាសន៍​របស់​មីង​ម្នាក់​ដែល​ដើរ​លក់​នំ​ស្លឹក​ចាក ​នៅ​តំបន់​ទឹក​ឈូរ​ បាន​អោយ​ខ្ញុំ​ដឹងកាល​ពី​ឆ្នាំ​១៩៩៩ ថា៖ គាត់​ជាអ្នកស្រុក​​រស់​នៅ​លើខ្នង​​ភ្នំបូកគោ-ពពកវិល កាល​ពីសង្គមចាស់… គ្រួសារគាត់​ ស្ថិត​ក្នុង​ចំណោម​គ្រួសារ​​​ខ្មែរ​កម្ពុជា​ក្រោមដទៃៗទៀត​​​ជា​ច្រើន​គ្រួសារ​ ដែល​កាល​ពី​ជំនាន់​សម្តេចឪ​ ត្រូវ​បាន​អនុញ្ញាត​អោយ​ឡើង​ទៅ​រស់​នៅ​លើ​ខ្នងភ្នំបូកគោ-ពពកវិល ដោយ​ទាំងអស់​គ្នា​ប្រកប​របរ​ដំណាំ​ចំការ​តែ និង​ដាំបន្លែ…។ ​ក្នុង​ចំណោម​បន្លែ​ដែល​អ្នក​ស្រុក​បូកគោ-ពពកវិល​និយម​​នាំគ្នា​ដាំ គឺ​មាន​បន្លែ​ស្ពៃ​មួយ​ប្រភេទ​ដែល​ល្អ និង​មាន​តំលៃ​​ជាងគេ ហើយ​ដែល​អ្នក​ភ្នំពេញ​និយម​ហៅថា ស្ពៃបូកគោ!… ដែល​​តាម​ការ​ពិត គឺ​សំដៅ​​ទៅ​លើ​ស្ពៃ​ប៉ៅហ៊ូ ដែល​ដាំ​នៅ​លើ​ខ្នង​ភ្នំបូកគោ យើងហ្នុងឯង..!!..

ប្រកាស​ក្រោយ ខ្ញុំ​នឹង​រៀបរាប់អំ​ពី​​តំលៃ​ហាងឆេងដី​នៅ​លើ​ខ្នងភ្នំបូកគោ-ពពកវិល ដែល​ត្រូវ​បាន​ចាត់ចែង​ពុះលក់​យ៉ាងសង្ហា​ និង​ប្រកប​​ទៅ​ដោយ​ក្បួនខ្នាត​ត្រឹមត្រូវ ដោយ​​ក្រុមហ៊ុនយក្ស សុខាអូតែល ដ៏មហា​រុងរឿង មហាថ្កើងថ្កាន..!!..??..

ស្រុកស្រែ

__________________

អត្ថបទដែលទាក់ទង៖

Advertisements

12 responses to “ទិដ្ឋភាពនៅលើ​កំពូល​ភ្នំ​បូកគោ​​…

  1. ដោយ​សារ​តែ​ផ្លូវ​នេះ​ហើយទើបនាំ​ឲ្យ​ខ្ញុំ​ចាក់​បាញ់ឆេវ​សាច់​ក្តាម ។

  2. និយាយ​ត្រង់​ចុះ អា​ខេត្ត​កំពត​នេះ​ខ្ញុំ​ធ្លាប់​ទៅ​ឡើង​ចង់​ផ្អៀង​ទៅ​ហើយ ញឹក​ញាប់​ណាស់ តែ​មិន​ដែល​បាន​ឡើង​ភ្នំ​បូកគោ នឹង​គេ​សោះ ហា​ហា​ហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s