វិចិត្រសាល

ទិដ្ឋភាព​​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ​ក្នុង​ដំណាក់កាល​​​ជួសជុល​​​ពង្រីក​តួផ្លូវ​…


ខាងក្រោមនេះ គឺ​រូបថតមួយ​ចំនួន បង្ហាញ​ពី​សកម្មភាព​​ជួស​ជុល​​ពង្រីក​តួ​ផ្លូវ និង​កសាង​ស្ពាន​ភ្លោះ​ថ្មី​ទៅ​តាម​​ការ​ពង្រីក​ទំហំ​ព្រែក​បង្ហូរ​ទឹក នៅ​ផ្លូវជាតិលេខ៦ (អតីតផ្លូវ​ជាតិ​លេខ 6A) ដែល​តាមគំរោង គឺ​ចាប់​ពង្រីក​​ពី​ត្រឹម​​គល់​ស្ពាន​ជ្រោយ​ចង្វារ​​ត្រើយ​ខាង​កើត រហូត​ទៅ​ទល់​នឹង​ថ្នល់កែង ដែល​ជា​ចំណុច​ប្រសព្វគ្នា​នឹង​ផ្លូវ​​ជាតិ​លេខ៦១…។ តែ​រូប​ភាព​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយនៅ​ពេល​នេះ ​គឺ​ខ្ញុំ​នឹង​បង្ហាញ​តែចាប់​ពីត្រឹម​​គល់​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត រហូត​ដល់​​គល់​ស្ពាន​ព្រែកតាមាក់ ​​ត្រើយ​ខាង​លិច​តែ​ប៉ុណ្ណោះ…។

សំរាប់​អស់​លោក​អ្នក​ដែល​ខាន​ធ្វើ​ដំណើរ​តាម​ផ្លូវនេះ បច្ចុប្បន្ន​នឹង​ជួប​នូវ​ការ​លំបាក​ជា​មិន​ខាន ដោយសារ​តែផ្លូវ​មាន​ជង្ហុករដិបរដុប, ធូលីដីហុយ​សំពង និង​ការកក​ស្ទះ​យាន​យន្ត​ដោយ​អន្លើ ជា​ហេតុ​​​បណ្តាល​អោយ​ការ​ធ្វើ​ដំណើរ​របស់​អស់​លោក​អ្នក ​​យឺតៗ គើមៗ ដែល​យ៉ាងហោច​ណាស់​ក៏​ចំណាយ​ពេល​អស់មួយ​ម៉ោង​ដែរ ទំរាំ​ទៅ​ដល់​​គល់​ស្ពាន​ព្រែក​តាមាក់។ ​តែចាប់​ពី​ត្រឹម​គល់​ស្ពាន​ព្រែក​តាមាក់​​ទៅ បើ​ទោះ​ជា​អស់​លោក​អ្នក​​ចង់​ធ្វើ​ដំណើរទៅ​ត្រង់តាម​ផ្លូវ​ជាតិ​លេខ៦ សំដៅ​ទៅ​ខេត្តកំពង់ធំ, សៀមរាប, កំពង់ចាម ​ក៏ផ្លូវ​នេះ​​​​​លែង​កក​​ស្ទះ​ដែរ… ឬក៏​ត្រូវ​​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ទៅ​តាម​ផ្លូវ​ជាតិ​លេខ៨ សំដៅ​ទៅ​ខេត្ត​ក្រចេះ, មណ្ឌលគីរី វិញ គឺ​ផ្លូវ​នេះ​ស្រឡះ​ធេង​តែ​ម្តង។

បច្ចុប្បន្នកំណាត់​ផ្លូវ​ជាតិ​លេខ៦ នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពង្រីក​តួផ្លូវ និង​ការ​សាងសង់​ស្ពាន​ភ្លោះ​​នៅ​ត្រង់​កន្លែង​​​ស្ពាន​ចាស់ៗ​​ទាំង​អស់​​​​កាល​ពី​មុន យ៉ាង​មមា​ញឹក​បំផុត…។​

មានរឿង​ហួស​ចិត្ត​មួយ​ ​ដែល​ខ្ញុំ​ចង់​ជំរាប​អស់​លោក​អ្នក​​អោយ​បាន​ជ្រាប​ផង​ដែរ​ថា នៅហួស​​​ស្ពាន​​ទី៦ ​​តាម​បណ្តោយ​កំណាត់​ផ្លូវ​ជាតិ​កំពុង​ជួស​ជុល​​​នេះ ​មាន​របា​រកាត់​ទទឹង​ផ្លូវ​មួយ​ មិន​ដឹង​ថា ជារបស់​សាលារាជធានី ឬ​ក៏​​ជា​របស់​ក្រុមហ៊ុន​ស្ពាន​ព្រែក​ព្នៅទេ។ នៅ​​កន្លែង​របារ​​​នេះ ​ខ្ញុំក៏​​ឃើញ​មាន​កង​កំឡាំង​សមត្ថកិច្ច​​ជាតិ នៅ​យាម​ប្រចាំ​ការ​ផង​ដែរ ដោយ​មិន​ដឹង​ថា យាម​ការ​ពារ​សន្តិសុខ ឬ​មួយ​​ក៏​​​យាម​​ការ​ពារ​របារ​នេះ​កុំ​អោយ​​ដួល​រលំ​ ឬ​ក៏​​នៅ​​ត្រៀម​កំឡាំង​ចាំ​​​លើក​របារ​​ឡើង និងដាក់​ចុះ​ក៏​មិន​ដឹង ដែល​ពេល​ខ្លះ​​ឃើញ​លើក​ខ្ពស់​ទៅខាង​លើ ឯ​ពេល​ខ្លះ​ទៀត ឃើញ​ទំលាក់​ចុះ​មក​​ក្រោម​ទាប​សឹង​ដើរ​ទើស​ក្បាល​​។ របារ​ទទឹង​ថ្នល់​នេះ ប្រហែល​ជា​កសាង​ឡើង​ដោយ​យោង​ទៅ​លើ​បទបញ្ជា ​ឬវិធានការណ៍​​កាត់​បន្ថយ​​​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទី​ក្រុង​ ដោយបាន​ធ្វើការ​បញ្ចៀស​​រថយន្ត​ធំៗ​ឆ្លងកាត់​​​ទីក្រុង… ដើម្បី​ធ្វើ​អោយ​ក្រុងភ្នំពេញ​យើង ក្លាយ​ទៅ​ជា​ទី​ក្រុង​ដ៏​ស្រស់​ប្រិមប្រិយ​(sic!)…។ តែ​ខ្ញុំ​មើល​ទៅ​​របារ​ទទឹង​ថ្នល់​នេះ ហាក់​ដូច​ជា​ព្រួល​​ដែល​មាន​ “កំពស់២.៥ម” ទៅ​វិញ​ទេ ព្រោះ​ថា​របារ​នេះ​ ហាក់​ប្រើ​ប្រាស់​​សំរាប់​ជួយ​​កៀង​ស្ទាក់​ចាប់​ត្រីធាត់ៗ (ឡាន​ធំៗ) អោយ​​ធ្វើ​​ដំណើរ​​តាម​ស្ពាន​ព្រែកព្នៅ ​ចូល​ទៅ​ក្នុង​ស៊ង (កន្លែង​បង់​លុយ) ដោយ​គ្មាន​អោយ​របូត​រួច​​ឡាន​​​ណាមួយ​ ​និង​ដោយ​គ្មាន​ការ​​លើក​លែង​សោះ​ឡើយ​…។

ខ្ញុំ​មិន​មាន​គំនិត​អី​ប្រឆាំង​ ឬទើស​​​មិន​សប្បាយ​ចិត្ត​នឹង​ការ​​​​ប្រើប្រាស់​របារ​​នេះ​ទេ… តែអ្វី​ដែលជា​ការ​​ហួស​ចិត្ត​នោះ​គឺ ដោយ​វក់​សប្បាយ​នឹង​ចាប់​ត្រី​ធាត់ៗ ​(ឡានធំៗ) ដែល​មាន​កំពស់​​លើស​ពី ២.៥ម បែបនេះ​ហើយ ទើប​បាន​មាន​​ព្រឹក​មួយ ចៃដន្យ​ក្នុង​ឳកាស​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​​របស់​ក្រុមហ៊ុន​ស្ពាន​ព្រែក​ព្នៅ (ឬក៍​បុគ្គលិក​​សាលា​រាជធានី?) ​បាន​ស្ទាក់​ឃាត់​ឡាន​​ម៉ាក​ “ហុងដា​ស្រកានាគ” ដែល​បាន​ដឹកសព​យក​ទៅ​បញ្ចុះ…។ ខ្ញុំក៏​ឃើញ​សាច់​ញាតិ​គ្រួសារ​សពឈរជជែក​ជា​មួយ​មនុស្ស​មួយ​ចំនួន​នៅ​ទី​នោះ ហើយ​ខ្ញុំ​ក៏​មិន​បាន​​ដឹង​ផង​ដែរ​ថា តើ​គ្រួសារ​នៃ​សព​បាន​បង់​ប្រាក់​ប៉ុន្មាន​ លើ​ថ្លៃ​ដឹក​សព​ឆ្លង​កាត់​របារ​នេះ​ ឬ​ក៏​​មិន​ត្រូវ​បាន​បង់​នោះ​ទេ ព្រោះ​​ខ្ញុំ​ខ្ជិល​នៅ​រង់​ចាំ​មើលដោយ​​ខ្លាច​​កក​ស្ទះ​​ចរាចរណ៍​បណ្តាល​មក​ពី​អ្នក​ចូល​រួម​ដង្ហែរ​សពនេះ។​ តែ​ពេល​ខ្ញុំ​ចុច​កញ្ចក់​ឡាន​ចុះ ខ្ញុំបាន​ឮ​អ្នក​ជិះ​ម៉ូតូ​តាម​រថយន្ត​ហែសព​​​បាន​រអ៊ូថា៖ អា​ក្រុម​ហ៊ុន​ចោរ​ម្រ៉ាយ​​… សូម្បី​តែ​​ឡានដឹក​សព​ ក៏​វា​មិន​លើក​លែងដែរ..!!..??..

ស្រុកស្រែ

Advertisements

8 responses to “ទិដ្ឋភាព​​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ​ក្នុង​ដំណាក់កាល​​​ជួសជុល​​​ពង្រីក​តួផ្លូវ​…

  1. អស្ចារ្យមែនពួកអស់នេះ! (sic)

  2. ហាសហា កាលមុនខ្ញុំឧស្សាហ៍ងើបម៉ោងបួនទៅផ្ទះ ឃើញឡានដឹកអុសកៅស៊ូកំពស់ណាណី បើកឆ្លងតាម ផ្លូវដាក់របានេះ ហើយចាប់រលាក់ដៃជាមួយអ្នកយាមរបាហ្នឹង គ្មានឃើញគេហាមផង។
    ពូអើយ ស្រុកស្មែរអីឡូវ គ្មានអីឈ្នះតាស្រម៉ូមទេពូ។

  3. អរគុណច្រើន​ស្រុក​ស្រែ​ដែល​បាន​ចែក​រំលែក​ទិដ្ឋភាព​ទាំងនេះ ជា​រូប​ភាព​ដែល​ខ្ញុំ​តែង​តែ​រក​មើល​តាម​អ៊ីនធឺណែត ពិសេស​ទាក់ទិន​និង​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងឡាយ​នៅ​ស្រុក​យើង។ តាមរយៈ​រូបភាព​ខាងលើ សកម្ម​ពង្រីក​ផ្លូវ​នេះ​ហាក់​ដូច​ជា​យឺត​ជាង​គំរោង។ បើតាម​កម្មវិធិ​សាង​សង់​ផ្លូវនេះ​ រហូត​មកដល់​ចុងឆ្នាំ​២០១២ គេ​គួរ​តែ​ចាប់​ផ្ដើម​ការងារ​លើ​ស្រទាប់​ទី​៣​ (base work) ដើម្បី​ឈាន​ដល់​ការ​ក្រាល​កៅ​ស៊ូ​អ៊ុត​នា​ចុង​ឆ្នាំ​ក្រោយ។ តែតាម​រូបភាព​ខាងលើ កន្លែង​ភាគច្រើន​គេ​នៅ​កំពុង​តំណើរ​ការ​ ការងារ​គ្រឹះ​ (Embankment) នៅ​ឡើយ។ នា​ចុង​ឆ្នាំ​នេះ​ខ្ញុំ​នឹង​មាន​ឪកាស​ធ្វើ​ដំណើរកាត់​ផ្លូវ​នេះ​ដែរ​ដើម្បី​ឆ្ពោះ​ទៅ​ខេត្ដ​ព្រៃវែង។

    • អរគុណលោកសំបូរ… ខ្ញុំក៏គិតថា ការ​ជួសជុល​ពង្រីក​តួផ្លូវ​នេះ គឺ​យឺត​មែនទែនដែរ។ តែ​ខ្ញុំ​យល់​ថា ភាពយឺតយ៉ាវ​មិនមែន​មក​ពី​បច្ចេកទេស​ទាំង​​ស្រុងទេ… ជួនកាល​យើង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជា​មួយ​អ្នក​ស្រុក​តាម​បណ្តោយ​ផ្លូវ​នេះ​មិន​បាន​ទាន់​ពេល​វេលា ក៏​ធ្វើ​អោយ​យឺតយ៉ាវ​ដល់​ដំណើរ​ការ​សាងសង់​​ផ្លូវ​នេះ​ផង​​ដែរ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s