វិចិត្រសាល

កំណត់ត្រា ​ភាគបញ្ចប់៖ វិលមក​ផ្ទះវិញ ជា​មួយ​នឹង​ដំណឹង​ដ៏​សែន​ក្រៀមក្រំ…


ខ្ញុំ​បានជំរាប​លាក្រុមគ្រួសារអ៊ុំបុណ្យ និង​បានចាក​ចេញពីភូមិព្រែកជ្រៅ នៅ​ពេល​ថ្ងៃ​បន្តិច​ហើយ។ មកដល់​បេនឡាន​ក្រុងភ្លាម ខ្ញុំ​ក៍​រក​​ទិញ​សំបុត្រឡាន បាក់លីវ-កឹងធើ ​ភ្លាមៗ​​ដែរ…។ ដោយសារ​បន្ទាន់​ពេក ណា​មួយ​និយាយ​គ្នា​ស្តាប់​អត់​បាន​ផង ខ្ញុំ​ក៍​ទិញ​សំបុត្រ​ឡាន ប៉ះចំ​ឡានក្រុងដេក (Sleeping Bus) ដែល​មាន​កៅអី​ដេក​ពីជាន់​សំរាប់​អ្នក​ដំណើរ​ផ្លូវឆ្ងាយ​ ហើយ​រថយន្ត​នេះនឹង​ទៅ​ហួស​ទីក្រុងកឹងធើ រហូត​ដល់​ទីក្រុង​ហូជីមិញ​តែ​ម្តង។

តាម​គំរោងដែល​ខ្ញុំ​បាន​គិត ​ពេល​ចុះពីឡាននេះ នៅ​បេនឡាន​ទីក្រុង​​កឹងធើ ខ្ញុំ​នឹង​ទិញ​សំបុត្រ​​ឡាន​ធ្វើ​ដំណើរ​ពី​កឹងធើ ទៅ​​ចូវដុក (Châu Đốc)… ហើយ​ខ្ញុំ​នឹង​សំរាក​នៅ​ទីនោះ​មួយ​យប់​សិន។ បន្ទាប់​មក ខ្ញុំ​នឹង​មាន​ជំរើស​ពីរ​ដើម្បី​​វិលត្រឡប់​​មក​ផ្ទះវិញ៖ ទី១- ខ្ញុំ​នឹង​ចេញ​ពី​ចូវដុក សំដៅ​ទៅ​​​ច្រក​ក្អម​សំណរ ស្រុកលើកដែក ខេត្តកណ្តាល រួច​ជិះ​កាណូត​លឿន​ កាត់​តាម​អ្នកលឿង​ ឡើង​មក​ភ្នំពេញ​តែ​ម្តង… និង​ទី២- ខ្ញុំ​នឹង​ចេញ​ពី​ចូវដុក សំដៅ​ទៅ​​ច្រក​ ឡុងប៊ិន-ជ្រៃធំ ​ស្រុក​កោះធំ ខេត្តកណ្តាល រួច​ជិះ​ឡាន​ឈ្នួល​ឡើង​មក​តាខ្មៅ ភ្នំពេញ ក៍បាន​ដែរ។

នៅ​ពេល​ឡានក្រុង​ចេញ​ដំណើរ​បាន​បន្តិច ទូរស័ព្ទ​ខ្ញុំ​​ទទួល​បាន SMS ពីភ្នំពេញ​ទៅ ដែល​មិត្តភក្រ្ត​ខ្ញុំ​បានសួរ​ខ្ញុំ​ថា៖ មាន​ដឹង​ដំណឹង​សម្តេចឪ សោយទីវង្គត​នៅ​ទីក្រុង​ប៉េកាំង​ឬទេ?… ខ្ញុំ​ក៍​ឆ្លើយ​ត្រឡប់ទៅវិញ៖ ជាការពិតឬ? ខ្ញុំ​អត់ដឹងទេ ព្រោះគ្មានស្អី​មើល​ទេ?… មិត្តភក្រ្ត​ខ្ញុំ​ក៍​ផ្តល់​ដំណឹង​មក​ទៀត៖ ព្រះអង្គ​សោយ​ទីវង្គតហើយ… កាលពី​វេលា​ម៉ោង ២ជិតភ្លឺយប់មិញ!…

គ្រាន់តែ​ដឹង​ដំណឹង​អកុសល​នេះ​ភ្លាម ខ្ញុំ​អស់​មាន​ទឹក​ចិត្តចង់ដើរ​ទៅ​ណា​ទៀតហើយ… អារម្មណ៍ខ្ញុំ​វិលវល់ ញ័រចំប្រប់… មួយ​សន្ទុះ​ក្រោយ​មក​ ទើប​ខ្ញុំ​​ងាក​ទៅ​សួរ​​ម្ចាស់​ឡាន​ក្រុង ដោយ​ចង់​ដឹង​ថា តើ​ឡាន​នេះ នឹង​​ទៅ​ដល់​ទី​ក្រុង​ហូជីមិញ ពិត​មែន​ទេ?… ដោយ​ខំធ្វើ​ដៃ​ធ្វើ​ជើង រួចងក់ក្បាលផង គ្រវីក្បាល​ផង ព្រមទាំង​ទាញប៊ិក​មក​សរសេរ​ទៀត ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ថែម​លុយ​ប៉ុន្មាន​ដើម្បី​បន្ត​ដំណើរ​ទៅ​ទីក្រុង​ហូជីមិញ​… ហើយ​​​ខ្ញុំក៍​​សំរេច​ចិត្ត ធ្វើ​ដំណើរ​បង្ហួស​​ទៅទីក្រុង​ហូជីមិញ តែ​ម្តង…។

នៅវេលាម៉ោងជិត ៧យប់ ខ្ញុំ​បាន​មក​ដល់​ទីក្រុងហូជីមិញ ជា​មួយ​នឹង​ដំណក់​ភ្លៀង ​រលឹម​ស្រិចៗ មិន​ដាច់​គ្រាប់​សោះ។​ ស្អែកឡើង​ម៉ោង ១១ថ្ងៃជិតត្រង់ ខ្ញុំ​ជិះឡានក្រុង​ត្រឡប់​មក​ផ្ទះ​វិញ​តាមច្រក ម៉ុកបាយ-បាវិត… ហើយ​ម៉ោង​ ៦ល្ងាច ខ្ញុំ​បាន​មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព។ ចុះ​ពី​ឡានក្រុង​ភ្លាម ខ្ញុំ​មិន​ទាន់​ទៅ​ផ្ទះ​ភ្លាម​ទេ គឺ​ខ្ញុំរក​ស្អី​​ជិះ​ទៅ​មុខ​ព្រះ​បរមរាជវាំង​ភ្លាម និង​បាន​ថតរូប​ភាព​មួយ​ចំនួន នៅ​ក្នុង​អំឡុង​​ពេល​ដូរ​ព្រះឆាយា​លក្ខណ៍​កាន់​មរណទុក្ខ នៅ​មុខ​ព្រះ​ទីនាំង​ច័ន្ទឆាយា… នោះ​គឺ​ក្នុង​រាត្រី​ដ៏​សែន​ក្តុកក្តួល នា​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១២…។

កាលពេល​ខ្ញុំ​កំពុង​ជិះ​លើ​ឡានក្រុងហូជីមិញ-ភ្នំពេញ គ្រាន់​តែ​ចូល​ដល់​ស្រុក​យើង​ភ្លាម ចាប់​ពី​បាវិត ស្វាយរៀង​មក… ​​អារម្មណ៍ខ្ញុំ​ចាប់​ផ្តើម​​វិលវល់​រក​ថា​មិន​ត្រូវ… ខ្ញុំ​ធ្មេច​ភ្នែក​ទៅ​​នៅ​តែ​មិន​អស់​ចិត្ត​នឹង​សម្តេចតា ដែល​ព្រះអង្គ​សោយទីវង្គត ក្នុង​ពេល​ប្រឈួនដ៏​ខ្លី​មិន​អស់​ចិត្ត​សោះ… ហើយ​សូម្បីតែ​ព្រះមហាក្សត្រ​យើង​ជាបុត្រ​ព្រះអង្គ​ ក៍​​ទ្រង់​មិន​បាន​ទាន់​ព្រះ​ដង្ហើម​​ជា​​ចុង​ក្រោយ​​ដែរ។ ជា​មួយ​គ្នា​នេះ រាល់ពេល​ដែល​​ខ្ញុំ​ធ្មេច​ភ្នែក​ទៅ​ ខ្ញុំ​នៅ​តែ​ស្រម័យ​​ឃើញ​​ដើម​ត្នោត​​​មួយ​ជួរ​ នៅ​ខាង​ជើងខឿន​​ព្រះវិហារ​វត្តគម្ភីរសាគរ​ ឬវត្ត​ព្រែកជ្រៅ នៅ​ឯ​ខេត្ត​បាក់លីវ ដែល​ធាង​ខាង​ក្រោមៗ​ របស់​វា បានទន់​​ធ្លាក់​​​មក​ក្រោម ហាក់ដូច​ជា​ធ្ងន់ពាប់​ដោយ​ទំងន់​នៃ​ការ​ចងចាំ​មួយ​​ រកថាមិនត្រូវ..!!..??..

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

2 responses to “កំណត់ត្រា ​ភាគបញ្ចប់៖ វិលមក​ផ្ទះវិញ ជា​មួយ​នឹង​ដំណឹង​ដ៏​សែន​ក្រៀមក្រំ…

  1. បួនឃ្លាខាងក្រោមនាំខ្ញុំឱ្យស្រក់ទឹកភ្នែកហើយពូ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s