វិចិត្រសាល

ព្រះរាជជីវប្រវត្តិពិស្តារ ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(បុព្វប្រវត្តិ)


ព្រះរាជប្រវត្តិពិស្តារ

សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

(បណ្ឌិតមហា ឈឹម ស៊ុម តែង)

*****************

បុព្វប្រវត្តិ

ក្នុងកាលកន្លង​ទៅហើយ ប្រទេសកម្ពុជាយើង​មាន​ក្រុង​ឪដ្តុង្គមានជ័យ​ ជារាជធានី។ ក្នុង​រជ្ជកាល​នៃ​ព្រះ​មហាក្សត្រិយានី​អង្គ ម៉ី មាន​អ្នក​ចម្បាំង​បីនាក់ ឈ្មោះ ម៉ាមាសម៉ុក ១ បងប្អូន​នឹង​គ្នា (ពុំដឹង​មាន​ងារ​ការ​ដូច​ម្តេច​ទេ)។ មន្រ្តី​ធំៗឯទៀត និង​ជន​ទាំង​បី​នាក់នេះ ក្តៅ​ក្រហាយ​នឹង​​​រាជការ​របស់​​ព្រះ​​មហា​ក្សត្រិយានី​​អង្គ ម៉ី ទើប​នាំ​គ្នា​ទៅ​តវ៉ា​សុំ​ព្រះ​អង្គ​ ឌួង ពី​ប្រទេស​សៀម​មក​សោយ​រាជ្យ។ ក្រោយមក​ ព្រះអង្គ ឌួង តាំង​លោក​តា ម៉ា ជាឧកញ៉ា​​មហា​ទេព, តាំង​លោក​តា មាស ជា​ឧកញ៉ា​ចក្រី, តាំង​លោក​តា ម៉ុក ជា​ឧកញ៉ា​យោមរាជ។ មន្រ្តី​ជាន់​ខ្ពស់​ទាំង​នេះ ជា​មនុស្ស​ធ្លាប់​ច្បាំង ហើយ​បើ​ទោះ​ជា​លោក​មហាទេព មាន​មុខ​តំណែង​ខាង​វាំង​ក្តី លោក​យោមរាជ មាន​មុខតំណែង​ខាង​តុលាការ​ក្តី ក៍​នៅ​តែ​​ធ្វើ​ការរួម​នឹង​លោក​ចក្រី ខាង​សឹក​សង្រ្គាម​ដែរ ពុំព្រម​ផ្អាក​ការ​ច្បាំង​រាំងជល់​សោះ។

កាល​ដើម​ឡើយ​ ពុំ​ប្រាកដ​ជា​ក្នុង​ឆ្នាំណា លោកតា ម៉ា បាន​អញ្ជើញ​ប្រក់​ព្រំទ័ព​នៅ​ខេត្តបាទី, កណ្តាល​ស្ទឹង និង​គងពិសី បាន​ឃើញ​ដី​ទំនេរ​មួយ​កន្លែង​ត្រង់ភូមិ​កំរៀង[1] នៅ​ប្រប​មាត់​ស្ទឹង​តូច​ ព្រំ​ខេត្តកណ្តាល​ស្ទឹង និងគងពិសី ជាដី​អណ្តែត ព្រោះ​ខែ​វស្សា​មាន​ទឹក​ព័ទ្ធជុំវិញ​ដូចជា​កោះ។

លោកតា ម៉ា មាន​ភរិយា ៣, ឈ្មោះ អែម ១ អ្នក​រាជ​ធានី​ឪដុង្គ បាន​កូន​ស្រី​ម្នាក់​ឈ្មោះ អិម, ឈ្មោះ​ អ៊ុក ១ អ្នក​ភូមិ​ព្រែក​តាអុង (ល្វាឯម) បាន​កូន​ស្រី​ពីរនាក់ ឈ្មោះ អ៊ុម ១ ឈ្មោះ សារី ១ ដែល​បាន​ឋានៈ​ជា​អ្នក​ម្នាង សារី របស់​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម, ឈ្មោះ… (ភ្លេច) ១ អ្នក​ភូមិ​អង្រ្កង​សេដ្ឋី​ (ខាងលិច​បន្ទាយ​លង្វែក) បាន​កូន​​ប្រុស​ស្រី​ច្រើន (ចាំពុំ​អស់) កូន​ប្រុស​ម្នាក់​ឈ្មោះ ឳម មាន​ប្រពន្ធពីរ, ប្រពន្ធ​ទីមួយ បាន​កូន​ប្រុស​ឈ្មោះ សាន កូន​ស្រី​ឈ្មោះ កង នៅ​ភូមិ​អង្រ្កង​សេដ្ឋី។

តទៅនេះ នឹង​ថ្លែង​ពីភូមិកម្រៀង ត្រង់​កន្លែង​ផ្ទះ​លោក​តា​មហាទេព ម៉ា ។ ភូមិ​នេះ​មាន​វឌ្ឍនភាព​ស្តុក​ស្តម្ភ​ដោយ​ផ​ល​ដំណាំ ព្រោះ ភូមិនោះ​តាំង​នៅ​ប្រប​មាត់​ស្ទឹង ជា​ដី​មាន​ជីរជាតិ​ល្អ ហើយ​ជា​ទីជយភូមិ ដែល​សត្រូវពុំ​ហាន​មើល​ងាយ​ផង។ ក្នុង​ឆ្នាំ​ណា​មួយ​ពុំ​ប្រាកដ លោកតា​មហាទេព ម៉ា បាន​អោយ​កូន​ស្រី​ឈ្មោះ អិម ដែល​បាន​ប្តី​ឈ្មោះ ព្រហ្ម ជា​អ្នក​ភូមិ​ពពែ​ជ្រៃលាស់ ហើយ​ត្រូវ​ជា​ក្មួយ​លោក​ស្រាប់​ផង​នោះ ទៅ​នៅ​ជា​ម្ចាស់​ភូមិ​កម្រៀង។ មិនតែ​ប៉ុណ្ណោះ មាន​បងប្អូន​លោក​តា ព្រហ្ម ហើយ​ជា​ក្មួយៗ​ លោក​​តាមហា​ទេព ម៉ា ច្រើន​គ្នា បាន​ទៅ​នៅ​ភូមិ​ជិត​គ្នា​នោះ​ដែរ ខ្លះ​នៅ​ភូមិ​រកាកោះ ដូច​លោក​តា ម៉ា ជា​ញោម​លោកគ្រូ​ព្រះពុទ្ធ​ឃោសចារ្យ ម៉ា កេត ជា​ដើម, ខ្លះ​នៅ​ភូមិ​ស្វាយ ដូច​​លោក​ឧកញ៉ា​នេត្រឧទ័យ យស លោក​យាយ វ៉ែន ដែលជា​បិតា​មាតា​លោក​យាយ គំ និង​លោក​អ្នក​ឧកញ៉ា​មន្រ្តី​រាជឫទ្ធិ យក់​ ជាដើម។

ផ្ទះលោកតា ព្រហ្ម នៅ​ភូមិកម្រៀង មាន​ដំបូក​មួយ​ធំ មាន​ដើម​ស្នាយ​ត្រសាយ​ត្រសុំ​ដុះ​លើ​ដំបូក​នោះ។ គល់​ស្នាយ​មាន​រូង​ធំ​ចំលើ​កំពូល​ដំបូក ល្មម​លាក់​វត្ថុសំខាន់ៗ​ បាន។ លោក​តា​មហា​ទេព ម៉ា ក្នុង​គ្រា​ជរា លោក​បាន​យក​ក្បួន​ខ្នាត​ មន្ត​អាគម យ័ន្ត​គាថា និង​អាវ​តេជៈ គ្រឿង​វត្ថុសក្តិសិទ្ធិ របៀបក្បួន​ចម្បាំង​ខ្មែរ​របស់​លោក ទៅ​ទុក​ក្នុង​រូង​ស្នាយ​នោះ។ លោក​បាន​ផ្តាំ​លោក​តា ព្រហ្ម និង​លោក​យាយ អិម ថា កុំអោយ​រំលាយ​ដំបូក​នេះ ត្រូវ​គោរព​ទីនេះ​ នឹង​បាន​សុខ​ចំរើន។ ជា​មួយ​នេះ លោកតាមហាទេព ម៉ា បាន​ប្រគល់​ដាវ​ពិសិដ្ឋ​មួយ ដែល​ធ្លាប់​មាន​ជោគជ័យ អោយ​ដល់​លោកតា ព្រហ្ម ដោយ​មាន​បណ្តាំ​ថា រក្សា​អោយ​គង់​ គ្រាន់​រក្សា​ទឹក​ដី។ នៅ​ត្រង់​គល់​ដាវ​ពិសិដ្ឋ​នេះ មាន​សរសេរ​​អក្សរ​ចិន​ដាក់ថា៖ ប្រាក់សុទ្ធ ២តម្លឹង ៣ហ៊ុន

ភូមិ​កម្រៀង​ជំនាន់​នោះ ជា​ទី​ដែល​គេ​តែង​គោរព គឺ​ជនដែល​សញ្ជរ​ទៅមក​តាម​ផ្លូវ​មុខ​ភូមិ​នោះ តែង​បើក​មួក ហើយ​ដំបូកនោះ ជា​ទី​ធ្វើ​សក្ការៈ​នៃ​អ្នក​ភូមិ[2] ។

លោកតាមហាទេព ម៉ា ទទួលអនិច្ចកម្មទៅ ក្នុង​ក្រុង​ឪដុង្គមានជ័យ ក្នុង​ឆ្នាំណា​មិន​ប្រាកដ។ អដ្ឋិធាតុ​របស់​លោក គឺ​ភរិយា និង​បុត្រា​បុត្រីព្រម​ព្រៀង​គ្នា នាំ​យក​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​ ដែល​រួម​គ្នា​កសាង​នៅ​វត្តសេដ្ឋី ។ ចេតិយនេះ សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ទ្រង់​បាន​ជួស​ជុល​ជា​ថ្មី ហើយ​សម្តេច​ទ្រង់​សព្វ​ព្រះរាជ​ហ្ឫទ័យ ទ្រង់​ទៅ​បង្សុកូល​ញឹកៗ ។

ព្រហ្ម ជួន, បិតាសម្តេចព្រះសង្ឃរាជ ជួន ណាត, Prum Chun, Chun Nat Father, Chun Nat Family

លោកតា ព្រហ្ម ជួន

ថ្លែង​ពី​លោក​តា ព្រហ្ម លោកយាយ អិម ជា​កូន​លោក​មហា​ទេព​ ម៉ា នៅភូមិ​កម្រៀង​ឯណោះ ជា​មនុស្ស​ខ្សត់​កូន។ លុះ​កន្លង​កាល​ដ៏​យូរ​ឆ្នាំ មក​ដល់​ឆ្នាំ​ជូត ព.ស ២៣៩៤ ត្រូវ​នឹង​ គ.ស ១៨៥១ ត្រូវ​លើ​ខែ​បុស្ស ថ្ងៃព្រហស្បត៏ ទើប​បាន​កូន​ប្រុស​មួយ អោយ​ឈ្មោះ​ថា ជួន

លោកតា ជួន ជា​កូន​ប្រុស​ទោល​តែ​មួយ ឥតបងប្អូន​ជា​គម្រប់​ពីរ​ទេ។ គ្រា​ដែល​លោក​មាន​ជន្មាយុ ២៨ឆ្នាំ ចាក​សិក្ខាបទ​ពី​ភិក្ខុ​មក ទើប​មាតាបិតា​រៀប​អាពាហ៍​ពិពាហ៍ ​ជា​មួយ​ញាតិ​ធីតាឈ្មោះ​ យក់ នៅ​ភូមិ​បឹងនរាគជេន្រ្ទ ។

ព្រហ្ម ជួន, បិតាសម្តេចព្រះសង្ឃរាជ ជួន ណាត, Prum Chun, Chun Nat Father, Chun Nat Family

លោកយាយ​ យក់

លោកតា ព្រហ្ម ជួន គ្មាន​បុណ្យ​សក្តិ​ជា​មន្រ្តី​ទេ។ ប៉ុន្តែ​កាល​ជា​បព្វជិត ល្បី​ខាង​ទេស​មហាជាតក ស្មូត្រ សរសេរ​អក្សរ​ល្អ អាន​ពាក្យ​ច្បាស់ និយាយ​ក្បោះក្បាយ មិន​ច្រឡំ​តួ​អក្សរ​សិថិល ជាធនិត ។ លុះ​ផ្លាស់​ភេទ​ពី​បព្វជិតមក​ជា​គ្រហស្ថ ល្បីខាង​ចេះ​ច្បាប់ អាចធ្វើ​ពាក្យ​ក្តី​បាន។

ជា​ពិសេស លោក​តា ព្រហ្ម ជួន ជា​មនុស្ស​ពូកែ​សម្តី (វាគ្មិន) ប្រាជ្ញាវៃ អាច​សង​ពាក្យ (ដាក់ផ្លែផ្កា) ចំពោះ​អ្នក​រាប់​អាន​ស្មោះ ឬ​អ្នក​មើល​ងាយ បាន​ភ្លាមៗ ។ លោកតា ព្រហ្ម ជួន គឺ​​អ្នក​ស្រុក​ជិត​ខាង ចូល​ចិត្ត​យក​ធ្វើ​មេបា ឬ​អ្នក​មហា​ ក្នុង​ពិធី​មង្គល​ការ​កូន​ប្រុស​ស្រី​​ណាស់…។

(នៅមានត…)

"ភូមិរកាកោះ, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ, ប្រទេសកម្ពុជា, Rokakoh Village, Kong Pisey, Kampong Speu, Cambodia"

ផ្លូវទៅភូមិរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

"ភូមិរកាកោះ, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ, ប្រទេសកម្ពុជា, Rokakoh Village, Kong Pisey, Kampong Speu, Cambodia"

នេះជាភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន

"ភូមិរកាកោះ, ភូមិកំរៀង, ស្រុកគងពិសី, ស្រុកកណ្តាលស្ទឹង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ប្រទេសកម្ពុជា, Rokakoh Village, Kamreang Village, Kandal Stung, Kong Pisey, Kandal, Kampong Speu, Cambodia"

ស្ពានថ្មតូចនោះ គឺជាព្រំប្រទល់រវាងភូមិរកាកោះ(ស្តាំដៃ) និងភូមិកំរៀង(ឆ្វេងដៃ)

"ភូមិកំរៀង, ឃុំរលាំងកែន, ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល, ប្រទេសកម្ពុជា, Kamreang Village, Roleang Ken, Kandal Stung, Kandal, Cambodia"

របងវត្តពោធិព្រឹក្ស ក្នុងភូមិកំរៀង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាពេលបច្ចុប្បន្ន


[1] កំរៀង ជា​ឈ្មោះ​ដើម​ស្វាយ​មួយ​ប្រភេទ​ស្រ​ដៀង​នឹង​ស្វាយ​ព្រៃ ប៉ុន្តែ​ស្លឹក​តូចៗ ផ្លែល្អិតៗ ធុំក្លិន​ដូច​ស្វាយ បរិភោគ​ពុំកើត ព្រោះ​សាច់​ផ្លែ​តិច​ណាស់។

[2] កាលឆ្នាំ ១៩០៨ ដែល​លោកតា​ជួន​ ទៅនៅ​ភ្នំពេញ​ហើយ ឈ្មោះ ឳក បាន​ជាវ​ភូមិ​នោះ​យក។ ឳក ក៍​ជ្រេះដំបូក​នោះ​ទាល់​តែ​រលំ​ដើម​ស្នាយ។ បន្ទាប់​គ្នា​នឹង​ដើម​ស្នាយ​រលំ ព្រទ្យរបស់ ឳក ក៍​រលាយ, កូន ឳក ឈ្មោះ ម៉ន ឆ្កួត, កូន​ស្រី​ម្នាក់ ខ្វាក់​ភ្នែក​ទាំង​ពីរ, ខ្លួន ឳក ស្លាប់។

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Advertisements

27 responses to “ព្រះរាជជីវប្រវត្តិពិស្តារ ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(បុព្វប្រវត្តិ)

  1. ពូរូប​តូច​ៗធ្វើ​ម្ដេចនិងបាន ?

  2. ពូស្រុកស្រែធ្វើការខាងអីដែរ?​ ដូចជាសម្បូរអត្ថបទអមរូបភាពដែលគួរជាចាប់អារម្មណ៍ណាស់នៀក 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s