វិចិត្រសាល

កំណត់ត្រា ​ភាគ៥៖ ភូមិព្រែកជ្រៅ​ ​នៃខេត្ត​បាក់លីវ


ផ្ទះ​របស់​ អ៊ុំបុណ្យ (ឈ្មោះខ្ញុំ​ដាក់​អោយ​អ៊ុំប្រុសកម្ពុជា​ក្រោម​ម្នាក់ ​ដែលគាត់​​បាន​នាំខ្ញុំ​ទៅលេង​ផ្ទះ​គាត់​) មាន​​ចំងាយ​ប្រមាណ​ជាង​ដប់​គីឡូម៉ែត្រពី​បេនឡានក្រុង ស្ថិត​នៅ​ភាគ​ខាងកើត​ទីរួម​​ខេត្ត​បាក់លីវ… នោះគឺ​​​ ភូមិព្រែកជ្រៅ… ជា​ភូមិ​នេសាទ​តូច​មួយ​នៅ​ជាប់​មាត់​សមុទ្រ ដែល​ខ្ញុំ​មើល​ទៅ គឺ​មាន​ភាព​ដូច​គ្នា​ច្រើន​ នឹង​​ភូមិ​នេសាទ​​​នៅ​ស្រុក​យើងដែរ។ អ្វី​ដែល​ដូច​គ្នា​នោះ គឺ​អ្នក​ស្រុកនៅ​ក្នុង​ភូមិ​នេះ​ នាំគ្នា​​និយាយ​​​ភាសា​​ខ្មែរនៅ​​​តាម​គ្រួសារ​នីមួយៗ ​​​បែប​ជា​ធម្មតា​​ពេញភូមិ… ។​

តាម​ការ​សង្កេត​របស់​ខ្ញុំ ក្រៅពី​ការ​ធ្វើ​ស្រែ​អំបិល ការ​​នេសាទ​នៅ​ក្នុង​សមុទ្រ និង​ការ​ចិញ្ចឹម​បង្គារ​តាម​បែប​ប្រពលវប្បកម្មនោះ អ្នក​ភូមិ​ព្រែកជ្រៅទាំងមូល គឺ​គ្មាន​ដី​ស្រែ​ចំការ​​សំរាប់​ប្រកប​​របរ​កសិកម្ម​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជាអ្នក​ភូមិ​ព្រែកជ្រៅ​ភាគ​ច្រើន បាន​​​ធ្វើ​ចំណាក​ស្រុក​ ចេញ​ទៅ​ធ្វើ​ការ​​​រក​ស៊ី​នៅ​តាម​ខេត្ត​ជិតៗ​នោះ ​​ដូចជា​នៅ​ខេត្ត​កាម៉ៅ និង​ខេត្ត​កឹងធើ​ជាដើម។ ឯ​អ្នក​ខ្លះ​ទៀត​ បានឈាន​មក​​​រកស៊ី​​ រស់​នៅ​កម្ពុជា​យើង ដែល​ក្នុង​នោះ មាន​ខ្លះ​បាន​ក្លាយ​ទៅ​ជា​តារា​ចំរៀង​​​កំពុង​ល្បីឈ្មោះ​ថែម​ទៀត​ផង។ ដូច្នេះ​ គ្រួសារ​នីមួយៗ ត្រូវ​តែ​មក​ជួបជុំ​គ្នា​​ ​ក្នុង​រដូវ​បុណ្យ​សែនដូនតា​​​(បុណ្យ​ភ្ជុំ​បិណ្ឌ) និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្តងៗ…។ ផុត​ពី​នោះ ភូមិ​នេះនឹង​មិន​មាន​ភាព​អ៊ូអរទេ​មើល​ទៅ។

អ៊ុំបុណ្យក៍​​បាន​អោយ​ខ្ញុំ​ដឹង​ផង​ដែរ​ថា កាល​ពី​ខ្ទង់​ទសវត្ស​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​វៀតណាម​ បាន​បែងចែក​ដី​​ដល់​គ្រួសារ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ក្នុង​ភូមិព្រែកជ្រៅ និង​ភូមិ​ដទៃៗ​ទៀត ​​សំរាប់​សង់​លំនៅដ្ឋាន មានទំហំ ៥ម x ៣០ម ហើយ​គ្រួសារ​គាត់​ក៍​ទទួល​បាន​ដី​សង់​លំនៅដ្ឋាន​នេះដែរ។ រហូត​ដល់​ទសវត្សឆ្នាំ២០០០ រដ្ឋាភិបាល​វៀត​ណាម​ បាន​ធ្វើ​ជំរឿន​ម្តង​ទៀត ដើម្បី​សង់​ផ្ទះ​ជូន​អ្នក​ក្រី​ក្រនៅ​ភូ​មិ​ព្រែកជ្រៅ និង​ភូមិ​ដទៃៗ​ទៀត ហើយ​គ្រួសារ​របស់​អ៊ុំបុណ្យ ក៏​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​ក្រី​ក្រ​ដែលត្រូវ​​ទទួល​បានផ្ទះ​មួយខ្នង​ពី​រដ្ឋ មាន​ឈ្មោះ​ថា ផ្ទះទេវតា  ​។​ ផ្ទះទេវតា គឺ​ជា​ផ្ទះតៀម​ផ្ទាល់ដី មាន​ទំហំ ៤ម x ៨ម ជញ្ជាំង​ធ្វើ​ពី​ក្តារ និងដំបូល​​ប្រក​ហ្វីប្រូស៊ីម៉ង់ត៍ ត្រូវ​បាន​អាជ្ញាធរ​ខេត្តបាក់​លីវ​ សាង​សង់​ចែក​ជូន​ប្រជាជន​ភូមិ​ព្រែក​ជ្រៅ ​ប្រមាណ​ជា ៧០០គ្រួសារ។ បច្ចុប្បន្ន ផ្ទះទេវតា របស់​គ្រួសារ​អ៊ុំ​បុណ្យ មាន​សភាព​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ គ្រួសារ​ណា​ដែល​រក​ស៊ី​បាន​ធូរធារ​ទៅ ក៍​រុះផ្ទះ​ទេវតា​ចោល រួច​សង់​ផ្ទះ​ថ្ម​​ជំនួស​ថ្មី​​តែ​ម្តង…។​

មាន​​អនុស្សាវរីយ៍មួយ​​នៃ​ការ​ស្នាក់​នៅ​របស់​ខ្ញុំ នៅ​ក្នុង​ភូមិ​ព្រែកជ្រៅនេះ…​ នោះ​គឺ​ការ​បាន​ជួប​ជជែក​លេង​ជា​មួយ​​កូន​ប្រុស​របស់​អ៊ុំបុណ្យ​ម្នាក់។ កូន​ប្រុស​របស់​អ៊ុំបុណ្យម្នាក់​នោះ ដែល​កាល​ពី​ទសវត្សឆ្នាំ១៩៨០ គាត់​គឺ​ជា​កងទ័ព​វៀតណាម​ម្នាក់​ ក្នុង​ចំណោម​កងទ័ព​វៀតណាម​ដទៃៗ​​ទៀត ​ដែល​ប្រចាំ​ការ​នៅ​ខេត្ត​កោះកុង។ ​គាត់​ត្រូវ​បាន​បក្ស និង​រដ្ឋាភិបាល​​វៀតណាម បញ្ជូន​អោយ​​មក​បំពេញ​បេសកកម្ម​នៅ​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ ១៩៨៦… ហើយ​គាត់​​​បានវិល​ត្រឡប់​មក​​ជួបជុំ​គ្រួសារ​គាត់​វិញ នៅ​ពេល​ដែល​កងទ័ព​វៀតណាម​​បាន​​ធ្វើ​មាតុភូមិ​​និវត្តន៍​នៅ​​ឆ្នាំ ១៩៨៩…។​ គាត់​បាន​រំលឹក​ពី​អនុស្សាវរីយ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​​នៅ​តាម​សមរភូមិ​នៃ​ខេត្តកោះកុង ស្រែអំបិល កំពង់សិលា… ការ​ទទួល​រង​របួសធ្ងន់ក្នុង​​ពេល​ប្រយុទ្ធ ​និង​បាន​​ចូល​សំរាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​​… ការ​​ទទួល​បាន​នូវ​សេចក្តី​​ស្រឡាញ់​​ពី​អ៊ុំស្រី​ចំណាស់​ម្នាក់​​នៅ​កោះកុង ដែល​ចាត់ទុក​គាត់​ជា​កូន​ធម៌ ជាដើម…។ ក្នុងពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​ប្រកាស​នេះ ខ្ញុំ​នៅ​ចាំ​​​នៅឡើយ ​ពី​ភាព​រស់រាយ​រាក់ទាក់​​គួរ​អោយ​គោរព ​របស់​កូន​ប្រុស​អ៊ុំបុណ្យ​ម្នាក់នេះ…។

នៅ​ជាប់​មាត់សមុទ្រ​ក្នុង​ភូមិ​ព្រែកជ្រៅ ខ្ញុំ​ឃើញ​មាន​សំណង់កង្ហារថាមពល​អគ្គិសនី (Wind Energy)​ ស្ថិត​ក្នុ​ងការ​សាងសង់ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេ​សជប៉ុន​ (ជាជំនួយ ឬក៍​ការ​វិនិយោគ?) ដែល​តាមគំរោង គឺ​នឹង​ត្រូវ​សាងសង់​ចំនួន ៦០កង្ហារ។ បច្ចុប្បន្ន ខ្ញុំ​រាប់​ទៅ​ឃើញ​តំឡើង​រួច​ស្រេច​​ចំនួន ១០​កង្ហារ​ហើយ។

ក្នុង​រដូវ​បុណ្យ​សែន​ដូនតាឆ្នាំនេះ ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​ព្រែកជ្រៅ​ទាំងមូល មាន​សភាព​អ៊ូអរណាស់។ នៅ​តាមផ្ទះ​នីមួយៗ ឃើញ​តែ​​​ផ្សែងធូបហុយ​ទ្រលោម និងឮតែ​​សំលេង​ជល់កែវគ្នា ក្នុង​ពេល​ទទួល​ទានបាយ​ថ្ងៃ​ត្រង់​… ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ដើរ​តាម​ផ្លូវ​កាត់​មុខ​ផ្ទះ​នី​មួយៗ ពួកគេ​ហៅ​ខ្ញុំ​អោយ​ចូល​រួម​ញាំ​បាយ​​ជា​មួយ​ គួរ​សម​ណាស់…។ ជា​មួយ​គ្នា​នេះ សំឡេង​ចំរៀង​រាំវង់ដែល​ចាក់​ចេញ​ពី​ម៉ាញ៉េធុងបាស់ ​និង​ច្រៀង​ដោយ​អ្នកស្រី ហ៊ឹម ស៊ីវន បាន​លាន់​ឮ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដែល​ធ្វើ​អោយ​ខ្ញុំ​ចេះ​តែ​គិត​ថា ខ្ញុំ​ហាក់​ដូច​ជា​កំពុង​តែដើរ​​កាត់​ភូមិ​អ្នក​នេសាទ​តូច​មួយ​នៅ​ខេត្ត​កែប ឬខេត្តកំពត​ក្នុង​ស្រុក​ខ្មែរ​យើង​ដែរ…។

ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពី​វត្តមួយ​ក្នុង​ភូមិ​ព្រែក​ជ្រៅ ឈ្មោះថា វត្តគម្ភីរសាគរ​​ព្រែកជ្រៅ… គឺ​ដោយ​សារ​តែ​អ៊ុំបុណ្យ​បាន​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំហូរហែពី​វត្តនេះថា​​ ជាអារាម​ដ៏​អស្ចារ្យ​ជាង​គេ​នៅ​ក្នុង​ខេត្ត​បាក់លីវ​​នេះ​ហើយ ទើប​​ជា​មូលហេតុ​បណ្តាល​អោយ​ចិត្ត​ខ្ញុំ “ញ័រចង់”​ រហូត​ទាល់​តែ​បាន​ស្គាល់ ដេកនៅស៊ីចុក​ក្នុង​ភូមិ​ព្រែកជ្រៅនេះ និង​​ក្រោយ​ពី​បាន​ឃើញ​​វត្ត​នេះ​ផ្ទាល់ភ្នែក​ទៅ ​ខ្ញុំ​ទទួល​ស្គាល់​ថា គឺ​​ពិត​ជា​អស្ចារ្យ​​​មែន។

ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ជ្រុង​មួយ​នៃ​ភូមិព្រែកជ្រៅ ដែល​ខ្ញុំ​សុំ​មិន​បង្ហាញ​ពី​គេហដ្ឋាន​ និង​ញាតិ​មិត្ត​​គ្រួសារ​របស់​អ៊ុំបុណ្យ ឬ​អ្នកភូមិ​ព្រែកជ្រៅ​​ណា​ម្នាក់​ឡើយ…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

6 responses to “កំណត់ត្រា ​ភាគ៥៖ ភូមិព្រែកជ្រៅ​ ​នៃខេត្ត​បាក់លីវ

  1. អញ្ចឹងវៀតណាមដែលចូលមកចោលសាច់ចោលឆ្អឹងជំនាន់៧៩ជាខ្មែរកម្ពុជាក្រោមប៉ុន្មានភាគរយដែរពូ?

  2. វត្តនេះប្រហែលជាមាននៅក្នុងសាវតាររបស់លោកឧកញ៉ា សឺន គុយ មែនទេពូ? ខ្ញុំធ្លាប់អានប្រវត្តិសាស្រ្តសៀវភៅ …កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម… អស្ចារ្យ។

    • ខ្ញុំ​អត់ដឹងដែរ​ទេ​កល្យាណអើយ… ណាមួយ​ខ្ញុំ​ធ្លាប់គិតថា ខ្ញុំ​ជា​អ្នក​ដើរ​ទេសចរណ៍… មិនមែន​ជា​អ្នក​ខាង​ប្រវត្តិសាស្រ្ត​អី​ទេ។ ហេតុនេះ ពេល​ខ្ញុំ​ទៅ​ដល់​ត្រង់ណា ​មើល​ឃើញ​អី ខ្ញុំ​នឹង​សរសេរ​ហ្នុង​ហើយ… អរគុណកល្យាណ… 😀

  3. ភូមិនេះស្អាតដូចជានៅក្រុងកែបរបស់ខ្មែរយើងមែន។ ទិដ្ឋភាពភូមិនេះទៀតសោតស្រដៀងទេសភាពស្រុកស្រែខ្មែរនៅក្បែរសមុទ្រដែរ។ បើមានឧកាស ចង់ទៅលេងទីនោះដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s