វិចិត្រសាល

កំណត់ត្រា ​ភាគ២៖ វត្តខ្មែរពីរ​នៅកណ្តាល​ទីក្រុង​កឹងធើ


សំរាប់​ជនជាតិ​ខ្មែរ​ដែល​គោរពបូជា​​​ព្រះពុទ្ធសាសនាដូច​យ៉ាង​ស្រុកស្រែ​ខ្ញុំនេះ កាល​បើ​បាន​ឃើញ​ទីអារាម​ព្រះពុទ្ធ​សាសានា​នៅ​ត្រង់​ណា​ហើយ ជា​ពិសេស​ គឺ​អារាម​ដែល​ស្ថិត​នៅ​ក្នុង “​អតីត” ​ដែនដីកម្ពុជា​ក្រោមបែបនេះ​ទៀត ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ចង់ដឹង ចង់ឃើញ​ផ្ទាល់ភ្នែក​​ខ្លាំង​ណាស់…។

ក្រោយ​ពី​នៅ​ឡេឡឺ​មួយ​សន្ទុះ បន្ទប់​ពី​ចុះ​លើ​ឡានក្រុង​នៅ​ចំណតឡាន​ទី​ក្រុង​កឹងធើ​រួច​មក ខ្ញុំ​ក៍​ហៅ​ឡាន​តាក់ស៊ី​ដើម្បី​ជិះ​ទៅរក​កន្លែង​ស្នាក់នៅ​។ ដោយ​សារ​តែ​អ្នក​បើក​តាក់ស៊ី គាត់​ចេះ​តែ​ភាសា​គាត់… ឯ​ខ្ញុំ​វិញ​ វាត់អង់គ្លេស​លាយ​យៀកណាម​ តាមបែប​”ភាសា​បោយ” បូក​រួម​ទាំង​កាយវិការ​ផ្សំផង ទើប​ខ្ញុំ​រក​​បាន​សណ្ឋាគារលំដាប់​ថ្នាក់ ១យប់​ ១២ដុល្លារឃើញ​បាន​ដេក… ហើយ​​ទាំង​​ម្ចាស់​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់​នៅ​​ និង​ទាំង​បុគ្គលិក​បំរើ​ការ គឺ​ពួកគេ​ទាំងនោះ ​គ្មាន​ចេះ​ភាសា​អី​ផ្សេង​ ក្រៅ​ពី​ភាសា​កំណើត​របស់​ពួក​គេឡើយ..!!..

បន្ទាប់​ពី​រក​កន្លែង​ស្នាក់នៅ​បាន​ហើយ ខ្ញុំ​ក៍​ចាប់​ផ្តើម​ដើរ​​តាម​ផ្លូវ​ដើម្បី​រក​មើល​ភ្នាក់ងារ​ក្រុម​ហ៊ុន​ទេសចរណ៍​ណា​មួយ ក្នុង​បំណង​សួរ​រក​ព័ត៌មាន​ខ្លះៗ​ទាក់ទង​ដល់​ដំណើរ​កំសាន្ត​របស់​ខ្ញុំ។ ជា​ពិសេស​ គឺ​ខ្ញុំ​ចង់​បាន​ផែនទី​របស់​ទីក្រុង​នេះ​ដើម្បី​ងាយ​ស្រួល​ដើរ​​កុំ​អោយ​វង្វេង ព្រោះតាម​បទ​ពិសោធន៍​ដើរ​កំសាន្ត​​តាម​បែប​​ទេសចរណ៍​ស្ពាយ​បង្វិច​ធឺ​ម៉ាក់​​ស្រុកស្រែ​ខ្ញុំ​នេះ កាល​បើ​គ្មាន​ផែនទី​កាន់​ដើរ​ទេ គឺ​ប្រាកដ​ជា​មិន​ដឹង​ត្រូវ​ទៅណា ម៉ោណី​ដែរ…។ ជា​ការ​ចំឡែក ខ្ញុំ​ដើរ​អស់​ប៉ុន្មានច្រក​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​កឹងធើ​នេះ គឺ​រក​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​តែមួយ យក​មកធ្វើ​ថ្នាំ​អត់បាន… ហើយ​ខ្ញុំ​ឃើញ​មាន​ហាង​លក់​សៀវភៅ​ពីរបី​កន្លែង​ដែរ តែ​នៅ​ពេល​ដែល​ខ្ញុំ​​ធ្វើដៃ​ធ្វើ​ជើង​សួរ​រក​ទិញ​ផែនទី គឺ​អ្នកលក់​​បាន​ត្រឹម​តែ​គ្រវី​ក្បាល​ឆ្លើយ​ថា៖ ខុង-ក​ (không có)​…

ទីបំផុត​ ខ្ញុំ​ដើរ​រក​វត្ត​មួយ​ដែលកាល​ពេល​​ខ្ញុំ​ជិះ​តាក់ស៊ី​មក ​ឃើញ​នៅ​ជាប់​មាត់​ផ្លូវធំ… គឺរក​ទាល់​តែ​ឃើញ​ដោយ​មិន​ចាំ​បាច់​មាន​ផែនទី…។ វត្ត​នោះ​មាន​ឈ្មោះថា៖ វត្តមុនីរង្សី (Chùa ​Munirensây)…។

វត្តមុនីរង្សី មិន​មាន​ទី​ធ្លា​ធំ​ទូលាយ​ទេ ហើយ​ព្រះគ្រូចៅអធិការ​វត្ត​នេះ គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​មក​ពី​ភ្នំពេញភ្លាម ព្រះ​អង្គ​បាន​ទទួល​​ខ្ញុំ​រាក់ទាក់ណាស់។ តាម​ការ​សាកសួរ​របស់​ខ្ញុំ ព្រះអង្គ​​បាន​មានសង្ឃដីការអោយ​ខ្ញុំ​ដឹង​ថា៖ ព្រះអង្គ​ គឺជា​ព្រះចៅអធិការវត្ត​ជំនាន់​ទី៦… បច្ចុប្បន្ន​វត្តមុនីរង្សី មាន​ព្រះសង្ឃ​ចំនួន ២៥អង្គគង់នៅ និង​មាន​សិស្ស​និស្សិត​ខ្មែរ​កម្ពុជាក្រោម​​ចំនួនជិត ១៥០នាក់​ដែល​រស់នៅ​​ទី​ជនបទ​ឆ្ងាយៗ បាន​មក​ស្នាក់​នៅ​បន្ត​ការ​​សិក្សា​រៀន​សូត្រ​ក្នុង​ទី​ក្រុង​កឹងធើ​នេះ។  បន្ទាប់​មក​ ព្រះអង្គ​បាន​ចាក់សោរ​ព្រះវិហារ​ ដើម្បី​អោយ​ខ្ញុំ​បាន​​ចូល​ទៅ​អុជធូប​ ព្រមទាំង​នាំ​ខ្ញុំ​ដើរ​មើល​ជុំវិញ​ព្រះវិហារ​ថែម​ទៀត​ផង។ ព្រះអង្គ​ថែម​ទាំង​ចង្អុល​បង្ហាញ​វត្ត​មួយ​ទៀត​ ដែល​ស្ថិតនៅ​ចុង​ផ្លូវ​ ខាង​លិច​ទីអារាម​​នេះ… ហើយ​មួយ​សន្ទុះ​ធំ​ក្រោយ​មក ខ្ញុំ​ក៍​បាន​ថ្វាយ​បង្គំ​លា​ព្រះគ្រូ​ចៅអធិការ​វត្ត​មុនីរង្សី ដើម្បី​ចង់​ដើរ​ទៅ​រក​វត្ត​មួយនោះ​​ទៀត។

នោះគឺ វត្តពិទូឃោសរង្សី (Chùa Pitu Khôsa Răngsây)… ដែល​ស្ថិត​នៅមាត់​ច្រក​ដឿងហែម​តូច​មួយ និង​ស្ថិត​នៅ​​ខាង​កើត​អាង​ស្តុក​ទឹក​ស្អុយនៃ​ទីក្រុង​កឹងធើ ។ ដោយសារ​ទី​អារាម​តូច​ចង្អៀត ទើប​ព្រះវិហារ​វត្តពិទូឃោសរង្សី ត្រូវ​បាន​កសាង​ឡើង​ជា​ច្រើន​ជាន់។ ជា​ពិ​សេស​ គឺ​នៅ​ខាង​លើកំពូល​ព្រះវិហារ ក៍​ច្នៃ​ចេញ​ជា​បន្ទប់​​សំរាប់​តំកល់​គម្ពីរ​ព្រះត្រៃបិដក និង​ព្រះពុទ្ធ​រូប​ផង​ដែរ។

មិន​ខុស​ពី​ព្រះ​គ្រូចៅ​អធិការវត្តមុនីរង្សីដែរ… ព្រះ​គ្រូចៅ​អធិការវត្តពិទូឃោសរង្សី​ បាន​ទទួល​ខ្ញុំ​រាក់ទាក់​ណាស់ ព្រមទាំង​ចាក់សោរ​ព្រះវិហារ​នាំ​ខ្ញុំ​ឡើង​​ដល់​បន្ទប់​​លើ​​ដំបូល​កំពូល​​​​ព្រះវិហារថែម​ទៀត​ផង។ ព្រះអង្គ​ក៍​មាន​សង្ឃដីការ​ប្រាប់​ខ្ញុំ​ផង​ដែរ​ថា៖ ​បច្ចុប្បន្ន​វត្តពិទូឃោសរង្សី មាន​ព្រះសង្ឃ​ចំនួន ៨អង្គគង់នៅ ព្រមទាំង​ចិញ្ចឹម​​សិស្ស​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ក្រីក្រ​​​ចំនួន ៥០នាក់​ អោយ​​មក​ស្នាក់​នៅ​​​សិក្សា​រៀន​សូត្រ​ក្នុង​ទី​ក្រុង​កឹងធើ​នេះ… ​ហើយព្រះអង្គ​ គឺជា​ព្រះចៅ​អធិការ​វត្ត​ជំនាន់​ទី៩…។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​សរសេរ​ប្រកាស​នេះ ខ្ញុំ​នៅ​ស្រម័យ​ឃើញ​​ព្រះភ័ក្រ្ត​របស់​ព្រះ​អង្គនៅឡើយ ដែល​ហាក់​ដូច​ជា​ព្រះអង្គ​កំពុង​តែ​ញញឹម​ និង​មាន​សង្ឃដីការ​មក​កាន់​ទូល​ព្រះបង្គំ​ ប្រកប​ដោយ​ទឹក​ព្រះទ័យ​មេត្តា​ ​ធ្វើ​អោយ​ទូល​ព្រះ​បង្គំ​មិន​អាច​បំភ្លេច​បាន…។

ពេល​នេះ ខ្ញុំ​ក៍​មិន​ភ្លេច​ថ្លែង​នូវ​អំណរ​គុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រក្សា​ទុក​នូវ​​វត្តអារាម វប្បធ៌ម ប្រពៃណី ភាសា​ដើម​របស់​ជនជាតិ “ភាគតិចខ្មែរ” អោយ​នៅ​គង់​វង្ស​រហូត​ដល់​សព្វថ្ងៃ… ហើយ​ការ​ដែល​រដ្ឋាភិបាល​វៀតណាម បើក​ទូលាយ​អោយ​អ្នក​ទេសចរណ៍​ជិត​ឆ្ងាយ បាន​ចូល​ទៅ​លេង​ដែនដី​សណ្តរ​ទន្លេ​មេគង្គនេះហើយ ទើប​ធ្វើ​អោយ​ស្រុកស្រែ​ខ្ញុំ មាន​ឳកាស​ ឬ​មាន​សំណាង​បានដើរ​​ទៅ​ស្គាល់ទឹកដី​ដែល​ខ្មែរ​កណ្តាល​មិន​សូវ​បាន​ស្គាល់ និងជា​ពិសេស គឺ​ការបាន​​ជួប​​​ជជែក​លេង​ជា​មួយ​ប្រជាជន​នៃ​ “ជនជាតិភាគតិច” មួយ ដែល​និយាយ​ភាសា​កំណើត​ដូច​ខ្ញុំ​ដែរ…។

ប្រកាស​ក្រោយ ខ្ញុំ​នឹងបង្ហាញ​ពី​ទិដ្ឋភាពជ្រុង​មួយ​នៃទីក្រុងកឹងធើ… ជា​ពិសេស គឺ​ស្ពាន​​ឆ្លងកាត់ទន្លេ​មេគង្គ ដែល​មាន​ប្រវែង ២៧៥០ម៉ែត្រ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាពវត្ត​ខ្មែរ​ពីរ​ ស្ថិតនៅចំកណ្តាល​ក្រុង​កឹងធើ​បច្ចុប្បន្ន​…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

4 responses to “កំណត់ត្រា ​ភាគ២៖ វត្តខ្មែរពីរ​នៅកណ្តាល​ទីក្រុង​កឹងធើ

  1. ពូស្រុកស្រែបានដើរមើលស្រុកទេសសប្បាយណាស់។
    ខ្ញុំក៏ចង់ទៅដែរ ខ្ញុំចង់ទៅវត្តនៅខេត្តឃ្លាំង និងស្វាយទង។
    តែវេទនា តែខ្ញុំអត់ចេះភាសាហ្នឹងម៉ាមាត់ ហើយគម្រោង ចង់ដើរស្ពាយបង្វិចទៀត ម្ល៉ោះហើយខ្លាចដាច់ពោះស្លាប់ចោលម៉ែ។
    ខ្ញុំស្រឡាញ់អ្នកកម្ពុជាក្រោមណាស់ ព្រោះគេស្រឡាញ់យើងដូចញាតិ ដូចផៅគ្មានខ្លាចថាយើងអាក្រក់ល្អអីទេ។

    • បាទ, កល្យាណ… តាមពិត​ខ្ញុំ​គួរ​តែ​នាំ​តាម៉ាប់ និង​ឧត្តម​ទៅ​ជា​មួយ​ខ្ញុំ​ដែរ… ហើយ​បើ​អាច គឺ​មាន​រួម​ទាំង​កល្យាណ​ផងដែរ… តែ​ដោយសារ​ ខ្ញុំ​មិន​ដែល​ទៅ​ខាង​ច្រក​ហ្នុង​សោះ។ ហេតុនេះ ខ្ញុំ​ចង់​ទៅ​អោយ​ស្គាល់​ម្តង​សិន… ហើយ​បើ​មាន​លើក​ក្រោយ​​ទៀត ចាំ​ខ្ញុំ​នាំ​ទៅ… :-D​

      • អរណាស់! ពូស្រុកស្រែនឹងនាំខ្ញុំទៅដែរ! ហ៎ា តែប៉ុណ្ណេះលែងច្រណែន ឧត្តម និងតាម៉ាប់ហើយណា៎!
        អរគុណពូធំៗ! តើត្រូវសន្សំលុយប៉ុន្មានដើម្បីទៅលេងហ្នឹងបានមួយអាទិត្យ នោះពូ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s