វិចិត្រសាល

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ៣)


ឆ្នាំ ១៩១០ ភិក្ខុ ជួន ណាត កំពុង​មានកិត្តិស័ព្ទ និង​សេចក្តី​រាប់​អាន​ពី​សំណាក់​ជន​ច្រើន​គ្នា ក៏​លោក​គ្រូ​ព្រះសក្យវង្ស នុត រាជាគណៈត្រី (ទី៣) សព្វ​ព្រះទ័យ​ចង់​តម្កុំ​តម្កើង​អោយ​សម​នឹង​កិត្តិស័ព្ទ ក៏​ប្រាប់​ថា ខ្ញុំ​ករុណា​សុំ​លោក​ជួយ​ធ្វើ​ការ​ខ្ញុំ, ខ្ញុំ​សូម​តាំង​លោក​ជា​បាឡាត់​សាក្យបុត្តីយ៍ ។

ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត បាន​ឡើង​សមណសក្តិ​ជា​ឋានានុក្រម ដែល​ជា​កាំ​ជណ្តើរ​ទីមួយ អាច​ឡើង​ទៅ​ជា​រាជា​គណៈ​បាន។ ក្នុង​ពេល​ភា្លមៗនេះ ក៏ល្បី​ទូទ័រ​ឡើង​ដល់​អ្នក​ធម៌​អ្នកអាថ៌​ច្រើន​គ្នា គេ​ក៏​ជួយ​អនុមោទនា។ សូម្បី​ព្រះ​សង្ឃ​សមាទាន​​ធុតង្គ​នៅ​ក្នុង​ព្រៃ ក៏សព្វ​ព្រះទ័យ​កាត់​មក​រក​ជួប​ដែរ។ ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត សន្ទនា​ជា​មួយ​នឹង​លោក​តា​ធុតង្គ​មួយ​ព្រះ​អង្គ​​ត្រង់​ធម៌​សមាធិ​កម្មដ្ឋាន ក៏​មាន​ព្រះ​ទ័យ​ទន់​ទៅ​រក​ការ​ធុតង្គ ប្រុង​ប្រៀប​ព្រះ​អង្គ​ជា​ស្រេច​ថា នឹង​ទៅ​គង់​នៅ​ក្នុង​ព្រៃ​ភ្នំ​ជា​មួយ​នឹង​លោក​តា​អង្គ​នេះ។

ប្រហែល​គំនិត​នេះ ប្រទាំង​គ្នា​នឹង​ឧបនិស្ស័យ​ដែល​ធ្លាប់​សន្សំ​មក​ទេ​ដឹង បាន​ជា​ក្នុង​បច្ឆិមយាម​រាត្រី​មួយ ព្រះបាឡាត់សាក្យ​បុត្តីយ៍ បាន​ឃើញ​សុបិន​និមិត្ត​ថា៖ លោក​បាន​ឡើង​លើ​ភ្នំ​មួយ​ខ្ពស់ ទៅ​ដល់​ជំនីរ​ភ្នំ​ដែល​មាន​ដើម​ឈើ​ធំៗ ស្លឹក​លាស់​ត្រសាយ​ត្រសុំ ម្លប់​ត្រឈឹង​ត្រឈៃ​ដី​ត្រជាក់ ក៏​ស្ម័គ្រ​ព្រះទ័យ​ចង់​គង់​នៅ​ក្នុង​ទី​នោះ។ ស្រាប់​តែ​មាន​គំនិត​មួយ​ទៀត​ថា ត្រូវ​ឡើង​អោយ​ផុត​កំពូល​ភ្នំ​នេះ។ លោក​ក៏​ខំ​ឡើង​រហូត​ដល់​ផុត​កំពូល​ភ្នំ ក្រឡេក​មើល​ទៅ​ទិស​ជុំវិញ​ទាំងអស់​ ឃើញ​អ្វីៗ​ ឥត​សល់​ចន្លោះ​ទេ[7] ។

ព្រឹកឡើង លោកតើនពីសឹង គង់​លើ​សំណឹង​រំពឹង​សុបិន​ដែល​បាន​ឃើញ​នោះ យល់​សេចក្តីថា “មិនគួរ​ផ្អាក​ការ​សិក្សា​ព្រះត្រៃបិដក​ទេ, ឯ​គំនិត​ដែល​គិត​ទៅ​ធ្វើ​ធុតង្គ​នោះ ជា​ការ​ប្រពៃ​ហើយ, ប៉ុន្តែ​បាន​ត្រជាក់​ស្រួល​ខ្លួន​តែ​ម្នាក់​ឯង”

តមក ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត សង្វាត​សំភី​ក្នុង​ការ​ទត​​គម្ពីរ​សាស្រ្តា​បាលី យល់​សេចក្តី​កាន់​តែ​ជ្រៅ​ទៅ​ជា​លំដាប់ ដែល​សន្មត់​ថា ជា​អ្នក​ប្រាជ្ញ​ខាង​បាលី​ និង​ព្រះពុទ្ធ​សាសនា​បាន​ពេញ​លក្ខណៈ។

ក្នុង​ឆ្នាំ ១៩១២ ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត បាន​ឃើញ​សុបិន​និមិត្តចម្លែក​ម្តងទៀត​ថា៖ លោក​បាន​ឡើង​គាល់​សម្តេច​ព្រះ​មហា​សង្ឃរាជ​ ព្រះ​បរម​នាម ទៀង ។ សម្តេច​​មាន​ព្រះរាជ​ឳង្ការ​ថាៈ លោកបាឡាត់ ណាត ចេះអាន​បាលី​ត្រឹម​ត្រូវ​ណាស់, ភាសា​ខ្មែរក៏ ណាត ចេះនិយាយ​ច្បាស់, ទេសក៏​ពិរោះ, តើ​អណ្តាត​លោក​យ៉ាងណា? ហាមាត់ឡើង​ សុំ​មើល​អណ្តាត​ផង…។ លោកក៏ហា​ព្រះឳស្ឋ​ឡើង។ សម្តេច​ព្រះមហា​សង្ឃរាជ ទ្រង់​ខាក​ស្តោះ​ដាក់​ព្រះ​ឳស្ឋលោក។ លោក​ខំ​ស្តោះ​​ចេញ​យ៉ាង​ណា ក៏កំ​​ហាក​នោះ​ពុំ​ព្រម​ចេញ​សោះ ទាល់​តែ​លេប​ចូល​ទៅ​ក្នុង​ពោះ​បាត់​វិញ​ទៅ ដោយ​កិរិយា​ខ្ពើម​ឆ្អើម​ដ៏​ក្រៃលែង[8] ។

បន្ទាប់​ពី​នោះ​មក ថ្ងៃទី ២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ ទៀង មាន​ព្រះរាជ​ឳង្ការ​អោយ​និមិន្ត​ព្រះ​បាឡាត់​សាក្យបុត្តីយ៍​ឡើង​គាល់។ លោក​ក៏​ឡើង​ទៅ​ក្រាប​បង្គំ​គាល់​សម្តេច​ ក្នុង​ចំណោម​ព្រះ​រាជាគណៈ​ត្រៀបត្រា។ សម្តេច​មាន​ព្រះរាជឳង្ការ​សរសើរ​គុណ​សម្បត្តិ​របស់​ព្រះបាឡាត់​សាក្យបុត្តីយ៍ ជា​អនេកប្រការ ហើយ​ទ្រង់​ក៏​តាំង​ជា ព្រះគ្រូ​សង្ឃសត្ថា (ឋានានុក្រម​ថ្នាក់​ទី១ សម្រាប់​សម្តេច​ព្រះ​មហា​សង្ឃរាជ) ជា​គូគ្នា​នឹង​ព្រះគ្រូ ហួត តាត ដែល​កាល​ពី ១៥ថ្ងៃ​មុន ត្រូវ​បាន​សម្តេចព្រះមហាសង្ឃរាជ ទៀង តាំងជា ព្រះគ្រូសង្ឃ​វិជ្ជា រួច​ហើយ។

កិត្តិស័ព្ទនេះ ​ល្បីខ្ចខ្ចាយសាយភាយ​ពេញ​ទាំង​វត្ត​ឧណ្ណាលោម ព្រមទាំង​គេហដ្ឋាននៃ​ឧបាសក ឧបាសិកា​ជើង​វត្ត។ ហេតុដូច្នេះ បាន​ជា​វេលា​ព្រឹក​ស្អែក​ឡើងនោះ មាន​ទាយក ទាយិកា​ច្រើន​គ្នា​ បាន​យក​ចង្ហាន់​ទៅ​ថ្វាយ​​សម្តេច​ព្រះ​មហា​សង្ឃរាជផង ប្រគេន​លោក​គ្រូ​ព្រះគ្រូ​សង្ឃសត្ថា​ផង ដោយ​មាន​អំណរ​ចំពោះ​ការ​តែង​តាំង​ និង​ការ​ទទួល​តំណែង​ថ្មីនេះ។ គ្រានោះ ពួក​ចិន​នៅ​ផ្សារ​មាត់​ទន្លេ​មក​ច្រើន​នាក់។ មាន​ឧបាសិកា​ចិន​ម្នាក់​ឈ្មោះ​ចែ ណយ បាន​រ៉ាប់រង​ប៉ាក់​ផ្លិត​ឌិន​មួយ​ សម្រាប់​ងារ​ព្រះគ្រូ​សង្ឃ​សត្ថា ហើយ​បវារណាធ្វើ​ចង្ហាន់​ប្រគេន​រាល់​ព្រឹក​តទៅ។ លោក​ឧកញ៉ា​មន្រ្តី​រាជឫទ្ធិ យក់ ដែល​កន្លង​មក​បាន​ជា ឧកញ៉ា​ជំនះ​សង្រ្គាម ចៅហ្វាយ​ស្រុក ខេត្តក្រគរ ក៏អញ្ជើញ​មក​ថា៖ លោកណា​ឆាន់​ចង្ហាន់​ខ្ញុំ លោក​នោះ​បាន​ជា​អ្នក​ប្រាជ្ញ…។ល។

(នៅមានត…)

ព្រះវិហារវត្តពោធិព្រឹក្ស

ព្រះវិហារវត្តពោធិព្រឹក្ស នាពេលបច្ចុប្បន្ន… ព្រះវិហារចាស់ត្រូវបានកំទេចអស់ នៅសល់តែ​តួខឿនព្រះវិហារដែលមានក្បាច់ដូចខឿនប្រាសាទបុរាណដែរ។ ព្រះវិហារកសាងជាថ្មី​ឡើងវិញនេះ ឃើញដាក់កាលបរិច្ឆេទ ព.ស ២៥៣៧ គ.ស ១៩៩៣

កុដិសម្តេចព្រះសង្ឃរាជ, វត្តពោធិព្រឹក្ស

អតីតព្រះកុដិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត នៅវត្តពោធិព្រឹក្ស ដែលបានកសាង និង​សម្ពោធនៅ​ឆ្នាំ ១៩៣៥ ត្រូវ​ទទួល​រងនូវ​គ្រាប់កាំភ្លើងតាំងពី​សម័យសង្រ្គាមឆ្នាំ ១៩៧០-៧៥ ទុកស្នាមរហូតមកដល់បច្ចុប្បន្ននេះ​ មើលទៅស្រងេះស្រងោចណាស់…។ អតីតព្រះកុដិនេះ គួរតែត្រូវបានជួសជុលឡើងវិញ​ ដោយរក្សាទុកទំរង់ដើមទាំងស្រុង សំរាប់អោយក្មេង​ជំនាន់​ក្រោយបានឃើញផង…។

វត្តពោធិព្រឹក្ស

ទីធ្លាវត្តពោធិព្រឹក្ស បច្ចុប្បន្ន… មានរូបសំណាកសម្តេចសង្ឃ ជួន ណាត នៅក្នុងខ្ចុសតូចនោះ… បន្ទាប់មកគឺអតីតព្រះកុដិដែលនៅលើដំបូលផុតនោះ កាលពីដើម មានដាក់តំកល់​ព្រះពុទ្ធ​បដិមារ ដែលអ្នកនៅ​ទីនោះ​ប្រាប់ថា សម្តេចព្រះសង្ឃរាជ នាំយកមកពីប្រទេសភូមា…។ មើលទៅទំរង់​ទ្រង់ទ្រាយអាគារនេះ នាំអោយខ្ញុំ​គិតយល់ថា ព្រះកុដិនេះប្រហែលជា​ប្រទេសភូមា កសាងថ្វាយជូនព្រះអង្គ។ បន្ទាប់ពីនោះ គឺព្រះវិហារវត្តពោធិព្រឹក្ស…


[7] គម្ពីរសារត្ថសង្គហបាលី​មាន​ចែង​សេចក្តី​ថា ការយល់សប្តិ​កើត​ឡើង​ដោយ​ហេតុ​បួន​យ៉ាង​គឺ៖ ១- ដោយការ​ពុល​អាហារ​(មិនទៀងទេ), ២- ដោយការ​កម្រើក​ធាតុ គឺ​ពុំ​ស្រួល​ខ្លួន​(មិនទៀងទេ), ៣- ដោយទេវតា​ពន្យល់ ចែក​ចេញ​ជា​ពីរយ៉ាង គឺទៀង​ និង​មិន​ទៀង។ បើ​ទេវតា​ស្រឡាញ់ ហើយ​ចង់​អោយ​ដឹង​ផល​អនាគត ទើប​ពន្យល់​អោយ​ឃើញ​ការ​ទៀង, បើទេវតា​ខឹង ស្អប់, ទេវតា​ពន្យល់​បង្វែង​គំនិត​អោយ​ថ្លោះការ, ៤- ដោយ​បុព្វនិមិត្ត គឺ​ផល​បុណ្យ​ដែល​សាង​ពី​អតីត​បម្រុង​អោយ​ផល​​នោះ តែង​យលសប្តិ​ឃើញ​មុន​ជា​ការ​ពិត​ប្រាកដ​ណាស់ ដូច​ព្រះ​សិទ្ធត្ថ​ជា​ម្ចាស់ ដែល​ឃើញ​បុព្វនិមិត្ត​មុន​ពេល​បាន​ត្រាស់​ដូច្នោះ។ ឯ​សុបិន្ត​និមិត្ត​របស់​ព្រះ​តេជព្រះគុណ​ព្រះបាឡាត់​សាក្យបុត្តីយ៍ ជួន ណាត នេះ ខ្ញុំ​យល់​ថា ជា​បុព្វនិមិត្ត​ពិត​ប្រាកដ… (ឈឹម ស៊ុម) ។

[8] ព្រះថេរៈអង្គខ្លះ ដែល​ទើប​បានឮ​សម្តេចព្រះសង្ឃរាជ ជួន ណាត មាន​ព្រះ​បន្ទូល​ពី​សុបិន​នេះ ក៏​យល់​ថា សម្តេច​ទើប​នឹក​ឃើញ។ ប៉ុន្តែគ្រួសារ​របស់​ខ្ញុំ មាន​ម្តាយ​ក្មេក​ខ្ញុំ​ជា​ដើមថា សុបិន​នេះ​សម្តេច​បាន​ឃើញ​ក្នុង​គ្រា​រៀប​ទទួល​ងារ​ជា​ព្រះគ្រូ​សង្ឃសត្ថា ព្រោះ​កាល​នោះ សម្តេច​បាន​ជម្រាប​លោក​តា ជួន មុនគេ ហើយ​លោក​តា ជួន បាន​ព្យាករណ៍​សុបិន​នោះផង (ឈឹម ស៊ុម)។

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s