វិចិត្រសាល

កំណត់ត្រា ភាគ៥៖ វត្តពោធិ ​នៅទីក្រុង​បាងកក…


វត្តពោធិ (Wat Pho or Po) មានទីតាំង​នៅ​ក្បែរ​ព្រះ​រាជវាំង​ថៃ… គឺ​នៅ​ជាប់​របង​​ខាង​ក្រោយ ខណ្ឌ​ដោយ​ផ្លូវ​ម្ខាង​ម្នាក់​។ វត្តដ៏​ចំណាស់​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ដោយ​សារ​​តែ​ទីតាំង​​នៃ​វត្ត​នេះ ស្ថិត​នៅ​​ក្បែរ​ព្រះរាជវាំង​ស្រាប់​ និង​​មាន​​​វត្ត​ព្រះកែវ​ដ៏ល្បីល្បាញ​​នៅ​ក្បែរ​នោះ​ទៀត​ ហើយ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ចៅប្រាយ៉ា ទល់​មុខ​នឹង​វត្តពោធិ​នេះ​ដែរ គឺមាន​​វត្តអរុណ (Wat Arun) ដែល​កំពូល​ចេតីយ៍​នៃ​វត្តនេះ បាន​ចាំង​ឆ្លុះ​ស្រមោល​​មក​ក្នុង​ទឹក​ទន្លេ​ដ៏​ល្អក់វល់​​នេះ​ទៀត បង្កើត​បាន​នូវ​​ភាព​ទាក់​ទាញ​​ដល់​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ខ្លាំង​ណាស់។

ដោយ​ហេតុនេះ ក្រៅពី​យានយន្ត​ផ្លូវគោក, ភ្ញៀវ​ទេសចរណ៍​ក៏​អាច​ធ្វើ​ដំណើរ​មក​​ទីនេះ​ដោយ​មធ្យោ​បាយ​ផ្លូវ​ទឹក​បាន​​ដែរ​​ ព្រោះ​នៅ​ទីនេះ មាន​ផែ​កាណូត​ និង​មាន​កាណូត​តូច​ធំ​​​​រង់ចាំ​ដឹក​ភ្ញៀវ​ត្រៀប​ត្រា ​នៅ​មាត់​ទន្លេ​ចៅប្រាយ៉ា​នេះ​តែ​ម្តង។

សំរាប់​ភ្ញៀវ​​ទេសចរណ៍​បរទេស ​ដែល​ចង់​ចូល​ទៅ​​ទស្សនា​វត្តពោធិ គឺ​ត្រូវ​ទិញ​សំបុត្រ​​ ១សន្លឹក​តំលៃ ១០០បាត (មាន​ផ្តល់​ជូន​ទឹក​សុទ្ធ ១កូនដប)។ ប្រសិន​បើ​ ១ថ្ងៃ​​មាន​ភ្ញៀវ​បរទេស​ ១.០០០នាក់​ចូល​​ទស្សនា នោះ​វត្តពោធិ​នឹង​រក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​​ចំនួន ១០០.០០០​បាត​ដែរ។ តែ​ជាក់​ស្តែង ​វត្តនេះមាន​ភ្ញៀវ​ទេសចរណ៍​​​បរទេស​មិន​តិច​ជាង​ប្រាំពាន់​​នាក់​​ឡើយ ក្នុង​មួយ​ថ្ងៃៗ…។ ហេតុនេះ​អស់​លោក​អ្នក​សាក​ល្បង​គិត​មើល​ទៅ​ថា តើក្នុង​មួយ​ថ្ងៃ​ៗ វត្តនេះ​កើប​យក​លុយ​ពី​វិស័យ​ទេសចរណ៍​​បាន​ប៉ុន្មាន​ដែរ?… អ្វីដែល​ទាក់​ទាញ​ជាង​គេ​នោះ​គឺ ​​បដិមា​ព្រះពុទ្ធ​ទ្រង់ចូល​បរិនិព្វាន​ដ៏​ធំ​មួយ​អង្គ (ឬមួយ​ក៏​​ព្រះ​អង្គ​ទ្រង់ផ្ទុំ​​​ប្រឈួន?) ដែល​ស្ថិត​នៅ​ក្នុង​ព្រះ​វិហារ​មួយ​​មាន​ឈ្មោះ​ថា Phra Vihara of the Reclining Buddha និង​ពុទ្ធបដិមាសំរាប់​អោយ​ភ្ញៀវ​ចូល​ថ្វាយ​បង្គំ​ ​នៅ​ក្នុង​ព្រះ​វិហារ​ Phra Ubosot (ព្រះឧបោសថ)​ ព្រម​ទាំង​ចេតីយ៍​តូចធំ ខ្ពស់​ទាប​រដិប​រដុប​ នៅ​ក្នុង​បរិវេណ​វត្តពោធិ​នេះ​ទាំង​មូល ដែល​បាន​ស្រូប​​ភ្ញៀវ​ទេសចរណ៍​អោយ​ចង់​ចូល​ទៅ​ទស្សនា និង​ថត​រូបភាព​ទុក​ជា​អនុស្សាវរីយ៍…។

ដោយ​ពិត​ទៅ កុំ​ថា​ឡើយ​វត្ត​ពោធិ​ដែល​ធំ​ជាង​គេ​នេះ សូម្បី​តែ​វត្ត​ដទៃ​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ គឺ​​បាន​ផ្តល់​នូវ​ភាព​ត្រ​ជាក់​ភ្នែក និង​​ភាព​កក់​ក្តៅ​​ខ្លាំង​ណាស់។ អ្វី​ដែល​សំខាន់​​នោះគឺ អនាម័យ និង​បរិស្ថាន​នៅ​តាម​ទី​អារាម​សំរាប់​ភ្ញៀវ​ចូល​ទស្សនា​ ដែល​ខ្ញុំ​សូម​សរសើរ​​ស្រុក​គេ ​​ចេះ​រៀប​ចំ​បាន​ល្អ​ណាស់។ ជា​មួយ​គ្នា​នេះដែរ ការ​ផ្តល់​ជូន​ភ្ញៀវ​នូវ​សុវត្ថិភាព សន្តិសុខ ដោយ​​គ្មាន​ការ​​បារម្ភ​ពី​ចោរ​ហារយ​​​លូកកាបូប ឬលូកហោប៉ៅ និង​​អ្នក​សុំទាន​ចាស់​ក្មេង ឆ្វេង​ស្តាំ មុខ​ក្រោយ​ នាំ​អោយ​មាន​​ការរំខាន​​​ដល់​ទឹក​​ចិត្ត​ភ្ញៀវ​ទេសចរណ៍​ ក៏​មិន​មាន​សោះ​ឡើយ​​​នៅ​តាម​កន្លែង​ទេសចរណ៍​​ក្នុង​ទី​ក្រុង​បាងកក។

ចំណុច​​ល្អ​ៗ​ទាំង​នេះ​ហើយ​ដែល​ខ្ញុំ​​​យល់​ថា យើង​គួរ​តែ​រៀន​សូត្រ​ពី​គេ​។ ទី​អារាម​ចំណាស់ៗ​ជាច្រើន ដែល​​​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​យើង ប្រសិន​បើ​យើង​ចេះ​រៀប​ចំ​​ គ្រប់​គ្រង និង​ថែរក្សា​ដូច​នៅ​​ប្រទេស​ថៃ គឺ​ប្រាកដ​ជា​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ខ្លាំង​ណាស់។ ការ​ជួស​ជុល​កែ​លំអ​ ដោយ​បង្ហាញ​ពី​រចនាបទ​ខ្មែរ​បុរាណ​ពិតៗ ព្រម​ទាំង​ការ​រៀប​ចំ​អោយ​មាន​ទាំង​សោភ័ណភាព​ និង​បរិស្ថាននេះ ខ្ញុំគិត​ថា ខ្មែរ​​យើង​ប្រាកដ​ជា​ធ្វើ​បាន​ មិន​ចាញ់​ថៃ​ទេ… ហើយ​បញ្ហា​ថវិកា​ដើម្បី​យក​មក​​រៀបចំ​ទី​អារាម​ប្រវត្តិសាស្រ្ត​​​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ អោយ​មាន​សោភ័ណ​ភាព​​ឡើង​វិញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ​ក៏​ហាក់​ដូច​ជា​មិន​ចោទ​ជា​បញ្ហា​ដែរ។ តែ​បញ្ហា​ពិត​ប្រាកដ​ ​ប្រហែល​ជា​នៅ​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំ​ចេះ​តែ​​ឆ្ងល់​​បែប​ឡប់ៗ​ម្នាក់​ឯង​​​​ថា៖ ហេតុអី​បាន​ជា​ខ្មែរ​យើង​ ហាក់​ដូច​ជា​កំពុង​តែ​​​សំរាន្ត​លង់លក់​ស្រួល​ ជា​មួយ​នឹង​ការ​សុបិន​​ឃើញ​ ពី​មោទនភាព​ដោយ​បាន​កើត​មក​ជាជាតិ​ខ្មែរ ដោយ​​​​មិន​ព្រម​​​ក្រោក​ឡើង​បើក​ភ្នែក​​មើល​គេ​ឯង​សោះ​អញ្ចឹង​​?…

តែគិតៗ​ទៅ “ខ្ជិលឆ្ងល់” ​ពី​​រឿង​ស្រុក​យើង​ច្រើន​ពេក វីវរ​នាំ​​កើត​រោគ​ “សៃសាទ” ​ពិបាក​រក​ថ្នាំ​​​ព្យាបាល…​ ហើយ​ខាង​ក្រោម​​នេះគឺ​ជា​ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​បរិវេណ​វត្តពោធិ ក្នុងទីក្រុង​បាងកក ដែល​ខ្ញុំ​មិន​​មាន​បំណង​​​ជួយ​ឡង់សេ​អោយ​ប្រទេសថៃ​ទេ។

ប្រកាស​ក្រោយ​​ខ្ញុំ​នឹង​បង្ហាញ​វត្ត​មួយ​ទៀត​ឈ្មោះថា Benchamabophit (បញ្ចា​បពិត្រ ឬ បញ្ចា​បព៌ត?) ដើម្បី​ជា​ការ​ប្រៀប​ធៀប​គ្នា​មើល​រវាង​វត្តគេ និង​វត្តយើង… ហើយ​​រូប​ភាព​​វត្ត​ Banchama​bophit នេះ ​ត្រូវ​បាន​បោះពុម្ព​​​នៅ​លើ​​ម្ខាង​ប្រាក់កាក់​ ៥បាត របស់​ថៃនា​ពេល​បច្ចុប្បន្ន…៕

ស្រុកស្រែ

__________________________

អត្ថបទដែលទាក់ទង៖

 

Advertisements

6 responses to “កំណត់ត្រា ភាគ៥៖ វត្តពោធិ ​នៅទីក្រុង​បាងកក…

    • ខ្ញុំចេះតែពីរមាត់ទេចន្ថា គឺ ខ-ឃុន-ខាប់ និង សា-វ៉ាន់-ឌី-ខាប់..!!.. 😀

      តាមពិតទៅ ​ឈ្មោះវត្ត និង​ឈ្មោះ​ទី​កន្លែង​នៅ​ស្រុក​ថៃ ខ្ញុំ​កាត់​យល់​តាម​ពាក្យ​ជា​ខេមរៈភាសា​យើង​ទេ ព្រោះ​ពាក្យ​វប្បធម៌ ពាក្យ​​បាលី​សំស្រ្កឹត និង​ពាក្យ​រាជ​ស័ព្ទ​ដែល​ប្រើ​ប្រាស់​ក្នុង​វាំង​ថៃ​ គឺ​ថៃ​វា​យក​ពី​យើង​​ទាំងអស់​ទៅ​​ប្រើ​ទេ… បើ​រៀប​រាប់​ទៅ គឺ​ខ្មែរ​យើង​នេះ​ហើយ​ ជា​គ្រូ​ធំ​ផស់​វា​ ដែល​វា​បាន​ចំឡង​រៀន​សូត្រ​តាម​ពី​អតីតកាល… 😀

  1. ឃើញស្នាដៃសំណង់ស្រុកគេ តែងតែនឹកព្រួចប្រៀបមកស្រុកយើង

    ចាញ់រូបព្រះបដិមាស្រុកយើងនៅវត្ត​ទូល​រាជាទេ ឃើញចង់បះសក់ !
    សូម្បីតែក្បាលនាគ ក្បាលតោម៉ុងសាយក៏មិនហ៊ានចូលជិតដែរ
    http://news.sabay.com.kh/articles/74572
    (បើពួកសៀម ភូមា លាវ …ឃើញវានឹងសើចរមួលោះស្លាប់ហើយ !)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s