វិចិត្រសាល

កំណត់ត្រា ភាគ១៖ ទៅ​លេង​កម្ពុជាក្រោម


ម៉ោង ៥និង ៣០នាទីព្រឹក ខ្ញុំ​បាន​ទៅ​ដល់បេនឡាន​ក្រុង ដែល​នឹង​ត្រូវ​ចេញពី​​ភ្នំពេញ​ ទៅ​ទីក្រុង​កឹងធើ​(Cần Thơ)-ខេត្តសុកត្រាង ឬសុកចាង​(Sóc Trăng) -និងខេត្ត​បាក់លីវ​(Bạc Liêu) ដែល​​​ស្ថិត​​នៅ​​ម្តុំ​​ច្រមុះ​ជ្រូក​​​នៃ​ស្ថានីយ៍​ប្រេង​សូគីម៉ិច ខាងជើង​ស្តុបអាង​ទឹក​អូរឡាំពិក​​ (ម្តុំឈូកទិព្វ)។ កាល​ពី​ល្ងាច​ក្បាល​ព្រលប់​ ខ្ញុំ​បាន​ទិញ​សំបុត្រ​ឡាន​​រួច​ហើយ ភ្នំពេញ-​កឹងធើ​ក្នុង​តំលៃ ១៦ដុល្លារ ហើយ​ខាង​ឡាន​ក្រុង​ក៍​បាន​បញ្ជាក់​​ប្រាប់​ខ្ញុំ​​ថា៖ នឹង​ចេញ​ដំណើរនៅ​ព្រឹក​​ម៉ោង ៦គត់!…

ព្រឹកនេះ​ មាន​អ្នក​ដំណើរ​ទៅ​កម្ពុជា​ក្រោម​ប្រហែល​ជាង ៥០នាក់ ​​តាម​រថយន្ត​ក្រុង​ចំនួន ២គ្រឿង។ ខ្ញុំ​អង្គុយចាំ​​ក្នុង​ឡាន​ រហូត​ដល់​​ម៉ោង ៦ និង៣០នាទី ទើប​ឡាន​ចាប់​ផ្តើម​វិល​កង់​គើមៗ​ទៅមុខ…។ រថយន្ត​បាន​បរ​កាត់​ស្ពាន​ស្ទឹងមានជ័យ រួច​កាត់​តាម​ចំការដូង រោងចក្រ​​កែវ… រួចចេញ​ទៅ​ជួប​នឹង​ផ្លូវ​បំបែក​​ដីក្រហម ដែល​បច្ចុប្បន្ន​កំពុង​តែ​រៀប​ចំ​​ធ្វើ​រង្វង់​មូល​​យ៉ាង​ធំមួយ​​នៅ​ទីនោះ។ ចាប់​ពី​ត្រឹម​នេះ​ទៅ​ ចូល​ដល់​​​ផ្លូវ​ជាតិ​លេខ២… ហើយ​​រថយន្ត​ក៍​​បាន​ស្ទុះ​វឹង​​សំដៅ​ទៅ​ខេត្តតាកែវ​តែ​ម្តង។

ម៉ោង ៨និង២០នាទី ខ្ញុំ​បាន​ទៅដល់​ផ្លូវ​បត់​ចូល​ទៅ​​ទីរួមខេត្ត​តាកែវ… ហើយ​១ម៉ោង​ក្រោយ​មក គឺ​នៅ​វេលា​ម៉ោង ៩និង​២០នាទី ខ្ញុំ​ក៍​បាន​ទៅ​ដល់​​ច្រកព្រំដែន​អន្តរជាតិ​ភ្នំដិន-​អានយ៉ាង…។ ខ្ញុំ​សង្កេត​មើល​ទៅ​ច្រក​ព្រំដែន​​អន្តរជាតិ​​មួយ​នេះ​ គឺ​នៅ​មិន​ទាន់​​​ឃើញ​​មាន​ការ​កសាង​​បង្គោល​​ព្រំដែន​ជា​ផ្លូវ​ការ​នៅ​ឡើយ​​ទេ។ នេះក៍​អាច​​ជា​មូលហេតុ​ ធ្វើ​អោយ​​ភាគី​ទាំង​សងខាង​(កម្ពុជា-វៀតណាម)​ នៅ​មិន​ទាន់​​​សាង​សង់​ប៉ុស្តិ​ព្រំដែន​​ជា​ផ្លូវ​ការ​នៅ​ឡើយដែរ។ បច្ចុប្បន្ន មន្រ្តី​ច្រក​ទ្វារ​​ព្រំដែនខាង​​យើង ​​បាន​សង់​​តូប​ដង្ហែរ​គ្នា​នៅ​​ចិញ្ចើម​ផ្លូវ​​​ខាង​ឆ្វេង​ដៃ​ ហើយ​ពួកគាត់​អង្គុយ​ធ្វើ​ការ​ក្នុង​នោះ ​ស្រដៀង​គ្នា​នឹង​អ្នក​លក់​​ចាប់​ហួយ​តាម​ចិញ្ចើម​ថ្នល់​​ដែរ..!!..

គ្រាន់​តែ​ខ្ញុំ​ទាញ​ម៉ាស៊ីន​​ថត​មក​ចុចភ្លាម ស្រាប់តែ​មាន​​បុរស​ជនជាតិ​យៀកណាម​​ម្នាក់ មិន​ដឹង​ជា​លេច​ចេញ​ពី​ក្រហែង​ណា​មកទេ បាន​ស្ទុះ​មក​ចង្អុល​ម៉ាស៊ីនថត ​ព្រម​ទាំង​រាដៃ​ និង​និយាយ​ចេកចាច​ធ្វើ​អោយ​ខ្ញុំ​ស្តាប់​បាន​ទាំងអស់ តែ​មិន​ដឹង​មាន​ន័យ​ថា​ម៉េច?…​ តែ​ខ្ញុំ​ក៍យល់​​រួច​ទៅ​ហើយ​ថា បុរស​ម្នាក់​នេះ​មាន​បំណង​ប្រាប់​ខ្ញុំ​​មិន​អោយ​ខ្ញុំ​ប្រើ​ម៉ាស៊ីន​ថត​នៅ​ទី​នេះ។ ដោយមិន​អស់​ចិត្ត​ បុរស​យៀកណាម​ម្នាក់​នេះ​ បាន​ទៅ​និយាយ​ប្រាប់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ខាង​​​យើងទៀត… ហើយ​​មន្ត្រី​ច្រក​ទ្វារយើង​ក៍​មក​ប្រាប់​ខ្ញុំ​ថា៖ កុំថតអី!…

ខ្ញុំ​ក៍​បាន​សុំទោស​ ព្រមទាំង​និយាយលេងសើច​ជា​មួយ​គាត់​​៖ បើ​ហាម​មិន​អោយ​ថតរូប ម៉េច​ក៍​បង​មិន​ដាក់​ស្លាក​សញ្ញា​ “ហាម​ថត” រូប​ទៅ… បើ​មាន​ស្លាក​ហាមឃាត់ ច្បាស់​ជា​ទាំងខ្ញុំ ទាំងភ្ញៀវ​បរទេស​ គ្មាន​អ្នក​ណា​ទៅ​ឃ្លាន​ចង់​ថត​អី​ទេ…។ គាត់​ក៍​ប្រាប់​មក​ខ្ញុំ​វិញ៖ ខាង​យើង​នេះ​ចេះ​តែ​ធ្មេចៗ​ភ្នែក​ទៅ… តែ​ខាង​ “វា” នោះ​អត់បាន​ទេ… ង៉ៃមុន​ វា​ចាប់​​ដក​យក​កាមេរ៉ា​ពីអ្នក​ដំណើរ​អស់​មួយ​ហើយ… ហើយ​អា​មួយ​និយាយ​​ឆ្ការដៃ​ឆ្ការ​ជើង​​អម្បាញ់​មិញ​ណឹង គឺ​វា​ខ្លាច​ពួកវា​ចាប់​យក​ម៉ាស៊ីន​ថត​របស់​បង​មួយ​ទៀត..!!..

ប្រហែល​ជា ១ម៉ោង​ក្រោយ​មក ទើប​អ្នក​ដំណើរ​ទាំង​ ២​ឡាន​នេះ​ បាន​ធ្វើបែប​បទ​ឆ្លង​ព្រំដែន​ទាំង​សង​ខាង​រួច… ហើយ​នៅ​ម៉ោង ១០ និង៣០នាទី រថយន្ត​ក៍​បន្តចេញ​ដំណើរ​ពី​ច្រក​​ព្រំដែន​​ក្នុង​ទឹកដីខេត្ត​អានយ៉ាង (An Giang)​​​ ឆ្ពោះ​ទៅ​កាន់​ទីក្រុងកឹងធើ​ នៃ​ប្រទេស​វៀតណាម​តែ​ម្តង។ ​​​

ពេល​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​នៃខេត្ត​អានយ៉ាង ផ្លូវ​រថយន្ត​ធ្វើ​ដំណើរ​​បាន​រត់​ស្រប​នឹង​មាត់​ទន្លេ ដែល​ធ្វើ​អោយ​អ្នក​ដំណើរទូទៅ ​មើល​ឃើញឃ្លាំង និង​​ទូក​ផ្ទុក​ស្រូវ​ហូរហែ​នៅ​តាម​​មាត់​ច្រាំង​…។

នៅ​វេលាម៉ោង ១២​ថ្ងៃត្រង់ រថយន្ត​​បាន​ចូល​ទៅ​ដល់​ទីប្រជុំជន​នៃ​ខេត្ត​អានយ៉ាង… ហើយ​នៅ​ ២០នាទី​ក្រោយ រថយន្ត​ក៍​ទៅ​ដល់​ទីក្រុងឡុងសៀង ដើម្បី​ឈប់សំចត​ញាំ​អាហារថ្ងៃ​ត្រង់​នៅ​ទី​នោះ។

វេលាម៉ោង ១ និង១០នាទី រថយន្ត​ក៍​បន្ត​ចេញ​ដំណើរទៅ​មុខ​ទៀត… ហើយ​នៅ​វេលា​ម៉ោង ២ និង៣០​នាទី​រសៀល រថយន្ត​ក៍​ចូល​ដល់​ស្ថានីយ៍​ចំណតរថយន្ត​នៃ​ទីក្រុង​កឹងធើ​ ដោយ​សុវត្ថិភាព។ សំរាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្តសុកត្រាង និង​ខេត្ត​បាក់លីវ គឺមាន​រថយន្ត​របស់​ក្រុមហ៊ុននេះ ជូន​ដំណើរ​​បន្ត​ទៅ​ទៀត។ ចំណែក​​ខ្ញុំ​ ដែល​មាន​បំណង​​ចង់​ទៅ​លេង​​ខេត្តត្រាវិញ​(Trà Vinh) គឺ​​ត្រូវ​ចុះ​នៅ​ត្រឹម​ទីក្រុង​កឹងធើនេះ ដើម្បី​រកឡានក្រុង​ជិះ​ដោយ​ខ្លួន​ឯង​បន្ត​ទៀត…។

ប្រកាសក្រោយ ខ្ញុំ​នឹង​រៀបរាប់​បង្ហាញនូវ​ទី​អារាមចំនួន​ពីរ គឺ​វត្ត​ពិទូ​ឃោស​រង្សី និង​​វត្ត​មុនីរង្សី ដែល​ស្ថិត​នៅ​ចំកណ្តាលទីក្រុងកឹងធើ ដែល​ជា​ទីក្រុង​ដ៏​ធំ​មួយ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​​នា​ពេល​បច្ចុប្បន្ន… ហើយ​ខាង​ក្រោមនេះ គឺ​ជា​ទិដ្ឋភាព​មួយ​ចំនួន​ពី​ភ្នំពេញ ​ទៅ​កឹងធើ​ ដែល​​ខ្ញុំ​​បាន​ថត​ក្នុង​ដំណើរ​ឆ្លងកាត់​របស់ខ្ញុំ​លើក​នេះ ដើម្បី​​​ទៅ​លេងភ្ជុំបិណ្ឌ ​នៅ​លើ​ទឹក​ដី​ “អតីត” ​កម្ពុជា​ក្រោម​ដ៏​ធំ​ល្វឹង​ល្វើយ..!!..

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

3 responses to “កំណត់ត្រា ភាគ១៖ ទៅ​លេង​កម្ពុជាក្រោម

  1. ស្តូបគេមានរចនាបទតែមួយដូចស្រុកខ្មែរដែរ

    • ត្រូវហើយតាម៉ាប់… នៅ​គ្រប់​ទីប្រជុំជន​ខេត្តទាំងអស់​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ក្នុង​ទឹក​ដី​វៀតណាម គឺ​សុទ្ធ​តែ​មាន​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ និង​ផ្នូរ​កប់សពយុទ្ធជន​រួម​ដែល​បាន​ពលី​ក្នុង​សង្រ្គាម សំរាប់​អោយ​មនុស្ស​ជំនាន់​ក្រោយ​គោរព​បូជានៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ម្តងៗ… ខុស​ពី​នៅ​ស្រុក​យើង​ដែល​​មិនសូវ​​បាន​យក​ចិត្ត​ទុក​ដាក់ពីរឿង​នេះ​ប៉ុន្មាន​ទេ…​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s