វិចិត្រសាល

ចរិតលក្ខណៈ និងកម្មវិធី​ប្រចាំថ្ងៃ​​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត


ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយវាចាចិត្ត ​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា ចរិត​ប្រក្រតី ដូច​យ៉ាង​៖

  • សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោត​គ្រាត ។
  • ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក ។
  • ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី ។
  • ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ ។ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា ចរិត​ប្រក្រតី ។
  • មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ផង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ផង។
  • ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ ឈ្មោះថាជា​ចរិតតឹង ចរិតធ្ងន់ ព្រោះ​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ ដែល​ជា​ចរិត​តឹង​ធ្ងន់​ដែរ​នោះ​ ច្រើន​ណាស់​ទៅ​ទៀត។

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ

សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច ​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

  1. សម្តេច​ទ្រង់​​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​​​ក្នុង​ថ្ងៃ​នីមួយ​ៗ ទ្រង់​មិន​សោយ​បារីទេ។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​-ឃើញ​ និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពីរវាង​​ព្រះជន្ម​ ​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ទ្រង់​​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ ​មិន​ញឹកញាប់​ទេ, លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​ កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។
  2. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ អ្នកផង​ច្រើន​​តែ​ឃើញទ្រង់​​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​​​បាន​តែ​ជក់​ថ្នាំ​ចិន​ទើប​ឆាប់​ជា​សះ​ស្បើយ, ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​​ទៀត​ផង។
  3. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ភត្តាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់​ស្លឹកច្រេស, ប្រហើរក្តិប​ត្រឡាច-រពៅ, កកូរបន្លែ​ត្នោត និង​សម្ល​ស្លឹក​ល្ងៀង, ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​ប៉ុន្មាន​​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ, បើ​ពុំ​មាន​ម្ហូប​នោះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ​ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច​ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច,  មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច​(លីម៉ូណាត់) ​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។
  4. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែងទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​ ១០០​ផើង ទុក​នៅ​វត្ត​ឧណ្ណាលោម។
  5. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី ក៏សម្ដេច​​រឹត​តែ​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់​ទៅ​ទៀត ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើឯ​​វត្ត​ពោធិព្រឹក្ស និង​ក្នុង​មន្ទីរ​ពេទ្យ​ជា​ដើម។

កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច

កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ព្រះស្ងោយ​ពេល​ថ្ងៃ​ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ​ប៉ុណ្ណោះ ដូច​យ៉ាង​​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះទៀងទាត់​រៀងរាល់​ថ្ងៃ​រាល់​​យប់​ទាល់​ៗ​ តែភ្លឺ​រវាង​ម៉ោង​៦​កន្លះ ទើប​សោយ​យាគូ ថ្ងៃខ្លះ​ពុំបាន​ទាំង​​សោយ​យាគូ​ថែម​ទៀត, ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។ លុះ​សោយ​ព្រះស្ងោយ​ថ្ងៃ​ត្រង់​ហើយ​ទើប​ផ្ទំ។

ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេចក៏បែរ​មក​​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់។ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់ ​នោះ​សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​​​សាសនា​យ៉ាង​ពិស្ដារ​វែង​ឆ្ងាយ​ណាស់ ​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ (ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ)។

សម្តេច​ស្ទាត់​បំផុត​ខាង​ការ​ផ្ទំ ពុំ​មាន​នរណា​មួយ​យក​តម្រាប់​តាម​បាន​ឡើយ។ វេលា​ផ្ទំ​មិន​មាន​កំណត់​ពេល​ណា​មួយ​អោយ​ប្រាកដ​ប្រជា​ទេ គឺ​ស្រេច​តែ​មាន​ឳកាស, បើ​ព្រះអង្គ​មាន​ឳកាស​ពេល​ណា ក៏​ផ្ទំ​ពេល​នោះ​ភ្លាម លក់​ភ្លាម រវាង ១ម៉ោង ឬកន្លះម៉ោង​ទ្រង់​តើន​ឡើង​ភ្លាម។ ទី​កន្លែង​ដែល​សម្តេច​ត្រូវ​ផ្ទំ​នោះ មិន​រើស​ទេ ទោះ​បី​ទី​ណា​មួយ​មាន​សំឡេង​អ៊ូអរ ឬ​សំឡេង​គេ​ធ្វើការ​វាយ​ដំ​ឮក្តុងក្ឌាំង​ក៏​ដោយ សម្តេច​ផ្ទំ​ចេះ​តែ​លក់​ស្រួល​ទាំង​អស់ គឺ​ថា​ងាយ​ក្នុង​ការ​ផ្ទំ ក្នុង​ការ​លក់ ក្នុង​ការ​តើន​ឡើង​វិញ​ពេក​ណាស់ គឺ​ថា​ត្រង់​ណា​ក៏​ផ្ទំបាន ត្រង់​ណា​ក៏​លក់​បាន កំណត់​ប៉ុន្មាន​ម៉ោង​ក៏​អាច​តើន​ឡើង​បាន​តាម​កំណត់​មិន​បាច់​ដាស់។

ការផ្ទំ​លក់​របស់​សម្តេច​មិន​យូរ​ទេ ដូច​យ៉ាង​លើ​រថយន្ត លើ​កប៉ាល់ទឹក ឬ​លើ​យន្តហោះ​ក៏​អាច​ផ្ទំ​លក់​បាន​ភ្លាមៗ ។ សម្តេច​មានមនោមយិទ្ធិ​មួយ​ត្រង់​ផ្ទំ​នេះ​ប្រសប់​បំផុត គ្មាន​អ្នក​ណា​មួយ​រៀន​យក​តម្រាប់​តាម​បាន​ឡើយ។

ឈឹម ស៊ុម

*********************

*** មកដល់ចុងបញ្ចប់នេះ ខ្ញុំ​ស្រុកស្រែ បាន​នឹក​ឃើញ​ដល់​ប្រសាសន៍​របស់​​ព្រឹទ្ធាចារ្យ​មួយរូប ដែល​ជា​អតីត​សិស្ស​សាលា​បាលី​ និង​ជា​អ្នក​នៅ​​បំរើ​ទឹក​ក្តៅ​ ទឹក​ត្រជាក់​ជូន​សម្តេច​ព្រះ​សង្ឃ​រាជ​ នៅវត្ត​ឧណ្ណាលោម​ បាន​រំលឹក​​ប្រាប់​ខ្ញុំ​ពី​អនុ​ស្សាវីយ៍​មួយ​ រវាង​គាត់​ និង​សម្តេច​ព្រះ​សង្ឃរាជ​ជា​អម្ចាស់ កាល​ក្នុង​អំឡុង​ពេល​ទ័ព​ជប៉ុន​ចូល​ស្រុក…។ មាន​ថ្ងៃ​មួយ​ កងទ័ព​ជប៉ុន​មួយ​ក្រុម​បាន​ចូល​មក​ក្នុង​ទី​អារាម​វត្ត​ឧណ្ណាលោម ហើយ​ទាំង​លោក​នេន​តូចៗ ទាំងភិក្ខុ​សង្ឃ​មិន​ដឹង​ថា​ កងទ័ព​ទាំង​នោះ​មក​ក្នុង​វត្ត​មានការ​ស្អី​ទេ ក៏​នាំ​​​ពួកគេ​ ​អោយ​មក​​ជួប​​ព្រះតេជ​ព្រះគុណ​ ជួន ណាត (​កាលណោះ លោក​ឡើង​ជា​ចាង​ហ្វាង​​សាលា​​បាលី ជំនួស​ព្រះតេជ​ព្រះគុណ ល្វី ឯម ហើយ)។ ពេល​នោះ​ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​ជា​ភាសា​ជប៉ុន​ បែប​ធម្មតា​ជា​មួយ​កងទ័ព​ជប៉ុន​ទាំង​នោះ ធ្វើ​អោយ​អ្នក​នៅ​ជុំវិញ​ព្រះអង្គ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ កងទ័ព​ជប៉ុន​ទាំង​នោះ​ឆ្ងល់​ ព្រម​ទាំង​សួរ​ទៅ​ព្រះ​អង្គ​ថា៖ តើ​ព្រះអង្គ​ចេះ​ភាសា​ជប៉ុន​តាំង​ពី​អង្កាល? ហើយ​គ្រូណា​បង្រៀន​ព្រះអង្គ?… សម្តេច​ព្រះ​សង្ឃ​រាជ​ លោក​មាន​ពុទ្ធដីកា​ប្រាប់​ទៅ​កង​ទ័ព​ជប៉ុន​វិញ ព្រម​ទាំង​ចង្អុល​ទៅ​វិទ្យុ​មួយ​ នៅ​ក្បែរ​ព្រះ​កាយ​ព្រះអង្គ៖ នេះគ្រូអាត្មា!…

មាន​រឿង​ដោយ​ឡែក​មួយ​ទៀត ទាក់ទង​នឹង​កាយ​សម្បទា​ពី​កំណើត​របស់​សម្តេច​ព្រះ​សង្ឃរាជ​ជា​អម្ចាស់ ដែល​ខ្ញុំ​ឆ្ងល់ថា ហេតុអី​បាន​ជា​ព្រះ​អង្គ​ ពូកែ​​ខាង​សំនួន​វោហារ​​ខ្លាំង​ម្ល៉េះ?… លោកព្រឹទ្ធាចារ្យ​ខាង​លើ​បាន​ប្រាប់​ខ្ញុំ​ថា៖ នរណា​ដែល​មាន​រង្វះ​មាត់​ធំ អ្នកនោះ​នឹង​ពូកែ​ខាង​វោហារ..!!.. ព្រះឳស្ឋ​របស់​សម្តេច​ព្រះសង្ឃរាជ មើល​ទៅ​ឃើញ​ធម្មតា, តែ​បើ​ព្រះ​អង្គ​ហាព្រះឳស្ឋ​ឡើងគឺ ​អាចក្តាប់​ដៃ​លូក​ចូល​ក្នុង​មាត់​ចុះ… ហើយបុគ្គល​ដែល​មាន​កាយសម្បទា​​ពូកែ​ខាង​វោហារ​ដូច​សម្តេច​ព្រះ​សង្ឃ​រាជ បែប​នេះនា​ពេល​បច្ចុប្បន្ន​ គឺមាន​តែ​ម្នាក់​គត់… នោះ​គឺ​ សម្តេច​តេជោ ហ៊ុន សែន..!!..

(ស្រុកស្រែ)

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

 

Advertisements

2 responses to “ចរិតលក្ខណៈ និងកម្មវិធី​ប្រចាំថ្ងៃ​​របស់​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

  1. សម្ដេចតេជោ ហ៊ុន សែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s