វិចិត្រសាល

កំណត់ត្រា ​ភាគ៦៖ ទីអារាម​វត្តគម្ភីរសាគរ ឬវត្ត​ព្រែកជ្រៅ ​នៅ​ក្នុង​ខេត្តបាក់លីវ


ទីអារាម​វត្តគម្ភីរសាគរ ព្រែកជ្រៅ ដែល​​ភាសា​វៀតណាមដាក់ថា Chùa Xiêm Cán (ពេលប្រកបទៅ ភាសា​វៀតណាម​ដូចជា​ចង់​ហៅវត្តនេះថា​ជា វត្តសៀម​ទៅវិញ… ប្រសិន​បើ​អស់​លោកអ្នកណា​ដឹង​ សូម​ជូយ​ប្រាប់​ផង​​)។ វត្តនេះ​ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកជ្រៅ ​ខេត្ត​បាក់លីវ។ បើតាម​អ្នក​ស្រុកដែល​រស់​នៅ​ក្បែររបង​វត្ត​ បាន​​ប្រាប់​អោយ​​ខ្ញុំដឹង​​​​ថា៖ វត្តនេះ​អ៊ូអរ​​ណាស់ នៅ​រាល់​ពិធី​បុណ្យ​ទាន​ម្តងៗ… ជាពិសេស គឺ​​នៅ​ក្នុង​ពិធី​បុណ្យកឋិនទាន..!!..

តាម​អក្សរ​មួយផ្ទាំងដែល​សរសេរ​នៅលើ​​ថ្មគោល​ស៊ីម៉ង់ត៍ ដាក់កាល​បរិច្ឆេទឆ្នាំ១៩៣០​ (ប្រហែល​ជា​សរសេរ​ឡើង​វិញ) ស្ថិត​នៅ​ខាង​ជើង​ព្រះវិហារ​វត្ត​នេះ ដែល​ខ្ញុំ​អាន​ដាច់​ខ្លះ មិន​​ដាច់​ខ្លះ (ខ្ញុំ​សូម​សរសេរ​តំរូវ​​តាម​អក្ខរាវិរុទ្ធ​ខ្មែរ)​ មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖ ​

ព្រះសករាជសាសនាបាន ២៤៣០ មហាសករាជ ១៨០៩ ចុល្លសករាជ ១២៤៧ ថ្ងៃ ៧ ខែផល្គុន ឆ្នាំជូត សម្រឹទ្ធិស័ក តាណែន អាយុ ៦៣ យាយ ងែត អាយុ ៥៤ តាយាយ​បាន​និមន្ត​លោកគ្រូ សត ខ្មៅ ៧វស្សា​ពី​វត្តបោលៀវ លោកគ្រូ ផ្គាំម ពេជ្រ ៦វស្សា លោក​ផ្សេងពីវស្សា លោកពេជ្រ ២វស្សា លោកម៉ៅ ២វស្សា លោកយិន ១វស្សា កូន​យាយ​តា នាគ ហុង ១វស្សា ជា​កូន​យាយតា ណែន មកករវត្តមាត់សមុទ្រ។ នេន ហុង ជា​កូន ប្រាជ្ញា​រកគេ​ឆ្នាំម (មមី ឬមមែ?) ខែ…(អាសាឍ ឬស្រាពណ៍) ធ្វើវត្ត​មាត់​សមុទ្រ​នេះ ទុក……​(អានអត់ដាច់) ​ទ្រព្យ​អោយ​សន្តាន……​(អានអត់ដាច់) កសាង​​ប៉ុន្មាន​ជា​បង្ហើយ។ ថ្វាយ​បង្គំលោកចៅ​អធិការ……​(អានអត់ដាច់) លោកគ្រូចៅវត្ត…..​(អានអត់ដាច់) ថែរក្សា​អោយ​បានករព្រះកេរ្តិ៍វត្ត អោយ​គ្រប់​សាសនា ៥០០០

១៩៣០

កូនតាយាយ​ទាំងអស់ ១២នាក់គឺ ១តាអ៊ីន ២យាយគីន ៣តាយ៉ឺន ៤តាណុ ៥តាស្រី ៦តាហុង ៧យាយទៀវ ៨យាយគោម ៩តាម៉ិន ១០តាជីម ១១តាស ១២តាអ៊ិច

*********

បើ​ផ្អែក​តាម​កាលបរិច្ឆេទ​ខាង​លើ វត្តនេះ​ប្រហែល​ជា​ចាប់​ផ្តើម​កសាង​នៅ​ក្នុង​​គ្រឹស្ត​សករាជ ១៨៨៦ ដែល​​មក​ទល់​នឹង​​ពេល​នេះ គឺមាន​អាយុ ១២៦ឆ្នាំ​ហើយ…។ បច្ចុប្បន្ននេះ វត្តគម្ភីរសាគរ ​ឬវត្តព្រែកជ្រៅ មាន​ព្រះ​សង្ឃ​គង់នៅ​ជិត ៥០អង្គ ហើយ​ព្រះគ្រូ​ចៅ​អធិការ​វត្ត​សព្វថ្ងៃ គឺ​ស្ថិត​ក្នុង​​ជំនាន់​ទី៩…។ ទី​ធ្លា​នៅ​ប៉ែកខាង​ត្បូង​ព្រះវិហារ ត្រូវ​បាន​ដាំ​ដើម​ឈើទាលទាំងអស់។ រីឯទីធ្លា​​ចាប់​ពីខាង​មុខព្រះវិហារ​ទៅ​ទល់​នឹង​របង​វត្ត​ខាង​ជើង​ មាន​សំណង់​ជា​ច្រើន​ដូចជា៖ ព្រះបដិមារ​ព្រះអង្គ​ចូល​និពា្វនបែរ​ព្រះភ័ក្រ្ត​ចំ​ខ្លោង​ទ្វារ​ព្រះវិហារ​ខាងលិច, ព្រះ​បដិមារ​ព្រះពុទ្ធ​ទ្រង់អង្គុយ​បែរ​ព្រះភ័ក្រ្ត​ទៅ​ទិស​ខាង​ជើង,  ព្រះសត្យ​​មុនីចេតិយ ដែល​មាន​ជួង​ដ៏ធំមួយ​នៅ​ពី​ខាង​ក្រោម, កុដិព្រះសង្ឃ​ពីរ​ខ្នង​ ធ្វើ​ពី​ឈើ​​សង់​ផុត​ពី​ដី, កុដិ​ព្រះគ្រូចៅ​អធិការ​ ធ្វើ​អំពី​ថ្ម​កំពស់​​មួយ​ជាន់, អាគារ​ឧបដ្ឋាន​​សាលា​​​មួយ​ខ្នង, អាគារ​ពុទ្ធិក​សាលា​បាលី​មួយខ្នង, និង​មាន​​ចេតិយ​ធំ​មួយ​ស្ថិត​នៅ​ខាង​ជើង​ព្រះវិហារ។ នៅ​មាន​ឆាក​សំរាប់​សំដែង​សិល្បៈ​ សង់​បែរ​មុខ​ទៅ​ខាងលិច ស្ថិត​នៅ​ជ្រុង​​របង​ខាង​កើត​ ប៉ែក​ខាង​ជើង មួយ​ខ្នង​ទៀត​ផងដែរ។​​

ក្រៅពី​​ថ្មគោល​ស៊ីម៉ង់ត៍ ស្ថិត​នៅ​លើ​ខឿន​ព្រះវិហារ​ប៉ែក​ខាង​ជើង​នោះ អ្វី​ដែល​ទាក់​ចិត្ត​ខ្ញុំ​បន្ថែម​ទៀតនោះគឺ ដើមត្នោត​​មួយជួរ​​ដែល​ដុះ​ដង្ហែរ​គ្នា​ ស្ថិត​នៅ​​ខាង​ជើង​ក្បែរ​​ខឿន​ព្រះវិហារ​នេះ​។ ចំណែក​ផ្ទាំង​គំនូរក្នុង​ព្រះវិហារ​វិញ គឺ​ស្ថិត​​ក្នុង​សភាព​ស្រស់​ស្អាត​ដដែល​​ បើ​ទោះ​ជា​ព្រះវិហារ​នេះ​ មាន​វ័យ​ចំណាស់​​ជាងមួយរយ​ឆ្នាំ​​កន្លង​​មក​ហើយ​ក៍​ដោយ។ រីឯ​ឧបដ្ឋាន​​សាលា​​​វិញ ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ថែវ​ដំបូល​​ ដាក់កាល​បរិច្ឆេទ​នៃ​ការ​កសាង​នៅ​​ឆ្នាំ ១៨៨៧ ហើយ​រយៈពេល ១១០ឆ្នាំ​ក្រោយមក គឺក្នុង​ឆ្នាំ ១៩៩៧ ទើប​មាន​ការ​ជួស​ជុល​ជា​ថ្មី​ឡើង​វិញ។​

មានរឿង​ហេតុ​ស៊យ​សៀវ​មួយ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ថត​រូប​វត្តគម្ភីរសាគរ ឬវត្ត​ព្រែកជ្រៅ​នេះ កាណុង​ខ្លី​របស់​ម៉ាស៊ីនថត​ខ្ញុំ ត្រូវ​បាន​ខូច​ប្រើការ​លែង​កើត។ ហេតុនេះ ខ្ញុំបាន​យក​កែវ​កាណុងវែង​​ដែល​ប្រើ​សំរាប់​ទាញ​យក​រូប​ភាព​ឆ្ងាយៗ មក​ប្រើ​ជំនួស​ក្នុង​ការ​​ដើរ​ថត​ទី​ធ្លា​វត្តនេះ ជា​ហេតុ​ធ្វើ​អោយ​មិន​មាន​​រូបភាព​ជា​ប្លង់​ធំទូលាយ​ឡើយ។​

ជាថ្មីម្តង​ទៀត ខ្ញុំ​ក៍​មិន​ភ្លេច​ថ្លែង​នូវ​អំណរ​គុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រក្សា​ទុក​នូវ​​វត្តអារាម វប្បធ៌ម ប្រពៃណី ភាសា​ដើម​របស់​ជនជាតិ “ភាគតិចខ្មែរ” អោយ​នៅ​គង់​វង្ស​រហូត​ដល់​សព្វថ្ងៃ… ហើយ​ការ​ដែល​រដ្ឋាភិបាល​វៀតណាម បើក​ទូលាយ​អោយ​អ្នក​ទេសចរណ៍​ជិត​ឆ្ងាយ បាន​ចូល​ទៅ​លេង​ដែនដី​សណ្តរ​ទន្លេ​មេគង្គនេះហើយ ទើប​ធ្វើ​អោយ​ស្រុកស្រែ​ខ្ញុំ មាន​ឳកាស​ ឬ​មាន​សំណាង​បានដើរ​​ទៅ​ស្គាល់ទឹកដី​ដែល​ខ្មែរ​កណ្តាល​មិន​សូវ​បាន​ស្គាល់ និងជា​ពិសេស គឺ​ការបាន​​ជួប​​​ជជែក​លេង​ជា​មួយ​ប្រជាជន​នៃ​ “ជនជាតិភាគតិច” មួយ ដែល​និយាយ​ភាសា​កំណើត​ដូច​ខ្ញុំ​ដែរ…។

ខាង​ក្រោម​នេះ ជា​ទិដ្ឋភាព​វត្តគម្ភីរសាគរ ឬវត្តព្រែកជ្រៅ (Chùa Xiêm Cán) នៅ​ខេត្ត​បាក់លីវ ក្នុង​ឳកាស​ដែល​ខ្ញុំ​បាន​ទៅ​លេង​ទីនោះ។ ប្រកាស​ក្រោយ​ ដែល​ជា​ភាគ​បញ្ចប់​នៃ​កំណត់​ត្រា​នេះ ខ្ញុំនឹង​រៀបរាប់​ពី​ការ​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​ពី​ការ​​​ខក​បំណង​របស់​ខ្ញុំ ដែល​ចង់​ចេញ​ដំណើរ​ពី​កឹងធើ ចូល​ទៅ​ ចូវដុក (Châu Đốc) តែ​ខ្ញុំ​បែរ​ជាដូរចិត្ត ជិះ​​​ឡាន​​ពីកឹងធើ មក​ក្រុង​ហូជីមិញ រួច​ចេញ​តាម​ច្រក​ម៉ុកបាយ-បាវិត​តែ​ម្តង… គឺ​ព្រោះ​ដោយសារ​តែ ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​សែន​តក់​ស្លុត​មួយ… នោះ​គឺ​ដំណឹង​នៃ​ការ​សោយ​ទីវង្គត​របស់​​អង្គ​សម្តេចឪ សម្តេចតា សម្តេចតាទួត ដែល​ធ្វើ​អោយ​ខ្ញុំ ហាក់​ដូច​ជា​លែង​មាន​ចិត្ត ចង់​បន្ត​ដំណើរ​​ទៅណា​ម៉ោណី​ទៀត…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

3 responses to “កំណត់ត្រា ​ភាគ៦៖ ទីអារាម​វត្តគម្ភីរសាគរ ឬវត្ត​ព្រែកជ្រៅ ​នៅ​ក្នុង​ខេត្តបាក់លីវ

  1. វត្តនេះមើលទៅទំនងធំ ព្រោះមានទាំងឧបដ្ឋាន​​សាលា​​​​​ និង​ពុទ្ធិក​សាលា​បាលី​ទៀត។ រូបគំនូរ​ក៏​សម​សួន​ទៀត ជំនឿ​​នៅ​មាំ​ជាប់​ក្នុង​ទឹក​ចិត្ត​កូនខ្មែរ​ជានិច្ច ទោះជា​នៅ​ទី​ណា​ក៏ដោយ។ ពូ​ស្រុកស្រែ​រៀបរាប់​ឱ្យ​ខ្ញុំ​ស្រណោះ «ជនជាតិ​ភាគតិច» ខ្មែរ នៅ​ទីនោះ​ណាស់។

  2. ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលវៀតណាមជាមួយពូស្រុកស្រែផងដែលពួកគេមិនបានហាមឃាត់ ឬ បំផ្លាញវប្បធម៏ ភាសា អក្សរ សាសានា ទំនៀមទម្លាប់របស់ខ្មែរក្រោម។ តែទោះបីគេ ចង់បំផ្លាញ រឺហាមឃាត់ខ្មែរនៅទីនោះ មិនអោយគោរពវប្បធម៏ដើម ក៏មិនអាចទៅរួចដែរ។ ព្រោះថាដរាបណានៅតែមានព្រះសង្ឃ និង​ ទីអារាមព្រះពុទ្ឋសាសនា វប្បធម៏ ភាសា អក្សរ សាសានា ទំនៀមទម្លាប់ទាំងនោះនឹងរត់ទៅពួនជ្រកក្នុងទីអារាម ដែលមានព្រះសង្ឃជាអ្នកថែរក្សា។ វាដូចអក្សរ ភាសាខ្មែរយើងរត់ទៅពួនជ្រកនៅក្នុងវត្តកាល​ សម័យបារាំងអញ្ចឹងដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s