វិចិត្រសាល

ស្ពានឫស្សី កោះប៉ែន…


តាម​ខ្ញុំ​ធ្លាប់​ដើរ​​ស្ទើរ​តែ​ពេញ​ផ្ទៃ​​ស្រុក​ខ្មែរ ប្រហែល​ជា​គ្មាន​ស្ពានដែល​សង់ឡើង​អំពី​ឫស្សី​ វែង​ដូច​ស្ពាន​ឆ្លង​ទៅ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម នេះ​​ទេ…។ ស្ពាន​ឫស្សីនេះ​ ត្រូវ​បាន​សាង​សង់​ឡើងសំរាប់​ឆ្លងពីកំពង់ចាម ទៅកោះប៉ែន នារដូវ​ប្រាំង ហើយ​គល់​ស្ពាន​នេះ គឺ​ស្ថិត​នៅ​ចំកំពង់ដ ដើមពោធិ មុខ​វត្តដីដុះ​ (ស្រុកភូមិតាម៉ាប់!…)។​​

ស្ពានឫស្សី ​ដែល​អស់លោក​អ្នក​​បានឃើញ​ ដូច​ក្នុង​រូប​ថត​នេះ គឺ​ម្ចាស់​ស្ពាន​ទើប​តែ​សម្ពោធ​ដាក់​អោយ​អ្នក​ដំណើរ​ឆ្លង​កាត់​ ​កាល​ពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លង​ទៅ​ថ្មីៗ​នេះ​ទេ…។ ចំពោះ​តំលៃ​ឈ្នួល​ឆ្លងកាត់គឺ៖

  • អ្នកដំណើរម្នាក់ = ៥០០រៀល
  • អ្នកដំណើរម្នាក់ រួមទាំងម៉ូតូ១ = ១.៥០០រៀល
  • រថយន្តធុនតូច ១គ្រឿង = ១៥.០០០រៀល
  • រថយន្តដឹកអ្នកដំណើរធុន ១២កៅអី ១គ្រឿង = ២០.០០០រៀល

អ្វីដែល​ខ្ញុំ​ស្ញើចសរសើរ​នោះគឺ សំណង់ស្ពាននេះត្រូវ​បាន​សង់ឡើង​អំពីឫស្សី​ទាំង​ស្រុង ហើយ​នៅ​ពេល​ធ្វើ​ដំណើរឆ្លងកាត់ សំឡេង​សន្ធឹក​ស្នូរ​ឫស្សី​សង្គៀត​គ្នា បាន​លាន់​ឮលប់​ទៅ​លើ​សំឡេង​ម៉ូតូ​ទៅ​ទៀត។ ជា​ចំងល់​របស់​ខ្ញុំ​គឺថា ប្រសិន​បើ​ស្ពាននេះ​បាក់ ធ្វើ​អោយ​ធ្លាក់​ឡាន​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​​ទន្លេ​ភ្លុង​ទៅ… តើ​ម្ចាស់​ស្ពាន​​ទទួល​ខុស​ត្រូវ​យ៉ាង​ម៉េច​ដែរ?… ឬ​មួយ​ក៏​សុំ​រួច​ខ្លួន ដូច​ពួក​ផ្ញើ​ឡាន-ម៉ូតូ​នៅ​ស្រុក​អំពេញ​ដែរ​ឬយ៉ាង​ណា?… ហេតុ​នេះ ខ្ញុំ​ថា​យក​ល្អ នៅ​លើ​ស្លាក​ប្រកាស​​ឯ​គល់​ស្ពាន, ម្ចាស់​ស្ពាន​នេះ​​​​គួរ​តែ​សរសេរ​បញ្ជាក់​ថែម​ទៀត​ដាក់ថា៖ បើ​ធ្លាក់ម៉ូតូ និង​រថយន្ត​ចូល​ទៅ​ក្នុង​ទឹកទន្លេ យើង​ខ្ញុំ​មិន​ទទួល​ខុស​​ត្រូវ​​ឡើយ… អាហ្នឹង​បាន​ច្បាស់…​។​

សំរាប់​ខ្ញុំ ពេល​ឈរ​នៅ​​លើស្ពានឫស្សីកោះប៉ែន ហើយ​​ក្រ​ឡេក​​មើល​ទៅ​​ស្ពាន​បេតុង គីហ្សូណា ដែល​សណ្តូក​ខ្លួន​ទៅ​រក​​ច្រាំង​ទន្លេបិទ ​គឺ​ហាក់​​ដូច​​ជាខ្ញុំ​កំពុង​តែ​សំឡឹង​មើល​​​​ទៅ​យុគ​សម័យ​​ដ៏​​​ទំនើប​​ជឿន​លឿន​មួយ… ហើយ​ពេល​ដែល​ខ្ញុំ​មើល​​មកស្ពានឫស្សី​ដែល​កំពុង​សណ្តូក​ខ្លួន​ លូន​​​​ទៅ​រក​ឆ្នេរ​​​កោះប៉ែន​​ កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ​​នេះ​វិញ គឺខ្ញុំ​​ហាក់​ដូច​ជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​យុគ​ថ្ម​រំលីង​ យ៉ាង​ម៉េច​មិន​ដឹង​ទេ..!!..

ជាចៃដន្យទៅទៀត… នៅចន្លោះ​ស្ពានបេតុង និង​ស្ពាន​ឫស្សី នៃ​ដង​ទន្លេ​ធំ ​ខេត្ត​កំពង់ចាម​​នេះ​ ខ្ញុំ​ក៏​ឃើញ​មាន​កាណូត​បូម​ខ្សាច់ “ស្តារបាតទន្លេ” កំពុង​តែ​រោទិ៍​ម៉ាស៊ីន​ហុយ​ផ្សែង​ទ្រលោម… ហើយ​តាម​មើល​សកម្មភាព​នេះ គឺថា… ​ជាការ​វ៉ៃ​សំរុក​បូម​ខ្សាច់​​អោយ​បាន​​​ខួប​ប្រាំង​ ខួប​វស្សា… ដើម្បី​… ១ហិកតា គឺ​ថា… ៣តោន ​ជូនអង្គការ..!!..??..

ស្រុកស្រែ

Advertisements

7 responses to “ស្ពានឫស្សី កោះប៉ែន…

  1. តាំង​ពីកើតមកនៅជាង២០ឆ្នាំហើយ ខ្ញុំមិនដែល​ឃើញ​មាន​ឡាន ឬ ម៉ូតូបាក់ស្ពានធ្លាក់នោះទេ ប្រហែលជា​អញ្ចឹង​ហើយ​បាន​ជា​គេ​មិន​ដែល​ចាប់​អារម្មណ៍​រឿង​គ្រោះថ្នាក់នោះ ។ នៅចាំ​ថា​កាល​ពីជាង ១០ ឆ្នាំមុនពេល​ខ្ញុំ​ទៅ​មុជទឹក​ទន្លេ មាន​ពូម្នាក់ជិះម៉ូតូធ្លាក់ស្ពាន ង៉ោង​! តែចំជាខែប្រាំង ម៉ូតូមិនលិចទៅបានបាតទន្លេ ។

    • ថាមិនត្រូវទេ​តាម៉ាប់អើយ… ប្រសិន​បើ​បាក់​ស្ពាន​ធ្លាក់​ឡាន​​ចូល​​ក្នុង​ទឹក​​ភ្លុង​ទៅ ពេល​នោះ​ស្រាប់​តែ​ម្ចាស់​ស្ពាន​ស្រែក​ពី​ច្រាំង​មក​ថា៖ អត់​ដឹង​ទេ!… នេះ​ជា​ឧបទ្ទវហេតុ​​​… ជា​រឿង​ចៃដន្យ​​​គួរ​អោយ​សោក​ស្តាយ..!!.. ហើយ​មុន​នឹង​ឆ្លង ម៉េច​មិន​មើល​ប្រកាស​គេ​ប្រាប់​​នៅ​ក្បាល​ស្ពាន?…

      រួច​ហើយ​ម្ចាស់​ស្ពាន​ ក៏​អោយ​អ្នក​រង​គ្រោះ​​​ទៅ​​ទារ​សំណង​ពី​ អ៊ិន ត្រពាំង​​ក្រឡឹង​ទៅ… :-D​

  2. ប្រហែលជារដ្ឋាភិបាលខ្លះថវិការហូតដល់គ្មានអ្វីកសាងស្ពាននេះបាន។

    • ហេហេ… មិនដល់ថ្នាក់ហ្នុង​ទេ… ព្រោះស្ពាននេះ ម្ចាស់កំពង់ចំឡង កំពង់ចាម-កោះប៉ែន បាន​សាងសង់​ឡើង​សំរាប់​អោយ​អ្នក​ដំណើរ​ឆ្លង​យក​លុយ​នា​រដូវ​ប្រាំង​រៀង​រាល់​ឆ្នាំតែ​ប៉ុណ្ណោះ។ សំរាប់​អ្នក​ដំណើរ​ពីចំងាយ ដូច​រាង​​ប្លែក​ភ្នែក​គួរសម​​ដែរ…។

      ហេងស៊យ ស្ពាន​នេះ អាចជាប់​ក្នុង​កំណត់​ត្រា​ភិភពលោក (Guinness World Records) ថា​ជា​ស្ពាន​សង់​ពី​ដើម​ឫស្សី​វែង​ជាង​គេ​ក្នុង​ពិភពលោក ផង​ក៏​អាច​ថា​បាន… 😀

  3. ស្អាតណាស់ខ្ញុំចង់ឃើញ អ្នកអាចនាំខ្ញុំទៅមើលផងបានទេ?

    • អរគុណស្រីតូច… ចាំ​ខ្ញុំ​ទាក់ទង​តាម៉ាប់… 😀
      ទោះជា​យ៉ាង​ណា ស្ពាននេះ​គេ​ធ្វើ​នៅ​ចំ​មុខ​វត្តដីដុះ សំរាប់​ឆ្លង​ទៅ​កោះប៉ែន​នា​រដូវ​ប្រាំង និង​អាច​ចាប់​ផ្តើម​ឆ្លងជា​រៀង​រាល់​ឆ្នាំ ចាប់​​​​ពីក្នុង​អំឡុង​ខែធ្នូ ខាង​មុខ​នេះ​ហើយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s