វិចិត្រសាល

នៅតាមផ្លូវពីទីក្រុងយ៉ាំងហ្គូន ​ទៅណៃពិដោរ ​និងវត្តអាប់ប៉ាតាសន្តិ…


នៅពេល​ធ្វើ​ដំណើរ​ចេញផុត​ពី​ទីក្រុង​យ៉ាំងហ្គូន​ទៅ ទិដ្ឋភាព​​ភូមិឋាន​របស់​អ្នក​ស្រុក​ជនបទ ដែល​ភាគ​​ច្រើន​ជា​ផ្ទះ​​ស្លឹក​តូចៗ ត្រង់នេះ​មួយ​ដុំ ត្រង់​នោះ​មួយ​ដុំ… ដូច​គ្នា​នឹង​ភូមិឋាន​​ជនបទ​នៅ​ស្រុក​ខ្មែរ​យើង​ដែរ។ អ្វី​ដែល​ដូច​គ្នា​​នឹង​ស្រុក​យើង​ទៀត​នោះ គឺ​ដើម​ត្នោត​ដែល​មាន​ដុះ​ហូរហែ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្ញុំហាក់​​ដូច​ជា​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ៥ កាត់​តាម​ខេត្ត​កំពង់ឆ្នាំង ​អញ្ចឹង​ដែរ… គឺ​ដោយសារ​តែ​មើល​ទៅដូច​គ្នា​ពេក..!!..

ខ្ញុំ​ក៏មាន​ការ​កត់​សំគាល់​ផង​ដែរ​ថា វិថីនានាក្នុង​ទីក្រុងយ៉ាំងហ្គូន គឺចាក់អ៊ុត​ដោយ​កៅស៊ូ​បេទីមមីណឺ។ តែ​ផ្លូវជាតិ​ដែល​តភ្ជាប់​ពី​ទីក្រុងមួយ ទៅទីក្រុង​មួយ​ គឺជា​ផ្លូវ​ដែល​កសាង​ឡើង​ដោយបេតុង​ស៊ីម៉ង់​ គ្មាន​លាយ​ថ្នល់​​កៅស៊ូ​ សូម្បី​តែ​មួយ​ចំអាម…។ ជាក់ស្តែង ផ្លូវ​ជាតិ​​ពី​​យ៉ាំងហ្គូន ទៅ​ណៃពិដោរ ដែល​មាន​ចំងាយជិត​បួន​រយ​គីឡូម៉ែត្រ គឺ​ជា​ផ្លូវ​ចាក់​បេតុង​ស៊ីម៉ង់សុទ្ធ។

នៅតាម​ផ្លូវធ្វើដំណើរចំងាយ​ប្រមាណ ២០០គ.ម ពីទីក្រុង​យ៉ាំងហ្គូន (ពាក់កណ្តាល​ផ្លូវ) មាន​ស្ថានីយ៍ចំណត​រថយន្ត​ដ៏​ធំ​មួយ សំរាប់​អោយ​អ្នក​ដំណើរទៅ​មក ​ឈប់​សំចត…។

មិន​ខុស​ប្លែក​ពី​ទីក្រុង​យ៉ាំងហ្គូនដែរ… លក្ខណៈ​ស្ថានភាព​ដី​នៅ​ទីក្រុង​ណៃពិដោរ របស់​សហភាព​មីយ៉ាន់ម៉ា មិន​រាប​ស្មើ​ទេ។ ទីតាំង​ភូមិសាស្រ្ត​របស់​ទីក្រុង​ទាំង​ពីរ​នេះ ស្ថិត​នៅ​លើ​តំបន់ព័ទ្ធទៅ​ដោយ​ជួរ​ភ្នំ ដែល​ជ្រលង​ភ្នំ​ទាំង​នោះ​​​មាន​សណ្ឋាន​ខ្ពស់​ទាប រដិបរដុប​ ដូច​គ្នា​នឹង​ក្រុង​កំពង់សោម​យើង​ណាស់។ ផ្ទុយទៅវិញ ​ស្ថានភាព​ដី​នៅ​​ចន្លោះ​រវាង​​ទី​ក្រុងទាំង​ពីរ​នេះ បែរ​ជា​រៀប​ស្មើ​ និង​ភាគ​ច្រើន​ជា​វាល​ភ្លឹង គ្មាន​ដើម​ឈើធំៗ​សោះ។

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំមួយ​ទៀតនោះគឺ លក្ខណៈ​ពិសេស​នៃទីតាំងភូមិសាស្រ្ត​​​ក្រុង​ណៃពិដោរ ដែល​ជា​ទីក្រុង​រដ្ឋបាល​ថ្មី គឺត្រូវ​បាន​គេច​ផុត​​ពី​គ្រោះ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់ មិន​ដូច​នៅ​ទីក្រុង​យ៉ាំងហ្គូន ដែលជា​​ទីក្រុង​សេដ្ឋកិច្ច​ស្ថិត​នៅ​កៀក​ជាប់​​មាត់​ទន្លេរង្គូន ​ដូច​គ្នា​នឹង​ទីក្រុងបាងកក ប្រទេស​ថៃ ដែល​ស្ថិត​នៅ​កៀក​ជាប់មាត់​ទន្លេ​ចៅប្រាយ៉ា និង​ទីក្រុងភ្នំពេញ​ កម្ពុជាយើង ដែល​ស្ថិត​នៅ​កៀក​មាត់​ជាប់​ទន្លេបួនមុខ​ឡើយ…។

ដោយសារ​តែ​ទីក្រុង​ថ្មីនេះ មិន​មាន​កន្លែង​បូជនីយដ្ឋាន​សំរាប់​ពុទ្ធសាសនិកជន​គោរព​បូជា ទើប​​រដ្ឋាភិបាល​សហភាព​មីយ៉ាន់ម៉ា បានកសាងវត្តអាប់ប៉ាតាសន្តិ (Uppatasanti Pagoda) ឬព្រះ​មហា​ចេតីយ៍​មាសដ៏ធំ​មួយ ​ដូច​គ្នា​នឹង​វត្តស្វីដាហ្គន (Shwedagon Pagoda) ដែរ… តែព្រះ​​មហាចេតីយ៍មាស​វត្តអាប់ប៉ាតាសន្តិ មាន​ទំហំ​ធំជាង​នៅ​វត្ត​ស្វីដាហ្គន​​ ដោយ​នៅ​ទី​នេះ អ្នក​មក​​ទស្សនា​អាច​ចូល​ពី​ក្រោម​ចេតីយ៍​​ខ្នាត​យក្ស​នេះ​​ ដើម្បី​ទស្សនា​ចំឡាក់​នៅ​លើ​ផ្ទាំង​ថ្មតាម​ជញ្ជាំងខាង​ក្នុង ​​មួយ​ជុំព្រះ​មហាចេតីយ៍​មាស​នេះ​ ​ដែលចំឡាក់​ទាំង​អស់​នោះ ​រៀបរាប់​អំពី​ពុទ្ធប្រវត្តិ​​​ហូរហែ ​តាំង​ពី​ដើម​រហូត​ដល់​ចប់។ ​

ការ​ចូល​ទៅ​ទស្សនាវត្តអាប់ប៉ាតាសន្តិនេះ ក៏​មិន​ខុស​ប្លែក​ពី​ការ​ចូល​ទៅ​ទស្សនា​វត្ត​ស្វីដាហ្គន​ដែរ ​តែ​នៅ​ទី​នេះ​មាន​វិន័យ​តឹង​រឹង​ជាង ដោយ​តំរូវ​អោយ​ស្រ្តីភេទទាំងអស់​ រាប់ទាំង​ស្រ្តី​បរទេសផងដែរ​​ ត្រូវ​តែស្លៀក​សារុងវែង…។ ប្រសិន​បើ​ភ្ញៀវ​ទេសចរណ៍​ជា​ស្រ្តី​ ស្លៀក​ខោ​ ឬ​ស្លៀករ៉ូប​ខើចៗ​ពី​នាយ​​មក នៅ​ពេល​​ចូល​ដល់​​ត្រឹម​មាត់​ទ្វារ នឹង​មាន​គេ​ផ្តល់​សារុងអោយស្លៀក​​រុំពី​ក្រៅ ​ស្រុង​វែង​ដល់​កែង​ជើង​តែ​ម្តង…។

ដោយសារ​តែខ្ញុំចូល​ទៅ​វត្តអាប់ប៉ាតាសន្តិ​ នា​ពេល​យប់ ហេតុនេះ​ខ្ញុំ​មិន​មាន​រូបភាព​​ច្រើន​ស្តី​ពី​វត្តនេះ​ទេ​… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​មួយ​ចំនួន​នៅ​តាម​ដង​ផ្លូវ​ពីទីក្រុង​​យ៉ាំងហ្គូន ទៅណៃពិដោរ និងវត្តអាប់ប៉ាតាសន្តិ ហើយ​ខ្ញុំ​ក៏​សូម​បិទបញ្ចប់​នូវ​កំណត់​ត្រាក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា​​របស់​ខ្ញុំ​ជា​លើក​ដំបូង ​​នៅ​ពេល​នេះ​ផង​ដែរ។

សូមអរគុណ​ដល់​អស់​លោក​អ្នក ​ដែល​បាន​អាន​កំណត់​ត្រា​របស់​ខ្ញុំ​តាំង​ពី​ដើម​រហូត​ដល់​ចប់នេះ…៕​

ស្រុកស្រែ

_____________________________________________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s