វិចិត្រសាល

ព្រះរាជប្រវត្តិពិស្តារ ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​ជោតញ្ញាណោ ​(ឧទ្ទិសកថា)


*** ខ្ញុំ​ធ្លាប់បាន​រកមើល​ក្នុង​គេហទំព័រ​នានា ​ជា​ខេមរភាសាញឹកញាប់​ណាស់ អំពី​ព្រះរាជ​ជីវប្រវត្តិ​​​​សម្តេច​​ព្រះ​​សង្ឃរាជ ជួន ណាត ​ជោតញ្ញាណោ…។ សូម្បី​តែ​នៅ​ក្នុង​ភូមិ​វើតប្រេស​នេះ ក៍​មាន​ញាតិ​មិត្ត​យើង​ខ្លះ បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​​អំពី​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះអង្គ​ ហូរហែ​មក​ហើយ​ដែរ។ តែ​ខ្ញុំ​អាន​មើល​ទៅ គឺ​មិន​សូវ​ពិស្តារ​​ដូច​សៀវភៅ​មួយ​ក្បាល​​ដែល​បាន​បោះពុម្ព​ក្នុង​ ព.ស ២៥១៣ ត្រូវ​នឹង​ គ.​ស ១៩៧០ មាន​ចំណង​ជើង​ថា៖ ព្រះរាជ​ប្រវត្តិ​ពិស្តារ ​និង​ កាព្យលោកធម៌ របស់​​សម្តេច​​ព្រះ​​សង្ឃរាជ (ជ.ណ ​​ជោតញ្ញាណោ) និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម ដែល​ត្រូវ​ជា​កូន​ប្រសារ​​អ្នកឧកញ៉ា​សោភ័ណ​មន្រ្តី ជួន នុត (ប្អូនប្រុស​តែមួយ​គត់​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត)។​

ព្រះរាជជីវប្រវត្តិ, សម្តេចព្រះសង្ឃរាជ, ជួន ណាត, Chum Nat, Biography Samdach Chun Natលោក​សាស្រ្តាចារ្យ ឈឹម ស៊ុម ដែល​ត្រូវ​ជា​ក្មួយ​ប្រសារ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​និពន្ធ និង​បោះពុម្ព​ផ្សាយ​​សៀវភៅ​នេះ​ឡើង​ ដើម្បី​ចែក​ជូន​ជា​ធម្មទាន ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​​នៃ​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ​ជា​អម្ចាស់ ដែល​នៅ​ក្នុង​​អារម្ភកថា និង​ឧទ្ទិសកថា ដាក់​កាល​បរិច្ឆេទ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៦៩ ហើយ​សៀវភៅនេះ​បាន​សរសេរ​ចប់​នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៧០ គឺ​មុនពីរខែ​ នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​​សម្តេច​ព្រះនរោត្តម​ សីហនុ ដោយ​ក្រុម​​លោក​សេនាប្រមុខ លន់ នល់…។

ថ្មីៗនេះ ខ្ញុំ​បាន​ប្រទះ​ភ្នែកឃើញ​សៀវភៅ ព្រះរាជ​ជីវប្រវត្តិ​ពិស្តារ ​និង​ កាព្យ​លោក​ធម៌ របស់​​សម្តេច​​ព្រះ​​សង្ឃរាជ (ជ.ណ ​​ជោតញ្ញាណោ) ជា​ថ្មី​ម្តង​ទៀត ដែល​ត្រូវ​បាន​ក្រុម​ចៅទួត ចៅលួត ចៅលា របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត ធ្វើ​ការ​បោះពុម្ព​ផ្សាយ និង​ចែក​ជា​ធម្មទាន​​​ឡើង​វិញ…។

ដោយ​យល់​ឃើញថា មាន​ប្រយោជន៍​ដល់​សាធារណជន​​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​ព្រះរាជ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត ខ្ញុំ​សូម​ធ្វើ​ការ​ដកស្រង់​​យក​ចេញ​ពី​ក្នុង​សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម យក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ផ្ទះស្រុកស្រែ​​របស់​ខ្ញុំ ជា​បន្ត​បន្ទាប់​ចាប់ពីពេលនេះ​តទៅ ដោយ​រក្សា​ទុក​នូវ​ពាក្យពេចន៍ ឃ្លាប្រយោគ​ដើមទាំង​ស្រុង… ហើយ​ពាក្យ “ខ្ញុំ” នៅ​ទីនេះ ​សំដៅ​ទៅលើ​ស្មេរ គឺ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម មិន​មែន​ខ្ញុំ​ជា​ម្ចាស់​ផ្ទះ “​ស្រុកស្រែ” ​​​ទេ​បាទ!…

សូមអញ្ជើញ​អស់លោកអ្នក ស្វែង​យល់​បន្ថែម​ទៀត​ អំពី​ព្រះរាជ​ជីវប្រវត្តិ​ពិស្តារ ​របស់​​សម្តេច​​ព្រះ​​សង្ឃរាជ (ជ.ណ ​​ជោតញ្ញាណោ) ទាំងស្រុង​ដូចតទៅ៖

******************************

អារម្ភកថា និង​ ឧទ្ទិសកថា

លោកសាស្រ្តាចារ្យ, ឈឹម ស៊ុម, Chhem Soum

លោកសាស្រ្តាចារ្យ ឈឹម ស៊ុម

ក្រោយថ្ងៃដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ទ្រង់​សោយ​ទីវង្គត​ទៅ មិន​យូរ​ប៉ុន្មាន ខ្ញុំ​(ឈឹម ស៊ុម) បាន​ទទួល​ចុតហ្មាយ​មួយ​ច្បាប់​លេខ ៨៣៤ព.ប របស់​លោក​អគ្គ​នាយក​នៃ​វិជ្ជាឋាន​ពុទ្ធ​សាសនបណ្ឌិត្យ សុំ​អោយ​ខ្ញុំ​ធ្វើ​ព្រះរាជ​ជីវប្រវត្តិ​ពិស្តារ​ នៃ​សម្តេច​​ព្រះ​សង្ឃរាជ​ជា​អម្ចាស់ ដោយ​មាន​ប្រាប់​គម្រោង​​ការ​ស្រេច​មក​ផង។ ប៉ុន្តែ ក្នុង​គម្រោង​ការ​នោះ ខ្ញុំ​ទាល់​ខ្លះ គឺ​ត្រង់​ព្រះគុណ​សម្បត្តិ​​នៃ​សម្តេច, ចរិត​លក្ខណៈ, ចរិយា​ប្រចាំ​ថ្ងៃ និង​ប្រចាំ​ព្រះអង្គ​សម្តេច ដែល​ជា​លក្ខណៈ​ និង​ចរិយា​ប្លែក​ពី​មនុស្ស​ឯ​ទៀត​។ ព្រះ​គុណ​សម្បត្តិ​ជា​ដើម​នេះ ខ្ញុំ​ក៍​ធ្លាប់​ឃើញ​ ដឹងឮ​ផ្ទាល់​ដូច​អស់​លោក​ឯ​ទៀត​ដែរ។ ប៉ុន្តែ​បើ​ខ្ញុំ​សរសេរ​ ទោះ​បី​ឥត​បំផ្លើស​ក៏​ដោយ ក៍​ខ្ញុំ​នឹក​ឃើញ​មុន​ថា “គង់​មាន​ជន​ជា​បរបក្ស​ រិះគន់​ខ្ញុំ​ពុំ​ខាន” ព្រោះ​ខ្ញុំ​ជា​ក្មួយ​ពី​កំណើត ហើយ​ជា​ក្មួយ​ប្រសារ​​បង្កើត​ផង។ ហេតុ​ដូច្នេះ ខ្ញុំ​សរសេរ​ដោយ​​ពិស្តារ​តែ​ត្រង់​កន្លែង​ខ្លះ​ដែល​គេ​ពុំ​សូវ​ដឹង ហើយ​នឹង​កន្លែង​ខ្លះ ទោះ​បី​គេ​ដឹង​ហើយ ប៉ុន្តែ​គេ​ពុំ​សរសេរ ឬ​ខ្ញុំ​ខាន​សរសេរ​ពុំកើត។ ឯ​ត្រង់​កន្លែង​ដែល​ខ្ញុំថា​ទាល់​នោះ ខ្ញុំសូម​អោយ​ព្រះ​តេជ​ព្រះ​គុណ​​ព្រះ​មុនី​កោសល សូរ ហាយ សរសេរ​អោយ​ខ្ញុំ។

ប៉ុណ្យ សុម្ភាជ, Pon Sompheach

ព្រះឃោសទ្ធម្ម​ប៉ុណ្យ សុម្ភាជ (វត្តខេមររតនារាម)

ឯ​បុព្វប្រវត្តិ និង​ព្រះរាជជីវប្រវត្តិ​ក្នុង​សៀវភៅ​នេះ ខ្ញុំ​បាន​ដឹង​ពី​លោក​ឧកញ៉ាសោភ័ណ​មន្រ្តី ជួន នុត ជា​ឪពុក​ក្មេក​ខ្ញុំ​ផង និង​អំពី​សម្តេច​ព្រះ​សង្ឃ​រាជជា​អម្ចាស់​ផង ដែល​លោក-ព្រះអង្គ​ជ្រាប​អំពី​លោក​តា​ ព្រហ្ម ជួន ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ឃើញ​ឯកសារ​ខ្លះដែល​គេ​ប្រាប់​ខ្ញុំ​ថា លោក​តា​បាឡាត់ មាស​ មាន​ស្រុក​កំណើត​នៅ​គងពិសី ជា​ចៅ​លោកតា ម៉ុក បាន​សរសេរ​ទុក​ជាង ៧០ឆ្នាំ មក​ហើយ​ផង, ខ្ញុំ​ដឹង​អំពី​សម្តេច ល្វី ឯម និង​សម្តេច​ព្រះសង្ឃ​នាយក​ព្រះនាម ហួត តាត ខ្លះ​ផង។ ក្រៅ​ពី​នេះ ខ្ញុំ​បាន​មើល​ព្រះ​រាជ​ជីវប្រវត្តិ​​របស់​សម្តេច​ជា​អម្ចាស់​ ដែល​ព្រះតេជ​ព្រះ​គុណឃោសទ្ធម្ម ប៉ុណ្យ សុម្ភាជ បាន​រៀបរៀង​ ហើយ​ខ្ញុំ​បាន​បោះ​ពុម្ព​​ដាក់​ទស្សនាវដ្តី​អក្សរ​សាស្រ្ត​លេខ ១១ ឆ្នាំ ១៩៦៥ ផង។ ព្រះរាជ​ជីវប្រវត្តិ​ដែល​ខ្ញុំ​សរសេរ​នេះ ​​ច្បាស់​លាស់​ជាង​នោះ ព្រោះ​កាល​នោះ សម្តេច​ព្រះ​សង្ឃរាជ​ជា​អម្ចាស់​ ​​ទ្រង់​គង់​ព្រះ​ជន្ម​នៅ​ឡើយ ទ្រង់​ពុំ​ព្រម​អោយ​ផ្សាយ​​ព្រះ​រាជ​ជីវប្រវត្តិ​របស់​ព្រះអង្គ​ទេ។ ប៉ុន្តែ​ ទាល់​នឹង​រាជការ​តម្រូវ​ការ​ ទើប​ទ្រង់​អនុញ្ញាត​អោយ​ព្រះ​តេជព្រះគុណ​ព្រះ​ឃោសទ្ធម្ម សរសេរ​សង្ខេប​ខ្លីៗ ដើម្បី​ជូន​រាជការ​ប៉ុណ្ណោះ។ ឯ​សេចក្តី​ពិស្តារ​ ម្តង​ទ្រង់​ដំណាល​ពី​ត្រង់នេះ ម្តង​ទ្រង់​ដំណាល​ពី​ត្រង់នោះ​អោយ​ខ្ញុំ​ស្តាប់។ ខ្ញុំ​កត់​ត្រា​ទុក​ច្រើន​ដង​ច្រើន​គ្រា ផ្សំ​គ្នា​កើត​ចេញ​ជាព្រះ​រាជ​ជីវប្រវត្តិ​ពិស្តារ​នេះ​ឡើង។ កាលបរិច្ឆេទ​ក្នុង​ព្រះរាជ​ជីវប្រវត្តិ​នេះ ខ្ញុំ​ពិនិត្យ​កត់​ត្រា​ដោយ​ហ្មត់​ចត់​ ឥត​អោយ​ភ័ន្តច្រឡំ​ទេ។

សូរ ហាយ, So Hay

ព្រះមុនីកោសល សូរ-ហាយ (វត្តខេមររតនារាម)

ក្រៅ​ពីបុព្វ​ប្រវត្តិ​ និង​ព្រះរាជ​ជីវប្រវត្តិ ខ្ញុំ​បាន​ដាក់​ កាព្យ​លោក​ធម៌ បន្ត​នៅ​ខាង​ចុង​ទៀត ព្រោះ​កាព្យ​លោក​ធម៌​នេះ ជា​ព្រះ​រាជ​និពន្ធ​ដំបូង​បំផុត​នៃ​សម្តេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់​ ដែល​ទ្រង់​ព្រះ​រាជ​ទាន​សិទ្ធិ​អោយ​ខ្ញុំ​កាន់​កាប់​ជា​ព្រះ​កេរ្តិ៍ ក្នុង​គ្រា​ដែល​​ទ្រង់​មាន​ព្រះ​បន្ទូល​តែ​ពីរនាក់​នឹង​ខ្ញុំ អំពី​រឿង​ផ្ទាល់​​ព្រះ​អង្គ​ កាល​ទ្រង់​គង់​ក្នុង​យុវភាព​នៅ​ឡើយ។

លុះខ្ញុំ​រៀបរៀងសៀវភៅនេះ​ចប់​ហើយ ខ្ញុំ​ពុំបាន​យក​ទៅ​ជូន​លោក​​អគ្គនាយក​នៃ​វិជ្ជាឋានពុទ្ធសាសន​បណ្ឌិត្យ​ទេ ព្រោះ​ខ្ញុំ​​ដឹង​ថា “អ្នក​និពន្ធ​ឆើតៗ​ទាំងឡាយ​ ដែល​លោក​អគ្គ​នាយក​សុំ​អោយ​​ធ្វើ​ព្រះរាជ​ជីវប្រវត្តិ​នេះ​មាន​ច្រើន​រូប បើ​ធ្វើ​បាន​មួយ​ចប់​ម្នាក់ៗ យក​ទៅ​ប្រជុំ​គ្នា ប្រាកដ​ជា​នឹង​ជម្រុះ​ចោល​ខ្លះ យក​ខ្លះ​ទៅ​បោះពុម្ព​ នាំ​អោយ​អ្នក​និពន្ធ​ខ្លះ​មាន​ការ​ស្រពោន​ស្រពាប់”, ទើប​ខ្ញុំ​និយាយថា សូម​អោយ​ព្រះ​តេជ​ព្រះ​គុណ​​ព្រះ​មុនី​កោសល ធ្វើ​តែ​មួយ​ព្រះ​អង្គ​ឯង​ទៅ, ឯ​របស់​ខ្ញុំ ខ្ញុំ​នឹង​ចំណាយ​ប្រាក់​ខ្លួន​ឯង​បោះពុម្ព​ផ្សាយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ​ប៉ុណ្ណោះ។

ឥឡូវ​សៀវភៅ​របស់​ខ្ញុំ​នេះ​បាន​បោះពុម្ព​ហើយ ខ្ញុំ​នឹង​ប្រគេន​ចែក​ជូន​ពុទ្ធសាសនិកជន​ ទាំងបុព្វ​ជិត ទាំងគ្រហស្ថ ជា​មួយ​នឹង​សៀវភៅ​ អរិយសច្ចកថា​សង្ខេប ដើម្បី​ថ្វាយ​ជា​ព្រះ​រាជ​កុសល​ចំពោះ​ព្រះអង្គ​សម្តេច​ព្រះសង្ឃ​រាជ​ជា​អម្ចាស់ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​របស់​ព្រះអង្គ។

បពិត្រ​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ ជាឪពុកធំ ជាជីតា! ខ្ញុំ​ព្រះ​អង្គ​ទាំងឡាយ​ជា​ព្រះ​ភាគិនេយ្យ​(ក្មួយ) ជា​ព្រះជនត្តា​(ចៅ) គ្រប់​គ្នា កាល​ឋិត​នៅ​ក្នុង​តរុណភាព​ជា​កុមារា-​កុមារី មាន​មាតាបិតា​ជា​អ្នក​ឃុំគ្រង, កន្លង​មក​ បើ​មាន​ការ​ក្រ-ងាយ បាន​សម្តេច​ជា​អម្ចាស់​ហាក់​ដូច​ជា​បន្ទាយ ហើយ​ជា​ម្លប់​ដ៏​ត្រ​ជាក់​សែន​មហា​ត្រជាក់! ឥឡូវ​នេះ​ទ្រង់​សោយ​ទីវង្គត​បាត់​ព្រះ​ភ័ក្រ្ត ទូល​ព្រះ​បង្គំ​គ្រប់​គ្នា មាន​ការ​ស្តាយ​ក្រៃ​លែង​ ស្តាយ​រក​សំដី​និយាយ​អោយ​ស្មើ​​នឹង​ចិត្ត​ពុំបាន ព្រោះ ខាន​បាន​ស្តាប់​ព្រះឳវាទ​ផ្ទាល់​ទៀត​ហើយ!

បពិត្រ​សម្តេច​ជា​អម្ចាស់​! បើ​សម្តេច​ទ្រង់​ស្តេច​យាង​ទៅ​កាន់​ប្រទេស​ណា ដែល​ទូល​ព្រះ​បង្គំ​គ្រប់​គ្នា ល្មម​ផ្ញើ​ភ័ស្តុភា​រ​បាន​ទៅ​រ៉ា នឹង​ផ្ញើ​ទៅ​ថ្វាយ​ផ្ទាល់, ឥឡូវ​ព្រះរាជ​ដំណើរ​របស់​ព្រះ​អង្គនេះ ទូល​ព្រះ​បង្គំ​ដឹង​ពុំ​ដល់​ ស្គាល់​ពុំ​បាន គឺ​ពុំ​ដឹង​ជា​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​ទៅ​គង់​នៅ​ក្នុង​ទីឋាន​ណា, ហេតុ​ដូច្នេះ​បាន​ជា​ ទូល​ព្រះ​បង្គំ​គ្រប់​គ្នា មាន​ក្តី​សង្ឃឹម​តាម​ជំនឿ​ថា “មានតែផល​នៃ​ធម្មទាន​ ទើប​អាច​បញ្ជូន​អោយ​ទៅ​រក​ព្រះ​វិញ្ញាណ​ដែល​ជា​អរូប​ដូច​គ្នា​បាន” ហើយ​ក៍​នាំ​គ្នា​បរិច្ចាគ​ធនធាន បោះពុម្ព​សៀវភៅ​ពីរ​មុខ​គឺ៖ សៀវភៅ​អរិយសច្ចកថា​សង្ខេប ១មុខ, សៀវភៅ​​ព្រះ​ជីវប្រវត្តិ​ពិស្តារ និង​កាព្យ​លោក​ធម៌ របស់​សម្តេច​ជា​អម្ចាស់ ១មុខ, ចែក​ប្រគេន​-ជូន ចំពោះ​បុព្វជិត និង​គ្រហស្ថ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​នៃ​សម្តេច​ជា​អម្ចាស់។

សូម​ផល​នៃ​ធម្ម​ទាននេះ ជួយ​ទ្រ​ទ្រង់​អង្គ​សម្តេច​ដែល​ត្រាច់​ទៅ​ចាប់​ព្រះ​ជាតិ​ថ្មី​ក្នុង​សុគតិភព! សូម​សម្តេច​ទ្រង់​ទទួល​សោយ​នូវ​ទិព្វ​សម្បត្តិ​ក្នុង​ពិភព​តុសិត សម​ដូច​ព្រះ​រាជ​បំណង​ដែល​ទ្រង់​ប៉ង​ប្រាថ្នា នូវ​ព្រះ​ប្រាជ្ញា​សព៌ជតាញាណ ក្នុង​កាល​ជា​អនាគត​កុំខាន​ឡើយ​ហោង។

ថ្ងៃទី ២០-១១- ៦៩

ក្រុមព្រះញាតិវង្ស

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Advertisements

13 responses to “ព្រះរាជប្រវត្តិពិស្តារ ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​ជោតញ្ញាណោ ​(ឧទ្ទិសកថា)

  1. ពូជួយធ្វើ PDF ឲ្យផង ។ សូមអរគុណ ។

  2. យី ក្រែងថា​សម្តេចសង្ឃជាកូនទោល​ហី ចុះចេញប្អូនប្រុសមកពីណាវិញ? /:)

  3. កំពូល ពូស្រុកស្រែ! ខ្ញុំមិនហ៊ានដាក់នាមជូនពូទេ តែខ្ញុំសុំសម្គាល់ពូតាមន័យរបស់ខ្ញុំនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s