វិចិត្រសាល

ជ្រុងមួយនៃទីក្រុង​យ៉ាំងហ្គូន ​​សហភាព​មីយ៉ាន់ម៉ា…


ក្រុមខ្ញុំ​​ត្រូវ​បាន​អ្នក​រៀបចំទទួល នាំពី​វាលកប៉ាល់ហោះ យក​មក​ដាក់នៅ​សណ្ឋាគារ​មួយ​ឈ្មោះថា Guest Care Hotel ដែល​ស្ថិត​នៅ​តាម​ដង​វិថី Dhamma Zedi (ធម្មា…) ជាវិថី​​ដ៏​អ៊ូអរ​មួយ​​ស្ថិត​នៅ​កណ្តាល​ទី​ក្រុង​យ៉ាំងហ្គូន​ (Yangon)…។

មានទិដ្ឋភាព​ប្លែក​ភ្នែក និងរឿងរ៉ាវ​ប្លែកៗ មួយ​ចំនួននៅ​ក្នុង​ទី​ក្រុង​នេះ… ហើយ​អ្វី​ដែល​ប្លែក​នោះ គឺរាប់​ចាប់​តាំង​ពី​តំលៃ​សណ្ឋាគារ​ Guest Care ខ្ញុំ​​កំពុង​ស្នាក់​នៅ​នេះ​តែ​ម្តង។ ​​សណ្ឋាគារ​​នេះមាន​កំពស់​បីជាន់, ជាន់ទី១ (1st Floor) តំលៃ​បន្ទប់ 70$/night, ជាន់ទី២ (2nd Floor) តំលៃ​បន្ទប់ 60$/night, ជាន់ទី៣ (3rd Floor) តំលៃ​បន្ទប់ 50$/night… បានន័យ​ថា បន្ទប់ដូចគ្នាសោះ តែឡើង​កាន់​តែ​ខ្ពស់ តំលៃ​កាន់តែ​ថោក… បញ្ហាគឺ​នៅ​ត្រង់​​អត់មាន​ជណ្តើរ​យន្ត​ប្រើប្រាស់​…។ ហេតុនេះ បើ​ចង់​ថោក គឺ​ទាល់តែ​ហត់​ជញ្ជូន​ឥវ៉ាន់​ឡើង​ចុះ​បន្តិច។ តំលៃ​​ខាង​លើ​នេះ ក្នុង​បន្ទប់គេង និង​បន្ទប់​ទឹក ​មាន​ការរៀបចំ​​តុបតែង​គ្រឿង​សង្ហារឹម​​ស្អាត​គួរ​សម… អន់​​​តែមួយ​មុខ​ទេ… នោះគឺ​​ទូរទស្សន៍សំរាប់​អោយ​ភ្ញៀវ​ស្នាក់​នៅ​មើល​ ​មិនទាន់​ទំនើប ដោយនៅ​​ប្រើទូរទស្សន៍​សូនី​ ១៤អ៊ីញ ស៊េរី​ចាស់​ តូច​ញ៉េប​នៅ​ឡើយ​ និង​មិន​មាន​ប៉ុស្តិ​ខ្សែ​កាប​​សំរាប់​បន្ត​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ពី​ខាង​ក្រៅ​​មើល​ទេ។ និយាយ​រួមទៅ ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ នៅយឺត​ជាង​យើង​ឆ្ងាយ… រីឯ​សេរីភាព​ក្នុង​ការ​ទទួលបាន​​ព័ត៌មាន​ពី​ខាង​ក្រៅ គឺ​នៅ​ត្បិត​ត្បៀត​ មិន​ទូលំ​ទូលាយនៅឡើយ ​​ចាញ់​យើង​​មួយ​មុខ​នេះ​ទៀត…។​

ឯរឿង​ប្លែកភ្នែក​នោះគឺ ​នៅ​តាម​ដងមហាវិថី​នៅ​ក្នុង​ទីក្រុង មិន​មានម៉ូតូ រ៉ឺម៉ក ស៊ីក្លូ និងកង់ ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​សោះ។ នេះ​ប្រហែលជា​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​នេះ​ផង​ក៏​មិន​ដឹង។ អ្វី​ដែល​ប្លែក​នោះ​គឺ ចរាចរណ៍​​ក្នុង​សហភាព​​មីយ៉ាន់ម៉ា ប្រកាន់​ស្តាំ ឯរថយន្ត​ប្រមាណ ៩០ភាគរយ កំពុង​បើក​បរ បែរ​ជា​សុទ្ធតែ​ចង្កូត​ស្តាំ​ដែរ។ មាន​រថយន្ត​ចង្កូត​ស្តាំ​​ស៊េរី​ចាស់ៗ ភាគ​ច្រើន​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ។ ទិដ្ឋភាព​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​​ទីក្រុង​ភ្នំពេញ​យើង ​កាល​ពី​អំឡុង​ចុង​ទសរត្សរ៍ឆ្នាំ​១៩៨០ និង​ដើម​ទសរត្សរ៍​ឆ្នាំ​១៩៩០ ណាស់។ នៅតាម​ដង​ផ្លូវ​ សំបូរ​តែ​ឡានក្រុង​ធំៗ បើក​លឿនៗ ហើយឡាន​ឡំប្រ៊ឺតា និង​ឡាន​រត់​តាក់ស៊ី​ដឹកអ្នកដំណើរ​ ឃើញ​មាន​​ព្រោងព្រាត។ ឡានតាក់ស៊ី​នៅ​ក្នុង​ទីក្រុងយ៉ាំងហ្គូនបច្ចុប្បន្ន​ សំបូរ​តែ​ម៉ាក Toyota Carina ស៊េរី​ឆ្នាំប៉ែត​ប្លាយ អត់មាន​​ម៉ាស៊ីន​ត្រជាក់ ដែល​អ្នក​បើកបរ​​ជា​បុរស​ភាគច្រើន ស្លៀកតែសារុង និង​ទំពារ​​ស៊ីម្លូស្លា​​​​​ រួច​ស្តោះ​ទឹក​មាត់​ផែតៗ ក្នុង​ពេល​កំពុង​បើក​បរ..!!..

រឿង​ចំឡែក​មួយទៀត… នោះគឺនៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គូន (ឬ​អាចនៅ​​ទូទាំង​សហភាព​មីយ៉ាន់ម៉ា​​​ផង​ក៏​មិន​ដឹង) គឺគ្មាន​​ស្រ្តីភូមា​ណា​ម្នាក់​ស្លៀកខោសោះ..!!.. ឬក៍​មាន​ស្លៀក​ខោដែរ តែ​ខ្ញុំ​មិន​បាន​ឃើញ​ក៏​មិន​ដឹង តែ​ខ្ញុំ​ស្នាក់នៅ​មួយអាទិត្យ ដូច​ជា​មិន​ប្រទះ​ភ្នែក​សោះ។ ស្រ្តី​ភូមា​ទាំង​ក្មេងទាំង​ចាស់ ​​គឺ​ស្លៀក​សំពត់ ឬសារុង ដែល​ភាគ​ច្រើន​ស្លៀក​ស្រុង​លប់​ចុង​ជើង​តែ​ម្តង។ ហេតុនេះ សំរាប់​សុភាព​បុរស​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​​ឃើញ​​ “សាច់​ភ្លៅ” ក្រមុំ​ភូមា​ ប្រហែល​ជា​យាប់​ហើយ ព្រោះ​ស្រ្តី​ភូមា​មិនមាន​នរណា​​​ចិត្តល្អ ​ស្លៀក​ខ្លី​​ខើចៗ ​បង្ហាញ​គល់​ភ្លៅ​ដូច​ក្រុម​តារា​​ឆីៗ នៅ​ស្រុក​យើង​ឡើយ។​

អត្រាប្តូរប្រាក់នៅ​ទីក្រុង​យ៉ាំងហ្គូន គឺ ១ដុល្លា​ ដូរ​នៅទី​ផ្សារ​ងងឹតបានចន្លោះ​ពី ៨០០ ទៅ ​៨៥០ឃ្យាត (Kyat)។ ឯអត្រា​​ប្តូរប្រាក់​​ផ្លូវ​រដ្ឋ​វិញ គឺ ១ដុល្លា ដូរ​បាន​តែ ៧០០​ឃ្យាត​ទេ។ ដោយ​ចង់​ដឹង​រឿងទី​ផ្សារ​ងងឹត​​នេះ ខ្ញុំ​បាន​ទៅ​សួរ​រក​ដូរ​លុយ​នៅ​កន្លែង​​លក់មាស​មួយ​កន្លែង​ក្នុង​ផ្សារ​មួយ។ ពេល​ខ្ញុំ​​សួរ​នាំ​ចង់​ដូរ​លុយដុល្លា អ្នកលក់​មាស​បានទូរស័ព្ទ​ទៅ​អ្នក​រកស៊ី​​ដូរ​លុយ​ភា្លម។ មួយ​សន្ទុះ​ក្រោយ​មក អ្នក​ដូរ​លុយ​បាន​មក​ដល់ រួចនិយាយ​តថ្លៃ​គ្នា​ទៅ​មក​ជា​មួយ​ខ្ញុំ… ហើយ​​ក្រោយ​ពេលត្រូវ​រ៉ូវ​គ្នា ​​​ខ្ញុំ​ដូរ​​​​បាន​ក្នុង​អត្រា ១ដុល្លា ថ្លៃ ៨៣៥​ឃ្យាត​។ ទិដ្ឋភាព​នេះ​ គឺ​ដូច​គ្នា​នឹង​ស្ថានភាព​ស្រុក​យើង​ដែល​ទើប​នឹង​ចាប់​ផ្តើម​អនុវត្តន៍​របប​ទី​ផ្សារ​សេរី​កាល​ពី​ដំបូងៗ​ណាស់។ ប៉ុន្តែអ្វី​ដែល​ប្លែក​ក្នុង​រឿង​ដូរ​លុយ​នេះ គឺ​ក្រដាស​ប្រាក់​ដុល្លា​អាគាំង ត្រូវ​តែ​ស្អាត​ភ្លឹង មិនចាស់ មិនទក់ និង​ជា​ពិសេស គឺ​មិន​​​ឃើញ​មាន​​ទឹកប៊ិច​គូសវាស ឬសរសេរ​នៅ​លើ​ក្រដាស​ប្រាក់​​​​ជា​ដាច់​ខាត។ បើ​មិន​អីចឹង​ទេ គឺ​អត់​ដូរ ឬព្រម​ដូរ​ដែរ តែ​ត្រូវ​ចុះ​ថ្លៃ ឬកាត់​ខាតទឹក…។ ចំណែក​លុយ​បាតថៃ ខ្ញុំ​មិន​បាន​សួរនាំ​ទេ។

ចំណុច​ប្លែក​សំខាន់​មួយ​ទៀត​នោះគឺ អ្នក​រស់​នៅទីក្រុង​យ៉ាំងហ្គូន និយម​បរិភោគ​សាច់ជ្រូក ជាង​សាច់គោ។ រឿង​នេះ​នាំ​អោយ​ខ្ញុំ​សង្កេត​ដឹង​ថា អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​នេះ ១០០ភាគរយ គឺជា​អ្នក​ប្រ​កាន់នូវ​ព្រះពុទ្ធសាសនា​​ខ្ជាប់​ខ្ជួន​ណាស់​ ដែល​ជា​ហេតុធ្វើ​អោយ​ពួក​គេ​មិន​​បរិភោគ​សាច់​គោ​ទេ ព្រោះថា ​សត្វ​គោ​​ជា​តំណាង​អោយ​ជាតិ​កំណើត​ព្រះ​ពុទ្ធ​សមណគោតម​… ហើយ​នៅ​ក្នុង​ទី​ក្រុង​យ៉ាំងហ្គូន​នេះ​ដែរ ប្រហែល​ជា​គ្មាន​ជន​ជាតិ​​ឥស្លាម​​ណា​រស់​នៅ​ សូម្បី​តែ​មួយ​គ្រួសារទេ ព្រោះ​ខ្ញុំ​មិន​បាន​ឃើញ​មាន​ជនជាតិ​ឥស្លាម​ណា​ម្នាក់ ​ធ្វើ​ដំណើរ​តាម​ផ្លូវ ឬ​ក៍​ប្រទះ​ឃើញ​មាន​ព្រះវិហារ​ឥស្លាម​ណា​មួយ​ នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គូន​ឡើយ។ ការ​នេះ​នាំ​អោយ​ខ្ញុំ​យល់​ដឹង​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ពី​ជំលោះ​ជាតិសាសន៍​ដ៏​ក្តៅគគុក និង​មិន​អាច​ផ្សះផ្សា​បាន​ រវាង​អ្នកកាន់​ពុទ្ធសាសនា និង​ឥស្លាម​សាសនា​ នៅ​ក្នុង​សហភាព​មីយ៉ាន់ម៉ា​ នា​ពេល​ថ្មីៗ​​កន្លង​ទៅនេះ…។

នៅ​ក្នុង​បទបង្ហាញ​មួយ​បាន​អោយ​ដឹង​ថា សហភាព​មីយ៉ាន់ម៉ា​ មាន ១៣៥​ជនជាតិ និង ១៣៥​ភាសា​ដែរ ហើយ​ជនជាតិ​ភូមា​(Burma) មាន ៦៨%​  នៃ​ចំនួន​ប្រជាជន​សរុប ដែល​​ទាំង​អស់​នោះជា​អ្នក​គោរព​បូជា​​ព្រះពុទ្ធសាសនា។

ប្រកាសក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពីវត្តស្វីដាហ្គន (Shwedagon Pagoda) ឬមហាចេតីយ៍​​មាស​​​​​​​​​​​​​​​​​​ដ៏​អស្ចារ្យ ដែល​នៅ​​ក្នុង​នោះ​ មាន​រឿង​រ៉ាវ​ប្លែកៗ​ជា​ច្រើន​ទៀត… ហើយ​ខាង​ក្រោមនេះ គឺ​ជា​ទិដ្ឋភាពជ្រុង​មួយ​នៃ​ទីក្រុង​យ៉ាំងហ្គូន ក្នុង​ឳកាស​ដែល​ខ្ញុំ​ទៅ​ឃើញ​ជា​លើក​​ដំបូង កាល​ពី​ដើម​ខែវិច្ឆិកា ឆ្នាំ២០១២ នេះ…

ស្រុកស្រែ

_____________________________________________________

អត្ថបទដែលទាក់ទង៖

Advertisements

12 responses to “ជ្រុងមួយនៃទីក្រុង​យ៉ាំងហ្គូន ​​សហភាព​មីយ៉ាន់ម៉ា…

  1. ចាបាយនិងប្លែកភ្នែកដល់ហើយពូឆុកឈែ!

  2. តាម​​សំណេរ​របស់​ពូ​ស្រុក​ស្រែ ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ថា​ស្រុក​ភូមា​ពិត​ជា​ប្លែក​មែន។ កង់​ម៉ូតូ​ស្ទើរ​តែ​មិន​មាន….. មិន​គួរ​ឲ្យ​ជឿ​សោះ! មក​ពី​ខ្ញុំ​នៅ​ក្នុង​អណ្ដូង​យូរ​ពេក មិន​ដែល​បាន​អើត​ចេញ​មើល​ខាង​ក្រៅ X-D ហាហាហាហា

  3. គួរឲ្យជក់ចិត្តមែនទែន ការរៀបរាប់របស់បង! ខ្ញុំដឹងមួយទៀតថា អ្នករបរនេសាទភូមា គឺទម្លាប់ប្រើជើងចែវទូក បងមានគន់មើលទេ? អ្នកទេសចរណ៍ជាច្រើនដែល​ទៅភូមាតែងមានបំណង​ទៅឃើញរូបភាពនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s